ឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ ថ្វាយកម្រងផ្កា គោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរូប ព្រះបរមរតនកោដ្ឋ និង ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានមិត្តភាពកម្ពុជា-វៀតណាម

 

តបតាមការអញ្ជើញរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ២០២២ ក៏ដូចជាអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធលើកទី ៤០ និង ៤១ ផងដែរ។

ព្រឹកថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម អមដំណើរដោយ ឯកឧត្តមបណ្ឌិត ថោង ខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកជំទាវ សឿង រ័ត្នចាវី រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ចាយ ណាវុធ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម បានដឹកនាំគណៈប្រតិភូ អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ ក្នុងនោះក៏មានការអមដំណើរ និងទទួលបដិសណ្ឋារកិច្ចពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគពិសេស និង ឯឧ ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ។

ដំណើរទស្សនកិច្ចរបស់ ឯកឧត្តម នាយករដ្ឋមន្ត្រីវៀតណាម ស្របនិងការប្រារព្ធខួបអនុស្សាវរីយ៍លើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរកម្ពុជា វៀតណាម ដែលត្រូវបានកំណត់ជា “ឆ្នាំមិត្តភាពកម្ពុជាវៀតណាម”។

តមក ឯកឧត្តម នាយករដ្ឋមន្ត្រីវៀតណាមបានអញ្ជើញទៅមណ្ឌបវិមានព្រះបរមរូប ព្រះបរមរតនកោដ្ឋ ដើម្បីគោរពនិងថ្វាយកម្រងផ្កា ព្រះករុណា ព្រះមហាវីរក្សត្រព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដោយមានការរៀបចំទទួលបដិសណ្ឋារកិច្ច និងអមដំណើរពី ឯកឧត្តម ឈា ហនរដ្ឋមន្ត្រីអមក្រសួងព្រះបរមរាជវាំង ព្រមទាំងមន្ត្រីអ្នកមុខអ្នកការជាច្រើនរូបទៀត។

បន្ទាប់ពីបានថ្វាយកម្រងផ្កា និងគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ឯកឧត្តម នាយករដ្ឋមន្ត្រីវៀតណាម បានបន្តដំណើរអញ្ជើញទៅដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានមិត្តភាពកម្ពុជា-វៀតណាម ដែលមានការរៀបចំទទួលបដិសណ្ឋារកិច្ច និងអមដំណើរដោយ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ញ៉ែម វ៉ាលី អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិរណសិរ្ស ឯឧ ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ព្រមទាំងមន្ត្រីអ្នកមុខអ្នកការជាច្រើនរូបទៀតផងដែរ។

សូមបញ្ជាក់ថាដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម នាយករដ្ឋមន្ត្រីវៀតណាមបញ្ជាក់ច្បាស់អំពីការប្ដេជ្ញាចិត្តយ៉ាងមុះមុតរបស់ប្រទេសទាំងពីរក្នុងការលើកកម្ពស់និងពង្រឹងនៅទំនាក់ទំនងល្អប្រពៃណីដែលមានស្រាប់និងភាពជាដៃគូយុទ្ធសាស្ត្រព្រមទាំងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម ទាំងក្នុងក្របខណ្ឌទ្វារភាគី និងពហុភាគីសម្រាប់ប្រយោជន៍ទៅវិញទៅមកនៃប្រទេស និងប្រជាជនទាំងពីរ។

សូមជម្រាបជូនថាក្រោយដំណើរទស្សនកិច្ច ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម ក៏នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធលើកទី ៤០ និង ៤១ ដែលកម្ពុជាជាប្រធានសម្រាប់ឆ្នាំ ២០២២ នេះ។

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ