សម្តេចធិបតី សង្ឃឹមថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន នឹងមានការកើនឡើងលើគ្រប់វិស័យ ជាពិសេស នៅក្នុងវិស័យទេសចរណ៍, វិនិយោគ និងការប្រាស្រ័យទាក់ទងរវាងប្រជាជន និងប្រជាជន

នារសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ នៅវិមានសន្តិភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម KOMURA Masahiko អតីតរដ្ឋមន្ត្រីការបរទេសជប៉ុន និងជាអតីតអនុប្រធានគណបក្សប្រជាធិបតេយ្យសេរី ចូលជួបសម្តែងការគួរសម ក្នុងឱកាសដែល ឯកឧត្តម បានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ។
ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តម KOMURA Masahiko បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងបានចូលរួមអបអរសាទរចំពោះ សម្តេចធិបតី ក្នុងឱកាសនៃការចូលកាន់មុខតំណែងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ។ ដោយធៀបនឹងកម្ពុជា ដែលធ្លាប់បានស្គាល់កាលពីពេលមុន, ឯកឧត្តម KOMURA Mashiko បានសម្តែងនូវកោតសរសើរប្រកបដោយក្តីរំភើបរីករាយ ចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស និងខ្លាំងក្លារបស់កម្ពុជា ដោយសារការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាពេលកន្លងមក ។
ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់ ឯកឧត្តម KOMURA Mashiko មកកាន់ប្រទេសកម្ពុជា ព្រមជាមួយនឹងក្តីរីករាយចំពោះជំនួបសាជាថ្មីនាឱកាសនេះ បន្ទាប់ពីជំនួបកាលពីរយៈពេល ០៥ ឆ្នាំកន្លងទៅ នៅទីក្រុងតូក្យូ ក្នុងឱកាសដែល សម្តេចធិបតី ដឹកនាំគណៈប្រតិភូយុវជន ទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសជប៉ុន ។ ទន្ទឹមនឹងការប្រារព្ធខួបលើកទី៧០ នៃចំណងការទូតកម្ពុជា-ជប៉ុន នៅក្នុងឆ្នាំ២០២៣ នេះ ដោយនឹងមានការរៀបចំសកម្មភាពអបអរសាទរជាច្រើន, សម្តេចធិបតី ក៏បានយកឱកាសថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងបានចូលរួមចំណែកជួយឧបត្ថម្ភគាំទ្រកម្ពុជាជាប់រហូតមកនៅក្នុងគ្រប់កាលៈទេសៈ រាប់តាំងពីសម័យកាលក្រោយបញ្ចប់សង្គ្រាម រហូតមានការអភិវឌ្ឍរីកចម្រើន ដូចសព្វថ្ងៃនេះ ។ ចំពោះអនាគតទៅមុខ, សម្តេចធិបតី បានបញ្ជាក់អំពីភាពមិនប្រែប្រួលនៃគោលនយោបាយការបរទេសរបស់កម្ពុជា ជាពិសេសក្នុងទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុន ដោយសង្ឃឹមថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នឹងមានការកើនឡើងលើគ្រប់វិស័យ ជាពិសេស នៅក្នុងវិស័យទេសចរណ៍, វិនិយោគ និងការប្រាស្រ័យទាក់ទងរវាងប្រជាជន និងប្រជាជន ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ