(ញូវយ៉ក, អាមេរិក)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកូកប្រកាសអញ្ជើញវិនិយោគិន និងធុរជនសហរដ្ឋអាមេរិក មកសិក្សាស្វែងយល់ពីសក្ដានុពលវិនិយោគនៅក្នុងប្រទេសកម្ពុជា។
បេសកកម្មចេញទៅក្រៅប្រទេស៣លើកក្រោយបង្កើតរាជរដ្ឋាភិបាល ក្រៅតែពីការស្វះស្វែងពង្រីកទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការនានាហើយនោះ ការកៀរគរអ្នកវិនិយោគចូលមកកម្ពុជា ក៏ជាកិច្ចការដែលសម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់តម្លៃខ្ពស់បំផុត។ នៅឥណ្ឌូនេស៊ី នៅប្រទេសចិន ក៏ដូចគ្នានៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត តែងឆ្លៀតពេលដ៏មមាញឹកពីកិច្ចប្រជុំនានា ទៅចូលរួមក្នុងវេទិកាធុរកិច្ច។
នាទីក្រុងញូវយ៉ក នាថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឆ្លៀតអញ្ជើញជាអធិបតីបើកវេទិកាធុរកិច្ចអាមេរិក-កម្ពុជា ដែលជាការរៀបចំឡើងរវាងសភាពាណិជ្ជកម្មអាមេរិក និងសភាពាណិជ្ជកម្មកម្ពុជា។ វេទិកានេះ រៀបចំឡើងដើម្បីជាការជួបគ្នារវាងធុរជនកម្ពុជា និងអាមេរិក ហើយសិក្សាពីគ្នា ស្វែងរកឱកាសសហការគ្នាបើកការវិនិយោគរវាងកម្ពុជា និងអាមេរិក។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញសេចក្តីសោមនស្សរីករាយជាខ្លាំង ដែលបានចូលរួមក្នុងវេទិកានេះ។ សម្តេចធិបតី បានលើកឡើងដែរថា វេទិកាធុរកិច្ចអាមេរិក-កម្ពុជាឆ្លុះបញ្ចាំងឱ្យឃើញនូវសារៈសំខាន់នៃការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងអាមេរិក ដោយឈរលើមូលដ្ឋានគោរពគ្នាទៅវិញទៅមក ការផ្តល់ផលប្រយោជន៍ឱ្យគ្នា និងគុណតម្លៃរួម។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសរំលេចទៀតថា វេទិកានៅថ្ងៃនេះ ត្រូវបានតៀបចំឡើងក្នុងពេលវេលាដ៏សមស្រប និងមានសារៈសំខាន់ដល់ប្រទេសទាំងពីរ ក្នុងខណៈសេដ្ឋកិច្ចសកលបន្តរងផលប៉ះពាល់ដោយភាពមិនប្រាកដប្រជា ដែលបណ្តាលមកពីបញ្ហាប្រឈម និងនិន្នាការសកលសំខាន់ៗ។
ក្នុងបំណងបញ្ចុះបញ្ចូលឱ្យអ្នកវិនិយោគចូលមកកាន់កម្ពុជានោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងនាមជាបណ្ឌិតផ្នែកសេដ្ឋកិច្ចមួយរូបដែរ បានប្រឹងប្រែងលើកបង្ហាញទិដ្ឋភាពជាច្រើនក្នុងសង្គមកម្ពុជា មានទិដ្ឋភាពនយោបាយ ទិដ្ឋភាពសេដ្ឋកិច្ច និងទិដ្ឋភាពសង្គម ព្រមទាំងគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលថ្មីផងដែរ។ ការលើកបង្ហាញទាំងនេះ ក្នុងគោលបំណងឱ្យអ្នកវិនិយោគមើលឃើញថា កម្ពុជា គឺពិតជាឱកាសសម្រាប់ដ៏ស័ក្តិសមសម្រាប់ពួកគេវិនិយោគ។ (សម្រង់ប្រសាសន៍ដើមសម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងក្នុងវេទិកាធុរកិច្ចអាមេរិក-កម្ពុជា)
បន្ទាប់ពីបានលើកបង្ហាញនូវសូចនាករនានាហើយនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ហើយនៅដើមឆ្នាំនេះ សម្តេចមានឱកាសបានជួបប្រតិភូសហរដ្ឋអាមេរិក ដែលរៀបចំដោយសភាពាណិជ្ជកម្មសហរដ្ឋអាមេរិក និងសភាពាណិជ្ជកម្មអាស៊ាន ហើយសម្តេចសង្ឃឹមថានឹងមានឡើងជាប្រចាំ ហើយកម្ពុជារីករាយក្នុងការស្វាគមន៍ និងជួបពិភាក្សាការងារជាមួយសមាជិករដ្ឋាភិបាលថ្មីរបស់សម្តេច។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបង្ហាញក្តីសង្ឃឹមថា វិនិយោគិនសហរដ្ឋអាមេរិកនឹងឃើញពីកាលានុវត្តភាពក្នុងការវិនិយោគ និងសិក្សាបន្ថែមអំពី សក្ដានុពលសេដ្ឋកិច្ច និងឱកាសវិនិយោគនៅកម្ពុជា។ ដូចមានពាក្យស្លោក «បានឃើញម្ដង ប្រសើរជាងបាន ឮមួយពាន់ដង» ដូច្នេះសូមវិនិយោគិនមកស្វែងយល់អំពីកម្ពុជា។
បន្ថែមពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាល នឹងផ្ដល់ការគាំទ្រយ៉ាងមុតមាំដល់កាលានុវត្តនភាពសម្រាប់បង្កើត ប្រតិបត្តិការ និងការពង្រីកធុរកិច្ច ព្រមទាំងដោះស្រាយរាល់បញ្ហាប្រឈម ទាំងបញ្ហាចាស់ និងថ្មី ដើម្បីជំរុញសន្ទុះនៃការអភិវឌ្ឍវិស័យឯកជនឱ្យបានពេញលេញ និងក្លាយជាដៃគូគន្លឹះរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ការអភិវឌ្ឍសម្រាប់ជាប្រយោជន៍ទៅវិញទៅមក និងវិបុលភាពរួមប្រកបដោយ បរិយាបន្ន។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា កម្ពុជា នៅតែបន្ដពង្រីកទំហំទីផ្សារខ្លួន តាមរយៈការធ្វើសមាហរណកម្មទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ និងខ្សែច្រវាក់តម្លៃសកល តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងទ្វេភាគី និងពហុភាគី។ យន្ដការទ្វេភាគីដូចជា៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ, និងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RECP)។
សូមជម្រាបថា រយៈពេល៨ខែ ឆ្នាំ២០២៣នេះ ទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិក សម្រេចបានជាង ៦,២៧២លានដុល្លារ ថយចុះ៥.៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២២ មានចំនួន ៦,៦៤៥លានដុល្លារ។ នេះបើយោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
ទិន្នន័យបានបញ្ជាក់ទៀតថា រយៈពេល៨ខែ ឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញទៅអាមេរិក ក្នុងទំហំទឹកប្រាក់ជាង ៦,១១១លានដុល្លារ ខណៈការនាំចូលពីអាមេរិកវិញ ក្នុងទំហំទឹកប្រាក់ជាង ១៦០លានដុល្លារ។ ផលិតផលសំខាន់ៗដែលកម្ពុជា នាំចេញទៅអាមេរិក មានសម្លៀកបំពាក់ សម្ភារសម្រាប់ការធ្វើដំណើរ (វ៉ាលី កាបូប) កង់ និងសម្ភារប្រើប្រាស់ មួយចំនួនទៀត។ ចំណែកកម្ពុជា នាំចូលពីអាមេរិកវិញ មានដូចជារថយន្ត គ្រឿងយន្ត គ្រឿងអលង្ការ គ្រឿងសំអាង សម្ភារអគ្គិសនី អេឡិចត្រូនិក និងសម្ភារប្រើប្រាស់មួយចំនួនទៀត។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចថា សហរដ្ឋអាមេរិក និងកម្ពុជា មានទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការតាំងពីយូរណាស់មកហើយ ពោលគឺចាប់តាំងពីឆ្នាំ១៩៥០ ដែលទំនាក់ទំនងការទូតប្រទេសទាំងពីរ ត្រូវបានបង្កើតឡើងជាលើកដំបូង ដោយមានការធ្វើឱ្យប្រសើរឡើងជាលំដាប់នូវទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។
ទំនាក់ទំនងសេដ្ឋកិច្ច ក៏បានរីកលូតលាស់យ៉ាងឆាប់រហ័ស លំហូរពាណិជ្ជកម្មទ្វេភាគី បានឈានដល់ទំហំ ១៣.៥ពាន់លានដុល្លារក្នុងឆ្នាំ២០២២ ហើយសហរដ្ឋអាមេរិក នៅបន្តជាទីផ្សារនាំចេញធំបំផុតសម្រាប់កម្ពុជា។ ជាពិសេសសម្រាប់ទីផ្សារសម្លៀកបំពាក់ វាយនភណ្ឌ ស្បែកជើង និងផលិតផលសម្រាប់ការធ្វើដំណើរ។
ប៉ុន្តែការវិនិយោគដោយផ្ទាល់ពីសហរដ្ឋអាមេរិកនៅកម្ពុជា មានកម្រិតទាបនៅឡើយ បើទោះបីជាសហរដ្ឋអាមេរិក គឺជាប្រភពវិនិយោគដ៏ធំមួយនៅក្នុងសកលលោក។ នៅកម្ពុជា ទំហំវិនិយោគផ្ទាល់ពីសហរដ្ឋអាមេរិក បានបន្តកើនឡើងពី ២២៥លានដុល្លារអាមេរិក នៅក្នុងឆ្នាំ២០១០ បានកើនឡើងដល់ ៨៩៣លានដុល្លារអាមេរិក នៅក្នុងឆ្នាំ២០២២។
បើតាមសម្តេចធិបតីនាយករដ្ឋមន្ត្រី បានឱ្យដឹងថា សាជីវកម្មពហុជាតិអាមេរិក ដែលវិនិយោគនៅកម្ពុជារួមមាន៖ ក្រុមហ៊ុន Ford កូកា-កូឡា Tiffany និងក្រុមហ៊ុន General Electric ដែលបានឆ្លុះបញ្ចាំងនៃកំណើនទំហំទីផ្សារកម្ពុជា និងប្រាក់ចំណូលរបស់ប្រជាជនកម្ពុជា៕