សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សមិទ្ធផលស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ជានិម្មិតរូបនៃការអភិវឌ្ឍរបស់កម្ពុជា ក៏ដូចជានិម្មិតរូបនៃទំនាក់ទំនងកម្ពុជា-ជប៉ុន

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍លើកឡើងថា សមិទ្ធផលថ្មីនៃស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯកដែលជាហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន គឺជានិម្មិតរូបនៃការបន្តការអភិវឌ្ឍរបស់កម្ពុជា ក៏ដូចជានិម្មិតរូបនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបង្ហូរទឹកកខ្វក់ជាហិរញ្ញប្បទានរបស់រដ្ឋាភិបាលជប៉ុន ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ឲ្យដឹងបន្តទៀតថា សមិទ្ធផលថ្មីនៃស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ជាសមិទ្ធផលពិសេសមួយនៅក្នុងផ្នែកគ្រប់គ្រងទឹកកខ្វក់នៅកម្ពុជា។ សម្តេចថា កន្លងទៅភាគីជប៉ុនក៏បានជួយកសាងនិងអភិវឌ្ឍផែនការមេ ក៏ដូចជាអនុវត្តគម្រោងជាច្រើនទាក់ទងនឹងការរំដោះទឹកជំនន់នៅរាជធានីភ្នំពេញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំលឹកថា ទំនាក់ទំនងរវាងកម្ពុជា-ជប៉ុន មានភាពស្អិតរមូតតាំងពីសែរាជវង្សជប៉ុនដល់ប្រជារាស្ត្រសាមញ្ញ។ សម្តេចថា ទំនាក់ទំនងនេះ នឹងត្រូវពង្រឹងបន្ថែមទៀត ជាពិសេសឆ្នាំ២០២៣នេះ មិនត្រឹមតែខួប ៧០ឆ្នាំនៃទំនាក់ទំនងកម្ពុជា-ជប៉ុនប៉ុណ្ណោះទេ តែក៏បានតម្លើងកម្រិតនៃទំនាក់ទំនងនេះឲ្យឈានដល់កម្រិតខ្ពស់បំផុតនៃប្រវត្តិសាស្ត្រ គឺភាពជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ សម្តេចថា ភាពជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយមានសារៈសំខាន់ណាស់ ពោលគឺកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងកម្ពុជា-ជប៉ុន ត្រូវពង្រឹងនិងផ្តោតបន្ថែម៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ