សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាពសម្ពោធអគាររដ្ឋបាលថ្មី និងសមិទ្ធផលនៅខេត្តកំពង់ស្ពឺ និងប្រកាសជាខេត្តអស់មីន

នៅព្រឹកថ្ងៃចន្ទ ១រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បាន អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាលថ្មី និងសមិទ្ធផលនានានៅខេត្តកំពង់ស្ពឺ ព្រមទាំងប្រកាសខេត្តកំពង់ស្ពឺ ជាខេត្តអស់មីន។

សមិទ្ធផលនានាដែលត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនេះ រួមមាន អគាររដ្ឋបាលសាលាខេត្ត, រូបសំណាកដែលកសាងឡើង សម្រាប់បង្ហាញនូវសក្ដានុពលផ្នែកសេដ្ឋកិច្ច វប្បធម៌ ទេសចរណ៍ ដូចជា រូបសំណាកតារែកទឹកត្នោត, រូបផ្លែត្នោត, រូបប្រើសពីរ និងរង្វង់បង្ហាញពីសក្ដានុពលវិស័យកសិកម្ម និងកសិ-ឧស្សាហ៍កម្ម នៅក្នុងខេត្តកំពង់ស្ពឺ។ ក្រៅពីសមិទ្ធផលខាងលើនេះ នៅមានសមិទ្ធផលជាច្រើនផ្សេងទៀត នៅតាមបណ្ដាឃុំ សង្កាត់ ក្រុង ស្រុកទាំង៩ ដូចជា អគាររដ្ឋបាលសាលាស្រុក, ការិយាល័យច្រកចេញចូលតែមួយ, អគារសាលាឃុំ សង្កាត់ជាដើម។

ដោយឡែក សម្រាប់ការប្រកាសខេត្តអស់មីនវិញ រហូតមកដល់ពេលនេះ គោលដៅ «កម្ពុជាគ្មានមីនឆ្នាំ២០២៥» បាន និងកំពុងមានវឌ្ឍនភាពយ៉ាងល្អប្រសើរ ឆ្ពោះទៅរកគោលដៅដែលបានរំពឹងទុកពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។ ខេត្តកំពង់ស្ពឺ គឺជាខេត្តទី១៣ ដែលអស់មីនទាំងស្រុង បន្ទាប់ពីរាជធានី-ខេត្តទាំង១២ផ្សេងទៀត រួមមាន៖ ខេត្តស្ទឹងត្រែង ខេត្តកែប ខេត្តព្រៃវែង រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្តកំពង់ឆ្នាំង ខេត្តកណ្តាល ខេត្តតាកែវ និងខេត្តកំពត។

ជាកិច្ចចាប់ផ្តើម សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍អបអសាទរចំពោះការសម្ពោធដាក់អោយប្រើប្រាស់នូវអគាររដ្ឋបាល និងសមិទ្ធផលដ៏ទៃទៀតរបស់ខេត្តកំពង់ស្ពឺ ព្រមទាំងការប្រកាសជាខេត្តដែលអស់មីននាថ្ងៃនេះ។ សម្តេចធិបតីបន្តថា សមិទ្ធផលទាំងអស់នាពេលនេះ កើតឡើងបាន តាមរយៈការខិតខំ ប្រឹងប្រែងរបស់យើងទាំងអស់គ្នា ដែលមានមន្រ្តីរាជការ កងកម្លាំងប្រដាប់អារុធ និងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ស្ពឺ។ សម្ដេចធិបតី បានថ្លែងអរគុណមន្ត្រីរាជការ អាជ្ញាធរ កងកម្លាំងទាំងអស់ ដែលបានខិតខំបម្រើប្រជាពលរដ្ឋ ខណៈរាជរដ្ឋាភិបាល បានធ្វើកំណែទម្រង់ជាច្រើនដើម្បីបំពេញតម្រូវការជូនប្រជាពលរដ្ឋ ។

សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា គ្រាប់មីនមួយគ្រាប់ ដែលប្រតិបត្តិករបានដោះយកចេញ ស្មើនឹងការជួយសង្គ្រោះអាយុជីវិតពលរដ្ឋកម្ពុជាម្នាក់។ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានបន្តទៀតថា កម្ពុជាមិនត្រឹមតែបានបោសសម្អាតមីន និងសំណល់គ្រឿងផ្ទុះនៅក្នុងប្រទេសរបស់ខ្លួនប៉ុណ្ណោះទេ គឺថែមទាំងបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពកម្ពុជា ទៅជួយដោះមីន និងបោសសម្អាតសំណល់មិនទាន់ផ្ទុះនៅប្រទេសដទៃទៀតផងដែរ ក្រោមឆ័ត្រអង្គការសហប្រជាជាតិ។ សំណល់គ្រាប់មីននៅកម្ពុជា ជាសំណល់គ្រឿងផ្ទុះដែលពិបាកដោះយកចេញ ដោយសារកន្លែងខ្លះត្រូវបានកែច្នៃបន្ថែម កន្លែងខ្លះដាក់បង្កៃគ្រឿងផ្ទុះ កន្លែងខ្លះដាក់ដោយមានរយៈពេលយូរ និងធ្វើឱ្យខូចរូបរាងដើមជាដើម។កម្ពុជាស្គាល់គ្រាប់បែកអាម៉េរិកទម្លាក់លើទឹកដីខ្លួនមុនគេនៅឆ្នាំ១៩៦២។

សម្ដេចធិបតី បានមានប្រសាសន៍ទៀតថា ការអភិវឌ្ឍប្រកបដោយសមធម៌ ដែលគ្រប់ភាគីពាក់ព័ន្ធ និងពលរដ្ឋទទួលបានទាំងអស់គ្នា ជាគោលដៅដែលរាជរដ្ឋាភិបាលចង់បាន។ ខេត្តកំពង់ស្ពឺ ក្រោយទទួលបានសន្តិភាពបានប្រែក្លាយពីតំបន់ចម្ការមីន ទៅចម្ការដំណាំ តំបន់ឧស្សាហកម្ម សាលាហ្វឹកហ្វឺន និងស្ថាប័ននានាជាច្រើនទៀត។

សម្ដេចធិបតីបានមានប្រសាសន៍បន្តទៀតថា ក្នុងអាណត្តិទី៧នេះ គឺជាអាណត្តិពង្រឹង ជាជាងពង្រីក ដោយការប្រើប្រាស់ធនធានដែលមានស្រាប់ឱ្យចំគោលដៅ ។សម្តេចធិបតីបានផ្តល់អនុសាសន៍ដល់ក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត គប្បីខិតខំរួមគ្នាបន្តជួយផ្សព្វផ្សាយ និងជំរុញដល់សហគមន៍ទេសចរណ៍ ដោយអនុញ្ញាតឱ្យប្រជាសហគមន៍មូលដ្ឋាន ជាអ្នកគ្រប់គ្រងដោយផ្ទាល់លើសហគមន៍ទេសចរណ៍ ដើម្បីធ្វើយ៉ាងណាឲ្យផលទទួលបានដល់ដៃបងប្អូនប្រជាពលរដ្ឋ។ជាងនេះទៅទៀត រដ្ឋបាលសាធារណៈត្រូវធ្វើទំនើបកម្ម និងពង្រឹងសមត្ថភាពមន្ត្រីជាប្រចាំដើម្បីបម្រើសេវាប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានជំរុញអោយអាជ្ញាធរមានសមត្ថកិច្ច ត្រូវខិតខំបន្ថែមទៀតអនុវត្តគោលនយោ បាយភូមិឃុំមានសុវត្ថិភាព ដោយត្រូវខិតខំដោះស្រាយបញ្ហាដែលប្រឈម ។ក្នុងនោះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលបានដាក់សុទ្ធតែកម្រិតឧបនាយករដ្ឋមន្ត្រីឱ្យដឹកនាំ ដើម្បីលុបបំបាត់បញ្ហាគ្រឿងញៀនឱ្យខាងតែបាន។

នៅថ្ងៃនេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ទៀតថា រាជរដ្ឋាភិបាលអាណត្តិទី៧ បានកែទម្រង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ឱ្យកាន់តែប្រសើរ តាមរយៈការបង្កើតយន្តការដោះស្រាយវិវាទនៅក្រៅប្រព័ន្ធតុលាការ, គឺជាការជំរុញពន្លឿនការដោះស្រាយសំណុំរឿងដែលស្ទះកកនៅតុលាការ និងដោះស្រាយភាពមិនប្រក្រតីនៅក្នុងតុលាការជាដើម។នេះជាវិធីសាស្ត្រដែលសង្គមកម្ពុជា បានអនុវត្តតាំងពីយូរលង់កន្លងមកហើយ។

ជាមួយនឹងការប្រកាសដាក់អោយប្រើប្រាស់នូវអគាររដ្ឋបាលថ្មី និងសមិទ្ធផលនៅខេត្តកំពង់ស្ពឺ និងប្រកាសជាខេត្តអស់មីននាថ្ងៃនេះ មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជូនពរបងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងអស់ ជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា៕

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ