សម្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន, សំណេះសំណាលនិងចែកពូជស្រូវជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅខេត្ត ព្រៃវែង

CNV:

(១) ខេត្តព្រៃវែងរងគ្រោះមុនគេ តែមានកិច្ចការងារមួយចំនួនត្រូវធ្វើក្នុងបណ្តាខេត្តជុំវិញទន្លេសាប, មិនទុកឱ្យប្រជាជនណាម្នាក់ស្លាប់ដោយអត់បាយ ដែលមិនបានដឹងនិងមិនបានដោះស្រាយ, ទឹកអត់លិច​មានបញ្ហាអត់ដីល្បាប់ សត្វចង្រៃមិនងាប់, យើងមានស្បៀងបម្រុងនិងមានពូជស្រូវជួយប្រជាពលរដ្ឋ

ថ្ងៃនេះយើងជួបជុំគ្នាដើម្បីដោះស្រាយបញ្ហាដែលយើងកំពុងប្រឈម ជាពិសេសប្រជាជនជាង ៦ ពាន់គ្រួសារនៅទីនេះ។ មុននឹងបន្តទៅទៀត អនុញ្ញាតឱ្យខ្ញុំយកឱកាសនេះដើម្បីពាំនាំសួរសុខទុក្ខពីសំណាក់​ ព្រះករុណា ព្រះមហាក្សត្រ ក៏ដូចជាសម្តេចព្រះ(វរ)រាជមាតាជាតិខ្មែរ ដែលព្រះអង្គតែងតែយកព្រះទ័យទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាជន។ ក្នុងនាមរាជរដ្ឋាភិបាល និងខ្លួនខ្ញុំផ្ទាល់ខ្ញុំសូមចែករំលែកជាមួយបងប្អូនជនរួមជាតិទាំងអស់នូវការលំបាកទាំងឡាយដែលបងប្អូនបានជួបប្រទះ។ ថ្ងៃនេះគឺជាថ្ងៃចុងក្រោយនៃវត្តមានរបស់ខ្ញុំនៅតាមបណ្តាខេត្តដែលបានជួបប្រទះការលិចលង់។ ការពិតទៅខេត្តព្រៃវែង ក៏ជាខេត្តដែលរងគ្រោះមុនផងដែរ គួរតែខ្ញុំមកមុន ក៏ប៉ុន្តែយើងមានកិច្ចការងារមួយចំនួនដែលត្រូវធ្វើក្នុងបណ្តាខេត្តជុំវិញទន្លេសាបគឺជាខេត្តដែលមានសភាពធ្ងន់ធ្ងរជាង។ ដូច្នេះវត្តមានខ្ញុំនៅទីនោះ ជាមួយវត្តមាននៅទីនេះមិនមានអ្វីខុសគ្នាទេ ទោះបីមកយឺតប្រសើរជាងមិនមក។

ឱកាសនៃការជួបជុំនេះ ខ្ញុំសូមយកថ្លែងនូវការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងគ្រប់លំដាប់ថ្នាក់ ដែលបានប្រឹងប្រែងជម្នះនូវការលំបាក ខិតខំជួយដោះស្រាយជាមួយការលំបាករបស់ប្រជាពលរដ្ឋ។ ជាមួយនេះ ក៏សូមថ្លែងនូវការអរគុណ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងាររាជរដ្ឋាភិបាល ក៏ដូចជាគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចក្រឡា​ហោម ស ខេង ដឹកនាំដោះស្រាយបញ្ហានេះជាបន្តបន្ទាប់ក្នុងរយៈពេលកន្លងទៅ។ ខ្ញុំពិតជាមានការអរគុណ ចំពោះការខិតខំទាំងអស់របស់មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធរបស់យើង ដែលបានជួយដោះស្រាយបញ្ហាដែលមិនទុកឱ្យប្រជាជនណាម្នាក់ស្លាប់ដោយអត់បាយ ដែលយើងមិនបានដឹង ហើយមិនបានដោះស្រាយនោះឡើយ

ឆ្នាំនេះ ដូចដែលឯកឧត្តម ជា សុមេធី អភិបាលខេត្តបានធ្វើរបាយការណ៍។ ទឹកវាមិនធំហួសហេតុពេកទេ ក៏ប៉ុន្តែវារាយប៉ាយគ្រប់ទីកន្លែង ធ្វើឱ្យខេត្តរបស់យើងដែលមាន ២៥ រាជធានី/ខេត្ត មានទៅដល់ ២០ខេត្ត ដែលរងផលប៉ះពាល់។ វាមិនច្រើនក៏ប៉ុន្តែវារាយប៉ាយច្រើនកន្លែង។ ដូច្នេះ បូកសរុបទៅក្រុមគ្រួសារដែលរងផលប៉ះពាល់គឺមានចំនួនច្រើនបង្គួរ។ សូម្បីតែថ្ងៃនេះ បើបូកសរុបចំនួនដែលខ្ញុំបានដើរចែកផ្ទាល់សម្រាប់ស្រូវពូជ ក្នុងការស្តារឡើងវិញគឺមានរហូតទៅដល់ ៣៨ ៣១៣ គ្រួសារ គិតទាំង ៦ ១១២ គ្រួសារ ដែលចែកជូននៅខេត្តព្រៃវែងថ្ងៃនេះ។ ស្ថានភាពវាបានកើតឡើងយ៉ាងដូច្នេះ។

បើនិយាយពីទន្លេវិញគឺអ្នកទន្លេខ្លាចបំផុតការដែលទឹកអត់លិច។ នេះគឺជារឿងពិតរបស់អ្នកទន្លេ។ ដូចជានៅខាងស្រុកខ្ញុំ ខ្លាចបំផុតគឺទឹកអត់លិចក្រោមផ្ទះ ព្រោះកាលណាទឹកមិនលិច វាបង្កើតបានទៅជាបញ្ហាអត់ដីល្បាប់ សត្វចង្រៃក៏មិនងាប់ ដូច្នេះវាជាការលំបាកទៅវិញទេ។ ក៏ប៉ុន្តែស្ថានភាពវាមិនដូចគ្នាទេ។ ភូមិសាស្ត្រខ្លះយើងបានធ្វើស្រូវដើមរដូវ ជាស្រូវវស្សា ហើយស្រូវវស្សាក៏ត្រូវបានលិចលង់ខូចខាតដោយទឹកជំនន់ ជាជំនន់មេគង្គក្តី ជាជំនន់ទឹកភ្លៀងក្តី។ ឆ្នាំនេះជំនន់ទឹកភ្លៀងបានវាយលុកស្ទើរគ្រប់ទីកន្លែងទាំងអស់។ ឥឡូវនេះ ការចែកពូជស្រូវរបស់យើងមិនជាយឺតទេ បើយើងពិនិត្យគ្រប់ទីកន្លែងដែលខ្ញុំបានធ្វើដំណើរតាំងពីសៀមរាប, បន្ទាយមានជ័យ, បាត់ដំបង, ពោធិ៍សាត់, កំពង់ឆ្នាំង ហើយម្សិលមិញ កំពង់ធំ និងថ្ងៃនេះមកដល់ព្រៃវែង។

យើងឃើញថា ឥឡូវនេះទឹកទើបនឹងដកទៅក្រោយភូមិ។ កន្លែងខ្លះត្រឹមតែ ១០០ ម៉ែត្រ ឬមិនដល់ ១០០ ម៉ែត្រ ផងទេ គឺទឹកនៅទីនោះ។ ដូច្នេះស្រូវពូជដែលយកទៅនេះ គឺមិនជាចាំបាច់ត្រូវបូមទឹកមកដាក់ រៀបចំសម្រាប់ការបង្កបង្កើនផលទេ លើកលែងកន្លែងខ្លះវាទួលពេក។ ជាទូទៅស្ថានភាពទឹកនៅពេលដែលទឹកសម្រក ស្រូវពូជបានទៅដល់ទីកន្លែងតែម្តង។ ខ្ញុំសូមអរគុណចំពោះគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ ពិសេសគណៈកម្មាធិការទាក់ទងជាមួយនឹងស្បៀងបម្រុងដែលដឹកនាំដោយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និង(ជា)រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលយើងមានស្បៀងបម្រុង ក្នុងនោះក៏មានពូជស្រូវនៅក្នុងការដោះស្រាយជួយប្រជាពលរដ្ឋរបស់យើង។

(២) ក្រុមការងារគណបក្សប្រជាជនជួយប្រជាជនចេញទៅកាន់ទីទួលសុវត្ថិភាព ផ្តល់ស្បៀងថ្នាំពេទ្យ រួមទាំងស្រូវពូជនិងគ្រាប់ពូជដំណាំ ឱ្យប្រជាជនស្តារជីវភាពឡើងវិញ, បញ្ជូនសាច់ប្រាក់ពលកម្មទៅមូលដ្ឋាន ក្នុងគ្រាមានតម្រូវការចាំបាច់កសាងហេដ្ឋារចនាសម័្ពន្ធតូចៗ

ចំនួនគ្រួសារទទួលផលប៉ះពាល់មានច្រើនជាងនេះ ប៉ុន្តែយើងផ្តល់ពូជស្រូវសម្រាប់តែអ្នកទាំងឡាយណាដែលរងផលប៉ះពាល់ ហើយដែលមានលទ្ធភាពស្តារឡើងវិញសម្រាប់ដំណាំស្រូវតែប៉ុណ្ណោះ។ ឯក្រៅពីនោះយើងនឹងដោះស្រាយជូនប្រជាជនដែលមានតម្រូវការពូជដំណាំសម្រាប់ធ្វើដំណាំរួមផ្សំ ដើម្បីឆ្លងកាត់ការលំបាកក្នុងរយៈពេលខាងមុខនេះ។ ស្ថានភាពរបស់យើងពិតជាមិនអាក្រក់ពេកនោះទេ ក៏ប៉ុន្តែនៅក្នុងស្ថានភាពដែលក្រុមគ្រួ​សារនីមួយៗមានបញ្ហា គឺច្បាស់ជាមានជួបការលំបាក។ តែការលំបាកនោះ មាន(ការ)អន្តរាគមន៍របស់រដ្ឋនៅក្នុងនេះ។

ម្សិលមិញខ្ញុំក៏បាននិយាយទាក់ទិននឹងសម័យកាលពីមុននិងសម័យកាលបច្ចុប្បន្នថា វាមានចំណុចខុសគ្នា។ ម្សិលមិញខ្ញុំបានរំលឹកទៅដល់អនុស្សាវរីយ៍កាលពីតូច កាលពីនៅវ័យក្មេង ជាមួយនឹងឪពុករបស់ខ្ញុំ ដែលលិចលង់ស្រូវ ហើយដែលឪពុករបស់ខ្ញុំស្រែកយំ។ ពេលនោះគ្មាននរណាជួយយើងក្រៅពីខ្លួនយើងនោះទេ។ ប៉ុន្តែឥឡូវនេះស្ថានភាពខុសប្លែកហើយ នៅត្រង់ថាក្រុមការងាររបស់គណបក្សប្រជាជន អាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅជាប់ជាមួយប្រជាជន ទោះបីតិចឬច្រើនបានជួយដោះស្រាយបញ្ហាប្រជាជនចេញពីកន្លែងតំបន់ ដែលមានការរងគ្រោះទៅកាន់ទីទួលសុវត្ថិភាព ការផ្តល់ស្បៀង ការផ្តល់ថ្នាំពេទ្យ ការពិនិត្យមើលជីវភាពប្រជាពលរដ្ឋ រួមទាំងការផ្តល់ស្រូវពូជ និងគ្រាប់ពូជ ដើម្បីនឹងជួយឱ្យប្រជាជនស្តារជីវភាពឡើងវិញ។ ជំនួយឧបត្ថម្ភនានាត្រូវបានផ្តល់ ហើយថ្ងៃនេះជាង ៦ពាន់ គ្រួសារ ត្រូវបានទទួលពីខ្ញុំ ជានាយករដ្ឋមន្ត្រីរបស់ព្រះរាជាណាចក្រកម្ពុជាដោយផ្ទាល់។

ប៉ុន្តែ ជំនួយនេះគ្រាន់តែជាការដោះទ័លក្នុងរយៈមួយគ្រាខ្លីតែប៉ុណ្ណោះ។ អ្វីដែលជាការពឹងផ្អែកសំខាន់បំផុតនោះ គឺការយកគ្រាប់ពូជនេះ ដោះស្រាយនូវកិច្ចការស្តារឡើងវិញនូវផលិតកម្ម និងពូជដំណាំដទៃទៀត​ក៏ដូចជាកិច្ចការដែលយើងត្រូវធ្វើដើម្បីប្រាក់កម្រៃ។ រាជរដ្ឋាភិបាលបានខិតខំបញ្ចុះសាច់ប្រាក់ពលកម្មសម្រាប់មូលដ្ឋាន នៅក្នុងគ្រាដែលមូលដ្ឋានមានតម្រូវការចាំបាច់ស្តីពីការកសាងហេដ្ឋារចនាសម័្ពន្ធតូចៗ ដែលប្រជាជនយើងអាចចូលរួមនិងទទួលបានប្រាក់កាស។ នេះជាផ្នែកមួយនៃគោលនយោបាយយើងសម្រាប់ដោះស្រាយនៅឯមូលដ្ឋាន ជាជាងនាំគ្នាសម្រុកចូលទៅទីក្រុងដើម្បីរកការងារធ្វើនៅទីក្រុង ក្នុងពេលវេលាដ៏លំបាកនៃជំងឺកូវីដ​-១៩ ។

(៣) វិធានការ ៣កុំ ពិបាកអនុវត្ត, គេចរួចពីវិបត្តិកូវីដ-១៩ ដោយការអនុវត្តវិធានការសុខាភិបាលនិងការទទួលយកការចាក់វ៉ាក់សាំង, ការបើកប្រទេសឡើងវិញធ្វើសកម្មភាពសេដ្ឋកិច្ចសង្គមមានរយៈពេលមួយឆ្នាំហើយ, ការបិទខ្ទប់រឹតបន្តឹងវិធានការកូវីដ-១៩កន្លងទៅ សំដៅការពារអាយុជីវិតប្រជាជន

និយាយដល់ជំងឺ កូវីដ-១៩ ខ្ញុំសូមយកឱកាសនេះថ្លែងនូវការកោតសរសើរ ចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពិសេសក្នុងផ្នែកសុខាភិបាល ដែលបានយកចិត្តទុកដាក់ទប់ស្កាត់ជាមួយនឹងជំងឺនេះ ពិសេសអរគុណចំពោះប្រជាពលរដ្ឋដែលបានទទួលយក នូវការអនុវត្តគោលនយោបាយ វិធានការរបស់ក្រសួងសុខាភិបាល ក៏ដូចជារបស់រដ្ឋាភិបាលទៅលើការគ្រប់គ្រងកូវីដ-១៩។

មានចំណុច ២ ដែលត្រូវរំលឹក។ ទី១) ប្រជាជនទទួលយកនូវវិធានការសុខាភិបាល ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ក្នុងនោះវិធានការ ៣កុំ ៣ការពារ ត្រូវបានអនុវត្តដោយប្រជាជនរបស់យើង។ សូម្បីតែថ្ងៃនេះ ប្រជាពលរដ្ឋរបស់យើងក៏នៅតែអនុវត្តនូវ ៣ការពារ ដោយក្នុងនោះភាគច្រើននៅទីនេះ បាននិងកំពុងពាក់ម៉ាស់ នៅក្នុងទីកន្លែងដែលយើងជួបជុំគ្នា ជាមួយនឹងការរក្សាគម្លាត។ ម្សិលមិញខ្ញុំបាននិយាយនៅឯខេត្តកំពង់ធំថា ឥឡូវនេះ ៣ការពារ នៅអនុវត្តបាន ប៉ុន្តែ ៣កុំ ដូចជាអនុវត្តលែងបានហើយ។ ៣ការពារ រួមមានពាក់ម៉ាស់ លាង​ដៃ រក្សាគម្លាត។ យើងអង្គុយឆ្ងាយពីគ្នាបន្តិច ហើយយើងកុំប៉ះពាល់គ្នាច្រើនពេក ដើម្បីចៀសវាងការឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ព្រោះសត្រូវមើលអត់ឃើញទេ។ កុំឃើញថារូបរាងស្អាតហ្នឹងវាអត់មានកូវីដ-១៩ ជួនកាលអាស្អាតហ្នឹងវាកូវីដ-១៩។

យើងកំពុងបន្តអនុវត្តនូវវិធានការ ៣ការពារ។ ប៉ុន្តែដល់ទៅ ៣កុំ វិញគឺពិបាកបណ្តោយ។ ៣កុំ រួមមានថា ទីមួយកុំទៅកន្លែងដែលមានមនុស្សច្រើន។ ឥឡូវយើងកំពុងតែជួបជុំមនុស្សច្រើននៅទីនេះ។ អញ្ចឹងវាមិនខុសទៅហើយ ថាកុំឱ្យជួបជុំមានមនុស្សច្រើន កុំទៅទីកន្លែងដែលមានមនុស្សច្រើន ប៉ុន្តែយើងកំពុងតែនៅមនុស្សជាង ៦ពាន់នាក់ មកអង្គុយជុំគ្នានៅកន្លែងហ្នឹង។ ឥឡូវយើងចាត់តាំងពីធីបុណ្យអុំទូកនៅហ្នឹង។ ថ្ងៃមុនព្រៃវែងចាត់តាំងពិធីបុណ្យអុំទូកនៅកន្លែងណា? នៅហ្នឹង។ មនុស្សមើលច្រើនណាស់។ ល្ងាចនេះខ្ញុំទៅហើយ។ ម្សិលមិញគេថាអត់ទាន់ឱ្យទៅទេ។ ល្ងាចនេះ ខ្ញុំទៅ។ ម្សិលមិញថាទៅ គេមិនឲ្យទៅទេ។ ល្ងាចនេះទៅហើយ ព្រោះ​ល្ងាចនេះផ្ដាច់ព្រ័ត្រ ហើយសុទ្ធតែអាខ្លាំងៗ ផង ប្រណាំងគ្នានៅខេត្តកណ្ដាល ម៉ោង ៣ ល្ងាចនេះ។

ខ្ញុំទៅមើលគេអុំទូកនៅខេត្តកណ្ដាល។ អញ្ចឹងទេ ដល់តែអុំទូកហ្នឹង មនុស្សណែនទៅតែម្ដង។ គេមានប្រគំតន្រ្តីស្អីៗ ប្រជាពលរដ្ឋទៅមើល។ ដូច្នេះវាលំបាក នៅក្នុងការដែលយើងកំណត់ ដូចជាមង្គលការអីផ្សេងៗ។ ឥឡូវធ្លាក់ខ្យល់ពីជើងហើយ។ បន្តិចទៀតគឺថារៀបការដល់ហើយៗ គឺថាកូនមកហើយ។ តែការឆ្នាំហ្នឹង កូនឆ្នាំក្រោយ​។ ហ្នឹងប្រហែលជាអញ្ចឹង។ ប្រសិនបើអ្នកនោះមិនខិតខំការពារ។ ប៉ុន្តែតើយកប្ដី/ប្រពន្ធយកធ្វើអី? ក្រែងយកចង់បានកូនឬអី? អាហ្នឹងទីមួយ ទាក់ទិនជាមួយបញ្ហា កុំទៅកន្លែងដែលមានមនុស្សច្រើន។ ទី២) ថាកុំនៅកន្លែងបិទជិត។ តាំងពីដើរមួយជុំវិញទន្លេសាប ប្រជុំនៅកន្លែងបិទជិតហ្នឹងតែម្ដង។ មនុស្សច្រើនហើយ បិទជិតទៀត។ អញ្ចឹងវាលំបាកអនុវត្ត។ ទី៣) គឺកុំប៉ះពាល់គ្នា រក្សាគម្លាត គឺអាហ្នឹងសម្រាប់ខ្ញុំពិបាក។

កាលពីមុនគ្រាន់តែជល់ដៃគ្នា ក្រោយមកជល់កែងគ្នា ឥឡូវចាប់ដៃគ្នាហើយ ចូលដល់ដំណាក់កាលចាប់ដៃ។ ប៉ុន្តែយើងនៅតែប្រុងប្រយ័ត្នជាមួយនឹងកិច្ចការទាំងអស់ដែលយើងត្រូវបន្តដើម្បីជម្នះនូវការលំបាកនៃមហន្តរាយដែលបណ្ដាលមកពី កូវីដ-១៩។ យើងពិតជាមានការសោកស្ដាយចំពោះប្រជាពលរដ្ឋយើងដែលបានទទួលមរណភាពដោយសារកូវីដ-១៩។ ក្នុងរយៈពេលដ៏ខ្លីមួយ ប្រជាពលរដ្ឋយើងស្លាប់អស់ ៣ ០០៦នាក់។ មិនមែនជារឿងតូចតាចទេ ក្នុងប្រទេសមួយដែលមានប្រជាជនត្រឹមតែ ១៧ លាននាក់ … រហូតដល់ខ្ញុំប្រកាសអាសន្ន ត្រូវធ្វើក្ដារមឈូស ត្រូវធ្វើប៉ាឆាបន្ថែម ត្រូវរកដីបន្ថែមដើម្បីសម្រាប់កប់សាកសពទៅតាមប្រពៃណីរបស់ជាតិសាសន៍នីមួយៗ។ ប៉ុន្តែ ដោយសារការទទួលយករបស់ប្រជាពលរដ្ឋរបស់យើងទៅលើបញ្ហាវិធានការសុខាភិបាលមួយផ្នែក តែមួយផ្នែកទៀតគឺដោយការទទួលយកការចាក់វ៉ាក់សាំងនោះ ធ្វើឲ្យយើងគេចរួចចេញពីវិបត្តិកូវីដ-១៩

ទោះបីថាកូវីដ-១៩មិនទាន់បានបញ្ចប់ ក៏ប៉ុន្តែយើងបានធ្វើឲ្យអត្រាឆ្លងពីជំងឺនេះបានធ្លាក់ចុះ ហើយយើងបានបើកប្រទេសឡើងវិញ។ គិតមកដល់ថ្ងៃនេះ ថ្ងៃទី៣០ នៅសល់តែ ២ ថ្ងៃ ទៀតទេ គំរប់ខួបមួយឆ្នាំនៃការបើកប្រទេសឡើងវិញ ដែលបានផ្ដល់ឱកាសឲ្យប្រជាពលរដ្ឋរបស់យើងធ្វើសកម្មភាពសេដ្ឋកិច្ចសង្គម ក្នុងនោះទាំងបញ្ហាសេដ្ឋកិច្ច ទាំងការបើករោងចក្រ និងផ្នែកផ្សេងទៀត ដែលពាក់ព័ន្ធជាមួយសកម្មភាពសេដ្ឋកិច្ច។ លើវិស័យអប់រំអនុញ្ញាតឲ្យយើងបើកសាលារៀន ដើម្បីយើងផ្ដល់ឱកាសឲ្យកុមារា/កុមារីរបស់យើង អាចទទួលបាននូវការសិក្សា។ អ្វីដែលជាកង្វល់ធំរបស់យើងនៅពេលនោះ គឺសិស្សមិនបានចូលថ្នាក់រៀន ដោយយើងខ្លាចការឆ្លងរាលដាល ដែលធ្វើឲ្យជីវិតកុមារ និងគ្រូបង្រៀនរបស់យើងជួបគ្រោះថ្នាក់ …។

ឥឡូវនេះ យើងអាចនិយាយបានត្រឹមថា យើងឈ្នះសមរភូមិកូវីដ-១៩ ក៏ប៉ុន្តែយើងមិនទាន់ឈ្នះសង្រ្គាមកូវីដ-១៩ នោះទេ។ កូវីដ-១៩នេះ វាបានកើតច្រើនទម្រង់ហើយ។ ដំបូងបំផុតគឺ Alpha បន្តទៅ Delta បន្តទៅ Omicron ហើយ Omicron នេះវាមានពីរជំនាន់ទៅទៀត។ យើងទើបនឹងគ្រប់គ្រងបានត្រឹមប៉ុណ្ណឹងទេ។ ប៉ុន្តែកូវីដ-១៩ មិនទាន់ចប់។ វានៅបន្តក្បែរៗយើងនេះ មិនទៅណាឆ្ងាយទេ។ តែយើងប្រហែស ចូលមកព្រឹបក្នុងខ្លួនយើង។ ប៉ុន្តែ គ្រាន់តែចំនួនវាមានការថយចុះ។ ក្នុងប៉ុន្មានថ្ងៃមុន យើងមាន ៦ ថ្ងៃ ដែលអត់មានកូវីដ-១៩ ហើយមុននោះយើងមានរយៈពេល ៥២ ថ្ងៃ ដែលគ្មានជំងឺឆ្លងកូវីដ-១៩។ ឥឡូវនេះ យើងចាប់ផ្ដើមឆ្លងថែមទៀត។ ថ្ងៃនេះ​គឺមានត្រឹមតែ ៣ នាក់ប៉ុណ្ណោះ ដែលឆ្លងកូវីដ-១៩។ អ្នកទាំងបីនាក់នោះទៀតសោត ​ក៏ព្យាបាលនៅតាមផ្ទះ។ ខ្ញុំនិយាយបញ្ហានេះ ចង់សំដៅអរគុណដល់ប្រជាពលរដ្ឋនៅខេត្តព្រៃវែងនិយាយដោយឡែក និងប្រ​ជា​ជននៅទូទាំងប្រទេស និយាយជារួម ត្រូវបន្តប្រុងប្រយ័ត្នជាមួយនឹងជំងឺកូវីដ-១៩នេះជាបន្តទៀត។

ដោយសារតែយើងគ្រប់គ្រងបាននូវសភាពការណ៍បានយ៉ាងដូច្នេះ បានជាយើងអាចដោះស្រាយបានបញ្ហាសេដ្ឋកិច្ចនិងសង្គម រាប់ទាំងបញ្ហាថ្ងៃនេះ យើងអាចជួបជុំគ្នា មនុស្សជាង ៦ពាន់គ្រួសារ ដែលមកទទួលយកស្រូវពូជ និងជំនួយឧបត្ថម្ភផ្សេងៗ ហើយខ្លួនខ្ញុំក៏មានលទ្ធភាពមកទីនេះ។ កាលពីពេលកូវីដ-១៩ កំពុងតែវាយលុកខ្លាំង គឺយើងមានកន្លែងដែលយើងត្រូវកាត់ផ្ដាច់ទំនាក់ទំនង ដោយធ្វើការបិទខ្ទប់នៅតំបន់ខ្លះ និងធ្វើការរឹតបន្តឹងនូវវិធានការទាំងឡាយ។ រាល់ការរឹតបន្តឹងនូវវិធានការនៅពេលនោះគឺដើម្បីថ្ងៃនេះឯង។ ប្រសិនបើយើងមិនចាត់វិធានការដើម្បីការពារជីវិតប្រជាជននៅពេលនោះ សួរថាក្នុងជាង ៦ ពាន់គ្រួសារនេះ តើនឹងមានប៉ុន្មានគ្រួសារដែលបាត់បង់ប្ដី ប្រពន្ធ ឪពុក ម្ដាយ ឬក្រុមគ្រួសារ ដោយសារកូវីដ-១៩ ឆក់យកជីវិត។ ដូច្នេះ អ្វីដែលរាជរដ្ឋាភិបាលធ្វើកាលពីមុនគឺសំដៅការពារអាយុជីវិតប្រជាជននេះឯង។

ឥឡូវ កូវីដ-១៩ មិនទាន់បានឆ្លងផុត ប៉ុន្តែមានបញ្ហាជាច្រើនបានដាក់ឲ្យយើងដោះស្រាយ នោះគឺទាក់ទងនឹងគ្រោះធម្មជាតិ បូកបន្ថែមដោយកត្តាខាងក្រៅ ទាក់ទិនជាមួយនឹងអតិផរណាទៅលើសេដ្ឋកិច្ច ដែលធ្វើឲ្យយើងជួបបញ្ហាប្រឈម។ ប៉ុន្តែ ប្រឈមធំសម្រាប់យើងនៅទីនេះ គឺគ្រោះទឹកជំនន់ដោយទឹកភ្លៀង ដែលបានកើតឡើងទាមទារឲ្យយើងប្រឹងប្រែងគ្រប់ក្រុមគ្រួសារទាំងអស់ដើម្បីស្ដារជីវភាពឡើងវិញ។

(៤) ជ័យជំនះភ្លូកទឹកភ្លូកដីនៃការបោះឆ្នោតឃុំ/សង្កាត់ ជាមោទនភាពនៃការដឹកនាំនិងចំពោះការគាំទ្រពី ប្រជាពលរដ្ឋ, ប្រធានាធិបតីសហរដ្ឋអាមេរិកមកចូលរួមប្រជុំអាស៊ានអាមេរិកនិងអាស៊ីបូព៌ានៅកម្ពុជា, គ្រប់ក្រសួងធ្វើកិច្ចការក្នុងប្រទេសផងបរទេសផង ក្នុងឋានៈជាប្រធានអាស៊ានប្តូរវេននៅឆ្នាំ២០២២

ក្នុងន័យនេះ​ដែរ ខ្ញុំក៏សូមយកឱកាសនេះថ្លែង​អំណរគុណចំពោះប្រជាពលរដ្ឋនៅទីនេះ ក៏ដូចជាប្រជាពលរដ្ឋនៅខេត្តព្រៃវែងនិយាយដោយឡែក និងនិយាយរួមចំពោះប្រជាពលរដ្ឋនៅទូទាំងប្រទេសដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា នៅក្នុងឱកាសនៃការបោះឆ្នោតឃុំ/សង្កាត់រយៈពេលកន្លងទៅ ហើយដែលធ្វើឲ្យគណបក្សប្រជាជនកម្ពុជាឈ្នះភ្លូ​កទឹកភ្លូកដីនៅក្នុងក្របខណ្ឌទូទាំងប្រទេស។ នេះគឺពិតជាមោទនភាពនៃការដឹកនាំ និងការគាំទ្រពីសំណាក់ប្រជាពលរដ្ឋរបស់យើង ដែលខ្ញុំសង្ឃឹមយ៉ាងមាំថាប្រជាពលរដ្ឋរបស់យើងនឹងបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាជាបន្តទៀតនៅក្នុងឱកាសនៃការបោះឆ្នោតខាងមុខ

ម្សិលមិញ ខ្ញុំបើកក្នុង YouTube មានគេលើកឡើងថា លោក ហ៊ុន សែន ហាក់ដូចជាមានការឃោសនាមុនការកំណត់។ ខ្ញុំត្រូវតែហ៊ាននិយាយ ខ្ញុំត្រូវថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋដែលបានបោះឆ្នោតជូនគណបក្សប្រជាជន។ ខ្ញុំក៏អំពាវនាវឲ្យប្រជាជនបោះឆ្នោតជូនគណបក្សប្រជាជនជាបន្តទៀតគឺជារឿងធម្មតា។ ការពិត គណបក្សប្រជាជនកំពុងគ្រប់គ្រងប្រទេស ហើយបើប្រជាជនបោះឆ្នោតឲ្យ មិនថ្លែងអំណរគុ​ណឲ្យ តើវាយ៉ាងម៉េច? តែបោះឆ្នោតឲ្យហើយ ច្បាស់ជាសុំឲ្យបន្តបោះឆ្នោតឲ្យទៀត។ លោកឯងដើរទៅនិយាយដែរទៅ។ លោកឯងដើរខ្សិបរាល់តែថ្ងៃហ្នឹង​។ គ្រាន់តែខ្ញុំដាក់មីក្រូនិយាយបណ្ដោយ រួចហើយផ្សាយបន្តផ្ទាល់សឹងគ្រប់ទូរទស្សន៍។ លោកឯងអត់មានលទ្ធភាពធ្វើដូចខ្ញុំ ព្រោះលោកឯងមិនទាន់កាន់អំណាចនៅឡើយ។ បើលោកឯងចង់ធ្វើតាមខ្ញុំ ធ្វើឲ្យឈ្នះទៅ ហើយថ្ងៃក្រោយលោកឯងធ្វើដែរទៅ។ សូម្បីតែនៅស្រុកអាមេរិក ឥឡូវជិតរៀបចំបោះឆ្នោតពាក់កណ្ដាលអាណត្តិ គេក៏ធ្វើ គណបក្សនានាគេធ្វើ …។

ប៉ុន្តែ សូមជម្រាបជូនដែរ ប៉ុន្មានថ្ងៃកន្លងទៅខ្ញុំអត់ទាន់និយាយទេ ដោយសារតែខាងភាគីសហរដ្ឋអាមេរិកក៏មិនទាន់បានបញ្ជាក់។ ភាគីអាមេរិកបានផ្ដល់ព័ត៌មានមកយើង ប៉ុន្តែខ្ញុំក៏មិនទាន់បានប្រកាសនោះទេ ដោយសារតែយើងត្រូវរក្សាទុកឲ្យខាងសេតវិមានឯទីក្រុងវ៉ាស៊ីងតោនធ្វើការប្រកាសវិញ។ ឥឡូវច្បាស់លាស់ហើយថា ប្រ​ធានាធិបតីសហរដ្ឋអាមេរិក Joe Biden នឹងធ្វើដំណើរមក​ចូលរួមប្រជុំអាស៊ាន-អាមេរិក និងអា​ស៊ីបូព៌ា នៅទីក្រុងភ្នំពេញ។ បើតាមសេចក្ដីប្រកាស គាត់នឹងចាកចេញពីសហរដ្ឋអាមេរិកទៅកាន់អេហ្ស៊ីប ចេញពីអេហ្ស៊ីប​មកកាន់កម្ពុជា ចេញពីកម្ពុជាទៅឥណ្ឌូនេស៊ី រួចហើយត្រឡប់ទៅសហរដ្ឋអាមេរិកវិញ។ គាត់នឹងបញ្ជូនអនុប្រ​ធានាធិបតីមកចូលរួមប្រជុំ APEC នៅទីក្រុងបាងកក ប្រទេសថៃ។ នៅពេលខាងមុខនេះ ពិតជាមានការងារច្រើន។ ថ្ងៃនេះខ្ញុំសុំបញ្ចប់ត្រឹមប៉ុណ្ណឹងចុះ។ ខេត្តបន្តទៀត សូមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនិងក្រសួងកសិកម្ម និងផ្នែកពាក់ព័ន្ធ បន្តពិនិត្យលើកិច្ចការទាំងឡាយដែលទាក់ទងនឹងគ្រោះមហន្តរាយ។

ខ្ញុំនៅមានការងារទាក់ទងជាមួយកិច្ចការបរទេសច្រើនណាស់ដែលត្រូវធ្វើ។ ការប្រជុំមានចំនួនច្រើន។ មិត្តភក្តិបរទេសរបស់យើងក៏មានចំនួនច្រើន។ ច្បាស់ហើយគឺការកំណត់ពេលវេលាសម្រាប់ការជួបរវាងខ្ញុំជាមួយនឹងប្រធានាធិបតីអ៊ុយក្រែន នឹងត្រូវធ្វើឡើងនៅថ្ងៃទី១ ខែវិច្ឆិកា នៅម៉ោង៤រសៀល ម៉ោងនៅភ្នំពេញ ត្រូវនឹងម៉ោង ១១ ថ្ងៃ១ វិច្ឆិកា នៅទីក្រុងគៀវ។ ពីមុនខ្ញុំគិតថា ម៉ោង ៤ វាចំម៉ោង ១២ (ថ្ងៃត្រង់នៅគៀវ) តែខែធ្លាក់ទឹកកក វាទាញខុសត្រូវមួយម៉ោង។ យើងនឹងមានការសន្ទនាជាមួយប្រធានាធិបតីអ៊ុយក្រែន។ យើងកំពុងតែរង់ចាំខាងមិត្តរុស្សីរបស់យើង តើប្រធានាធិបតី Putin នឹងអញ្ជើញមកកម្ពុជាក្នុងការប្រជុំឬអត់។ ឆ្នាំនេះយើងមានការប្រជុំច្រើន។ រដ្ឋមន្ត្រីរបស់យើងគ្រប់ក្រសួងស្ថាប័នបានធ្វើកិច្ចការងារច្រើនទាំងកិច្ចការក្នុងប្រទេសផងនិងការ​ងារបរទេសផង ក្នុងឋានៈជាប្រធានអាស៊ានប្តូរវេននៅឆ្នាំ២០២២នេះ

(៥) បណ្ណវាយតម្លៃផលប៉ះពាល់ពីអតិផរណា រាប់បញ្ចូលទាំងក្រុមគ្រួសារជួបការលំបាកដោយគ្រោះទឹកជំនន់ ដែរ, ពលរដ្ឋប្រឹងប្រែងខ្លួនឯង តែរដ្ឋក៏យកចិត្តទុកដាក់លើជីវភាពនិងសុខទុក្ខរបស់ប្រជាជន, អ្នកសល់ពូជនិងអ្នកខ្វះពូជសូមដោះស្រាយជាមួយគ្នា

ប៉ុ​ន្តែសភាពការមិនអីទេ។ សម្រាប់ខ្ញុំសុខភាពអត់បញ្ហា។ អ្នកដទៃគេដើរច្រើ​នហត់ច្រើនគេចុះគីឡូ។ ឯខ្ញុំដើរច្រើនក្បាលពោះកាន់តែធំឡើង។ ម្សិលមិញមកពីកំពង់ធំវិញ ថ្លឹងទៅឡើង ៨៧ គីឡូក្រាម ចាប់ផ្ដើមដើរពី ៨៣ ដល់ដើរយូរៗឡើង ៨៧ គីឡូក្រាម។ ថ្ងៃហ្នឹងត្រូវហូបបាយជាមួយសម្ដេចក្រឡាហោម ស ខេង។ បន្ទាប់ពីហ្នឹងទៅសំណេះសំណាល ហើយហូបបាយ។ ហើយតែបាយដាក់បន្តិចៗ ដាក់ទៅអង្កៀមត្រីងៀត។ មួយជុំទន្លេ​សាប​អត់មានម្ហូបបារាំងទេ។ ខេត្តនេះគេមានត្រីប្រភេទនេះទៅ ប៉ុន្តែចំឡែកត្រង់បាត់ដំបង សម្បូណ៌ត្រីកន្ធរ។ ឯខេត្តដទៃគឺអត់មានត្រីកន្ធរទេ។ ខេត្តបាត់ដំបងមានត្រីកន្ធរ។ មិនដឹងថាថ្ងៃនេះ (ជា) សុមេធី គឺមានត្រីឆ្លូញអត់? មកអញ្ចឹងកុំដាក់ Steak ដាក់តែសម្លរខ្មែរយើងមក។ ពិសេសខ្ញុំចូលចិត្តក្រៀមក្រោះ ព្រោះតែដាក់អាហ្នុងបន្តិចហើយ ទឹកៗមិនសូវចំណាប់ទេ ដាក់អាក្រៀមៗ អាហ្នឹងប្រដាប់ក្លែម។ ខ្ញុំបញ្ចុះគីឡូរហ័សទេ មិនមែនហាត់ប្រាណអីទេ ខានហាត់ប្រាណ ២ ខែហើយ ប៉ុន្តែធ្វើទន្សាយ។ ម៉េចទៅធ្វើទន្សាយ? ល្ងាចអត់ស៊ីអីទេ ស៊ីតែបន្លែអញ្ចឹងចុះក្រឺតៗ។ ដល់បន្លែយូរពេក ហេវដែរ ហត់ដែរ។

ខ្ញុំអរគុណណាស់សម្រាប់ការជួបជុំ ហើយសូមតាមរយៈបងប្អូន សង្ឃឹមថាបងប្អូនយើងនឹងរើបម្រះដើម្បីស្តារជីវភាពឡើងវិញ។ យើងមើលទឹកនៅល្ហល្ហេវ។ ឥឡូវ ៦កើត ខែកក្តិក។ អញ្ចឹងទេវាដូចជាត្រូវដែរ។ ពីមុនខែកក្តិកនៅខែតុលា ឥឡូវក៏ចុងខែ តុលាដែរ។ បន្តិចទៀតអាចនឹងរងារផ្កាគរ។ រងារផ្កាគរការប្រពន្ធត្រូវប៉ាច់តែម្ដង។ កាលពីខ្ញុំការ ការចំខែរងារតែម្ដង។ រងារឆ្នាំហ្នុងគឺរងារមែនទែន។ អញ្ចឹងគឺអត់ដឹងទៅណាទេ។ មនុស្សមិនដែលបានឱបប្រពន្ធផងឱបជាប់។ សុំទោសព្រោះត្រូវតែអញ្ចឹង។ នៅពេលដែលអង្គុយស្ដាប់ខ្ញុំ ប្រហែលជាមានអ្នកខ្លះតែះនំប៉័ង។ មាននំប៉័ងមួយគូ,ទឹកសុទ្ធ២ដប ជាមួយនឹងទឹកក្រូច ដោះស្រាយខ្លួនឯងទៅ។ របស់យើងទេ។ ដោយសារតែយើងបាននិយាយគ្នា សំខាន់គឺរឿងទាក់ទិននឹងការស្ដារជីវភាពឡើងវិញ។

សូមបញ្ជាក់ជូនដែរថា ក្នុងចំណោមគ្រួសារដែលរងគ្រោះដោយទឹកជំនន់នេះ ក៏អាចនឹងមានគ្រួសារមួយចំនួនក្រៅពីការទទួលបានការឧបត្ថម្ភនេះ ខ្ញុំទុកអង្ករ ២៥០ តោននៅទីនេះ ដែលក្នុងនោះមានអង្ករលោក ឃុនថាវង្ស ផងផាន់ ចំនួន ១០០ តោន និងអង្កររបស់អ្នកឧកញ៉ា ទ្រី ភាព ចំនួន ១៥០ តោន ទាំងអស់២៥០តោន ដែលបងប្អូនក្រុមការងារនិងអាជ្ញាធរ បន្តចែកជូនចំពោះប្រជាពលរដ្ឋរបស់យើងដែលមានការខ្វះខាត។ ទន្ទឹមនឹងនោះរាជរដ្ឋាភិបាលក៏បានដាក់ចេញនូវគោលនយោបាយទាក់ទិននឹងការធ្វើអន្តរាគមន៍បន្ថែមលើបណ្ណក្រីក្រ ទាក់ទងនឹងកូវីដ-១៩ គឺនឹងមានបណ្ណមួយទៀតដែលកំពុងតែធ្វើការវាយតម្លៃទៅតាមលក្ខណៈសម្បិត្តដើម្បីទទួលបានផល អំពីផលប៉ះពាល់ពីអតិផរណា។ ក្នុងនោះយើងក៏រាប់បញ្ចូលក្រុមគ្រួសារទាំងឡាយ ដែលជួបការលំបាកដោយសារគ្រោះទឹកជំនន់ផងដែរ ដែលយើងកំពុងតែធ្វើការវាយតម្លៃលើបញ្ហានេះ ដើម្បីជួយដល់ប្រជាជនដែលជួបការលំបាក

នេះគ្រាន់តែជាផ្នែកតូចមួយនៃអន្តរាគមន៍របស់រដ្ឋដើម្បីជួយប្រជាជនតែប៉ុណ្ណោះ​ អ្វីដែលជាការពឹងពាក់ពិតប្រាកដគឺសម្រាប់ប្រជាពលរដ្ឋប្រឹងប្រែងដោយខ្លួនឯង។ រដ្ឋមានលទ្ធភាពជួយតែក្នុងដំណាក់កាលនិងផ្នែកណាមួយតែប៉ុណ្ណោះ។ ប៉ុន្តែខ្ញុំជឿជាក់ថា ក្នុងរយៈពេលកន្លងទៅប្រជាពលរដ្ឋប្រឹងប្រែងខ្លួនឯងច្រើនណាស់ទៅហើយ តែរដ្ឋក៏មិនព្រងើយកន្តើយហើយមិនយកចិត្តទុកដាក់ទៅលើបញ្ហាជីវភាពនិងសុខទុក្ខរបស់ប្រជាជននោះដែរ … ថ្ងៃនេះប្រជាពលរដ្ឋមកទទួលយក​គឺមានចំនួន ៦ ១១២ គ្រួសារ ក្នុងនោះខ្ញុំមិនចាំបាច់រំលឹកឡើងវិញអំពីបញ្ហាទាក់ទិនជាមួយនំប៉័ង, ទឹកក្រូច និងទឹកសុទ្ធនោះទេ ដែលនៅនឹងប្រជាជនស្រាប់ហើយ។ ការផ្ដល់ជូនថ្ងៃនេះមានស្រូវពូជ​ ១០០ គីឡូក្រាម ដែលស្រូវពូជនោះកំពុងរៀបចំនៅខាងក្រោយ។ យកមកដាក់មុខនេះគឺដាក់មិនអស់ទេ ដោយសារខាងមុខនេះមានសម្ភារៈផ្សេងទៀត។

អញ្ចឹងខ្ញុំសូមបញ្ជាក់បន្តិចថា ពីមុននេះទាំងអ្នកព្រៃវែងដែលបានទទួលរួចមកហើយនិងអ្នកមួយចំនួនទៀត ហើយខេត្តដទៃទទួលរួចមកហើយ ពេលនោះយើងគិតថាដីកន្លះ​ហិកតាចុះក្រោមជូន ៥០គីឡូក្រាម ឯដីកន្លះហិកតាឡើងលើជូន ១០០គីឡូក្រាម។ តែឥឡូវយើងមិនកំ​ណត់ដូច្នេះទៀតទេ គឺដីតូចក៏បាន ១០០គីឡូក្រាម ដីធំក៏បាន ១០០គីឡូក្រាម គឺស្មើៗគ្នាទាំងអស់។ អ្វីដែលខ្ញុំគួររំលឹកគឺអ្នកដែលមានដីតូចប្រើពូជមិនអស់ សូម​ជួយទៅដល់អ្នកដែលមានដីធំហើយខ្វះស្រូវពូជតាមរយៈការ​អោយខ្ចីឬតាមរយៈការលក់ ឬតាមរយៈការផ្ដល់ជាអំណោយ នេះគឺទៅតាមការចាត់ចែងរបស់បងប្អូន ព្រោះកន្លែងខ្លះមានដីត្រឹមតែកន្លះហិកតាទេ បាន១០០គីឡូក្រាមដែរ តែអ្នកខ្លះមានដីដល់ ២ហិកតាបានទទួល ១០០គីឡូក្រាមដូចគ្នា។ អញ្ចឹងទេវិធីតែមួយគត់ដែលដោះស្រាយបានគឺថា​ អ្នកដែលដីតិចប្រើពូជតិចគឺនៅសល់ស្រូវពូជផ្គត់ផ្គង់តាមរយៈការអោយខ្ចីឬលក់អោយទៅអ្នកដែលខ្វះគ្រាប់ពូជ នេះជាវិធីដែលត្រូវដោះស្រាយ។

បន្តទៅទៀតយើងមានមី១កេះធំ ដែលមាន ៦ កេះតូច ត្រីខ ចំនួន១កេះធំដែលមាន ១០០ កំប៉ុង អង្ករ ១ បាវ ៥០គីឡូក្រាមនិងថវិកា ២០ម៉ឺនរៀល ស្មើៗគ្នាគ្រប់ក្រុមគ្រួសារទាំងអស់ ជូនសាលាក្រុងព្រៃវែងចំនួន ២លានរៀល ជូនក្រុមគ្រូពេទ្យប្រចាំការចំនួន ៣លានរៀល។ ខ្ញុំគិតថា ថ្ងៃនេះបងប្អូនពិតមែនតែចាប់ផ្ដើមធ្លាក់ខ្យល់ពីជើងបណ្ដើរៗហើយ ប៉ុន្តែក៏នៅតែក្ដៅ។ ខ្ញុំមិនចង់បន្តថែមទៀតទេ ហើយខ្ញុំក៏ត្រូវទៅជួបជាមួយមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធនៅសាលាខេត្ត។ បន្ទាប់ពីហ្នឹងទៅត្រូវបាយអោយស្រូត។ ថ្ងៃនេះអត់បាយយូរដូចម្សិលទេ បាយអោយស្រូតប្រញាប់ទៅដេកបានបន្តិច ភ្ញាក់ឡើងគឺមុខខេត្តកណ្ដាលដើម្បីមើលគេប្រណាំងទូក។ ស្ដាយស្រីម៉ៅក្រាំងយ៉ូវ អត់បានមក។

ថ្ងៃនេះមានជនពិការចំនួន ១៤នាក់ ដែលមកចូលរួមនៅទីនេះដែរ សូមជូនវថិកាចំនួន ១លានរៀលបន្ថែមទៀតសម្រាប់ជនពិការទាំងអស់។ សង្ឃឹមថាបងប្អូនប្រជាពលរដ្ឋរបស់យើងមិនថ្នាំងថ្នាក់ជាមួយនឹងការផ្ដល់បន្ថែមសម្រាប់ជនពិការរបស់យើងនោះទេ។ ជាថ្មីម្ដងទៀតខ្ញុំសូមអរគុណចំពោះសម្ដេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលបានអញ្ចើញចូលរួមនៅក្នុងឱកាសនេះ អរគុណចំពោះប្រជាពលរដ្ឋរបស់យើង ហើយតាមរយៈបងប្អូនប្រជាពលរដ្ឋរបស់យើងអនុញ្ញាតអោយខ្ញុំផ្ដាំផ្ញើនូវការអរុគុណសម្រាប់ការបោះឆ្នោតពីសំណាក់ប្រជាជន ជូនចំពោះគណបក្សប្រជាជនក្នុងរយៈពេលកន្លងទៅនឹងសង្ឃឹមថាពួកគាត់នឹងបន្តបោះឆ្នោតជូនគណបក្សប្រជាជនបន្ថែមទៀត។ ចុងបញ្ចប់ជូនពរសម្ដេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និងបងប្អូនជនរួមជាតិទាំងអស់ សូមប្រកបដោយពុទ្ធពរនិងពរ ៥ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈនិងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ