សម្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន, សំណេះសំណាលជាមួយប្រជាពលរដ្ឋ និងពិនិត្យការដ្ឋានសំណង់វារីអគ្គិសនីស្ទឹងពោធិ៍សាត់ ១ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់

CNV:

(១) កោតសរសើរគ្រប់តួអង្គពាក់ព័ន្ធ ដែលបានធ្វើកិច្ចការដ៏ល្អក្នុងរយៈពេលកន្លងទៅ

ថ្ងៃនេះ ខ្ញុំរីករាយ ដែលបានមកពិនិត្យមើលអំពីវឌ្ឍនភាពនៃការកសាងវារីអគ្គិសនីស្ទឹងពោធិ៍សាត់ ១ ដែលខ្ញុំយកឱកាសនេះ អរគុណ និងកោតសរសើរ ចំពោះក្រសួងរ៉ែ និងថាមពល អគ្គិសនីកម្ពុជា គណៈអភិបាលខេត្ត ក៏ដូចជា ក្រុមហ៊ុន លោក តឹង ជុនអ៊ីម ដែលបានធ្វើកិច្ចការដ៏ល្អក្នុងរយៈពេលកន្លងទៅនេះ។ លោក តឹង ជុនអ៊ីម គឺជាជនជាតិកូរ៉េខាងត្បូង ដែលបានមកវិនិយោគនៅកម្ពុជាយូរហើយ។ បើគិតមកដល់ពេលនេះ គឺមានរយៈពេលប្រមាណជា ២៥ ឆ្នាំ នៃវត្តមានរបស់គាត់ តាំងពីការចាប់ផ្តើមនៃទំនាក់ទំនងការទូតរវាងកម្ពុជានិងសា​ធារណរដ្ឋកូរ៉េឯណោះ។ នៅទីនេះ យើងបានផ្តល់សម្បទានសម្រាប់ការវិនិយោគជូនចំពោះក្រុមហ៊ុនរបស់គាត់។

(២) ការដោះស្រាយផលប៉ះពាល់តាមស្ដង់ដារសេសានក្រោម ២

អ្វីដែលខ្ញុំនៅចាំបានច្បាស់ (គឺ)ការបញ្ជាឱ្យដោះស្រាយនូវផលប៉ះពាល់សម្រាប់ប្រជាពលរដ្ឋ ដែលយកស្តង់ដារប្រហាក់ប្រហែលគ្នាដូចនៅស្ទឹងសេសាន(ក្រោម)២ នៅខេត្តស្ទឹងត្រែង។ នៅកន្លែងនេះ ដូចជាការផ្តល់ផ្ទះ/ដី ហើយដីនេះទៀតសោត គឺសុទ្ធតែផ្តល់ហើយត្រូវតែឈូសឆាយ (និង/ឬ)ភ្ជួរឱ្យរួច ព្រោះបើកម្លាំងបងប្អូន គឺពិបាកក្នុងការភ្ជួរសម្អាតដី (ដើម្បី)បង្កបង្កើនផល។ ខ្ញុំអរគុណចំពោះការដំណើរការ។ បើទោះបីថាវាយឺតបន្តិច ក៏ប៉ុន្តែមានវឌ្ឍនភាព ជាពិសេសការដោះស្រាយផលប៉ះពាល់ ដែលឯកឧត្តម ខូយ រីដា បានលើកអម្បាញ់មិញ ពាក់ព័ន្ធជាមួយនឹងអ្នកដែលព្រមទទួល(យក)ផ្ទះ/លុយ និងបញ្ហាដែលមិនទាន់ដោះស្រាយ។ ខ្ញុំក៏បានដឹងថា នៅពេលដែលផ្ទះបានកសាងល្អៗ គឺអ្នកដែលទទួលលុយចង់បានផ្ទះវិញ ប៉ុន្តែធ្វើម៉េចយើងជ្រើសរើសខុស។ យើងអត់បានផ្ទះ តែយើងយកលុយទៅហើយ។ បើលុយហ្នឹងយើងប្រើប្រាស់ឱ្យវាត្រូវ យើងក៏ធ្វើផ្ទះបានទៅតាមបំណងរបស់យើង។ ខ្លះធ្វើផ្ទះខ្ពស់/ទាប។

(៣) ប្រទេសខ្លះនៅមានការព្រួយបារម្ភពីការឆ្លងរាលដាលកូវីដ-១៩ នៅឡើយ

ថ្ងៃនេះ ខ្ញុំក៏បាននាំមកនូវសម្ភារខ្លះសម្រាប់ការធ្វើផ្ទះដែរ។ ប្រហែលជាបានទទួលខ្លះហើយ។ ការផ្តល់(ជូនថ្ងៃ)នេះមាននំបុ័ង។ កុំភ្លេចតេះនំបុ័ងកំដរមាត់។ ខ្ញុំអ្នកនិយាយទេ អ្នកទាំងអស់គ្នាទទួលទានទៅ។ មាននំបុ័ង មានទឹកក្រូច មានទឹកសុទ្ធ។ ស្តាប់ផង (និង)ទទួលទានផង អត់មានផលប៉ះពាល់អីទេ។ អ្នកពាក់ម៉ាស បើចង់ដោះម៉ាសក៏ដោះទៅ ព្រោះក្នុងប៉ុន្មានអាទិត្យនេះអត់មានអ្នកណាឆ្លងកូវីដ-១៩។ ចង់ពាក់ក៏ពាក់ទៅ មិនចង់ពាក់ទេក៏ហីទៅ ប៉ុន្តែរក្សាគម្លាត គប្បីត្រូវធ្វើជាបន្ត។ បើសិនជាឆ្លងមួយហើយ កុំឱ្យឆ្លងថែមមួយទៀត។ (ក៏)សុំអភ័យទោសដែរ ពេលដែលធ្វើដំណើរមកអម្បាញ់មិញ យើងអត់បានចាប់ដៃគ្នាទេ។ ប្រទេសយើងឥឡូវ គឺមានការចាប់ដៃគ្នាច្រើន ប៉ុន្តែបើទៅប្រទេសដទៃ គេមិនទាន់អនុញ្ញាតឱ្យមានការចាប់ដៃគ្នាទេ គេអាចត្រឹមតែយកដៃជល់គ្នាអញ្ចេះ ឬក៏យកកែងដៃជល់គ្នានៅឡើយទេ ដោយសារតែ(គេ)មានការប្រុងប្រយ័ត្នទៅលើបញ្ហាកូវីដ-១៩ នេះឯង។ អ្នកនៅទីនេះទទួលវ៉ាក់សាំងមានប៉ុន្មាន(នាក់)? សូមលើកដៃបន្តិចមើល។ បានសេចក្តីថា ទាំងអស់។ សូមដាក់ដៃចុះ …។

(៤) អ្នកខ្លះចូលចិត្តនិយាយពីសិទ្ធិមនុស្ស/ប្រជាធិបតេយ្យ មើលរំលងសិទ្ធិរស់រានមានជីវិត ​

រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ទៅលើសុខុមាលភាពរបស់ប្រជាពលរដ្ឋ ហើយក៏មិនមែនធ្វើតែនៅទីក្រុងទេ ប៉ុន្តែ ជនបទក៏ត្រូវបានទទួលដូចគ្នា(នូវ)វ៉ាក់សាំង ដើម្បីការពារជីវិតរបស់ប្រជាជនយើង ព្រោះយើងឱ្យអាទិភាពទៅលើសិទ្ធិរស់រានមានជីវិតមុនគេ។ អ្នកខ្លះចូលចិត្តណាស់និយាយពីសិទ្ធមនុស្ស/ប្រជាធិបតេយ្យ ក៏ប៉ុន្តែសិទ្ធិរស់រានមានជីវិតហាក់ដូចជាមើលរំលង។ ដូចជាបញ្ហាសន្តិភាព ឬសង្គ្រាម គឺពួកគេចង់តែបំផ្លាញ ប៉ុន្តែ អត់ដឹងថា សង្គ្រាមហ្នឹងសម្លាប់មនុស្សទេ។ បើយើងងាប់ទៅហើយ តើអ្នកណាទៅសរសេរកាសែត? នៅសល់ធាតុមួយកូនចានហ្នឹង ខ្មោចចេះមកបញ្ចេញមតិអ្ហី? អញ្ចឹង ត្រូវចាប់ផ្តើមពីសិទ្ធិរស់រានមានជីវិតមុន(គេ)។

(៥) រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ធ្វើគ្រប់បែបយ៉ាងអោយជីវិតប្រជាពលរដ្ឋគង់វង្ស

រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជន ផ្តោតការយកចិត្តទុកដាក់ពិសេសលើសិទ្ធិរស់រានមានជីវិត បន្ទាប់ទៅបានទៅសិទ្ធិដទៃទៀត (ក្នុងនោះរួមមាន)សិទ្ធិទទួលបានការអប់រំ សិទ្ធិទទួលបានការការពារសុខភាព សិទ្ធិខាងសេដ្ឋកិច្ច សិទ្ធិខាងនយោបាយ រាប់ទាំងសិទ្ធិដែលអ្នកឯងត្រូវធ្វើបក្សនយោបាយ ឬក៏ធ្វើអង្គការក្រៅរដ្ឋាភិបាល ធ្វើអ្នកកាសែតស្អីៗ។ បើថាងាប់ហើយ អ្នកឯងទៅរកសិទ្ធិមកពីត្រង់ណាទៀត? ដល់គេនិយាយពីរឿងហ្នឹង ថាគេអត់បានយកចិត្តទុកដាក់ទៅលើសិទ្ធិដទៃ។ អត់យល់ឫសគល់នៃសិទ្ធិ (ថា)ចាប់ផ្តើមពីសិទ្ធិរស់រានមានជីវិតសិន។ អញ្ចឹងបានជារាជរដ្ឋាភិបាលធ្វើអ្វីក៏ធ្វើដែរ ឱ្យតែជីវិតប្រជាជនគង់វង្ស។ បន្ទាប់ពីនោះចាំគិតនិយាយទៅដល់សិទ្ធិផ្សេង។ ប៉ុន្តែ នៅពេលដែលយើងផ្តោតការយកចិត្តទុកដាក់ទៅលើសិទ្ធិរស់រានមានជីវិត បែរជាមករអ៊ូ​​រទាំជាមួយយើងថា មិនបានគិតអំពីសិទ្ធិបញ្ចេញមតិនិងសិទ្ធិមនុស្ស។ សិទ្ធិមនុស្សហ្នឹងក្រែងចាប់ផ្ដើមពីសិទ្ធិរស់រានមានជីវិតហ្នឹងអ្ហី? …

(៦) ភូមិ៩៩%/ផ្ទះ៩០% ទូទាំងប្រទេសបានភ្ជាប់បណ្ដញអគ្គិនីរួចរាល់

ខ្ញុំសូមយក​ឱកាសនេះ សុំការយោគយល់ពីបងប្អូនទាំង៣៤២ គ្រួសារនៅទីនេះ ដែលមានផលប៉ះពាល់ដោយវារីអគ្គិសនី ដោយសារតែតម្រូវការនៃការអភិវឌ្ឍប្រទេសជាតិគឺអគ្គិសនី។ អញ្ចឹង​ទេ ពេលដែលយើងធ្វើវារីអគ្គិសនីនេះ តិចឬច្រើនគឺមានផលប៉ះពាល់ហើយ។ ប៉ុន្តែ យើងត្រូវដោះស្រាយផលប៉ះពាល់នោះរបៀបម៉េច។ ការជួបជុំថ្ងៃនេះ ក៏បញ្ជាក់អំពីរបៀបដែលយើងដោះស្រាយ(ផលប៉ះពាល់) ដូចដែល ឯកឧត្ដម ខូយ រីដា បានធ្វើរបាយការណ៍អម្បាញ់មិញនេះ អំពីរបៀបដោះស្រាយ (គឺ)ទៅតាមជម្រើសរបស់ប្រជាជនរបស់យើង។ ឥឡូវនេះ នៅទូទាំងប្រទេស ភូមិដែលភ្ជាប់ជាមួយនឹងបណ្ដាញជាតិរួចហើយគឺមានដល់ទៅ៩៩% នៃភូមិ។ ឯផ្ទះប្រជាពលរដ្ឋដែលភ្ជាប់ជាមួយបណ្ដាញជាតិរួចហើយមានដល់ទៅ៩០% នៃចំនួនផ្ទះ។ វាជាសម័យប្រើអគ្គិសនី មិនមែនសម័យប្រើចន្លុះដុត ប្រើភ្លើងទៀន/ចង្កៀងមកដុតទៀតទេ …។

(៧) អគ្គិសនីកម្ពុជាចេញពីប្រភពឋាមពលកកើតឡើងវិញជាង៦២%

ការដោះស្រាយអគ្គិសនីបច្ចុប្បន្ន ក៏ទាមទារឱ្យដោះស្រាយតាមរបៀបដែលវាមិនបំពុលបរិស្ថាន។ ដូច្នេះ វារីអគ្គិសនីចាត់ទុកជាប្រភេទ នៃប្រភពកកើតឡើងវិញ ដែលវាមិនប៉ះពាល់ទៅដល់ការប្រែប្រួលអាកាសធាតុ។ ពិតមែនតែនៅពេលដែលយើងទប់អាង វាប៉ះពាល់នឹងផ្ទៃដីនៅហ្នឹងកន្លែង ​ដែលយើងត្រូវយកប្រជាពលរដ្ឋចេញ តែបើនិយាយពីការបំពុលបរិស្ថានដែលធ្វើឱ្យមានការប្រែប្រួលអាកាសធាតុ រហូតទៅប្រទេសនានាប្រកាសពីការប្ដេជ្ញាចិត្តមិនប្រើអគ្គិសនីដើរដោយធ្យូងថ្មតទៅទៀតនោះ ក៏ឃើញថាវារីអគ្គិសនីនៅតែជាជម្រើសដ៏ល្អ។ មកដល់ពេលនេះ អគ្គិសនីរបស់យើងនៅក្នុងប្រទេសកម្ពុជាបានចេញមកពីប្រភពកកើតឡើងវិញរហូតដល់ទៅជាង ៦២%។ អញ្ចឹង នៅសល់ជាង ៤០% ទៀត យើងកំពុងតែខិតខំ … ឥឡូវ យើងនិយមហៅថា ការប្រើប្រាស់ពន្លឺព្រះអាទិត្យ។ ប៉ុន្តែពន្លឺព្រះអាទិត្យនេះវាមិនគ្រប់គ្រាន់ទេ។ អានេះទាល់តែមានថ្ងៃទើបបញ្ចេញថាម​ពលឱ្យយើង តែមេឃស្រទុំបន្តិចនឹងធ្លាក់ចុះភ្លាម។ ពេលយប់វាអត់ឱ្យភ្លើងបន្តិចសោះ។ អញ្ចឹង យើងត្រូវគួបផ្សំ រវាងផ្នែកវារីអគ្គិសនីផ្នែកដទៃទៀត បូកជាមួយផ្នែកទាក់ទិនជាមួយនឹងប្រភពដែលបានមកពីពន្លឺព្រះអាទិត្យ។

(៨) តម្រូវការអគ្គិសនីកើនពី ៣០ MW មកជាង ២ ០០០ MW

យើងត្រូវរកវិធីដើម្បីដោះស្រាយអគ្គិសនី។ មុននេះប្រទេសកម្ពុជាយើងប្រើត្រឹមតែ៣០ MW ទេ។ ចូលមកដល់ទសវត្សរ៍៩០ ហើយ គឺយើងនៅប្រើប្រាស់ត្រឹម ៣០ MW នៅទីក្រុងភ្នំពេញ ហើយនៅតាមខេត្តនានា គឺតិចតួចទេ។ ឥឡូវ ទំហំនៃការប្រើប្រាស់របស់យើង(ទូទាំងប្រទេស) គឺជាង ២ ២០០ MW ទៅហើយ។ មុននេះយើងប្រើត្រឹមតែ៣០ MW ឥឡូវយើងប្រើដល់ទៅជាង២ ០០០ MW។ ប៉ុន្តែ ការព្យាករទៅមុខនោះ តម្រូវ​ការអគ្គិសនីកាន់តែច្រើន ដែលយើងត្រូវរកប្រភពដើម្បីបង្កើតឱ្យមានអគ្គិសនីឱ្យប្រជាជនប្រើប្រាស់។ មនុស្សមួយចំនួនបាននិយាយ ទប់ស្កាត់នូវការផលិតអគ្គិសនីដើរដោយវារីអគ្គិសនី ប៉ុន្តែពួកគេក៏ទាមទារឱ្យយើងដោះស្រាយអគ្គិសនីឱ្យពួកគេ។ តើដោះស្រាយរបៀបម៉េចទៅ? (បើផលិតអគ្គិសនីដោយប្រើ)ប្រេងវាថ្លៃពេក។ ធ្យូងថ្មបំពុលបរិស្ថាន។ ដល់វារីអគ្គិសនីថាបំផ្លាញព្រៃ បង្កើតឱ្យមានការលិចលង់នូវផ្ទៃដីមួយចំនួន។ អញ្ចឹង តើយើងត្រូវវិលត្រឡប់ទៅដុតចន្លុះ/ចង្កៀងប្រេងកាត/ទៀនឬយ៉ាងម៉េច?

(៩) ៣០ ឆ្នាំមុន គណបក្សប្រជាជនអនុម័តយកទេវតាជាសញ្ញាគណបក្ស

បើដុតទៀនជួនកាលឆេះផ្ទះ។ ឆេះរាល់ថ្ងៃដោយសារទៀនហ្នឹងតើ។ និយាយអញ្ចឹង កុំថាឌឺដងជាមួយគណបក្សណាផ្សេងដែលឈ្មោះហ្នឹង។ ប្រាប់ឱ្យហើយ អត់ទេ ព្រោះទៀនមិនមែនមានតែឈ្មោះគណបក្សណាទេ និយាយគ្នាឱ្យច្បាស់។ ផ្ទះមួយៗ សុទ្ធតែមានទៀនដុត។ ពិនិត្យមើលលើការជាក់ស្ដែង ខ្ញុំក៏អត់មានបន្ទោសអ្នកណា និយាយថាបន់ស្រន់ទេវតាទេ ព្រោះគណបក្សប្រជាជនសញ្ញាទេវតា។ អ្នកណាក៏ដោយ ឱ្យតែផ្ដើមមានរឿងកើតឡើង គឺទេវតាអើយ! ជួយផង។ អើ! គណបក្សប្រជាជនសញ្ញាទេវតាទេតើ ខ្ញុំអត់ដែលប្រកាន់ទេ។ អ្នកឯងជេរទេវតាគឺបាប។ សញ្ញាទេវតា ឧទាហរណ៍៖ ការកូនចៅ (យើង)ខ្វះរួបទេវតា ខ្ចីសញ្ញាគណបក្សទៅដាក់សិន។ រៀបចំផ្លាកសញ្ញាកាលពីជាង ៣០ ឆ្នាំមុន ថោង ខុន និង រស់ រេន ប្រវត្តិនៃការរៀបចំសញ្ញាគណបក្សប្រជាជន។ ថោង ខុន និង រស់ រ៉េន ទៅជួបខ្ញុំនៅផ្ទះ យករូបភាពប៉ុន្មាននោះ តែ ថោង ខុន និង រស់ រ៉េន បានប្រាប់ថា គួរយកស្លាកសញ្ញាទេវតាទៅ។ ខ្ញុំក៏ឱ្យឌីហ្សាញភ្លាម ហើយយកទៅប្រជុំ ដែលគណបក្សអនុម័តទាំងយប់ … គណបក្សដទៃ គេយកនេះ/នោះ ឯគណបក្សប្រជាជនយកទេវតា …។

(១០) អគ្គិសនីត្រូវបានប្រើប្រាស់តាមផ្ទះ/សណ្ឋាគារនិងឧស្សាហកម្មបង្កើតជាការងារ

ហេតុអ្វីយើងត្រូវផលិតអគ្គិសនីនេះ? បើគ្មានប្រភពអគ្គិសនីប្រើទេ ប្រជាពលរដ្ឋរបស់យើងនៅតែដុតអុស/ចន្លុះ/ជ័រ និងប្រេងកាតនោះឯង … បើយើងមានអគ្គិសនី យើងមិនមែនគ្រាន់តែ(ប្រើក្នុង)ការបំភ្លឺក្នុងផ្ទះទេ។ ប្រភពអគ្គិសនីនេះវានឹងផ្ដល់ឱកាសឱ្យយើងជំរុញវិស័យឧស្សាហកម្មនិងវិស័យដទៃទៀត ដែលមានតម្រូវការប្រើប្រាស់អគ្គិសនី។ ឧស្សាហកម្ម (ក៏ដូចជា) រោងចក្រមួយៗ គឺប្រើប្រាស់នូវអគ្គិសនី។ តែអ្វីដែលធ្ងន់ជាងនេះ គឺសេវាកម្មទាក់ទងនឹងវិស័យទេសចរណ៍ គឺប្រើប្រាស់អគ្គិសនីធំណាស់។ សណ្ឋាគារមួយដែលមាន៤០០ ទៅ ៥០០ បន្ទប់ តើត្រូវការអគ្គិសនីប៉ុន្មាន? មិនមែនជាសម័យទេសចរណ៍បក់ផ្លិតទេ គឺជាសម័យទេសចរណ៍ប្រើម៉ាស៊ីនត្រជាក់។ គ្រួសារនីមួយៗសុទ្ធតែប្រើម៉ាស៊ីនត្រជាក់ (និង/ឬ)ហោចណាស់ក៏(មាន)កង្ហារដែរ។ ឥឡូវ សាកល្បងមើលផ្ទះនេះទៅមើល យ៉ាងហោចណាស់ក៏មានកង្ហារដែរ។ នេះជាដំណាក់កាលសតវត្សរ៍ទី២១។ នៅពេលដែលយើងមានអគ្គិសនី ការងារធ្វើវាបានចេញមក។ រោងចក្រត្រូវការអគ្គិសនី ដើម្បីផលិតចេញនូវផលិតផល មិនថារោងចក្រណាៗនោះទេ ត្រូវប្រើអគ្គិសនីទាំងអស់។

(១១) ភ្នំពេញមួយប្រើអគ្គិសនី ១ ០០០ MW

អញ្ចឹងទេ បានជាតម្រូវការរបស់យើងកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ភ្នំពេញ(ពីមុនត្រូវការ)តែ ៣០ MW ឥឡូវ ភ្នំពេញមួយប្រើ(រហូត)ដល់ទៅ ១ ០០០ MW ហើយ (គឺ)កើនច្រើនណាស់។ បើមិនអញ្ចឹងទេ អគារខ្ពស់ ២០ ជាន់, ៣០ ជាន់, ៤០ ជាន់ វាមានជណ្ដើរឯណាឡើង? (គឺ)សុទ្ធតែជណ្ដើរយន្ត (ដូច្នេះ) វាទាញភ្លើងអស់មិនតិចទេ។ អគារខ្លះត្រូវការ(អគ្គិសនី) ១០ MW ក៏មានដែរ។ ខ្ញុំមិននិយាយសំដៅអ្វីក្រៅតែពីដំណោះស្រាយដែលយើងត្រូវរក។ បើមិនអញ្ចឹងមិនឱ្យចំណោលថាឱ្យដោះស្រាយ(យ៉ាង)ម៉េច ដើម្បីឱ្យប្រជាពលរដ្ឋរបស់យើងទទួលបានផល។ ប្រទេសរបស់យើង តាមដំណាក់កាលមួយៗ ជាពិសេសបន្ទាប់ពីប្រទេសមានសុខសន្តិភាព ល្បឿននៃការអភិវឌ្ឍគឺលឿន។ តាមចាំ ប្រជាពលរដ្ឋនៅស្រុកវាលវែងនេះ ប្រហែលជាអាចមានមួយចំនួនទៅចូលរួមដែរ (កាលពី)ថ្ងៃទី ៩ មីនា ២០២០។ ខ្ញុំជាមួយអគ្គរដ្ឋទូតចិនមកសម្ពោធផ្លូវលេខ៥៥ តើកន្លែងសម្ពោធហ្នឹងឃ្លាតពីហ្នឹងប៉ុន្មាន? ៤០ គីឡូម៉ែត្រ … ៣ ឆ្នាំមុន ខ្ញុំមកសម្ពោធផ្លូវលេខ៥៥ … ខ្ញុំចាស់ជាងមុនឬក្មេងជាងមុន? … ឥឡូវ គេថាខ្ញុំហ្នឹងមិនចាស់។ មិនចាស់ម៉េចបើថែម ៣ ឆ្នាំហើយ? អ្នកនៅខាងក្រោយនេះ បើកុំតែមានប្រដាប់លាបសក់ (កុំអី)អង្គុយទូលសំឡីតែទាំងអស់គ្នាហ្នឹង …។

មិនដឹងថាការស្រាវជ្រាវដល់ណាហើយ ឯកឧត្ដម ម៉ម ប៊ុនហេង ដែលមានមនុស្សស្លាប់ដោយសារកែសម្ផស្ស? … អំពាវនាវស្រ្តីទាំងឡាយ កុំដល់ថ្នាក់នោះពេក។ ធម្មជាតិរបស់វាយ៉ាងម៉េចឱ្យវាទៅអញ្ចឹងចុះ។ ប្ដីស្រឡាញ់ឬមិនស្រឡាញ់ក៏ហីទៅ ចាំបាច់ទៅចាក់ថ្នាំសន្លប់ រួចហើយត្រូវវះ? (អ្នក)ខ្លះហ្នឹងទៅកាត់មាត់/ច្រមុះ ឈឺណាស់លោកអើយ។ ទេវតាឱ្យប៉ុណ្ណាមកយកប៉ុណ្ណឹងទៅ … ប៉ុន្តែអ្នកគេនិយម(កែសម្ផស្ស) យើងក៏មិនដឹងធ្វើម៉េច (ព្រោះនេះជា)សិទ្ធិរបស់គេ។ យើងក៏យកចិត្តទុកដាក់ជាមួយហ្នឹងសុខភាពអ្នកទាំងនោះ។ (អ្នក)មួយចំនួន បើសិនជារបប ប៉ុល ពត កើតឡើងវិញងាប់មិនដឹងប៉ុន្មានទេ ព្រោះអី? មុខមាត់កែអស់ហើយហ្នឹង។ អញ្ចឹង បើសិនជារបប ប៉ុល ពត​ កើតឡើងវិញ ប៉ុល ពត ឱ្យកាប់ដីនៅ(ហាលក្ដៅ)មិនមានតាំងយូរបាំង មិនវីវរ មុខឡើងជាំអស់ហើយ? មួយជួរខាងនេះសុទ្ធតែត្រូវថ្ងៃ អត់មានផលប៉ះពាល់អីផង? ប៉ុន្តែ បើសិនជាថាកែសម្ផស្ស អាហ្នឹងច្បាស់ជាមានផលប៉ះពាល់ហើយ។

(១២) ការវិលទៅផលិតអគ្គិសនីដោយធ្យូងថ្ម ធ្វើឱ្យកិច្ចព្រមព្រៀងប្រែប្រួលអាកាសធាតុលែងមានន័យ

យើងខំដោះស្រាយជារួម គឺធ្វើយ៉ាងម៉េចដោះស្រាយតម្រូវការអគ្គិសនី។ ខ្ញុំក៏គួរយកចំណុចនេះនិយាយបន្តិច អំពីតម្លៃអគ្គិសនី។ នៅអឺរ៉ុប(អគ្គិសនី)ឡើងថ្លៃអស់ហើយ។ បច្ចុប្បន្ននេះ គេហៅអឺរ៉ុបថាទីផ្សារឈើមានតម្លៃ។ ហេតុអី? ដោយសារតែប្រទេសអឺរ៉ុបមួយចំនួនដាក់ទណ្ឌកម្មលើរុស្សីខ្លាំង រុស្សីមិនកាត់ផ្ដាច់ទេ ក៏ប៉ុន្តែពួកអឺរ៉ុបមួយចំនួនមិនទិញឧស្ម័នពីរុស្សី។ ដល់អញ្ចឹងទៅប្រជាជនដែលធ្លាប់តែប្រើឧស្ម័នសម្រាប់កំដៅក្នុងផ្ទះ ឬក៏ចំអិនអាហារគាត់អត់មាន(ឋាមពលដុតកំដៅ)។ (វា)ទៅជារងារ។ (អញ្ចឹង)ហើយទៅកាប់ឧសយកមកដើម្បីដុត។ ផ្សារទំនើបនៅអង់គ្លេស/អាល្លឺម៉ង់ ដល់ថ្នាក់ដាក់លក់ឧស។ បើសិនជាសង្គ្រាមអូសបន្លាយនៅអ៊ុយក្រែនតទៅទៀត អឺរ៉ុបនឹងកាប់ឈើមកចំអិនអាហារ/ប្រើប្រាស់។ ប្រទេសអឺរ៉ុបមួយចំនួនចាប់បង្ខំប្រើប្រាស់ធ្យូងថ្មឡើងវិញ បន្ទាប់ពីឆ្នាំ២០២១ បានប្រកាសនៅទូទាំងពិភពលោកថា មិនកសាងអគ្គិសនីដើរដោយធ្យូងថ្ម។ ទីចុងបំផុតប្រទេសអឺរ៉ុបមួយចំនួន បានប្រើប្រាស់ធ្យូងថ្មឡើងវិញ។ ដូច្នេះ កិច្ចព្រមព្រៀងប្រែប្រួលអាកាសធាតុលែងមានន័យហើយ ព្រោះប្រទេសដែលនាំគ្នាសន្យាស្ដីអំពីការមិនបង្កើតរោងចក្រអគ្គិសនីដើរដោយធ្យូងថ្ម ទៅជាប្រើធ្យូងថ្ម។ បើដូច្នេះវាធ្វើឱ្យមានជាតិពុលបណ្ដាលមកពីអគ្គិសនីដើរដោយធ្យូងថ្ម … វាពាក់ព័ន្ធគ្នាជាសង្វាក់របស់វាបែបនេះ។

(១៣) បង្កើនការផលិតអគ្គិសនីច្រើន ដោយមិនបំពុលបរិស្ថាននៅពេលខាងមុខ

បច្ចុប្បន្ននេះ (ការផលិតឋាមពលអគ្គិសនីនៅកម្ពុជា)មានជាង ៦២% (ជាឋាមពល)កកើតឡើងវិញ។ នេះអាចថាជាប្រទេសមួយក្នុងចំណោមប្រទេសដែលមិនបំពុលបរិស្ថានច្រើន តែយើងត្រូវយកការបំពេញថែមឱ្យការប្រើប្រាស់នាពេលខាងមុខនេះ ចេញមកពីប្រភពកកើតឡើងវិញឱ្យបានច្រើន។ ប្រសិនបើបច្ចេកវិទ្យាអាចស្រាវជ្រាវឃើញថា​ ឥឡូវមានប្រភពកកើតឡើងវិញដោយពន្លឺព្រះអាទិត្យ ប៉ុន្តែបើគេអាចស្រាវជ្រាវបានថា អត់ពន្លឺព្រះអា​ទិត្យ វាអាចនៅឱ្យភ្លើងដដែលប្រហែលជាវាល្អ។ ប៉ុន្តែវាមិនអាចទៅរួច។ ឧទាហរណ៍ថា ពន្លឺព្រះច័ន្ទក៏ទទួលបាននូវថាមពល ហើយខ្យល់មកក៏វាទទួលបានថាមពល គេដាក់កង្ហារនោះច្រើនទៅវា(ផលិតបានអគ្គិសនី) ថាមពលកកើតដោយខ្យល់ អ្នកប្រើកង្ហារដាក់ទៅដំបូលហើយខ្យល់មកវាទាញអាហ្នឹងឱ្យកើតទៅជាអគ្គិសនី។

(១៤) ទំនប់ដំណាក់អំពិល ទំនប់ចរិត ផ្តល់ទឹកសំរាប់រដូវប្រាំង, ទំនប់ស្ទឹងពោធិសាត់កាត់បន្ថយការជន់លិច

ខ្ញុំរីករាយណាស់ ដោយសារតែបានចូលរួមយ៉ាងច្រើនជាមួយអ្នកខេត្តពោធិ៍សាត់ ជាពិសេស គឺទំនប់ដំណាក់អំពិល។ ទំនប់ដំណាក់អំពិល ខ្ញុំចង់បានវាតាំងពីឆ្នាំ១៩៨៦ តាំងពីមនុស្សមួយចំនួននៅទីនេះអត់ទាន់កើតផង ពេលនោះ ឯកឧត្តម រស់ ស្រេង នៅធ្វើជាអភិបាលខេត្ត កូនស្រីច្បងរបស់ខ្ញុំតាមខ្ញុំ។ ពេលនោះខ្ញុំទៅមើលទំនប់ដំណាក់អំពិលដែលពួកខ្មែរក្រហមកសាង ប៉ុន្តែវាអត់ត្រូវស្ដង់ដារ។ ពេលហ្នឹងទើបនឹងវាយគ្នាថ្មីៗ ក្នុងស្រុកបាកាន។ ក្នុងពេលហ្នឹង សំអុល គាត់នៅធ្វើអភិបាលស្រុក ឥឡូវធ្វើក្រុមប្រឹក្សាខេត្ត។ ផ្ទះនៅភ្នំពេញ ដល់មានការបានមកពោធិ៍សាត់។ ហ្នឹងបងប្អូនជីទួតមួយធ្វើអភិបាលស្រុកបាកាន។ ខ្ញុំគុំថានឹងធ្វើទំនប់ដំណាក់អំពិល(ឱ្យបាន)។ ក្រោយមកបានទំនប់ដំណាក់អំពិល។ ចុះពីហ្នឹងទៅ មុនទម្លាក់ទឹកទៅទន្លេសាប មានទំនប់ចារឹក។ ទំនប់ចារឹកគឺខ្ញុំប្រកាស(សាងសង់)ពីកង់ប៉េរ៉ា ពីរដ្ឋធានី នៃប្រទេសអូស្ដ្រាលី ព្រោះពេលនោះតម្រូវការនៃការប្រើប្រាស់ថវិកាកសាងប្រហាក់ប្រហែល៥ លានដុល្លារ។ យើងក៏ចុះហត្ថលេខាលើគម្រោងរ៉ែបុកស៊ីត។ គេបានផ្ដល់សួយសារ៥ លានដុល្លារ។ (ខ្ញុំ)ថា៥ លានដុល្លារ បុកចូលទំនប់ចារឹត។ យើងបានទំបន់ចារឹតមួយទៀត។ ឥឡូវអ្នកពោធិ៍សាត់ទទួលបានផលពីទំនប់(ពីរហ្នឹង)។ បើយោងទៅលើការសិក្សា ពេលដែលធ្វើទំនប់ស្ទឹងពោធិ៍សាត់មួយនេះ​ វាកាត់បន្ថយការដែលទីរួមខេត្តពោធិ៍សាត់តែងតែលិចលង់នៅរដូវវស្សា។ ពេលដែលយើងទប់ទំនប់នេះ វាកាត់បន្ថយការលិចលង់នៅរដូវវស្សា ហើយទម្លាក់ទឹកនៅរដូវប្រាំងបានយ៉ាងល្អ ដែលត្រឡប់មកវិញ វាជួយយើងការទប់ស្កាត់ការលិចសម្រាប់ទីរួមខេត្តពោធិ៍សាត់។

(១៥) នឹងបង្កើតប៉ូលសេដ្ឋកិច្ចទី៤ មានរបៀងមច្ឆានិងអង្ករ គ្របដណ្ដប់ខេត្ត៤ ភាគពាយ័ព្យ

បានជាខ្ញុំលើកជាគំនិតថា នឹងបង្កើតប៉ូលសេដ្ឋកិច្ចទី៤ ដែលគ្របដណ្ដប់ខេត្ត៤ នៅទិសពាយ័ព្យ គឺរួមមានខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងប៉ៃលិន។ នោះគឺផ្ដើមចេញពីការចរចា រវាងខ្ញុំ និងប្រធានាធិបតីចិន Xi Jinping ដែលយើងនឹងបង្កើតជា គម្រោងរបៀងមច្ឆានិងអង្ករ ព្រោះនៅទិសនេះ គឺជាទិសដែលយើងសម្បូរស្រូវ/ត្រី។ ត្រីមិនមែនគ្រាន់តែត្រីទន្លេសាបទេ យើងមានត្រីចិញ្ចឹមទៀត ប៉ុន្តែយើងក៏មានផលិតផលដទៃទៀត យើងអាចនឹងឈានទៅបង្កើតនូវប៉ូលសេដ្ឋកិច្ចទី៤។ ខ្ញុំជឿថាខាងចិនក៏ចូលរួមវិនិយោគក្នុងការបង្កើតទៅជាផ្លូវលេខ៥៥ និងបង្កើតផ្លូវតភ្ជាប់ផ្លូវលេខ៥៧, ផ្លូវលេខ៥៧B, ផ្លូវតភ្ជាប់តាំងពីផ្លូវលេខ៥៦, ផ្លូវ៥៩។ ផ្លូវលេខ ៥៧ ពីបាត់ដំបងទៅប៉ៃលិន, ពីបាវិលទៅទល់ដែនកំរៀង, ភ្នំព្រឹក (ផ្លូវលេខ) ៥៧B។ នេះផ្លូវលេខ ៥៦ ទេពីដើម ប៉ុន្តែដូរទៅ(ផ្លូវលេខ)៥៥។

(១៦) ពោធិសាត់ វាលវែង កំពង់សោម/កោះកុង

ខ្ញុំថាកុំនាំគ្នាដូរ(ឈ្មោះផ្លូវ) … រដ្ឋមន្ត្រីមួយឡើងមកគឺដូរឈ្មោះម្ដងៗ។ ប៉ុណ្ណឹងបានហើយ។ បោះផែនទីដាក់ថាផ្លូវលេខ៥៦ ដល់គេថាអានេះ៥៥ ទេ (គឺថា)វង្វេងអស់។ រដ្ឋមន្ត្រីខ្លះឡើងមកបានត្រឹមតែដូរឈ្មោះផ្លូវ។ ប្រាប់ថាអាស្ដាំលេខគូ អាឆ្វេងលេខសេស។ មិនគិតពីរឿងធ្វើផ្លូវឯណា​ វា(គិត)តែពីរឿងដូរ(លេខ)ផ្លូវឯណេះទៅវិញ។ រឿងនេះវាហួសទៅហើយ តែបើសិនជាខ្ញុំមិននិយាយនៅតែដូរទៀត។ គិតរឿងធ្វើផ្លូវឱ្យល្អ។ ដូរឈ្មោះផ្លូវ (គឺ)បង្កើតនូវការវង្វេង … ព្រោះធ្លាប់ដឹងអាហ្នឹងផ្លូវលេខ៥៦ ស្រាប់តែចុះឡើងៗ ថាដាក់ផ្លូវលេខ៥៥ បាត់ទៅហើយ អត់បានអនុម័តពីនាយករដ្ឋមន្ត្រីផង … បន្តិចទៀតអ្នកពោធិ៍សាត់/វាលវែង ទៅកំពង់សោម/កោះកុង មិនបាច់ចាំឆ្លងទៅតាមពោធិ៍សាត់/កំពង់ឆ្នាំង ទៅភ្នំពេញ ហើយបានទៅកំពង់សោម ទើបចេញទៅវាលវែង​ទេ (ព្រោះនឹងមាន)ការតភ្ជាប់ចេញទៅកោះកុងតែម្តង …។

(១៧) នាយករដ្ឋមន្ត្រីយូរជាងគេលើពិភពលោក

អម្បាញ់មិញ ឯកឧត្តម ខូយ រីដា ថា ជូនពរសម្តេចឱ្យអាយុយឺនយូរដើម្បីធ្វើនាយករដ្ឋមន្ត្រីគ្រប់ៗអាណត្តិ។ ខ្ញុំសួរថាមួយអាណត្តិ ៥ ឆ្នាំ (តើ)វាមាន៥ ឆ្នាំ ប៉ុន្មានដងទៀត? គេទាយថាខ្ញុំនឹងបាន (អាយុ) ៩៣ ឆ្នាំ។ (ដូច្នេះ) ខ្ញុំនៅសល់២២ ឆ្នាំទៀត ប៉ុន្តែវាមិនអាចអ្នកណា(ធ្វើនាយករដ្ឋមន្ត្រី)ទៅធ្វើដល់ថ្ងៃងាប់(នោះទេ) ទុកឱ្យក្មេងគេធ្វើផង។ ខ្ញុំធ្វើនាយករដ្ឋមន្ត្រីយូរជាងគេនៅលើពិភពលោក មិនមែនគ្រាន់តែយូរជាងគេក្នុងស្រុកខ្មែរទេ (គឺ)យូរជាងគេនៅលើពិភពលោកតែម្តងរាល់ថ្ងៃនេះ។ ឥឡូវ យើងគិតមើល ខ្ញុំចាប់ផ្តើមធ្វើនាយករដ្ឋមន្ត្រីនៅអាយុ ៣២ ឆ្នាំ ឥឡូវ ធ្វើ(បាន) ៣៨ ឆ្នាំ បានសេចក្តីថា ជាងពាក់កណ្តាលជីវិតហើយ បើទាំងរដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រីទៀត (គឺ)ធ្វើជាង ៤៤ ឆ្នាំ។ វាយូរណាស់។

(១៨) ខ្សែក្រវាត់ពីរជាន់៖ ខាងមុខក្មេងកាន់អំណាច ខាងក្រោយចាស់ទុំនៅទ្រទ្រង់

យើងរកបានក្មេងៗ ដែលគេនឹងជំនួស ពួកយើងគួរតែរៀបចំឱ្យពួកគេទៅ ហើយយើងនៅជាមួយគេ។ រឿងនេះយើងបានដឹងហើយថាកូនអ្នកណា ប៉ុន្តែ(គឺទាល់តែ)ថាពេលណាសមស្រប។ ខ្ញុំយល់អំពីអារម្មណ៍បងប្អូន។ ជា​ពិសេស ខ្ញុំនឹកឃើញទៅដល់រដ្ឋមន្ត្រីមួយរូបដែលគាត់បាននិយាយថា ជួបប្អូនប្រុសគឺជារឿងសប្បាយ ប៉ុន្តែ បែកពីឪពុកគឺជារឿងលំបាក។ (គាត់)ជារដ្ឋមន្ត្រី (ហើយ)គាត់ជានារី តែគាត់ប្រើភាសានេះ។ គាត់ប្រើពាក្យថា “ជួបប្អូនប្រុសគឺសប្បាយ ប៉ុន្តែបែកពីឪពុកក៏វាលំបាក”។ មានន័យថា ម្ខាងគាត់ក៏ចង់បានអ្នកជំនាន់ក្រោយធ្វើនាយករដ្ឋមន្ត្រី ប៉ុន្តែម្ខាងទៀតគាត់ធ្លាប់បានទទួលសេចក្តីសុខធ្វើការជាមួយឪពុក។ គាត់ក៏មានការស្តាយ​ស្រ​ណោះ។ ក៏ប៉ុន្តែយើងអត់ទៅណាឆ្ងាយ។ យើងនៅហ្នឹងដែរ។ អញ្ចឹងទេ វាកាន់តែមាំជាង (ដោយមាន)ខ្សែក្រវាត់ ២ ជាន់ឯណោះ។ បានសេចក្តីថា ខាងមុខមានក្មេងគេកាន់អំណាច ខាងក្រោយគឺមានចាស់ទុំទ្រទ្រង់ …។

(១៩) កែរដ្ឋធម្មនុញ្ញលើករណីតំណែងនាយករដ្ឋមន្ត្រី គឺដើម្បីធានានិរន្តរភាពការដឹកនាំជាតិ

អត់មាន(ស្ថានភាពដែលកើត)អស្ថិរភាពនយោបាយ ដោយសារតែការបាត់បង់ជីវិតរបស់នាយករដ្ឋមន្ត្រី ជាពិសេសគឺនាយករដ្ឋមមន្ត្រីបាត់បង់ជីវិតគឺគ្រោះថ្នាក់ណាស់។ ពីមុននៅក្នុងរដ្ឋធម្មនុញ្ញ … ចែងច្បាស់តែម្តងថា “ក្នុងករណីតំណែងនាយករដ្ឋមន្ត្រីនៅទំនេរជាស្ថាពរ គណៈរដ្ឋមន្ត្រីមួយត្រូវរៀបចំឡើងវិញ”។ អញ្ចឹង មានន័យថា “នាយករដ្ឋមន្ត្រីស្លាប់ភ្លាម ឬលាលែងពីតំណែងភ្លាម គណៈរដ្ឋមន្ត្រីទាំងមូលរលាយតែម្តង” … នៅក្នុងការ បែងចែកតួនាទី ខ្ញុំចេញសេចក្តីសម្រេចថា ឧបនាយករដ្ឋមន្ត្រីមួយណាធ្វើនាយករដ្ឋមន្ត្រីស្តីទី។ អញ្ចឹង នាយករដ្ឋមន្ត្រីស្តីទី ត្រូវដឹកនាំរដ្ឋាភិបាលរហូតដល់រៀបចំគណៈរដ្ឋមន្ត្រីមួយថ្មី។ ក្នុងករណីនាយករដ្ឋមន្ត្រីលាលែង នា​យករដ្ឋមន្ត្រីដែលលាលែងនេះក៏ត្រូវទទួលខុសត្រូវ រហូតដល់គណៈរដ្ឋមន្ត្រីមួយត្រូវបានរៀបចំឡើងវិញ។ គណៈរដ្ឋមន្ត្រីណាដែលត្រូវទម្លាក់ដោយសភា មុនពេលដែលបង្កើតគណៈរដ្ឋមន្ត្រី គណៈរដ្ឋមន្ត្រីដែលទម្លាក់ដោយសភានោះក៏ត្រូវទទួលខុសត្រូវដែរ។

យើងធ្វើរឿងហ្នឹង បែរជាគេចោទយើងធ្វើរដ្ឋប្រហារទៅវិញ … អ្វីដែលយើងបានរៀបចំនេះ ដើម្បីធានាថាកុំឱ្យវាមានវិបត្តិ ព្រោះច្បាប់អត់បានចែង។ បើរដ្ឋធម្មនុញ្ញដើមគឺកំណត់ថា “ក្នុងករណីដែលនាយករដ្ឋមន្ត្រីទំនេរម្តងម្កាល គឺត្រូវមាននាយករដ្ឋមន្ត្រីស្តីទី” ប៉ុន្តែបើតំណែងនាយករដ្ឋមន្ត្រីនៅទំនេរជាស្ថាពរ គណៈរដ្ឋមន្ត្រីមួយត្រូវរៀបចំឡើងវិញ។ មានន័យថា គណៈរដ្ឋមន្ត្រីឱ្យតែនាយករដ្ឋមន្ត្រីស្លាប់ឬលាលែងពីតំណែង គឺ(នឹងកើតមាន)ស្ថានភាពអត់រដ្ឋាភិបាល … ឥឡូវអត់អញ្ចឹងទេ។ បើនាយករដ្ឋមន្ត្រីស្លាប់គឺត្រូវតែមានឧបនាយករដ្ឋមន្ត្រីណាមួយធ្វើជានាយករដ្ឋមន្ត្រីស្តីទី។ បើអ្នកឯងលា(លែងពីតំណែង) ឬក៏ត្រូវទម្លាក់ ក៏ត្រូវតែអ្នកឯងទទួលខុសត្រូវរហូតដល់ពេលគណៈរដ្ឋមន្ត្រីត្រូវបានរៀបចំ។ ខ្ញុំនិយាយព្រោកប្រាជ្ញទៅឯណានោះ ប៉ុន្តែអ្នកដែលកំពុងស្តាប់ … មិនដឹងប៉ុន្មានស្ថានីយ៍ទូរទស្សន៍កំពុងផ្សាយ ទាំងក្នុងស្រុកនិងក្រៅស្រុក។

(២០) យកចិត្តទុកដាក់លើករណីទី៤ និងទី២ នៃដំណោះស្រាយ

នេះ(ខ្ញុំ)គ្រាន់តែពន្យល់ ហើយខ្ញុំសប្បាយជាមួយនឹងការអភិវឌ្ឍនៅទីនេះ។ រឿងដំណោះស្រាយនៅទីនេះ ខ្ញុំមិននិយាយទៅដល់ករណីទី(១) ករណីទី(២) ករណីទី(៣) នោះទេ តែខ្ញុំនិយាយដល់ករណីទី(៤)។ ករណីទី(៤)​៖ គឺថា ០៦ គ្រួសារបាត់ដំណឹង ប៉ុន្តែគេបានត្រៀមរៀបចំ។ យើងក៏ត្រូវមើលដែរ ប្រយ័ត្នតែបន្លំខ្លួនមកថាអញក៏ជាម្ចាស់ដីហ្នឹង។ ជួនកាលមានអ្នកមកតាំងខ្លួនថាខ្ញុំក៏ម្ចាស់នៅក្នុងកន្លែងហ្នឹងដែរ។ ខ្ញុំគិតថាមូលដ្ឋានចេះដោះស្រាយហើយ។ ឯករណីទី(២) ដែលកើតឡើង គឺករណីមិនទាន់ឯកភាពទទួលយកគោលនយោបាយសំណងមាន៥ គ្រួសារ ក្នុងនោះ៤ គ្រួសារ បានចុះកិច្ចសន្យាថា បើទឹកមិនលិចទេ ពួកគាត់បន្តប្រើប្រាស់ដីហ្នឹង។ ខ្ញុំគិតថានេះជាវិធីសាស្ត្រដ៏ល្អនៃការសម្រុះសម្រួល រវាងក្រុមហ៊ុន អាជ្ញាធរជាមួយ និងប្រជាពលរដ្ឋ។ បើសិនជាទប់ទឹកទៅវាឡើងអត់លិចដីហ្នឹងទេ ប្រជាជននៅបន្តប្រើទៅ។ គ្មានជម្រើសណាក្រៅពីគេនិយាយគ្នាអញ្ចឹងទេ។ ចុះ​​ហត្ថលេខាជាមួយគ្នាទៅ។ បើសិនជាលិច យើងត្រូវដោះស្រាយសំណងឱ្យគាត់។ ក្រុមហ៊ុនត្រូវដោះស្រាយត្រៀមដីទុកឱ្យហើយ។ ក្នុងករណីដែលវាកើតឡើងករណីបែបនេះ គឺគាត់ត្រូវបានទទួលដីដូចអ្នកដែលមកទីនេះ។ បើគាត់ចង់បានផ្ទះ (គឺ)ធ្វើផ្ទះឱ្យគាត់។ បើគាត់ចង់បានលុយ ហ្នឹង(ផ្ដល់ឱ្យ)ទៅតាមចិត្តរបស់គាត់។ ប៉ុន្តែ អ្នកហ្នឹងច្បាស់ជាចង់បានផ្ទះហើយ ព្រោះឃើញផ្ទះល្អ។ មួយចំនួនដែលយកលុយទៅនោះ ដល់ឃើញផ្ទះល្អចង់បានផ្ទះទៅវិញ ប៉ុន្តែវាហួសពេលទៅហើយ …។

(២១) ចង់ក្លាយទៅជាប្រទេសអតិរេកស្វាយចន្ទី

ដីរបស់យើង៥ ហិកតា ឯណោះដាំទៅ។ នៅឯណេះមិនដឹងថាដាំស្វាយចន្ទីបានឬអត់? ថ្ងៃក្រោយខ្ញុំចង់ឱ្យប្រទេសកម្ពុជាក្លាយទៅជាប្រទេស ដែលអតិរេក(ដោយ)ស្វាយចន្ទីតែម្តង។ ឥឡូវ ស្វាយចន្ទី គឺថា ផលិតច្រើនជាងគេទាំងអស់ គ្រាន់តែយើងមិនទាន់មានការកែច្នៃ។ ខ្ញុំមើលពិព័រណ៍ទៅកំពង់ធំថ្ងៃមុន ប្រទេសកូតឌីវ័រ មានត្រឹមតែ ១លាន១ សែនតោនទេ។ កម្ពុជាយើងមាន១លាន១សែន៨ម៉ឺនតោន។ អាហ្នឹងមិនទាន់គិតអាកំពុងតែលូតលាស់ឡើង ដែលមានប្រមាណ ៧០ ម៉ឺនហិកតា។ អញ្ចឹង ថ្ងៃក្រោយទៅ បើសិនជាថាស្វាយចន្ទីនេះវាកាក់កប អា(ស្វាយចន្ទី)នេះចែកតាមទីផ្សារលើពិភពលោកតែម្តង ជាពិសេស ក្នុងវិស័យទេសចរណ៍ហ្នឹង (ដែល)ត្រូវការគ្រាប់ស្វាយចន្ទី។

(២២) ករណីដីមានច្រើនម្ចាស់ សូមក្រុមការងារនិអាជ្ញាធរអញ្ជើញមកសម្របសម្រួល

ចំពោះប្រជាពលរដ្ឋ១ គ្រួសារ ជាប់បណ្តឹង (ដែល)ជាដីមានម្ចាស់ច្រើនកំពុងក្តីក្តាំនៅតុលាការ ករណីនេះមិនទាន់មានការសម្រេចពីតុលាការ។ ក្រុមការងារនឹងដោះស្រាយសំណងជូន។ ខ្ញុំស្នើឱ្យក្រុមការងារ ដែលចុះជួយខេត្តពោធិ៍សាត់ បូកជាមួយអាជ្ញាធរ គួរតែអញ្ជើញម្ចាស់ធ្វើការសម្របសម្រួល។ នៅក្នុងតុលាការគឺមានឈ្នះមានចាញ់។ ឥឡូវបើគាត់ថាដីតែមួយកន្លែងហ្នឹងវាមាន ៣ គ្រួសារ ហៅគាត់មកជជែកគ្នា។ បើទុកឱ្យ(មាន)ក្តីក្តាំមិនដឹងថាពេលណាដោះស្រាយរួច។ នេះទី(១)​។​ ទី(២) ដោះទៅវាមានឈ្នះ/ចាញ់។ អ្នកឈ្នះថាតុលាការយុត្តិធម៌ អ្នកចាញ់ថាតុលាការអយុត្តិធម៌។ យូរៗទៅមកជេរ ហ៊ុន សែន ទៅវិញ។ អំណាចរបស់តុលាការ គឺជាអំណាចមួយផ្សេង។ ពេលដែលតុលាការកាត់ក្តីឱ្យចាញ់កុំជេរ ហ៊ុន​ សែន ព្រោះខ្ញុំអត់បានត្រួតត្រាតុលាការទេ … បើចង់ស្មើ នាំគ្នាមកសម្របសម្រួលនៅក្រៅតុលាការ។ អញ្ជើញពួកគាត់មកនិយាយគ្នាទៅ​។

ដីដែលថាម្ចាស់ច្រើនគ្នាហ្នឹងមានប៉ុន្មាននាក់? (ឧទាហរណ៍ថា)មាន ៣ ម្ចាស់ ហៅទាំង ៣ ម្ចាស់ហ្នឹងមកជួប កែវ រតនៈ ទៅ។ ដីហ្នឹងតម្លៃប៉ុន្មាន? ថាតម្លៃ ១ ម៉ឺន(ដុល្លារ)។ បើ ១ ម៉ឺន(ដុល្លារ) ខ្ញុំទិញយកតែម្តង។ រួចហើយចែកឱ្យអ្នកនេះប៉ុណ្ណេះៗ ចែកគ្នាទៅ ឈ្នះៗទាំងអស់គ្នា។ រួចហើយអត់មានរឿងចាំបាច់រកមេធាវីអស់លុយទេ។ អញ្ចឹង បានខ្ញុំលើកទឹកចិត្តឱ្យដោះស្រាយជម្លោះក្រៅប្រព័ន្ធតុលាការ។ រឿងនេះគឺរឿងដោះស្រាយបាន។ ៣ ម្ចាស់ទេតើ។ នៅប្តឹងគ្នាយូរទៀតអស់ទាំងក្តិតខោ គ្រាន់តែថ្លៃមេធាវី។ រួចអ្នកឈ្នះថាតុលាការយុត្តិធម៌ ដល់អ្នកចាញ់ថាតុលាការអយុត្តិធម៌ ដល់យូរៗទៅខឹងគោវាយរទេះ។ ខឹងតុលាការមកជេរ ហ៊ុន សែន ហើយត្រូវពួកប្រឆាំងញុះថែមទៀត ទៅជារឿងមួយផ្សេងទៀត។ កែវ រតនៈ (សូមជួយសម្រួលឱ្យ)លឿន។ គាត់ទទួលផ្នែកអគ្គិសនីនិងជួយមកពោធិ៍សាត់នេះប៉ុន្មានស្រុក។ ឥឡូវថែមជម្លោះមួយហ្នឹងទៀតទៅវាមិនទាស់ខុសទេ … លើកទឹកចិត្តឱ្យមានការដោះស្រាយ ហើយថែមថយលុយបន្តិចបន្តួចទៅ។ ដីដែលមានទំនាស់ហ្នឹងធំទេ? ៧ ហិកតា។ ទិញយកតែម្តងទៅ។ មិនបាច់ចាំលោក តឹង ជុនអ៊ីម ដោះទេ … ហ្នឹងក្របខណ្ឌ នៃការដោះស្រាយគោលនយោបាយ។ បន្តិចទៀតខ្ញុំនឹងទៅមើលវារីអគ្គិសនី ហើយខ្ញុំនឹងឡើងទៅហូបបាយនៅភ្នំពេញ។

(២៣) ភ្ជាប់ Chanel Telagram Prime Minister មានប្រយោជន៍ច្រើន

ថ្ងៃនេះ ខ្ញុំ(បាន)នាំមកសម្រាប់ជូនបងប្អូននៅទីនេះ … ទាំងអ្នកបានផ្ទះ ទាំងអ្នកអត់បានផ្ទះ ប៉ុន្តែអត់មួយគ្រួ​សារអត់មានមកចូលហ្នឹងទេអី? មិនដឹងចែកឱ្យអ្នកណាក្នុងចំណោម៣ នាក់? អញ្ចឹង នៅក្រៅបញ្ជីសិន។ ចាំដោះស្រាយក្រោយ។ ឯក្រៅពីនោះ​ដោះស្រាយមាន ៣៤២ គ្រួសារ … នៅទីនេះយប់ត្រជាក់ខ្លាំង។ មើលថ្មើហ្នឹងនៅត្រជាក់។ ហ្នឹងខ្យល់ល្អណាស់។ ប៉ុន្តែ មើលទៅគ្មានសំណាងមកនៅនេះទេ។ មើលទៅថ្ងៃក្រោយធ្វើផ្ទះមួយ ខ្ញុំមកលេងជាមួយ តាអឿន ឯង … ការពិតផ្ទះខ្ញុំរាល់ថ្ងៃនេះ ខ្ញុំប្រើតែ ៣ បន្ទប់ទេ។ ខ្ញុំប្រើតែបន្ទប់ដេកខ្ញុំមួយ បន្ទប់បាយមួយ និងបន្ទប់ធ្វើការមួយ។ ឯក្រៅពីនោះមិនដឹងបន្ទប់ណាអីបន្ទប់ណា(ទេ) … ជួនកាលខ្ញុំនិយាយសម្លេងបញ្ជូនតាមទូរទស្សន៍អីមក ខ្ញុំដេកនិយាយតើ។ ខ្ញុំមានអង្គុយនិយាយឯណា? រៀបចំខួរក្បាលឱ្យហើយ។ ចាប់ទូរស័ព្ទមក គឺនិយាយសម្លេង រួចហើយបញ្ជូនមកតាមស្ថានីយ៍។

ឥឡូវមាន Channel telegram មួយមាន (ដែលមាន)ចំនួន(គាំទ្រ) ៦១ ម៉ឺននាក់។ ម្សិលមិញសម្ពោធ រឿង “កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរមី”។ ខ្ញុំគ្រាន់តែជម្រាបអញ្ចេះ រឿងហ្នឹងនឹងចាប់បញ្ចាំងថ្ងៃទី ២០ តាមទូរ​ទស្សន៍បាយ័ន មួយថ្ងៃមួយភាគ គឺមួយអាទិត្យ ៣ ភាគ។ ប៉ុន្តែក្រោយការបញ្ចាំងតាមទូរទស្សន៍ហើយ ខ្ញុំនឹងបង្ហោះចូលតាម Channel telegram។ អ្នកដែលចង់មើលខ្សែភាពយន្តតាមរយៈខ្សែទូរស័ព្ទដៃ គឺភ្ជាប់​ Channel telegram របស់ខ្ញុំទៅ (គឺ)បានមើលហើយ។ តាមទូរទស្សន៍គេបញ្ចាំង ១០ នាទីម្តង រួចហើយគេផ្សាយពាណិជ្ជកម្មសិន។ ឯ(តាម) Channel telegram របស់ខ្ញុំ ដាក់ទៅមើលរហូត មួយភាគហ្នឹងដល់ចប់។ តែខ្ញុំមិនអាចបង្ហោះមុនពេលដែលគេបញ្ចាំងទេ។ ក្រោយ១ ម៉ោង ឬ២ ម៉ោង បានខ្ញុំចាប់រុញចូលក្នុងហ្នឹង។ ជាពិសេសការធ្វើដំណើរតាមរថយន្តស្អីៗហ្នឹង យើងអត់បានមើលឯណា។​ អ្នកណាស្ពាយទូរទស្សន៍តាម អញ្ចឹង ភ្ជាប់ Telegram របស់ខ្ញុំ។ ខ្ញុំមិនមែនឃោសនាឱ្យភ្ជាប់ Telegram (ទេ)។ Channel telegram របស់ខ្ញុំ គឺជាប់ចំណាត់ថ្នាក់លេខ ២ លើពីភពលោកហើយឥឡូវនេះ។ បន្តិចទៀតមានអាអ្នកចេញមកច្រណែនទៀតហើយ។ គ្រាន់តែលេង Facebook ចាញ់ខ្ញុំ​ ក៏វារករឿងខ្ញុំដែរ។

ឥឡូវ Channel telegram របស់ខ្ញុំ មាន ៦១៧ ២២២ នាក់ ដល់ម៉ោងត្រឹមឥឡូវហ្នឹង។ អ្នកដែល(មានការគាំទ្រ)ច្រើនជាងខ្ញុំ គឺមានជាង ៩០ ម៉ឺននាក់ គឺប្រធានាធិបតីអ៊ុយក្រែន ព្រោះប្រទេសគាត់មានសង្រ្គាម។ ដល់ប្រទេសគាត់មានសង្រ្គាម ប្រជាជនរបស់គាត់ត្រូវភ្ជាប់ Telegram ជាមួយនឹងប្រធានាធិបតី។ ខាងមុខនេះនឹងអាចមើលខ្សែភាពយន្តដោយមិនចាំបាច់ស្ពាយទូរទស្សន៍។ ខ្ញុំមិនមែនឃោសនាឱ្យភ្ជាប់ទេ ប៉ុន្តែមានប្រយោជន៍(ច្រើន)។ ពួកប្រឆាំងក៏ដោយអ្នកណាក៏ដោយ ចង់ភ្ជាប់ៗទៅ អត់មានមកឆាឆៅខ្ញុំបានទេ។ អ្នកដែលមានសិទ្ធិបង្ហោះមានតែខ្ញុំនិង Admin របស់ខ្ញុំប៉ុន្មាននាក់តែប៉ុណ្ណឹងទេ។ អត់មានអ្នកណាមកនិយាយអីក្នុងហ្នឹង(បាន)ទេ ខុសពី Facebook។ ឥឡូវនេះ ក៏កំពុងតែផ្សាយផ្ទាល់ចេញពីទីនេះ តាមប្រព័ន្ធ Telegram។ ឯកឧត្តម ខូយ រីដា និយាយអម្បាញ់មិញហ្នឹង គឺមានអ្នកចូលមើល ៥៩ ០០០ នាក់ ឥឡូវអ្នកកំពុងមើលខ្ញុំផ្ទាល់ មាន ៣៧ ០០០។ ឯចំពោះឯកឧត្តម ខូយ រីដា​ គេបើកមើលបន្តអំពីរបាយការណ៍របស់គាត់ ឡើងដល់៦ ម៉ឺននាក់ …។

ម្សិលមិញមាន ស៊ីស៊ីថាម ដូចជាបានផ្ញើមកខ្ញុំ។ ក្មេងប្រុសម្នាក់ ឈ្មោះ សំបូរ ផ្ញើមកខ្ញុំដែរ ដាក់ថា សម្ដេច ហ៊ុន សែន សម្រក់ទឹកភ្នែក​ពេលរំលឹកពីប្រវត្ដិសេ្នហ៍ជាមួយសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត។ អ្នកចូលមើល ៨ ម៉ឺននាក់ ខ្ញុំក៏បង្ហោះចូលក្នុងហ្នឹង។ ឯអ្នកចូលមើលពេលផ្សាយផ្ទាល់ម្សិលមិញមានច្រើនតង់ អានេះ ១៨ ៦ ២០០ នាក់, ១៤១ ៥០០ នាក់, ១ ២០៤ ៧០០ នាក់។ ដោយឡែក រឿង “ពោធិ៍សាត់” នេះ ពលរដ្ឋពោធិ៍សាត់រង់ចាំវត្ដមាន​ប្រមុខបក្សទេវតា គេមានចំរៀងមួយបទ ដែលដឹកនាំ និងគ្រប់គ្រងខ្លឹមសារដោយ ឯកឧត្តម អេង ឈុន និពន្ធទំនុកតាមលំនាំដើមតាជ័យ មានអ្នកចូលមើល ១១ ម៉ឺន ៥ ពាន់ ៦ រយ(នាក់)។ ពេលដែល បងសែម មកបង្ហោះ​រូបភាពនេះ មានអ្នកចូលមើល ៩១ ០០០ នាក់។ ពលរដ្ឋរង់ចាំវត្ដមានប្រមុខបក្សទេវតា ៨៣ ០០០ នាក់ នេះសុទ្ធតែមានទិន្នន័យ។ មិនស្រួលវាមានរឿងរបស់វាទៀត ថាឯងទៅបន្លំអីឯណា។ ឥឡូនេះ បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែនមកដល់ខ្ញុំ។ ខ្ញុំនឹងមានលទ្ធភាពឡើងទៀត ដោយ​សារសមាជិក/ជិកាគណបក្សប្រជាជនដែលប្រើ Telegram កំពុងតែភ្ជាប់ជាបន្ដបន្ទាប់ (ដើម្បី)ទទួលសារពីប្រធានគណបក្សផ្ទាល់តែម្ដង …។

ពាំនាំអំណោយសម្រាប់អ្នកចូលរួម

ថ្ងៃនេះ សម្រាប់អ្នកដែលមកចូលរួម គឺក្រៅពីនំប៉័ងស្អីៗហ្នឹង គឺមានមី ១ ​កេះធំ មាន ៦ កេះ​តូច ត្រីខ ១ កេះធំ មាន ១០០ កំប៉ុង អង្ក ១ បាវ មានទម្ងន់ ៥០ គីឡូក្រាម (និង)សង្ក័សី ចំនួន ៥០ សន្លឹក សម្រាប់បងប្អូនមួយចំនួនមិនបានធ្វើផ្ទះ (គឺ)យកអាហ្នឹងទៅថែមទៅ ហើយតង់ ៤X៦ (ចំនួន) មួយ និងថវិកា ១ លាន ៤ សែនរៀល។ យកតាមស្ដង់ដារអង្គរវត្ដ។ ឃីត ១ កញ្ចប់ មានម៉ុង ១ ភួយ ១ កន្ទេល ១ ខ្នើយ ១ សារុង ១ (និង)ក្រម៉ា១។ ហើយ(ជូន)ក្រុមគ្រូពេទ្យប្រចាំការក្នុងអង្គពិធី (ថវិកាចំនួន) ៣ លានរៀល។ (ជូន)សាលាស្រុកវាលវែង (ថវិកា)ចំនួន ២ លាន។ ខ្ញុំអរគុណណាស់ សម្រាប់បងប្អូនដែលយោគយល់ ហើយដោះស្រាយគោលនយោបាយ តាំងទីលំនៅថ្មី​ទទួលបានដី។ បងប្អូនខ្លះមានដី ១ ហិកតា ក៏បាន ៥ ហិកតា ហើយភ្ជួរហើយស្រេច។ ចាប់ផ្ដើមជាមួយជីវភាពថ្មី។

(២៤) ចង់ប្រែក្លាយតំបន់ស្ទឹងពោធិ៍សាត់ ក្លាយជាតំបន់​ទេសចរណ៍

… ខ្ញុំចង់ឱ្យតំបន់នេះក្លាយជាតំបន់​ទេសចរណ៍ដ៏ទាក់ទាញនៅពេលខាងមុខ។ ក្រុមហ៊ុនអាចបន្ថែមដោយ(ការសាងសង់)រីសត។ ឥឡូវ លឺថា​វាលវែងសំបូរទៅដោយរីសត។ ពីដើមកន្លែងសង្គ្រាមសោះ ឥឡូវក្លាយជាតំបន់ទេសចរណ៍។ ហ្នឹងហើយជាផ្លែផ្កានៃ​សន្ដិភាព។ មនុស្សមួយចំនួនមិនហ៊ាននិយាយពីរឿងសន្ដិភាពទេ។ ប៉ុន្ដែ ប្រជាជនទទួលផលពីសន្ដិភាព​ប៉ុណ្ណា។ សូម្បីតែអ្នកដែលមិនហ៊ាននិយាយពីសន្ដិភាព ខ្លាចថាសន្ដិភាពកើតមកដោយសារគណបក្សប្រជាជន​ ​ក៏អ្នកហ្នឹងទទួលបានផលប្រយោជន៍ពីសន្ដិភាពដែរ។ បន្ដិចទៀតគេដើរឃោសនាដល់កន្លែងហ្នឹង ថាបោះឆ្នោតឱ្យគេទៅ គេនឹងធ្វើអញ្ចេះៗ។ ឥឡូវ មែន (គឺ)ដេញថ្លៃគ្នាមែន។

(២៥) បក្សកាន់អំណាចធ្វើជាក់ស្ដែង ប្រជាពលរដ្ឋបាននឹងកំពុងទទួលផលជាក់ស្ដែង

ឃើញគណបក្សមួយចំនួនបានដេញថ្លៃគ្នាហើយ។ គណបក្ស​នេះថានឹងឱ្យមនុស្សចាស់ប៉ុណ្ណេះ។ ឥឡូវ មានគណបក្សមួយគេឱ្យ ២០ ម៉ឺនរៀល (ចំណែក)គណបក្សពីរនោះចេញមកឱ្យ ២៥ ម៉ឺន(រៀល)។ ប្រាក់ខែអប្បបរិមា គណបក្សមួយគេឱ្យ ២ លានរៀល (ចំណែក)គណបក្សពីរនោះចេញមកគេឱ្យ ២.៥ (លានរៀល)។ មានគណបក្សចូលដេញថ្លៃ(គ្នា)ហើយ ព្រោះដំណាក់កាលនេះ (គឺ)ដំណក់កាល​ដេញថ្លៃ។ ចេះតែសន្យាទៅ។ ប៉ុន្ដែ គណបក្សកាន់អំណាច (រាជ)រដ្ឋាភិបាលអត់សន្យាបានទេ យើងធ្វើជាក់ស្ដែង ផលប្រយោជន៍ជាក់ស្ដែង។ បងប្អូនបានទទួលផលប្រយោជន៍រួចហើយពីសន្ដិភាព … ពីដើមវាលវែងមានផ្លូវមានស្អី(ឯណា)? គេវាយគ្នាពេញតែហ្នឹងតើ? ផ្លូវ(លេខ) ៥៥ ដែលកាលនោះលេខ ៥៦ (កង)វិស្វកម្ម ក្វាន់ សៀម ធ្វើ ទៅភ្នំស្វារអិល ភ្នំចិនយំ។ ឥឡូវយើងមានផ្លូវចាក់កៅស៊ូដល់ទល់ដែន រួចហើយយើងមានមួយក្រវ៉ាត់ទៀតតភ្ជាប់តាំងពីបាត់ដំបង ប៉ៃលិន ធ្លាក់ដល់ពោធិ៍សាត់ ភ្ជាប់ទៅកោះកុង ដើម្បីឱ្យប្រជាជនងាយស្រួលធ្វើដំណើរ។ ហ្នឹងមិន​ជាផលប្រយោជន៍ (ដែល)ប្រជាជនទទួលរួចហើយ?

អគ្គិសនីគេឡើងថ្លៃគ្រប់គ្នា កម្ពុជាមិនឡើងថ្លៃទេ។ ប្រទេស​ជិតខាងរបស់យើងពីមុនតម្លៃអគ្គិសនីថ្លោកជាងយើង ឥឡូវចាប់ផ្ដើមឡើងថ្លៃលើសយើងហើយ។ តែយើងឱ្យទ្រាំដើម្បីជួយប្រជាពលរដ្ឋ។ ក្នុងហ្នឹងសម្រាប់វិស័យកសិកម្ម ការបូមទឹកគឺឱ្យតែ៤៨០ រៀល/គីឡូ ប៉ុន្ដែត្រូវដឹង​ម៉ោងបូមផង។ អត្ថប្រយោជន៍ដែលប្រជាជនកំពុងបានទទួលជាមួយបណ្ណក្រីក្រ (និង)ជាមួយអត្ថប្រយោជន៍ផ្សេងៗ (ក្នុងនោះ)អ្នកទទួលផលប៉ះពាល់ដោយសារកូវីដ-១៩ ឥឡូវក្នុងមួយខែ(រាជ)រដ្ឋាភិបាលបញ្ចេញលុយពីរង្វង់ ៤០ ទៅ ៥០ លានដុល្លារ សម្រាប់ដោះស្រាយឱ្យប្រជាពលរដ្ឋរបស់យើង។ កម្មវិធី(ឧបត្ថម្ភសាច់ប្រាក់)កំពុងតែអនុវត្តជាក់ស្ដែងទៅលើស្ត្រីក្រីក្រ ដែលទទួលបានផលអំពីកម្មវិធីគាំពារសង្គមសម្រាប់ស្ត្រីក្រីក្រដែលមានផ្ទៃពោះ។ យើងអនុវត្តប៉ុន្មានឆ្នាំ(មក)ហើយ។ ខ្ញុំកំ​ពុងឱ្យបន្ថែមលុយ។ ពីមុន(នោះ)ពិនិត្យ(ពោះ) ៤ ដង បានប៉ុន្មាន? ឆ្លងទន្លេ(រួច)បានប៉ុន្មាន? ហើយមុនពេលកូនអាយុបាន ២ ឆ្នាំ ត្រូវបានប៉ុន្មាន? ខ្ញុំកំពុងឱ្យរៀបចំដំឡើងជាប្រាក់(ឧបត្ថម្ភ) រយៈពេលគឺនៅដដែល ចាប់ពីមានផ្ទៃពោះរហូតដល់កូនមានអាយុ ២ ឆ្នាំ។

(២៦) សង្ឃឹមប្រជាពលរដ្ឋខេត្តពោធិ៍សាត់នឹងបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនទាំង ៤ អាសនៈ

ប្រជាជនយើងកំពុងទទួលផលជាក់ស្ដែង។ ប៉ុន្តែកាលណា(ចូលដល់រដូវ)បោះឆ្នោត គឺមានអ្នកសន្យា(ឱ្យ)លើសពីយើង។ រឿងដែលគួរឱ្យអស់សំណើច គឺនៅត្រង់អញ្ចេះ ខ្លួននៅផ្ទះស្បូវទេ ដល់តែដើរសន្យា បោះឆ្នោតឱ្យខ្ញុំមកខ្ញុំនឹងឱ្យមានផ្ទះក្បឿង។ ខ្ញុំជឿជាក់បងប្អូនប្រជាពលរដ្ឋ(យើង)បច្ចុប្បន្ននេះមិនដូចពេលមុនទេ។ គាត់ទទួលផលបានរបៀបម៉េច? អ្នកពោធិ៍សាត់ខ្ញុំមិនឆ្ងល់ទេ គឺគាំទ្រគណបក្សប្រជាជនខ្លាំងណាស់។ ហ្នឹងជារឿងពិត។ ឆ្នាំ ២០០៨ យើងធ្លាប់ស៊ីដាច់រហូតទៅដល់ ៤ កៅអី។ ឆ្នាំនេះ សង្ឃឹមថា នឹងស៊ីដាច់ ៤ កៅអីទៀត។ ប៉ុន្តែដើម្បី(ស៊ី)ដាច់បាន ៤ កៅអី វាទាល់តែអ្នកទាំងអស់គ្នាបោះឆ្នោតឱ្យគណបក្សប្រជាជនដែរ ទើបវាបាន ៤ កៅអី ដើម្បីយើងទទួលបានការអភិវឌ្ឍទាំងអស់គ្នា ហើយពេលនោះខ្ញុំនឹងមកសួរសុខទុក្ខទៀត។

(២៧) ទីណាមានទុក្ខលំបាក ទីនោះតែងមានវត្តមាន ហ៊ុន សែន

ខ្ញុំទើបមក(ខេត្ត)ពោធិ៍សាត់ប៉ុន្មានខែមុនទេតើ។ អ្នក(ខេត្ត)ពោធិ៍សាត់រងគ្រោះដោយសារទឹកជំនន់ ខ្ញុំមកដេកនៅហ្នឹងពោធិ៍សាត់ទេតើ ដើម្បីចែកស្រូវពូជ/ស្បៀងអាហារ សម្រាប់ដោះស្រាយ(ការលំបាករបស់អ្នកខេត្ត)ពោធិ៍សាត់។ ខ្ញុំអត់មានសញ្ជាតិច្រើននោះទេ មានតែសញ្ជាតិខ្មែរ តើឱ្យខ្ញុំទៅណា? កន្លែងណាសប្បាយឱ្យគាត់សប្បាយទៅចុះ តែកន្លែងណាមានទុក្ខ គឺឃើញមុខ ហ៊ុន សែន ហើយ។ ហ្នឹង គឺវាអញ្ចឹង/ជាទម្លាប់។ បើកន្លែងណាសប្បាយ គឺមិនសូវឃើញមុខ (ហ៊ុន សែន ទេ) ព្រោះបើគាត់សប្បាយទៅហើយ យើងទៅដោះស្រាយកន្លែងដែលពិបាក។ (កាលនោះ)ចេញពីសៀមរាបទៅបន្ទាយមានជ័យ។ ចេញពីបន្ទាយមានជ័យទៅបាត់ដំបង។ ចេញពីបាត់ដំបងទៅពោធិ៍សាត់។ ចេញពីពោធិ៍សាត់ទៅកំពង់ឆ្នាំង។ ចេញពីកំពង់ឆ្នាំងទៅកំពង់ធំ។ ចេញពីកំពង់ធំទៅព្រៃវែង ព្រោះខ្ញុំវាអត់មានកន្លែងទៅ គេមានសញ្ជាតិច្រើន អាហ្នឹងគេទៅក្រៅទៅ ប្រឹបប្រុចៗ ឯយើងអត់មានសសញ្ជាតិទៅណា? មានតែខាំស្មៅនៅហ្នឹង។

(២៨) ចូលដល់ដំណាក់កាល “ឆ្អែត ឆ្ងាញ់ និងធានាសុខភាព”

តាំងពីជំនាន់ខ្ញុំធ្វើជារដ្ឋមន្ត្រី(ការបរទេស) ហើយ(មាន)របបត្រឹមតែ ១៦ គីឡូ (ក្នុងនោះ) ១០ គីឡូ អង្ករ និង ៦ គីឡូ ពោត ស៊ីមិនឆ្អែតទៅកាប់ចេកស៊ី។ ភ្នំពេញពីដើមសម្បូរចេក ព្រោះ អាពត វាដាំចេក។ ឥឡូវ អត់ទេ។ ពីមុនធ្វើម៉េចឱ្យតែឆ្អែត ក្រោយមក(យើងនិយាយ)ថា “ឱ្យឆ្អែត ហើយឱ្យឆ្ងាញ់”។ ឥឡូវគឺខុសពីហ្នឹងទៅទៀត។ “ឆ្អែត ឆ្ងាញ់ និងធានាសុខភាព”។ ឥឡូវ ក្នុងដែនដីកម្ពុជាហ្នឹង សួរថា តើមានប្រជាជនដែលអត់បាយប៉ុន្មានទៅ? ដូចជាឆ្នាំ ២០០៦ មានអាវិទ្យុបរទេសមួយចំនួនផ្សព្វផ្សាយថា មានប្រជាជនស្លាប់ដោយសារអត់បាយ។ កាលនោះ ទៅធ្វើទំនប់រលាំងជ្រៃខាងត្បូង ខ្ញុំសួរទាំង ញឹម វ៉ាន់ដា/សិរី កុសល កាលហ្នឹងគាត់នៅជាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ … ព្រោះថាមានអ្នកស្លាប់នៅកំពង់ស្ពឺ។ ខ្ញុំសួរថា សម័យនេះហើយម៉េចក៏មានមនុស្សស្លាប់ដោយអត់បាយ? ដល់សួរ(នាំដឹងរឿងទៅ) គាត់អាយុ ៨៦ (ឆ្នាំ) គាត់ឈឺធ្ងន់។ (កោតតែ)វាចេះយកផ្សាយទៅរួច? កុំថាឡើយអ្នកឯងអាយុ ៨៦ (ឆ្នាំ) សូម្បីតែអាយុ ២០ (ឆ្នាំ), ៣០ (ឆ្នាំ) ពេលដែលឈឺជិតងាប់ អ្នកណាស៊ីកើត? ប៉ុន្តែ ដើម្បីបង្អាប់យើង អាហ្នឹងស្អីក៏និយាយបានដែរ។

(២៩) ថ្ងៃក្រោយឈប់ធ្វើនាយករដ្ឋមន្ត្រី ឃើញមុខហៅបាយផង សម្រាប់កម្មករ/ការិនី និងបុគ្គលិក ចំនួន ៦៣២ នាក់ ក្នុងម្នាក់ៗទទួលបានថវិកា(ចំនួន) ១០ ម៉ឺនរៀល។ គ្រូពេទ្យប្រចាំការ(ក្នុងអង្គពិធី)ក៏ទទួលបានថវិកា (ចំនួន) ៣ លានរៀលដែរ។ ខ្ញុំអត់ទៅណាឆ្ងាយទេ ថ្ងៃក្រោយទៅ បើទោះបីថាខ្ញុំឈប់ធ្វើនាយករដ្ឋមន្ត្រី សូមអ្នកពោធិ៍សាត់ឃើញមុខហៅបាយមួយពេលផង តើបានទេ? កុំរាប់អានថាទាល់តែធ្វើនាយករដ្ឋមន្ត្រីបានរាប់អាន។ សង្ឃឹមថា អ្នកពោធិ៍សាត់មិនភ្លេចឈ្មោះ ហ៊ុន សែន នោះទេ ព្រោះបានផ្សារសាច់/ឈាមជាមួយប្រជាពលរដ្ឋកម្ពុជា ក្នុងនោះក៏បានផ្សារសាច់/ឈាមជាមួយអ្នកពោធិ៍សាត់ក៏វាច្រើនណាស់ដែរ បង្កើតបានសមិទ្ធផល(ជាច្រើន) ហើយសមិទ្ធផលធំជាងគេ (គឺ)ខ្ញុំចាប់ផ្ដើមនិយាយដំបូងគេតែពីសន្តិភាពហ្នឹង ព្រោះវាចាប់ផ្ដើមពីអាហ្នឹងហើយ ដែលធ្វើឱ្យប្រជាជនយើងធ្វើដំណើររាល់ថ្ងៃ ដោយគ្មានការភ័យខ្លាច … តាមរយៈបងប្អូនទាំងអស់ ដែលមកជួបជុំគ្នានៅទីនេះ អនុញ្ញាតឱ្យខ្ញុំផ្ដាំផ្ញើសួរសុខទុក្ខអ្នកមិនបានមកចូលរួម ហើយជូនពរ សម្រាប់ឆ្នាំថ្មីនៅពេលខាងមុខនេះ សូមឱ្យទាំងអស់គ្នាជួនតែសេចក្ដីសុខ/ចម្រើន ជាមួយនឹងពុទ្ធពរ និងពរទាំងប្រាំប្រការ៖ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...