FN- (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ នៅវេលាម៉ោងជ១១យប់ ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្រោយបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី។
សូមបញ្ជាក់ថា តបតាមការអញ្ជើញរបស់លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី និងជាប្រធានអាស៊ាន នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធជាច្រើនទៀត។
កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ គឺជាវេទិកាដ៏មានសារៈសំខាន់សម្រាប់ប្រទេសតំបន់អាស៊ីអាគ្នេយ៍ និងដៃគូសន្ទនា ក្នុងការជជែកដោះស្រាយបញ្ហាទាំងឡាយ។ ជាពិសេសការស្វះស្វែងរកនូវកាលានុវត្តន៍ទាំងផ្នែកនយោបាយ សេដ្ឋកិច្ច និងបញ្ហាសង្គមដទៃទៀត ស្របតាមសសរស្តម្ភទាំង៣របស់អាស៊ានរួមមាន៖ សហគមន៍សន្តិសុខ-នយោបាយ, សហគមន៍សេដ្ឋកិច្ច និងសហគមន៍សង្គម-វប្បធម៌ ដែលមានទំនាក់ទំនង និងជះឥទ្ធិពលគ្នាទៅវិញទៅមក។
វេទិកាដ៏អឺងកងមុនដំណាច់ឆ្នាំនៅតំបន់អាស៊ាននេះ មានរយៈពេលខ្លី តែកិច្ចប្រជុំមានចំនួនច្រើន ជាហេតុនាំឱ្យមេដឹកនាំប្រទេសសមាជិកអាស៊ាន និងមេដឹកនាំប្រទេសដៃគូសន្ទនារបស់អាស៊ាន ជាពិសេសមេដឹកនាំតែប្រទេសសមាជិកអាស៊ានតែម្តង គឺមមាញឹករកពេលដូរអាវស្ទើរតែមិនទាន់នោះដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏ដូចជាមេដឹកនាំនៃបណ្តាប្រទេសសមាជិកអាស៊ានដទៃទៀតផងដែរ គឺមានភាពមមាញឹកខ្លាំងក្នុងរយៈពេលប្រមាណ៤ថ្ងៃនៅលើទឹកដីហ្សាកាតានេះ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមកិច្ចប្រជុំជាបន្តបន្ទាប់ដែលជារបៀបវារៈរបស់អាស៊ាន រួមមាន៖ ពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលចង្អៀតរបស់អាស៊ានលើកទី៤៣, ពិធីបើកវេទិកាអាស៊ាន-ឥណ្ឌូប៉ាស៊ីហ្វិក ដែលជាវេទិកាថ្មីសម្រាប់អាស៊ាន, កិច្ចប្រជុំកំពូលអាស៊ាន-ចិនលើកទី២៦, កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េលើកទី២៤, កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនលើកទី២៦, កិច្ចប្រជុំកំពូលអាស៊ានបូក៣ (ចិន ជប៉ុន កូរ៉េខាងត្បូង) លើកទី២៦, កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិកលើកទី១១, កិច្ចប្រជុំកំពូលអាស៊ានកាណាដា, កិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌាលើកទី២០, កិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៨, កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលីលើកទី៣, កិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិលើកទី១៣ និងពិធីបិទកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ រួមជាមួយការប្រគល់តំណែងប្រធានអាស៊ានទៅប្រទេសឡាវ។
ក្រៅតែពីការអញ្ជើញចូលរួមកិច្ចប្រជុំដែលជារបៀបវារៈរបស់អាស៊ានហើយនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសបង្ហាញមុខក្នុងបេសកកម្មការទូតលើកដំបូងក្នុងឋានៈជានាយករដ្ឋមន្ត្រីរបស់កម្ពុជា ក៏បានឆ្លៀតជួបជាមួយមេដឹកនាំប្រទេសសមាជិកអាស៊ាន និងមេដឹកនាំប្រទេសដៃគូសន្ទនារបស់អាស៊ានផងដែរ។ ជំនួបនេះ ជាការសម្តែងការគួរសម និងជាការស្វែង រកឱកាសពង្រីកកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងក្នុងឋានៈជាមេដឹកនាំថ្មីថ្មោងរបស់កម្ពុជា។
មេដឹកនាំរបស់អាស៊ានដែលមានវត្តមានចូលរួមកិច្ចប្រជុំនៅឥណ្ឌូនេស៊ី គឺត្រូវបានសម្តេចធិបតី ហ៊ុន ម៉ាណែត ជួបសម្តែងការគួរសម និងពិភាក្សាការងារទាំងអស់។ មេដឹកនាំអាស៊ានដែលសម្តេចធិបតីនាយករដ្ឋមន្ត្រី បានជួបដំបូងគេ គឺលោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី និងជាប្រធានអាស៊ាន។ បន្ទាប់មកជួបមេដឹកនាំអាស៊ានជាបន្តបន្ទាប់រួមមាន៖ ជួបពិសាអាហារ និងពិភាក្សាការងារត្រីភាគី ជាមួយលោក ផាម មីញជីញ នាយករដ្ឋមន្ត្រីវៀតណាម និងលោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ, ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក អាន់វ៉ា អ៉ីប្រាហ៉ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី, ជួបសម្តែងការគួរសម និងពិភាក្សការងារជាមួយលោក លី សៀនលុង នាយករដ្ឋមន្ត្រីសិង្ហបុរី, ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយព្រះចៅស៊ុលតង់ ហាជី ហាសាន់ណាល់ ប៊ូគីហ្សាស់ ព្រះមហាក្សត្រនៃប្រទេសព្រុយណេដារ៉ូសាឡឹម, ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ហ្វឺឌីណាន់ ម៉ាកូស (Ferdinand Romualdez Marcos Jr.) ប្រធានាធិបតីហ្វីលីពីន។
ក្រៅតែពីមេដឹកនាំប្រទេសសមាជិកអាស៊ាន សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក លី ឈាង នាយករដ្ឋមន្ត្រីចិន, លោក យូន សុក យ៉ល ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ, លោក គីស៊ីដា ហ្វឺមីអុ (KISHIDA Fumio ) នាយករដ្ឋមន្ត្រីជប៉ុន, លោក កៃ រ៉ាឡា ហ្សាណាណា ហ្គូសម៉ៅ (Kay Rala Xanana Gusmão) នាយករដ្ឋមន្ត្រីទីម័រខាងកើត, លោក ម៉ាក ប្រោន (Mark Brown) នាយករដ្ឋមន្ត្រីកោះឃុក, លោកសាស្រ្តាចារ្យ ក្លូស ស្វប់ ស្ថាបនិក និងជាប្រធានប្រតិបត្តិ នៃវេទិកាសេដ្ឋកិច្ចពិភពលោក និងលោក កៅ គឹមហួន អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាស៊ាន។
ក្រៅតែពីជួបសម្តែងការគួរសម និងពិភាក្សាការងារជាផ្លូវការហើយនោះ ក្នុងឱកាសចូលរួមកិច្ចប្រជុំ និងកម្មវិធីនានានៅទីក្រុងហ្សាកាតានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏មានឱកាសស្វាគមន៍លោកស្រី ខាម៉ាឡា ហារីស (Kamala Harris) អនុប្រធានធិបតីអាមេរិក, លោក អាន់តូនី អាល់បានីស (Anthony Albanese) នាយករដ្ឋមន្ត្រីអូស្ត្រាលី និងលោក ណារិនដ្រា ម៉ូឌី (Narendra Modi) នាយករដ្ឋមន្ត្រីឥណ្ឌាផងដែរ។
ក្រៅតែពីកម្មវិធីដែលបានរៀបរាប់ខាងលើហើយនោះ ពេលអញ្ជើញទៅដល់ថ្ងៃដំបូងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាគន្លឹះក្នុងកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានឆ្នាំ២០២៣។ សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា ក៏បានអញ្ជើញជាអធិបតីជាមួយប្រធានាធិបតីជាមួយលោកប្រធានាធិបតីហ្វីលីពិន ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាសម្រាប់ភាពជាដៃគូក្នុងការអភិវឌ្ឍកសិកម្ម និងសហគ្រាស មីក្រូ-ធុនតូច និងមធ្យមកម្ពុជា-ហ្វីលីពីនផងដែរ។ ពិធីនេះចុះហត្ថលេខារវាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន សម្រាប់កម្ពុជា ជាមួយលោក ចូហ្សេ ម៉ា អេ ខនសិបសិន (JOSE MA. A CONCEPCION III) ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន សម្រាប់ហ្វីលីន។ អនុស្សារណៈយោគយល់គ្នានេះ ផ្តោតជាសំខាន់លើការលើកកម្ពស់វិស័យកសិកម្ម និងការជំរុញកាលានុវត្តភាពកសិពាណិជ្ជកម្មប្រកបដោយចីរភាព។
ក្នុងបេសកកម្មការទូតជាលើកដំបូងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងវេទិកាអាស៊ាន បាននាំឱ្យមានការចាប់អារម្មណ៍ខ្ពស់ពីសាធារណៈមតិជាតិ និងអន្តរជាតិផងដែរ។ ចាប់អារម្មណ៍ក៏ព្រោះតែសម្តេចធិបតី ហ៊ុន ម៉ាណែត ជាមេដឹកនាំប្រទេសសមាជិកអាស៊ានថ្មី និងបង្ហាញវត្តមានលើកដំបូងក្នុងវេទិកាអាស៊ាន ហើយក៏ជាមេដឹកនាំដែលមានវ័យក្មេងជាងគេ ក្នុងចំណោមមេដឹកនាំអាស៊ាន និងមេដឹកនាំដៃគូសន្ទនារបស់អាស៊ាន។
តាមរយៈវេទិកានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញឱ្យឃើញពីឥរិយាបថនយោបាយការបរទេស និងជំហរនយោបាយនានាសម្រាប់បញ្ហាក្នុងតំបន់ ក៏ដូចជាលើឆាកអន្តរជាតិ តាមរយៈសុន្ទរកថាគន្លឹះរបស់សម្តេចក្នុងកិច្ចប្រជុំនានានោះ។ ក្នុងនោះតាមរយៈការថ្លែងសុន្ទរកថា ជាភាសាអង់គ្លេសក្នុងកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានឆ្នាំ២០២៣ បានធ្វើឱ្យប្រជាពលរដ្ឋខ្មែរ ជាពិសេសយុវវ័យកោតសរសើរ និងបង្ហាញពីមោទនភាពរបស់ពួកគេចំពោះសមត្ថភាពចំណេះដឹងផ្នែកភាសារបស់សម្តេចធិបតីប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
គេក៏អាចវាយតម្លៃពីសន្ទុះនៃការចាប់អារម្មណ៍របស់ប្រជាពលរដ្ឋខ្មែរ ចំពោះសកម្មភាពរបស់សម្តេចធិបតី តាមរយៈវីដេអូដែលផ្សព្វផ្សាយលើបណ្តាញផ្សព្វផ្សាយផងដែរ។ រាល់វីដេអូរបស់សម្តេចធិបតី និងលោកជំទាវជាភរិយា ចាប់តាំងពីពេលចេញដំណើរ រហូតដល់ចូលរួមកិច្ចប្រជុំនានានៅទីក្រុងហ្សាកាតា មានអ្នកចូលមើលច្រើន ហើយបានបញ្ចេញមតិយោបល់បង្ហាញពីការពេញចិត្ត ស្ញប់ស្ញែង និងកោតសរសើរសម្តេចធិបតីជាខ្លាំង។
ក្នុងនោះលោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបង្ហាញចំណាប់អារម្មណ៍ផ្ទាល់ខ្លួន រហូតប្រដូចសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាតារាមួយដួងដែលរះចិញ្ចែងចិញ្ចាចក្នុងវេទិកាអាស៊ានថែមទៀតផង។
លោក ប៉ែន បូណា បានគូសរំលេចថា ចំណុចដែលនាំឱ្យសម្តេចធិបតី ទទួលបានការទាក់ទាញដោយសារកត្តាចំនួន៤រួមមាន៖
ទី១៖ សម្តេចធិបតី ហ៊ុន ម៉ាណែត គឺជាអវតាររបស់សម្តេចតេជោ ហ៊ុន សែន ដែលជាតួអង្គអ្នកនយោបាយដ៏ល្បីល្បាញមួយរូបនៅកម្ពុជា ក៏ដូចជាក្នុងឆាកតំបន់និងអន្តរជាតិ។
ទី២៖ បុគ្គលិកលក្ខណៈដ៏ស័ក្តិសម ភាពស្រស់សង្ហា អាកប្បកិរិយា និងសីលធម៌ដ៏ល្អសមសួន ព្រមទាំងមានវ័យក្មេងជាងគេក្នុងចំណោមមេដឹកនាំឯទៀត គឺជាចំណុចទាក់ទាញមនុស្សគ្រប់គ្នាឱ្យសម្លឹងតួអង្គសម្តេចធិបតី ហ៊ុន ម៉ាណែត មិនដាក់ភ្នែក។
ទី៣៖ សមត្ថភាព និងភាពជឿជាក់លើខ្លួនឯង គឺជាចន្ទល់ដ៏រឹងមាំដែលធ្វើឱ្យសម្តេចធិបតីអាចបំពេញបេសកកម្មការទូតបានយ៉ាងល្អលើសពីការស្មាន សូម្បីតែជាការចាប់ផ្តើមលើកដំបូងក៏ដោយ។
ទី៤៖ មេដឹកនាំបន្តវេន និងវ័យក្មេងរបស់កម្ពុជា ក៏បានបង្ហាញឱ្យឃើញពីសមត្ថភាពការទូតដ៏ចំណានក្នុងកិច្ចចរចាជាអន្តរជាតិកម្រិតខ្ពស់ ដើម្បីចូលរួមក្នុងកិច្ចការសន្តិភាពសម្រាប់តំបន់ និងពិភពលោក ក៏ដូចជាការទាញយកផលប្រយោជន៍ជូនជាតិមាតុភូមិនិងប្រជាជន៕