សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយប្រធានាធិបតីម៉ាល់ឌីវ

 

បន្ទាប់មកនៅព្រឹកថ្ងៃដដែលនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញធ្វើកិច្ចប្រជុំកំពូលចង្អៀត និងកិច្ចប្រជុំកំពូលទ្វេភាគីជាមួយ ឯកឧត្តម អ៊ីប្រាហ៊ីម ម៉ូហាម៉េដ សូលី ប្រធានាធិបតី នៃសាធារណរដ្ឋម៉ាល់ឌីវ។ ថ្នាក់ ដឹក នាំទាំងពីរ បានពិនិត្យឡើងវិញនូវទំនាក់ទំនងទ្វេភាគីលើគ្រប់វិស័យ រួមទាំងការស្វែងរកមធ្យោបាយថ្មី ដើម្បីពង្រឹងកិច្ច សហប្រតិបត្តិការបន្ថែមទៀតលើវិស័យពាណិជ្ជកម្ម វិនិយោគ ការតភ្ជាប់ សុខាភិបាល វប្បធម៌ កសិកម្ម និងការអភិវឌ្ឍ ធនធានមនុស្ស។ ថ្នាក់ដឹកនាំទាំងពីរ បានផ្លាស់ប្តូរយោបល់គ្នាលើបញ្ហាតំបន់និងអន្តរជាតិ ដែលជាផលប្រយោជន៍ ទៅវិញទៅមក។
ឯកឧត្តមប្រធានាធិបតី បានកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះការរក្សាសន្តិភាព ស្ថិរភាព កំណើនសេដ្ឋកិច្ចខ្ពស់និងឧស្សាហកម្ម ទេសចរណ៍ រឹងមាំ និងការធ្វើឱ្យកាន់តែប្រសើរឡើង នូវគុណភាពជីវិតរស់នៅរបស់ប្រជាជនកម្ពុជា ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លង មក។
សម្តេចតេជោនាយករដ្ឋមន្តី បានកោតសរសើរខ្ពស់ចំពោះសមិទ្ធផលនានា ដែលរដ្ឋាភិបាលម៉ាល់ឌីវសម្រេចបាន ក្រោមការដឹកនាំរបស់ឯកឧត្តមប្រធានាធិបតី សូលី ក្នុងការលើកស្ទួយការអភិវឌ្ឍប្រកបដោយចីរភាព ស្ថិរភាព សេដ្ឋកិច្ច ការពង្រីកវិស័យទេសចរណ៍ និងសុខមាលភាពសង្គមរបស់ម៉ាល់ឌីវ។
ឯកឧត្តមប្រធានាធិបតី បានអបអរសាទរ សម្តេចតេជោនាយករដ្ឋមន្ត្រី ចំពោះជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតឃុំ-សង្កាត់ កាលពីខែមិថុនាឆ្នាំ២០២២ និងបានចាត់ទុកដំណើរទស្សនកិច្ចជាលើកដំបូង របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី នៅ ម៉ាល់ឌីវ ជាព្រឹត្តិការណ៍សំខាន់ជាប្រវត្តិសាស្ត្រ និងជាកត្តាជម្រុញដ៏សំខាន់ ដល់ការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ទ្វេភាគីលើវិស័យពាណិជ្ជកម្ម និងវិនិយោគ ទេសចរណ៍ ការផ្លាស់ប្តូរវប្បធម៌ និងកិច្ចសហប្រតិបត្តិការបច្ចេកទេស។ ឯកឧត្តមប្រធានាធិបតី បានស្វាគមន៍ចំពោះការសម្រេចចិត្តរបស់សម្តេចតេជោ ក្នុងការតែងតាំងឯកអគ្គរាជទូត កម្ពុជាប្រចាំសាធារណរដ្ឋឥណ្ឌា ឱ្យទទួលបន្ទុកជាឯកអគ្គរាជទូតប្រចាំម៉ាល់ឌីវ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បាន ចាត់ទុកប្រទេសម៉ាល់ឌីវ ជាមិត្តជិតស្និទ្ធនិងជាដៃគូដ៏សំខាន់របស់កម្ពុជានៅក្នុងតំបន់។ ថ្នាក់ដឹកនាំទាំងពីរបាន សម្តែងការប្តេជ្ញាចិត្ត ក្នុងការអភិវឌ្ឍភាពជាដៃគូរឹងមាំ និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក ទាំងកម្រិតទ្វេភាគី តំបន់ និងអន្តរជាតិ ក្នុងគោលបំណងនាំមកនូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព នៃប្រជាជាតិទាំងពីរ និងពិភពលោក។
ឯកឧត្តមប្រធានាធិបតី បានកោតសរសើរចំពោះគំនិតផ្តួចផ្តើម របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រកបដោយជោគជ័យនៅកម្ពុជា ជាមួយនឹងគោលនយោបាយយក ចិត្តទុកដាក់លើប្រជាជន ដោយរក្សានូវតុល្យភាពជីវិតនិងជីវភាពរស់នៅរបស់ប្រជាជន និងកាត់បន្ថយផលប៉ះពាល់ អវិជ្ជមានលើសេដ្ឋកិច្ច។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានអបអរសាទរឯកឧត្តមប្រធានាធិបតី និងប្រជាជនម៉ាល់ឌីវ ចំពោះភាពធន់ ការជំរុញចាក់វ៉ាក់សាំងប្រកបដោយជោគជ័យ និងការស្ដារសេដ្ឋកិច្ចឱ្យរឹងមាំឡើងវិញ ក្រោយការរាល ដាល នៃជំងឺកូវីដ-១៩។ ថ្នាក់ដឹកនាំទាំងពីរបានគូសបញ្ជាក់អំពីសារៈសំខាន់ នៃការផ្លាស់ប្តូរដំណើរទស្សនកិច្ច និងការ ពិគ្រោះយោបល់កម្រិតខ្ពស់ជាទៀងទាត់ ដែលនឹងលើកកម្ពស់វិធី និងមធ្យោបាយ ដើម្បីពង្រឹងនិងពង្រីកកិច្ចសហ ប្រតិបត្តិការទ្វេភាគី ក្នុងវិស័យដែលមានសក្តានុពល សម្រាប់ផលប្រយោជន៍នៃប្រជាជាតិទាំងពីរ។
ក្នុងន័យនេះ ថ្នាក់ដឹកនាំទាំងពីរ បានបង្ហាញបំណងឱ្យមានការរៀបចំកិច្ចពិគ្រោះយោបល់ទ្វេភាគីលើកដំបូង រវាងក្រសួងការបរទេស របស់ប្រទេសទាំងពីរឱ្យបានឆាប់។ ថ្នាក់ដឹកនាំទាំងពីរបានទទួលស្គាល់ពីសារៈសំខាន់ នៃពាណិជ្ជកម្មទ្វេភាគី និង បានកត់សម្គាល់ថា ទំនាក់ទំនងសេដ្ឋកិច្ចមានសារៈសំខាន់ សម្រាប់ការពង្រឹងទំនាក់ទំនងទ្វេភាគី។ ដោយទទួលស្គាល់ថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងកម្ពុជានិងម៉ាល់ឌីវ នៅមានកំរិតនៅ ឡើយដែលអាចធ្វើឱ្យប្រសើរឡើង ថ្នាក់ដឹកនាំទាំងពីរបានឯកភាពប្រគល់ភារៈកិច្ចជូនស្ថាប័នពាក់ព័ន្ធ នៃប្រទេសទាំងពីរ ធ្វើការរួមគ្នាដើម្បីបង្កើន ពាណិជ្ជកម្មទ្វេភាគី ការវិនិយោគ និងការផ្លាស់ប្តូរទេសចរណ៍ និងបានលើកទឹកចិត្ត ឱ្យវិស័យឯកជនកម្ពុជានិងម៉ាល់ឌីវ សហការគ្នាជិតស្និទ្ធដើម្បីប្រើប្រាស់ឱ្យអស់នូវសក្តានុពលសេដ្ឋកិច្ច និងឱកាសធុរកិច្ចក្នុងប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំ ទាំងពីរ បានពិភាក្សាគ្នាអំពីចំណាប់អារម្មណ៍របស់ម៉ាល់ឌីវ ក្នុងការនាំចូលអង្ករពីកម្ពុជា និងស្វែងរកឱកាសបន្ថែមទៀត ដើម្បីបង្កើនទំនាក់ទំនងធុរកិច្ចនៅក្នុងវិស័យនេះ។ ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាពីការនាំចូលកសិផល កសិកម្មរបស់កម្ពុជាផ្សេងទៀត មានដូចជា ពោត ម្រេច ដំឡូងមី គ្រាប់ ស្វាយចន្ទី និង ផ្លែឈើ ផលិតផលកាត់ដេរ រួមមាន សម្លៀកបំពាក់ ស្បែកជើង និងទំនិញសម្រាប់ ការធ្វើដំណើរ និងផលិតផល ក្រៅ ពីសម្លៀកបំពាក់ មានដូចជា គ្រឿងអគ្គិសនី អំពូលភ្លើង សម្រាប់តុបតែង ផលិតផលឈើ ផលិតផលប្លាស្ទីក ស្បែក សត្វកែច្នៃ។ ភាគីម៉ាល់ឌីវ ក៏ បានរំពឹងដែរថា កម្ពុជានឹងពិចារណានាំចូលនូវគ្រឿងសមុទ្រនិងត្រីរបស់ម៉ាល់ឌីវ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានកោតសរសើរឯកឧត្តមប្រធានាធិបតី ដែលសម្រេចជោគជ័យដ៏វិសេសវិសាល ក្នុងការជំរុញឱ្យមានការរីកលូតលាស់ ផ្នែកឧស្សាហកម្មទេសចរណ៍ និងបដិសណ្ឋារកិច្ច ហើយបានសម្តែងក្តីសង្ឃឹមថា នឹងមានកិច្ចសហការកាន់ច្រើន ក្នុងវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ។ ដោយកត់សម្គាល់ថា ទាំងម៉ាល់ឌីវនិងកម្ពុជា មានសក្តានុពលដ៏ធំធេង ក្នុង វិស័យទេសចរណ៍ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាជំរុញស្ថាប័នពាក់ព័ន្ធទាំងអស់ សហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីរៀបចំសកម្មភាពផ្សព្វផ្សាយរួមគ្នា ដោយបើប្រាស់សក្តានុពល បេតិកភណ្ឌវប្បធម៌ និងធម្មជាតិដ៏សម្បូរបែប សំដៅបង្កើនការផ្លាស់ប្ដូរទេសចររវាងប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំទាំងពីរ បានប្រគល់ភារកិច្ចឱ្យស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ ពិចារណាបង្កើតកិច្ចសហប្រតិបត្តិការវប្បធម៌ និងកម្មវិធីផ្លាស់ប្តូរ។ ថ្នាក់ដឹកនាំទាំងពីរបាន ចែករំលែកទស្សនៈ ថាការតភ្ជាប់ជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ គឺជាតម្រូវការចាំបាច់ដើម្បីសម្រួលដល់ធុរកិច្ច ការប្រាស្រ័យទាក់ទងរវាងប្រជាជននិងប្រជាជន និងការផ្លាស់ប្តូរទេសចររវាងប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំទាំងពីរ បានណែនាំឱ្យ អាជ្ញាធរអាកាសចរស៊ីវិលនៃប្រទេសទាំងពីរ ធ្វើការពន្លឿនការពិភាក្សាដើម្បីបញ្ចប់និងអនុវត្តកិច្ច ព្រមព្រៀងសេវាកម្ម អាកាសចររវាងប្រទេសទាំងពីរ។ ដោយសង្កត់ធ្ងន់លើតម្រូវការ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបច្ចេកទេស ក្នុងវិស័យវារីវប្បកម្មនិងនេសាទ ថ្នាក់ដឹកនាំទាំងពីរបានប្រគល់ភារកិច្ចឱ្យស្ថាប័នពាក់ព័ន្ធ នៃប្រទេសទាំងពីរ ពិចារណា បង្កើតយន្តការសហប្រតិបត្តិការនិងកម្មវិធីផ្លាស់ប្ដូរ។ ថ្នាក់ដឹកនាំទាំងពីរបានសម្តែងនូវសេចក្ដីពេញចិត្ត ចំពោះការ រីកចម្រើន នៃកិច្ចសហប្រតិបត្តិការពហុភាគីរវាងម៉ាល់ឌីវនិងកម្ពុជា និងបានឯកភាពគ្នាថា តំណាងនៃប្រទេសទាំងពីរ គួរតែសហការគ្នាឱ្យកាន់តែជិតស្និទ្ធក្នុងវេទិកាតំបន់ និងអន្តរជាតិនានា រួមទាំងវេទិកាអង្គការសហប្រជាជាតិ ដើម្បី សន្តិភាព ស្ថិរភាព សន្តិសុខ ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពរួម។ ចំពោះកិច្ចសហប្រតិបត្តិការតំបន់ និងអន្តរជាតិ ថ្នាក់ដឹកនាំទាំងពីរបានផ្លាស់ប្តូរទស្សនៈទៅវិញទៅមក លើបញ្ហាផលប្រយោជន៍និងកង្វល់រួម។
ឯក ឧត្តមប្រធានាធិបតី បានអបអរសាទរសម្តេចតេជោនាយករដ្ឋមន្ត្រី ចំពោះភាពជោគជ័យរបស់កម្ពុជា ក្នុងការធ្វើជា ប្រធានដឹកនាំកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ប្រកបដោយជោគជ័យ និងមានកត្តិស័ព្ទបំផុត។ ឯកឧត្តមប្រធានាធិបតីបានសម្តែងនូវក្តីសង្ឃឹមថា កម្ពុជានឹងបន្តគាំទ្រកិច្ចប្រឹងប្រែងជាបន្តបន្ទាប់ របស់ម៉ាល់ ឌីវ ក្នុងការចូលជាសមាជិកនៃសន្ធិសញ្ញមិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីអាគ្នេយ៍។ ឯកឧត្តមប្រធានា ធិបតី បានផ្តល់ការគាំទ្រពេញទំហឹងរបស់រដ្ឋាភិបាលប្រទេសម៉ាល់ឌីវ ចំពោះសំណើដាក់ពាក្យសុំរបស់កម្ពុជា ចូលជា អ្នកសង្កេតការណ៍ នៃអង្គការសហប្រតិបត្តិការអ៊ីស្លាម។ ឯកឧត្តមប្រធានាធិបតី និងសម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្តែងនូវសុទិដ្ឋិនិយមយ៉ាងមុតមាំថា ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងម៉ាល់ឌីវ និងកម្ពុជា ឱ្យកាន់ តែរស់រវើកដោយសារលទ្ធផល នៃទស្សនកិច្ចផ្លូវការជាលើកដំបូងរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី នៅម៉ាល់ឌីវ។

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ