នាព្រឹកថ្ងៃសុក្រ ៨ កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្នាក់ការកណ្ដាលអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សា ជាមួយ លោកជំទាវ ផេននី វ័ង រដ្ឋមន្រ្តីការបរទេស អូស្រា្តលី។
បន្ទាប់ពីការស្វាគមន៍យ៉ាងកក់ក្តៅ ជូនចំពោះ លោកជំទាវរដ្ឋមន្ត្រីការបរទេសអូស្រ្តាលី និងគណៈប្រតិភូ សម្តេចធិបតី បានជម្រាបជូនអំពីជំហររបស់កម្ពុជា ក្នុងការបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយអូស្ត្រាលី ក្នុងវិស័យសក្ដានុពល ទាំងក្រោមយន្តការទ្វេភាគី និងពហុភាគី។ លោកជំទាវ បានស្វាគមន៍ចំពោះគោលជំហរនេះ និងបានលើកឡើងអំពីចំណងមិត្តភាពយូរអង្វែងរវាងកម្ពុជា និងអូស្ត្រាលី ក៏ដូចជាគំនិតផ្តួចផ្តើមជាច្រើនទៀត ដែលប្រទេសទាំងពីរអាចបង្កើនកិច្ចសហប្រតិបត្តិការ ជាពិសេស នៅលើមាគ៌ានៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។
ទន្ទឹមនេះ លោកជំទាវ បានវាយតម្លៃខ្ពស់ ចំពោះរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដែលបានដាក់ឱ្យអនុវត្តន៍នូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលកំណត់ច្បាស់នូវគោលដៅ និងមាគ៌ានយោបាយដែលកម្ពុជាត្រូវដើរ ក៏ដូចជាវិស័យនៃកិច្ចសហប្រតិបត្តិការ ដែលអូស្រ្តាលីអាចចូលរួមជាមួយកម្ពុជា ដូចជា វិស័យអប់រំ និងការបណ្តុះបណ្តាលធនធានមនុស្ស វិស័យពាណិជ្ជកម្ម និងវិនិយោគជាដើម។ ជាការឆ្លើយតប សម្ដេចធិបតី បានថ្លែងអំណរគុណចំពោះអូស្ត្រាលី ដែលផ្តោតយកចិត្តទុកដាក់ដល់របៀបវារៈអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ដូចមានការផ្តល់អាហារូបករណ៍ជូនដល់សិស្ស-និស្សិតកម្ពុជា ដែលជាការចូលរួមចំណែកយ៉ាងសំខាន់ដល់ការបណ្តុះបណ្តាល ធនធានមនុស្សរបស់កម្ពុជាជាសក្ខីភាពស្រាប់។
ក្រៅពីកិច្ចពិភាក្សាលើវិស័យដែលជាកម្មវត្ថុនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ សម្ដេចធិបតី ក៏បានពន្យល់បន្ថែមអំពីទិដ្ឋភាពនយោបាយ និងការកសាងសង្គមប្រជាធិបតយ្យរបស់កម្ពុជា ជូន លោកជំទាវ។ ជាក់ស្តែង សម្ដេចធិបតី បានលើកឡើងអំពីការចូលរួមដ៏ច្រើនលើសលប់របស់ប្រជាពលរដ្ឋកម្ពុជា នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ដែលជាភ័ស្តុតាងមិនអាចប្រកែកបាន នៃការជឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។ សម្ដេចធិបតី ក៏បានលើកឡើងបន្ថែមទៀតអំពីជំហរដ៏គត់មត់របស់រាជរដ្ឋាភិបាលក្នុងការបន្តធ្វើឱ្យកាន់តែប្រសើរឡើងនូវសិទ្ធិមនុស្ស និងដំណើរការប្រជាធិបតេយ្យនៅកម្ពុជា រួមមានជាអាទិ៍៖ ការបន្តកែទម្រង់អភិបាលកិច្ច និងប្រព័ន្ធយុត្តិធម៌របស់រាជរដ្ឋាភិបាល ការអនុញ្ញាតឱ្យមានអង្គការក្រៅរដ្ឋាភិបាលរាប់ពាន់ដំណើរការ និងការអនុញ្ញាតបន្តសុពលភាពអាណត្តិអ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា របស់អង្គការសហប្រជាជាតិនៅកម្ពុជា ខណៈដែលប្រទេសជាច្រើនក្នុងតំបន់មិនអនុញ្ញាតក៏ដោយ។ បន្ទាប់ពីបានស្តាប់នូវជំហរ និងទស្សនវិស័យវែងឆ្ងាយទាំងនេះរបស់ សម្ដេចធិបតី លោកជំទាវ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងបានបញ្ជាក់ជូន សម្ដេចធិបតី អំពីជំហររបស់អូស្ត្រាលី ក្នុងការបន្តធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីកសាងឱ្យបាននូវឧត្តមប្រយោជន៍រួម សម្រាប់ប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងជម្នះនូវរាល់ឧបសគ្គ និងភាពខុសគ្នានៃទស្សនៈ ដើម្បីគាំទ្រឱ្យគ្នាទៅវិញទៅមកលើគ្រប់ទិដ្ឋភាព ប្រកបដោយការទទួលខុសត្រូវខ្ពស់។
ជារួម ភាគីទាំងពីរបានប្តេជ្ញាចិត្តបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែល្អប្រសើរ ជាពិសេស តាមរយៈទំនាក់ទំនងល្អប្រសើររវាងប្រជាជន និងប្រជាជន ក៏ដូចជារវាងធុរកិច្ច និងធុរកិច្ច៕