នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Jusuf Kalla អតីតអនុប្រធានាធិបតីឥណ្ឌូនេស៊ី និងជាប្រធានអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអាស៊ីប៉ាស៊ីហ្វិកអន្តរជាតិ (CAPDI) និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងវិហារឥស្លាមឥណ្ឌូនេស៊ី។
ក្នុងជំនួបនោះ ឯកឧត្តម Jusuf Kalla បានសម្ដែងនូវការគោរពជូនដល់សម្ដេចតេជោចំពោះការដឹកនាំដ៏ឈ្លាសវៃដែលបាននាំកម្ពុជាមកនូវសុខសន្តិភាព ស្ថិរភាព ជាពិសេសនាំមកនូវសុខដុមបនីយកម្មរវាងសាសនា។
ឯកឧត្តមJusuf Kalla បានបញ្ជាក់គោរពជូនសម្ដេចតេជោថា ឯកឧត្តមបាននាំសាសនិកអ៊ីស្លាមមកកម្ពុជាចំនួនជាង១០០នាក់ មកចូលរួមស្រាយបួស ហើយអ្វីដែលឯកឧត្តមបានឃើញកាលពីម្សិលមិញគឺជាសុខដុមភាពនិងសាមគ្គីភាពយ៉ាងល្អបំផុតរវាងសាសនានៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះឯកឧត្តមដែលបានដឹកនាំសាសនិកអ៊ីស្លាមមកចូលរួមស្រាយបួសនៅកម្ពុជា។សម្ដេចតេជោ បានជម្រាបជូនឯកឧត្តមថា កម្ពុជារៀបចំកម្មវិធីស្រាយបួសនេះ ជារៀងរាល់ឆ្នាំហើយសាសនានៅកម្ពុជាគឺមានសុខដុមភាពណាស់ទាំងរវាងសាសនាឥស្លាម សាសនាគ្រិស្ត និងសាសនាព្រះពុទ្ធ៕