សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយប្រធានមូលនិធិនីប៉ុន (The Nippon Foundation )

 

នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយ ករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម យូហេ សាសាការ៉ា ប្រធានមូលនិធិនីប៉ុន (The Nippon Foundation ) នៅវិមានសន្តិភាព រាជធានីភ្នំពេញ ។

ឯកឧត្តម សាសាកាវ៉ា បានជម្រាបជូនសម្ដេចតេជោ អំពីសកម្មភាពរបស់មូលនិធិសាសាកាវ៉ា នៅព្រះរាជាណាចក្រកម្ពុជា។ គួរបញ្ជាក់ថា មូលនិធិសាសាកាវ៉ានេះ គឺជាផ្នែកមួយ នៃមូលនិធិ នីប៉ុន ហើយសព្វថ្ងៃនេះ មូលនិធិនេះ កំពុងតែមាន សកម្មភាព លើវិស័យ៖

ទី១- បង្កើតសាលាផលិតអវយវៈសិប្បនិម្មិត ដែលមានអាយុកាលប្រមាណ ៣០ឆ្នាំមកហើយ។ សាលានេះ ផលិតអវៈយវៈសិប្បនិម្មិត មានគុណភាពខ្ពស់ បច្ចេកទេសខ្ពស់ និងទទួលបានការគោរព និងមានប្រទេសចំនួន ២៨ បានបញ្ជូនសិស្សមកសិក្សាការផលិតអវយវៈសិប្បនិម្មិត នៅកម្ពុជា។

ទី២- ជួយសិស្សានុសិស្សនៅតាមជនបទ តាមរយៈការ បង្រៀនភាសាអង់គ្លេស និងផ្ដល់អាហាររូបករណ៍ ដល់សិស្សចំនួនប្រមាណ ២ម៉ឺន៥ពាន់នាក់ ឱ្យបានទទួលការសិក្សា នៅភ្នំពេញផង និងនៅក្រៅប្រទេសផង។

ទី៣- ចូលរួមជាមួយក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធប្រឆាំងជំងឺឃ្លង់ ដែលលោកបានមានប្រសាសន៍ថា មកដល់ពេលនេះ ប្រទេសកម្ពុជា ស្ទើរតែអស់អ្នកជំងឺ ដែលមានជំងឺឃ្លង់ហើយ។

ទី៤- សកម្មភាពរបស់មូលនិធិ នីប៉ុន នៅប្រទេសមីយ៉ាន់ម៉ា ជួយដល់ស្ត្រី និងកុមារ ខាងផ្នែកមនុស្សធម៌ ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការរីករាយចំពោះការរីកចម្រើនរបស់សកម្មភាព របស់មូលនិធិរបស់ឯកឧត្តម សាសាកាវ៉ា នៅព្រះរាជាណាចក្រកម្ពុជា ដែលមិនត្រឹមតែជួយដល់ប្រជាជនកម្ពុជាទេ គឺជួយដល់ប្រជាជនប្រទេសដទៃទៀតផង លើការផលិតអវយវៈសិប្បនិម្មិត ។

សម្ដេចតេជោ បានថ្លែងអំណរគុណចំពោះឯកឧត្តម សាសាកាវ៉ា ដែលបានជួយដល់កម្ពុជា លើវិស័យអប់រំ, លើវិស័យសុខាភិបាល ប្រយុទ្ធប្រឆាំងនឹងជំងឺឃ្លង់ ហើយមិនត្រឹមតែជួយដល់កម្ពុជាទេ បានជួយទៅដល់ប្រទេសមីយ៉ាន់ម៉ាទៀត ដោយជួយដល់កុមារ និងស្ត្រី លើវិស័យមនុស្សធម៌ ។សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏បានស្នើសុំឲ្យឯកឧត្តម សាសាកាវ៉ា ប្រធានមូលនិធិ នីប៉ុន បន្តជួយដល់កម្ពុជាតទៅទៀត៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ទស្សនារូបភាព៖ ពិធីបើកការប្រកួតកីឡាជនមាន ពិការភាពអាស៊ានប៉ារ៉ាហ្គេម (Para Game) ក្...

ទស្សនារូបភាព៖ ពិធីបើកការប្រកួតកីឡាជនមាន ពិការភាពអាស៊ានប៉ារ៉ាហ្គេម (Para Game) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នាថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣