ផ្សាយបន្តផ្ទាល់៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត អញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី នៅក្រុងតាខ្មៅ ខេត្តកណ្តាល

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ១រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង​ថ្ងៃ​ទី១ ខែកញ្ញា ឆ្នាំ២០២៣នេះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បន្តជួប​សំណេះ​សំណាលជាមួយកម្មករ និយោជិតសរុបជិត ២ម៉ឺននាក់ទៀត មកពីរោងចក្រ សហគ្រាស​​នានា​​នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។

លោកបណ្ឌិត ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដងថា ជំនួប​សំណេះសំណាលនាថ្ងៃនេះ មានកម្មករ និយោជិតចូលរួមសរុប ១៨,២៨៩នាក់។ ក្នុង​នោះ​​មានកម្មការិនីមានផ្ទៃពោះលើសពី៣ខែ ចំនួន ៦២៦នាក់។ លោកបណ្ឌិត ហេង សួរ បាន​ឱ្យ​ដឹងថា កម្មករ និយោជិតដែលមានចំនួនជិត ២ម៉ឺននាក់នេះ មកពីរោងចក្រ សហគ្រាស​ចំនួន​១៤ ដែលប្រតិបត្តិការអាជីវកម្មនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។ រោងចក្រ សហគ្រាសទាំង​១៤​នេះ មានរោងចក្រកាត់ដេរចំនួន៨, ផលិតស្បែកជើងចំនួន១, តម្បាញ​ចំនួន២ និងបោកគក់​​សម្លៀកបំពាក់ចំនួន៣។

លោករដ្ឋមន្ត្រីអតីតនិស្សិតអាហារូបករណ៍ពីប្រទេសជប៉ុនរូបនេះ បានឱ្យដឹងដែរថា បច្ចុប្បន្នខេត្ត​កណ្តាល​មានរោងចក្រ សហគ្រាសចំនួន៤៨៣ មានកម្មករ និយោជិតជាង ១៥ម៉ឺននាក់ ស្រូប​ទាញ​បានប្រាក់ឈ្នួលមធ្យមប្រមាណ ៤៧៣លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។

លោកបណ្ឌិត ហេង សួរ បានឱ្យដឹងផងដែរថា ក្នុងចំណោមរោងចក្រ សហគ្រាស៤៨៣នេះ មាន​រោងចក្រ សហគ្រាសក្នុងវិស័យកាត់ដេរចំនួន១៧១ មានកម្មករ និយោជិតជាង ១៣ម៉ឺន​នាក់ មានប្រាក់ឈ្នួលមធ្យមជាង ៤១១លានដុល្លារក្នុងមួយឆ្នាំ។ ខេត្តកណ្តាលជាខេត្តឈរ​លំដាប់​ទី៣ ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាសច្រើន។

នយោបាយបង្កើតការងារជូនប្រជាពលរដ្ឋ គឺជានយោបាយអាទិភាពមួយរបស់រាជរដ្ឋាភិបាល​ ដឹក​នាំ​ដោយគណបក្សប្រជាជនកម្ពុជាទាំងក្នុងអាណត្តិចាស់ និងអាណត្តិថ្មី។ ក្រោយបង្កើតរាជ​រដ្ឋា​ភិ​បា​លនីតិកាលថ្មីហើយភ្លាម ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានចាប់​យក​​​កម្ម​ករ និយោជិតក្នុងវិស័យឧស្សាហកម្មផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និង​ផលិត​​ផលិត​ផល​ធ្វើ​ដំណើរ​ និងកាបូបជាជំនួបសាធារណៈលើកដំបូង​របស់ឯកឧត្តមក្នុង​ឋានៈ​ជា​ប្រមុខ​រាជរដ្ឋា​ភិបាល​កម្ពុជា។ ជំនួបព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ គឺជាជំនួបលើកទី២ហើយ ក្នុងឋានៈឯកឧត្តមជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

ជំនួបលើកទី១ បានធ្វើឡើងកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍​សែន​ជ័យ រាជធានីភ្នំពេញ។ ជំនួបលើកទី១នោះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ា​ណែត បានថ្លែងបង្ហាញពីគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងនីតិកាលថ្មី ជាពិសេស​យុទ្ធ​សាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលជាយុទ្ធសាស្ត្រផ្តោតការយកចិត្តទុកដាក់ខ្ពស់លើ​កំណើន​ការងារ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។

ក្នុងជំនួបលើកដំបូងជាមួយកម្មករ និយោជិតក្នុងឋានៈជានាយករដ្ឋមន្ត្រីរបស់កម្ពុជា ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ាណែត បានចង្អុលបង្ហាញការងារអាទិភាពចំនួន៦ ជូនទៅក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈអនុវត្តន៍ឱ្យមានប្រសិទ្ធភាពខ្ពស់ក្នុងឆ្នាំ២០២៣នេះ។ ការងារ​ទាំង៦នោះ​រួម​មាន៖

១៖ ខិតខំសម្របសម្រួលការពិភាក្សាប្រាក់ឈ្នួលអប្បបរមាឱ្យបានល្អ ដោយឈរលើលក្ខណៈ​វិទ្យាសាស្ត្រ និងលក្ខណៈវិនិច្ឆ័យដែលមានចែងក្នុងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ឱ្យបានមុន​ពេល​ឈប់សម្រាកបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។

២៖ រៀបចំលិខិតបទដ្ឋានគតិយុត្តិជាបន្ទាន់ ដើម្បីត្រៀមដាក់ឱ្យដំណើរការរបប​សន្តិសុខ​សង្គម​ផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ដើម្បីជួយសម្រាលបន្ទុក ចំណាយផ្នែកថែទាំសុខភាពរបស់កម្មករនិយោជិត និងក្រុមគ្រួសារឱ្យ​បានលឿន និងត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់កម្មករនិយោជិត ព្រមទាំងបង្កើត​យន្ត​ការ​ងាយស្រួលសម្រាប់កម្មករនិយោជិតអាចចូលរួមជាមួយនឹងកម្មវិធីនេះ។

៣៖ រៀបចំដាក់ឱ្យដំណើរការកម្មវិធីបណ្ដុះបណ្តាលជំនាញ​បច្ចេកទេសវិជ្ជាជីវៈដល់​យុវជន​មក​ពី​គ្រួសារកីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសចំនួនប្រមាណ ១.៥លាននាក់ និង​សម្របសម្រួលជាមួយភាគីពាក់ព័ន្ធអនុញ្ញាតឱ្យកម្មករនិយោជិតអាចចូលរៀនជំនាញវិជ្ជាជីវៈផងដែរ ដើម្បីបង្កើនផលិតភាព ប្រសិទ្ធភាព ការងារនៅកន្លែងការងារ ដោយត្រូវរៀបចំវគ្គ​បណ្តុះ​បណ្តាលនៅវេនពេលយប់ ឬចុងសប្ដាហ៍។

៤៖ ត្រូវជំរុញការអនុវត្តកាតព្វកិច្ចហ្វឹកហ្វឺនកូនជាងឱ្យបានពេញលេញស្រប​តាមច្បាប់ស្តីពី​ការ​ងារ ដោយរួមបញ្ចូលកម្មវិធីហាត់ការ កម្មសិក្សា កម្មវិធីបង្កើនជំនាញ និងការរៀបចំ​ជំនាញ​ឡើង​វិញ ដោយលើកទឹកចិត្តវិស័យឯកជនចូលរួមអនុវត្តកាតព្វកិច្ច​ក្នុងការបណ្តុះបណ្តាល​កម្មករ​ និយោជិត និងផ្ដល់ការបណ្តុះបណ្តាលបន្ថែមដល់កម្មករនិយោជិតដែលកំពុងធ្វើការ ដើម្បីលើក​កម្ពស់សមត្ថភាពជំនាញ បង្កើនផលិតភាព និងលទ្ធភាពនៃការបង្កើនប្រាក់ឈ្នួល។

៥៖ យកចិត្តទុកដាក់ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្រ្តីមានផ្ទៃពោះ ទាំងមុន​ពេល​សម្រាល​កូន ពេលសម្រាលកូន និងក្រោយពេលសម្រាលកូនឱ្យបានល្អ និងកាន់តែមាន​ភាព​ងាយ​ស្រួល។ ហើយក៏ត្រូវធានាផងដែរថា ស្ត្រីមានផ្ទៃពោះ និងជនមានពិការភាព​បានចេញ​ធ្វើការមុន ១៥នាទី។

៦៖ បង្កើតឱ្យមានកម្មវិធីប្រកួតប្រជែងលើប្រធានបទ ភាពសុខដុមរមនានៅកន្លែងធ្វើការ ដើម្បីប្រែក្លាយសហគ្រាសមួយជាសហគមន៍សុខសាន្ដមួយ ចាប់ពីឆ្នាំ២០២៤នេះតទៅ។

សូមបញ្ជាក់ថា ក្រោមស្មារតីយកចិត្តទុកដាក់លើសុខទុក្ខ និងជីវភាពរបស់កម្មករ កម្មការិនី ជាពិសេស​ស្ត្រីមានផ្ទៃពោះនោះ។ នៅក្នុងខែសីហា ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលកម្ពុជា ទើប​នឹង​ចាប់ផ្តើមអនុវត្តន៍កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនកម្មការិនីមានផ្ទៃពោះ ចាប់ពី​ពេល​មានផ្ទៃ​ពោះ រហូតដល់កូនអាយុក្រោមពីរឆ្នាំ។ តាមរយៈកម្មវិធីជំនួយសង្គមនេះ កម្មការិនីម្នាក់​អាច​ទទួល​បានប្រាក់ឧបត្ថម្ភសរុបជាង ១លាន ១២ម៉ឺនរៀល ដោយបើកជា១៤លើក។ ៤លើក​បើក​មុន​​ពេលសម្រាលកូន ហើយ ១០លើកទៀត បើកក្រោយ​ពេលសម្រាលកូន។ ក្នុងមួយលើក​បើក​​​បាន ៨ម៉ឺនរៀល។

បន្ថែមពីលើនោះនៅពេលសម្រាលកូនកម្មករិនីម្នាក់ទទួលបានការឧបត្ថម្ភថវិកា ៨០ម៉ឺនរៀល សម្រាប់អ្នកកូនមួយ, ១លាន ពីរសែនរៀល សម្រាប់កូនភ្លោះពីរ និង ១លាន ៦សែនរៀល សម្រាប់កូនភ្លោះ៣។ សម្រាប់អ្នកកូនភ្លោះ៣ ក៏នឹងទទួលបានការ​ឧបត្ថម្ភដាច់ដោយ​ឡែកពី​សម្តេច​តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន ៥លានរៀល​ផង​ដែរ។

តាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់ទាំងនេះ គឺជាការស្តែងឱ្យឃើញយ៉ាងច្បាស់ពីការយកចិត្ត​ទុក​ដាក់​របស់រាជរដ្ឋាភិបាលកម្ពុជា ទៅសុខទុក្ខ និងជីវភាពកម្មករ និយោជិតក្នុងវិស័យឧស្សាហ​កម្ម​ផ្នែក​វាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និង​ផលិត​​ផលិត​ផល​ធ្វើ​ដំណើរ​ និងកាបូប៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ