(ភ្នំពេញ)៖ លោក ហ្វ្រាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ (Frank-Walter Steinmeier) ប្រធានាធិបតី នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជា ជាមួយនឹងភាពសម្បូរបែបនៃវប្បធម៌។ នេះបើតាមសេចក្តីប្រកាសស្តីពីលទ្ធផល នៃកិច្ចសន្ទនារវាង លោកប្រធានាធិបតី ជាមួយសម្តេចសាយ ឈុំ ប្រមុខរដ្ឋស្តីទីកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។
លោកប្រធានាធិបតីអាល្លឺម៉ង់ និងលោកជំទាវ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ មកដល់ប្រទេសកម្ពុជា កាលពីម្សិលមិញ ដោយលោកបានចុះចតនៅខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៤កុម្ភៈ ដើម្បីទស្សនាប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន ក៏ដូចជាទស្សនាចំការមីន នៃគម្រោង Halo Trust និងឧទ្យានជាតិអង្គរក្នុងខេត្តសៀមរាប ដែលមានគម្រោងឧបត្ថម្ភគាំទ្រដោយអាល្លឺម៉ង់។
សេចក្តីប្រកាសបានបញ្ជាក់ថា នៅក្នុងជំនួបជាមួយ សម្តេច សាយ ឈុំ, «ឯកឧត្តមប្រធានាធិបតី បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជា ជាមួយនឹងភាពសម្បួរបែបនៃវប្បធម៌ ជាពិសេសប្រទេសកម្ពុជាបានដាក់ចេញនូវគោលនយោបាយប្រព័ន្ធការពារសុខុមាលភាពសង្គម កែលម្អគោលនយោបាយអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចឲ្យមានការរីកចម្រើនប្រកបចីរភាពក្នុងរយៈពេលជាងពីរទសវត្សរ៍ចុងក្រោយនេះ»។
លោកបានជម្រាបជូនសម្តេចប្រមុខរដ្ឋស្តីទីអំពីដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនៅខេត្តសៀមរាប ដែលបានឃើញអំពីស្លាកស្នាមនៃសង្គ្រាមស៊ីវិលរាបសិបឆ្នាំដែលបានបន្សល់ទុកនៅប្រទេសកម្ពុជា និងការអញ្ជើញទៅទស្សនកិច្ចនៅទីតាំងប្រតិបត្តិការដោះមីនរបស់អង្គការ HALO Trust ព្រមទាំងការអភិរក្សសម្បត្តិវប្បធម៌នៅតំបន់អង្គរ។
លោកប្រធានាធិបតីបានគូសបញ្ជាក់ថា តាមរយៈដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាពេលនេះ បង្ហាញអំពីការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ក្នុងពេលបច្ចុប្បន្ន ក៏ដូចជាការបន្តកិច្ចសហការប្រតិបត្តិការនៅពេលអនាគត។
ជាមួយគ្នានោះ សម្តេចប្រមុខរដ្ឋស្តីទីបានវាយតម្លៃខ្ពស់ និងពេញចិត្តជាខ្លាំងចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនេះ ប្រទេសទាំងពីរបាននិងកំពុងបន្តរីកចម្រើនទំនាក់ទំនងផ្នែកនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម សុខាភិបាល វប្បធម៌ អប់រំ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។
សម្តេចប្រមុខរដ្ឋស្តីទី បានកត់សម្គាល់ដោយសេចក្តីពេញចិត្តចំពោះទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដែលមានកំណើនជាលំដាប់ ក្នុងនោះសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ គឺជាប្រទេសឈរលំដាប់ថ្នាក់ទី១ ដែលមានទំហំពាណិជ្ជកម្មធំជាងគេជាមួយកម្ពុជាក្នុងចំណោមបណ្តាប្រទេសនៅសហភាពអឺរ៉ុប ក្នុងឆ្នាំ២០២២ មាន កំណើនចំនួន ៤% បើធៀបនឹងឆ្នាំ២០១៩ មុនពេលមានជំងឺកូវីដ-១៩។
សម្តេចប្រមុខរដ្ឋស្តីទីបានថ្លែងអំណរគុណចំពោះ រដ្ឋាភិបាលអាល្លឺម៉ង់ ដែលបានផ្តល់ជំនួយកិច្ចសហប្រតិបត្តិការអភិវឌ្ឍ ហិរញ្ញប្បទានសម្បទាន ហិរញ្ញប្បទានឥតសំណង ក្នុងវិស័យអាទិភាពជាច្រើនចាប់តាំងពីឆ្នាំ១៩៩៤ មក រួមមាន៖ វិស័យអប់រំ, សុខាភិបាលនិងគាំពារសង្គម, ការអភិវឌ្ឍប្រកបដោយចីរភាព, អភិបាលកិច្ច, វប្បធម៌, ការកាត់បន្ថយភាពក្រីក្រ និងការបោសសម្អាតមីន។ ការគាំទ្រដ៏ថ្លៃថ្លារបស់រដ្ឋាភិបាលអាល្លឺម៉ង់ បានរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើនជាបន្តបន្ទាប់។ ព្រមជាមួយគ្នានោះ ថ្នាក់ដឹកនាំទាំងពីរក៏បានធ្វើការផ្លាស់ប្តូរយោបល់ទស្សនគ្នាទៅវិញទៅមកលើបញ្ហាតំបន់ និងអន្តរជាតិផងដែរ។
សម្តេចប្រមុខរដ្ឋស្តីទីបានប្រសិទ្ធពរជូន លោកប្រធានាធិបតី និងលោកជំទាវ ព្រមទាំងគណៈប្រតិភូសូមមានសុខភាពល្អ និងទទួលបាននូវមហាជោគជ័យ ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា៕