នាល្ងាចថ្ងៃសុក្រ ១កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តម លី ឈាង (Li Qiang) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាមានិតចិន នៅមហាវិមានប្រជាជន នៃរដ្ឋធានីប៉េកាំង។
ជាកិច្ចចាប់ផ្តើម, ឯកឧត្តមនាយករដ្ឋមន្រ្តី លី ឈាង បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះ សម្តេចធិបតី និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ព្រមទាំងវាយតម្លៃខ្ពស់ចំពោះ សម្តេចធិបតី ដែលបានកំណត់យកប្រទេសចិន ជាប្រទេសទី១ សម្រាប់ការបំពេញទស្សនកិច្ចផ្លូវការ បន្ទាប់ពី សម្ដេចធិបតី ចូលកាន់តំណែងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។ ឯកឧត្ដមនាយករដ្ឋមន្ត្រី លី ឈាង បានគូសបញ្ជាក់អំពីសារៈសំខាន់នៃចំណងមិត្តភាពកម្ពុជា-ចិន និងអំពីអត្ថប្រយោជន៍ជាច្រើនដែលប្រជាជាតិទាំងពីរទទួលបាន ជាពិសេសនៅក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ។
ជាការឆ្លើយតប, សម្តេចធិបតី បានសម្តែងនូវអំណរគុណចំពោះ នាយករដ្ឋមន្ត្រីលី ដែលបានអនុញ្ញាតឱ្យ សម្ដេចធិបតី និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ រហូតដល់ទៅ២ ដង នៅក្នុងខែកញ្ញានេះ ក្រោយពេលដែលសម្ដេចធិបតីចូលកាន់តំណែងជានាយករដ្ឋមន្ត្រី ដែលលើកទី១ នៅថ្ងៃទី៦ ខែកញ្ញា នៅរដ្ឋធានីហ្សាការតា នៃសាធារណរដ្ឋឥណ្ឌូនេស៊ី និងលើកទី ២ នាថ្ងៃនេះ។ សម្តេចធិបតី បានវាយតម្លៃខ្ពស់ចំពោះកាយវិការដ៏ប្រពៃនេះ និងបានអរគុណ ចំពោះការធ្វើបដិសណ្ឋារកិច្ច ប្រកបដោយភាពកក់ក្តៅ និងភាតរភាពខ្ពស់ ចំពោះ សម្តេចធិបតី និងគណៈប្រតិភូកម្ពុជា ចាប់តាំងពីពេលមកដល់ប្រទេសចិន។ សម្តេចធិបតី ក៏បានអរគុណ និងវាយតម្លៃខ្ពស់ផងដែរ ចំពោះប្រជាជន និងប្រទេសចិន ដែលតែងតែផ្តល់នូវការយកចិត្តទុកដាក់ខ្ពស់ និងទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះដំណើរយាងមកដល់ និងការគង់នៅរបស់ ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នៅរដ្ឋធានីប៉េកាំង។
ជាមួយនឹងការវាយតម្លៃ និងការថ្លែងអំណរគុណ, សម្ដេចធិបតី ក៏បានគូសបញ្ជាក់អំពីជំហរនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់ សម្ដេចធិបតី ថា កម្ពុជាបន្តរក្សានូវជំហរដដែល ជាពិសេស បន្តអនុវត្តនយោបាយចិនមួយ យ៉ាងខ្ជាប់ខ្ជួន។ កម្ពុជាបន្តគាំទ្រចិន នៅក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក ព្រមទាំងបន្តគាំទ្រនូវគំនិតផ្តួចផ្តើមនានារបស់ចិន។ សម្ដេចធិបតី បានគាំទ្រ ចំពោះការរៀបចំ គំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវលើកទី៣ និងបានបញ្ជាក់ពីការអញ្ជើញរបស់ សម្ដេចធិបតី នាខែតុលា ខាងមុខ។ បន្ថែមពីលើនេះ, កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការបន្តអនុវត្តនូវគម្រោងដែលបានព្រមព្រៀងគ្នា និងខិតខំស្វែងរកនូវគម្រោងថ្មីៗ បន្ថែមទៀត ដើម្បីអនុវត្តសម្រាប់ជាផលប្រយោជន៍ជូនប្រជាជនទាំងពីរ ឱ្យបានកាន់តែប្រសើរ។
ជាសក្ខីភាពនៃចំណងមិត្តភាព និងសាមគ្គីភាពដ៏រឹងមាំ, ឯកឧត្ដមនាយករដ្ឋមន្ត្រី លី ឈាង និង សម្ដេចធិបតី បានធ្វើជាសាក្សីលើការចុះអនុស្សរណៈនៃការយោគយល់គ្នាចំនួន ១៥ ដែលក្នុងនោះមាន ឯកសារស្តីផែនការសកម្មភាព នៃការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី ឆ្នាំ២០២៤-២០២៨ ផងដែរ។ ប្រមុខរដ្ឋាភិបាលទាំងពីរក៏បានប្ដេជ្ញាចិត្តបន្តគាំទ្រគ្នាទៅវិញទៅមក នៅក្នុងក្របខ័ណ្ឌតំបន់ និងក្របខ័ណ្ឌអន្តរជាតិ ដើម្បីផ្ដល់ជាផលប្រយោជន៍ជូនប្រជាជននៃប្រទេសទាំងពីរ។
ស្ថិតក្នុងបរិយាកាសដ៏រីករាយ និងស្និទ្ធស្នាល សម្ដេចធិបតី បានស្នើឱ្យសមភាគីចិន ពិនិត្យពិចារណាលើគម្រោងពាក់ព័ន្ធនឹងសន្តិសុខថាមពល ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ការជំរុញ និងការលើកទឹកចិត្តផ្នែកវិនិយោគ ការអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងការស្តារ និងជំរុញវិស័យទេសចរណ៍។ ឯកឧត្តមនាយករដ្ឋមន្ត្រី លី ឈាង បានអរគុណចំពោះការស្នើរបស់ សម្ដេចធិបតី និងរីករាយបន្តសហការ និងជំរុញអនុវត្តឱ្យចេញជាលទ្ធផលនូវគម្រោងទាំងនេះ។
ជាមួយនឹងស្មារតី និងការប្ដេជ្ញាពង្រឹងចំណងមិត្តភាព និងសាមគ្គីភាព រវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងប្រសើរឡើង, ប្រមុខរដ្ឋាភិបាលទាំងពីរបានឯកភាពគ្នា បន្តជំរុញកិច្ចសហប្រតិបត្តិការជាមួយគ្នា និងបន្តគាំទ្រ ព្រមទាំងជួយជ្រោមជ្រែងគ្នាទៅវិញទៅមក ក្នុងក្របខ័ណ្ឌតំបន់ និងសកលលោក។
មុននឹងបញ្ចប់, ឯកឧត្តមនាយករដ្ឋមន្រ្តី លី ឈាង បានបញ្ជាក់ជូន សម្ដេចធិបតី ជាថ្មីថា ចិនបន្តគាំទ្រ និងសហការជាមួយកម្ពុជាលើគ្រប់វិស័យ ដោយមិនមានការប្រែប្រួលឡើយ។
ជាទីបញ្ចប់, ឯកឧត្តមនាយករដ្ឋមន្រ្តី លី ឈាង បានជូនពរ សម្ដេចធិបតី និង គណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចផ្លូវការ ប្រកបដោយជោគជ័យ និងសូមធ្វើដំណើរមាតុភូមិនិវត្តន៍ប្រកបដោយសុខសុវត្ថិភាព៕