អ្នកនាំពាក្យរាជរដ្ឋាភិបាល ៖ នៅកម្ពុជាមិនមានវិបត្តិសិទ្ធិមនុស្សនិងមិនមានវិបត្តិសិទ្ធិពលរដ្ឋ ដូចការលើកឡើងរបស់អង្គការសិទ្ធិមនុស្ស អន្តរជាតិមួយចំនួននោះទេ

ភ្នំពេញ៖អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា នៅក្នុងប្រទេសកម្ពុជាមិនមានវិបត្តិសិទ្ធិមនុស្ស និងមិនមានវិបត្តិសិទ្ធិពលរដ្ឋ ដូចជាការលើកឡើងរបស់ក្រុមអង្គការសិទ្ធិមនុស្សអន្តរជាតិមួយចំនួនដែលបានស្នើទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការ សហប្រជាជាតិ​អនុម័តដំណោះស្រាយសំខាន់ៗ ដើម្បីឱ្យរដ្ឋាភិបាលកម្ពុជាដោះស្រាយវិបត្តិសិទ្ធិមនុស្សនោះទេ។

ឆ្លើយតបទៅនឹងការលើកឡើងរបស់អង្គការសិទ្ធិមនុស្សអន្តរជាតិមួយចំនួន ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែង​ប្រាប់ AMS នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣​នេះថា នៅក្នុងប្រទេសកម្ពុជាអត់មានវិបត្តិសិទ្ធិមនុស្ស អត់មានវិបត្តិសិទ្ធិពលរដ្ឋទេ។ ប្រជាពលរដ្ឋខ្មែរមានសិទ្ធិសេរីភាពពេញទីដែលធានាដោយរដ្ឋធម្មនុញ្ញមាត្រា ទី៤១ , មាត្រា៤១ចែងច្បាស់ថា ប្រជាពលរដ្ឋខ្មែរមាន​សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ មានសិទ្ធិសេរីភាពសារព័ត៌មាន មានសិទ្ធិសេរីភាពនៅក្នុងការបោះពុម្ពផ្សាយ និងសិទ្ធិសេរីភាពក្នុង ការជួបជុំ។ ប៉ុន្តែមាត្រាដដែលបានបញ្ជាក់ច្បាស់ថា ជនណាក៏ដោយមិនអាចឆ្លៀតប្រើសិទ្ធិនេះដោយរំលោភដែលធ្វើឱ្យ​ប៉ះពាល់កិត្តិយស​របស់អ្នកដទៃ ប៉ះពាល់ទៅដល់ទំនៀមទម្លាប់ល្អប្រពៃណីវប្បធម៌ជាតិ ហើយនឹងប៉ះពាល់ដល់សន្តិសុខសង្គម និងសណ្តាប់ធ្នាប់​សាធារណៈ​។ នេះគឺជាខ្លឹមសាររដ្ឋធម្មនុញ្ញមាត្រា ៤១ ។ ដូច្នេះបើសិនជាគ្រប់គ្នាអនុវត្តឱ្យបានការបញ្ចេញមតិ និងការប្រើប្រាស់សិទ្ធិដោយគោរពច្បាប់ គោរពអ្នកដទៃ មិនធ្វើឱ្យប៉ះពាល់ដល់អ្នកដទៃ។ គឺអត់មានអ្នកណាធ្វើទុក្ខបុកម្នេញអីទាំងអស់។

អ្នកនាំពាក្យដដែលបានបញ្ជាក់ថា “សព្វថ្ងៃនេះនៅក្នុងប្រទេសកម្ពុជាយើងរឿងធំមិនមែនខ្វះសិទ្ធិទេ ។រឿងធំ គឺមានសិទ្ធិពេញដៃ។ ប៉ុន្តែ​យើង​ប្រើប្រាស់សិទ្ធិខុស។យើងចេះតែប្រើប្រាស់សិទ្ធិរបស់ខ្លួនបំពានទៅលើអ្នកដទៃ។បំពានច្បាប់ ។ ត្រង់នឹងដែលជាចំណោទបញ្ហា។ ដូច្នេះ​ភាគីពាក់ព័ន្ធទាំងអស់រួមទាំងអង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិនឹងផងជួយបង្រៀនប្រជាពលរដ្ឋ ឬក៏ដូចជាសកម្មនយោបាយ​ទាំងឡាយ​ឱ្យយល់ច្បាស់ការប្រើប្រាស់សិទ្ធិសេរីភាពរបស់ខ្លួនតាមមាត្រា៤១ នៃរដ្ឋធម្មនុញ្ញ ។គឺប្រទេសជាតិយើងមានសុខសន្តិភាព មានសិទ្ធិសេរីភាព យ៉ាងពេញបរិបូរណ៍ដោយអត់មានអ្នកណារំខានទេ”៕ ដោយ៖ពលជ័យ

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...