ឯកឧត្តម Park Jung-wook ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព សាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា
ឯកឧត្ដម ឯកអគ្គរដ្ឋទូតនៃបណ្ដាប្រទេសនានាប្រចាំកម្ពុជា
គណៈអធិបតី ភ្ញៀវកិត្តិយសជាតិ–អន្តរជាតិតំណាងដៃគូអភិវឌ្ឍន៍
សមាជិក សមាជិកា អង្គពិធីទាំងមូលជាទីមេត្រី!
ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្ស ដោយបានចូលរួមជាអធិបតីក្នុង«ពិធីបញ្ចុះបឋមសីលាបើកការដ្ឋានសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល នៅទីតាំងទី៣ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល» ដើម្បីពង្រឹង និងពង្រីកការផ្តល់សេវាសុខភាព និងការបណ្តុះបណ្តាល សំដៅកែលម្អស្ថានភាពសុខភាពពលរដ្ឋនាពេលបច្ចុប្បន្ន និងធានាបាននូវសុខភាពល្អ និងសុខុមាលភាពពលរដ្ឋជំនាន់ក្រោយ។
យោងតាមរបាយការណ៍សង្ខេបរបស់ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល មន្ទីរពេទ្យសាកលវិទ្យាល័យដែលនឹងត្រូវសាងសង់ មានហេដ្ឋារចនាសម្ព័ន្ធសំណង់ និង ការបំពាក់សម្ភារៈឧបករណ៍ពេទ្យ ដែលមានលក្ខណៈទំនើប ទាន់សម័យ ស្របតាមស្តង់ដាអន្តរជាតិ និងត្រូវប្រើប្រាស់ជាអគារពហុមុខងារសម្រាប់ការផ្តល់សេវាថែទាំ ធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺ។ មុខងារទំាងនេះ មិនត្រឹមតែឆ្លើយតបនឹងការកើនឡើងជាបន្តបន្ទាប់នូវតម្រូវការរបស់ប្រជាពលរដ្ឋនោះទេ ប៉ុន្តែ ថែមទំាងជួយបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងវិស័យសុខាភិបាលតាមវិធីសាស្រ្តរៀន ការបង្រៀន និងការសិក្សាស្រាវជ្រាវវិទ្យាសាស្រ្តសុខាភិបាល ដែលនឹងនាំមកនូវរបកគំហើញវិទ្យាសាស្រ្ត និងនវានុវត្តន៍ថ្មីៗ សម្រាប់ជាធាតុចូលសំខាន់ ក្នុងការធ្វើបច្ចុប្បន្នភាពគោលនយោបាយសុខាភិបាល ឈានទៅដល់ការសម្រេចបានការគ្របដណ្តប់សុខភាពជាសកលនៅឆ្នាំ២០៣៥។
[ផ្ដើមសេចក្ដីអធិប្បាយ១]
(១) ការបំពាក់សម្ភារៈឧបករណ៍ទំនើបនិងទាន់សម័យ ជាការគិតគូររយៈពេលវែង
អម្បាញ់មិញ មិនត្រឹមតែគ្រោងបុកគ្រឹះទេ គឺគ្រោងពង្រីករួចទៅហើយ។ អញ្ចឹងផែនការគឺគិត២ជំហានរួចទៅហើយ។ សេវាសុខាភិបាលសំខាន់សម្រាប់ប្រជាពលរដ្ឋយើង។ អ្នកណាក៏ត្រូវការសុខភាព មិនថានៅស្រែ នៅក្រុង នៅអាមេរិក នៅកម្ពុជា នៅឃ្មួញ នៅដង្កោ ប្រជាពលរដ្ឋត្រូវការសំខាន់បំផុតគឺសុខភាព។ អញ្ចឹងការធានាបាននូវការផ្ដល់សេវាល្អ គុណភាព និងគ្រប់គ្រាន់ គឺជាកិច្ចការសំខាន់។ ឯកឧត្ដម ឈាង រ៉ា គាត់អាចដឹងបាន តម្រូវការសង់ប៉ុន្មានក៏មិនគ្រប់។ ដូចនៅពេទ្យកាល់ម៉ែត។ គាត់ធ្លាប់ធ្វើប្រធាន។ យើងថែម ២០ជាន់ក៏នៅតែត្រៀមពង្រីកបន្ថែម។ អញ្ចឹងការគិតគូរជាមុននេះ ខ្ញុំសូមធ្វើការកោតសរសើរ ហើយការបំពាក់នូវសម្ភារៈនូវឧបករណ៍ទំនើប និងទាន់សម័យ គឺជាការគិតគូររយៈពេលវែង។
ខ្ញុំថាប្រជាពលរដ្ឋត្រូវការការព្យាបាលសុខភាព។ មិនថានៅប្រទេសអ្នកមានឬក្រ (អោយតែជា)ជំងឺគឺដូចគ្នាទេ។ តែមហារីក គឺមហារីកដូចតែគ្នាហ្នឹងឯង។ តែឈឺក្រពះ គឺឈឺក្រពះដូចតែគ្នា មិនថាឈឺក្រពះនៅអាមេរិកទំនើបជាងឈឺក្រពះស្រុកខ្មែរទេ។ មនុស្សដូចតែគ្នា។ ឧបករណ៍ទំនើបខុសគ្នា ជីវភាពរស់នៅខុសគ្នា ប៉ុន្តែមនុស្សកើតមក កោសិកាដូចតែគ្នា (ទោះបី)១ពាន់ ១លានឆ្នាំ (ក៏)នៅដដែល។ អញ្ចឹងបច្ចេកវិទ្យាដែលព្យាបាលប្រជាជនក្រៅប្រទេសដែលទំនើប យើងត្រូវយកមក។ (ដោយហេតុនេះហើយបានជាមាន)ការបំពាក់ ការកសាងថ្មីៗនេះ។ ថ្ងៃមុនសូម្បីតែនៅកោះធំនោះ ក៏មានការបំពាក់ឧបករណ៍(ទំនើប) មាន MRI។ ឥឡូវយើងកំពុងតែធ្វើការបំពាក់ឧបករណ៍ការពារគីមី ព្យាបាលមហារីក នៅតាមបណ្ដាពេទ្យមួយចំនួន …។
[ចប់សេចក្ដីអធិប្បាយ១]
ខ្ញុំក៏សូមឆ្លៀតឱកាសនេះ សូមធ្វើការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល សាស្រ្តាចារ្យ គ្រូពេទ្យ មន្រ្តី បុគ្គលិកសុខាភិបាល គ្រប់លំដាប់ថ្នាក់ ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងារក្នុងវិស័យដ៏មានសារៈសំខាន់នេះ។ ជាមួយនេះ ខ្ញុំសូមវាយតម្លៃខ្ពស់ ចំពោះក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ជាតិ-អន្ដរជាតិ និងអង្គការមិនមែនរដ្ឋាភិបាល ដែលបាន និងកំពុងរួមចំណែក ដល់វឌ្ឍនភាពនៃវិស័យសុខាភិបាលកម្ពុជា ជាពិសេស ការខិតខំប្រឹងប្រែងរួមគ្នានាពេលកន្លងទៅ ក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលជាសកលនៃជំងឺកូវីដ-១៩ ។
[ផ្ដើមសេចក្ដីអធិប្បាយ២]
(២) សុខភាពប្រជាពលរដ្ឋ សុភមង្គលគ្រួសារ គឺជាតម្លៃមហាសាល
នាឱកាសនេះ ខ្ញុំសូមជួសមុខឲ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា អរគុណរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋកូរ៉េ ចំពោះការជួយឧបត្ថម្ភគាំទ្រ ក៏ដូចជាសហការល្អ ក្នុងរយៈពេលជាងប៉ុន្មានទសវត្សរ៍នេះ តាំងពីដំណាក់កាលនៃការចរចា និងការកសាងប្រទេសឡើងវិញក្រោយសង្រ្គាម។ ថ្ងៃនេះ សាធារណរដ្ឋកូរ៉េក៏បានផ្ដល់ឥណទានដើម្បីកសាងនូវសមិទ្ធផលធំនេះ។ (ការចំណាយ) ៦០លានដុល្លារគឺជាទំហំធំ តែវាជាអ្វីដែលយើងត្រូវតែវិនិយោគ ព្រោះវា(មានសារ)សំខាន់(ចំពោះការថែទាំនិងព្យាបាលខុសភាពប្រជាពលរដ្ឋ)។ ការវិនិយោគ ៦០លានដុល្លារ លើការកសាងមន្ទីរពេទ្យនិងបំពាក់ឧបករណ៍ យើងអាចគិតថាច្រើន ប៉ុន្តែផលដែលបានត្រឡប់មកវិញគឺសុខភាពរបស់ប្រជាជនដែលមានតម្លៃរាប់ពាន់លានដុល្លារ។ មិនមែនគិតតែនៅក្នុងតម្លៃសេដ្ឋកិច្ចនោះទេ។ តម្លៃសុខភាពគឺជាតម្លៃមហាសាល។ តម្លៃសុភមង្គលគ្រួសារ តម្លៃនៃការសប្បាយរីករាយជួបជុំគ្រួសារគឺជាតម្លៃមហាសាល។ អ្នកដែលឈឺចូលទៅព្យាបាល អាចព្យាបាលជា។ អ្នកដែលអាចគ្រោះថ្នាក់ដល់ជីវិត អាចព្យាបាលជា ធានានូវសុខដុមរមនា។ នេះជាផលតម្លៃដែលត្រូវវិនិយោគធំ ហើយគ្រោង(វិនិយោគ)បន្ថែមទៀត។
(៣) សាធារណរដ្ឋកូរ៉េ ជួយក្នុងកម្រិតវិនិយោគ គិតគូរសេដ្ឋកិច្ច ផ្នែកមនុស្សធម៌ និងការភ្ជាប់ទំនាក់ទំនងល្អ
សូមអរគុណណាស់ចំពោះសាធារណរដ្ឋកូរ៉េ ក៏ដូចជារដ្ឋាភិបាលនិងប្រជាជន ទាំងរដ្ឋទាំងឯកជន ទាំងអង្គការក្រៅរដ្ឋាភិបាល ដែលបានចូលរួមនៅគ្រប់វិស័យ មិនមែនតែវិស័យសុខាភិបាលទេ។ នៅក្នុងវិស័យសុខាភិបាលនេះ ក៏មានការចូលរួមពីអង្គការកូរ៉េ។ កាលមុន ខ្ញុំនៅសមាគមពេទ្យ ក៏ធ្លាប់ធ្វើការជាមួយសមាគមពេទ្យមកពីកូរ៉េដែរ។ អ្នកស្ម័គ្រចិត្តមកពីកូរ៉េ បានចុះព្យាបាលតាមខេត្តជាមួយគ្នា។ សូមអរគុណដល់គ្រប់(ភាគី)។ ខ្ញុំទៅកូរ៉េ ទាំងការហ្វឹកហ្វឺនកងទ័ពផង តែងតែបានជួប។ កូរ៉េគាត់មានមនោសញ្ចេតនាជាមួយកម្ពុជា ដោយសារកូរ៉េធ្លាប់ឆ្លងកាត់នូវសង្រ្គាមស៊ីវិលដូចគ្នា ហើយតែងតែនិយាយ(ពីបទពិសោសធន៍)ពីឆ្នាំ៥០ជាងមក។ គាត់អាចចែករំលែកបាន(ពីបទពិសោធន៍ជា)ប្រទេសដែលងើបពីសង្រ្គាមមក។ គាត់យល់ពីកម្ពុជា។ ឃើញកម្ពុជាបញ្ចប់សង្រ្គាម កសាងប្រទេស គាត់មានមនោសញ្ចេតនា មិនត្រឹមតែជាការជួយនៅក្នុងកម្រិតវិនិយោគ គិតគូរពីសេដ្ឋកិច្ចនោះទេ តែជួយទាំងផ្នែកមនុស្សធម៌ និងជួយភ្ជាប់ទំនាក់ទំនងល្អ។ អញ្ចឹងកិច្ចការនេះ ខ្ញុំសូមអរគុណណាស់ទៅដល់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ដែលបានជួយទៅដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជំរុញការសហការគ្នាបន្តទៅទៀត។
[ចប់សេចក្ដីអធិប្បាយ២]
ជាការពិត ជោគជ័យទាំងនេះ មិនអាចកើតឡើងដោយចៃដន្យនោះទេ តែជាការកើតចេញពីការខិតខំប្រឹងប្រែងរួមគ្នាឥតឈប់ឈរ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងស្មារតីសាមគ្គីភាព សហថាមពល និងកិច្ចសហការនៃគ្រប់ភាគីទាំងអស់ក្នុងវិស័យសុខាភិបាល។
[ផ្ដើមសេចក្ដីអធិប្បាយ៣]
(៤) ក្រោយរំដោះពីរបបប្រល័យពូជសាសន៍ ប៉ុល ពត អាទិភាពធំគឺកសាងធនធានមនុស្សឡើងវិញ
ធនធានមនុស្សគឺជាអាទិភាពទី១ របស់រាជរដ្ឋាភិបាលគ្រប់ជំនាន់ ជាពិសេស ៤០ឆ្នាំនេះ។ ក្រោយពីការរំដោះពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ថ្ងៃ ៧ មករា ១៩៧៩ អាទិភាពធំគឺការកសាងធនធានមនុស្សឡើងវិញ។ យើងត្រូវការមនុស្សដែលសល់ពីសង្រ្គាម ពីការកាប់សម្លាប់ ទាំងអប់រំ ទាំងសុខាភិបាល និងវិស័យផ្សេងៗទៀត។ បើយើងមិនមានធនធានមនុស្សទេ យើងនៅតែពឹង(គេ) យើងមិនអាចមានឯករាជ្យភាពទេ។ បើយើងគ្រាន់តែឈឺ ត្រូវឲ្យអ្នកជំងឺពឹងពេទ្យពីក្រៅប្រទេស បើទៅមើលពេទ្យទំនើប សុទ្ធតែពេទ្យបរទេសនោះ យើងមិនអាចមានភាពម្ចាស់ការក្នុងការថែទាំសុខភាពប្រជាពលរដ្ឋយើងទេ។ បើសិនជាយើងមិនមានសមត្ថភាពខ្លួនឯង មួយរយៈពេលកូវីដ-១៩នេះ យើងចប់ហើយ ព្រោះអត់មានអ្នកណាធ្វើដំណើរហៅពេទ្យមកពីណាបានទេ។
(៥) វិនិយោគលើសុខភាពមនុស្ស ជាការវិនិយោគលើការបង្កើនទ្រព្យសកម្មជាតិ
ការកសាងធនធានមនុស្ស គឺជាកត្តាសំខាន់មួយ ហើយរាជរដ្ឋាភិបាលអាណត្តិទី៧នេះ ក៏បន្តចាត់ទុកមនុស្សជាទ្រព្យដ៏ធំបំផុត។ និយាយពីមូលធនមនុស្ស យើងសំដៅលើសុខភាព សមត្ថភាព និងចំណេះដឹង។ អញ្ចឹងការវិនិយោគលើសុខភាពរបស់មនុស្ស គឺជាការវិនិយោគក្នុងការបង្កើនទ្រព្យសកម្មរបស់ជាតិ។ ហេតុអី? ប្រជាពលរដ្ឋដែលមានសុខភាពល្អ ជាទ្រព្យសកម្ម។ ប្រជាពលរដ្ឋដែលមានសុខភាពទ្រុឌទ្រោម គឺជាបន្ទុករបស់គ្រួសារ និងរបស់សង្គមជាតិ។ បើសិនជា Albert Einstein ដេកនៅកន្ទេល ក៏មិនអាចធ្វើអីបានដែរ។ តែមនុស្សម្នាក់ដែលមានសុខភាពល្អ អាចជួយខ្លួនឯង ជួយគ្រួសារ និងជួយសង្គមជាតិបានតាមកម្រិតសមត្ថភាពរបស់គាត់។ អញ្ចឹងការវិនិយោគនៅក្នុងការថែទាំ ការព្យាបាលសុខភាព គឺជាកិច្ចការសំខាន់។ ថ្ងៃនេះ មាននិស្សិតពេទ្យរាប់ពាន់នាក់។ ថ្ងៃក្រោយ មនុស្សរាប់លាននាក់នឹងត្រូវផ្ញើវាសនាលើយើង។ ពេទ្យរៀនចប់ហើយត្រូវធ្វើការក្នុងមន្ទីរពេទ្យ មិនថាពេទ្យឯកជន គ្លីនិកផ្ទាល់ខ្លួន ឬមួយមន្ទីរពេទ្យរដ្ឋនោះទេ។ យើងប្រាកដជាព្យាបាលមនុស្សហើយ។ យ៉ាងហោចក៏ផ្ដល់ការពិគ្រោះយោបល់ ចេញវេជ្ជបញ្ជាឲ្យគេដែរ។
(៦) កសាងមន្ទីរពេទ្យ គឺបង្កើនភាពម្ចាស់ការក្នុងការព្យាបាល និងកសាងមូលដ្ឋានបង្កើនទ្រព្យសកម្មជាតិ
បើខ្ញុំឈឺ រត់ទៅរកពេទ្យហើយ។ ពេទ្យប្រាប់ឲ្យលេបអី ខ្ញុំលេបហ្នឹងហើយ។ អញ្ចឹងបន្ទុករបស់យើងធំណាស់។ បន្ទុករបស់យើងគឺការកសាង ថែរក្សាទ្រព្យសកម្មរបស់ជាតិ របស់គ្រួសារ។ នេះជាកិច្ចការសំខាន់ដែលរាជរដ្ឋាភិបាលត្រូវវិនិយោគបង្កើតទ្រព្យសកម្មនេះឲ្យបានច្រើន។ យើងបញ្ចុះបឋមសីលាកសាងអគារ ឬមួយមន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលនៅទីនេះ គឺកសាងមូលដ្ឋានមធ្យោបាយក្នុងការកសាងទ្រព្យសកម្មបន្ថែមឲ្យកាន់តែមានភាពរឹងមាំ កាន់តែបង្កើនភាពម្ចាស់ការរបស់កម្ពុជាក្នុងការព្យាបាល។ ក្នុងន័យនេះ គោលដៅរបស់រាជរដ្ឋាភិបាលគឺបង្កើនទ្រព្យសកម្ម។ តើយើងគ្រាន់តែចង់ទេឬ? អ្នកណាក៏ចង់ដែរ ប៉ុន្តែដើម្បីឱ្យមានផលជាក់ស្ដែង យើងត្រូវតែធ្វើ បើគ្រាន់តែមួយចង់អ្នកណាក៏ចង់ដែរ។ ព្រឹកមិញ ខ្ញុំចង់(ញាំ)ភីហ្សា។ ថ្ងៃហ្នឹង ប៉ុន្តែប្រហែលទៅដល់ផ្ទះ បានបាយធម្មតាព្រោះអត់បានកុម្ម៉ង់។ ចង់គឺចង់ហើយ។ កាលពីក្មេងខ្ញុំចង់ក្លាយទៅជាអ្នកបើកយន្តហោះ ប៉ុន្តែដល់ទៅចេញកងទ័ពជើងគោក ព្រោះទៅវាស់ភ្នែក គេថាភ្នែកហោះអត់រួច។ អញ្ចឹងក៏បានហោះតាមវីដេអូហ្គេម។ (វាតែងតែមានរបាំងរវាង)ចំណង់និងលទ្ធភាពជាក់ស្ដែង។
(៧) ក្នុងរយៈពេលជាង ៤០ឆ្នាំ ពង្រឹងនិងពង្រីកហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលទៅដល់មូលដ្ឋាន
យើងចង់បានវិស័យសុខាភិបាលដែលរឹងមាំ អាចម្ចាស់ការព្យាបាលប្រជាពលរដ្ឋ យើងត្រូវចេញគោលនយោបាយនិងសកម្មភាពជាក់ស្ដែង។ ៤០ឆ្នាំជាងនេះយើងបាននិងកំពុងធ្វើ។ នៅក្នុងការពង្រីកវិសាលភាពគ្របដណ្ដប់នៃប្រព័ន្ធសុខាភិបាល ក្នុងរយៈពេល ៤០ឆ្នាំជាង យើងបានពង្រីក ពង្រឹង ហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលនិងរុញទៅដល់មូលដ្ឋាន។ ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ផ្លូវ ស្ពាន ថ្នល់ គឺជាមធ្យោបាយមួយ ប៉ុន្តែរុញប៉ុស្តិ៍សុខភាព រុញមណ្ឌលសុខភាព ពង្រឹកពេទ្យបង្អែកស្រុកឱ្យនៅទូទាំងប្រទេសគឺជាកិច្ចការសំខាន់ដែលយើងបានធ្វើ។ មកដល់ម៉ោងនេះ គិតត្រឹមឆ្នាំ២០២៣ យើងមានមន្ទីរពេទ្យបង្អែក ១២៥កន្លែង, មណ្ឌលសុខភាពមានចំនួន ១២១៦កន្លែង, ប៉ុស្តិ៍សុខភាពមានចំនួន ១៣១ កន្លែង។ និយាយពីការព្យាបាលសុខភាព ទាល់តែយើងនិយាយពីលទ្ធភាពដែលប្រជាជនអាចទទួលបាន។ គឺរុញ(ទីតាំងផ្តល់សេវា)ទៅដល់កន្លែង។ បើសិនជាពេទ្យទាំងអស់នៅប្រមូលផ្ដុំនៅភ្នំពេញ អ្នករតនគិរីឈឺ (តើគិត)យ៉ាងម៉េច? ការកសាងលទ្ធភាព កសាងហេដ្ឋារចនាសម្ព័ន្ធពេទ្យ រុញទៅតាមមូលដ្ឋានគឺយើងបានធ្វើរួចហើយ។
(៨) ពង្រីកវិសាលភាពគ្របដណ្ដប់និងលើកកំពស់គុណភាពសេវាសុខាភិបាលជូនប្រជាពលរដ្ឋក្នុងក្រុមគ្រួសារងាយរងហានិភ័យ និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ
ក្រៅពីនោះ រដ្ឋាភិបាលបានដាក់គោលដៅសំខាន់ៗ ដើម្បីពង្រឹងវិស័យសុខាភិបាល ដោយផ្ដោតលើការលើកកំពស់គុណភាព សេវាសុខាភិបាល និងពង្រីកវិសាលភាពគ្របដណ្ដប់នៃសេវាសុខាភិបាលសម្រាប់ប្រជាជនរួមទាំងប្រជាពលរដ្ឋនៅក្នុងគ្រួសារងាយរងហានិភ័យ និងប្រជាជនដែលមានសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ រដ្ឋបានបង្កើតទីតាំង បង្កើតកន្លែងព្យាបាល តាមមូលដ្ឋានហើយ តែត្រូវបង្កលទ្ធភាពឱ្យប្រជាពលរដ្ឋ។ កត្តាមួយសំខាន់គឺលទ្ធភាព។ នៅក្នុងប៉ុន្មានអាណត្តិនេះ ជាគោលដៅរបស់យើងទៅខាងមុខ ប្រជាពលរដ្ឋយើងគ្រប់គ្នា មិនអាចមានអ្នកមិនបានទទួលសេវាសុខភាពទេ។ មិនត្រឹមតែទទួលបានសេវាសុខភាពទេ តែអាចមានលទ្ធភាព(ទទួលបាន)តម្លៃសមរម្យ(ក្នុងការពិនិត្យនិងព្យាបាល) ឬកន្លែងខ្លះដែលនៅខ្វះខាត រដ្ឋនឹងជួយ(ឧបត្ថម្ភ) … ពីឆ្នាំ ៨០ជាង យើងផ្ដល់សេវា ដែលអ្វីៗជារបស់រដ្ឋ។ ឥឡូវ យើងប្រមូលផ្ដុំការជួយទៅប្រជាជនដែលលំបាក ប្រជាជនដែលមានហានិភ័យ។ អ្នកដែលមានលទ្ធភាព គាត់អាចទទួលសេវាសុខាភិបាលនៅតាមកន្លែងឯកជន នៅតាមកន្លែងរដ្ឋ។ អញ្ចឹងហើយបានជានៅក្នុងរយៈពេលប៉ុន្មានអាណត្តិនេះ យើងបានរុញគោលនយោបាយនិងចេញជាកញ្ចប់សុខាភិបាលច្រើន។
(៩) មូលនិធិសមធម៌សង្គម ឬបណ្ណសុខភាព ជាការធានារ៉ាប់រង ដែលរដ្ឋផ្តល់ជូនពលរដ្ឋមានការលំបាក
របបសន្តិសុខសង្គម យើងហៅ ប.ប.ស ដែលចាប់ផ្ដើមពីកម្មករ/ការនី ក្នុងរោងចក្រ របបការពារគ្រោះថ្នាក់ក្នុងការងារ។ ក្រោយមកយើងពង្រីកការទទួលបានសេវាសុខាភិបាល។ បានន័យថាប្រជាពលរដ្ឋបង់ថ្លៃហ្នឹង។ កម្មករ/ការិនី ដំបូងចេញមួយផ្នែក។ ឥឡូវរដ្ឋជាមួយនិងនយោជកចេញជំនួស ដើម្បីពេលទៅព្យាបាលគាត់យក(គោលរបប)ហ្នឹងទៅធានារ៉ាប់រង មិនចាំបាច់បង់ទេ។ គាត់មិនសូវព្រួយបារម្ភពីការឡើងចុះថ្លៃសុខភាពនេះប៉ុន្មានទេ។ ពេទ្យកាន់តែល្អ ថ្លែកាន់តែខ្ពស់ហ្នឹងវាអញ្ចឹង។ គាត់ត្រូវវិនិយោគទៅលើថ្នាំ គាត់ត្រូវវិនិយោគទៅលើពេទ្យ ដុកទ័រ វេជ្ជបណ្ឌិត ដែលថ្លៃ។ គាត់ត្រូវវិនិយោគទៅលើឧបករណ៍ទំនើប។ យើងមិនហាមពេទ្យរបស់យើង ទាំងឯកជននិងរដ្ឋ ក្នុងការវិនិយោគបន្ថែមទេ។ (គ្រាន់តែថា នៅពេលដែលការវិនិយោគមាន)តម្លៃខ្ពស់ ដើម្បីធ្វើម៉េចកុំឱ្យចេញពីហោប៉ៅប្រជាជនច្រើន យើងត្រូវបង្កើតរបបសន្តិសុខសង្គម ដែលអាចហៅថា Insurance។ ឯកជនគេថាធានារ៉ាប់រងសុខភាព។ យើងរបបសន្តិសុខសង្គម។ ឥឡូវពង្រីកដល់មន្ត្រីរាជការទៀត។ សម្រាប់អ្នកដែលមានលទ្ធភាព បដិភាគកន្លែងមន្ត្រីរាជការរដ្ឋចេញ ប៉ុន្តែអត់បានគ្របដណ្ដប់ទាំងអស់ទេ។ (ដោយហេតុថា)ប្រជាពលរដ្ឋខ្លះមានការលំបាក អត់មានការងារទេ រងហានិភ័យខ្ពស់ ទើបរដ្ឋចេញមូលនិធិសមធម៌សុខាភិបាល ដែលរដ្ឋចេញថ្លៃជូនតែម្ដង។ ប្រជាពលរដ្ឋដែលអត់មានការងារតាមរបប ប.ស.ស ប្រជាពលរដ្ឋដែលមិនមែនជាមន្ត្រីរាជការ ដែលអត់មានរបបនេះ គឺអ្នកដែលលំបាកបំផុត រដ្ឋជួយតាមរយៈមូលនិធិសមធម៌សុខាភិបាល ដែលយើងហៅសាមញ្ញថា បណ្ណសុខភាពសម្រាប់ប្រជាពលរដ្ឋ។
(១០) របបសន្តិសុខសង្គមដោយស្ម័គ្រចិត្ត សំរាប់អ្នកនៅក្នុងបន្ទុក និងមុខសញ្ញាសេដ្ឋកិច្ចក្រៅប្រព័ន្ធ
ក្នុងអាណត្តិថ្មីនេះ យើងគិតទៀត ថាតើនៅសល់អ្នកណាទៀត? បើគាត់មិនមែនជាអ្នកក្រីក្រ តើអាចទទួលបានទេ? គាត់មិនមែនជាមន្ត្រីរាជការ ដែលបានទទួលផលរបបសន្តិសុខសង្គមពីរដ្ឋចេញទេ គាត់មិនមែនជាអ្នកធ្វើការនៅក្នុងក្រុមហ៊ុន ដែលក្រុមហ៊ុនចេញទេ តើនៅសល់អ្នកណាទៀត? អញ្ចឹង យើងមើលមានអ្នកប្រកបរបរដែលគាត់មានជីវភាពមធ្បម ជីវភាពមិនធូរធារខ្លាំងទេ ប៉ុន្តែក៏មិនខ្សត់ពេកនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដូចជាគាត់មានតូបមានអីលក់ខ្លួនឯង។ សមាជិកមន្ត្រីរាជការ សមាជិក ប.ស.ស ឥឡូវមានផ្ទាល់ខ្លួនតែប្ដី (ប៉ុន្តែ)ប្រពន្ធ កូន អត់មានទេ អ្នកនៅក្នុងបន្ទុក។ តើធ្វើម៉េច? ដូចនេះហើយ បានជាយើងបង្កើតរូបភាពមួយ ហៅថា របបសន្តិសុខសង្គមដោយស្ម័គ្រចិត្ត។ បានន័យថាគាត់បង់តែ ១៥ ៦០០រៀលទេ មិនដល់៤ដុល្លារក្នុងមួយខែ គាត់អាចទទួលបាននូវរបបសន្តិសុខដូចគ្នា។ កាលពីមុនគាត់អត់មាន ប.ស.ស ដោយស្ម័គ្រចិត្តហ្នឹង គាត់ទៅពេទ្យម្ដង ៦ម៉ឺនរៀលទៅ ៨ម៉ឺនរៀល។ បើឈឺច្រើនដង ពេលខ្លះអត់ហ៊ានទៅទេ។ ដោយហេតុនេះ យើងក៏ពង្រីកគោលនយោបាយនេះ។
យើងកំពុងតែរៀបចំផ្សេងទៀត … នៅក្នុងគោលនយោបាយដែលយើងរៀបចំ ឬមួយក៏ថាកញ្ចប់មូលនិធិសមធម៌សុខាភិបាល ប.ស.ស និងកាតព្វកិច្ចនេះ និងស្ម័គ្រចិត្តនេះ យើងគ្របដណ្ដប់បាន ៧ លាន ៣សែននាក់។ គ្រាន់តែយើងពង្រីកអ្នកក្នុងកាតព្វកិច្ច យើងនិយាយតែ ប.ស.ស តាមមន្ត្រីរាជការ រោងចក្រ សហគ្រាស ផ្សេងៗ ដែលមានរបបសន្តិសុខសង្គម ទៅព្យាបាល មានប្រហែលជាង ២លាននាក់។ ឥឡូវយើងបង្កើនលទ្ធភាពឱ្យប្រជាពលរដ្ឋ កូនចៅ អ្នកក្នុងបន្ទុក អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាក្រុមគោលដៅបានចូល ឥឡូវ ៦០ម៉ឺននាក់។ ចំនួននេះយើងគិតថា ៦០ម៉ឺននាក់មិនច្រើន ប៉ុន្តែបើយើងមើលល្បឿននៃការកើន ពេលដែលរដ្ឋាភិបាលបង្កើននៅឆ្នាំទៅ ខ្ទង់ខែ១០, ១១, ១២ នេះ អ្នកដែលចូលក្នុងកម្មវិធីនេះមានប្រហែលជា ៤ម៉ឺនទៅ ៥ម៉ឺននាក់ប៉ុណ្ណោះ។ អញ្ចឹង ក្នុងមួយឆ្នាំ អ្នកដែលបានទទួលផលនេះ ឡើងដល់ជិត ៦០ម៉ឺននាក់។
(១១) មានមណ្ឌលសុខភាពនិងគ្លីនិកឯកជន តែបើប្រជាពលរដ្ឋខ្វះខាត មិនអាចទៅព្យាបាល ក៏មិនទូលំទូលាយ
កាលពីមុន ប្រជាពលរដ្ឋមួយចំនួនអត់មាន ប.ស.ស អត់អាចចូលមូលនិធិសមធម៌ … គាត់អាចប្រើរូបមន្តថ្មី។ អញ្ចឹង បង់មួយខែ ១៥ ៦០០ រៀល មួយថ្ងៃ ៥០០រៀល គាត់អាចទៅព្យាបាលប៉ុន្មានដងក៏បាន។ ពីមុនគាត់អត់មានវិធីហ្នឹង គាត់ទៅមួយដង ៦ម៉ឺនទៅ ៨ម៉ឺនរៀល ទៅតែពីរដង ១៦០ ០០០ រៀល។ យើងដាក់រូបមន្តនេះជាគោលនយោបាយ ធ្វើឱ្យប្រជាពលរដ្ឋយើងមានលទ្ធភាព(ទទួលបានសេវាសុខាភិបាល)។ បើគ្រាន់តែបង្តើតប៉ុស្ដិ៍មណ្ឌលសុខភាព ឬក៏អនុញ្ញាតឱ្យគ្លីនិកឯកជនធ្វើសកម្មភាព តែប្រជាពលរដ្ឋខ្វះខាត គាត់មិនអាចទៅព្យាបាលបាន ក៏អត់ទូលំទូលាយដែរ។ បានន័យថានៅត្រង់ហ្នឹង អត់អាចទៅបានដោយសារខ្វះលទ្ធភាព។ ដោយហេតុនេះ បានជាទម្លាក់ថវិកាជួយអ្នកដែលខ្វះខ្លាំង តាមមូលនិធិសមធម៌សុខាភិបាល ហើយបើកច្រកបន្ថែមទៀត។
(១២) ក្នុងរយៈពេល ១៥ខែ វិសាលភាពគ្របដណ្ដប់នៃសេវាសុខាភិបាលបានកើនច្រើន
កាលពីមុន មាន ប.ស.ស មន្ត្រីរាជការអត់ព្រួយទេ។ គាត់អោយកាត គេទូទាត់ឱ្យគាត់។ តែកូនគាត់ទៅ ត្រូវគិតលុយ។ ឥឡូវអត់ទេ បើគាត់ស្ម័គ្រចិត្តចូល ១៥ ៦០០ រៀល … ថ្ងៃមុនខ្ញុំប្រជុំជាមួយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន, ឯកឧត្តម ហេង សួរ ខ្ញុំបានឱ្យគិតមើលកញ្ចប់គ្រួសារបន្ថែមទៀត … កាលពីមុន បើគាត់បង់ម្នាក់ប៉ុណ្ណេះ ហើយកូនក្នុងគ្រួសារឧទាហរណ៍មាន ៥នាក់ អញ្ចឹងគុណនឹង ៥ទៅ។ បើយកទាំងអស់គ្នា កំពុងអោយគិតគូរថា … បើជាគ្រួសារតែម្ដងមាន Discount យ៉ាងម៉េចដើម្បីឱ្យធូរ ឈានទៅដល់លទ្ធភាពដែលយើងអាចមានរបបសន្ដិសុខសង្គមចែកឱ្យប្រជាពលរដ្ឋ … ទោះបីជាគាត់ត្រូវបដិភាគមួយផ្នែកតូចក៏ដោយ។ នេះគឺជាកិច្ចការសំខាន់ដែលយើងកំពុងជំរុញ (ដើម្បីធ្វើឱ្យសំរេចបាននូវការពង្រីក)ការគ្របដណ្ដប់។ ក្នុងរយៈពេល ១២ឬថា ១៥ខែ យើងនិយាយពីថ្ងៃ២២ ខែ០៨ ដែលរដ្ឋាភិបាលកើតមកដល់នេះ ១៦ខែ កំណើននៃការពង្រីកវិសាលភាពនិងការគ្របដណ្ដប់របស់យើងបានកើនច្រើន។
(១៣) គន្លឹះសំខាន់គឺពង្រឹងនិងពង្រីកការលើកកំពស់គុណភាពសេវាសុខាភិបាលដល់ឃុំ
ការគ្របដណ្ដប់បានធ្វើហើយ ប៉ុន្តែគន្លឹះសំខាន់បំផុតនោះ គឺពង្រឹងនិងពង្រីកការលើកកំពស់គុណភាពដល់ឃុំ។ កាលពីមុនត្រូវធ្វើដំណើរមកដល់ស្រុក ឬមួយកន្លែងខ្លះដល់ខេត្ត ហើយផ្លូវលំបាក។ ឥឡូវមានមណ្ឌលសុខភាពនៅឃុំហើយ។ មាន ប.ស.ស សម្រាប់មន្ត្រីរាជការ កន្លែងខ្លះមានមូលនិធិសមធម៌ ហើយ តែទៅព្យាបាលទាល់តែមានគុណភាពដែរ បានគាត់ទៅ។ គ្រាន់តែទៅកន្លែងមួយ កន្លែងហ្នឹងមានគិតថាជាមណ្ឌលសុខភាព ប៉ុន្តែគុណភាពថ្នាំសង្កូវមិនល្អក៏លំបាក។ អញ្ចឹងដើម្បីឱ្យវាជាមួយកញ្ចប់ បានន័យថាពេញតែម្តង មិនត្រឹមតែការ(រៀបចុះ)ឱ្យតែមានទេ ប៉ុន្តែត្រូវតែថាមានហើយ យកជាការបានទៀតគឺគុណភាព។ នេះហើយគឺជាការវិនិយោគ និងការពង្រឹងនូវវិស័យសុខាភិបាល ដែលរាជរដ្ឋាភិបាលបានធ្វើក្នុងរយៈពេល ៤០ឆ្នាំនេះ ហើយរដ្ឋាភិបាលអាណត្តិទី៧ ក៏បានបន្តនូវកិច្ចការនេះ។
(១៤) ពង្រឹងគុណភាពសេវាសុខាភិបាល ដោយផ្តោតលើព្រួញធំៗ ៤
ចំពោះការពង្រឹងគុណភាពសុខាភិបាល ខ្ញុំគិតថាយើងផ្តោតទៅលើព្រួញធំៗ ៤។
ទី១៖ គឺហេដ្ឋារចនាសម្ព័ន្ធរូបវន្ត។ ទី២៖ គឺការបំពាក់ឧបករណ៍សម្ភារៈបរិក្ខាពេទ្យទំនើប។ ទី៣៖ គឺថ្នាំសង្កូវ។ ទី៤៖ គឺមនុស្ស។ ៤នេះ គឺជាកត្តាធំៗ ដែលត្រូវយកចិត្តទុកដាក់ ហើយដែលយើងបានធ្វើកន្លងមក។ អញ្ចឹងនៅក្នុងរយៈពេល ១ឆ្នាំនេះ រាជរដ្ឋាភិបាលបានទទួលនូវសមិទ្ធផលសុខាភិបាលជាច្រើន ដែលលេចជារូបរាង (លើមូលដ្ឋាននៃការអភិវឌ្ឍ)ដែលបានកសាងពីអាណត្តិមុន និងដែលយើងបានចាប់ផ្តើមដាក់ឱ្យដំណើរការនៅអាណត្តិនេះ។
(១៥) សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធរូបវន្តសុខាភិបាលក្នុងថេរវេលា ១២ខែ
បើយើងនិយាយពីហេដ្ឋារចនាសម្ព័ន្ធរូបវន្តសុខាភិបាល នៅក្នុង ១ឆ្នាំនេះ យើងបានធ្វើអីខ្លះ? ទី១ សម្ពោធជាផ្លូវការមន្ទីរពេទ្យជាតិតេជោសន្តិភាព ដែលធំជាងគេនៅកម្ពុជា មាន ១ម៉ឺនគ្រែ។ នៅជិតហ្នឹង។ បំពាក់ឧបករណ៍ទំនើប។ ពេទ្យនេះធំដោយសារបទពិសោធន៍ កូវីដ-១៩។ សម្តេចតេជោ លោកមានចក្ខុវិស័យ។ ពីមុនជំងឺឆ្លងមិនដែលធំអញ្ចឹងទេ ប៉ុន្តែជំនាន់ កូវីដ-១៩ នេះ ដំបូងឡើយមានតែនៅពេទ្យរុស្សីទេ ដែលមាន(រៀបចំត្រៀម ដែល)កាលហ្នឹង មានមិនដល់ ២០គ្រែផងត្រៀម។ ស្រាប់តែចូលក្នុងសហគមន៍ ១ថ្ងៃ ១,០០០នាក់ នៅរាជធានីភ្នំពេញ ពេលនោះប្រជុំគ្នាភ្លាមថា ឥឡូវយើងអត់មានកន្លែងទុកទេ ចង់ឱ្យដាក់ព្យាបាលនៅផ្ទះ។ យើងចង់សាកមើលជំរើសហ្នឹង តែពីដំបូងឡើយប្រជាពលរដ្ឋអត់ចង់នៅផ្ទះទេ។ បងប្អូនទាំងអស់គ្នាប្រហែលនៅចាំ។ កូវីដ-១៩ ក្មេងៗប្រហែលអត់ចាំជំនាន់ ប៉ុលពត តែជំនាន់ កូវីដ-១៩ ចាំ។ អ្នកខ្លះឈឺទៀត។ មើលពេទ្យប៉ុន្មាននាក់ដែលឆ្លង កូវីដ-១៩ ឆ្លើយមើល លើកដៃមើល កុំខ្មាស់។ បងក៏ឆ្លងដែរ មើលប៉ុន្មាននាក់? មិនធម្មតាទេ។ ពេលនោះគឺយើងចាំថា ការរៀបចំអត់គ្រប់គ្រាន់លក្ខណៈ។
ពិតណាស់ យើងមានក្រុមប្រឆាំង កាលជំងឺសា ឆ្លងអីតូចតាច។ ដល់ពេល កូវីដ-១៩ ១ថ្ងៃ ១ ០០០ នាក់ គ្រាន់តែនៅភ្នំពេញ … ដំបូងឡើយ ឯកឧត្តម សោ រតនៈ ជាមួយលោកជំទាវ យក់ សម្បត្តិ ទៅអង្គុយធ្វើ SOP រឿងការគ្រប់គ្រង កូវីដ-១៩ កាលឆ្លង ១ ឬ២ ដំបូង។ ម្នាក់ៗត្រូវតែដាក់ដាច់ពីគ្នា។ ម្នាក់ៗត្រូវតែមានបន្ទប់ទឹកដាច់ ត្រូវតែមានអី។ ដល់ទៅពេលឆ្លងច្រើននាក់ អូ! មិនបាច់ទៅរកទេ ធ្វើមណ្ឌលយើងបែងចែកជាធ្ងន់ ជាស្រាល។ តែពេលនោះយើងត្រូវរត់ ទៅប្រែក្លាយស្តាតផង ប្រែក្លាយមណ្ឌលរៀបការផង ដោយសារយើងអត់មានសម្រាប់ជំងឺឆ្លងច្រើន។ យើងមិនអាចយកអ្នកជំងឺឆ្លង កូវីដ-១៩ ទៅដាក់នៅពេទ្យធម្មតាទេ ព្រោះត្រូវមើលអ្នកជំងឺផ្សេងទៀត។ អ្នកជំងឺផ្សេងទៀត ដែលមិនឆ្លង កូវីដ-១៩ តែដាក់មិនស្រួលឆ្លងកាន់តែធ្ងន់។ អញ្ចឹងហើយបានជាសម្តេចតេជោ ឱ្យរៀបចំពេទ្យ។ យើងរៀបចំលឿន។ ពេទ្យតេជោ គឺដើម្បីត្រៀមលក្ខណៈបើសិនជាវាមានហេតុការកើតឡើងបែបនេះទៀត យ៉ាងហោចណាស់យើងមានកន្លែងដែលត្រៀមបម្រុងរួចជាស្រេច។ កាលហ្នឹងយើងដាក់នៅព្រែកព្នៅ កន្លែងចត្តាឡីស័កនៅជិតនេះហ្នឹង … អត់មានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ បន្ទាន់ បន្ទប់ទឹក បន្ទប់អីផង … ឥឡូវយើងបានរៀបចំ។
ទី២ យើងសម្ពោធមន្ទីរពេទ្យ តេជោ សែន កោះធំ នៅខែ មីនា ឆ្នាំ ២០២៤ នេះ។ មន្ទីរពេទ្យនោះគឺមិនមែនសម្រាប់តែអ្នកកោះធំទេ សម្រាប់ដូចជាប៉ុន្មានស្រុកនៅ លើកដែក ហើយដោយទាំងនៅតាកែវ ព្រៃកប្បាស អីក៏ព្យាបាល ៦០ម៉ឺននាក់ អីអាចទទួលបាន នៅកន្លែងនោះ ព្រោះប្រជាជន ៣ស្រុកហ្នឹង ប្រហែលជា ៦០ម៉ឺននាក់។ អញ្ចឹងហើយបំពាក់ឧបករណ៍ទំនើបនៅទីនោះ។
ទី៣ ការរៀបចំអគារ មណ្ឌលសេវាវះកាត់ នៅមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប។ នេះសមិទ្ធផលដែលយើងក្នុង ១២ខែ នេះ បានសម្ពោធដាក់ឱ្យដំណើរការ និងទទួលសេវា ជូនប្រជាពលរដ្ឋរបស់យើង។
ទី៤ គឺការបើកការដ្ឋានសាងសង់អគារវេជ្ជសាស្ត្រ ៣ជាន់ នៅមន្ទីរពេទ្យកាល់ម៉ែត កាលពីថ្ងៃមុននេះ។ ថ្ងៃនេះគឺយើងចាប់ផ្តើមដំណើរការកសាង។ នៅក្នុងការពង្រឹងគុណភាពសុខាភិបាលរបស់យើង មុខព្រួញ ទី១ គឺហេដ្ឋារចនាសម្ព័ន្ធ ដែលក្នុង ១២ខែនេះ យើងបានជំរុញច្រើន។ អ្នកខ្លះគេថា ទេ! ១២ខែនេះ ឃើញតែដើរសម្ពោធអីបន្តិចបន្តួច។ អត់ទេនេះគឺសមិទ្ធផលសម្រាប់ជំរុញវិស័យ ជាមធ្យោបាយសម្រាប់ធានាសុខភាពប្រជាពលរដ្ឋ ជាមធ្យោបាយសម្រាប់ថែរក្សាទ្រព្យសកម្ម និងពង្រឹងទ្រព្យសកម្មដល់ប្រទេសជាតិរបស់យើង។
នៅក្នុងពេលជាមួយគ្នានេះ ដំណើរការកែប្រែ ជួសជុលបំពាក់បន្ថែមនៅ ពេទ្យ ហ្លួងម៉ែ ដែលយើងនឹងប្រែក្លាយទៅជាពេទ្យជំនាញខាង Cancer ខាងមហារីក។ ឥឡូវយើងមាននៅពេទ្យរុស្សី ដូចកាល់ម៉ែត ដូចមានព្យាបាលដែរ ប៉ុន្តែយើងអត់ទាន់មានពេទ្យមួយដែលដាច់ Specialist គឺថាជំនាញតែ Cancer ទេ។ អញ្ចឹងយើងប្រែក្លាយពេទ្យហ្លួងម៉ែ កំពុងបំពាក់ Bunker កំពុងរៀបចំ។ អញ្ចឹងសង្ឃឹមថា ក្នុងពេលឆាប់ៗនេះយើងអាចមានពេទ្យជំនាញខាងហ្នឹងមួយទៀត ជួយសម្រាលបន្ទុក។
(១៦) បង្កើនលទ្ធភាពជីវភាពនិងគោលនយោបាយរបបសន្តិសុខសង្គម ដើម្បីពលរដ្ឋទៅពេទ្យនៅពេលឈឺ
ក្រៅពីនោះ យើងបានគ្រោងកសាងមន្ទីរពេទ្យតំបន់២ នៅខេត្តសៀមរាបនិងខេត្តកំពង់ចាម បានន័យថា ដំឡើងកម្រិតបំពាក់ឧបករណ៍ និងជំនាញ ដែលប្រជាពលរដ្ឋ(មានជំងឺ)មិនបាច់បុកមក ពឹងផ្អែកតែនៅភ្នំពេញទាំងអស់ទេ គឺចែករំលែកនៅតាមមូលដ្ឋាន។ ដោយសារយើងមិនទាន់មានលទ្ធភាពពង្រាយតាមខេត្តទាំងអស់ យើងធ្វើជាកម្រិតតំបន់សិន។ យើងបំពាក់ពីលើចុះក្រោម។ អភិក្រមក្នុងការធ្វើទំនើបកម្ម និងបង្កើនសមត្ថភាពព្យាបាល។ ថ្ងៃក្រោយវះបេះដូង វះខួរក្បាល ធ្វើ Chemo ព្យាបាលមហារីក អាចរុញទៅពេទ្យតំបន់ ជួយរែកនៅភ្នំពេញ។ តម្រូវការសុខភាពប្រជាជនកាន់តែច្រើននៅក្នុងការព្យាបាល។ យើងបង្កលទ្ធភាពឱ្យប្រជាពលរដ្ឋកាន់តែមានលទ្ធភាពច្រើន តាមរយៈជីវភាពរស់នៅរបស់គាត់ ក៏ដូចជាតាមរយៈគោលនយោបាយរបបសន្តិសុខសង្គមផ្សេងៗ គាត់មានលទ្ធភាព។ ឥឡូវមកពេទ្យ។ ពីមុនអត់មានលុយមកពេទ្យនៅផ្ទះ។ ឥឡូវកាន់តែមានលទ្ធភាព។ ប្រជាជនយើង កូនក៏កាន់តែច្រើនដែរ។ ខ្ញុំនិយាយត្រង់ អត់តែអ្នកភ្នំពេញទេ កូនតិចនោះ។ អ្នកភ្នំពេញឥឡូវ អ្នកខ្លះលែងចង់យកកូនហើយ។ សូម្បីតែប្រពន្ធខ្ញុំ ចរចាយកទី ៤ ក៏មិនបាន។ ពេទ្យៗ យើងមួយចំនួនស្គាល់បងស្រីហើយជួយ Lobby ផង។ ក្រៅពីនោះ ក្រសួងសុខាភិបាល ក៏កំពុងធ្វើការកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្តតាមមណ្ឌលសុខភាពពេទ្យបង្អែកស្រុកផងដែរ ដើម្បីបង្កើនសមត្ថភាព(ផ្តល់សេវាសុខាភិបាល)។ ហ្នឹងជាជ្រុងទី១ មុខព្រួញទី១ នៃការកសាង និងពង្រឹងប្រព័ន្ធសុខាភិបាល ដែលយើងបានធ្វើក្នុងរយៈពេល ១២ខែនេះ បន្តពីអាណត្តិមុនៗ ហើយនឹងបន្តទៅទៀត នៅក្នុងវិស័យសុខាភិបាល។
(១៧) បំពាក់ឧបករណ៍សម្ភារៈឱ្យកាន់តែទំនើប បង្កើនប្រសិទ្ធភាពនិងជោគជ័យក្នុងការសង្គ្រោះនិងព្យាបាល
មុខព្រួញទី ២ គឺការបំពាក់ឧបករណ៍សម្ភារៈឱ្យកាន់តែទំនើប។ នៅក្នុងពេទ្យទាំងប៉ុន្មានដែលខ្ញុំទៅសម្ពោធ ក្នុងពេលប្រមាណ ១ឆ្នាំនេះ គឺមិនមែនគ្រាន់តែធ្វើសំបកពេទ្យទេ។ ពេទ្យនេះ ខ្ញុំមិនបានមើលពេលឡើងគម្រោង តែខ្ញុំគិតថា ៦៦លានហ្នឹង ប្រហែលជា ២ភាគ៣ ទៅលើការបំពាក់ ត្រូវទេ? (ពាក់កណ្តាល)។ សំបកខាងក្រៅថ្លៃហើយ បេតុងខ្ពស់ច្រើនជាន់ អគារធំ ប៉ុន្តែត្រូវការគ្រឿងបំពាក់ខាងក្នុងមានម៉ាស៊ីន ឡាបូធំៗ … ជំងឺដូចតែគ្នា Cancer នៅភ្នំពេញ ហើយ Cancer នៅអាមេរិកចដូចតែគ្នា។ អត់ខុសគ្នាទេ។ អញ្ចឹង ត្រូវការឧបករណ៍ទំនើបដើម្បីព្យាបាល ដើម្បីបង្កើននូវភាពជោគជ័យឱ្យទាន់ពេលវេលា។ ព្យាបាលសុខភាពមិនមែនគិតថា តែធ្វើរូបមន្តត្រូវទេ ដាក់ថ្នាំត្រូវទេ ប៉ុន្តែទាន់ពេលវេលាផង។ បើទុកជំងឺតែ ១ខែ ឬមួយទុកតែ ១អាទិត្យ អាចគ្រោះថ្នាក់ ដូចគ្រោះថ្នាក់ចរាចរណ៍អី ខុសគ្នាតែកន្លះម៉ោង អាច(ជាការប្រឈម)រវាងស្លាប់ និងរស់។ អញ្ចឹងរវាងលទ្ធភាពនៅក្នុងការអាចព្យាបាល ដែលយើងថាអាចថ្ងៃក្រោយបំពាក់ទៅដល់សមត្ថភាពនៅពេទ្យតំបន់ នៅខេត្ត រវាងអ្នកដែលដាច់សរសៃឈាមអាចព្យាបាល Survive នៅពេទ្យតំបន់នៅកំពង់ចាម ឬសៀមរាប និងបញ្ជូនមកភ្នំពេញ គឺខុសគ្នា។
(១៨) ទៅថ្ងៃមុខ បង្កើនសមត្ថភាពពេទ្យខេត្ត ឱ្យអាចវះកាត់ឯកទេស និងព្យាបាលជំងឺមហារីក
អញ្ចឹងគឺត្រូវការបំពាក់ឧបករណ៍ ហើយជាពិសេសគឺយើងជំរុញពីលើចុះក្រោម ពេទ្យថ្នាក់ជាតិនៅភ្នំពេញយើងបំពាក់ហើយ ពេទ្យតំបន់ ពេទ្យខេត្ត ដើម្បីមានលទ្ធភាព។ ខ្ញុំសរសើរជំនាញពេទ្យរបស់យើង។ សូម្បីតែពេទ្យមកពីក្រៅប្រទេស ដូចពេទ្យមកពីកូរ៉េ … ពេលខ្លះគាត់បញ្ជូនក្រុមមកពេទ្យអង្គឌួង អីមើលវះភ្នែក វះអី។ ថ្ងៃមុនខ្ញុំទៅមើល គាត់ថា ពេទ្យខ្មែរយើងទឹកដៃល្អ ជំនាញខ្ពស់ គ្រាន់តែពេលខ្លះឧបករណ៍យើងអត់ទាន់ទំនើបផុតលេខដូចនៅកូរ៉េ ប៉ុន្តែទឹកដៃច្បាស់ វះបេះដូង វះខួរក្បាល។ ថ្ងៃមុនខ្ញុំទៅសៀមរាប មានលទ្ធភាពវះខួរក្បាល ដាច់សរសៃអីមួយចំនួនគឺយើងព្យាបាលនៅទីនេះ មិនបាច់ចាំបញ្ជូនចេញទៅក្រៅ។ យើងចង់បង្កើនសមត្ថភាពនេះឱ្យកាន់តែច្រើន នៅតាមខេត្ត តាមរយៈការរៀបចំពេទ្យតំបន់។ ទៅថ្ងៃក្រោយ ក្រៅពីពេទ្យតំបន់ យើងនឹងបង្កើនសមត្ថភាពនៅត្រឹមពេទ្យខេត្ត ព្រោះយើងមិនចាំបាច់រុញសមត្ថភាពវះបេះដូងទៅដល់ពេទ្យស្រុកទេ។ វាអត់ត្រូវការផង។ យើងប្រមូលផ្តុំត្រឹមខេត្តនេះ។ ខ្ញុំយល់ថាឱ្យតែបំពាក់ត្រឹមខេត្តឱ្យខ្លាំង ការវះបេះដូង វះខួរក្បាល Cancer។ ខ្ញុំថាគ្រប់គ្រាន់ហើយ។
(១៩) មណ្ឌលសុខភាពថ្នាក់ឃុំនិងពេទ្យបង្អែកស្រុក ត្រូវមានសមត្ថភាពព្យាបាលជំងឺទូទៅ ពង្រឹងសមត្ថភាព Survey បឋម និងបង្កើនប្រព័ន្ធបញ្ជូន ERT
ដោយឡែក មណ្ឌលសុខភាពថ្នាក់ឃុំ ពេទ្យបង្អែកស្រុក យើងអាចព្យាបាលជំងឺទូទៅ ហើយពង្រឹងសមត្ថភាព Survey បឋម ហើយបង្កើនប្រព័ន្ធបញ្ជូន ERT នេះឲ្យបានលឿន។ ក្រៅពីបំពាក់ឧបករណ៍ទំនើប ថ្ងៃមុនខ្ញុំបានឲ្យគោលការណ៍ក្រសួងសុខាភិបាល ឯកឧត្តម ឈាង រ៉ា និង ឯកឧត្តម ជា វណ្ណដេត ធ្វើការបណ្ដើរៗ ដើម្បីបំពាក់ប្រព័ន្ធកុំព្យូទ័រ internet ជាពិសេសនៅ មណ្ឌលសុខភាព ឬពេទ្យបង្អែកស្រុក ដើម្បីអាចពិគ្រោះយោបល់តាមអនឡាញ។ នេះជាការអនុវត្ដគ្រប់កន្លែងទាំងអស់។ សូម្បីតែពេទ្យយើងនៅភ្នំពេញត្រូវវះអីធ្ងន់ ពេលខ្លះត្រូវពិគ្រោះយោបល់ជាមួយនៅក្រៅប្រទេស។ ខ្ញុំចាំថា មានក្រុមការងារ ដែលគាត់វះបេះដូង។ កន្លែងខ្លះមានគ្រោះថ្នាក់។ គាត់ធ្វើការពិគ្រោះយោបល់ជាមួយគ្រូធំរបស់គាត់នៅបារាំងអញ្ចឹងទៅ។ រុញ file នឹងទៅឲ្យមើល អត់ចាំបាច់គ្រូតាជិះយន្ដហោះមកទេ។ អញ្ចឹង យើងអាចពិគ្រោះយោបល់ភ្លាមពីមណ្ឌលសុខភាពមួយនៅរតនគិរី ជាមួយពេទ្យជំនាញនៅភ្នំពេញ។ អញ្ចឹង ការបំពាក់ទំនើបកម្មនេះ គឺការធ្វើបច្ចេកវិទ្យានវានុវត្ដនេះជាកិច្ចការសំខាន់។
(២០) ត្រូវឲ្យប្រជាពលរដ្ឋភាគច្រើនទទួលបានលទ្ធភាពព្យាបាលដែលមានការបំពាក់ឧបករណ៍ទំនើបក្នុងប្រទេស
មិនត្រឹមតែឧបករណ៍សំរាប់ព្យាបាលទេ ប៉ុន្ដែសំរាប់សំរួលការងារផង ជាពិសេសប្រព័ន្ធបច្ចេកវិទ្យាសំរួលការភ្ជាប់ ការពិគ្រោះ និងផ្ដល់យោបល់។ ពេលខ្លះលោកគ្រូពេទ្យរបស់យើងត្រូវផ្តល់ថ្នាំ(ចេញវេជ្ជបញ្ជា)លឿន។ អញ្ចឹងត្រូវពិគ្រោះយោបល់(ជាមួយពេទ្យជំនាញ) តែវិភាគបញ្ហាអត់ត្រូវ អោយថ្នាំខុស។ អញ្ចឹង ការជំរុញឲ្យមានការធ្វើទំនើបកម្ម បំពាក់ឧបករណ៍នេះ ក៏ជាអ្វីដែលយើងបានធ្វើបន្ដទៀតក្នុងរយៈពេល ១២ខែនេះ និងតទៅមុខទៀតធ្វើឲ្យកាន់តែទំនើប ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋយើងមានលទ្ធភាពទទួលបានសេវា(ព្យាបាល)នៅក្នុងប្រទេសដែលទំនើប(ដូច)ទទួលនៅប្រទេសជិតខាងមួយចំនួន។ ប្រជាពលរដ្ឋមួយចំនួនមានលទ្ធភាព ទៅព្យាបាលនៅក្រៅ(ប្រទេស)។ វាអត់ខុសពីប្រទេសផ្សេងៗទេ។ ប្រជាពលរដ្ឋខ្លះទៅព្យាបាលនៅថៃ ថៃទៅព្យាបាលនៅជប៉ុន ជប៉ុន ទៅព្យាបាលនៅអាមេរិក។ វាតាមជំនាញ។ ប៉ុន្ដែ ត្រូវឲ្យប្រជាពលរដ្ឋភាគច្រើន ដែលមិនទៅក្រៅ ទទួលបានលទ្ធភាពព្យាបាលនៅខាងក្នុង ដែលមានការបំពាក់ឧបករណ៍ទំនើប និងការបណ្ដុះបណ្ដាល។ អញ្ចឹងត្រូវទំនើបទាំងមនុស្សទៀត។ បើដាក់ឧបករណ៍មក ដើម្បីគ្រាន់តែអង្គុយមើល ដាក់តាំង ថតជារូបភាពអត់អីទេ។ ប៉ុន្ដែ បើដើម្បីធ្វើ ត្រូវការបណ្ដុះបណ្ដាល។ កោះធំថ្ងៃមុន ឧបករណ៍ដែលបំពាក់ហ្នឹង គឺមានពេទ្យដែល(ទទួល)បានការបណ្ដុះបណ្ដាល CT SCAN ស្អីហ្នឹង ត្រូវតែមាន។ គ្រោង ដាក់ MRI នៅនោះ។ ត្រូវមានពេទ្យទៅជាមួយ។
(២១) បង្កើនសុខភាព ធានាគុណភាពសុខភាព ដោយគុណភាពថ្នាំសង្កូវ
មុខព្រួញទី ៣ ក្នុងការបង្កើនសុខភាព ធានាគុណភាពសុខភាព គឺថ្នាំសង្កូវ និងបរិក្ខារ។ យើងបានជំរុញ និងដាក់វិនិយោគច្រើនទៅលើថ្នាំ។ ក្នុងប៉ុន្មានអាណត្ដិនេះ រាជរដ្ឋាភិបាលបានបង្កើនកញ្ចប់សុខាភិបាល។ សំខាន់វិនិយោគលើថ្នាំ។ ក្នុងអាណត្ដិទី៧ នេះ ខ្ញុំបានប្រាប់ពីដើមទីទៅឯកឧត្តម ឈាង រ៉ា រឿងដាក់ដេញថ្លៃថ្នាំត្រូវធានាតាមគុណភាពដែលយើងយកតម្លៃសមរម្យ ហើយបញ្ជូនបរិក្ខារផ្សេងៗ ដែលភ្ជាប់ជាមួយ ធ្វើម៉េចលើកកំពស់គុណភាព និងបរិមាណ។ នៅមណ្ឌលសុខភាពមួយចំនួន បុគ្គលិកពេទ្យថាគាត់កាន់តែរវល់។ ថ្ងៃមុននៅព្រៃវែង មណ្ឌលសុខភាពគាត់កាន់តែរវល់។ យប់ក៏មានមនុស្សមកដែរ។ ខ្ញុំសួរថា អ្នកព្រៃវែង កន្លែងគាត់មាន(អ្នក)ឈឺច្រើនជាងមុនទេ? អត់ទេ។ គាត់ថាដោយសារតែបរិមាណ និងគុណភាពថ្នាំកាន់តែល្អ។ អញ្ចឹង គេខ្ជិលទៅទិញគ្លីនិកឯកជន គេមក(មណ្ឌលសុខភាព)ច្រើន។
(២២) ក្នុងរយៈពេល១០ខែ យើងបានបង្កើនគុណភាព និងបរិមាណថ្នាំសំខាន់ៗ ជូនប្រជាពលរដ្ឋ
កាលពីខ្ញុំបានទៅសម្ពោធ ខែ១០ ឆ្នាំ២០២៣ ខ្ញុំបាននិយាយអំពីការបង្កើនបរិមាណមួយចំនួន ជាពិសេសថ្នាំលើសឈាម ថ្នាំទឹកនោមផ្អែម ដើម្បីកុំឲ្យពលរដ្ឋពិបាក។ កាលពីមុនដូចជា ១សប្ដាហ៍ ឬ៥ថ្ងៃ។ កាលមុនយើងបង្កើន ៥ថ្ងៃ ឥឡូវយើងបង្កើនបរិមាណពីកន្លះខែទៅមួយខែ។ ចំណាយទិញថ្នាំមានគុណភាពជូនគាត់។ ដោយសារអី? អ្នកនៅភ្នំពេញមិនពិបាកទេ នៅជិតផ្ទះ។ តែអ្នករតនគិរី ជិះមកម្ដង ៣ម៉ោងឯណោះ។ គាត់ឡើងមកយកថ្នាំលើសឈាម ថ្នាំទឹកនោមផ្អែម។ បើមួយសប្ដាហ៍ ៥ថ្ងៃ មកម្ដង គាត់ពិបាក។ ឥឡូវ យើងបង្កើនអាចបាន ពីរសប្ដាហ៍ទៅមួយខែ កន្លែងខ្លះ១ខែជូនគាត់។ អញ្ចឹង ក្នុង១ខែនេះ តាំងពីយើងនិយាយគ្នាខែ១០ នៅជិតនេះ ឥឡូវខែ១២ យើងបានអនុវត្តច្រើន។ នេះហើយជាអ្វីដែលសំខាន់។ ការ control មុខថ្នាំដាក់តាមចែកហ្នឹងគឺ control ប្រភេទ ម៉ាកថ្នាំផង រោងចក្រផង … មិនទាន់បាន ១០០% យើងនឹងខិតខំ។ ក្នុងប៉ុន្មានអាណត្តិមុន យើងខំកសាងតាំងពីថ្នាំមិនសូវមានច្រើន។ ឥឡូវយើងបង្កើនគុណភាព បង្កើនបរិមាណ ហើយវិនិយោគបន្ថែមទៀត។ ថ្នាំសំខាន់ ដាក់ក្នុងខ្លួនហើយ ឃើញរបស់ក្ដៅមិនហ៊ានប៉ះទេ ខ្លាចរលាក តែបើដាក់ចូលក្នុងមាត់ ជឿពេទ្យហើយ។ ហ្នឹងចូលទៅក្នុងតែម្ដង ចេញពីក្រពះតែម្ដង។ អញ្ចឹងការធានានូវអ្វីដែលគុណភាព និងលើកកម្ពស់បរិមាណជូនប្រជាពលរដ្ឋ អាហ្នឹងចំណុចទី៣ ដែលយើងបានធ្វើ។
(២៣) មនុស្សជាកត្តាស្នូលនៃការបង្កើនគុណភាពសេវាសុខាភិបាល
មុខព្រួញទី៤ គឺមនុស្ស។ បង្កើនគុណភាពនៃសេវាសុខាភិបាល គឺមនុស្ស។ មនុស្សនេះទី១។ យើងនិយាយអំពីបរិមាណ។ ប៉ុន្តែអាទិភាពធំចម្បងគឺគុណភាព។ ឥឡូវខ្ញុំនិយាយបរិមាណសិន។ ខ្ញុំបានឲ្យគោលការណ៍សម្រាប់ក្រសួងសុខាភិបាលសហការជាមួយក្រសួងមុខងារសាធារណៈ ដើម្បីរើសនិងពង្រាយពេទ្យឲ្យបានច្រើននៅតាមមណ្ឌលសុខភាព។ ខ្ញុំបានបិទ(ការរើសមន្ត្រី)ក្រសួងច្រើនណាស់ពីឆ្នាំទៅនេះ រង់ចាំការវិភាគមុខងារ។ ក្រសួងពីរដែលខ្ញុំមិនបានបិទ លើកលែងតែកសិកម្មដែលយើងមានគោលនយោបាយពង្រាយ(អ្នកជំនាញកសិកម្ម) គឺក្រសួងសុខាភិបាល និងអប់រំ ព្រោះយោងទៅតាមតម្រូវការពេទ្យនិងគ្រូ។ អញ្ចឹងបានទទួលផល។ ចង់ធ្វើយ៉ាងម៉េចឲ្យមណ្ឌលសុខភាពនីមួយៗមានពេទ្យគ្រប់។ បើមិនបានគ្រប់ ១០០%នៃតម្រូវការ ក៏កើន។ ឧ. ពីមុនកម្លាំងសល់តែ ៥០-៦០% ឥឡូវអាចបង្កើនដល់ ៧០-៨០%។ ជំហានបន្ទាប់ទៀតគឺ ១០០%។ ឲ្យពិនិត្យតាមមណ្ឌលសុខភាពមុនគេ។
(២៤) ពង្រឹងសមត្ថភាពមូលដ្ឋានពីក្រោមឡើងលើ ទំនើបកម្មពីលើចុះក្រោម
តាមពេទ្យបង្អែកស្រុក គឺយើងយកអភិក្រម «ពង្រឹងមូលដ្ឋានពីក្រោមឡើងលើ»។ ទំនើបកម្មពីលើចុះក្រោម តែពង្រឹងមូលដ្ឋានគឺពីក្រោមឡើងលើ។ មូលដ្ឋាននៃសេវា និងការផ្ដល់ការព្យាបាលជំងឺទូទៅ គឺពីមណ្ឌលសុខភាព ពេទ្យបង្អែកស្រុក។ អញ្ចឹងការគិតគូរពីមនុស្សជាកិច្ចការសំខាន់ (គិតពី)បរិមាណហើយ យើងគិតពីគុណភាពក្នុងការពង្រឹងសមត្ថភាពជាគោល។ ពង្រឹងសមត្ថភាព ក្រមសីលធម៌វិជ្ជាជីវៈ ក្រមប្រតិបត្ដិ ជាពិសេសអ្នកផ្ដល់សេវាសុខាភិបាលទាំងរដ្ឋ និងឯកជន។ កិច្ចការងារនេះ ខ្ញុំសូមក្រសួងសុខាភិបាលយកចិត្តទុកដាក់ទាំងមន្ទីរពេទ្យរដ្ឋ និងវិស័យឯកជន ជាពិសេសវិស័យឯកជន លើក្រមប្រតិបត្ដិនិងការទទួលខុសត្រូវ ក្រមសីលធម៌វិជ្ជាជីវៈ ជាពិសេសការគ្រប់គ្រងអាជ្ញាបណ្ណឲ្យបានច្បាស់លាស់។ កន្លងទៅ ក្រសួងសុខាភិបាល បានធ្វើការត្រួតពិនិត្យ(បញ្ហា)នេះ ហើយក៏បានបិទមួយចំនួន … ត្រូវមើល និងជំរុញ ធ្វើម៉េចឲ្យមានភាពស្របច្បាប់ទាំងអស់គ្នា ព្រោះសុខភាពគឺជាសេចក្តីត្រូវការសំខាន់។ ត្រូវកំណត់ឲ្យច្បាស់។ ថ្ងៃមុន ប្រជុំជាមួយឧត្ដមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ មានសំណូមពររបស់ប្រជាពលរដ្ឋថា សូមឲ្យក្រសួងពិនិត្យឲ្យបានច្បាស់ថា តើកំរិតណានៃការផ្ដល់សេវានៅតាមផ្ទះ។ កន្លែងខ្លះគាត់ត្រឹមតែជាបន្ទប់ពិគ្រោះយោបល់ទេ អត់មានតំរូវការឲ្យអ្នក(ជំងឺ)ស្នាក់នៅទេ ប៉ុន្ដែគាត់ផ្ដល់សេវាស្នាក់នៅព្យាបាល។ អញ្ចឹងត្រូវកំណត់ឲ្យបានច្បាស់ ជូនដំណឹងទៅប្រជាពលរដ្ឋ ព្រោះប្រជាពលរដ្ឋគាត់អត់ដឹងទេ។
(២៥) ពិចារណាយន្ដការជាក្របខណ្ឌរួម ពិនិត្យថ្នាំសង្កូវចំណីអាហារតាំងពីច្រកចូលរហូតដល់ចប់
ត្រូវពង្រឹង(ក្រមប្រតិបត្ដិនិងការទទួលខុសត្រូវ ក្រមសីលធម៌វិជ្ជាជីវៈ ជាពិសេសការគ្រប់គ្រងអាជ្ញាបណ្ណ) ដើម្បីបង្កើនការការពារសុខភាពប្រជាពលរដ្ឋ។ ទាក់ទងនឹងសុខភាពនេះ រឿងបង្កា និងព្យាបាលជារឿងសំខាន់។ រឿងបង្កា ការពង្រឹងការគ្រប់គ្រងថ្នាំសង្កូវ ចំណីអាហារត្រឹមត្រូវមានគុណភាព ធានាបានប្រសិទ្ធភាព កុំឲ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋ ជាកិច្ចការ ដែលក្រសួងស្ថាប័នពាក់ព័ន្ធខិតខំប្រឹងប្រែង ក្នុងនោះក៏មានក្រសួងសុខាភិបាល។ យើងកំពុងតែឲ្យគិតគូរពីក្របខណ្ឌ។ ឥលូវមានក្រសួងស្ថាប័នច្រើន ដែលទទួលកិច្ចការងារនេះ។ ចូលតាមច្រកព្រំដែនគឺគយ មកដល់ផ្សារគឺ ក.ប.ប ខាងប្រឆាំងផលិតផលក្លែងក្លាយរបស់ក្រសួងពាណិជ្ជកម្ម។ ចំណីអាហារចូលទៅដល់ restaurant គឺក្រសួងសុខាភិបាល។ ចំអិនដូចជាក្រសួងទេសចរណ៍ផង។ អញ្ចឹងច្រើនស្ថាប័ន ដែលទទួលការគ្រប់គ្រង។ ខ្ញុំបានឲ្យខាងក្របខណ្ឌគោលនយោបាយគ្រប់គ្រងមើលអំពីក្របខណ្ឌរួម ជាយន្ដការអាជ្ញាធររួម(ឬ)យ៉ាងណា ដូចនៅក្រៅប្រទេសគេមាន FDA ឬមួយអី ដែលថាមើលតាំងពីដើមរហូតដល់ចប់ឲ្យមានសង្គតភាពគ្នា តាំងពីច្រកចូលរហូតដល់ចប់។ មានអន្ដរក្រសួងឬមួយអីនៅក្នុងនឹងតែម្ដង ដើម្បីបង្កើនប្រសិទ្ធភាព និងសង្គតភាពក្នុងការធ្វើការ។ ពេទ្យជាអ្នកព្យាបាល ប៉ុន្ដែពេទ្យក៏ជាអ្នកដើរតួរនាទីក្នុងការបង្កាតាមរយៈការអប់រំ ការបណ្ដុះបណ្ដាល។
(២៦) មិនមែនវិនិយោគតែលើការព្យាបាល តែទៅលើការបង្កាជំងឺផងដែរ
ខ្ញុំសូមឲ្យក្រសួងសុខាភិបាល និងក្រសួងអប់រំ ពិនិត្យមើល ធ្វើការអប់រំ ការត្រួតពិនិត្យ ក៏ដូចជាការណែនាំដល់ការលក់ចំណីអាហារនៅតាមសាលាទៅដល់ក្មេងតូចៗផង។ ខ្ញុំឃើញកំណើននៃអ្នកកើតទឹកនោមផ្អែម អាយុ ៣០ ជាង ៤០ ជាង។ (ខ្ញុំ)បានសួរអ្នកអ្នកបច្ចេកទេសថ្ងៃមុន ឯកឧត្តម ឈាង រ៉ា ក៏បានលើកអំពីកំណើននៃការកើត(ទឹកនោមផ្អែម)។ ពេលខ្លះកើតនឹងមិនមែនទើបនឹងដល់អាយុអាចហូបចុកបាននោះទេ។ ជួនកាលតាំងពីក្មេងព្រោះជួនកាលក្មេងៗ ខ្លះ ខ្ញុំឃើញលេងប៉ូវកម្លាំងមួយថ្ងៃ ៣កំប៉ុង។ ម្តាយអាណិតកូន កូនចូលចិត្តផ្អែម ដាក់ឲ្យ ៣ កំប៉ុងពីក្មេង។ ថ្ងៃមុនខ្ញុំទៅកំពង់ភ្លុក។ ម្ចាស់ទូកម្នាក់គាត់អាយុប្រហែល ៦០ឆ្នាំ។ គាត់ទាញខារ៉ាបាវ ៦កំប៉ុងមួយថ្ងៃម្នាក់ឯង។ ខ្ញុំថាអ៊ំប្រយ័ត្នអាហ្នឹង។ ប៉ុន្តែសំខាន់នៅតាមសាលារៀន ជួយណែនាំ ហើយសហការជាមួយគណៈគ្រប់គ្រងសាលា និងគណៈអាជីវករដែលគាត់លក់ដូរក្នុងសាលា អាចផ្តល់ជាយោបល់ ជាការសម្រេច ព្រោះនេះគឺជាការវិនិយោគ មិនមែនតែទៅលើការព្យាបាលតែមួយទេ ការវិនិយោគលើការបង្កាធំណាស់។ បើសិនជាដល់ការឆ្លើយតប ការព្យាបាលជំងឺហើយ យើងខាតមួយហើយ។
(២៧) សូមក្រសួងសុខាភិបាលសហការផ្សព្វផ្សាយ បង្កើនការយល់ដឹង ពីការហូបចុកនិងប្រើប្រាស់ថ្នាំសង្កូវ
អញ្ចឹងការវិនិយោគលើការផ្សព្វផ្សាយ។ ខ្ញុំសូមអរគុណនិងកោតសរសើរ ក្រសួងសុខាភិបាលច្នៃប្រឌិតច្រើន។ ឥឡូវអ្នកណាចុចទូរស័ព្ទ ឲ្យតែចុចទៅលឺសាររបស់សុខាភិបាល ចុចទៅលឺហូបអី អានេះច្រើនទឹកនោមផ្អែម បើចុចតាម what app telegram អត់លឺ តែបើចុចលេខទូរស័ព្ទ ដឹងហើយ។ សុខាភិបាលចេញការអប់រំណែនាំ។ ខ្ញុំក៏ឃើញខាងក្រសួងសុខាភិបាល មន្ទីរពេទ្យ ខាងយុវជនស្ម័គ្រចិត្ត ខាងសមាគម ខាងអង្គការផ្សេងៗចុះអប់រំប្រជាពលរដ្ឋជាប្រចាំ ខ្ញុំសូមឱ្យយកចិត្តទុកដាក់ទៅលើរឿងទឹកនោមផ្អែម និងរឿងជំងឺរ៉ាំរ៉ៃនេះ។ នេះគេហៅថាជំងឺស្រាល។ កាលមុន ជំងឺអេដស៍ជាជំងឺស្រាល។ ឥឡូវ ជំងឺនេះស្រាល។ គេថតប៉ុន្មាននាក់ ថ្ងៃមុនឃើញម្នាក់បង្ហោះតាមហ្វេសប៊ុកគាត់ តាំងពីសាច់ដុំធំ ចុងក្រោយសល់ស្បែកនិងឆ្អឹង រ៉ាំរ៉ៃ។ ខ្ញុំសូមឲ្យក្រសួងអប់រំ សុខាភិបាល ជាពិសេសសុខាភិបាលសហការដើម្បីរៀបចំផ្សព្វផ្សាយ។ ការយល់ ការដឹង ការជួយគ្នានៅក្នុងការប្រើប្រាស់ការហូបចុក ថ្នាំសង្កូវអីផ្សេងៗទទួលខុសត្រូវ គឺជាការសំខាន់ណាស់។
(២៨) ការបណ្តុះបណ្តាលសមត្ថភាពវេជ្ជសាស្ត្រ
ទី២ គឺការអប់រំ សមត្ថភាព។ រឿងនេះ ខ្ញុំតែងតែនិយាយគ្រប់ពេល។ ត្រូវយកចិត្តទុកដាក់។ ពេទ្យអត់ត្រូវការធូរទេ។ យើងត្រូវជំរុញការបណ្តុះបណ្តាលស្តង់ដារខ្ពស់ ហើយគ្រប់គ្រងផង។ ការរៀនតាមអនឡាញអីហ្នឹង យកសញ្ញាប័ត្រមក ត្រូវមើលឲ្យច្បាស់។ រៀនអនឡាញនេះ សញ្ញាប័ត្រហ្នឹងពិបាក សញ្ញាប័ត្រខាង Accounting គណនេយ្យរឿងមួយ អាហ្នឹងទៅធ្វើការឲ្យគេបូកលេខខុសយ៉ាងច្រើនត្រូវមាត់ ឬមួយគេអត់ឲ្យឡើងតួនាទី តែបើពេទ្យអត់បានទេ។ ឥឡូវអនឡាញច្រើន … ថ្ងៃនេះយើងថាជាគំនិតថ្មីមួយ ជានវានុវត្តន៍មួយក្នុងប្រទេសរបស់យើង។ កន្លងទៅយើងមានមហាវិទ្យាល័យ យើងមានសាកលវិទ្យាល័យ មន្ទីរពេទ្យសាកលវិទ្យាល័យ ដូចមានខាង IU មួយ … ឥឡូវយើងមានមួយទៀតជាការច្នៃប្រឌិត។ ប៉ុន្តែត្រូវធ្វើម៉េចយកចិត្តទុកដាក់លើការវិនិយោគគុណភាព។ ខ្ញុំស្វាគមន៍ចំពោះការចូលរួមរបស់វិស័យឯកជនដើម្បីជួយពង្រីក ប៉ុន្តែត្រូវធានានូវគុណភាព។
(២៩) ការប្រឡងវេជ្ជសាស្ត្រ ជាការបញ្ជាក់ពីសមត្ថភាពថា ត្រៀមលក្ខណៈធានាជីវិតបានឬនៅ
និស្សិតពេទ្យ សូមកុំតវ៉ាសុំជាប់ដោយមិនបាច់ប្រឡង។ និយាយលេងនិយាយមែន ព្រោះពេលប្រឡងនេះគឺគួរតែអរគុណទៅ។ ពេលហ្នឹងហើយដែលយើងអាចប្រាប់ខ្លួនឯងថា យើងអាចត្រៀមលក្ខណៈហើយឬនៅទៅព្យាបាលគេ? ទៅធានាជីវិតរបស់គេ? ទៅជួយអ្នកដែលឈឺឲ្យជា អ្នកដែលជិតស្លាប់ឲ្យរស់ … យើងធ្វើជាអាជីពរបស់ទេវតា យើងមិនមែនទេវតា តែយើងជាអ្នកធ្វើអាជីពរបស់ទេវតា។ ប្រជាពលរដ្ឋទៅបន់ព្រះ មានអីបើឈឺបន់ឲ្យជា ឪពុកម្តាយ គ្រួសារ អ្នកដែលយើងស្រឡាញ់ឈឺដេកនៅកន្ទេល ទៅបន់ឲ្យរស់មានជីវិត អាយុយឺនយូរ តែទេវតាមានត្រឹមមិនអាចជប់បានទេ មានតែជប់ជាក់ស្តែងតាមរយៈពេទ្យហ្នឹងឯង។ ហ្នឹងហើយដែលខ្ញុំនិយាយ តែពេទ្យត្រូវប្រកាន់អភិក្រម។ កុំភ្លេចថាអ្នកជំងឺម្នាក់ៗ មានបង មានប្អូន មានប្រពន្ធ មានកូន អញ្ចឹងគាត់ដូចជាបងប្អូន ប្រពន្ធកូនយើងដែរ។ ពេលដែលយើងឈឺ យើងក៏ចង់ទៅកន្លែងណាដែលថាយើងទុកចិត្ត មិនចាំបាច់តែពេទ្យស្គាល់គ្នាទេ ទៅកន្លែងណាក៏យើងធានាបាន មិនថាពេទ្យឯកជន ឬពេទ្យរដ្ឋ។ អញ្ចឹងទាល់តែយើងរួមគ្នាទាំងអស់គ្នា ចេញធំជាងគេមុនគេគឺការបណ្តុះបណ្តាលហ្នឹងឯង បន្ទាប់មកក្រមសីលធម៌នៅក្នុងការប្រតិបត្តិដោយទទួលខុសត្រូវនៃវិស័យសុខាភិបាល ទាំងឯកជនទាំងរដ្ឋ គ្លីនីកឯកជនអីផ្សេងៗ មានអាជ្ញាបណ្ណអីគ្រប់គ្រាន់។
(៣០) គុណភាពមនុស្សក្នុងវិស័យសុខាភិបាលជាគន្លឹះជួយបង្កើននិងថែរក្សាទ្រព្យសកម្មជាតិ
យើងឆែកគុណភាពជាប្រចាំដើម្បីយើងធានា។ អញ្ចឹងគុណភាពនេះត្រូវធានាបានតាមរយៈមនុស្សដែលជាកត្តាគន្លឹះ ហើយមនុស្សនេះមិនមែនតែក្រសួងសុខាភិបាលទេ។ រដ្ឋាភិបាលដាក់ច្បាប់ ហើយខំប្រឹងជំរុញការអនុវត្ត ដាក់ពិន័យទោសទណ្ឌអីទេ អត់ទេ គឺត្រូវមានការភ្ញាក់រលឹក ចូលរួមទាំងអស់គ្នា ចាប់ផ្តើមពីសាលា ចាប់ផ្តើមពីពេទ្យឯកជន ចាប់ផ្តើមពីពេទ្យនីមួយៗ មិនថាយើងជាគិលានុបដ្ឋាកបឋម ឬមួយក៏ជាឆ្មប់ ឬមួយក៏ជាអី គ្រប់ទាំងអស់សុទ្ធតែមានការទទួលខុសត្រូវ។ គុណភាពរបស់មនុស្សនៅក្នុងវិស័យសុខាភិបាលជាគន្លឹះធំ ព្រោះគុណភាពរបស់មនុស្សទូទៅ គឺជាទ្រព្យសកម្ម ប៉ុន្តែអ្នកដែលជួយបង្កើន និងថែរក្សាទ្រព្យសកម្ម គឺពេទ្យ គឺអ្នកដែលជួយថែរក្សា និងព្យាបាលសុខភាពរបស់ប្រជាជនទូទៅគឺពេទ្យ មិនថាពេទ្យបុរាណ ពេទ្យសម័យ … ឱសថបុរាណដូចមានដែរ។ នៅនេះ មានចាក់ ACCUPUNCTURE ម្ជុលវិទ្យាសាស្ត្រអីផ្សេងៗ តែនៅតែជាពេទ្យដដែល ទទួលខុសត្រូវលើជីវិត និងសុខភាពរបស់មនុស្ស។ អញ្ចឹងចាត់ទុកអ្នកជំងឺម្នាក់ៗជាបងប្អូន សាច់ញាតិរបស់យើង ជាការធ្វើបុណ្យសន្សំកុសល បើថាជាតិមុខមាន យើងជួយព្យាបាលមនុស្សនៅក្នុងជាតិនេះ ធ្វើឲ្យគេសប្បាយរីករាយ ធ្វើឲ្យសេដ្ឋកិច្ចជាតិរីកចម្រើនដោយសារប្រជាជនអត់ឈឺ។ គ្រួសារដែលរងទុក្ខ ជិតថាត្រៀមខ្លួនត្រៀមចិត្តសម្រាប់អ្នកដែលត្រូវបាត់បង់គ្រួសារហើយ ទៅជាមានសប្បាយរីករាយ។ ខ្ញុំចាំម្តង នាំពេទ្យទៅអង្គរ ម្នាក់នោះអាយុ ៣៦ ឆ្នាំ គ្នាជំងឺបេះដូងធ្ងន់ធ្ងរ។ មានកូន ៣។ ពេទ្យចុះទៅ ថាមើលវាយតម្លៃថាមួយខែទៀត។ បើអត់ព្យាបាលគឺស្លាប់ ព្រោះធ្ងន់។ ជិតចូលឆ្នាំ។ អញ្ចឹងយកមកព្យាបាល។ វះកាត់។ ពេទ្យយើងនៅកាល់ម៉ែត្រ។ ពេទ្យបេះដូង វះ។ ជា។ អញ្ចឹង ចុះទៅជួប មួយឆ្នាំក្រោយ មានកូនថែម ២ទៀត។ ភ្លោះ។ មិនត្រឹមតែជួយអ្នកដែលនៅមានជីវិត កុំឲ្យបាត់បង់សមាជិកគ្រួសារ កូនក្លាយជាក្មេងកំព្រា ប្រពន្ធក្លាយជាស្ត្រីមេម៉ាយទាំងវ័យក្មេងនោះទេ ប៉ុន្តែថែមទាំងរក្សា ទីតាំងសម្រាប់ទេវតាចាប់កំណើត ២នាក់ថែមទៀត បង្កើននូវសេចក្តីសុខ សុភមង្គលគ្រួសារ។
(៣១) សូមពេទ្យឯកជននិងពេទ្យរដ្ឋ វិនិយោគលើគ្រូពេទ្យឲ្យបានច្រើន
អញ្ចឹង ការវិនិយោគបន្ថែមទៅលើសុខាភិបាល គឺវិនិយោគធំទៅលើមនុស្ស។ សមិទ្ធផលថ្ងៃនេះ ក៏រួមចំណែកនៅក្នុងការបណ្តុះបណ្តាលបន្ថែមទៀត។ ខ្ញុំសូមឲ្យទាំងពេទ្យឯកជន ទាំងពេទ្យរដ្ឋ វិនិយោគទៅលើគ្រូពេទ្យឲ្យច្រើន។ ពេទ្យរៀនអត់ចប់ទេ ជំងឺប្លែកៗរហូត វិទ្យាសាស្ត្រដូរថ្មីរហូត។ ត្រូវវិនិយោគទៅលើការបណ្តុះបណ្តាលបន្ថែមទៅលើមនុស្ស ត្រូវចាត់ទុកថា មានដុកទ័រដែលល្អម្នាក់ អាចស្មើនឹងមានពេទ្យធម្មតា ២០នាក់។ បើយើងនិយាយពីវិស័យឯកជន មានដុកទ័រដែលល្បីម្នាក់ អាចជួយបង្កើតម៉ូយឲ្យយើងបានរាប់រយនាក់។ ហ្នឹងបើយើងនិយាយពី business វិនិយោគទៅលើពេទ្យ ទៅលើគ្រូបង្គោលម្នាក់ ទៅលើគិលានុបដ្ឋាក ទៅលើសេវារបស់យើងមួយចំនួនតូច តែជួយឲ្យយើងរីកបានច្រើន។
ឥឡូវប្រជាពលរដ្ឋដែលមានលទ្ធភាព មិនខុសពីអប់រំទេ តែគាត់មានលទ្ធភាព គាត់ចង់បានគុណភាព អញ្ចឹងហ៊ានវិនិយោគ។ ខ្ញុំគិតថា ការវិនិយោគវិស័យឯកជន ក៏ដូចជារដ្ឋ ក៏ដូចជាគ្រួសារនីមួយៗ ចង់បានធំបំផុតគឺសុខភាពយើងជាទ្រព្យសំខាន់។ សុខភាពរបស់យើង ដែលត្រូវរួមគ្នាជួយថែរក្សា និងការពារនិងព្យាបាលឲ្យបានល្អ។ ទ្រព្យសកម្មកើតឡើងពីការរួមគ្នាទាំងអស់គ្នា មិនមែនជាកាតព្វកិច្ចរបស់រដ្ឋតែមួយទេ ប៉ុន្តែជាការចូលរួមរបស់ប្រជាពលរដ្ឋ ហើយជាពិសេសពេទ្យរបស់យើង ប្រជាពលរដ្ឋរបស់យើងនៅក្នុងវិស័យសុខាភិបាលនេះ។ ខ្ញុំសូមជូនពរ ហើយសូមឲ្យបងប្អូនទាំងអស់ពង្រឹងការចូលរួមបែបនេះ។ ចាប់ផ្តើមពីការបង្កា ការផ្សព្វផ្សាយរៀនសូត្រ តាំងពីវ័យក្មេងតែម្តងនៅក្នុងសាលា ជាការអប់រំបន្ថែម។
(៣២) រយៈពេលមួយឆ្នាំជាង រដ្ឋាភិបាលអាណត្តិទី៧ សម្ពោធនិងកសាងបន្ថែមសមិទ្ធផលគន្លឹះតាមមុខព្រួញ៤
នៅក្នុងរយៈពេលមួយឆ្នាំជាងនៃរដ្ឋាភិបាលថ្មី អាណត្តិទី៧ នេះ យើងបានជំរុញបន្ថែម សម្ពោធដាក់ឲ្យប្រើប្រាស់ និងបុកគ្រឹះកសាងបន្ថែមនូវសមិទ្ធផលគន្លឹះក្នុងកត្តាមុខព្រួញសំខាន់ទាំង៤ ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ទំនើបកម្មឧបករណ៍ សំភារៈ បង្កើនគុណភាពបរិមាណថ្នាំសង្កូវ បង្កើនក្រមសីលធម៌វិជ្ជាជីវៈ បង្កើនការទទួលខុសត្រូវក្រុមប្រតិបត្តិ ភាពជាដៃគូរដ្ឋនិងឯកជន។ បង្កើននិងជំរុញ លើកកម្ពស់គុណភាពនៃការអប់រំ បណ្តុះបណ្តាល។ ឯកឧត្តម លោកជំទាវ យើងមិនអាចមើលឃើញនឹងភ្នែកទទេទេ។ ថ្ងៃនេះ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អាចស្តាប់លឺពីទិន្នន័យនៃការវិវត្ត ប៉ុន្តែផលគឺអាចយើងទទួលបាន។ ប្រជាពលរដ្ឋ ៥០ម៉ឺននាក់ដែលធ្លាប់តែមិនមានរបបសន្តិសុខសង្គម ឥឡូវទៅព្យាបាលម្តងៗ ៦ម៉ឺន ទៅ ៨ម៉ឺន ឈឺ ៣ដងទៅតែ ១ដងបាន ប៉ុន្មានទៀតរកទិញថ្នាំមកលេប។ ឥឡូវគាត់អាចទៅ(ពេទ្យ)បាន។ កូនចៅមន្ត្រីរាជការ ដែលពីមុនមានតែឪពុកម្តាយទេ ឥឡូវយើង(ធ្វើ) … កាលមុន មន្ទីរពេទ្យមានប៉ុន្មានគ្រែ។ ឥឡូវថែមឧបករណ៍សម្ភារៈ។ លោកគ្រូពេទ្យវេជ្ជបណ្ឌិតបណ្តុះបណ្តាលបន្ថែម។ នេះជាសមិទ្ធផលដែលហៅថាតក់ៗពេញបំពង់។ អ្នកខ្លះថា ១២ ខែនេះអត់ឃើញអ្វីទាំងអស់ … សំខាន់ធ្វើមិនឃើញ ឬមិនបានមើល ឬមិនមានព័ត៌មានគ្រប់។
ព្រឹកនេះខ្ញុំនិយាយតែវិស័យសុខាភិបាលទេ ខ្ញុំអត់និយាយអំពីវិស័យផ្សេងៗ ទេ។ បើឲ្យរដ្ឋមន្រ្តីមួយរូបៗ ៤ ទៅ ៥ ក្រសួងនិយាយគឺមានអធិការកិច្ច ឧស្សាហកម្ម បរិស្ថាន ការពារជាតិ ក្នុងវិស័យមួយៗយើងជំរុញបន្ត ដើម្បីផលប្រយោជន៍រួមសម្រាប់ប្រជាពលរដ្ឋយើង។ ថ្ងៃនេះយើងនិយាយអំពីសមិទ្ធផលនៃសុខាភិបាល បង្កើនលទ្ធភាព បង្កើនគុណភាពនៃកន្លែងព្យាបាល និងអ្នកផ្តល់សេវាបូកជាមួយនឹងរូបមន្តគោលនយោបាយនៅក្នុងការពង្រីកវិសាលភាពគ្របដណ្តប់ ហើយឈានទៅដល់នៅក្នុងពេលអនាគតនេះ ដែលប្រជាពលរដ្ឋទាំងអស់នៅក្នុងប្រទេសរបស់យើង នឹងអាចមានលទ្ធភាពទទួលបាននូវការផ្តល់គោលនយោបាយសុខាភិបាលកម្រិតណាមួយ មិនថាតាមមូលនិធិសមធម៌សុខាភិបាលដែលរដ្ឋត្រូវចេញ ១០០ភាគរយ តាមរបបសន្តិសុខសង្គមកាតព្វកិច្ច តាមរបបសន្តិសុខសង្គមបែបស្ម័គ្រចិត្ត តាមវិស័យឯកជន របបធានារ៉ាប់រងសុខភាព … គឺយើងត្រូវធានាអាហ្នឹងដើម្បីធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋយើងអាចទទួលបាន មិនថាអ្នកក្រុង ឬអ្នកជនបទ។
នេះគឺជាការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលនៅក្នុងការផ្តល់ឱកាសឲ្យប្រជាជនគ្រប់ទីកន្លែងបានទទួលការព្យាបាល ហើយក៏ស្វាគមន៍ចំពោះវិស័យឯកជនជួយ។ ពេលដែលយើងអនុវត្ត ប.ស.ស ដំបូង យើងដាក់អនុវត្តតែពេទ្យរដ្ឋទេកាលហ្នឹង … ក្រោយមកដោយសារពេទ្យរដ្ឋ ទទួលមនុស្សច្រើនពេក ពេលហ្នឹងដោះស្រាយមិនទាន់ … យើងឲ្យមានគ្លីនិកសុខាភិបាលឯកជនចូលរួមផ្តល់សេវា។ ធ្វើការចុះ MOU ជាមួយនឹង ប.ស.ស របស់យើងជាដៃគូ។ មិនមែនជាសត្រូវទេ។ កន្លែងខ្លះឃើញរដ្ឋបិទ។ ថ្ងៃមុនខ្ញុំឃើញមានការបង្ហោះគ្លីនិកមួយដែលត្រូវបិទទ្វារ។ បងប្អូនចូល comment ថារដ្ឋធ្វើបាបប្រជាពលរដ្ឋ ធ្វើបាបវិស័យឯកជន។ ដល់ខ្ញុំសួរទៅឯកឧត្តម ឈាង រ៉ា ថាយ៉ាងម៉េច គាត់ថាដោយសារគាត់ធ្វើការព្យាបាលសម្ផស្សតែអត់មានអាជ្ញាបណ្ណ។ អញ្ចឹងត្រូវធ្វើការជាមួយគាត់មើលលក្ខណៈសម្បត្តិគ្រប់គ្រាន់។ បើសិនគាត់មានអាជ្ញាបណ្ណមានលក្ខណៈសម្បត្តិគ្រប់គ្រាប់ ឲ្យមកឆ្លងស្តង់ដាររបស់យើងវាយតម្លៃយ៉ាងណា ហើយបើថាគាត់មិនសហការ អត់មានអីក្រៅពីការអនុវត្ត(ច្បាប់ទេ)។
(៣៣) សូមអ្នកប្រកបរបរក្នុងវិស័យព្យាបាលជំងឺយកអភិក្រម “បង្កើនអ្នកជា មិនបង្កើនអ្នកឈឺ”
ពីដើមអាណត្តិនោះ ខ្ញុំឯកភាពឲ្យបិទក្រុមហ៊ុនមួយ។ គាត់យកផលិតផលមកលក់។ លក់ដាច់គ្រាន់បើ។ ប៉ុន្តែក្នុងផលិតផលមានធាតុផ្សំម៉្យាងដែលផឹកទឹកហ្នឹងយូរធ្វើឲ្យកើតមហារីក។ ខ្ញុំក៏បានឲ្យគេបិទ។ មិនមែនបិទទេ ហៅមកណែនាំ។ ជជែកគ្នា២ ទៅ៣ ដង ដល់ចុងក្រោយ មានការចេញពាក្យសម្តីថាចង់បិទៗទៅ។ ឯកឧត្តម ឈាង រ៉ា ខលមកសួរខ្ញុំភ្លាម។ បើគេមិនស្តាប់បិទទៅ។ បិទបាត់។ គេចេញពាក្យត្រឹមរដ្ឋមន្រ្តីបិទមិនជិត។ ឥឡូវរដ្ឋមន្រ្តីបិទមិនជិត នាយករដ្ឋមន្រ្តីបញ្ជាឲ្យបិទ។ នេះជាការបង្កា។ បើសិនជាប្រើថ្នាំហ្នឹងយូរអាចមានបញ្ហា ហើយបើថាយើងមិនដឹងហ្នឹងរឿងមួយ ប៉ុន្តែបើយើងដឹងហើយ បច្ចេកវិទ្យា វិទ្យាសាស្រ្តដឹងហើយ ថាថ្នាំហ្នឹងប្រើយូរទៅវាធ្វើឲ្យអញ្ចឹង ហើយយើងមិនទទួលខុសត្រូវទៀត យើងយោគយល់មនុស្សម្នាក់ ក្រុមហ៊ុនមួយ យើងអាចធ្វើឲ្យប្រជាពលរដ្ឋយើង(រងគ្រោះថ្នាក់)។
យើងកាន់តែមិនមានការទទួលខុសត្រូវសម្រាប់ប្រជាពលរដ្ឋ។ អញ្ចឹងត្រូវវះកាត់ ត្រូវការធានា។ ខ្ញុំសូមឲ្យបងប្អូនដែលធ្វើការងារប្រកបរបរនៅក្នុងវិស័យនេះ យកអភិក្រមថា យើងនៅក្នុងវិស័យព្យាបាលជំងឺ បង្កើនអ្នកជា មិនមែនបង្កើនអ្នកឈឺទេ។ អញ្ចឹង សូមជួយនៅក្នុងការអនុវត្តអភិក្រម៤ គេថាស្វ័យទទួលខុសត្រូវ ជាជាងឈានទៅដល់អភិក្រមទី៥ ដែលត្រូវការបិទ ឬមួយក៏ដាក់ពិន័យអីផ្សេងៗ។ រដ្ឋមិនចង់ធ្វើទេ … ជួនកាលយើងមិនដឹង។ យើងទៅទិញផលិតផលពីក្រៅប្រទេសយកមកលក់ ហើយផលិតផលហ្នឹងនៅស្រុកគេអូខេ។ ក្រោយមកបាន FDA រកឃើញថាហ្នឹង(បង្កហានីភ័យ)។ អញ្ចឹងយើងអត់ខុសទេ ប៉ុន្តែនៅពេលដែលយើងដឹងខ្លួនថា ហ្នឹងវាខូចត្រូវផ្អាកលក់ភ្លាម។ ហ្នឹងការទទួលខុសត្រូវ។ ថ្ងៃសុក្រមុនខ្ញុំឲ្យដកច្បាប់មួយឆ្លងរឿងផលិតផលវិការៈដែលធ្វើមក។ បើសិនជារបស់ហ្នឹងខូច រកអ្នកលក់អត់ឃើញ ចាប់ដាក់ទោសអ្នកលក់បន្តអត់បានទេ។ ប៉ះទាំងអស់។ ជួនកាលគាត់មិនដឹង។
របស់ខ្លះគេលក់ដាច់គគោកនៅថៃនៅអី យកមកលក់ចែកចាយដែរ ស្រាប់តែក្រោយមកនៅនោះគេទើបតែរកឃើញ។ យើងដឹងភ្លាម។ ពីមុនយើងអត់កំហុសដោយសារយើងអត់ដឹង ដោយសារគេប្រាប់ហើយនៅខាងនោះ គេគិតថាវាល្អ ដល់ពេលឥឡូវមានបញ្ហាភ្លាមត្រូវផ្អាកភ្លាម។ ត្រូវជូនព័ត៌មានទៅ។ អាហ្នឹងស្វ័យទទួលខុសត្រូវ។ ប៉ុន្តែបើដឹងហើយថាធ្វើទៅខូចសុខភាព តែដោយសារសល់ស្តុកប្រហែលមួយតោនទៀតត្រូវលក់ … អញ្ចឹងខ្ញុំសុំឲ្យមានការចូលរួម។ គុណភាព សុខភាព ប៉ុន្តែសំខាន់ផលបុណ្យរបស់យើងនៅក្នុងការទទួលខុសត្រូវ។
(៣៤) ការថែទាំ បង្កា និងការពារសុខភាព ត្រូវមានការចូលរួមពីគ្រប់អ្នកជាប់ពាក់ព័ន្ធ
អញ្ចឹងសុំឲ្យមានការចូលរួម ជាពិសេសការលក់ផលិតផលតាមអនឡាញតាមអី សូមឲ្យបងប្អូនអាជីវកររបស់យើងដែលលក់ជួយពិនិត្យមើលនិងសហការផង។ ខាងរាជរដ្ឋាភិបាល ខាងក្រសួងស្ថាប័នក៏ធ្វើការ ប៉ុន្តែបើល្អបំផុតគឺស្វ័យត្រួតពិនិត្យខ្លួនឯងទទួលខុសត្រូវតែម្តង ជួយមើលផង។ បើថាអាហ្នឹងម្នាក់ៗ មុននឹងយកផលិតផលមកលក់ជួយស្រាវជ្រាវផង ជួយពិនិត្យមើល ហើយស្តាប់ឮថាអាហ្នឹងមិនសូវល្អទេ យើងកុំយកមក។ សំខាន់បំផុតបើសិនជាវាខូច ខូចឈ្មោះ ខូចហាងឆេង ហើយបើសិនជាអាចប៉ះពាល់សុខភាពអីផ្សេងៗ គេមានប្តឹង គេមានអី មានបញ្ហា។ ខ្ញុំថាល្អការថែទាំសុខភាព ការព្យាបាលសុខភាពនេះ ជាពិសេសការថែទាំបង្កាការការពារសុខភាព មិនអាចធ្វើទៅបានតែរដ្ឋម្នាក់ឯងទេ ត្រូវមានការចូលរួមគ្រប់អ្នកជាប់ពាក់ព័ន្ធទាំងអស់ ទាំងអ្នកធ្វើអាជីវកម្មគ្រប់ប្រភេទ ទាំងពេទ្យ និងមិនជំនាញពេទ្យនៅក្នុងការលក់ផលិតផល សុខាភិបាល ឬផលិតផលដែលពាក់ព័ន្ធសុខភាព សូម្បីតែអា cosmetic យកមកលាបមុខលាបអីហ្នឹងក៏ត្រូវគិត រួមគ្នាដើម្បីព្យាបាល រួមគ្នាដើម្បីបង្កា រួមគ្នាដើម្បីធានានូវគុណភាពកម្រិតណាមួយជូនប្រជាពលរដ្ឋរបស់យើង។ អញ្ចឹងយើងអាចធ្វើបាន។
នេះហើយការបង្កើនភាពជឿជាក់ ព្រោះបើសិនជាទិញ ១ ឬ ២ ប៉ះបញ្ហាធ្វើឲ្យមនុស្សរួញខ្លាចតែម្តងរបស់តាមអនឡាញ។ នេះគឺជាអ្វីដែលខ្ញុំសូមអំពាវនាវឲ្យបងប្អូនដើម្បីចូលរួមបន្ថែម។ ថ្ងៃនេះនិយាយច្រើនបន្តិចនៅក្នុងវិស័យសុខាភិបាល … ទើបតែនិយាយជាមួយឯកឧត្តមឯកអគ្គរដ្ឋទូត កាលខ្ញុំពីក្មេង ខែនេះគឺខែបង្ហោះខ្លែង ហើយការបង្ហោះខ្លែងសម័យមុនហ្នឹង មិនដូចសម័យឥឡូវទេ ក្មេងៗឥឡូវមិនចេះធ្វើខ្លែងទេ ចងលេងខ្លែងមានខ្លែងបញ្ជាតេលេទៀតមិនបាច់ប្រើខ្សែ។ មើលប៉ុន្មាននាក់ចេះបិតខ្លែងក្មេងៗ? ចេះដែរ? មកពីខេត្តអី? …។
[ចប់សេចក្តីអធិប្បាយ ៣]
អញ្ចឹងថ្ងៃនេះ ជាថ្មីម្តងទៀតសម្រាប់ការអបអរសាទរជាមួយនឹងសមិទ្ធផលជាច្រើននៅក្នុងវិស័យសុខាភិបាលខ្ញុំសូមផ្តល់នូវទស្សនៈ និង អនុសាសន៍ដល់ក្រសួងសុខាភិបាល, សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល, គ្រឹះស្ថានបណ្តុះបណ្តាល វិទ្យាសាស្រ្តសុខាភិបាល ទាំងរដ្ឋ និង ឯកជន ដូចខាងក្រោម៖
ទី១. ក្រសួងសុខាភិបាល និង វិស័យឯកជនក្នុងវិស័យសុខាភិបាល ត្រូវបន្តធ្វើការកែទម្រង់ប្រព័ន្ធសិក្សាឱ្យកាន់តែល្អប្រសើរ តាមរយៈ បន្តអភិវឌ្ឍ និង ធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សាដោយឈរលើសមត្ថភាពស្នូលជាគោល (Competency-based Curriculum) និង ផ្ដោតការយកចិត្តទុកដាក់បន្ថែម ទាំងជំនាញបច្ចេកទេស, ទាំងជំនាញរឹង និងជំនាញទន់, ជាពិសេស ការធ្វើការងារជាក្រុម ការគោរពវិន័យ និង ក្រមសីលធម៌វិជ្ជាជីវៈ ក្នុងពេលបម្រើសេវាជូនដល់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋានសុខាភិបាលរដ្ឋ និង ជាឯកជន។
ទី២. ក្រសួងសុខាភិបាល ត្រូវបន្តពង្រឹងកម្មវិធីសិក្សា និង បំផុសឱ្យនិសិ្សត និង អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ឱ្យអភិវឌ្ឍចំណេះដឹងជាប់ជាប្រចាំ តាមរយៈ ស្វ័យសិក្សា និង ការសិក្សាស្រាវជ្រាវ ក៏ដូចជាការសិក្សាបន្ត ដើម្បីរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សប្រកបដោយសក្ដានុពល និង ផលិតភាព ព្រមទាំងការកសាងពលរដ្ឋឌីជីថលនៅកម្ពុជា សម្រាប់ការទាញយកផលប្រយោជន៍ជាអតិបរមាពីបរិវត្តកម្មឌីជីថល ដែលជាការរួមចំណែកដល់ការកសាងម៉ូឌែលកំណើនថ្មីនៅកម្ពុជា ដោយផ្អែកលើជំនាញ បច្ចេកវិទ្យា និង នវានុវត្តន៍ ។
ទី៣. ក្រសួងសុខាភិបាល ត្រូវបន្តពង្រឹងការអនុវត្តយន្តការតាមដាន និង ការកែលម្អ គុណភាពសេវា នៅមូលដ្ឋានសុខាភិបាលគ្រប់កម្រិត រួមទាំងការតាមដាននិន្នាការនៃការពេញចិត្តចំពោះសេវាសុខាភិបាលរបស់អ្នកជំងឺ ឬ អតិថិជន។ រៀបចំ និង អនុវត្តសកម្មភាពកែលម្អគុណភាពជាប្រចាំ ដោយរាប់បញ្ចូលទាំងសកម្មភាពអភិបាលកិច្ចគ្លីនិក និង ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ប្រកបដោយនវានុវត្តន៍ ដើម្បីបង្កើនគុណភាពសេវាទៅដល់កម្រិតមួយដែលអ្នកជំងឺ និងប្រជាពលរដ្ឋទទួលយកបានដោយពេញចិត្ត ។ ទន្ទឹមនេះ ត្រូវលើកកម្ពស់ភាព ឆ្លើយតប និង គណនេយ្យភាព ក្នុងការផ្តល់សេវាថែទាំសុខភាពមានគុណភាពខ្ពស់ ដើម្បីរក្សាជំនឿទុកចិត្តរបស់អ្នកជំងឺ និង សាធារណជន តាមរយៈ ការអនុវត្តយន្តការ សម្រាប់ទទួលព័ត៌មានត្រឡប់ ឬ ការត្អូញត្អែររបស់អ្នកជំងឺ នៅមូលដ្ឋានសុខាភិបាល និង ធ្វើការដោះស្រាយទាន់ពេល ត្រឹមត្រូវ តាមស្មារតីវិជ្ជាជីវៈ ។
ទី៤. ថ្នាក់ដឹកនាំសាកលវិទ្យាល័យ និង សាស្ដ្រាចារ្យ ត្រូវបន្តដើរតួនាទីនាំមុខ ជាមគ្គុទ្ទេសក៍ ជាទីប្រឹក្សា ជាអ្នកស្រាវជ្រាវ និង ជាអ្នកបណ្តុះនូវនវានុវត្តន៍ ដែលត្រូវខិតខំអភិវឌ្ឍសមត្ថភាពជាប់ជាប្រចាំ ទាំងផ្នែកចំណេះដឹង វិធីសាស្ត្របង្រៀន និង ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ជាពិសេស សូមលើកទឹកចិត្តខ្ពស់ដល់សាស្ត្រាចារ្យ និង បុគ្គលិកសិក្សា ឱ្យបន្តអភិវឌ្ឍសមត្ថភាព ជាប្រចាំ និង បង្កើនការស្រាវជ្រាវតាមជំនាញឯកទេសរៀងៗខ្លួន ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៅក្នុងការបង្រៀន និង ការផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែង ក្នុងការផ្ទេរចំណេះដឹងដល់និស្សិត និង រួមចំណែកដល់ការអភិវឌ្ឍមូលធនមនុស្សក្នុងវិស័យសុខាភិបាលរបស់កម្ពុជា។
ទី៥. គណៈវិជ្ជាជីវៈសុខាភិបាលទាំងអស់ ត្រូវយកចិត្តទុកដាក់បន្ថែមទៀតលើការពង្រឹងការអនុវត្តច្បាប់ ពិសេសច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល និង លិខិតបទដ្ឋានគតិយុត្តជាធរមាន ព្រមទាំងពិនិត្យកែសម្រួល ឬ បង្កើតថ្មីនូវលិខិតបទដ្ឋានគតិយុត្តឱ្យស្របតាមបច្ចុប្បន្នភាពនៃសភាពការសង្គម និង ឌីជីថលភាវូបនីយកម្ម ។ គណៈវិជ្ជាជីវៈសុខាភិបាល នីមួយៗ ត្រូវធ្វើបច្ចុប្បន្នភាពបុគ្គល ដែលកំពុងអនុវត្តការងារនៅកម្ពុជាទៅតាមជំនាញវិជ្ជាជីវៈសុខាភិបាលរៀងៗខ្លួន ក៏ដូចជាជំរុញការចុះបញ្ជិកាអ្នកវិជ្ជាជីវៈសុខាភិបាល ការស្នើ និង ការបន្តអាជ្ញាបណ្ណអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល, និង សម្របសម្រួលលើកទឹកចិត្តឱ្យមានការបន្តអភិវឌ្ឍវិជ្ជាជីវៈសុខាភិបាល, ព្រមទាំងត្រូវរៀបចំផែនការ និង ចុះពិនិត្យសម្បទាក្នុងការប្រកបវិជ្ជាជីវៈសុខាភិបាលជាទៀងទាត់ និង ត្រូវតាមដានជាប្រចាំនូវបាតុភាពវិជ្ជាជីវៈ និង ឆ្លើយតបដោះស្រាយឱ្យបានទាន់ពេល ប្រកបដោយប្រសិទ្ធភាព ។
ទី៦. អ្នកប្រកបវិជ្ជាជីវៈសុខាភិបាលទាំងអស់ ត្រូវចុះបញ្ជិកាក្នុងគណៈវិជ្ជាជីវៈសុខាភិបាល និង មានអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈសុខាភិបាលដែលមានសុពលភាព គោរពក្រមសីលធម៌វិជ្ជាជីវៈ បទដ្ឋានវិជ្ជាជីវៈ និង និយាមវិជ្ជាជីវៈ ព្រមទាំងអនុវត្តការងារក្នុងដែនកំណត់វិជ្ជាជីវៈសុខាភិបាលរបស់ខ្លួន និង ចូលរួមអភិវឌ្ឍសមត្ថភាពជាប្រចាំ ។ គ្រូពេទ្យ បុគ្គលិកបច្ចេកទេស ទាំងក្នុងផ្នែកសាធារណៈ និង ឯកជន ត្រូវបង្កើនការយកចិត្តទុកដាក់លើសេវាបង្ការ និង សេវាព្យាបាលបឋម ដើម្បីទប់ស្កាត់ការវិវត្តនៃជំងឺទៅកាន់ស្ថានភាពធ្ងន់ធ្ងរ ឬ រ៉ាំរ៉ៃ ដែលអ្នកជំងឺ ឬ គ្រួសារអ្នកជំងឺ ប្រព័ន្ធសុខាភិបាល និង ប្រព័ន្ធគាំពារសង្គម ត្រូវចំណាយខ្ពស់ ។ បន្ថែមលើនេះ, ត្រូវកសាង និង រក្សាទំនាក់ទំនងប្រកបដោយទំនុកចិត្ត តាមរយៈឥរិយាបថ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ នៅពេលប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺ ឬ គ្រួសារអ្នកជំងឺ រួមទាំងលើកទឹកចិត្តអ្នកជំងឺ និង គ្រួសារឱ្យចូលរួមក្នុងការសម្រេចចិត្តលើការព្យាបាល ផ្តល់ចំណេះដឹង និង បទពិសោធអំពីការបង្ការបឋម, ការព្យាបាលបង្ការ, ការគ្រប់គ្រងលក្ខខណ្ឌជំងឺរ៉ាំរ៉ៃ និងការថែទាំអ្នកជំងឺ ជាដើម ។
ទី៧. គ្រូពេទ្យ និង បុគ្គលិកសុខាភិបាល ត្រូវរក្សាកិត្តិយស និង សេចក្តីថ្លៃថ្នូរ ដោយប្រកាន់ខ្ជាប់គ្រប់ពេលវេលានូវក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការបម្រើសេវាថែទាំសុខភាពជូនប្រជាពលរដ្ឋប្រកបដោយភាពស្មោះត្រង់ សុចរិតភាព និង សមធម៌ ដោយត្រូវធានាថាគ្មានអ្នកជំងឺណាម្នាក់ត្រូវបានរើសអើង ឬ ត្រូវបានបដិសេធក្នុងការទទួលបានសេវាថែទាំព្យាបាល ដោយសារតែស្ថានភាពលក្ខណៈរបស់បុគ្គល គ្រួសារ ទំនៀមទម្លាប់ សាសនា ឬនិន្នាការនយោបាយឡើយ។
ទី៨. អង្គភាពសុខាភិបាលគ្រប់លំដាប់ថ្នាក់ ត្រូវលើកកម្ពស់ប្រសិទ្ធភាពនៃការបម្រើសេវាថែទាំសុខភាព ជូនគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ និង ក្រុមគោលដៅផ្សេងៗទៀត ក្រោមកម្មវិធីមូលនិធិសមធម៌ និង របបបេឡាជាតិសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរយៈការពង្រីកសេវាថែទាំសុខភាព ឱ្យស្របតាមនិន្នាការប្រែប្រួលនៃបន្ទុកជំងឺ បញ្ហាសុខភាពជាអាទិភាព និង តម្រូវការរបស់ប្រជាពលរដ្ឋ ។
មុននឹងបញ្ចប់, ជាថ្មីម្តងទៀត ខ្ញុំសូមថ្លែងអំណរគុណ និង សម្តែងនូវការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំក្រសួងសុខាភិបាល សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល សាស្រ្តាចារ្យ គ្រូពេទ្យ មន្រ្តី និង បុគ្គលិកសុខាភិបាលគ្រប់លំដាប់ថ្នាក់ ដែលបានបំពេញភារកិច្ចបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋ, ជាពិសេស មន្រ្តី និង បុគ្គលិកសុខាភិបាល ទាំងអស់ ដែលកំពុងបម្រើការងារផ្តល់សេវានៅតាមមូលដ្ឋានទូទាំងប្រទេស និង សូមវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលថ្នាក់ក្រោមជាតិ, ក្រសួង-ស្ថាប័ន និង ភាគីពាក់ព័ន្ធនានា ដែលបាន និង កំពុងរួមចំណែកយ៉ាងសំខាន់ ដល់វឌ្ឍនភាពនៃវិស័យសុខាភិបាល ។
ជាទីបញ្ចប់, ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ, លោក លោកស្រី សមាជិក សមាជិកានៃអង្គពិធី សូមប្រកបដោយពុទ្ធពរ និង ពរ ទាំង ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណ កុំបីឃ្លៀងឃ្លាតឡើយ ។ ខ្ញុំសូមប្រកាសបើកការដ្ឋានសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលនៅទីតាំងទី ៣ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលចាប់ពីពេលនេះតទៅ។
ថ្ងៃនេះ សម្រាប់និស្សិតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ២៩៤៤ នាក់ ម្នាក់ៗថវិកា ៥ ម៉ឺនរៀល។ ចេញទៅបត់ឆ្វេងឆ្លងស្ពានទៅដល់ផ្លូវជាតិលេខ ៦ បត់ស្តាំ។ ហ្នឹងព្រែកលាប។ ជូនបុគ្គលិក និងកម្មករ ៥៨ នាក់ ម្នាក់ៗថវិកា ១០ ម៉ឺនរៀល។ ជូនសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលថវិកា ១០ លានរៀល សាលាខណ្ឌសែនសុខ ២ លាន និងគ្រូពេទ្យប្រចាំក្នុងអង្គពិធីថវិកា ៣ លានរៀលផង។ សូមអរគុណ៕