សម្តេចតេជោ ហ៊ុន សែន៖ ស៊ន ដារ៉ា កុំថាឡើយចង់ក្លាយជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្យប្រជាជន សូម្បីតែចង់ក្លាយជាសមាជិកក៏មិនបានផង !

 

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តាំទៅ លោក ស៊ន ដារ៉ា សកម្មជនរបស់ក្រុមប្រឆាំងនៅក្រៅប្រទេស ដោយបញ្ជាក់ថា កុំថាឡើយចង់ក្លាយជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្យប្រជាជន គឺសូម្បីតែចង់ក្លាយជាសមាជិកគណបក្សប្រជាជនកម្ពុជា ក៏មិនបានផង។

ការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង បន្ទាប់ពី លោក ស៊ន ដារ៉ា តាមរយៈវីដេអូមួយ បានលើកតម្កើនខ្លួនឯងជាសត្វឥន្ទ្រី ហើយលើកយោបល់បើកការចរចាជាមួយសម្តេចដោយភ្ជាប់មកជាមួយលក្ខខណ្ឌ៤ ក្នុងនោះលក្ខខណ្ឌទី១ គឺខ្លួនត្រូវតែធ្វើជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជន ទើបខ្លួនព្រមចូលរួមជាមួយគណបក្សប្រជាជន។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖ «ស៊ន ដារ៉ា បាននិយាយថា គាត់ជាសត្វឥន្ទ្រីដែលពេលមុនគាត់ថា ហ៊ុន ម៉ាណែត ជាសត្វគីង្គក់។ នេះជាការប្រៀបធៀបបែបប្រមាថ។ គាត់បានបន្ថែមថា ព្រហ្មលិខិតបានបង្កើត ហ៊ុន សែន មកសម្រាប់បង្រ្កាប ប៉ុល ពត ឯព្រះបានបង្កើត ស៊ន ដារ៉ា មកដើម្បីបង្រ្កាប ហ៊ុន សែន។ ពូសូមផ្តាំទៅក្មួយ ស៊ន ដារ៉ា វិញថា កុំថាឡើយក្មួយចង់ក្លាយជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្យប្រជាជន សូម្បីតែចង់ក្លាយជាសមាជិកគណបក្យប្រជាជន ក៏មិនបានផង ព្រោះក្មួយកំពុងមានរឿងនៅតុលាការ។ក្មួយលើកខ្លួនឯងហួសជ្រុលហើយ»។

ស​ម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា៖ «ឯពាក្យក្មួយថា ព្រះបង្កើតក្មួយមកដើម្បីបង្រ្កាប ហ៊ុន សែន តាមការគិតរបស់ពូ អ្នកដែលបង្រ្កាបហ៊ុន សែន បានមកដល់ពេលនេះមិនទាន់កើតចេញពីផ្ទៃម្តាយនៅឡើយទេ។ ក្មួយកំពុងចាត់ទុកខ្លួនឯងជាសត្វឥន្ទ្រីជាអ្នកមានបុណ្យ តើក្មួយចេះខ្មាសអៀនទេនៅពេលនិយាយដល់រឿងរបៀបនេះ។ ឈប់បានឈប់ទៅក្មួយអាណិតឪពុកម្តាយដែលខំដង្ហើយហៅកូន។ សព្វថ្ងៃក្មួយជួយខ្លួនឯងមិនបានផងចង់ក្លាយខ្លួនជា នាយករដ្ឋមន្ត្រី ឬចង់មកបង្ក្រាប ហ៊ុន សែន គឺរឿងយលសប្តិទាំងថ្ងៃ»។

សូមបញ្ជាក់ថា សកម្មជន ស៊ន ដារ៉ា បានចាកចេញទៅរស់នៅប្រទេសបារាំង ទន្ទឹមគ្នាជាមួយនឹងមេដឹកនាំក្រុមប្រឆាំងដទៃទៀត បន្ទាប់ពីគណបក្សសង្រ្គោះជាតិ ត្រូវបានរំលាយ។ ក្រោយរស់នៅក្រៅប្រទេស លោកបានបើកយុទ្ធនាការផ្សព្វផ្សាយព័ត៌មានវាយប្រហាររាជរដ្ឋាភិបាលជាបន្តបន្ទាប់។

នាពេលថ្មីៗនេះ លោក សុខ ស៊ុនណារ៉េត ជាឪពុកបង្កើតរបស់ លោក ស៊ន ដារ៉ា ហើយក៏ជាទាហានមួយរូបដែរនោះ បានរៀបរាប់ថា លោកបានព្យាយាមអប់រំ និងទូន្មាន លោក ស៊ន ដារ៉ា ជាច្រើនតែមិនស្តាប់ ហើយរហូតដល់កូនរូបនេះ ប្រមាថរូបលោកថា «ចេះមិនដល់ខ្លួនថែមទៀតផង»។ លោក សុខ ស៊ុនណារ៉េត បានបន្តអំពាវនាវឱ្យកូនឈប់វាយប្រហារលើ សម្តេចតេជោ ហ៊ុន សែន ដែលមានជាអ្នកមានគុណបំណាច់ចំពោះជាតិ និងប្រជាជនកម្ពុជាផងដែរ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ