(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ១៣រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ក្នុងឆ្នាំសិក្សា២០២២-២០២៣ សរុប ១,៦៩១នាក់ រាប់ទាំងបេក្ខជនអប់រំបច្ចេកទេស ១៨នាក់ផងដែរ។ ជំនួបសំណេះសំណាលនេះ ធ្វើឡើងនៅមជ្ឈមណ្ឌលពាណិជ្ជកម្មជ្រោយចង្វារ (OCIC)។
ការប្រលងមធ្យមសិក្សាទុតិយភូមិ ឬហៅបាក់ឌុប ដែលបានប្រព្រឹត្តទៅនាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ មានសិស្សប្រឡងជាប់សរុប ៩៨,៤៦០នាក់ ស្មើនឹង ៧២.៨៩ភាគរយ។ ក្នុងនោះសិស្សទទួលបាននិទ្ទេស A ចំនួន ១,៦៧៣នាក់, និទ្ទេស B ចំនួន ៦,៩៦៤នាក់, និទ្ទេស C ចំនួន ១៨,៣០៨នាក់, និទ្ទេស D ចំនួន ៣៤,២៤៦នាក់ និងនិទ្ទេស E ចំនួន ៣៧,២៦៩នាក់។
សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំសិក្សា២០១៣-២០១៤ ដែលជាឆ្នាំសិក្សាធ្វើកំណែទម្រង់ការប្រលងមធ្យមសិក្សា ហៅថាបាក់ឌុប ដ៏តឹងរឹងបំផុតរបស់លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡានោះ សម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជានាយករដ្ឋមន្ត្រី តែងបានឆ្លៀតពីការងារដ៏មមាញឹកជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A។ តែនៅឆ្នាំសិក្សា២០១៩-២០២០ សម្តេចតេជោ ហ៊ុន សែន មានកម្មវិធីជួបសំណេះសំណាលនោះឡើយ ព្រោះសិស្សត្រូវបានឱ្យជាប់ដោយស្វ័យប្រវត្តិ ដោយមិនមានការបែងចែកនិទ្ទេសនោះឡើយ។
អប់រំ និងការបង្កើតធនធានមនុស្សជានយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលកើតចេញពីគណបក្សប្រជាជនកម្ពុជា។ នីតិកាលថ្មីបើទោះបីបក្សប្រជាជនកម្ពុជា បានផ្លាស់ប្តូរមេដឹកនាំរាជរដ្ឋាភិបាលយ៉ាងណាក្តី ក៏នយោបាយអប់រំនៅតែសំខាន់។
សម្តេចធិបតី ហ៊ុន ម៉ាណែត នៅតែបន្តនយោបាយរបស់សម្តេចតេជោ យកចិត្តទុកដាក់ខ្ពស់លើការអប់រំ និងការបណ្តុះបណ្តាលធនធានមនុស្ស។ ជំនួបសំណេះសំណាលរបស់សម្តេចធិបតី ជាការលើកទឹកចិត្តដ៏ធំធេងដល់សិស្សដែលបានប្រឹងប្រែងសិក្សារៀនសូត្រ។ មិនតែប៉ុណ្ណោះការផ្តល់កិត្តិយសរបស់សម្តេចធិបតី ជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ក៏ជាចលករលើកទឹកចិត្តឱ្យសិស្សប្រឹងប្រែងរៀនសូត្រ ដើម្បីទទួលបានឱកាសដ៏កម្រក្នុងការជួបសំណេះសំណាលជាមួយប្រមុខរាជរដ្ឋាភិបាល។
សូមបញ្ជាក់ដែរថា ឆ្នាំ២០២៣នេះ គឺជាឆ្នាំទី១០ហើយ ដែលលោក ហង់ ជួនណារ៉ុន បានចូលមកធ្វើកំណែទម្រង់នៅក្រសួងអប់រំ យុវជន និងកីឡា។ ជាពិសេសការធ្វើកំណែទម្រង់លើការប្រលងបាក់ឌុប នេះតែម្តង ជាហេតុធ្វើឱ្យសិស្សមានការភ្ញាក់រលឹកក្នុងការរៀន សូត្រឡើងវិញ ដោយមិនផ្តេកផ្តួលលើការលួចមើលវិញ្ញាសារ ពេលប្រលងទៀតនោះឡើយ។ ការធ្វើកំណែទម្រង់ដ៏ម៉ឹងម៉ាត់លើការប្រលងបាក់ឌុបនេះ ទទួលបានការសាទរខ្លាំងណាស់ផងដែរពីសិស្ស ក៏ដូចជាអាណាព្យាបាល។
ខាងក្រោមជាប្រវត្តិសិស្សទទួលបាននិទ្ទេស A ក្នុងការប្រលងក្រោមការធ្វើកំណែទម្រង់ដ៏តឹងរឹងនាឆ្នាំកន្លងមក៖
នៅឆ្នាំ២០១៤ បេក្ខជនជាប់និទ្ទេស A មានចំនួន ១១នាក់។
ឆ្នាំ២០១៥ បេក្ខជនជាប់និទ្ទេស A មានចួន ១០៨នាក់។
ឆ្នាំ២០១៦ បេក្ខជនប្រឡងជាប់និទ្ទេស A មានចំនួន ៤០៥នាក់។
ឆ្នាំ២០១៧ បេក្ខជនប្រឡងជាប់និទ្ទេស A មានចំនួន ៤២៤នាក់។
ឆ្នាំ២០១៨ បេក្ខជនប្រឡងជាប់និទ្ទេស A ២៩០នាក់។
ឆ្នាំ២០១៩ បេក្ខជនប្រឡងជាប់និទ្ទេស A ចំនួន ៤៤៣នាក់។
ឆ្នាំ២០២១ បេក្ខជនប្រលងជាប់និទ្ទេស A មានចំនួន ១,៧៥៣នាក់។
ឆ្នាំ២០២២ បេក្ខជនប្រលងជាប់និទ្ទេស A មានចំនួន ១,០៤៩នាក់។
ឆ្នាំ២០២៣ បេក្ខជនប្រលងជាប់និទ្ទេស A មានចំនួន ១,៦៧៣នាក់៕