(ព្រះសីហនុ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្ហាញនូវក្ដីរំពឹងថា តាមរយៈមហាសន្និបាតក្លឹបឆ្នេរសមុទ្រស្អាត លើកទី១៦ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងចែករំលែកនូវបទពិសោធ និងការអនុវត្តល្អៗរបស់ខ្លួន ទៅកាន់សមាជិកក្លឹបទាំងអស់ និងពិភពលោកទាំងមូល, ទាំងលើការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រ។
សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញបើកមហាសន្និបាតលើកទី១៦ នៃក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើពិភពលោក នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២នេះ នាសណ្ឋាគារឆ្នេរសុខា ខេត្តព្រះសីហនុ ឱកាសនៃការចែករំលែកនូវបទពិសោធន៍ និងការអនុវត្តល្អៗនេះ គឺដោយផ្តើមចេញពីសន្តិភាពដែលខ្លួនរកបានដោយកម្រ ជាមួយក្តីសង្ឃឹមប្រកបដោយសុទិដ្ឋិនិយមសម្រាប់អនាគត។
បើតាមប្រសាសន៍របស់សម្ដេចតេជោ នាយករដ្ឋមន្ដ្រី, សន្តិភាព គឺពិតជាមិនអាចខ្វះបានសម្រាប់ការទ្រទ្រង់ការអភិវឌ្ឍប្រទេសជាតិ ខណៈដែលក្តីសង្ឃឹមជាច្រើន សម្រាប់អនាគត បាននិងកំពុងបង្កើតជាកាលានុវត្តភាពច្រើនផ្ដើមចេញពីសន្តិភាពនេះ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតក្លឹបលើកទី១៦ នេះ រំពឹងចែករំលែកនូវបទពិសោធ និងការអនុវត្តល្អៗរបស់ខ្លួន ទៅកាន់សមាជិកក្លឹបទាំងអស់ និងពិភពលោកទាំងមូល, ទាំងលើការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ, ដោយផ្តើមចេញពីសន្តិភាពដែលខ្លួនរកបានដោយកម្រ ជាមួយក្តីសង្ឃឹមប្រកបដោយសុទិដ្ឋិនិយមសម្រាប់អនាគត»។
សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ទៀតថា ប្រធានបទ «ឆ្នេរនៃសន្ដិភាព ឆ្នេរនៃក្ដីសង្ឃឹម» នៃមហាសន្និបាតនេះ គឺសមស្របនាពេលបច្ចុប្បន្ន ដែលពិភពលោកទាំងមូលបាននិងកំពុងប្រឈមនឹងវិបត្តិសកលជាច្រើន បន្ថែមលើវិបត្តិជំងឺកូវីដ១៩, វិបត្តិសង្គ្រាមអ៊ុយក្រែន រួមជាមួយវិបត្តិសាកលលោកផ្សេងៗទៀត ដែលបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ពិភពលោក ទាំងលើផ្នែកសេដ្ឋកិច្ច, ការអភិវឌ្ឍសង្គម, និងសណ្ដាប់ធ្នាប់ពិភពលោក។
សម្ដេចតេជោប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានសង្កត់ធ្ងន់ថា ប្រធានបទនេះ ក៏សមស្របជាមួយនឹងបរិបទកម្ពុជា ដែលសន្ដិភាព បានដើរតួនាទីយ៉ាងសំខាន់ដល់ការអភិវឌ្ឍប្រទេសជាតិ បង្កើតជាក្ដីសង្ឃឹមយ៉ាងមុតមាំសម្រាប់ប្រជាជនទាំងមូល។
បន្ថែមពីនេះ សម្ដេចតេជោ ក៏ជឿជាក់យ៉ាងមុតមាំថា តាមរយៈកិច្ចពិភាក្សានៅក្នុងមហាសន្និបាតលើកទី១៦នេះ យើងនឹងអាចទាញយកនូវទស្សនាទានល្អៗ បន្ថែមទៀតយកមកធ្វើជាមូលដ្ឋានក្នុងការរៀបចំបទដ្ឋានគតិយុត្តចាំបាច់នានា ដើម្បីជំរុញការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរប្រកបដោយការទទួលខុសត្រូវ។ សម្ដេចនៅតែមានសុទិដ្ឋិនិយមថា សមាជិកភាពរបស់ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើពិភពលោកនេះ នឹងបន្ដផ្ដល់ប្រយោជន៍ជាច្រើនដល់កម្ពុជា ទាំងប្រយោជន៍សេដ្ឋកិច្ច និងការផ្លាស់ប្ដូរបទពិសោធន៍ល្អៗ រវាងគ្នាទៅវិញទៅមកក្នុងការអភិវឌ្ឍ និងអភិរក្សតំបន់ឆ្នេរសមុទ្រលើបញ្ហានគរូបនីយកម្ម បរិស្ថាន សង្គម និងសេដ្ឋកិច្ច៕