សម្ដេចធិបតី ហ៊ុន ម៉ាណែត ស្នើលើកកម្ពស់កម្រិតនៃទំនាក់ទំនងកម្ពុជា-កូរ៉េ ឱ្យក្លាយទៅជា ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

FN- (ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើទៅភាគីកូរ៉េខាងត្បូង លើកកម្ពស់កម្រិតនៃទំនាក់ទំនងរវាងកម្ពុជា និងកូរ៉េខាងត្បូង ឱ្យក្លាយទៅជា ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
សំណើនេះបានធ្វើឡើង នៅវិមានសន្តិភាព នារសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងឱកាស សម្តេចធិបតី នាយករដ្ឋមន្ត្រី បានទទួលជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក គីម ជីន លូ (Kim Jin Pyo) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ។
តាមការប្រកាសរបស់អ្នកនាំពាក្យខុទ្ទកាល័យ សម្តេចនាយករដ្ឋមន្ត្រី បានឱ្យដឹងថា នៅក្នុងជំនួបនោះ សម្ដេចធិបតី និង លោក គីម ជីន លូ បានបន្តពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែម ចំពោះវិស័យយោធា សេដ្ឋកិច្ច និងការផ្សារភ្ជាប់រវាងប្រជាជន និងប្រជាជន។ ជាក់ស្ដែង សម្ដេចធិបតី បានស្នើ លើកកម្ពស់កម្រិតនៃទំនាក់ទំនងរវាងកម្ពុជា-កូរ៉េ ឱ្យក្លាយទៅជា ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងបាន ស្នើដល់ភាគីកូរ៉េពង្រីកបន្ថែមនូវទំនាក់ទំនងរវាងកងទ័ពនៃប្រទេសទាំងពីរ ដូចជា ដំណើរទស្សនកិច្ចរបស់កងនាវា នៃកងទ័ពជើងទឹកកូរ៉េ មកកាន់កម្ពុជាជាដើម។
សម្ដេចធិបតី ក៏បានឯកភាពតាមការលើកឡើងរបស់ លោក គីម ជីន លូ ក្នុងការជំរុញការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ក៏ដូចជាក្របខ័ណ្ឌពហុភាគីដទៃទៀត ដើម្បីជំរុញពាណិជ្ជកម្មនៃប្រទេសទាំងពីរ និងបានស្នើភាគីកូរ៉េបន្តផ្តល់ការគាំពារ និងពិចារណាបង្កើនកូតាដល់ ពលករកម្ពុជានៅប្រទេសកូរ៉េផងដែរ។
ក្រៅពីនេះ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពក្នុងការពង្រីកការផ្សារភ្ជាប់រវាង ប្រជាជន និងប្រជាជនដោយកម្ពុជាបន្តបង្ហាញជំហរគាំទ្របេក្ខភាពសាធារណរដ្ឋកូរ៉េ ក្នុងការធ្វើជាម្ចាស់ផ្ទះពិព័រណ៍ ពិភពលោកនៅទីក្រុងប៊ូសាន ឆ្នាំ២០៣០ និងបានស្នើកូរ៉េបន្តជួយកម្ពុជា ក្នុងវិស័យវិស្វកម្ម កសិកម្ម និងបច្ចេកវិទ្យា ទំនើបៗ ក៏ដូចជាការវិនិយោគលើសេដ្ឋកិច្ចបៃតង និងការបណ្តុះបណ្តាលវិជ្ជាជីវៈផងដែរ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ប្រធានក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តី បញ្ជាក់លម្អិតអំពីដំណើរអញ្ជើញចូលរួមកិច...

ឯកឧត្តម មាស សុភ័ណ្ឌ ប្រធានក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តី បានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន ស្តីពីដំណើរអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត