សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាទទួលបានកូតាបញ្ជូនពលករទៅប្រទេសជប៉ុនចំនួន ៨ពាន់នាក់បន្ថែមទៀតនៅឆ្នាំក្រោយ

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មិត្តជប៉ុនបានយល់ព្រមក្នុងការអនុញ្ញាតឱ្យកម្ពុជាបញ្ជូនពលករខ្លួនបន្ថែមចំនួន ៨ពាន់នាក់ទៀតនៅឆ្នាំ ២០២៤ ខាងមុខ។ សម្ដេចថា មិត្តជប៉ុនបានសង្កេតឃើញពលករខ្មែរមានចរិតស្លូតបូត ស្មោះត្រង់ និងប្រឹងប្រែងធ្វើការងារ ហេតុដូច្នេះហើយទើបជប៉ុនអនុញ្ញាតឱ្យកម្ពុជាបង្កើនចំនួនពលករ។

សម្ដេចធិបតីបានថ្លែងបែបនេះនាឱកាសដែលសម្ដេចធិបតី និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី អញ្ជើញសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ នៅប្រទេសជប៉ុន នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ប្រមាណជាង ២ពាន់នាក់។

សម្ដេចធិបតីបានសង្កត់ធ្ងន់ថា ក្រុមប្រឆាំងតែងហៅពលករខ្មែរដែលចេញទៅធ្វើការនៅក្រៅប្រទេសថាជា «ខ្ញុំ» ដែលជាការប្រមាថមាក់ងាយយ៉ាងធ្ងន់ធ្ងរចំពោះពាក់គាត់។ សម្ដេចថា ពលករខ្មែរដែលទៅធ្វើការនៅបរទេសទាំងនោះ មានការងារត្រឹមត្រូវទៅតាមជំនាញវិជ្ជាជីវៈ និងទទួលបានប្រាក់ខែខ្ពស់ ហើយថែមទាំងរៀនសូត្របាននូវជំនាញបច្ចេកទេសកម្រិតខ្ពស់ពីប្រទេសទាំងនោះទៀតផង។ សម្ដេចធិបតីបានបន្ថែមថា ក្រោយពេលពួកគាត់ត្រលប់ទៅកម្ពុជាវិញ ជីវភាពរបស់ពួកគាត់នឹងធូធារជាងមុន និងអាចប្រើប្រាស់នូវចំណេះជំនាញទាំងនោះដើម្បីបម្រើដល់ការអភិវឌ្ឍជាតិទៀតផង៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ