សម្ដេចធិបតីទទួលយកការអញ្ជើញរបស់ប្រធានាធិបតីបារាំង និងប្តេជ្ញាចិត្តពិភាក្សា ពង្រឹងទំនាក់ទំនងទ្វេភាគី

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅថ្ងៃទី៨ ខែមករា ឆ្នាំ ២០២៣នេះ បានចេញលិខិតទទួលយកការអញ្ជើញរបស់ ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតី ​នៃសាធារណរដ្ឋបារាំង ដែលបាន​អញ្ជើញសម្តេច​ទៅបំពេញ​ទស្សន​កិច្ច​ផ្លូវ​ការ​នៅ​សាធារណរដ្ឋ​បារាំង​ចាប់ពីថ្ងៃទី១៨ ដល់ទី១៩ ខែមករា ឆ្នាំ២០២៤។ ខណៈប្រទេសបារាំង គឺជាប្រទេស​អឺរ៉ុបដំបូងគេដែលសម្តេចធិបតី នឹងអញ្ជើញបំពេញ​ទស្សនកិច្ចផ្លូវ​ការ​បន្ទាប់​ពី​បាន​ចូល​កាន់​តំណែងជានាយករដ្ឋមន្ត្រី កាលចុងខែសីហា ឆ្នាំ២០២៣។

សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានថ្លែងថា៖«ខ្ញុំសូមសម្តែងនូវគារវកិច្ចដ៏ខ្ពង់ខ្ពស់ និង​សូម​ថ្លែង​អំណរ​គុណ​ឯកឧត្តមដែលបានអញ្ជើញខ្ញុំ ទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋបារាំង នៅថ្ងៃ​ទី​១៨-១៩ ខែមករា ខាងមុខនេះ។ នេះជាកិត្តិយសដ៏ធំធេង ហើយខ្ញុំសូមទទួលយកឱកាសនេះ ជាមួ​យ​នឹងការប្តេជ្ញាចិត្តដ៏ខ្លាំងក្លា ដើម្បីពិភាក្សា និងពង្រឹង​ទំនាក់​ទំនងទ្វេភាគី​របស់​យើង​ទាំងពី​រ»​

សម្ដេចធិបតីមានប្រសាសន៍ថា ព្រះរាជទស្សនកិច្ចរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅទីក្រុង​ប៉ារីសនា​ពេល​ថ្មី​ៗកន្លងទៅនេះ បានបង្ហាញពីការបោះជំហានដ៏សំខាន់មួយ ឆ្ពោះទៅ​រក​ការ​ពង្រឹង​ភាព​ជាដៃគូរ​វាងប្រជាជាតិយើងទាំងពីរ។ ក្នុងការបន្តនូវសន្ទុះនេះ ទស្សនកិច្ចរបស់​សម្ដេច​មាន​គោល​បំណង​ពង្រឹង​កិច្ចសហប្រតិបត្តិការឱ្យកាន់ត ស៊ីជម្រៅបន្ថែមទៀត លើវិស័យសំខាន់ៗ ដោយ​ផ្តោត​ជា​ពិសេស​លើបញ្ហាការប្រឈមផ្នែកបរិស្ថាន នាពេលបច្ចុប្បន្ន ជាពិសេស បញ្ហាអន្តរ​កាល​ថាមពល និងការប្រែប្រួលអាកាសធាតុ ព្រមទាំងការលើកស្ទួយ សន្តិភាពនៅលើពិភពលោក។

ម៉្យាងទៀត ការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ការចែករំលែកយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយ ចីរភាព កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ការលើកតម្កើងបេតិកភណ្ឌវប្បធម៌ និង​ការ​លើក​ក​ម្ពស់ហ្វ្រង់កូហ្វូនី គឺជាសសរស្តម្ភនៃទំនាក់ទំនងទ្វេភាគីរបស់ប្រទេសទាំងពីរ​។ នេះបើតាម​ការ​បញ្ជាក់​របស់​សម្ដេចនាយករដ្ឋមន្រ្ដី។

សម្ដេចធិបតីបន្តថា៖ «ខ្ញុំជឿជាក់ថា ការពិភាក្សារបស់យើងនឹង​រួមចំណែក​ឱ្យ​មាន​ការ​យល់​គ្នា​កាន់​តែ​ស៊ី​ជម្រៅ និងនាំ មកនូវគំនិតផ្តួចផ្តើមរួម ដែលនឹងផ្ដល់​អត្ថ​ប្រយោជន៍​ដល់​ប្រទេស​យើង​ទាំង​ពីរ​។ កម្ពុជាប្តេជ្ញាចិត្តនឹងបន្ត ចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងនេះ ដោយទទួល​ស្គាល់​នូវ​សារៈ​សំខាន់​នៃ​ភា​ព​ជាដៃគូរបស់យើង សម្រាប់ ប្រជាជនរបស់យើង និងសម្រាប់សហគមន៍អន្តរជាតិ។ ខ្ញុំ​រង់​ចាំ​ជួប និងពិភាក្សាប្រកបដោយផ្លែផ្កាជាមួយឯកឧត្តម។ សូម ឯកឧត្តមប្រធានាធិបតី មេត្តា​ទទួល​នូវ​ក្តីគោរព​ដ៏​ខ្ពង់ខ្ពស់ពីខ្ញុំ»

សូមជម្រាបថាតាមរយៈដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចធិបតីទៅកាន់ប្រទេសបារាំង ជំនួប​ទ្វេភាគី​នា​ពេលខាងមុខរវាងសម្តេចធិបតី និងឯកឧត្តម ប្រធានាធិបតី ម៉ាក្រុង គឺឱកាស​ដ៏​ប្រសើរ​សម្រាប់​រដ្ឋាភិបាលនៃប្រទេសទាំងពីរ បញ្ជាក់ជាថ្មីនូវ​ការ​ប្តេជ្ញា​ចិត្ត​រួម​ក្នុង​ការ​លើក​កម្ពស់​ទំនាក់​ទំនង​ជាប្រពៃណីឱ្យឈានដល់កម្រិតថ្មី ពង្រឹងនិងពង្រីកកិច្ច​សហប្រតិបត្តិការ​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី និង​ពហុភាគី ដែលផ្តល់ប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជាតិទាំងពីរ ព្រមទាំង​រួម​គ្នា​ដោះ​ស្រាយ​ការប្រឈមសកល និងរក្សាសណ្តាប់ធ្នាប់ពិភពលោកដែលផ្អែកលើច្បាប់៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ