សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ គម្រោងជីកព្រែកហ្វូណនតេជោ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ មិនមានអ្វីអាថ៌កំបាំងនោះទេ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា រាជរដ្ឋាភិបាលគ្មានអ្វីត្រូវបិទបាំងជាមួយប្រជាពលរដ្ឋនោះទេ ទាក់ទិននឹងការជីកព្រែកហ្វូណនតេជោ និងការពង្រីកកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅជំហានទី១ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ការសាងសង់គម្រោងដ៏ធំទាំងពីរនេះគឺដើម្បីពង្រីកសក្ដានុពលរបស់កម្ពុជា ធ្វើឲ្យសេដ្ឋកិច្ចរីកចម្រើនជួយទៅដល់ជីវភាពប្រជាជនកម្ពុជា។ គម្រោងព្រែកជីកហ្វូណនតេជោ ដែលភ្ជាប់ពីទន្លេបាសាក់ទៅសមុទ្រខេត្តកែប គឺដើម្បីទាញយកសក្ដានុពលសេដ្ឋកិច្ច និងបម្រើដល់ការដឹកជញ្ជូនតាមផ្លូវទឹក ហើយក៏មិនមានអ្វីជាអាថ៌កំបាំង ដែលត្រូវតែលាក់លៀមនោះដែរ ។

ទន្ទឹមនោះ សម្តេចធិបតី បានថ្លែងបញ្ជាក់ថា នៅឆ្នាំ២០២៩ ប្រទេសកម្ពុជានឹងស្វាគមន៍នាវាគ្រប់ប្រភេទទាំងអស់ ឱ្យចូលចតនៅកំពង់ផែរបស់កម្ពុជា។

សូមជម្រាបថា កម្ពុជាមានគម្រោងជីកព្រែកហ្វូណនតេជោ ដែលមានប្រវែងប្រមាណ ១៨០គីឡូម៉ែត្រ ចេញពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ ឆ្លងចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ស្រុកកោះធំ និងបន្តរហូតទៅដល់សមុទ្រខេត្តកែប។  គម្រោងសាងសង់នេះ គ្រោងចំណាយប្រាក់ប្រមាណ ១ ៧០០លានដុល្លាអាមេរិក និងប្រើប្រាស់ពេលប្រមាណ ៤ឆ្នាំ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ