ជំទាវបណ្ឌិត ពេជ ចន្ទមុនី ស្ត្រីទី១នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ចលនាកាយឫទ្ធិនារី មិនត្រឹមតែមានគោលដៅផ្ដល់ភាពសប្បាយរីករាយសម្រាប់កុមារី និងយុវតីប៉ុណ្ណោះទេ ថែមទាំងជាសកម្មភាពអប់រំក្រៅប្រព័ន្ធមួយដែលផ្តល់ឱកាសឱ្យកុមារី និងយុវតីសាកល្បងចូលរួមសកម្មភាពសង្គមផ្សេងៗ ដើម្បីកសាងទំនុកចិត្ត និងការចាប់អារម្មណ៍របស់ពួកគេលើបញ្ហាសង្គម និងការអភិវឌ្ឍប្រទេសជាតិ។
ក្នុងកម្មវិធីបើកមហាសន្និបាតលើកទី៧ មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ លោកជំទាវបណ្ឌិត បានថ្លែងបញ្ជាក់ថា ចលនាកាយឫទ្ធិនារី គឺជាសកម្មភាពក្រៅរដ្ឋាភិបាល ដែលមិនប្រកាន់បក្ខពួក វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ និងជាចលនាកើតឡើងដោយការស្ម័គ្រចិត្តផ្ទាល់ខ្លួនរបស់សមាជិកាម្នាក់ៗ ដោយមិនមានការបង្ខិតបង្ខំក្នុងរូបភាពណាមួយឡើយ និងមិនមានប៉ះពាល់ដល់ការសិក្សា ឬបំពេញការងាររបស់សមាជិកម្នាក់ៗនោះទេ។
ដោយទទួលបានប្រកាសនីយបត្រ និងផ្លាកសញ្ញា FAPWពីលោកស្រីបណ្ឌិត Juseon Byun ដែលជាស្ថាបនិក FAPW និងលោកស្រី Ching Ching Wee-Ong ប្រធានមិត្តកាយឫទ្ធិនារីប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកសមាគមកាយឫទ្ធិនារីកម្ពុជា បានខិតខំបំពេញកាតព្វកិច្ចរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន ព្រមទាំងសម្រេចបានសមិទ្ធផលជាច្រើន ដោយប្រកាន់ខ្ជាប់នូវបេសកកម្មរបស់សមាគម ស្របតាមគោលបំណងរបស់សមាគមកាយឫទ្ធិនារីពិភពលោក (WAGGGS) គឺការជួយអភិវឌ្ឍថាមពល កុមារី យុវតី ដើម្បីក្លាយទៅជាពលរដ្ឋល្អ ដែលមានការទទួលខុសត្រូវចំពោះខ្លួនឯង គ្រួសារ សហគមន៍ និងប្រទេសជាតិ និងស្របតាមចក្ខុវិស័យជាក់លាក់មួយគឺការចង់ឃើញកុមារី និងយុវតីកម្ពុជារស់នៅក្នុងសីលធម៌ សេរីភាព សមភាព សេចក្តីថ្លៃថ្នូរ និងមានមោទនភាពចំពោះវប្បធម៌ និងអត្តសញ្ញាណរបស់ខ្លួន។
សមាគមកាយឫទ្ធិនារីកម្ពុជាមានក្តីសោមនស្សរីករាយ ដែលបានទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ មហាសន្និបាតលើកទី៧ មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក ក្រោមប្រធានបទ ស្រមៃ មើ លឱកាស “ផ្តល់អំណាចដល់កុមារី និងយុវតី” (Imagine Possibilities)នៅលើទឹកដីអង្គរខេត្ត សៀមរាប ដែលដឹកនាំដោយលោកជំទាវបណ្ឌិតពេជ ចន្ទមុនី ស្ត្រីទី១នៃព្រះរាជា ណាចក្រក ម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់បំផុតពីសំណាក់ សម្តេចមហាបវរធិ បតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
ការជ្រើសរើសកម្ពុជាឱ្យធ្វើជាម្ចាស់ផ្ទះមហាសន្និបាតលើកទី៧របស់មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក គឺជាការសម្រេចប្រកបដោយសុភវិនិច្ឆ័យរបស់លោកស្រីបណ្ឌិត Juseon Byun ដែលជាស្ថាបនិក FAPW និងលោកស្រី Chempaka Emalin_Pahamin ប្រធានកាយឫទ្ធិនារី តំបន់អាស៊ីប៉ាស៊ីហ្វិក លោកស្រី Ching Ching Wee-Ong ប្រធានមិត្តកាយឫទ្ធិនារី ប្រចាំតំ បន់អាស៊ីប៉ាស៊ីហ្វិក ដោយសង្កេតឃើញពីការរីកចម្រើននិងការកើនឡើងសមាជិក FAPW នៅកម្ពុជាផ្ទាល់។ ការទទួលធ្វើជាម្ចាស់ផ្ទះនេះជាបទពិសោធន៍ដ៏មានសារៈ សំខាន់សម្រាប់ប្រ ទេសកម្ពុជា ក្នុងការត្រៀមលក្ខណៈសម្បត្តិឱ្យបានគ្រប់គ្រាន់ សម្រាប់ធ្វើជាម្ចាស់ផ្ទះរៀបចំ សន្និបាតពិភពលោកលើកទី៣៩ ឆ្នាំ២០២៦ របស់សមាគមកាយឫទ្ធិនារីពិភពលោក (39th WAGGGS World Conference) ផងដែរ ។
មហាសន្និបាតមិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក លើកទី៧ គឺជាព្រឹត្តិ ការណ៍មួយដ៏មានសារៈសំខាន់សម្រាប់ សមាគមកាយឫទ្ធិនារីពិភពលោក (WAGGGS) និងជាពិសេសសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិកផ្ទាល់ដែលមានលក្ខណៈជាការជួបប្រជុំថ្នាក់តំបន់មួយដ៏ធំ ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធដើម្បីរួមគ្នាពិនិត្យវឌ្ឍនភាពនិងទទួលដឹងលឺពីសមិទ្ធផលដែលសមាគមមិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិកសម្រេចបានកន្លងមក លើកិច្ចការងារជួយ កុមារី យុវតី ស្រ្តីវ័យក្មេង នៅទូទាំងពិភពលោកឱ្យទទួលបានចំណេះដឹងបទពិសោធន៍ និងលទ្ធភាពសមរម្យអាចកសាងអនាគតរបស់ពួកគេទៅថ្ងៃខាងមុខបានកាន់តែប្រសើរឡើង។
មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក (Friends of Asia Pacific WAGGGS) ហៅកាត់ថា “FAPW“ គឺជាក្រុមអ្នកគាំទ្រដ៏ខ្ពង់ខ្ពស់សម្រាប់លើកកម្ពស់ចលនាកាយឫទ្ធិនារីក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៩ ដោយលោកស្រីបណ្ឌិត Juseon Byun និងមានម្ចាស់ក្សត្រី Azizah_of Pahang ជាព្រះប្រធានកិត្តិយស។ គិតត្រឹមឆ្នាំ២០២៣ នេះ សម្រាប់ប្រទេសកម្ពុជា មានសមាជិក FAPW សរុបចំនួន២៣៩រូប ដោយមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាសមាជិកគាំទ្រថ្នាក់មាស (Gold Supporter) របស់មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយតែងតែបានលះបង់ព្រះរាជទ្រព្យផ្ទាល់ព្រះកាយទ្រង់ ចូលរួមក្នុងចលនានេះជារៀងរហូតមក ក្នុងព្រះរាជបំណងរួបរួមគ្នាជួយ សហគមន៍ សង្គមជាតិ និងពិភពលោក ជាពិសេសស្ត្រីវ័យក្មេង កុមារី យុវតី ឱ្យទទួលបានចំណេះដឹង បទពិសោធន៍ និងលទ្ធភាពមួយសមរម្យអាចកសាងអនាគតរបស់ពួកគេទៅថ្ងៃខាងមុខបានកាន់តែប្រសើរឡើង។លោកជំទាវបណ្ឌិតពេជ ចន្ទមុន្នីបានចូលជាសមាជិក FAPWថ្នាក់Gold Award កាលពីខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុងបាងកក និងប៉ាតាយ៉ា ក្នុងកិច្ចប្រជុំ មិត្តកាយឫទ្ធិតំបន់អាស៊ីប៉ាស៊ីហ្វិក លើកទី៨។
ដោយមានការគាំទ្រជាបន្តបន្ទាប់ពីសមាគមកាយឫទ្ធិនារីពិភពលោក (WAGGGS) សមាគមកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក និង មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក (FAPW ) ទន្ទឹមនឹងការប្រោសព្រះរាជទានទំនុកបម្រុងគាំទ្រ ចង្អុលបង្ហាញបំភ្លឺផ្លូវដ៏ឧត្តុង្គឧត្តមបំផុតរបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសសមាគមកាយឫទ្ធិនារីកម្ពុជា និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់របស់សមាគមកាយឫទ្ធិនារីកម្ពុជា៕ ដោយ៖ គង់ សិរីរ័ត្ន