សម្តេចតេជោ ហ៊ុន សែន ផ្ញើសារជូនជនរួមជាតិ អំពីជោគជ័យ និងមោទនភាពរបស់កម្ពុជា ក្នុងការដាក់ «គុនល្បុក្កតោ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានផ្ញើសារជូនជនរួមជាតិ អំពីជោគជ័យ និងមោទនភាពរបស់កម្ពុជា ក្នុងការដាក់ «គុនល្បុក្កតោ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។

តាមរយៈសារលិខិតនេះ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា កាលពីថ្ងៃអង្គារ ៦កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង១៦:៣១នាទី នៅទីក្រុងរ៉ាបាត ព្រះរាជាណាចក្រម៉ារ៉ុក ត្រូវនឹងម៉ោង ២២៖៣១ នាទី ម៉ោងនៅកម្ពុជា បានក្លាយជាទិវាប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ជាតិកម្ពុជាទាំងមូល ដោយគណៈកម្មាការអន្តររដ្ឋាភិបាលដើម្បី ការការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ បានអនុម័តយល់ព្រមចុះ «គុនល្បុក្កតោ» ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ក្នុងសេចក្ដីសម្រេច 17.COM 7.b.1។

សម្តេចបានបញ្ជាក់ថា៖ «នេះគឺជាមោទកភាពថ្មីមួយបន្ថែមទៀតនាចុងអាណត្តិទី៦ នៃរាជរដ្ឋាភិបាលសម្រាប់ប្រជាជនយើងទាំងក្នុង និងក្រៅប្រទេស ក៏ដូចជាសម្រាប់ប្រជាពលរដ្ឋនានានៅក្នុងតំបន់ និងពិភពលោកផងដែរ។ ការចុះ បញ្ជីនេះ បានផ្តល់ទាំងតម្លៃ ទន្ទឹមគ្នានឹងកាតព្វកិច្ចចំពោះកម្ពុជា និងសហគមន៍អន្តរជាតិក្នុងកិច្ចសហប្រតិបត្តិការ រួមគ្នាក្នុងការថែរក្សា ការពារក្បាច់គុនបុរាណខ្មែរដ៏កម្រមិនអាចកាត់ថ្លៃបាន ទុកជាកេរ្តិ៍មរតកសម្រាប់មនុស្សជាតិ ជំនាន់ក្រោយតរៀងទៅ»។

សម្តេចតេជោ សូមព្រះរាជានុញ្ញាតសម្តែងនូវអំណរព្រះគុណដ៏ជ្រាលជ វិសេសវិសាលថ្វាយចំពោះព្រះករុណាព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដែលព្រះអង្គទ្រង់តែងប្រោសប្រទាននូវការគាំទ្រជានិច្ចកាលចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុង វិស័យបេតិកភណ្ឌវប្បធម៌ជាតិ ជាពិសេសបេតិកភណ្ឌវប្បធម៌អរូបីដែលងាយប្រឈមនឹងការបាត់បង់។

សម្តេចសូមឆ្លៀតក្នុងឱកាសនេះ សម្តែងនូវការកោតសរសើរ ចំពោះការយកចិត្តទុកដាក់ខិតខំប្រឹងប្រែង គាំទ្រនិងសហការគ្នាយ៉ាងជិតស្និទ្ធរវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល រួមជាមួយសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា គណ:កម្មការអូឡាំពិកកម្ពុជា ព្រមទាំងស្ថាប័នពាក់ព័ន្ធនានា អ្នកជំនាញជាតិ-អន្តរជាតិ ជាពិសេសសហគមន៍សាលាតុន គ្រូនិងសិស្សគុនល្បុក្កតោ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន នៅតាមបណ្តារាជធានី-ខេត្តនានារហូតសម្រេចបានជោគជ័យក្នុងការចុះ « គុនល្បុក្កតោ » ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។

ដើម្បីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ សម្តេចសូមអំពាវនាវចំពោះស្ថានីយ៍វិទ្យុ ទូរទស្សន៍ និង បណ្ដាញព័ត៌មានទាំងអស់មេត្តាចូលរួមសហការផ្សព្វផ្សាយព្រឹត្តិការណ៍ជាមោទកភាពជាតិដ៏មានសារៈសំខាន់ នេះឲ្យបានទូលំទូលាយបំផុត៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ