នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក លី ដៅសុង (Li Daosong) ប្រធានក្រុមហ៊ុន Beijing Urban Construction Group Co., LTD (BUCG) និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព ។
ក្នុងឱកាសនៃជំនួបនេះ លោក លី ដៅសុង បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម ព្រមទាំងបានផ្តាំផ្ញើការសាកសួរសុខទុក្ខគោរពជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផងដែរ ។ លោកប្រធានក្រុមហ៊ុន បានជម្រាបជូន សម្តេចធិបតី អំពីគម្រោងវិនិយោគមួយចំនួនរបស់ក្រុមហ៊ុន ពាក់ព័ន្ធនឹងផ្នែកប្រព្រឹត្តកម្មទឹកស្អាត និងទឹកកខ្វក់ នៅតាមបណ្តាខេត្ត-ក្រុងមួយចំនួនក្នុងប្រទេសកម្ពុជា រួមមានខេត្តបាត់ដំបង, សៀមរាប, កំពង់ចាម, កំពង់ស្ពឺ, ព្រះសីហនុ និងក្រុងសេរីសោភ័ណ្ឌ ។ លើសពីនេះ ក្រុមហ៊ុន ក៏កំពុងធ្វើការសិក្សាលទ្ធភាពក្នុងការសាងសង់ប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាតនៅតំបន់ខាងកើតទន្លេមេគង្គ និងខាងលិចប៉ែកខាងលើទន្លេមេគង្គ ព្រមជាមួយនឹងគម្រោងបង្កើតវិទ្យាស្ថានបណ្តុះបណ្តាលធនធានមនុស្សលើវិស័យវិស័យប្រព្រឹត្តកម្មទឹកស្អាត និងទឹកកខ្វក់ ព្រមទាំងវិស័យមួយចំនួនផ្សេងទៀត ។ មួយវិញទៀត លោកប្រធានក្រុមហ៊ុន BUCG ក៏បានជម្រាបបញ្ជាក់ជូន សម្តេចនាយករដ្ឋមន្ត្រី ផងដែរថា ក្រុមហ៊ុននឹងនាំមកនូវបច្ចេកវិទ្យាទំនើបថ្មីៗក្នុងការអនុវត្តគម្រោងនានារបស់ខ្លួន ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល អាណត្តិទី ៧ នេះ ។
ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវកិច្ចស្វាគមន៍ចំពោះគណៈប្រតិភូក្រុមហ៊ុន BUCG ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា នាឱកាសនេះ ស្របពេលដែលឆ្នាំ២០២៣នេះ ជាខួបលើកទី៦៥ នៃចំណងការទូតកម្ពុជា-ចិន និងត្រូវបានកំណត់ជាឆ្នាំមិត្តភាពរវាងប្រទេសទាំងពីរ ។ ជាមួយគ្នានេះ សម្តេចធិបតី ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់ក្រុមហ៊ុន BUCG នៅក្នុងដំណើរការអភិវឌ្ឍន៍របស់កម្ពុជា ជាពិសេសផ្នែកហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងការលើកកម្ពស់សុខភាពសាធារណៈ តាមរយៈ គម្រោងវិនិយោគជាច្រើនក្នុងផ្នែកប្រព្រឹត្តកម្មចម្រោះទឹកកខ្វក់ និងទឹកស្អាត ក៏ដូចជាការចូលរួមសហការជាមួយវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស លើវិស័យសំខាន់ៗ រួមមាន៖ ប្រព្រឹត្តកម្មទឹកកខ្វក់ និងប្រព័ន្ធបង្ហូរទឹក, ការសាងសង់ផ្លូវរថភ្លើងលើដី និងក្រោមដីក្នុងទីក្រុង ផ្លូវ ថ្នល់ និងស្ពាន ។
ជាចុងក្រោយ សម្តេចធិបតី បានគាំទ្រចំពោះគម្រោងបង្កើតវិទ្យាស្ថានបណ្តុះបណ្តាលធនធានមនុស្សលើវិស័យវិស័យប្រព្រឹត្តកម្មទឹកស្អាត និងទឹកកខ្វក់ និងបានជំរុញឱ្យក្រុមហ៊ុនបន្តនាំយកនូវបច្ចេកវិទ្យាទំនើបថ្មីៗ ដើម្បីចូលរួមចំណែកនៅក្នុងវិស័យប្រព្រឹត្តកម្មទឹកកខ្វក់ និងការផ្គត់ផ្គង់ទឹកស្អាត ដើម្បីគាំទ្រដល់កិច្ចគាំពារបរិស្ថាន និងការលើកកម្ពស់សុខភាពសាធារណៈ នៅកម្ពុជា ព្រមជាមួយនឹងការលើកទឹកចិត្តឱ្យក្រុមហ៊ុនពិនិត្យមើលលទ្ធភាពក្នុងការពង្រីកការវិនិយោគនៅក្នុងវិស័យសក្តានុពលផ្សេងទៀត ដូចជាវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ជាដើម ៕