ភ្នំពេញ ៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣នេះ បានចេញសារតាមបណ្ដាញតេឡេក្រាមផ្លូវការ អំពាវនាវដល់ ប្រធានាធិបតីអាមេរិក ដែលជាអ្នកផ្តល់ និងប្រធានាធិបតីអ៊ុយក្រែនដែលជាអ្នកទទួល គ្រាប់បែកចង្កោម សូមកុំប្រើប្រាស់គ្រាប់បែកចង្កោមក្នុងសង្រ្គាមរវាងរុស្ស៊ី-អ៊ុក្រែន។
ការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជានេះ បន្ទាប់ពីប៉ុន្មានថ្ងៃមកនេះ សម្ដេចតេជោបានទទួលព័ត៌មានជាច្រើនដែបានចុះផ្សាយថា សហរដ្ឋអាមេរិកនឹងផ្តល់គ្រាប់បែកចង្កោមឲ្យទៅអ៊ុយក្រែន ដើម្បីប្រយុទ្ធជាមួយកងទ័ពរុស្ស៊ី។
សម្ដេចតេជោមានប្រសាសន៍ថា ប្រសិនរឿងនេះ ជាការពិតមែន រឿងនេះនឹងក្លាយទៅជាគ្រោះថ្នាក់ធំបំផុតសម្រាប់ប្រជាជនអ៊ុយក្រែនរាប់សិបឆ្នាំ ឬដល់រយឆ្នាំទៀតផង ប្រសិនគ្រាប់បែកចង្កោមនេះយកទៅប្រើប្រាស់ក្នុងតំបន់ដែលរុស្ស៊ីកាន់កាប់ក្នុងទឹកដីអ៊ុយក្រែន។
សម្ដេចតេជោបានរម្លឹក បទពិសោធន៍ឈឺចាប់របស់កម្ពុជា ដែលទទួលការទម្លាក់គ្រាប់បែកចង្កោមពីអាមេរិកនា ដើមទស្សវត្តរ៍១៩៧០មកដល់ពេលនេះជាងកន្លះសតវត្សរ៍ហើយនៅមិនទាន់រកវិធីបំផ្លាញចោលអស់នៅឡើយ។
សម្ដេចតេជោបញ្ជាក់ថា សម្ដេចដឹងច្បាស់ថាប្រទេសកម្ពុជា តូចហើយទន់ខ្សោយ សម្លេងគ្មានទម្ងន់ តែដោយក្តីអាណិតប្រជាជនអ៊ុយក្រែន សម្ដេចសូមអំពាវនាវប្រធានាធិបតីអាមេរិក ដែលជាអ្នកផ្តល់ និងប្រធានាធិបតីអ៊ុយក្រែនដែលជាអ្នកទទួលសូមមេត្តាកុំប្រើប្រាស់គ្រាប់បែកចង្កោមក្នុងសង្រ្គាមនេះ ព្រោះអ្នករងគ្រោះពិតប្រាកដ គឺប្រជាជនពិសេសគឺអ៊ុយក្រែនតែម្តង៕ អត្ថទ៖ វ៉ន ដារ៉ា











