សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គឺដូចគ្នានឹងយុទ្ធសាស្ត្រចតុកោណពីមុនដែរ ពោលគឺការយកមូលធនមនុស្សជាគោល ដោយការកសាងធនធានមនុស្ស គឺជាការងារចម្បង និងចាំបាច់។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី ៩ ខែធ្នូ ឆ្នាំ២០២៣ នៅក្នុងឱកាសដែលសម្ដេចអញ្ជើញក្នុងពិធីជួបសំណេះសំណាលជាមួយ សិស្សនិទ្ទេស A ក្នុងឆ្នាំសិក្សា២០២២-២០២៣ សរុប ១,៦៩១នាក់ នៅមជ្ឈមណ្ឌលពាណិជ្ជកម្មជ្រោយចង្វារ (OCIC)។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ចំពោះរាជរដ្ឋាភិបាល ការកសាងមូលធនធនធានមនុស្ស ជាពិសេស ការអប់រំ គឺត្រូវគិតគូរ និងឆ្លើយតបទៅនឹងសំណួរនិងចម្លើយចំនួន២ ដែលក្នុងនោះមាន ៖
ទី១-តើការអប់រំធ្វើឡើងដើម្បីអ្វី? តើធនធានមនុស្សបែបណាដែលយើងចង់បាន? ពិតណាស់ ការអប់រំគឺគឺដើម្បីបង្កើនចំណេះដឹងឱ្យពលរដ្ឋអាចមានសមត្ថភាពទៅចាប់យកឱកាសជំនាញការងារ និងបង្កើតអាជីពការងារល្អ។
ទី២-តើយើងត្រូវបង្កើតបរិស្ថានអប់រំបែបណា? សំណួរនេះគឺដើម្បីឱ្យធនធានមនុស្សដែលយើងកសាងបាន មានភាពលូតលាស់ អាចប្រើប្រាស់បានតាមសក្តានុពល និងលើកទឹកចិត្តមនុស្សឱ្យបន្តកសាងធនធានមនុស្សល្អៗាបានបន្ថែមទៀត៕