សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាបានពង្រីកទីផ្សារនាំចេញរបស់ខ្លួន បន្ថែមទៅកាន់ប្រទេសផ្សេងៗនៅក្នុងតំបន់អាស៊ាន+៣ (អាស៊ាន បូក ចិន ជប៉ុន និងកូរ៉េខាងត្បូង) ដោយកាត់បន្ថយ ជាបណ្តើរៗនូវការពឹងផ្អែកស្ទើទាំងស្រុងទៅលើ ទីផ្សារសហរដ្ឋអាមេរិក និងអឺរ៉ុប។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា វិបត្តិជំងឺកូវីដ-១៩ បានក្លាយជាវិញ្ញាសា សម្រាប់សាកល្បងភាពធន់នៃសង្គមសេដ្ឋកិច្ចកម្ពុជា សមត្ថភាពនៃ ប្រព័ន្ធសុខាភិបាល និងសមត្ថភាពធនធានមនុស្សរបស់កម្ពុជា នៅក្នុងឆ្លើយតបនឹងវិបត្តិដែលមិនធ្លាប់មានពីមុនមក ទាំងទំហំ ទាំងជម្រៅនៃការប៉ះពាល់លើសង្គមសេដ្ឋកិច្ចកម្ពុជា។
ថ្លែងក្នុងឱកាសអញ្ជើញជាអិបតីក្នុងពិធី «សន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៣» ស្តីពី «ចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០៣០ និងឆ្នាំបន្តបន្ទាប់ទៀត៖ ការកំណត់មាគ៌ាសម្រាប់វិបុលភាពប្រកបដោយភាពធន់ និរន្តរភាព និងបរិយាបន្ន» ដែលប្រារព្ធឡើងនៅសណ្ឋាគារសុខាភ្នំពេញ នៅព្រឹកថ្ងៃទី២៣ វិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អត្រានៃភាពក្រីក្រធ្លាក់ចុះក្រោម១០% និងមុនជំងឺកូវីដ-១៩ គម្លាតវិសមភាពសង្គមកាន់តែរួញតូច រចនាសម្ព័ន្ធសេដ្ឋកិច្ចបាន ផ្លាស់ប្តូរពីសេដ្ឋកិច្ចពឹងផ្អែកជាចម្បង លើកសិកម្មប្រពៃណីទៅជាសេដ្ឋកិច្ចពឹង លើឧស្សាហកម្ម និងសេវាកម្មដែលមានតម្លៃបន្ថែមខ្ពស់ជាង។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ទន្ទឹមនឹងការផ្សារភ្ជាប់កាន់តែខ្លាំង ទៅខ្សែច្រវ៉ាក់តម្លៃ និងខ្សែច្រវ៉ាក់ផ្គត់ផ្តង់ក្នុងតំបន់និងសកល កម្ពុជាសម្រេចបាន នូវវឌ្ឍនភាព នៃការធ្វើពិពិធកម្មទំនិញ និងទីផ្សារនាំចេញដោយប្រមាណជា ១,៣ នៃរចនាសម្ព័ន្ធទំនិញនាំចេញ បានផ្លាស់ប្តូរពីការពឹងផ្អែកលើការនាំចេញផលិតផល កាត់ដេរដែលមានចំណែកប្រមាណ៩១% នៃការនាំចេញសរុបនៅឆ្នាំ២០០០ មកត្រឹម៦២% នាឆ្នាំ ២០២២ ខណៈដែលផលិតផលឧស្សាហកម្មមិនមែនកាត់ដេរ បានបង្កើនការរួម ចំណែករបស់ខ្លួនក្នុងការនាំចេញសរុបពី ៩% មក ៣៨%៕