សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារតាមប្រព័ន្ធទូរស័ព្ទ ជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី

នៅរសៀលថ្ងៃទី១១ ខែសីហា  ឆ្នាំ២០២៣នេះ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម ចូកូ វីដូដូ (Joko Widodo) ប្រធានាធិបតីនៃប្រទេសឥណ្ឌូនេស៊ី ដែលជំនួបនេះ ធ្វើឡើងតាមប្រព័ន្ធទូរស័ព្ទ។

បើតាមឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា នៅក្នុងជំនួបតាមទូរស័ព្ទនេះ ឯកឧត្តមប្រធានាធិបតីឥណ្ឌូនេស៊ី ក៏បានសម្តែងការអបអរសាទរយ៉ាងក្រៃលែង ជូនសម្តេចតេជោ ដែលទទួលបានជោគជ័យលើការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ កាលពីថ្ងៃទី២៣ ខែកក្កដា កន្លងទៅនេះ។ឯកឧត្តមប្រធានាធិបតី បានបង្ហាញការកត់សម្គាល់ថា ការបោះឆ្នោតនេះ បានប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ ប្រកបដោយសន្តិសុខសណ្តាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា។

កិច្ចសន្ទនាក៏បានផ្ដោតទៅលើ ការយកចិត្តទុកដាក់ទៅលើបញ្ហាសន្តិសុខស្បៀង ដែលក្នុងនោះឯកឧត្តមប្រធានាធិបតីឥណ្ឌូនេស៊ីបានបញ្ជាក់នៅបំណងក្នុងការនាំអង្ករចេញពីកម្ពុជា ហើយនៅពេលដែលខ្លីខាងមុខនេះឯកឧត្តមសូមអនុញ្ញាតពីសម្ដេចតេជោ ដើម្បីបញ្ជូនប្រតិភូមកពិភាក្សាលើករណីនេះផងដែរ។

ឯកឧត្តមប្រធានាធិបតីឥណ្ឌូនេស៊ី បានគូសបញ្ជាក់ថា រូបឯកឧត្តមទន្ទឹងរង់ចាំដោយក្តីសោមនស្សរីករាយ បំពេញការងារនានាជាមួយ​ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីរបស់​កម្ពុជា​ក្នុងអាណត្តិថ្មី នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ​ដែល​ធ្វើឡើងនៅប្រទេសឥណ្ឌូនេស៊ី ដោយសារ ចុងឆ្នាំ២០២៣នេះ ប្រទេសឥណ្ឌូនេស៊ី នឹងរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធតាមទម្លាប់របស់អាស៊ាន។ ក្នុងកិច្ចប្រជុំកំពូលនោះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា នឹងដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំកំពូលដ៏មានសារៈសំខាន់មួយនេះផងដែរ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងអំណរគុណចំពោះឯកឧត្តមប្រធានាធិបតីឥណ្ឌូនេស៊ី ដែលបានវាយតម្លៃខ្ពស់ចំពោះការបោះឆ្នោតនៅកម្ពុជាកន្លងទៅថ្មីៗនេះ។ សម្តេចតេជោក៏បានមានប្រសាសន៍ថាកម្ពុជា នឹងស្វាគមន៍ចំពោះប្រតិភូឥណ្ឌូនេស៊ីដែលនឹងមកកម្ពុជានៅពេលខាងមុខ ក្នុងការពិភាក្សាលើការនាំអង្ករចេញពីកម្ពុជា។ សម្ដេចតេជោបានមានប្រសាសន៍លើកឡើងអំពីលទ្ធភាពដែលអ្នកវិនិយោគឥណ្ឌូនេស៊ីអាច ដាក់ទុន 100% នៅកម្ពុជាលើការបង្កើតជារោងម៉ាស៊ីនកិនស្រូវ ឃ្លាំងស្តុក និងបណ្ដាញទិញ ស្រូវពីប្រជាកសិករ ដើម្បីធានាស្ថិរភាពសម្រាប់ការនាំចេញនាពេលខាងមុខ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្រង់ខ្លឹមសារប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងក្នុងសេចក្តីថ្លែងការណ៍រួមជាមួ...

នុងដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសម៉ាឡេស៊ីនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា