នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឆាយ ឈី (Cai Qi) សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃការិយាល័យនយោបាយ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដចិន និងជាប្រធានការិយាល័យកិច្ចការទូទៅ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដចិន ក្នុងឱកាសនៃការចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង ។
នៅក្នុងជំនួបនេះ ឯកឧត្តម ឆាយ ឈី បានស្វាគមន៍ចំពោះវត្តមានរបស់ សម្តេចធិបតី និងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ដោយបានបញ្ជាក់ថា ឆ្នាំនេះគឺជាខួបលើកទី៦៥ នៃចំណងការទូតផ្លូវការកម្ពុជា-ចិន ដែលជាចំណងមិត្តភាពដែកថែប ។ តាមរយៈកិច្ចពិភាក្សាជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ទាល់ នាឱកាសនេះ, ឯកឧត្តម បានបង្ហាញនូវការជឿជាក់ថា ក្រោមការដឹកនាំរបស់ សម្តេចធិបតី, ដំណើរការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន នឹងកាន់តែត្រូវបានពង្រឹង និងពង្រីកខ្លាំងក្លាបន្ថែមទៀត ។ ទន្ទឹមគ្នានេះ ឯកឧត្តម ឆាយ ឈី ក៏បានបញ្ជាក់អំពីឆន្ទៈក្នុងការបន្តសហការគាំទ្រដល់យុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ និងបានរំឭកផងដែរអំពីសមិទ្ធផលដ៏ត្រចះត្រចង់មួយចំនួន ដែលកកើតឡើងពីកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ រវាងកម្ពុជា-ចិន អស់រយៈកាលជាង ១០ ឆ្នាំ កន្លងមកនេះ តួយ៉ាងដូចជា៖ (១) ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ, (២) ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ, (៣) អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី និង (៤) គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ។
ជាការឆ្លើយតប សម្តេចធិបតី បានថ្លែងអំណរគុណ ឯកឧត្តម ឆាយ ឈី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកទទួលជួបគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា និងបានបញ្ជាក់ថា នេះគឺជាឱកាសលើកទី២ ដែល សម្តេចធិបតី បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅក្នុងប្រទេសចិន បន្ទាប់ពីការបង្កើតរាជរដ្ឋាភិបាល អាណត្តិទី៧ កាលពីខែសីហា ឆ្នាំ២០២៣ ដែលនេះគឺជាការឆ្លុះបញ្ចាំងអំពីឆន្ទៈរបស់កម្ពុជា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយភាគីមិត្តចិន ឱ្យកាន់តែរឹងមាំបន្ថែមទៀត ហើយក៏ជាការបន្តនូវមរតកនៃទំនាក់ទំនងល្អ ដែលបន្សល់ដោយរាជរដ្ឋាភិបាលកម្ពុជាក្នុងបណ្តាអាណត្តិកន្លងទៅ ព្រមទាំងចំណងមិត្តភាពជាប្រវត្តិសាស្ត្រដែលព្រះបរមរតនកោដ្ឋ និងថ្នាក់ដឹកនាំចិនជំនាន់មុនៗ បានកសាងតាំងពីអតីតកាល រហូតមកដល់បច្ចុប្បន្ន ។ ក្នុងន័យនេះ សម្តេចធិបតី បានឯកភាពចំពោះទស្សនៈរបស់ ឯកឧត្តម ឆាយ ឈី ដែលបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្នុងរយៈកាល ៦៥ ឆ្នាំ កន្លងមកនេះ និងបានផ្តល់សារៈសំខាន់ចំពោះការបន្តពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកលូតលាស់រឹងមាំជាលំដាប់ ព្រមជាមួយនឹងការបន្តគាំទ្រគ្នាទៅវិញទៅមក ទាំងក្នុងកម្រិតទ្វេភាគី និងលើឆាកអន្តរជាតិ ។ ជាមួយគ្នានេះ សម្តេចធិបតី ក៏បានគូសបញ្ជាក់ផងដែរអំពីសារៈសំខាន់នៃ “កិច្ចសហប្រតិបត្តិការត្បូងពេជ្រ” រវាងប្រទេសទាំងពីរ ដែលផ្តោតលើវិស័យអាទិភាពចំនួន ៦ រួមមាន៖ នយោបាយ, គុណភាព និងសមត្ថភាពផលិតកម្ម, កសិកម្ម, ថាមពល, សន្តិសុខ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ។
ក្រៅពីនេះ ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាផងដែរ អំពីទំនាក់ទំនងរវាងគណបក្ស និងគណបក្ស សំដៅបន្តពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ដឹកនាំជាន់ខ្ពស់ និងការផ្លាស់ប្តូររវាងយុវជន និងយុវជន ដែលជាផ្នែកមួយដ៏សំខាន់សម្រាប់ពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យបានរឹងមាំ និងយូរអង្វែង ៕