សម្តេចតេជោ ហ៊ុន សែន៖ «នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ធ្វើបានល្អលើសពីការគិតរបស់ខ្ញុំ, កូននាគរាជ ច្បាស់ជាមិនក្លាយទៅកូនកង្កែបនោះឡើយ»

(ភ្នំពេញ)៖ ស​ម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជា​ប្រធាន​គណបក្សប្រជាជនកម្ពុជា បានថ្លែងថា សម្តេចកំពុងសង្កេតមើលសកម្មភាពរបស់នាយក​រដ្ឋមន្ត្រីថ្មីទាំងក្នុង និងក្រៅប្រទេស។ សម្តេចតេជោ បានថ្លែងសរសើរថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើបានល្អលើសពីការគិតរបស់សម្តេច។

នៅលើបណ្តាញសង្គម Tik Tok ជាមួយនឹងការបង្ហោះវីដេអូសកម្មភាពសម្តេចធិបតី ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិននោះ សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចយ៉ាងដូច្នេះ «ត្រូវលោតទៅក្នុងទឹកទើបចេះហែលទឹក។ ខ្ញំកំពុងតាមសង្កេតមើលសកម្មភាពរបស់នាយករដ្ឋមន្ត្រីថ្មី ទាំងការងារក្នុងប្រទេស និងការងារក្រៅប្រទេស។ ដោយធ្លាប់អនុវត្តផ្ទាល់លើមុខដំណែងជានាយករដ្ឋមន្ត្រី អស់រយៈពេលជាង៣៨ឆ្នាំ ខ្ញុំអាចនិយាយបានថា នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ធ្វើបានល្អជាងការគិតទុករបស់ខ្ញុំទៅទៀត។ មិនមែននិយាយលើកសរសើរកូនខ្លួនឯងនោះទេ មុននេះខ្ញុំគិតថាត្រូវប្រើពេលប្រមាណ៣ខែទើប នាយករដ្ឋមន្ត្រីថ្មីអាចគ្រប់គ្រងលើការងារបានទាំងស្រុង»។

សម្តេចតេជោ បានបន្ថែមថា «ផ្ទុយពីការគិតរបស់ខ្ញុំ នាយករដ្ឋមន្ត្រីរូបនេះចេញដំណើរដោយការជឿជាក់គ្រប់គ្រងបានសភាពការលើគ្រប់ផ្នែក ទាំងតូចទាំងធំក្នុងប្រទេស និងឈានទៅសម្រេចបាននូវកិច្ចការបរទេស តាមរយៈវេទិកាអាស៊ាន និងដៃគូ និងដំណើរទស្សនកិច្ចផ្លូវការលើកដំបូង ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃនេះនិងត្រៀមខ្លួនចេញដំណើរទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ នាសប្តាហ៍ក្រោយ។ កូននាគរាជច្បាស់ជាមិនក្លាយទៅកូនកង្កែបនោះឡើយ»។

សាររបស់សម្តេចតេជោ ក៏បានរំលេចជាភាសាអង់គ្លេសផងដែរ៖ One must jump into the water to learn how to swim. I am observing the activities of the new prime minister, both in the country and abroad.

Having held the position of prime minister for more than 38 years, I can say that prime minister Hun Manet performed better than expected.

I am not speaking to praise my son. Before, I thought it would take about three months for the new prime minister to take full control of the work. Contrary to my thought, this prime minister has stated his journey with confidence, taking full control of works in all areas, both small and big tasks in the country and foreign affairs as reflected through ASEAN Summit and related meetings and the first official visit to the People’s Republic of China today; and prepares to attend the United Nations General Assembly next week. The child of the dragon will definitely not become a baby frog.

សូមបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំនាវាកម្ពុជា បានប្រមានជា​៣សប្តាហ៍​មកហើយ។ រយៈពេល៣សប្តាហ៍នេះ សម្តេចបានរំលេចនូវស្នាដៃចាត់ចែងការងារ​មួយចំនួននាំឱ្យមានការគាំទ្រគួរឱ្យកត់សម្គាល់។ ការងារក្នុងប្រទេសសម្តេចបានបង្ហាញការធ្វើ​កំណែទម្រង់ការតែងតាំងមន្ត្រីរដ្ឋបាលសាធារណៈ ហើយបានឆ្លើយតប និងដោះស្រាយបញ្ហា​អសកម្មមួយចំនួន​ពាក់ព័ន្ធនឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

ក្រៅពីនេះបេសកកម្មការងារក្រៅប្រទេសដំបូងរបស់សម្តេចនៅក្នុងប្រទេសឥណ្ឌូនេស៊ី ក៏មាន​ការ​វាយ​តម្លៃខ្ពស់លើនយោបាយការបរទេសរបស់សម្តេចក្នុងការកសាងមិត្តភាពជាមួយប្រទេស​ជាមិត្ត និងទាញយកប្រយោជន៍ផ្នែកសេដ្ឋកិច្ចសម្រាប់ជាតិ និងប្រជាពលរដ្ឋកម្ពុជា។ ដំណើរ​បេសក​កម្មការងារនោះ ទទួលបាននូវការសាទរយ៉ាងខ្លាំងពីប្រជាពលរដ្ឋខ្មែរ។

ពេលនេះសម្តេចធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន ដែលជាការបង្ហាញពីរបៀបនយោបាយការបរទេសមួយប្រកបដោយភាពឆ្លាតវៃ និងការទទួល​ខុស​ត្រូវខ្ពស់ ដើម្បីរក្សាបាននូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសចិន ដែលជាការបន្តរក្សានូវប្រវេណីទំនាក់ទំនងដែលបន្សល់ទុកដោយមេដឹកនាំកម្ពុជាជំនាន់មុន និងជាការធានារក្សាបាននូវផលប្រយោជន៍សម្រាប់ជាតិ និងប្រជាជនកម្ពុជា៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ