សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំប្រកបដោយគុណភាពខ្ពស់គឺជាកូនសោរដ៏សំខាន់មួយសម្រាប់ពង្រឹងសុខភាពសេដ្ឋកិច្ច និងភាពខ្លាំងនៃសេដ្ឋកិច្ចជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការកសាងមូលធនមនុស្សល្អត្រូវការរយៈពេលយូរ និងត្រូវការការវិនិយោគនៅក្នុងបរិមាណច្រើន ស្របពេលដែលកម្ពុជាមានអាទិភាពជាច្រើនទៀតដែលត្រូវយកចិត្តទុកដាក់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ការបង្កើនការងារ ផលិតភាពការងារ និងភាពប្រកួតប្រជែងរបស់កម្ពុជាទាំងកម្រិតតំបន់ និងសកល គឺដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ដែលជាចក្ខុវិស័យនិងទិសដៅ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល។

នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី «សំណេះសំណាលជាមួយសិស្សនិទ្ទេសA ចំនួន ១៦៩១ នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ» នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការអប់រំប្រកបដោយគុណភាពខ្ពស់គឺជាកូនសោរដ៏សំខាន់មួយសម្រាប់ពង្រឹងសុខភាពសេដ្ឋកិច្ច និងភាពខ្លាំងនៃសេដ្ឋកិច្ចជាតិ ព្រមទាំងការដោះស្រាយបញ្ហាសង្គមតាមរយៈការបង្កើតមូលធនមនុស្ស គំនិតច្នៃប្រឌិត បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលជាកត្តាដ៏សំខាន់មិនអាចខ្វះបានសម្រាប់ជំរុញភាពរឹងមាំនៃសេដ្ឋកិច្ចគ្រួសារ លើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍប្រកបដោយបរិយាបន្ន ភាពធន និងចីរភាព។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ការអប់រំ និងការបណ្តុះបណ្តាលមិនត្រឹមតែបង្កើនធនធានមនុស្សសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប៉ុណ្ណោះទេ ប៉ុន្តែវិស័យទាំងនេះ បានបង្កើននូវឧត្តមប្រយោជន៍ជាច្រើនសម្រាប់ប្រទេសជាតិ រួមទាំងផលប្រយោជន៍សេដ្ឋកិច្ចផ្ទាល់សម្រាប់អ្នកទទួលបានការអប់រំ និងការបណ្តុះបណ្តាល ព្រមទាំងផលប្រយោជន៍សម្រាប់សង្គមជាតិទាំងមូលទៀតផង៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ