សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី កីឡាករ/ការិនី ដែលបានចូលរួមក្នុងឱកាសនេះ!
ខ្ញុំមានសេចក្ដីសប្បាយរីករាយដែលថ្ងៃនេះ ខ្ញុំបានធ្វើកិច្ចការដែលខ្ញុំធ្លាប់បានធ្វើកន្លងទៅ គឺការជូនដំណើរកីឡាករ/ការិនីរបស់យើងដើម្បីចេញទៅប្រកួត។ ការខុសគ្នានៅត្រង់ថា មុននេះគឺជួបជុំគ្នាមុនពេលចេញទៅប្រកួតគឺអ្នកទាំងអស់គ្នាចេញទៅក្រៅប្រទេស។ តែខ្ញុំគិតថាការជូនដំណើរនៅវិមានសន្ដិភាពសម្រាប់ការចេញទៅប្រកួតគឺវាជាការជូនដំណើរមួយសម្រាប់ការធ្វើដំណើរទៅកាន់ទីកន្លែងដែលខ្លួនត្រូវប្រកួត។
(១) ធ្វើប្រធានប៉ារ៉ាអូឡាំពិក លើកទឹកចិត្តជនពិការ
ខ្ញុំមានការសប្បាយរីករាយ ដោយអ្នកទាំងអស់គ្នាដឹងថា ប៉ារ៉ាអូឡាំពិកដែលអ្នកទាំងអស់គ្នាជាសមាជិក តើប្រធានជាអ្នកណា? គឺអ្នកកំពុងនិយាយនេះឯង។ ខ្ញុំធ្លាប់បានពន្យល់ហើយថា មូលហេតុដែលខ្ញុំទទួលយកនូវតួនាទីនេះ គឺខ្ញុំចង់លើកទឹកចិត្តនិងការផ្ដល់នូវការប្ដេជ្ញាចិត្តសម្រាប់ជនពិការទាំងអស់។ យើងពិការរាង្គកាយ ពិការផ្នែកនេះឬពិការផ្នែកនោះ ក៏ប៉ុន្ដែយើងមិនបានពិការផ្លូវចិត្តទេ។ ខ្ញុំនៅតែចាត់ទុកខ្លួនឯងជាជនពិការម្នាក់ ក៏ប៉ុន្ដែខ្ញុំអាចធ្វើអ្វីៗបាន រាប់ទាំងកាន់តំណែងជានាយករដ្ឋមន្ដ្រីដែលយូរជាងគេនៅលើពិភពលោក។ អញ្ចឹងអ្នកទាំងអស់គ្នាក៏មានលទ្ធភាពដើម្បីធ្វើកិច្ចការនេះកិច្ចការនោះ។ អ្នកទាំងអស់គ្នាបានធ្វើកិច្ចការដ៏ល្អក្នុងវិស័យកីឡាតាំងពីការកកើតនៅឆ្នាំ១៩៩៧ រហូតមកដល់ពេលនេះ។ ខ្ញុំសូមអរគុណឯកឧត្តម យី វាសនា ដែលបានធ្វើកិច្ចការដ៏ល្អជំនួសឲ្យខ្ញុំ។ ខ្ញុំមិនមានពេលវេលាគ្រប់គ្រាន់ដើម្បីនឹងគ្រប់គ្រងនិងធ្វើការនេះទេ។
(២) ចាយតិច តែបានផលលើសពីការគិតទុក
ខ្ញុំក៏អរគុណផងដែរ រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាប្រធានគណៈកម្មាធិការអូឡាំពិកកម្ពុជា ដែលបានផ្ដល់នូវការគាំទ្រ ជាពិសេសរយៈពេលនៃការហ្វឹកហាត់កន្លងទៅនេះ។ ខ្ញុំបានឃើញសកម្មភាពជួយផ្សព្វផ្សាយនានាតាមបណ្ដាស្ថានីយទូរទស្សន៍ឬអនឡាញ ពាក់ព័ន្ធនឹងការហ្វឹកហាត់របស់កីឡាករ/ការិនី ដើម្បីត្រៀមប្រកួតក្នុងក្របខណ្ឌអាស៊ានប៉ារ៉ាហ្គេមផង និងក្នុងក្របខណ្ឌក្នុងឋានៈយើងជាម្ចាស់ផ្ទះផង។ ខ្ញុំគួរតែរំលេចបន្ដិចអំពីស្ថានភាពរួមរបស់យើងទាក់ទិននឹងកីឡាដែលយើងបានធ្វើក្នុងរយៈពេលកន្លងទៅនេះ។ សម្ដេចពិជ័យសេនា ទៀ បាញ់ បានធ្វើការបូកសរុបវាយតម្លៃមួយល្អណាស់ ដែលខ្ញុំបានពិនិត្យកាលពីម្សិលមិញនេះ អំពីផលប្រយោជន៍ដែលយើងទទួលបាន។ យើងមានការចំណាយ(ក្នុងាររៀបចុះ) ហើយចំណាយនេះវាទាបជាងប្រទេសដទៃឆ្ងាយណាស់ ប៉ុន្ដែយើងទទួលបានលទ្ធផលលើសពីអ្វីដែលយើងបានគិតទុក។
(៣) រៀបចំហេដ្ឋារចនាសម្ព័ន្ធកីឡាផ្នែករឹងនិងផ្នែកទន់ ទុកអោយកូនចៅប្រើប្រាស់រយៈពេលវែង
ហេដ្ឋារចនាសម្ព័ន្ធផ្នែករឹង និងផ្នែកទន់ត្រូវបានពង្រឹងយ៉ាងខ្លាំង មូលដ្ឋានប្រកួតកីឡារបស់យើងត្រូវបានរៀបចំមិនមែនសម្រាប់តែស៊ីហ្គេម ២០២៣ នេះទេ ខ្ញុំគិតថា អ្វីដែលយើងបានរៀបចំឡើងនេះ គួបផ្សំនឹងសមិទ្ធផលពីអតីតកាល យើងនឹងផ្ដល់ទុកឲ្យកូនចៅយើងក្នុងរយៈពេលវែង។ ផ្នែករឹងត្រូវបានរៀបចំដ៏ល្អ។ ខ្ញុំជឿថា នៅពេលខាងមុខ មូលដ្ឋានសម្រាប់ការប្រកួតនឹងបន្ដការរៀបចំតទៅទៀតទៅតាមការចាំបាច់ និងការរីកធំធាត់នៃវិស័យកីឡារបស់យើង។ ឯផ្នែកទន់យើងទទួលបានធំណាស់។ ខ្ញុំបាននិយាយថាលុយកាក់អាចចាយអស់ ប៉ុន្ដែកេរ្ដិ៍ឈ្មោះកម្ពុជាចាយមិនអស់ទេ។ យើងរក្សាទុកឲ្យជាតិយើង ឲ្យកូនចៅយើង រាប់សិបរាប់រយឆ្នាំទៅទៀត ថាស៊ីហ្គេមនៅកម្ពុជា បានធ្វើកំណែទម្រង់ក្នុងចក្ខុវិស័យមួយជំរុញសមាហរណកម្មក្នុងក្របខណ្ឌអាស៊ាន ដែលយើងនិយាយតាមមួយបែបថា ធ្វើដោយមិនគិតលុយលើការចំណាយអ្វីទាំងអស់សម្រាប់អ្នកចូលរួម។
(៤) ប៊ូ សំណាង ទាញទឹកចិត្តប្រជាជនកម្ពុជានិងពិភពលោក
ស៊ីហ្គេមនៃប្រទេសកម្ពុជាក្លាយជាប្រធានបទដែលគេយកចិត្តទុកដាក់នៃក្បាលម៉ាស៊ីននៃសារព័ត៌មានធំៗរាប់ទាំង CNN, New York Times … សារព័ត៌មាន South China Morning Post, Channel News Asia និងសារព័ត៌មានធំៗផ្សាយល្អៗពីកម្ពុជា។ ភាពលេចធ្លោដែលអស្ចារ្យនោះគឺកីឡាការិនី ប៊ូ សំណាង បើទោះបីមិនជាប់មេដាយមាស ប៉ុន្ដែគាត់ជាប់មេដាយថ្នាក់ពិភពលោក សម្រាប់ប្រជាជនពិភពលោកតែម្ដង។ បើយើងពិនិត្យមើលជំនាន់ World Cup នៅ Qatar អ្នកដែលល្បីឈ្មោះជាងគេគឺ Messi មកពីក្រុមអាហ្សង់ទីន ដែលទទួលបានពានរង្វាន់។ ប៉ុន្ដែ Messi ល្បីឈ្មោះយូរហើយ។ ប៊ូ សំណាង ក៏ចាប់ផ្ដើមមានឈ្មោះល្បី បើប្រៀបធៀប Messi ដែលល្បីយូរហើយ និងកម្រិតពិភពលោកនៃកីឡាបាល់ទាត់។ ប៊ូ សំណាង ចាប់ផ្ដើមមានកេរ្ដិ៍ឈ្មោះល្បីដែលអាចទាញទឹកចិត្តប្រជាជនកម្ពុជាផងនិងទឹកចិត្តពិភពលោកផង។
(៥) ធ្វើជាម្ចាស់ផ្ទះជាមួយភាពអស្ចារ្យនិងបង្កើននូវសមត្ថភាពកីឡាឡើងបានមួយកម្រិត
នេះជាភាពអស្ចារ្យដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ យើងរៀបចំបដិសណ្ឋារកិច្ចបានយ៉ាងល្អ ក្នុងនោះក៏មានការបង្កើននូវសមត្ថភាពនៃកម្រិតកីឡារបស់យើងឲ្យឈានឡើងមួយកម្រិតទៀត។ ទោះបីថាយើងជាម្ចាស់ផ្ទះក៏ដោយ កម្រិតដែលយើងទទួលបានមេដាយក្នុងរយៈពេលកន្លងទៅក៏នៅតែចាញ់មួយគគោក។ ខ្ញុំចាំមិនច្បាស់ទេ មានបងប្អូននៅអាមេរិកគេវាយសារមកខ្ញុំថា “សម្តេច! ទៅលាក់លួចកសាងកងទ័ពកីឡានៅកន្លែងណា? យកចេញមកប្រកួត”។ ហ្នឹងគឺការបង្ហាញពីការភ្ញាក់ផ្អើលរបស់បងប្អូនខ្មែរយើងនៅក្រៅប្រទេស ដែលគេអត់នឹកស្មានថាយើងមានអ្នកកីឡាដែលមានលំដាប់កម្រិតប៉ុណ្ណឹងទេ។ អញ្ចឹងបានជាគ្នាលើកជាបញ្ហាឡើង ក្នុងកម្រិតនៃការលើកទឹកចិត្តទេ។ តើសម្តេចទៅលួចកសាងទ័ពកីឡានៅកន្លែងណា ដើម្បីចេញមកប្រកួតនេះ?
(៦) ធ្វើវីដេអូតាមវិញ្ញាសាមួយៗ ធ្វើចម្លាក់ទាំងស៊ីហ្គេមនិងប៉ារ៉ាហ្គេមនៅវិមានឈ្នះឈ្នះ
មានរឿងល្អៗច្រើនណាស់ ដែលខ្ញុំយល់ថា យើងត្រូវតែកត់ត្រាទុកនៅក្នុងប្រវត្តិនៃស៊ីហ្គេម និងប៉ារ៉ាហ្គេមនៅកម្ពុជា។ ខ្ញុំបានផ្តល់នូវយោបល់សម្រាប់ការរៀបចំ យើងត្រូវធ្វើជាវីដេអូតាមវិញ្ញាសាមួយៗ យើងធ្វើជាវីដេអូរួម ហើយយើងត្រូវចម្លាក់ទុកនៅវិមានឈ្នះឈ្នះ។ អញ្ចឹងសុំធ្វើជាមតិថា នៅវិមានឈ្នះឈ្នះ ក្រៅពីដែលទាក់ទងជាមួយស៊ីហ្គេមលើកទី៣២ ក៏ត្រូវរៀបចំកន្លែងទីធ្លាសម្រាប់ប៉ារ៉ាហ្គេមផងដែរ នៃកន្លែងនៃការប្រកួត។ យើងធ្វើយ៉ាងដូច្នេះ ចាស់ៗជំនាន់មុន គឺឆ្លាក់ទុកសម្រាប់ឲ្យក្មេងជំនាន់ក្រោយមើល ថតទុកសម្រាប់ឲ្យអ្នកជំនាន់ក្រោយមើល។ ឯយើងក៏ត្រូវធ្វើដូចគ្នា ដើម្បីទុកឲ្យអ្នកជំនាន់ក្រោយមើល បានដឹងបានយល់ បានមោទនភាពអំពីដូនតារបស់ខ្លួនដែលបានខិតខំប្រឹងប្រែងធ្វើអំពីកិច្ចការងារនេះ។
(៧) មនុស្សខ្លះមើលមិនឃើញសមិទ្ធផលជាតិ ក្នុងការរៀបចំកីឡា
ខ្ញុំគិតថាយើងបានធ្វើកិច្ចការដ៏ល្អ។ យើងឧទ្ទិសនូវអ្វីដែលបានកើតនៅក្នុងប្រទេសរបស់យើង ជូនចំពោះជនរួមជាតិទាំងអស់ ដែលបានផ្តល់នូវការគាំទ្រ លើកលែងតែមនុស្សមួយក្បាលពីរក្បាល និយាយតាមបែបអញ្ចឹង។ តិរច្ឆានហៅក្បាល គឺវាមិនអាក្រក់ពេកទេ ដែលមើលមិនឃើញអំពីសមិទ្ធផលរបស់ជាតិ។ សម្រាប់ប្រជាជនគឺមនុស្សច្រើនណាស់ដែលទទួលយកនូវមោទនភាពជាតិ។ បើទោះបីជាគាំទ្រក្រុមប្រឆាំង ក៏នៅតែទទួលស្គាល់ថា នេះជាសមិទ្ធផលរបស់ជាតិសាសន៍របស់ខ្លួន។ គេមិនហ៊ាននិយាយ ខ្លាចថានិយាយទៅ វាដូចជាផ្តល់ការគាំទ្រសម្រាប់គណបក្សប្រជាជនដឹកនាំរាជរដ្ឋាភិបាល ប៉ុន្តែបញ្ហាវិស័យកីឡានេះជាបញ្ហាជាតិ វាអត់មានអីខុសទេ។ ក៏ប៉ុន្តែក៏ល្អម្យ៉ាងដែរ ដែលគេមិនបានផ្ញើសារជូនពរ។
(៨) ភាពចង្អៀតចង្អល់នៃក្រុមប្រឆាំងជាចំណុចខ្លាំងរបស់គណបក្សប្រជាជននិងរាជរដ្ឋាភិបាល
គេមិនបានផ្ញើសារជូនពរ ឧទាហរណ៍ថា ប៊ូ សំណាង … និយាយរួមតាមមួយបែបទៅ ស្រុកខ្មែរពួកប្រឆាំងល្ងង់ណាស់ អត់ចេះចែកយកសមិទ្ធផល។ បើសិនជាពេលហ្នឹង ពួកប្រឆាំងចេះផ្ញើសារជូនលើកទឹកចិត្តចំពោះ ប៊ូ សំណាង … ប៉ុន្តែយើងកុំបង្រៀន។ បើវាល្ងង់ហើយ ឲ្យវាល្ងង់មួយជាតិទៅ។ វាមានអីខុស ប៉ុន្តែពួកប្រឆាំងគេធ្វើអញ្ចឹងឯង។ យើងដាក់ប្រាសាទព្រះវិហារចូលទៅបេតិកភណ្ឌពិភពលោក គេមិនត្រឹមតែមិនអបអរសាទរទេ គេលើកអំពីបញ្ហាឯណាឯណោះទៅវិញ។ អាហ្នឹងបេតិកភណ្ឌពិភពលោក មិនមែនជារបស់គណបក្សប្រជាជនឯណា។ អាហ្នឹងរបស់រួម ម៉េចក៏សាទរមិនបាន។ យើងដាក់ទៅជាសម្បត្តិបេតិកភណ្ឌពិភពលោក ទាំងរូបីនិងអរូបី ប៉ុន្តែពួកគេមិនដែលអបអរសាទរទេ។ គេខ្លាចអបអរសាទរទៅជាការលើកកម្ពស់នៃតម្លៃរបស់គណបក្សប្រជាជន។ ខ្ញុំគិតថា ភាពចង្អៀតចង្អល់បែបនេះ វាជាចំណុចខ្លាំងរបស់យើងទៅវិញទេ យើងក៏មិនមែនអង្វរករទៅឲ្យគេសរសើរយើងដែរ។
(៩) ស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេម ជាកាតព្វកិច្ចរដ្ឋសមាជិកអាស៊ាន
មានអ្នកណានោះគេក៏អបអរសាទរមួយដែរ។ ឃើញអ្នកណា? តែមិនមែននៅក្រុមអ្នកគាំទ្រទេ នៅក្រុមប្រឆាំង ដូចជាគេថ្លែងអបអរសាទរចំពោះក្រុមបាល់ទះរបស់កម្ពុជាដែលប្រកួតឈ្នះហ្វីលីពីន ៣-០ និងសាំងហ្គាពួរ ៣-០។ ឃើញគេអបអរសាទរដែរ។ ចេះគ្រាន់បើ។ ក្រៅពីនោះ ល្ងង់គត់តែម្តង។ វាសុទ្ធតែថាឯងចាយលុយខ្ជះខ្ជាយណាស់ ត្រូវយកទៅជួយប្រជាជន។ វាអត់ដឹងថា ស៊ីហ្គេម ឬអាស៊ានប៉ារ៉ាហ្គេម វាជាកាតព្វកិច្ចរបស់រដ្ឋសមាជិក(អាស៊ាន)។ អញ្ចឹងបានថា បើវាល្ងង់ឲ្យវាល្ងង់មួយជីវិតទៅចុះ … អាយុរបស់ពួកអ្នកឯងក៏មិនមែននៅតែត្រឹមប៉ុណ្ណឹងទេ។ ទាំងអាយុរបស់យើងនៅទីនេះក៏អញ្ចឹងដែរ វារំកិលទៅមុខហើយ វាមិនថយក្រោយទេ មួយឆ្នាំបូកម្តងៗ។ ប៉ុន្តែស្រេចតែយើងធ្វើមិនដឹង លាបសក់ឲ្យតែខ្មៅទៅ ក្មេងដូចតែគ្នា ប៉ុន្តែអ្នកខ្លះលាបសក់ខ្មៅ តែមុខជ្រួញ វាមិនដឹងធ្វើម៉េច។
(១០) កីឡាករ/ការិនីពិការ បញ្ជូនទៅប្រកួតតិច តែទទួលបានមេដាយមាសច្រើន
អបអរសាទរសាជាថ្មីទៀតចំពោះកីឡាករ/ការិនី ដែលទទួលមេដាយជូនជាតិ។ សង្ឃឹមថាអ្នកដែលមិនទាន់ទទួលមេដាយនឹងធ្វើបន្ត។ ជម្រើសជាតិរបស់យើងកាន់តែប្រសើរ តាំងពីយើងចាប់ផ្តើមផ្ដល់ប្រាក់សម្រាប់ការហ្វឹកហាត់ក្នុងក្របខណ្ឌជម្រើសជាតិកីឡារបស់យើងឡើង។ ឥឡូវនេះ មានការសង្ឃឹមច្រើនលើក្មួយៗដែលចេញទៅប្រកួតនៅពេលនេះ។ កីឡាករ/ការិនីរបស់យើង ខ្ញុំមានសង្ឃឹមច្រើន។ កន្លងទៅ យើងបញ្ជូនចេញទៅតិច ប៉ុន្តែយើងបានទទួលមេដាយមាសច្រើន។ ឥឡូវដូចដែលឯកឧត្តម យី វាសនា បានលើកអញ្ចឹងអ្នកមេដាយមាស ត្រូវរក្សាមេដាយមាសឲ្យបាន អ្នកដែលធ្លាប់មានមេដាយប្រាក់ ឬមេដាយសំរិទ្ធិ ខិតខំឈានទៅរកមេដាយមាស ហើយអ្នកដែលមិនទាន់ធ្លាប់មានមេដាយ ខិតខំធ្វើឲ្យបានមេដាយ ហើយបើបានមាសតែម្តង គឺល្អ មិនចាំបាច់ឆ្លងសំរិទ្ធិ ប្រាក់ទេ លោតផ្លោះទៅរកមាសតែម្តងទៅ។ នេះគឺជាឱកាសដើម្បីឲ្យអ្នកទាំងអស់គ្នា ប្រជាជនយើងទាំងមូល ចូលរួមអបអរសាទរ ហើយយើងរៀនសូត្របានពីភាពជាម្ចាស់ផ្ទះក្នុងក្របខណ្ឌនៃការចាត់តាំងជាអន្តរជាតិ ក្នុងកម្រិតធំៗ។
(១១) ទូរទស្សន៍ទាំងឡាយផ្សេព្វផ្សាយអោយបានសកម្ម
ដូចគ្នាដែរ ខ្ញុំនឹងទៅចូលរួមទាំងបើក ទាំងបិទ ពិតមែនហើយសម្តេចពិជ័យសេនា ពេលនោះអវត្តមាន ដោយសារមានការចាំបាច់ក្នុងការសន្ទនាShangri-La នៅឯក្រៅប្រទេស ប៉ុន្តែដូចជាទៅតែត្រឹមបើកទេ បិទមកវិញ។ ការចាត់តាំងស្អីៗហ្នឹងគឺដូចគ្នា។ ខ្ញុំសូមបញ្ជាក់ឲ្យទូរទស្សន៍នានាចូលរួមផ្សព្វផ្សាយឲ្យបានច្រើន ដូចដែលយើងបានធ្វើក្នុងស៊ីហ្គេមកន្លងទៅ។ ការផ្សាយបន្តផ្ទាល់ចេញពីការប្រកួតកន្លែងនេះកន្លែងនោះ ត្រូវធ្វើឲ្យបាន។ ឯកឧត្តម ខៀវ កាញ៉ារីទ្ធ ត្រូវរំលឹកបញ្ហានេះជាមួយនឹងបណ្តាទូរទស្សន៍ ដើម្បីចាប់យកមកផ្សាយការប្រកួត។ អញ្ចឹងបានជាខ្ញុំនិយាយថា មិនចាំបាច់ទៅជួល CNN ផ្សាយទេ ដែលកន្លងទៅផ្សាយពីស្រុកខ្មែរកន្លែងនេះកន្លែងនោះ មួយនាទីអស់ប៉ុណ្ណេះម៉ឺន ប៉ុណ្ណេះពាន់មិនបាច់ទេ។ ឲ្យយើងហ្នឹងផ្សាយ ផ្សាយទៅគេចាប់យកទៅផ្សាយនៅក្រៅប្រទេស ១១ ប្រទេស រាប់ទាំងយើងផ្សាយចេញ។ ផ្សាយចេញហ្នឹង ប្រទេសមួយៗសុទ្ធតែមានបណ្តាញផ្សាយបន្តរបស់គេ។ ឧទាហរណ៍ថា ប្រទេសម៉ាឡេស៊ី គាត់បានទទួលមេដាយ គាត់ផ្សាយចេញ ដល់គាត់ផ្សាយចេញមានប្រទេសដែលតាមមើលម៉ាឡេស៊ី ដូចជាខាងមជ្ឈិមបូព៌ាក៏គេអាចមើលបាន។ ឥណ្ឌូនេស៊ីក៏ដូចគ្នា ហ្វីលីពីនក៏ដូចគ្នា គឺយើងធ្វើឲ្យគេស្គាល់កម្ពុជាតែម្តង។
(១២) ស្គាល់កម្ពុជាដោយសារស៊ីហ្គេម/ប៉ារ៉ាហ្គេម និងទំនិញនាំចេញ
ពីមុនគេមិនស្គាល់កម្ពុជាទេ។ គេស្គាល់ ប៉ុល ពត ទៅវិញ។ ឥឡូវគេស្គាល់កម្ពុជាតាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់យើង។ ក្នុងហ្នឹងក៏គេស្គាល់កម្ពុជាតាមរយៈស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម។ គេស្គាល់កម្ពុជាតាមរយៈទំនិញទៅដល់។ ព្រឹកមិញខ្ញុំនិយាយ ៧៣ ប្រទេស ស៊ីអង្ករកម្ពុជា នាំចេញ។ ចង់ឬមិនចង់គេស្គាល់កម្ពុជាក៏ជាប្រទេសផលិតមួយដែរ។ នៅមានផលិតផលកម្ពុជាដទៃទៀត រាប់ទាំងសំលៀកបំពាក់កីឡា ដែលផលិតនៅកម្ពុជា ហើយចែកចាយទៅកាន់ទីផ្សារពិភពលោកដែលគេស្គាល់។ ដែលគេជក់ចិត្តគឺគំនិតកំណែទម្រង់ស្តីពីស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ហើយមិនយកលុយ។ តាមស្តង់ដាររបស់គេត្រូវតែបង់លុយ។ តែកម្ពុជាមិនកំណត់អោយបង់ទេ។ ខ្ញុំមានគោលដៅរបស់ខ្ញុំ។ ការគិតគូររបស់ខ្ញុំ ដែលខ្ញុំនិយាយថាវាជាផ្នែកមួយនៃការធ្វើសមាហរណកម្មអាស៊ាន ហើយក៏កុំភ្លេចថាសមាជិកអាស៊ានដែលធ្វើបានល្អ វាក៏ជាផ្នែកមួយនៃការរួមចំណែកនៃជោគជ័យរបស់ប្រជាជនអាស៊ាន ៦០០ លាននាក់ដែរ។
(១៣) កម្ពុជាធ្វើកាតព្វកិច្ចសមាជិកអាស៊ានដែលមានការទទួលខុសត្រូវ
ដឹងហើយថាយើងក្រ ក៏ប៉ុន្តែក្រនៅក្នុងស្ថានភាពមួយដែលយើងរួមចំណែកដោះស្រាយបញ្ហានៅក្នុងតំបន់ ដែលអ្នកទាំងអស់គ្នាតែងនិយាយថា «ប្រទេសតូចតែបេះដូងធំ»។ រឿងនេះវាជារឿងពិត។ សូម្បីតែថ្ងៃនេះ យើងជូនវ៉ាក់សាំងមួយលានដូសជូនទៅមីយ៉ាន់ម៉ា ហើយដឹកទៅផ្តល់ជូននៅទីកន្លែងនោះតែម្តង ដើម្បីឲ្យប្រជាជនមីយ៉ាន់ម៉ាមានវ៉ាក់សាំងចាក់ ក្នុងពេលដែលអាចនឹងមានការខ្វះខាតវ៉ាក់សាំងនិងមានការឆ្លង។ អញ្ចឹងទេ នៅពេលដែលយើងមានលទ្ធភាព យើងផ្តល់ឲ្យមិត្តភក្តិរបស់យើង។ ជាមួយនឹងខ្យល់ព្យុះនៅមីយ៉ាន់ម៉ា យើងក៏បានបញ្ជូនថវិកា ៣០ ម៉ឺនដុល្លារជាសាច់ប្រាក់ទៅតែម្តង។ ជួនកាលគេអាចមានលទ្ធភាពទិញសម្ភារស្អីៗនៅក្នុងប្រទេសឬក៏ប្រទេសជិតខាងដែលជាប់ព្រំដែនជាមួយគ្នា។ នេះមិនមែនគ្រាន់តែជាការគិតគូរនូវក្របខណ្ឌជាតិរបស់ខ្លួនទេ ក៏ប៉ុន្តែមិនត្រូវភ្លេចថា យើងមានកាតព្វកិច្ចជាសមាជិកអាស៊ានដែលមានការទទួលខុសត្រូវ។
(១៤) កាយវិការកីឡា ឈ្នះក្នុងកិត្តិយស ក្លាយជាមិត្តភក្តិថ្ងៃក្រោយ
យើងមានជោគជ័យច្រើនហើយ។ ខ្ញុំនៅតែបន្តអំពាវនាវ ក្មួយៗកីឡាករ កីឡាការិនី ហៅក្មួយៗក៏វាពិបាក ព្រោះអាយុស្មើនឹងចៅទេ មានខ្លះអាយុក្រែលបន្តិចដែរ ក៏ប៉ុន្តែភាគច្រើនអាយុស្មើនឹងចៅខ្ញុំទេ។ តែយ៉ាងណាក៏ដោយខ្ញុំហៅកីឡាករ កីឡាការិនី ប្រឹងប្រែងដើម្បីការប្រកួត។ ការប្រកួតនេះគឺមិនមែនដើម្បីគ្រាន់តែឈ្នះទេ។ អ្វីដែលក្តាប់ឲ្យជាប់មុនគេគឺក្រឹត្យក្រមនៃការប្រកួត វិធាននៃការប្រកួត ដែលយើងមិនត្រូវធ្វើឲ្យកំពុងតែវាយ ស្រាប់តែបណ្តេញចេញពីរិញ វាយខុសក្បួន។ ប៉ុន្តែខាងផ្នែកកីឡារបស់យើងគឺប្រហែលជាមិនប៉ះពាល់អីគ្នាទេ។ ខុសពីបាល់ទាត់ ដែលទាត់ទៅមានកាតក្រហម មានកាតលឿង រួចហើយមានបណ្ដេញចេញ។
អ្នកទាំងអស់គ្នាកុំភ្លេចថាខ្លួនជាម្ចាស់ផ្ទះ។ ទោះបីថាយ៉ាងណាក៏ដោយ ខ្ញុំឃើញកាយវិការរបស់អ្នកកីឡារបស់យើងដែលបានទទួលជោគជ័យ គឺបានធ្វើកាយវិការល្អណាស់ក្នុងរយៈពេលកន្លងទៅ។ ក្នុងហ្នឹងមាន ខាន់ ចេសា នៅពេលដែលផ្តួលអ្នកប្រកួតបានហើយ បានងាកមកមើលគូប្រកួតវិញ។ កីឡាបែបនេះ បានហៅកីឡា ចាញ់ឬឈ្នះ យើងត្រូវទទួលលទ្ធផល។ ក្នុងករណីដែលយើងឈ្នះ យើងត្រូវទៅធ្វើម៉េចទំនាក់ទំនងជាមួយអ្នកដែលប្រកួតចាញ់យើង ហើយទៅជាមិត្តភក្តិថ្ងៃក្រោយ។ ក្នុងករណីដែលយើងចាញ់កុំតវ៉ា។ Arbitre កាលណាកំណត់ហើយតវ៉ាអ្វីក៏មិនបានដែរ។ មានការតវ៉ាបាន ឧទាហរណ៍ បាល់ទាត់ តើវា hors-jeu ទេ។ ការដួលនៅកន្លែង penalty ហ្នឹង ត្រូវបាល់ពិន័យ ឬបាល់ free kick គេត្រូវមើលវីដេអូឡើងវិញ។ បាល់ទះក៏ដូចគ្នា វាយទៅវាប៉ះដៃឬអត់? ហ្នឹងគេតវ៉ាបាន ក្រៅពីនោះតវ៉ាអត់បានទេ។ បើឈ្នះដោយពិន្ទុ បើគេលើកដៃឲ្យអ្នកណាឈ្នះហើយ កុំទៅតវ៉ា។ Arbitre មានឆន្ទានុសិទ្ធិដើម្បីកំណត់ថាអ្នកណាឈ្នះ ឬអ្នកណាចាញ់នៅពេលនោះ។ ការតវ៉ាអត់មានប្រយោជន៍ទេ ផ្ទុយទៅវិញនាំជាការខាតបង់។
(១៥) ទុកចិត្តលើកីឡាករប៉ារ៉ាអូឡាំពិក ព្រោះដឹងពីការស៊ូទ្រាំនៃជនពិការ
អ្នកទាំងអស់គ្នាត្រូវចាំ ចូលប្រកួតនេះមាន ១៧ លាននាក់នៅពីក្រោយ។ តំណាងឲ្យ ១៧ លាននាក់។ នេះជាជម្រើសជាតិ។ ត្រូវតំណាងឲ្យជាតិ។ ពេលដែលយើងឈ្នះ ទង់ជាតិរបស់យើងនិងភ្លេងជាតិរបស់យើងត្រូវបង្ហូតឡើង។ នេះហើយជាចំណុចដែលអ្នកទាំងអស់គ្នាត្រូវចងចាំ។ ខ្ញុំគិតថាក្នុងឋានៈជានាយករដ្ឋមន្រ្តីរបស់ប្រទេស ហើយក៏ក្នុងឋានៈជាប្រធានប៉ារ៉ាអូឡាំពិកដែលជាប្រធានអ្នកទាំងអស់គ្នាទុកចិត្តលើអ្នកទាំងអស់គ្នា មិនមែនចង់ដណ្ដើមជោគជ័យបន្ថែមពីលើអូឡាំពិករបស់ ថោង ខុន ទេ ប៉ុន្តែខ្ញុំជឿជាក់លើកីឡាករដែលជាសមាជិករបស់ខ្ញុំ ព្រោះខ្ញុំដឹងដែរ។ ការស៊ូទ្រាំនៃជនពិការវាយ៉ាងម៉េច? អ្នកទាំងអស់គ្នាធ្លាប់ជួបប្រទះនៃបញ្ហាពិការភាព ខ្ញុំក៏ឆ្លងកាត់នៃបញ្ហាពិការភាពវាយ៉ាងម៉េច។ ត្រូវងើបឈរយ៉ាងម៉េចដើម្បីវាយផ្ដួលរបប ប៉ុល ពត ប្រឹងងើបឈរយ៉ាងម៉េចដើម្បីបន្តរហូតមកដល់ពេលនេះ។ ស្មារតីស៊ូទ្រាំនេះ ពិតហើយវាស៊ូទ្រាំដូចគ្នា។ ប៉ុន្តែបើប្រៀបធៀបអ្នកពិការនិងអ្នកមិនពិការ អ្នកពិការអាចនឹងមានចំណុចខ្ពស់ជាងបន្តិច។
ហ្នឹងជាផ្នែកមួយនៃចិត្តសាស្ត្រដែរណា។ កាលពីចាប់ផ្ដើមវាយ ប៉ុល ពត ខ្ញុំគិតថា “អញបាត់បង់អ្វីទាំងអស់ហើយ។ ភ្នែកក៏ពិការ កូនក៏បាត់ សិទ្ធិសេរីភាពក៏បាត់ ដូច្នេះបើអញបាត់ជីវិតថែមទៀតក៏វាគ្មានលើសអីពីហ្នឹងដែរ”។ ទីចុងបំផុត វាយទាល់តែឈ្នះដល់ឥឡូវ។ បើសិនជាអ្នកមិនពិការ គេអាចគិតផ្សេង។ គេគិតថាអញអត់មានខូចអីផង អញ្ចឹងទេទៅតាមដំណើរចុះ។ ដល់យើងអ្នកពិការគិតម៉្យាងថា អ្វីដែលអញបាត់បន្តទៅទៀតគឺបាត់ដោយការដែលគេយកទៅសម្លាប់ដោយត្បូងចបតែប៉ុណ្ណឹង។ ប៉ុន្តែបើបានមកវិញបានប្រទេសទាំងមូល។ ដូចសម័យដែលយើងនាំគ្នាចូលទៅតំបន់សមាហរណកម្ម ខ្ញុំប្រាប់ម្ដាយខ្ញុំនិងម្ដាយធំខ្ញុំ បើសិនជាស្លាប់គឺស្លាប់តែខ្ញុំនិងអ្នកទៅជាមួយខ្ញុំប៉ុន្មាននាក់ តែបានមកវិញបានផែនដីទាំងមូល។ មែនដូចចិត្ត។ ឥឡូវ ២០ប៉ុន្មានឆ្នាំហើយ ដោយសារកត្តាសន្តិភាពនោះហើយដែលយើងរស់បានមកដល់ពេលនេះ រីកចម្រើន។
(១៦) “«កីឡារស់ក្នុងសន្តិភាព”» ស្របនឹងនិន្នាការពិភពលោក
ប្រធានបទទាក់ទិនជាមួយនឹងបញ្ហា «កីឡារស់ក្នុងសន្តិភាព» នេះ វាជាប្រធានបទដ៏ធំ ដែលក្រោយនេះមិនដឹងថាគេដាក់ឈ្មោះយ៉ាងម៉េចទេ ប៉ុន្តែប្រធានបទនេះវាស្របណាស់។ មិនមែនស្របតែសម្រាប់កម្ពុជានោះទេ ស្របនៅក្នុងនិន្នាការពិភពលោក ដែលយើងទាំងអស់គ្នារីករាយជាមួយនឹងសមិទ្ធផលដែលយើងធ្វើបាននេះ។ មិនមែនថាដោយសារតែយើងបានធ្វើរួចហើយ យើងអួតខ្លួនឯងទេ ក៏ប៉ុន្តែរឿងពិតវាបានកើតឡើង។ អ្នកដែលមិនទទួលស្គាល់ការពិត យើងក៏មិនចាំបាច់ខ្វល់ដែរ ព្រោះជាប្រភេទតិរច្ឆាន។ ព្រឹកមិញខ្ញុំថា អាល្ងង់ មីល្ងង់ ទៅជជែកគ្នាថាលោក ហ៊ុន សែន ទាញយករឿងហ្នឹងដើម្បីកេងចំណេញនយោបាយ។ ខ្ញុំផ្ដាំទៅថាបើធ្វើគ្រាន់តែដើម្បីខាតធ្វើៗអី? វាមិនដែលអ្នកណាធ្វើដើម្បីតែខាតទេ គេធ្វើដើម្បីចំណេញ។ គេដឹកនាំប្រទេសគេចង់ឱ្យប្រទេសជឿនលឿន ហើយឲ្យតែប្រទេសជឿនលឿនគេនឹកដល់អ្នកធ្វើហើយ។ ពីថ្ងៃនេះទៅឲ្យតែអ្ហែងថា អញថាឱ្យវិញអញ្ចឹង។ ហៅវាអាល្ងង់ ពួកអានេះហៅវាឯកឧត្តមអីល្ងង់ម្ល៉េះ អត់បានទេ ទាល់តែអាល្ងង់។ បើថាស្រីវិញ ជំទាវល្ងង់ឬលោកស្រីល្ងង់ អត់ទេជេរមីល្ងង់តែម្ដងទៅ។
(១៧) អ្នកធ្វើជាអ្នកទទួលផល ដូចសមិទ្ធផលការប្រកួតស៊ីហ្គេមបានមកផ្ចាស់ផ្ទះ
វាសន្ទនាគ្នាទទួលស្គាល់ថាល្អ ប៉ុន្តែ លោក ហ៊ុន សែន ដូចជាកេងចំណេញនយោបាយ។ បើអញអ្នកធ្វើ ឱ្យផលទៅអ្នកណា? និយាយឱ្យពិតមើល។ សូម្បីតែជនបរទេសដែលគេមកប្រកួត គេឱ្យសមិទ្ធផលមកម្ចាស់ផ្ទះកម្ពុជា។ ម្ចាស់ផ្ទះកម្ពុជាបច្ចុប្បន្នជាអ្នកណា? ព្រះមហាក្សត្រព្រះនាម នរោត្តម សីហមុនី, នាយករដ្ឋមន្ត្រីឈ្មោះ ហ៊ុន សែន។ ហើយ ហ៊ុន សែន មកពីបក្សណា? គណបក្សប្រជាជន។ រឿងវាអញ្ចឹងឱ្យធ្វើម៉េច។ បើអ្នកឯងនិយាយពីរឿងហ្នឹង ខ្ញុំនៅតែប្រកាសថាពួកអ្នកល្ងង់។ ស្អែកខ្ញុំទៅជួបកម្មករទៀត។ ថ្ងៃនេះខ្ញុំជួបអស់ ១៩ ០០០ នាក់ហើយ។ ស្អែកខ្ញុំទៅជួបទៀត ១៩ ០០០ នាក់ទៀត។ បន្តិចទៀតវាថាយកចំណេញខាងនយោបាយ ទៀត។ ត្រូវហើយផ្ដាំទៅអាល្ងង់មីល្ងង់ឱ្យហើយ កុំទៅធ្វើអត្ថាធិប្បាយទៀត អញជេរឲ្យហើយ វាគ្មានអ្នកណាទៅធ្វើដើម្បីខាតទេវើយ។ ដោយសារតែពួកអ្នកឯងគិតតែពីរឿងចំណេញខាតៗនោះហើយ បានជាវារលំរលាយរហូតដល់ថ្ងៃនេះ។
(១៨) កិច្ចព្រមព្រៀងប៉ារីស/រដ្ឋធម្មនុញ្ញមិនកំណត់ថាត្រូវមានបក្សប្រឆាំងទេ
តាំងមកនិយាយថា ធ្វើខុសរដ្ឋធម្មនុញ្ញ ខុសកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ ឥឡូវចង់និយាយបន្តិចកន្លែងហ្នឹង។ បក្សនយោបាយមួយឬបក្សនយោបាយ២ ដែលគេទាត់ចោលមិនព្រមចុះឈ្មោះឱ្យ គេថាខុសកិច្ចព្រមព្រៀងទីក្រុងប៉ារីស? ខុសរដ្ឋធម្មនុញ្ញ? ឥឡូវសួរបន្តិចទៅចុះ លោកឯងឆ្លើយឱ្យរួច។ ក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសមានដាក់ពាក្យត្រូវតែមានបក្សប្រឆាំងទេ? ក្នុងរដ្ឋធម្មនុញ្ញបច្ចុប្បន្ន(មានដាក់ថា)ត្រូវតែមានបក្សប្រឆាំង? និងឈ្មោះបក្សភ្លើងចន្លុះហ្នឹងទេ។ គេគ្រាន់តែនិយាយលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស គេអត់កំណត់ថាត្រូវតែមានបក្សប្រឆាំងទេ។ គេកំណត់ថាប្រជាធិបតេយ្យសេរីពហុបក្ស គេនិយាយប៉ុណ្ណឹង។ ម៉េចក៏អ្ហែងថាខុសជាមួយនឹងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ខុសជាមួយរដ្ឋធម្មនុញ្ញ។ រដ្ឋធម្មនុញ្ញបានចែងទេ?
(១៩) ជនបរទេសមិនគួរមកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសមួយទេ
ខ្ញុំមិនមែនជាក្រុមប្រឹក្សាធម្មនុញ្ញដែលមានភារកិច្ចបកស្រាយអំពីធម្មនុញ្ញភាពទេ។ ប៉ុន្តែមើលរដ្ឋធម្មនុញ្ញឱ្យបានច្បាស់ទេ មានបានចែងទេថាត្រូវតែមានបក្សប្រឆាំង គេនិយាយពីពហុបក្សទេតើ។ ចុះ១៨បក្សហ្នឹង មិនពហុបក្ស? ឬក៏មើលស្រាល១៨បក្សហ្នឹង? ការមើលស្រាល១៨គណបក្ស គឺជាការមើលស្រាលជាតិខ្មែរទាំងមូល។ អ្នកឯងត្រូវចាំ។ អត់១បក្ស ២បក្ស វាមិនមែនបំផ្លាញដំណើរការប្រជាធិបតេយ្យទាំងមូលរបស់កម្ពុជាទេ សុំឆ្លើយតបទៅអ្នកឯងវិញ។ បើជនបរទេស ក៏គួរតែស្ដាប់សម្លេងនៅក្នុងស្រុកទៅ វាមិនគួរជនបរទេសមកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសមួយទេ វាមិនមែនជាភារកិច្ចរបស់អ្នកឯង។ បើអ្នកឯងថាខុសកិច្ចព្រមព្រៀងទីក្រុងប៉ារីស អ្នកឯងបើកមើលខ្លួនឯងទៅ។
(២០) រដ្ឋធម្មនុញ្ញហាម កែរបបរាជានិយមអាស្រ័យធម្មនុញ្ញ និងរបបប្រជាធិបតេយ្យសេរីពហុបក្ស
កិច្ចព្រមព្រៀងទីក្រុងប៉ារីសបានចែងពីអង្កាល់ថាត្រូវតែមានបក្សប្រឆាំង? បើអ្នកឯងនិយាយថាខុសជាមួយរដ្ឋធម្មនុញ្ញ អ្នកឯងបើកមើលរដ្ឋធម្មនុញ្ញទៅ។ រួចយកទៅឱ្យអ្នកច្បាប់ស្រុកអ្នកឯងបកស្រាយទៅអាហ្នឹងមានន័យថាម៉េច? គេប្រើពាក្យរដ្ឋធម្មនុញ្ញកម្ពុជាមានតែ ២ ទេ ដែលគេហាមកែតែម្ដង សភាខ្លួនឯងក៏គ្មានសិទ្ធិកែ ទោះបីអ្នកឯងមានប៉ុន្មានកៅអី គ្រប់សម្លេងឬមិនគ្រប់ តែគេហាមកែតែម្ដង។ ទីមួយ របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ គេហាមកែ។ ទីពីរ របបប្រជាធិបតេយ្យសេរីពហុបក្ស។ គេនិយាយតែប៉ុណ្ណឹងតើ មិនមែនថាត្រូវតែមានបក្សប្រឆាំង វាអត់មាន។ រួចហើយ អ្នកឯងផ្ដល់តម្លៃទាបពេកហើយសម្រាប់ ១៨ គណបក្សដែលចូលរួម។
(២១) អ្នកខ្លះគ្រាន់តែសំណាងបានកើតក្នុងប្រទេសមាន តែមិនប្រាកដថាអ្នកពូកែជាងពួកខ្ញុំទេ
ពេលខ្លះខ្ញុំចង់និយាយទៅកាន់ពួកអ្នកឯងមួយចំនួនថា ពួកអ្នកឯងមានសំណាងត្រឹមអ្នកឯងកើតក្នុងប្រទេសអ្នកមានតែប៉ុណ្ណោះ ដែលអ្នកឯងមានសិទ្ធិមកប្រដៅក្បាលពួកខ្ញុំ ប៉ុន្តែបើនិយាយពីគំនិតរបស់អ្នកឯង និងការចេះដឹងរបស់អ្នកឯងវិញ មិនប្រាកដថាអ្នកឯងពូកែជាងពួកខ្ញុំទេ។ អាខ្លះល្ងង់ដូចគោអញ្ចឹង ហើយមកនិយាយជាមួយខ្ញុំ។ មកដល់ដាក់ផាំងៗភ្លាម ស្លក់មុខ រួចហើយលាទៅវិញ goodbye។ មកនិយាយតែពីសតែពាស។ មុននឹងមកជួប សិក្សាតាំងពីមកអង្គុយជាមួយ ហ៊ុន សែន គងអន្ទាក់ខ្លាបានឬអត់? ខ្ញុំអាគងអន្ទាក់ខ្លានេះ អង្គុយយូរជាមួយមិនបានទេ។ ពួកអ្នកថតគេចេះណាស់ ខ្លះមកដល់ហ្នឹងគឺថាគងអន្ទាក់ខ្លាព្រឹប។ អង្គុយមិនសូវបានយូរទេ បន្តិចទៅចប់។ ខ្ញុំអរគុណ។ លាគ្នា។ ខ្មែរអត់មានវប្បធម៌អង្គុយគងអន្ទាក់ខ្លាទេវើយ។ បើដឹងថាអ្នកហ្នឹងពូកែគងអន្ទាក់ខ្លាព្រោះអ្នកខ្លះជើងវែង អង្គុយវាមិនកើត អញ្ចឹងទេដាក់តុតែម្ដងទៅ។ បើអ្នកគងអន្ទាក់ខ្លាក្រោមតុ គេថតមើលអត់ឃើញទេ។ អញ្ចឹងមិនបាច់អង្គុយនៅសាឡុងកៅអីទេ។
ព្រះមហាក្សត្រយើង តាំងពីព្រះបរមរតនកោដ្ឋ ព្រះបិតាជាតិ រហូតដល់ព្រះមហាក្សត្របច្ចុប្បន្ន តើដែលឃើញព្រះមហាក្សត្រយើងគងជើងទេ? អត់ទេណា។ ខ្ញុំធ្វើតាំងពីរដ្ឋមន្រ្តីការបរទេស ឧបនាយករដ្ឋមន្រ្តី និងនាយករដ្ឋមន្រ្តី ខ្ញុំមិនដែលទៅគងអន្ទាក់ខ្លាដាក់អ្នកណាទេ។ ខ្ញុំនិយាយរឿងឆ្នាំ២០០៤ មានមនុស្សម្នាក់ កាលនោះខ្ញុំកំពុងតែរើផ្ទះជួសជុលផ្ទះចាស់ដើម្បីការកូនពៅ។ នៅផ្ទះចាស់នៅឡើយទេ។ កុំទៅជីកមើលខាងក្រោម។ អត់មានគ្រឹះអីផង។ យកដីចាក់ប៉ុន្មានឡានទៅខាងក្រោមហ្នឹង ហើយជួសជុលការកូន។ ខ្ញុំក៏នៅផ្ទះក្រោយ ខ្ចីផ្ទះកូននៅ។ ស្រាប់តែមានតំណាងម្នាក់គេទៅជួប។ ទៅដល់គងអន្ទាក់ខ្លាព្រឹប។ ពួកអ្នកថតក៏ថតទៅ។ រួចហើយពេលពួកអ្នកថតចេញផុត ខ្ញុំបានប្រាប់អ្នកហ្នឹងថា អ្វីដែលជារូបភាពដែលយើងនិយាយគ្នាអម្បាញ់មិញនេះ គឺសុំមិនផ្សាយទេ ព្រោះប្រជាជនកម្ពុជាពិបាកទទួលណាស់រឿងគងអន្ទាក់ខ្លានេះ។
ឥឡូវមានជម្រើស២ ទីមួយគឺមិនផ្សាយ ទីពីរគឺឲ្យគេចូលថតឡើងវិញ។ អានោះលើកដៃសំពះបណ្ដោយ។ ខ្ញុំសុំខុសហើយ។ ឥឡូវសុំឲ្យគេចូលមកថតឡើងវិញចុះ។ ហើយចេះទៅប្រាប់អ្នកដទៃទៀត ឈប់គងអន្ទាក់ខ្លាជាមួយលោក ហ៊ុន សែន។ ការអង្គុយគងអន្ទាក់ខ្លា ខ្មែរយើងកម្រណាស់។ បើដឹងថា អ្នកហ្នឹងជើងវែង ពេលជំនួបមិនបាច់ជួបអង្គុយកៅអីទេ ដាក់តុអញ្ចេះ គងអន្ទាក់ខ្លាក៏គ្មាននរណាមើលឃើញដែរ។ ប៉ុន្តែ អ្នកខ្លះគងអន្ទាក់ខ្លាយកសឿង។ តែអាសឿងជាមួយ ហ៊ុន សែន គឺកិច្ចសន្ទនាឆាប់ចប់។ និយាយមួយម៉ាត់ពីរ រួចហើយអរគុណ សូមជូនពរវិលត្រឡប់ទៅដោយជោគជ័យ អត់បាននិយាយអីសោះ ថ្ងៃក្រោយឲ្យរាង។
(២២) គោរពក្រមសីលធម៌ វិធាននៃការប្រកួត ម្ចាស់ផ្ទះដែលគេត្រឡប់ទៅវិញនឹកដល់
បកត្រឡប់មកកិច្ចការរបស់យើង។ ឥឡូវប្ដេជ្ញាបានប៉ុន្មានយើង? យើងមិនត្រូវភ្លេចថា ទោះបីយើងម្ចាស់ផ្ទះ ក៏ប៉ុន្តែអ្នកដែលខ្លាំងៗមកពីក្រៅ ក៏មិនតិចដែរ។ ក្នុងហ្នឹង គឺធម្មតាដូចជាថៃមកច្រើនជាងគេ។ អញ្ចឹងអ្នកខ្លាំងៗមកប្រកួតនៅប្រទេសយើង។ កន្លងទៅ យើងឈរក្នុងលំដាប់ទី៤ គឺវាអស្ចារ្យណាស់ទៅហើយ ដែលទម្លាប់របស់យើង ដែលខ្ញុំបង្ហោះមួយ ឆ្នាំ១៩៩៩ គឺសូន្យមេដាយមាស សូន្យមេដាយប្រាក់ សូន្យមេដាយសំរឹទ្ធ Totalសូន្យ លេខរៀងទី១០ បណ្ដោយ។ វាខុសគ្នាឆ្ងាយណាស់។ កន្លងទៅធ្លាប់បានទៅប្រកួតបានចំណាត់ថ្នាក់ល្អគួរសម។ ឥឡូវពេលមកប្រកួតនៅក្នុងប្រទេសយើងៗបង្កើនចំនួនកីឡា ហើយវិញ្ញាសាដែលយើងចូលប្រកួតនេះ ក៏វាច្រើនរហូតដល់ ២៦១ វិញ្ញាសា។ ដូច្នេះវាជាចំនួនមួយដ៏ច្រើន ដែលយើងមានលទ្ធភាព។
យ៉ាងណាក៏ដោយ ខ្ញុំនៅតែផ្ដល់លទ្ធភាព ការគិតគូរអំពីក្រមសីលធម៌ វិធាននៃការប្រកួត ហើយមានទឹកចិត្តមួយឲ្យច្បាស់ថា យើងជាម្ចាស់ផ្ទះ។ ត្រូវឲ្យគេត្រឡប់ទៅវិញ នឹកដល់យើង។ ពេលស៊ីហ្គេម យើងធ្វើបានល្អ ត្រឡប់ទៅគ្មាននរណាមួយជេរយើង ដាក់បណ្ដាសាយើង ថាយើងបម្រើមិនដិតដល់ទេ ទាំងម្ហូបអាហារ សម្រួលស្អីៗ យុវជនស្ម័គ្រចិត្តស្អីៗ យើងធ្វើបានល្អណាស់។ ខ្ញុំរកកន្លែងទាស់វាមិនឃើញទេ ហើយមិនដឹងថាគេទើសយ៉ាងម៉េចមិនដឹងទេ ប៉ុន្តែសម្រាប់ខ្ញុំ ថ្ងៃបើក ខ្ញុំប្រាប់ ទៀ បាញ់ ប្រាក់ សុខុន និងសម្ដេចក្រឡាហោម ថា “បាញ់! បើត្រូវថែម ៥០ លានទៀត ក៏ត្រូវតែថែមដែរ ឲ្យតែល្អ”។ ប៉ុន្តែ យើងគ្មានការចាំបាច់ថែមទេ តាមការប៉ាន់ប្រមាណ ១១៨ លានហ្នឹងគឺថាចាយប្រហែលប៉ុណ្ណឹង។ យើងប៉ាន់ស្មានត្រូវអំពីការចាយរបស់យើង។
ដោយសារតែព្រឹកមិញ សុន្ទរកថាមួយព្រឹក ល្ងាចនេះអស់មួយម៉ោងជាងទៀតហើយ។ ត្រូវមកដល់មុនម៉ោងបន្តិចហើយ។ បើកមកសុទ្ធតែមិនដឹងរឿងអី ពីត្រង់ណាត្រង់ណី នៅពេញតែ Telegram ហ្នឹង។ អញ្ចឹងជក់នឹងឆ្លើយតប។ ទុកចោលនៅអញ្ចឹងខ្លះទៅ។ អាខ្លះនរណាជាប់គុក ជាប់ច្រវាក់អី ត្រូវគេចាប់ខ្លួនឯណានោះ សុំអន្តរាគមន៍ ក៏មាននៅក្នុងហ្នឹងទៅទៀត។ អីក៏វេទនាម្ល៉េះ ថ្ងៃក្រោយមើលទៅដូរទូរស័ព្ទ ហើយទុកអាហ្នឹងម្ដុំ។ តែបើដូរទូរស័ព្ទ វាគង់តែដដែល ហើយមានលេខមួយនោះ ដែលខ្ញុំនិយាយព្រឹកមិញនោះ ដូចជាមិនមែនលេខអាមេរិកទេ។ សួរពីរឿងទប់ទន្លេសាប។ វាច្រើនពេកហើយ។
(២៣) សម្ពោធផ្លូវជាតិលេខ៥ ថ្ងៃទី២៩ មិថុនា សម្ពោធផ្លូវនិងស្ពានខ្សែក្រវាត់ក្រុងទី៣ ថ្ងៃ៣០ មិថុនា
ខ្ញុំបាននាំមកសម្រាប់អ្នកទាំងអស់គ្នា ដែលជាកីឡាករ/ការិនីពិការ គ្រូបង្វឹក និងអ្នកដឹកនាំក្រុមកីឡា ចំនួន ៣៤៣ នាក់ ក្នុងម្នាក់ៗថវិកា ៥០០ ដុល្លារដូចចេញទៅក្រៅប្រទេស។ ពីមុន ជូនដំណើរចេញទៅក្រៅប្រទេសក៏ ៥០០ ឥឡូវហ្នឹងក៏ ៥០០ ដូចគ្នា ព្រោះចេញទៅប្រកួតដូចគ្នា គ្រាន់តែទីតាំងវានៅក្នុងស្រុកយើង ប៉ុន្តែនៅក្នុងក្របខណ្ឌអាស៊ានដូចគ្នា។ សម្ដេចពិជ័យស្នើឲ្យខ្ញុំជួបនិងផ្ដល់ លើកមុនមិនទាន់បានផ្ដល់។ ខ្ញុំចារឲ្យសម្ដេចពិជ័យ។ ឥឡូវអញ្ចេះចាំបូកគ្នាតែម្ដងទៅ រវាងមេដាយមុនដែលមិនទាន់បានទទួល ហើយនិងមេដាយក្រោយនេះ។ ចាំសម្ដេចពិជ័យទៅជួប ជុំគ្នាធ្វើកម្មវិធីតែមួយតែម្ដងទៅ មិនចាំបាច់ពីរទេ។ កម្មវិធីដែលយើងទទួលបាននៅឥណ្ឌូនេស៊ីនិងកម្មវិធីដែលយើងទទួលបាននៅនេះ ចាំសម្ដេចពិជ័យតំណាងឲ្យខ្ញុំជូនតែម្ដងទៅ។ កាលបរិច្ឆេទរបស់ខ្ញុំវាខ្លាំងពេក។ ព្រឹកមិញ ថែមបានកម្មវិធីពីរទៀត ថាទុកពីរថ្ងៃមុនយុទ្ធនាការបោះឆ្នោត តែអត់ទុកបាន ត្រូវទៅសម្ពោធផ្លូវជាតិលេខ ៥ នៅថ្ងៃទី២៩ ខែមិថុនា ដល់សម្ពោធផ្លូវនិងស្ពានខ្សែក្រវាត់ក្រុងទី៣ យកថ្ងៃ៣០ ខែមិថុនា។ ដល់ថ្ងៃ១ កក្កដា បើកយុទ្ធនាការឃោសនាបោះឆ្នោត អញ្ចឹងពីថ្ងៃនេះទៅ គឺថាវាជាប់រវល់រហូត។ ប៉ុន្តែសាកកម្លាំងមនុស្សចាស់មើល វាយ៉ាងម៉េច? ចុងបញ្ចប់ ជូនពរចំពោះសម្ដេច ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី ជាពិសេស កីឡាករ កីឡាការិនី សម្រាប់ការប្រកួត សូមឲ្យអ្នកទាំងអស់គ្នាមានសុខភាពល្អ កាយសម្បទាមាំមួន ការហ្វឹកហាត់ពីនេះរហូតដល់ការប្រកួតកាន់តែល្អ និងការប្រកួតទទួលបានជោគជ័យ ជាមួយនឹងកិត្តិយសក្នុងការធ្វើជាម្ចាស់ផ្ទះ។ ជូនពរទាំងអស់គ្នាមានសុខភាពល្អ ជាមួយនឹងពុទ្ធពរនិងពរទាំង ៥ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ៕