សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន នៅទីក្រុងតូក្យូ

នៅព្រឹក ថ្ងៃសុក្រ ៣កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់ ឯកឧត្តម គីស៊ីដា ហ៊្វូមីអូ (Fumio Kishida) នាយករដ្ឋមន្រ្តីជប៉ុន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួម កិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន ដើម្បីអបអរសាទរឆ្នាំទី៥០ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងតូក្យូ ពីថ្ងៃទី ១៦-១៨ ខែធ្នូ ឆ្នាំ២០២៣។
អញ្ជើញអមដំណើរ សម្តេចធិបតី រួមមាន៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម សុខ ចិន្ដាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងរដ្ឋមន្ត្រីមួយចំនួន មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំវិស័យឯកជននៃសភាពាណិជ្ជកម្មកម្ពុជា និងសមាគមឧកញ៉ាកម្ពុជា។
កិច្ចប្រជុំកំពូលនេះ នឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយទៀតសម្រាប់អាស៊ាន និងជប៉ុន ដើម្បីសម្រេចបាននូវគោលដៅរួមក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាព នៅក្នុងតំបន់ និងជំរុញនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងអាស៊ាន-ជប៉ុន តាមរយៈការចេញនូវសេចក្តីប្រកាសចក្ខុវិស័យរួម ស្តីពីមិត្តភាព និងសហប្រតិបត្តិការអាស៊ាន-ជប៉ុន និងផែនការអនុវត្តសេចក្តីប្រកាសចក្ខុវិស័យរួម ដែលបានបង្កើតឡើងក្រោមមូលបទសំខាន់ៗចំនួនបី រួមមាន (១) ដៃគូចិត្តនិងចិត្តគ្រប់ជំនាន់ (២) ដៃគូសម្រាប់សហបង្កើតសេដ្ឋកិច្ច និងសង្គម នៃអនាគត និង (៣) ដៃគូសម្រាប់សន្តិភាព និងស្ថិរភាព។
ក្នុងឱកាសនៃកិច្ចប្រជុំកំពូល សម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងមានជំនួបកំពូលទ្វេភាគីជាមួយ លោក គីស៊ីដា ហ៊្វូមីអូ ដើម្បីពិភាក្សាអំពីការពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងជប៉ុន ដើម្បីផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជនទាំងពីរ។ ភាគីទាំងពីរ នឹងផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់និងអន្តរជាតិ ដែលជាក្តីបារម្ភនិងផលប្រយោជន៍រួម ផងដែរ។ បន្ថែមពីនេះ នាយករដ្ឋមន្ត្រីទាំងពីរ នឹងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើលិខិតប្ដូរសារ ស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន សម្រាប់គម្រោងចំនួនបី ពាក់ព័ន្ធនឹងធារាសាស្រ្ត ការផ្គត់ផ្គង់ទឹកស្អាត និងរដ្ឋាភិបាលអេឡិចត្រូនិក ព្រមទាំងឯកសារកិច្ចសហប្រតិបត្តិការផ្សេងទៀត លើវិស័យឌីជីថល ធនាគារ និងថាមពល។
សម្តេចធិបតី ក៏នឹងអញ្ជើញចូលរួមកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំប្រទេសនៃសហគមន៍បំភាយឧស្ម័នសូន្យអាស៊ី (AZEC) ដើម្បីពិភាក្សាអំពីគោលនយោបាយស្តីពីអន្តរការណ៍ថាមពល និងជំរុញកិច្ចសហប្រតិបត្តិការឆ្ពោះទៅរកការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូននៅអាស៊ី។
ក្នុងអំឡុងពេលស្នាក់នៅទីក្រុងតូក្យូ សម្តេចធិបតី នឹងមានជំនួបអាហារការងារពេលព្រឹក ជាមួយលោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងលោក ផាម មិញជិញ នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងមានជំនួបទ្វេភាគីជាមួយលោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ។ សម្តេចធិបតី ក៏នឹងជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរដែលរស់នៅប្រទេសជប៉ុន ផងដែរ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ