ផ្សាយបន្តផ្ទាល់៖ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានសព្វព្រះរាជហឫទ័យ ស្ដេចយាងជាព្រះរាជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពីធីបើកសម័យប្រជុំជាលើកដំបូងរបស់រដ្ឋសភានីតិកាលទី៧

(ភ្នំពេញ)៖ សម័យប្រជុំដំបូងរបស់រដ្ឋសភា សម្រាប់នីតិកាលទី៧ ធ្វើឡើង ព្រឹកថ្ងៃ​ចន្ទ​ ៥កើត ខែ​​ស្រា​ពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ២១​ ខែសីហា ឆ្នាំ២០២៣ នៅ​វិមា​ន​រដ្ឋស​ភា ក្រោមព្រះរាជ​អធិប​តីភាព​ដ៏ខ្ពង់​ខ្ពស់​បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

សម័យប្រជុំនេះ គឺជាព្រឹត្តការណ៍ដ៏សំខាន់ ដោយអនុវត្តតាមរដ្ឋធម្មនុញ្ញ និង​ច្បាប់​ប្រទេស ក្រោយពេលដែល កម្ពុជារៀប​ចំការ​បោះឆ្នោត​ជាតិ​ជ្រើស​តាំង​តំណាង​រាស្រ្ត អាណត្តិទី៧ ប្រកបដោយភាពជោគជ័យ ហើយ​ព្រះករុណា​ជាអ​ម្ចាស់​ជីវិតតម្កល់លើត្បូង ព្រះអង្គទ្រង់​បានចេញ​ព្រះរាជ​សារ​អញ្ជើញ​តំណាង​រាស្ត្រជាប់ឆ្នោតទាំងអស់ ឱ្យចូលរួមប្រជុំ​នៅថ្ងៃ​ដំបូង​​នេះក្នុង​នោះមាន​តំណាង​រាស្ត្រជាប់ឆ្នោតមកពីគណបក្សប្រជាជនកម្ពុជា​១២០រូប និងមកពីគណបក្សហ៊្វុនស៊ិនប៉ិចចំនួន៥រូប។

យោង​ទៅតាមកម្មវិធីដែលជូនដំណឹងរបស់រដ្ឋសភា បានឱ្យដឹងថា សម្រាប់​សម័យ​ប្រជុំ​លើក​ដំបូងនៃរដ្ឋសភា នីតិកាលទី៧ នឹងចាប់ផ្តើមនៅម៉ោង៨ព្រឹក ក្រោមព្រះរាជ​អធិបតីភាព​ព្រះមហាក្សត្រ ហើយបន្ទាប់មកមានការថតរូបអនុស្សាវរីយ៍ នៅខាង​មុខរ​ដ្ឋ​សភា។ បន្ទាប់មក រដ្ឋសភា នឹងបើកសម័យប្រជុំលើកទី១ នីតិកាលទី៧ ក្រោម​អធិ​បតីភាព​របស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ព្រឹទ្ធសមាជិករដ្ឋសភា ដើម្បី​សម្រេច​អំពីសុពលភាពនៃអាណត្តិរបស់សមាជិកនីមួយៗ និង​អនុម័ត​បទ​បញ្ជា​ផ្ទៃក្នុង​នៃ​រដ្ឋសភា នីតិកាលទី៧។ ដោយឡែកពេលរសៀល តំណាង​រាស្ត្រ​ដែល​ប្រកាស​សុពល​ភាព​ទាំងអស់ នឹងយាង និងអញ្ជើញទៅស្បថនៅព្រះបរមរាជវាំង។

សម្រាប់​កម្មវិធីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ រដ្ឋសភានឹងបន្តសម័យប្រជុំលើកទី១ លើរបៀបវារៈចំនួន១ គឺបោះឆ្នោតជាកញ្ចប់ជ្រើសរើសក្បាលម៉ាស៊ីនរដ្ឋសភា, ក្បាល​ម៉ាស៊ីន​គណៈកម្មការទាំង១០ និងក្បាលម៉ាស៊ីនរាជរដ្ឋាភិបាល។

បើយោង​តាមសេចក្តីជូនដំណឹង របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ការប្រារព្ធ​ពិធីបើក​សម័យ​ប្រជុំដំបូង ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះមហាក្សត្រ​នឹង​មាន​ការ​អញ្ជើញឥស្សរជនជាន់ខ្ពស់ អង្គទូតប្រចាំព្រះរាជាណាចក្រកម្ពុជា និង​តំណាង​អង្គការក្រៅរដ្ឋាភិបាលមួយចំនួនចូលរួមជាកិត្តិយសផងដែរ។

ក្បាលម៉ាស៊ីនរដ្ឋសភា និងរាជរដ្ឋាភិបាល អាណត្តិថ្មី ក៏ត្រូវបានបង្ហើបរួចផងដែរ ដោយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជាគណបក្សឈ្នះឆ្នោត ក្នុងនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ត្រូវបានគាំទ្រដោយសមាជិកអចិន្ត្រ្តៃយ៍បក្ស ឲ្យធ្វើជាប្រធានរដ្ឋសភា។ ចំណែកឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានគាំទ្រឱ្យធ្វើជានាយករដ្ឋមន្ត្រី បន្តពីសម្តេចតេជោ ហ៊ុន សែន ដែលនឹងទៅកាន់តំណែងប្រធានព្រឹទ្ធសភា នៅពេលខាងមុខ។

រដ្ឋសភា និងរាជរដ្ឋាភិបាល នីតិកាលទី៧ គឺជារបត់នយោបាយថ្មីរបស់កម្ពុជា ដែលមានការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រ ដែលគណបក្សប្រជាជនកម្ពុជា ជាបក្សកាន់តំណែង៦អាណត្តិ កន្លងមក ចាត់ទុកថា ជាការផ្លាស់ប្តូរដើម្បីបន្តធានាដល់ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា រយៈកាលយូរអង្វែង៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ