សម្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន, អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលបាន ចាប់ឆ្នោតស្ម័គ្រចិត្តរើលំនៅឋាន និង សំណង់ផ្សេងៗ ចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រង របស់អាជ្ញាធរជាតិអប្សរា ទៅរស់នៅក្នុងភូមិរុនតាឯក ស្ថិតក្នុងស្រុកបន្ទាយស្រី

CNV:

​​(១) មក រុនតាឯក លើកទី៣ ជួបជុំដំណាក់កាលចុងក្រោយនៃការចាប់ផ្តើម, ប្រជាពលរដ្ឋដូរទីលំនៅចេញពីតំបន់អង្គរដើម្បីគោរពលក្ខខណ្ឌតម្រូវដោយ UNESCO

ថ្ងៃនេះគឺមានការរីករាយដែលបានមកជួបបងប្អូននៅរុនតាឯកសាជាថ្មីម្តងទៀត ប៉ុន្តែជួបអ្នកថ្មីដែលមិនទាន់បានជួប។ មុននឹងខ្ញុំនិយាយតទៅទៀតខ្ញុំគួរតែជម្រាបថានៅនឹងមុខបងប្អូនដែលបានមានរួចទៅហើយនោះមាននំបុ័ង មានទឹកសុទ្ធ មានទឹកក្រូច។ អញ្ចឹងទេ ពេលដែលខ្ញុំនិយាយបងប្អូនអាចទទួលទាននំបុ័ង អាចទទួលទានទឹកក្រូច ទឹកអីតាមចិត្តចង់។ ឯអ្នកដែលអត់គឺខ្ញុំ ប៉ុន្តែខ្ញុំក៏មានទឹកដែរ។ ថ្ងៃនេះជាពេលវេលាទី៣ ហើយក៏ខ្ញុំចាត់ទុកថាសម្រាប់ រុនតាឯក ជាការជួបជុំដំណាក់កាលចុងក្រោយនៃការចាប់ផ្តើម ប៉ុន្តែមិនមែនជាដំណាក់កាលចុងក្រោយនៃពេលអភិវឌ្ឍទេ។ យើងនឹងមានឱកាសជួបគ្នានៅ រុនតាឯក ជាបន្តបន្ទាប់ទៀត នៅពេលដែលបងប្អូនយើងមករស់នៅទីនេះ។

ខ្ញុំសូមអរគុណចំពោះឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ដែលបានដឹកនាំសម្របសម្រួលជាមួយនឹងបណ្តាស្ថាប័ននានា ក្នុងឋានៈជាក្រុមការងារតម្រង់ទិសនៅទីនេះ។ អម្បាញ់មិញឯកឧត្តម ជា សុផារ៉ា បានរាយការណ៍ជូនបងប្អូន ជូនយើងទាំងអស់គ្នានៅទីនេះ អំពីវឌ្ឍនភាពដែលសម្រេចបានដែលធ្វើឡើងដោយស្ថាប័ននានាទាំងផ្នែកទឹក ទាំងផ្នែកអគ្គិសនី ទាំងផ្លូវថ្នល់ ទាំងការកសាងសាលារៀន ទាំងការកសាងវត្តអារាម ការកសាងផ្នែកដទៃទៀតសម្រាប់ដំណើរការនៅក្នុងតំបន់ រុនតាឯក របស់យើងនេះ។ នៅទីនេះ ហេដ្ឋារចនាសម្ព័ន្ធចាំបាច់ដែលបានធ្វើរួចមកហើយដូចជាសាលារៀន និងកំពុងតែសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា ដែលក្រោយនេះ អាចនិយាយបានដូចច្នោះថានឹងក្លាយជាកូនក្រុងរណបមួយបាន នៅពេលក្រោយទៅទៀត។

ខ្ញុំសូមអរគុណជាមួយស្ថាប័នទាំងអស់ ដែលបានខិតខំប្រឹងប្រែងធ្វើឱ្យមានវឌ្ឍនភាពនៃកិច្ចការងារនេះ។ ខ្ញុំដឹងច្បាស់ណាស់ថា មិនអាចមានស្ថាប័នណា(តែ)មួយអាចសម្រេចកិច្ចការងារនេះបាននោះទេ។ អន្តរាគមន៍របស់រាជរដ្ឋាភិបាលគឺជាអន្តរាគមន៍ចាំបាច់ ហើយដែលត្រូវរាប់បញ្ចូលនូវស្ថាប័នជាតិទាំងអស់ រួមជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិជា ខេត្ត ជាស្រុក និងផ្នែកឃុំ/សង្កាត់ ទើបអាចធ្វើទៅរួច។ ជាងនេះទៅទៀត វាចាំបាច់ណាស់ត្រូវមានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ។ យើងមិនអាចធ្វើដោយគ្មានការចូលរួមពីសំណាក់ប្រជាពលរដ្ឋនោះទេ។ ខ្ញុំសូមអរគុណចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្តមករស់នៅទីនេះ។

ខ្ញុំធ្លាប់បានបញ្ជាក់ហើយថា ហេតុអ្វីបានជាចាំបាច់ត្រូវយកបងប្អូនចេញពីទីនោះ? (បើសិនជា)រស់នៅទីនេះ តើយើងគួរបន្ទោស ហ៊ុន សែន ឬគួរបន្ទោសស្តេចមុនៗ ដែលកសាងប្រាសាទអង្គរ។ យើងមិនអាចបន្ទោសដូន​តាយើង បន្ទោសអតីតព្រះមហាក្សត្រព្រះមហាក្សត្រយានី ដែលបានកសាងនូវប្រាង្គប្រាសាទនានា ក្នុងនោះប្រាសាទអង្គវត្តដែលបានចុះទៅជាសម្បត្តិបេតិកភ័ណ្ឌពិភពលោកតាំងពីឆ្នាំ ១៩៩២ ដែលឆ្នាំនេះជាខួបលើកទី ៣០ឆ្នាំនៃការដាក់បញ្ចូលជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក(នោះទេ)។ ការដាក់បញ្ចូលនេះ តម្រូវឱ្យគោរពនូវលក្ខខណ្ឌដែលអង្គការ UNECO បានដាក់។ យើងមិនអាចបំពានគោលការណ៍នេះបានទេ។ យើងត្រូវខិត​ខំដោះស្រាយ។ បើមិនដូច្នោះទេ អង្គរប្រឈមជាមួយនឹងការបណ្តេញចេញ។ ការបណ្តេញចេញនេះវាមិនមែនជាបញ្ហាថ្មីថ្មោងរបស់អង្គការ UNECO នោះទេ។ ប្រទេសជឿនលឿនខ្លះក៏មានការបណ្តេញចេញដូចជា អាល្លឺម៉ង់ អីជាដើម ដោយមិនគោរពតាមលក្ខខណ្ឌនៃការកណត់របស់អង្គការ UNECO។

(២) គួររស់នៅទីកន្លែងដែលអាចអភិវឌ្ឍខ្លួនបាននិងមានកម្មសិទ្ធ, អង្គការសហប្រជាជាតិឱ្យខ្មោចឡើងថ្លែងដែរឬ?, តំបន់រុនតាឯក ទទួលបាន ៦.៤៦៩គ្រួសារ, បម្រុងដី ២០០ ឡូត៍សំរាប់ការបែកគ្រួសារដែលគ្រប់លក្ខខណ្ឌ, ការភ្ជាប់ចរន្តចូលក្នុងផ្ទះមិនគិតលុយ

សម្រាប់បងប្អូនទៀតសោត តើគួររស់នៅទីកន្លែងដែលអាចអភិវឌ្ឍខ្លួនបាន មានកម្មសិទ្ធ ឬក៏រស់នៅទីកន្លែងមួយដែលមិនអាចអភិវឌ្ឍបាន ហើយក៏មិនអាចទទួលបានកម្មសិទ្ធ។ នេះជាជម្រើសដែលបងប្អូនត្រូវតែជ្រើសរើស។ បងប្អូនដែលបានចាប់ឆ្នោតរួចមកហើយ ដែលសុខចិត្តចាកចេញពីរមណីយដ្ឋានអង្គរមកនៅទីនេះ អាចចាត់ទុកថាជាការជ្រើសរើសដ៏ឆ្លាតវៃមួយ។ នៅក្នុងកាលៈទេសៈចាំបាច់ ការមកនៅទីនេះ យើងមានការទ្រទ្រង់ខាងហេដ្ឋារចនាសម្ព័ន្ធ ការទ្រទ្រង់ទៅលើផ្នែកដទៃទៀត ក្នុងនោះរាប់ទាំងការទ្រង់ទ្រង់នៃកិច្ចគាំពារសង្គម ដែល​ខ្ញុំនឹងបញ្ជាក់នៅផ្នែកខាងមុខ។ ថ្ងៃនេះក៏ត្រូវតែបញ្ជាក់(ជាមួយ)គ្នា ព្រោះមានចំណុចខ្លះខ្ញុំត្រូវធ្វើដល់ម៉ោង ១២ យប់ ដោយចំណារប៊ិចក្រហម ដើម្បីដោះស្រាយជូនបងប្អូនក្នុងតំបន់ឱ្យបានច្បាស់ ហើយក៏មានការចាំបាច់ដើម្បីបញ្ជាក់បន្ថែមសម្រាប់បងប្អូនយល់ដឹងអំពីបញ្ហាទាក់ទង(នានា) តើតំបន់ណាខ្លះដែលជាតំបន់អាទិភាព សម្រាប់ការជម្រុញការអភិវឌ្ឍរបស់យើង។

បងប្អូនពិតជាបានដឹងហើយថា មកដល់ពេលនេះគឺរយៈពេលជាង ១ខែ ហើយនៃប្រតិបត្តិការក្រៅប្រទេស និងក្នុងប្រទេស ប៉ុន្តែវាមិនបញ្ចប់ត្រឹមថ្ងៃហ្នឹងទេ។ ថ្ងៃនេះគ្រាន់ជាការចាប់ផ្តើមសាជាថ្មីនៅក្នុងតំបន់រុនតាឯក ដែលខ្ញុំនៅជំពាក់ប្រជាជននៅឯពាក់ស្នែង។ ថ្ងៃស្អែកខ្ញុំនឹងទៅសួរសុខទុក្ខនៅកន្លែងនោះទៀត។ ខ្ញុំជំពាក់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ។ ល្ងាចនេះខ្ញុំត្រូវពិភាក្សាធ្វើការជាមួយពួកគាត់។ បន្តទៅ(ខ្ញុំ)ទៅខេត្តបន្ទាយមានជ័យ។ ជំពាក់អ្នកលិចទឹកដែលត្រូវផ្គត់ផ្គង់ស្រូវពូជនិងស្បៀងអាហារ ទៅខេត្តបាត់ដំបង ទៅខេត្តពោធិ៍សាត់ រហូតដល់ខេត្តកំពង់ឆ្នាំង។ ខ្ញុំក៏ចង់ដឹងដែរថា តើកម្លាំងរបស់ខ្ញុំវាអាចស្ទុះរួចឬទេ? ខ្ញុំមានជំនឿជាក់ថាខ្ញុំអាចទៅរួច។ វាមិនបញ្ហាសម្រាប់ខ្ញុំនោះទេ។ ស្ថានភាពនេះ ដូចជាតាំងពីខែ ៦ ខែ ៧ ឆ្នាំទៅ គេថា ខ្ញុំងាប់បាត់ទៅហើយ។ ខ្ញុំជាមនុស្សក្លែងក្លាយទេ។ ឥឡូវអាក្លែងក្លាយនេះវានៅដដែលហ្នឹង។ អ្នកណាអាចធ្វើមនុស្សក្លែងក្លាយបានរហូតដល់ជាង ១ឆ្នាំ?

… អ្នកដែលនិយាយហ្នឹងធ្វើឱ្យបាត់បង់ជំនឿ … អ្នកដទៃគេឈប់ជឿ ព្រោះមនុស្សកំពុងតែនៅរស់ គេថាងាប់ទៅហើយ គ្រាន់តែយកមនុស្សមកដូរ។ អញ្ចឹងអ្នកណាខ្លះដែលអាចដូរជា​មួយ ហ៊ុន សែន បាន របៀបនិយាយ ឬក៏របៀបដោះស្រាយបញ្ហា ហើយអ្នកណាសុខចិត្តឱ្យនាយករដ្ឋមន្រ្តីក្លែងក្លាយមួយដឹកនាំប្រទេសជាង ១ឆ្នាំ តាំងពីគេចាត់ថាងាប់នោះ? វាមិនដែលមាន។ ម៉្យាងទៀត ខ្ញុំទៅថ្លែងការណ៍នៅអង្គការសហប្រជាជាតិ ហើយអង្គការសហប្រជាជាតិហ្នឹងគេឱ្យខ្មោចឡើងថ្លែងដែរអី? មនុស្សក្លែងក្លាយធ្វើជា ហ៊ុន សែន ឡើងថ្លែងដែរអី? ម្សិលមិញនេះ ជួបចរចាជាមួយប្រធានាធិបតី ទីម័រឡេស្តេ និងចូលព្រះបរមរាជវាំងដង្ហែរព្រះមហាក្សត្រដើម្បីជប់លៀងជូនប្រធានាធិបតី ទីម័រឡេស្តេ ផងដែរ។

ឥឡូវខ្ញុំសុំបន្តថា រហូតមកដល់ពេលនេះ អ្នកដែលមករស់នៅរុនតាឯក បើយើងគិតលើកទី១ មាន ១.១១៧គ្រួសារ។ លើកទី ២ មាន​ ២.៨៥៣គ្រួសារ។ លើកទី៣ មាន ១.៨៩៥គ្រួសារ។ សរុបទាំង ៣ លើកនេះ មានចំនួន ៥.៨៦៥ គ្រួសារ ថែមដោយ ៥៩៤ គ្រួសារ ដែលសុខចិត្តផ្លាស់ប្តូរទីលំនៅចេញពីទីតាំងដែលមានពាក់ព័ន្ធជាមួយនឹងរចនាសម្ព័ន្ធទីក្រុង ដែលយើងត្រូវស្តាររៀបចំឱ្យបានស្អាត ជាពិសេសគឺតាមដងផ្លូវនិងនៅតាមស្ទឹងសៀមរាប។ តំបន់រុនតាឯក បានទ្រទ្រង់ជាមួយប្រជាពលរដ្ឋចំនួន ៦.៤៦៩គ្រួសារ។ ដូច្នេះ រុនតាឯក អស់ដីហើយ។

នៅសល់ជាប្រមាណ ២០០ឡូ។ ហើយ ២០០ឡូនេះ ខ្ញុំថាទុកបម្រុងទៅ ព្រោះបន្តិចទៀតពេលណាមួយនោះ ក្នុងគ្រួសារដែលមកនៅទីនេះ ច្បាស់ជាមានរៀបការកូនហើយ។ ដល់រៀបការកូនទៅ យើងត្រូវបែកគ្រួសារ។​ ដល់ត្រូវបែកគ្រួសារ គ្រប់លក្ខខណ្ឌយើងអាចទៅយកដីនោះដែលជាការបម្រុងទុកប្រមាណជាង ២០០ ឡូ។ ជាធម្មតាទេ តែកូនចៅដែលពេញក្រមុំហើយត្រូវយកប្តី តែពេញកម្លោះត្រូវយកប្រពន្ធ។ ហ្នឹងជារឿងធម្មតា។ ឥឡូវចេញវស្សា (ហើយតែ)ដូចជាលឺសូរភ្លេងការមិនទាន់ខ្លាំងប៉ុន្មាន ប្រហែលដោយសារភ្លៀងខ្លាំងមើលទៅ។ យប់មិញ ប្រហែលជានៅទីនេះភ្លៀង (…) បាញ់ទឹកទេ។ អត់មានភ្លៀងទេ។ អញ្ចឹងបានជា គ្រឿងចក្រចូលក្នុងការដ្ឋាន មានរហូតទៅដល់ ១៩៤ គ្រឿងចក្រឯណោះ ដើម្បីរៀបចំសម្រាប់ហេដ្ឋារចនាសម្ព័ន្ធចាំបាច់។ យើងមានពេល ពីពេលនេះទៅដល់ពេលភ្លៀងធ្លាក់លើកក្រោយ ដើម្បីនឹងដោះស្រាយបញ្ហាសម្រាប់ការតាំងទីលំនៅថ្មីនៅក្នុងតំបន់នេះ។

ខ្ញុំសូមអរគុណបងប្អូនប្រជាពលរដ្ឋដែលមានការយល់ដឹង ហើយយោគយល់ចំពោះបញ្ហាទាក់ទងនឹងរមណីយដ្ឋានអង្គរ ដែលវាស្ថិតនៅក្នុងសម្បត្តិរបស់មនុស្សជាតិ ហើយដែលត្រូវមានលក្ខខណ្ឌច្បាស់លាស់សម្រាប់ការគ្រប់គ្រងតំបន់ទាំងនេះ។ តំបន់ដទៃទៀតក៏យើងត្រូវធ្វើដូចគ្នា ដូចជាសំបូរព្រៃគុក ប្រាសាទព្រះវិហារ។ ប្រាសាទព្រះវិហារយើងប្តូរភូមិមួយនោះ គេហៅភូមិគោមួយ ដើម្បីទៅរស់នៅកន្លែងផ្សេង ព្រោះភូមិនោះនៅពីលើបារាយណ៍តែម្តង។ ដូច្នេះត្រូវតែយកភូមិហ្នឹងដើម្បីចាកចេញទៅនៅកន្លែងភូមិផ្សេង។ បើមិនអញ្ចឹងទេ ព្រះវិហារ ដែលយើងប្រឹងដាក់ទៅជាបេតិកភ័ណ្ឌពិភពលោកនឹងបាត់លក្ខណៈសម្បត្តិជាបេតិកភ័ណ្ឌពិភពលោក ហើយពេលនោះយើងក៏បាត់បង់នូវលក្ខណៈសម្បត្តិសម្រាប់ការជួយជ្រោមជ្រែងពីសំណាក់មិត្តភក្តិអន្តរជាតិជាដៃគូអភិវឌ្ឍ ដែលចូលរួមរក្សាប្រាង្គប្រាសាទដូនតាដែលទុកច្រើនរយឆ្នាំ រហូតដល់ពាន់ឆ្នាំមកហើយ។ នេះជាសភាពការណ៍តម្រូវចាំបាច់។ យើងមិនចាំបាច់ជម្រ្លៀសប្រជាជនទេ ប្រសិនបើគ្មានប្រាង្គប្រាសាទនៅទីនេះ។ ប៉ុន្តែ ដោយសារតែមានប្រាង្គប្រាសាទនៅទីនេះហើយ បានជាអង្វរកបងប្អូនអោយមករស់នៅតំបន់ថ្មី ហើយតំបន់ថ្មីនេះ យើងមិនមែនគ្រាន់តែចាប់ផ្តើម ចេះតែនាំគ្នាយកមកដាក់ទេ។ ខ្ញុំត្រូវតែគោរពនូវអ្វីដែលខ្ញុំបានដាក់ ហើយបន្តិចទៀតខ្ញុំនឹងបញ្ជាក់ឱ្យបងប្អូនចេះទាមទារថាអ្វីទៅជាលក្ខខណ្ឌត្រូវមកដល់ទីនេះ

ដោយសារតែឯកឧត្តម ជា សុផារ៉ា បានធ្វើរបាយការណ៍រួចហើយអំពីវឌ្ឍនភាពទាំងឡាយ រាប់ទាំងវត្ត។ ពីដើមវត្តអត់បានទេ។​ ខ្ញុំសូមអរគុណឯកឧត្តម ជា សុផារ៉ា ដោយយើងបានអនុញ្ញាតឱ្យមានការសាងសង់នូវវត្តទីអារាមមួយសម្រាប់ប្រជាពលរដ្ឋធ្វើបុណ្យ ធ្វើទាន នៅក្នុងតំបន់រុនតាឯកនេះ។ អញ្ចឹង ឯកឧត្តម ជា សុផារ៉ា ក៏បានចលនាសប្បុរសជនកសាងវត្ត ក្នុងនោះ ឯកឧត្តម ជា សុផារ៉ា ផ្ទាល់គឺចូល ១០ ម៉ឺនដុល្លារ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ចូល ២០ ម៉ឺនដុល្លារ អ្នកឧកញ៉ា ឃុន សៀ ចូល ៣០ ម៉ឺនដុល្លារ ក្រុមហ៊ុន ជីប ម៉ុង ចូល ២០ ម៉ឺនដុល្លារ លោកឧកញ៉ា ថៃ ជាហួត ចូល ១០ ម៉ឺនដុល្លារ, និងលោកឧកញ៉ា ឡាយ ប៊ុនប៉ាក ១០ ម៉ឺនដុល្លារ។ និយាយពីការសាងសង់ព្រះវិហារមួយត្រូវអស់ថវិកា ៥០ ម៉ឺនដុល្លារ។ ដូច្នេះមិនមែនជាព្រះវិហារតូចទេ ព្រះវិហារ(ធំ)គ្រាន់បើ។ សាលាឧបដ្ឋានសាលាចំនួន ៣០ ម៉ឺនដុល្លារ, កុដិ ១០ ម៉ឺន(ដុល្លារ) ខ្លោងទ្វារវត្ត ៥ ម៉ឺន (ដុល្លារ), របងវត្ត ៥ម៉ឺន(ដុល្លារ) ហើយនៅសល់ប៉ុន្មានទៀតទុកអោយអ្នកទាំងឡាយ … នាំគ្នា(ចូលរួម)ធ្វើមួយប្លង់ៗ។ អ្នកនេះធ្វើ ៣ ប្លង់, អ្នកនោះធ្វើ ៤ ប្លង់។ ប៉ុន្មានម៉ែត្រចែកគ្នាធ្វើទៅ ដើម្បីចែកមគ្គផលជាមួយអ្នករុនតាឯក។ ឥឡូវខ្ញុំសុំចាប់មគ្គផលនៅក្នុងហ្នឹង សម្រាប់របងវត្តចំណាយប៉ុន្មានគិតមើលអោយហើយ … ប្រហែល ១៥ ម៉ឺនដុល្លារ។ ឥឡូវអញ្ចេះដោយសារមាន ៥ ម៉ឺនដុល្លារ ហើយ ខ្ញុំសុំចូល ១០ ម៉ឺនដុល្លារដែរ ចាប់មគ្គផល ភ្ជាប់និស្ស័យជាមួយអ្នករុនតាឯក។ បើសិនជាថ្ងៃក្រោយទៅ អ្នកណាត្រូវធ្វើកុដិលោកថែមទៀត(ក៏បាន) ព្រោះកុដិចៅអធិការមួយមិនគ្រប់ទេ … មានលោកធំផងមានលោកនេនផង ចៅអធិការ គ្រូសូត្រ។ ប៉ុន្តែ ឥឡូវលើកលែងហេដ្ឋារចនាសម្ព័ន្ធចាំបាច់គឺយើងទទួលបាន។ អញ្ចឹងចុះឈ្មោះខ្ញុំ ១០ ម៉ឺនដុល្លារ សម្រាប់ការសាងសង់របង កុំអោយគេទន្ទ្រានយកដីវត្ត។

… សុំបន្ថែមបន្តិច ខាង EDC គេបានកសាងហើយ។ តម្លៃសម្រាប់ការសាងសង់ខាង​អគ្គសនីនេះ ប្រើថវិកាប្រមាណ ៦ លានដុល្លារអាមេរិក។ ប៉ុន្តែ ដើម្បីសម្រាលដល់ថវិកាជាតិ ខាងក្រុមហ៊ុនអគ្គិសនី គឺមិនទាមទារប្រាក់ពីរាជរដ្ឋាភិបាលទេ។ ក្រុមហ៊ុនអគ្គិសនីជួយចេញ(ប្រាក់នេះ)ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធទាញខ្សែភ្លើងចូលមកក្នុងតំបន់នេះ។ សូមបញ្ជាក់ដែរថា ក្រុមហ៊ុនអគ្គិសនីនឹងមានទីស្នាក់ការនៅក្នុងតំបន់នេះតែម្ដង​ ដែល ប្រគល់ដីអោយកន្លះហិកតាដើម្បីប្រតិបត្តិការនៅក្នុងទីនេះ។ អម្បាញ់មិញឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ដោយបានបញ្ជាក់ដើម្បីសម្រួលដល់បងប្អូនប្រជាពលរដ្ឋនៅតំបន់ រុនតាឯក និងតំបន់ ពាក់ស្នែង អគ្គីសនីកម្ពុជានឹងមិនយកថ្លៃភ្ជាប់ចរន្តទោះជាសម្រាប់អ្នកប្រើកម្លាំងតូចត្រឹម ៥ អំពែ ឬអ្នកប្រើប្រាស់ធំដល់ ១០០អំពែ គឺប្រជាជនយើងអាចចំណេញបានពី ៣១ ០០០រៀល រហូតដល់ ៣ ៣០០ ០០០រៀល

អញ្ចឹងទេការតចរន្តចូលក្នុងផ្ទះដែរឬជួយពន្យល់ខ្ញុំបន្តិចមើល … ការតចរន្តចូលក្នុងផ្ទះជូនមិនគិតលុយ។ អញ្ចឹងបងប្អូននៅ រុនតាឯក ទាំងអ្នកមុននិងអ្នកក្រោយអបអរសាទរទៅ គឺកន្លែងដទៃតភ្លើងចូលផ្ទះយើងត្រូវតែចេញថ្លៃ ប៉ុន្តែឥឡូវគេតភ្លើងចូលក្នុងផ្ទះយើងគឺគេអត់យកថ្លៃទេ គឺជាការជួយ អ្នកប្រើតិចក៏បានអ្នកប្រើធំក៏បាន តែនៅទីនេះគឺថាមានពី ៥អំពែរហូតទៅដល់ ១០០អំពែ។ ហ្នឹងគឺធ្វើអោយប្រជាពលរដ្ឋបានធូរស្រាលក្នុងការចំណាយមួយផ្នែកថែមទៀតផង។ អរគុណឯកឧត្តម កែវ រតនៈ។ បញ្ជាក់ឡើងវិញ(សូមកុំច្រឡំ) ខ្សែភ្លើងក្នុងផ្ទះចេញលុយខ្លួនឯង។ ត្រឹមរបងផ្ទះភ្ជាប់អោយមិនយកលុយ។ ខ្សែពីត្រឹមរបងចូលដល់ក្នុងផ្ទះ ចេញលុយខ្លួនឯង។ កុំអោយគេចូលបន្ទប់យើង។ យើងចេញខ្លួនឯងទៅ។ បើថាត្រូវការជាងអគ្គិសនីអី រកជាងអគ្គិសនីទៅដាក់ខ្សែតាមណាអីតាមណា។ ឯណាបន្ទប់យើងដេក ឯណាបន្ទប់កូនក្រមុំ អោយពួកជាងភ្លើងទៅចូលមើលបន្ទប់កូនក្រមុំម៉េច។ យើងបញ្ជាក់គ្នាអោយច្បាស់។ តចរន្តចូលទៅដល់របបផ្ទះរបស់(ប្រជាពលរដ្ឋ)គឺអត់មានយកប្រាក់ទេ ដែលកន្លែងដទៃគេយកប្រាក់។ ប៉ុន្តែចាប់ពីកន្លែង(របង)ហ្នឹងចូលក្នុងផ្ទះយើង ទាំងខែ្សភ្លើង អំពូលភ្លើង ចេញលុយខ្លួនឯង ដាក់តិច/ច្រើនសន្សំសំចៃភ្លើង។

(៣) គោលនយោបាយ ៩ សំរាប់អ្នកផ្លាស់ទីលំនៅពីតំបន់អង្គរមក រុនតាឯក និងពាក់ស្នែង

ឥឡូវខ្ញុំគួរតែបញ្ជាក់បន្ថែម ទៅលើបញ្ហារឿងទាក់ទងនឹងក្រមខណ្ឌគោលនយោបាយនៅទីនេះ។ បញ្ហាមិនអាចដោះស្រាយម្ដងចប់ទេ។ ពេលដែលយើងអនុវត្តទើបយើងដឹងថារឿងអីបានកើតឡើង ហើយតើយើង(ត្រូវ)ដោះស្រាយវារបៀបម៉េច។ ខ្ញុំគួរតែបញ្ជាក់នៅទីនេះ រឿងវាដដែលទេ ប៉ុន្តែមានថែម ហើយបងប្អូនទាំងនេះក៏មិនធ្លាប់ជួបផ្ទាល់ឬអាចធ្លាប់ស្ដាប់តាមវិទ្យុ មើលតាមទូរទស្សន៍ ប៉ុន្តែមិនទាន់ជួបផ្ទាល់។ យើងក៏ត្រូវមានការបំពេញបន្ថែមអំពីបញ្ហានឹងដែរ។ បងប្អូនចាប់ឆ្នោត បើនិយាយទៅខាងពាក់ស្នែង ឥឡូវនេះគឺមានរហូតទៅដល់ ៣ ២០០ គ្រួសារ ប៉ុន្តែ រុនតាឯក រហូតមកដល់ពេលនេះគឺមាន ៦ ៤៦៩ គ្រួសារហើយ។ ដូច្នេះមិនមានដីបន្ថែមទៀតទេ ហើយដីដែលនៅសល់ ២០០ឡូ គឺរក្សាទុកបម្រុងសម្រាប់បងប្អូននៅទីនេះ។ យើងបន្តការចាប់ឆ្នោតតទៅទៀត ប៉ុន្តែទិសដៅរបស់យើងតម្រង់ឆ្ពោះទៅពាក់ស្នែង មិនមែនមក រុនតាឯក ទេ។ ហ្នឹងគឺជាគោលការណ៍ជាបន្ត។ ខាង រុនតាឯក យើងរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅទីនោះ ដែលខ្ញុំបានធ្វើការសម្រេចប្រគល់អោយ​លោក ខេង សុមេធ ដើម្បីនឹងធ្វើនៅទីនោះមួយចំនួនហើយ។ ចាំស្អែកចាំខ្ញុំនិយាយជាមួយនឹងបងប្អូននៅពាក់ស្នែង ដែលមានហេដ្ឋារចនាសម្ព័ន្ធមិនខុសគ្នានៅ រុនតាឯក ទេ ខ្វះតែវត្តមិនទាន់បានធ្វើ។ វត្តត្រូវតែធ្វើ ប៉ុន្តែយើងចាំចលនាគ្នាដើម្បីធ្វើវត្តនៅពាក់ស្នែង តែម្ដង។ ឥឡូវរត់មាត់នៅរុនតាឯក ស្អែកត្រូវរត់មាត់នៅពាក់ស្នែង។ ខ្ញុំសុំបញ្ជាក់វិធានការដែលត្រូវដោះស្រាយ ហើយបញ្ជាក់អោយបងប្អូនបានដឹងអោយច្បាស់៖

ចំណុចទី១៖ ការដឹកជញ្ជូនបងប្អូនមកកាន់ទីនេះ ជាបន្ទុករបស់យោធភូមិភាគ៤ និងកងពលធំលេខ២ ដើម្បីជួយដឹកជញ្ជូន ឯការរៀបចំដីសម្រាប់កសាងលំនៅស្ថាន ជាបន្ទុករបស់កងវិស្វកម្មតេជោ សៀមរាប។ ខ្ញុំសូមបញ្ជាក់នៅកន្លែងនេះបន្តិច។ ពីរហ្នឹងត្រូវមានទំនាក់ទំនងគ្នា។ បើដីធ្វើមិនទាន់រួចទេបងប្អូនកុំអាលចេញ ព្រោះមិនអាចដឹកបងប្អូនយកមកចាក់ចោលកន្លែងនេះទេ។ ខ្ញុំបានបញ្ជាក់រឿងនេះហើយ។ បងប្អូនត្រូវចេះទាមទារ។ មុនពេលចេញមកត្រូវមកពិនិត្យមើលដី ព្រោះកន្លែងខ្លះដីរបស់យើងមានគល់ឈើ គន្លុក ហើយបើមិនទាន់ធ្វើ(ស្អាត)អញ្ចឹងផងយើងមកនៅយ៉ាងម៉េច។ អញ្ចឹងពីរហ្នឹងត្រូវផ្សារភ្ជាប់គ្នា។ ខេង សុមេធ ត្រូវទទួលបន្ទុករៀបចំដីអោយរួច។ កាលណារៀបចំដីរួចហើយគឺចាំបញ្ជាការយោធភូមិភាគ ៤ និងកងពលធំលេខ ២ ដឹកជញ្ជូន។ នេះ​ជាលក្ខខណ្ឌផ្សារភ្ជាប់គ្នា។ ម្ខាងធ្វើដីអោយហើយ ចាំដឹក។ បើអត់មានអ្នកណាដឹកកុំចេញ កុំមក។ ស្ដាប់អោយបានកន្លែងនេះ។

កុំបន្ទោសប្រជាជនថាមិនព្រមទៅ។ ព្រមទៅយ៉ាងម៉េចបើលោកឯងមិនមកដឹកខ្ញុំ។ រួចហើយទៅដឹកអត់ព្រមទៅទេ មូលហេតុអី(បានមិនព្រមទៅ) មូលហេតុដីធ្វើមិនទាន់រួចផង។ អញ្ចឹងខ្ញុំអត់ទៅទេ។ ពីរហ្នឹងត្រូវតែភ្ជាប់គ្នា។ ខ្ញុំបញ្ជាក់ឡើងវិញ។ ដូច្នេះ ខេង សុមេធ ទទួលរឿងដី ដីណារួចហើយប្រាប់ទៅម្ចាស់អ្នកដែល(មាន)ប្លង់ដីរបស់ខ្លួន ហើយទាក់ទងខាងផ្នែកដឹកជញ្ជូនចូលមក។ បងប្អូនយើងនៅទីនេះបានដឹងហើយ លក្ខខណ្ឌតភ្ជាប់។ ខ្ញុំមិនយល់ព្រមជាមួយនឹងការដឹកប្រជាជនយកមកចាក់ចោលនៅក្នុងទីធ្លាមួយដែលអត់ទាន់កាប់ព្រៃ អត់ទាន់សំអាតអត់ទាន់ចាក់ដីបំពេញអោយបានត្រឹមត្រូវ នៅ ថ្លុក ត្រពាំង នៅឡើយគឺមិនបានទេ ហើយក៏ប្រើប្រាស់កម្លាំងកងទ័ពដើម្បីដឹកគឺជាការធានាមួយសម្រាប់បងប្អូននៅទីនេះ។

ទី២៖ គឺជំនួយឧបត្ថមស្មើៗគ្នាទាំងមុននិងក្រោយគឺដូចៗគ្នានៅទីនេះ។ ខ្ញុំនឹងបញ្ជាក់ជូននៅតាមក្រោយទៀត អំពីអ្វីដែលបានទទួលគឺជំនួយឧបត្ថមទាំងឡាយនៅទីនេះ។ តែនឹងមានឯកសារមួយទៀតដែលខ្ញុំមិនចង់បញ្ជាក់អោយហើយឬក៏អាចថាបញ្ជាក់អោយហើយក៏បាន។ យកល្អបញ្ជាក់អោយហើយក្នុងហ្នឹងតែម្ដងទៅ។ក្នុងហ្នឹងគឺថាបានបញ្ជាក់លើកមុនហើយ គឺថាមាននំប៉័ង ២ដើម, ទឹកក្រូច ២កំប៉ុង, ទឹកសុទ្ធ២ដប សុទ្ធតែគូៗ។ ពីមុនដាក់នំប៉័ងតែមួយដើម។ អញ្ចឹងនំប៉័ងមួយដើមវាបែកបាក់ ហើយក៏មិនដាក់ ៣(ដើមដែរ)ក្រែងលោស្នេហាត្រីកោណ។ អញ្ចឹងដាក់មួយគូៗ ស្អីក៏មួយគូ។ ពិសាពីហ្នឹងទៅឬក៏ទុកអោយកូនក៏ទុកទៅ។

ប៉ុន្តែអ្វីដែលផ្ដល់ជូនសម្រាប់បងប្អូនមាន មីមួយកេះធំដែលមាន ៦ កេះតូច, ត្រីខមួយកេះធំមាន ១០០ កំប៉ុង, អង្ករមួយប៉ាវទំងន់ ៥០ គីឡូក្រាម, ស័ង្កសីចំនួន ៣០ សន្លឹក, តង់ទំហំ ៤គុណ៦ ចំនួន ១, ថវិកា ១លាន ៤សែនរៀល ឃីដមួយកញ្ចប់ដែលមានមុង១ ភួយ១ ខ្នើយ១ កន្ទេល១ សារុង១ និងក្រមា១ នឹងគឺជាការឧបត្ថមពេលដែលមកជួបគ្នានេះ ហើយពេលដែលមកជួបគ្នានេះក្នុងហ្នឹងពេលដែលថា ២០ម៉ឺនរៀល ប៉ុន្តែថែម ១លានសម្រាប់ជួយបដិភាគក្នុងការសាងសង់ផ្ទះ បូកជាមួយ ២០ម៉ឺន កសាងបង្គន់ អញ្ចឹងបានឡើងដល់១លាន ៤ សែនរៀលក្នុងម្នាក់។  តែហ្នឹងគឺជាការរួមចំណែកតូចតាចមួយ។ វាតូចតាចសម្រាប់បងប្អូនមួយគ្រួសារ តែវាធំសម្រាប់រដ្ឋផងដែរ ប៉ុន្តែយើងត្រូវតែមានការទទួលខុសត្រូវលើរឿងនេះ។

ចំណុចដែលសំខាន់គឺបងប្អូនដែលយល់ព្រមចាកចេញពីរមណីយដ្ឋានអង្គរមករស់នៅតំបន់ រុនតាឯក និង ពាក់ស្នែង នឹងត្រូវទទួលបានប័ណ្ណក្រីក្រប្រភេទ១ ទាំងអស់គ្នា និងប័ណ្ណស្រ្តីមានផ្ទៃពោះក្នុងក្របខណ្ឌទីប្រជុំជន។ ចំណុចនេះ … នៅក្នុងរបាយការណ៍របស់ ឯកឧត្តម ជា សុផារ៉ា។ ឥឡូវ ខ្ញុំចង់សួរបងប្អូននៅក្នុងនេះ តើអ្នកមានប័ណ្ណក្រីក្ររួចមកហើយមានប៉ុន្មាន? ប័ណ្ណក្រីក្រ បានសេចក្តីថា ក្នុង(រយៈពេល)ប៉ុន្មានថ្ងៃនេះគេធ្វើឱ្យ? ឥឡូវអ្នកដែលធ្វើរួចហើយលើកដៃឱ្យអស់ទៅមើល? ដាក់ដៃចុះ។ ឥឡូវ ខ្ញុំចង់សួរថា មុនពេលដែលបងប្អូនចាប់ឆ្នោត តើអ្នកដែលមានប័ណ្ណក្រីក្រមានប៉ុន្មាននាក់? អ្នកទាំងអស់គ្នាលើកដៃនេះដោយសារតែបានចាប់ឆ្នោត(រួច)ហើយ គឺផ្តល់ប័ណ្ណក្រីក្រជូន។ ប៉ុន្តែខ្ញុំចង់ដឹងថា មុនពេលដែលបងប្អូនចាប់ឆ្នោតនោះ តើមានប៉ុន្មាននាក់ដែលមាន(ប័ណ្ណក្រីក្រ)? គឺមានតិចតួចណាស់ ហើយតិចតួចនោះទៀត(សោត) អ្នកខ្លះមានប័ណ្ណក្រីក្រប្រភេទ ២។ គេហៅថា ក្រីក្រ(ប្រភេទ) ១, ក្រីក្រ(ប្រភេទ) ២ (ដែលចំនួន)ទឹកលុយវាខុសគ្នា។ (ប័ណ្ណ)ក្រីក្រ(ប្រភេទ) ១ បាន(លុយ)ច្រើនជាង បណ្ណក្រីក្រ(ប្រភេទ) ២។ អាហ្នឹងមួយផ្នែកទៅ។

ផ្នែកទី ២ នៅក្នុងប័ណ្ណក្រីនេះវាមានទីប្រជុំជននិងជនបទ (ដែល)ចំនួនទឹកលុយវាខុសគ្នា។ អញ្ចឹង ខ្ញុំសូមបញ្ជាក់ថា ដោយសារតែរឿងទឹកលុយខុសគ្នានោះហើយ ខ្ញុំត្រូវចុះហត្ថលេខានៅម៉ោង​ ១២ យប់ ចំណាដោយប៊ិចក្រហមតែម្តង។ ខ្ញុំបានឃើញនៅក្នុងហ្វេសប៊ុកមួយបញ្ជាក់ថា តើបងប្អូនទទួលបានប្រាក់ដូចខ្ញុំទេ ខ្ញុំបាន ទទួលប៉ុណ្ណឹង។ អញ្ចឹងទេ ខ្ញុំក៏បានសួរភ្លាមទៅ វង សូត។ វង សូត ក៏បានថាសុំពេលវេលាបន្តិច ដើម្បីបញ្ជូន(កិច្ចការហ្នឹង)មក។ (ឯកសារបានមកដល់នៅ)ប្រហែលជាក្រោយម៉ោង ១១ (យប់)បន្តិច បានជាខ្ញុំស៊ីញ៉េម៉ោង ១២ (យប់)ជាង រួចរុញត្រឡប់ទៅវិញឱ្យ វង សូត/ជា សុផារ៉ា និងបង ឆាយ ថន។ ពួកហ្នឹងភ្លឺហើយបានចាប់ផ្តើមមើលឡើងវិញ។ ឯខ្ញុំត្រូវធ្វើ(ការ)ក្រោយម៉ោង ១២ យប់។

ខ្ញុំបញ្ជូលនៅក្នុង E-book របស់ខ្ញុំ (ដោយបាន)បញ្ជាក់(ថា) អ្នកស្ម័គ្រចិត្តមករស់នៅតំបន់រុនតាឯក/ពាក់ស្នែង ត្រូវ៖ (១) ទទួលប័ណ្ណក្រីក្រ(ប្រភេទ) ១ ដូចគ្នាទាំងអស់។ (២) យកអត្រាឧបត្ថម្ភនៅក្នុងទីប្រជុំជនទាំងអស់ដូចៗគ្នា។ សូមប្រញាប់បើកផ្ដល់ដោយប្ដូរពីអត្រាទីជនបទមកអត្រាទីប្រជុំជនវិញ ខ្ញុំចុះហត្ថលេខាថ្ងៃទី ៨ តុលា ២០២២ ដល់ថ្ងៃទី ៩ (តុលា ២០២២) ឃើញបងប្អូនធ្វើសម្ភាសន៍ថា ខ្ញុំបើកបានប៉ុណ្ណឹង។ ឥឡូវ នៅម៉ោង ២:៣០ (រសៀល) ខ្ញុំនឹងទៅបើកប៉ុណ្ណេះបានទៀត។ ​គ្រួសារមួយនោះ មិនដឹងថាកូនប៉ុន្មានទេ (ឃើញបើក)បានជាង ៤០ ម៉ឺនរៀលដែរ។ អញ្ចឹងទេ វាស៊ីសងអញ្ចេះ អ្នកណាមានកូន/សមាជិកគ្រួសារច្រើន អ្នកនោះបានលុយច្រើន អ្នកមានកូន/សមាជិកគ្រួសារតិច ក៏បាន(លុយ)តិចដែរ ព្រោះគេរៀបចំបែបបទអ្នកនៅទីក្រុង/រាជធានីផ្សេងទៅ អ្នកនៅទីក្រុង/ទីប្រជុំជនផ្សេង អ្នកនៅជនបទផ្សេង។ ទឹកលុយវាខុសគ្នា។

ប័ណ្ណសមធម៌ ១ ទីប្រជុំជនបាន ១២ ម៉ឺនរៀល។​ ជនបទបាន ៨ ម៉ឺនរៀល។ សមាជិកក្នុងគ្រួសារម្នាក់ ទីប្រជុំជនបាន ៤ ម៉ឺនរៀល។ ជនបទបាន ២ ៤០០០ ​រៀល។ កុមារអាយុក្រោម ៥ ឆ្នាំ បាន ៤ ម៉ឺនរៀល/ម្នាក់ សម្រាប់ទីប្រជុំជន និងជនបទបាន ២​ ៤០០០ រៀល។ ជនពិការភាពម្នាក់បាន ៤ ម៉ឺនរៀល (សម្រាប់ទីប្រជុំជន) និងជនបទបាន ២ ៤០០០ រៀល។ សម្រាប់មនុស្សចាស់(អាយុ)ចាប់ពី ៦០ ឆ្នាំឡើង ក្នុងម្នាក់បាន ៤ ម៉ឺនរៀល សម្រាប់ទីប្រជុំជន និងជនបទបាន ២ ៤០០០ រៀល។ គ្រួសារអ្នកមានផ្ទុកមេរោគអេដស៍ សម្រាប់ទីប្រជុំជនបាន ៤ ម៉ឺនរៀល/ម្នាក់ និងជនបទបាន ២ ៤០០០ រៀល។ អញ្ចឹង វាមានការខុសគ្នា ប៉ុន្តែ បងប្អូនទាំងនេះឥឡូវកំពុងស្ថិតនៅក្នុងក្របខណ្ឌជាជនបទទេ។ តែដើម្បីសម្រួលឱ្យបងប្អូន ខ្ញុំសម្រេចឱ្យបងប្អូនទទួលបានគ្រប់គ្នាជាអ្នក(ស្ថិតនៅ)ទីប្រជុំជន គឺបានលុយច្រើន។

ខ្ញុំគិតថា វាមិនធ្វើឱ្យ(រាជ)រដ្ឋាភិបាលដួលរលំដោយសារតែបង្កើន ចំនួនទឹកប្រាក់នោះទេ។ ខ្ញុំសូមបញ្ជាក់ទាក់ទងជាមួយនឹងប័ណ្ណក្រីក្រ។ ខ្ញុំសូមបញ្ជាក់ ប័ណ្ណក្រីក្រចាប់ខែកញ្ញា បើកលុយខែតុលា ចាប់ខែតុលា គឺបងប្អូនត្រូវបើកលុយខែវិច្ឆិកា។ ចាប់ខែវិច្ឆិកា គឺត្រូវបើកលុយខែ ធ្នូ។ អញ្ចឹង បងប្អូននៅទីនេះមួយចំនួនអាចបើកប្រាក់ខែតុលា ប៉ុន្តែមួយចំនួន ទើបនឹងចាប់ខែតុលា ត្រូវបើកប្រាក់នៅខែ វិច្ឆិកា ប៉ុន្តែ ជាធម្មតាថ្ងៃទី ២៥ (រៀងរាល់ខែ) គឺបើកលុយ។ នេះជាការធានាមួយ សម្រាប់បងប្អូននូវការទទួលបានអត្ថប្រយោជន៍ ដែលផ្តល់ដោយរាជរដ្ឋាភិបាល សម្រាប់ការតាំងទីលំនៅថ្មីរបស់បងប្អូន បើទោះបីពេលហ្នឹងខ្វះប្រាក់ចំណូល ក៏ប៉ុន្តែ យើងត្រូវតែទទួលខុសត្រូវទៅលើបញ្ហាហ្នឹង

ថ្ងៃនេះ ខ្ញុំឃើញមានអ៊ំៗពិការប៉ុន្មាននាក់ ដែលអញ្ជើញចូលរួម។ ឃើញខាងមុខនេះមានអ្នកពិការម្នាក់ គឺសុំបន្ថែមជូនថ្ងៃហ្នឹងម្នាក់ ១ លានរៀល។​ ខ្ញុំគិតថា អ្នកមានដៃជើងល្អមិនពិការមិនច្រណែនទេ។ គាត់ពិការអញ្ចឹងយើងត្រូវផ្តល់នូវការបន្ថែម(សម្រាប់ជួយសម្រាលជីវភាព)។ អ្នករៀបចំ(កម្មវិធី)ឱ្យយល់។ ដូចយើងទៅចែកសញ្ញាបត្រជូននិស្សិតអញ្ចឹង​ យើងតែងតែផ្តល់ ១ លានរៀលបន្ថែម (សម្រាប់អ្នកពិការ)។ ប័ណ្ណក្រីក្រនេះ គឺជាការធានាមួយសម្រាប់បងប្អូនដើម្បីទទួលបានផលប្រយោជន៍។ ខ្ញុំប្រើពាក្យថា រយៈពេល ១០ ឆ្នាំ នៃការផ្ដល់ឱ្យបងប្អូន ហើយរយៈពេល ១០ ឆ្នាំនេះ បើទោះបីបងប្អូនឡើងផុតពីកម្រិតនៃភាពក្រីក្រក៏ដោយ ក៏ប៉ុន្តែ (រាជ)រដ្ឋាភិបាលនៅតែទទួល(អនុវត្តកាតព្វកិច្ចនេះ)។ សួរថាម៉េចក៏ហ៊ានធានាទៅហួសពីអា​ណត្តិ? អត់ទេ ការសន្យារបស់(រាជ)រដ្ឋាភិបាលមុន (រាជ)រដ្ឋាភិបាលក្រោយត្រូវធ្វើ​។ បើទោះបីជាខ្ញុំបន្តឬអ្នកដទៃទៀតបន្តក៏ដោយចុះ ត្រូវតែបន្ត(អនុវត្ត) បើអ្នកឯងមិនបន្ត(អនុវត្ត)ទេ អ្នកឯងនឹងទទួលនូវការប្រឆាំងរបស់បងប្អូននៅតំបន់រុនតាឯក/ពាក់ស្នែង

ខ្ញុំគិតថា នេះជាការផ្តល់មួយសម្រាប់បងប្អូនដែលស្ម័គ្រចិត្តចេញពីតំបន់រមណីយដ្ឋានអង្គរមកស្នាក់នៅទីនេះ ដែលក្រោយនេះបងប្អូនខ្លះគិតថានឹងផ្តល់ឱ្យទៅជាដីសង្គមកិច្ច។ តែខ្ញុំមិនយល់ដូច្នោះទេ។ ខ្ញុំគិតថា បន្ទាប់ពីហ្នឹងទៅ (៣) ត្រូវចេញប័ណ្ណកម្មសិទ្ធិឱ្យតែម្តង ព្រោះបងប្អូនត្រូវការយកទៅដាក់នៅធនាគារដើម្បីខ្ចីប្រាក់គេ។ បើដីសម្បទានសង្គមកិច្ច អាហ្នឹងបងប្អូនអត់អាចទៅខ្ចីប្រាក់ពីធនាគារបានទេ។ យើងអត់ទាន់ចេញប្លង់ឱ្យ។ អាហ្នឹងខ្ញុំបញ្ជាក់បន្ថែមថ្ងៃហ្នឹង គឺ(នៅ)ពេលដែលបងប្អូនមកនៅទីនេះ។ ឥឡូវ ត្រឹមតែផ្គត់ផ្គង់សម្រាប់ប្រាក់សង្គមទេ ប៉ុន្តែសម្រាប់ការចេញប័ណ្ណកម្មសិទ្ធិ (គឺត្រូវ)ឱ្យបងប្អូនមកនៅសិន បានចេញប័ណ្ណកម្មសិទ្ធិ(ឱ្យ)។ រៀបចំការចុះបញ្ជីដីធ្លី(លក្ខណ)ជាប្រព័ន្ធ ដើម្បីបង្កើតឱ្យទៅជាភូមិមូលដ្ឋានរឹងមាំ។ ខ្ញុំបានអំពាវនាវទៅធនាគារ/មីក្រូហិរញ្ញវត្ថុឱ្យផ្តល់ការយោគយល់ ចំពោះប្រពាជនដែលរស់នៅកន្លែងនេះ ប៉ុន្តែ​ បើយើងអត់យកអីទៅដាក់ឱ្យគេធ្វើម៉េចគេឱ្យខ្ចីលុយ? ខ្ញុំសំណូមពរកុំឱ្យថា​ ចេញពីនោះមកនៅកន្លែងនេះ ឱ្យដីហើយលក់ទៅបាត់ ទៅនៅកន្លែងនោះវិញទៀត។ អត់ទេ។ អាហ្នឹងឱ្យតែម្តង។ សុំបញ្ជាក់ជូន។ (ពេលផ្ដិត)មេដៃបញ្ជាក់ទៀត កុំឱ្យកន្លែងនេះដូរឈ្មោះផ្សេង។ ឈ្មោះអាចដូរបាន ប៉ុន្តែមេដៃមិនអាចដូរបានទេ។ ត្រូវមាន System របស់វា ដូចជា ដែលខ្ញុំទៅដូរឈ្មោះនៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតពីម្សិលមិញអញ្ចឹង។ ទៅបោះឆ្នោតពីរ(ឬ)បីកន្លែងអត់បានទេ។ សង្ឃឹមថា បងប្អូនរក្សាទុកដីនេះដែលជាកេរ្តិ៍អាកររដ្ឋផ្តល់ជូនបងប្អូន

ខ្ញុំសូមអរគុណ ចំពោះការធ្វើកិច្ចការយ៉ាងលឿនរបស់ក្រសួងផែនការ រួចហើយតភ្ជាប់មកក្រសួងសង្គមកិច្ច។ បង ឆាយ ថន គាត់សួរមកខ្ញុំថា ឥឡូវនេះ គោលការណ៍មានចំនួនប៉ុណ្ណឹង ឥឡូវនៅសល់បងប្អូន តើត្រូវធ្វើម៉េច? ខ្ញុំឆ្លើយទៅទាំងយប់​ ហើយក៏ Forward ទៅឱ្យអ្នកពាក់ព័ន្ធផងដែរ។ ស្រាប់តែមានអ្នកមកពីទីក្រុងភ្នំ​ពេញបន្លំខ្លួនដេកនៅហ្នឹង រួចហើយមកសុំប័ណ្ណក្រីក្រហ្នឹងគេដែរ។ អត់ទេ ត្រូវពិនិត្យឱ្យច្បាស់។ តិចមកពីណាពីណីបន្លំខ្លួនថាអញជាអ្នករស់នៅតំបន់រម្មណីយដ្ឋានអង្គរដែរ។ មកបោះតង់មួយលេង រួចហើយទៅយកប័ណ្ណក្រីក្រមួយគ្រាន់ឯងចិញ្ចឹមមួយខែប៉ុន្មានអញ្ចឹងទៅ។ អត់ទេ។ ហ្នឹងលុយជាតិ។ ខ្ញុំបានចារថា “បងប្អូនរស់នៅក្នុងតំបន់រម្មណីយដ្ឋានអង្គរ ដែលស្ម័គ្រចិត្តមករស់នៅតំបន់រុនតាឯក/ពាក់ស្នែងគឺប្រគល់ឱ្យទាំងអស់ ហើយមានលក្ខខណ្ឌដូចគ្នាគឺប្រភេទ(ប័ណ្ណ)ក្រីក្រី ១ និងប្រភេទទីប្រជុំជន” ទទួលបានអត្ថប្រយោជន៍ខ្ពស់ជាង។

ចំណុចទី ៤ ខ្ញុំធ្លាប់បាននិយាយ(ពេល)មុនហើយ យើងក៏ត្រូវត្រៀម សម្រាប់អ្នកដែលបែកគ្រួសារ។ ខ្ញុំសូមយកឱកាសនេះបញ្ជាក់ ដូចជាតំបន់ព្រះដាក់។ តំបន់ព្រះដាក់ជាភូមិចាស់ មិនអាចបំបែកដំបូលថ្មីទេ។ អញ្ចឹង យើងក៏ត្រូវត្រៀមទុកសំរាប់ការបែកគ្រួសារ។ នៅតំបន់នេះក៏ដូចគ្នាដែរ។ យើងត្រៀមទុកប៉ុន្មានរយ (ឡូត៍ឯណោះ)។ សង្ឃឹមថា មិនការច្រើនពេកទេនៅក្នុងកន្លែងហ្នឹងនោះ។ យើងក៏ត្រូវត្រៀម សម្រាប់អ្នកដែល(រៀបការ)បំបែកគ្រួសារនៅក្នុងតំបន់រម្មណីយដ្ឋានអង្គរដែរ។ ក៏ប៉ុន្តែមិនត្រូវបានរើរុះ ដូចជានៅឃុំព្រះដាក់។ ឃុំព្រះដាក់ល្បីថានំបញ្ចុកឆ្ងាញ់។ គិតទៅសាកអ្ហី? ខ្ញុំដូចជាឆ្លងកាត់បានតែពីរដងទេ។ ម្តងជាមួយ ទៀ បាញ់ (នៅឆ្នាំ) ១៩៨៩ ទៅបន្ទាយស្រី។ មិនឆ្លងកាត់ព្រះដាក់? ហើយរថក្រោះ T54 ទៅជាប់ផុងនៅព្រះដាក់ហ្នឹង។ ពេលហ្នឹងទៅសុទ្ធតែរថក្រោះ T54 អមដំណើរឯណោះ ព្រោះ ប៉ុល ពត ចូលវ៉ៃ។ រួចខាងណាណោះ គេថា គេកាន់កាប់ប្រាសាទបន្ទាយស្រីហើយ។ ខ្ញុំទៅបន្ទាយស្រីបណ្ដោយ។ កាលជំនាន់ហ្នឹង ជិះសុទ្ធតែរថក្រោះ រថពាសដែកក៏មានដែរ ព្រោះសង្រ្គាម។ ប៉ុន្តែឥឡូវមានសន្ដិភាពអស់ហើយ។ លើកទី ២ ដូចជានៅឆ្នាំ ១៩៩២ ជូន Gareth Evans ទៅមើលប្រាសាទបន្ទាយស្រី។ ខ្ញុំឆ្លងកាត់បានតែ ២ ដងហ្នឹងទេ ហើយកាលហ្នឹង​ មិនមានផ្លូវកៅស៊ូទេ នៅជាផ្លូវដីខ្សាច់ ម្ដុំព្រះដាក់ហ្នឹងមានខ្សាច់។

ចំណុចទី ៥ គឺបានបញ្ជាក់ហើយ ហេដ្ឋារចនាសម្ព័ន្ធ ដែលបាននិងកំពុងធ្វើនៅកន្លែងនេះ។ ក្នុងហ្នឹង ហេដ្ឋារចនាសម្ព័ន្ធកំពុងសាងសង់ ហើយឥឡូវនេះ អ្នកដែលចូលរួម(ផ្ដល់ថវិកាជួយសាងសងផ្សេងៗ) (មាន)អ្នកកំពុងបានមើល(ការផ្សាយ)បន្តផ្ទាល់ (ចូល)លុយបានច្រើនទៀត។ មានថែមទៀត។ លុយតែឱ្យ យកហើយ … កុំធ្វើសត្រូវជាមួយលុយឱ្យសោះ។ ក្រុមហ៊ុន ដែលខម(Delcom)​ ចូល ៥ ម៉ឺនដុល្លារ, ក្រុមហ៊ុន សៀន សាន ចូល ៥ ម៉ឺនដុល្លារ,​ លោកឧកញ៉ា ពៅ ឥសាន និងលោកឧកញ៉ា ពៅ សាពីន ៥ ម៉ឺនដុល្លារ, ក្រុមហ៊ុន ខ្សាច់ ស ៥ ម៉ឺនដុល្លារ។ អាហ្នឹងចូលតាមរយៈនាយឧត្តមសេនីយ ហ៊ីង ប៊ុនហៀង។ សរុបចំនួន ២០ ម៉ឺនដុល្លារ។ ក្រៅពីនោះ លោកឧកញ៉ា លី ឃុនថៃ ចូលចំនួន ៥ ម៉ឺនដុល្លារ, ឯកឧត្តម ស៊ុន ចាន់ថុល ចូល ១ ម៉ឺនដុល្លារ។ សាធុសាធុ អនុមោទនា។ ឥឡូវបាន ២៦ ម៉ឺនដុល្លារទៀត។ ហ្នឹងសម្រាប់កសាងកុដិលោកបន្ថែម។

(សូម)អភិបាលខេត្តពិភាក្សាជាមួយក្រសួងធម្មការនិងសាសនា ដើម្បីជ្រើសរើសព្រះសង្ឃ ព្រះអង្គណាមកធ្វើចៅ​អធិការវត្ត(នៅរុនតាឯកនេះ)។ ព្រះអង្គណាមកធ្វើគ្រូសូត្រឆ្វេង ព្រះអង្គណាមកធ្វើគ្រូសូត្រស្ដាំ ហើយនិមន្តលោកប៉ុន្មានអង្គមកគង់ដំបូង ចាប់ផ្ដើម(វត្តថ្មីនៅរុនតាឯកនេះ)។ ត្រូវមានទីអារាមសម្រាប់ធ្វើបុណ្យធ្វើទាន។ តើគួរធ្វើបច្ឆានៅហ្នឹងអត់? កុំអាល ចាំក្រោយចុះ។ ធ្វើបច្ឆាដូចបន់ឱ្យមនុស្សងាប់ ព្រោះគេថាអញ្ចឹង។ (កាលពី)​ឆ្នាំទៅ ពេលកូវីដ-១៩ កំពុងវាយប្រហារខ្លាំង តែប៉ុន្មានថ្ងៃ ស្លាប់ ៣០០៦ នាក់។ ខ្ញុំបញ្ជាឱ្យធ្វើក្ដារមឈូស ឱ្យធ្វើបច្ឆាសម្រាប់បូជាសព រកដីសម្រាប់បញ្ចុះសពទៅតាមទំនៀមទំលាប់របស់បងប្អូនជនជាតិដើមភាគតិច និងឥស្លាម គេថាខ្ញុំប្រមាថជីវិតប្រជាជន។ ប៉ុន្តែបងប្អូនអើយ! បើមិនឱ្យខ្ញុំធ្វើបែបនេះ តើទុកឱ្យប្រជាពលរដ្ឋរបស់យើងស្លាប់ហើយអត់ក្ដារមឈូស? ស្លាប់ហើយអត់មានកន្លែងបញ្ចុះ? ស្លាប់ហើយអត់មានកន្លែងបូជា? ខ្ញុំធ្វើហ្នឹង ព្រោះសភាពការណ៍វាបានកើតឡើងអញ្ចឹង តម្រូវ​​ឱ្យយើងត្រូវដោះស្រាយអញ្ចឹង។ ឥឡូវសល់ក្ដារមឈូស​មិនតិចទេ សល់ច្រើន។ ដល់ធ្វើក្ដារមឈូស(បម្រុងទុក) មនុស្សអត់ងាប់ដែរ។ ឥឡូវហ្នឹង យើងអត់មានមនុស្សស្លាប់ដោយសារកូវីដ-១៩។ ម្សិលមិញនេះ ដែលប្រកាសនៅថ្ងៃនេះ កម្ពុជាអត់មាន(អ្នកឆ្លង)កូវីដ-១៩ សូម្បីម្នាក់ អត់មានឆ្លងទេ។ ពីមុននេះ យើងមាន ៥២ ថ្ងៃ ដែលអត់មាន(អ្នកឆ្លង)កូវីដ-១៩ សូម្បីម្នាក់។

យើងចាប់ផ្ដើមថ្ងៃទី ២១ គឺ សូន្យកូវីដ-១៩ ទៀត នេះជាជោគជ័យនៃការប្រយុទ្ធរួមគ្នា ក្នុងការប្រយុទ្ធ(ប្រឆាំងនឹងកូវីដ-១៩)។ អញ្ចឹងបានជាបងប្អូនមួយចំនួន ឥឡូវទំលាប់ពាក់ម៉ាស់ ពាក់ទៅ ការពារខ្លួន។ អ្នកចង់ពាក់ក៏ពាក់ អ្នកមិនចង់ពាក់ក៏មិនចង់ទៅ។ ខ្ញុំក៏អញ្ចឹង ពេលណាដែលមានការចាំបាច់ យើងពាក់ទៅ ពេលណាដែលមិនមានការចាំបាច់ ក៏មិនចាំបាច់ពាក់។ ដូចជាយើងនៅជុំគ្នាអញ្ចឹង យើងពាក់ទៅ វាប្រសើរ … ហ្នឹងចំណុចទី ៥ ទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធ រាប់ទាំង(អ្នកចូលរួមឧបត្ថម្ភថវិកា)។ ឥឡូវចាប់ផ្ដើមមានការវត្តអារាម ចំនួនទឹកប្រាក់ដែលត្រូវធ្វើវត្តនេះ ឡើងដល់ទៅ ១ លាន ៣៦ ម៉ឺនដុល្លារ អាហ្នឹងគេហៅថា សទ្ធាជ្រះថ្លា ដើម្បីចូលរួមធ្វើបុណ្យជាមួយគ្នា។

ចំណុចទី ៦ ខ្ញុំនៅតែបន្តការអំពាវនាវចំពោះមីក្រូហិរញ្ញវត្ថុ ក៏ដូចជាធនាគារ សុំផ្ដល់នូវការយោគយល់ សម្រាប់ការឱ្យខ្ចីប្រាក់របស់បងប្អូននៅទីនេះ។ បងប្អូននៅទីនេះ នឹងទទួលបានបន្ថែម ដែលខ្ញុំបញ្ជាក់អម្បាញ់មិញ ខ្លាចបងប្អូនលក់ដី។​ អញ្ចឹងត្រូវឱ្យជាដីសង្គមកិច្ចសិន។ ៥ ឆ្នាំក្រោយ បានប្រគល់កម្មសិទ្ធិ។ ខ្ញុំគិតចុះគិតឡើងថា បើដូច្នេះ អ្វីដែលយើងសំណូមពរទៅមីក្រូហិរញ្ញវត្ថុ វាអត់មានន័យ។ អញ្ចឹងយើងត្រូវប្រគល់កម្មសិទ្ធិឱ្យគាត់តែម្ដង ទើបគាត់មានលទ្ធភាពយកអាហ្នឹងទៅដាក់នៅ(ធនាគារ ឬមីក្រូហិរញ្ញវត្ថុ ដើម្បីខ្ចីលុយបាន)។ ប៉ុន្តែសូមបញ្ជាក់ មកនៅសិន កុំយក(ប្លង់ដី)ហ្នឹង រួចហើយទៅខ្ចីលុយគេ ហើយរត់ទៅបាត់ទៅ ដីនេះក៏ចោល ហើយដីនេះត្រូវខាងធនាគារមករឹបអូស។ ដីឯងសុទ្ធ។ គាត់មិនទាន់បានមកនៅផង។ លេងអញ្ចឹងគេហៅថា លេងខូចហើយ កុំលេងជាមួយ។ យើងឱ្យមានតែម្នាក់បានហើយនៅក្នុងស្រុកខ្មែរ អាក្រុមលេងខូចហ្នឹងនោះដែលត្រូវតែកំចាត់វាចោល។ កម្ចាត់ដោយមនោគមន៍វិជ្ជាទេ មិនមែនបាញ់វាចោលទេ។

សូមបញ្ជាក់ឡើងវិញសាជាថ្មីម្ដងទៀត សម្រាប់ (៧) វត្តអារាមដែលបានសាងសង់រួចមកហើយ យើងមិន​ឱ្យមានការរុះ​រើចេញទេនូវវត្តអារាមនៅក្នុងតំបន់(អង្គរ)ឡាយហ្នឹង ដែលមានរួចទៅហើយ ប៉ុន្តែយើងក៏ហាមឃាត់កុំឱ្យមានការសាងសង់បន្ថែមនូវវត្ត វិហារគ្រិស្ដ ឬវិហារសាសនា ឬទីតាំងជំនឿផ្សេងៗ ដែលវាមិនចាំបាច់ ហើយគ្មានការអនុញ្ញាត ជាពិសេសដូចជាវត្ត។ ខ្លះទៅនៅមួយកន្លែងអញ្ចឹងទៅ ចេះតែបោះទង់ ២, ៣ ប៉ុន្មានខែក្រោយមក បង្កើតបានកុដិមួយទៅ នាំគ្នាទៅនៅបង្កើតវត្តនៅក្នុងទីហ្នឹង។ គឺមិនអាចទេ។ ប៉ុន្តែវត្តចាស់ ដែលមានវត្តបុរាណកាលពីមុន ហើយដែលកំពុងធ្វើបុណ្យធ្វើទានសព្វថ្ងៃនេះ គឺនៅរក្សាដដែល។

ចំណុចទី ៨ ក៏សូមបញ្ជាក់សាជាថ្មីម្ដងទៀត​ ឯកឧត្តម ជា សុផារ៉ា បានទៅចុះជាមួយនឹងលោកជំទាវ ភឿង សកុណា ទៅឃុំព្រះដាក់។ យើងបញ្ជាក់ជូនប្រជាពលរដ្ឋដែលរស់នៅឃុំព្រះដាក់ រាជរដ្ឋាភិបាលមិនរើរុះ រើបងប្អូនចេញទេ គឺភូមិនេះ ឃុំនេះ ស្ថិតនៅក្នុងរដ្ឋបាល យើងមិនលុបចេញពីរដ្ឋបាលដែលមានស្រាប់នោះទេ ប៉ុន្តែមាន ២ ចំណុច។ ចំណុចទី១ ការសាងសង់បន្ថែមនូវសំណង់ថ្មី ត្រូវតែគោរពតាមបែបបទរបស់អាជ្ញាធរអប្សរា។ ចំណុចនេះហើយដែលយើងត្រូវត្រៀមលក្ខណៈសម្បត្តិនៅកន្លែងផ្សេង។ ឧទាហរណ៍ អ្នកដែលត្រូវបែកគ្រួសារ មិនអាចកសាងបន្ថែមផ្ទះនៅត្រង់ហ្នឹងទេ។ អញ្ចឹងអាចចេញទៅពាក់ស្នែងឯណោះវិញ ដើម្បីទៅរក ទៅយកដីនៅកន្លែងនោះ។ អាហ្នឹងជាចំណុចទី១។ ចំណុចទី២ ជាចំណុចទាក់ទិនជាមួយនឹងបញ្ហាបាតបារាយណ៍ គណៈកម្មការតម្រង់ទិញ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរអប្សរា ហើយជាពិសេស គឺអាជ្ញាធរខេត្តសៀមរាបតែម្ដង សម្រួលជាមួយនឹងប្រជាជនយ៉ាងម៉េច ដើម្បីយើងអាចទំលាក់ទឹកខ្លះមក ព្រោះតំបន់ហ្នឹង អត់មានលំនៅដ្ឋានប្រជាពលរដ្ឋទេ គឺជាដីបង្កបង្កើនផល។ អញ្ចឹងទេ តើយើងអាចយកដីបង្កបង្កើនផលឱ្យពួកគាត់នៅកន្លែងណាផ្សេង ដើម្បីយើងទំលាក់ទឹកចូលទៅកន្លែងបានមួយផ្នែក។ ត្រូវធ្វើការឱ្យបានស្រួលអំពីកន្លែងហ្នឹង។

ក្នុងនេះ ក៏មានការទំលាក់ទឹកបញ្ចូលទៅក្នុងបារាយណ៍លលៃ​ ៣លានម៉ែត្រគូប។ តែ(ការទម្លាក់)ហ្នឹងអត់ប៉ះពាល់ផ្ទះប្រជាជន? ប្រជាជន ៥០ គ្រួសារ គាត់ចេញអស់ហើយ។ ដូច្នេះយើងអាចទំលាក់បាន ៣ លានម៉ែត្រគូប។ អញ្ចឹងតើនៅបារាយណ៍ខាងកើត យើងអាចទំលាក់បានប៉ុន្មាននៅក្នុងផ្ទៃរង្វង់រងទឹកភ្លៀង ដែលគាត់បង្កបង្កើនផល យើងទំលាក់បានប៉ុន្មាន ដើម្បីយើងមានប្រភពទឹក? បានប្រហែល ៩ លានម៉ែត្រគូប។ ត្រូវដោះស្រាយឱ្យបានល្អជាមួយនឹងប្រជាពលរដ្ឋដែលនៅកន្លែងហ្នឹង។ កន្លែងខ្លះ ប្រហែលមិនទាន់មានប្រជាពលរដ្ឋបង្កបង្កើនផលអីទេ? (ចម្លើយ) មាន។ ខែវិច្ឆិកា ត្រូវច្រូត។ ច្រូតហើយ យើងអាចសម្រួលជាមួយនឹងគាត់ ឱ្យគាត់បង្កបង្កើនផលសិនទៅ។ បន្ទាប់ពីហ្នឹងទៅយើងត្រូវដោះស្រាយជាមួយគាត់យ៉ាងម៉េច ដើម្បីឱ្យគាត់ចាកចេញ ហើយយើងទំលាក់ទឹកមក។ ទឹកនេះ មិនមែនសម្រាប់នរណាមួយទេ គឺសម្រាប់ផលប្រយោជន៍រួម ដែលប្រជាជនអាចប្រើប្រាស់បាននៅទីនោះ តែយើងក៏ត្រូវមានការដោះស្រាយសមហេតុសមផល។

ចំណុចទី ៩ ក៏សូមបញ្ជាក់ជូនដែរ គឺសាលាស្រុកបន្ទាយស្រី ដែលស្ថិតនៅក្នុងតំបន់មួយ ត្រូវរើមកនៅរុនតាឯកដែរ។ អញ្ចឹងទេ បងប្អូននៅរុនតាឯក គឺត្រូវប៉ាន់តែម្ដង ស្អីក៏មានដែរ សាលាស្រុកក៏នៅជិតហ្នឹង។ ឥឡូវទុកឱ្យគាត់(សាលាស្រុក)ប៉ុន្មានហិកតានៅកន្លែងហ្នឹងទៅ មកកសាងសាលាស្រុក។ ហ្នឹងជាសំណូមពររបស់អភិបាលខេត្ត សំណូមពររបស់អភិបាលស្រុក ដើម្បីរើចេញ។ ឱ្យតែប្រជាជនចេញសាលាស្រុកអត់ព្រមចេញធ្វើម៉េចកើត។ សាលាស្រុក(សាងសង់បន្ថែម ឬថ្មី)ធ្វើអត់បានទៀត ព្រោះតំបន់ត្រូវហាមឃាត់ តំបន់ត្រូវការពារ មិនអាចឲ្យប្រជាជនចេញហើយ អាជ្ញាធរមិនព្រមចេញ។ អញ្ចឹងត្រូវចេញមក ធ្វើកន្លែងណាអីកន្លែងណី បែរមុខទៅខាងណាទៅខាងណី រកហុងស៊ុយផង​ ក្រែងលោធ្លាក់ពីចៅហ្វាយស្រុក …។

សម្រាប់សាលាស្រុកអង្គរធំក៏នៅក្នុងតំបន់១ដែរ ត្រូវលើកទៅធ្វើនៅពាក់ស្នែងឯណោះ។ អញ្ចឹងត្រូវចេញហើយ ព្រោះអ្នកនៅក្នុងតំបន់១ គឺជាកន្លែងដែលយើងត្រូវដោះស្រាយ … សូម្បីតែ ICC ខែ១២នេះនឹងត្រូវប្រជុំ។ ពេលហ្នឹងយើងត្រូវរាយការណ៍ឲ្យគេអំពីវឌ្ឍនភាពនៃការដោះស្រាយបញ្ហាកន្លែងហ្នឹង ហើយភាពម៉ឺងម៉ាត់របស់យើងទៅលើកិច្ចការពារនេះ។ តាមរយៈ ICC ដែលមានជប៉ុននិងបារាំងជាសហប្រធាន គេនឹងរាយការណ៍បន្តទៅ UNESCO ពីភាពម៉ឺងម៉ាត់របស់យើងក្នុងការដោះស្រាយ។ យើងក៏មានគោលនយោបាយសមស្របដែរសម្រាប់ការដោះស្រាយនៅទីនេះ។

ខ្ញុំគិតថា ឥឡូវតើនៅមានខ្វះខាតអ្វីដែលខ្ញុំនិយាយមិនទាន់អស់? ឥឡូវគឺ (ឯកឧត្តម ជា សុ)ផារ៉ា ឯងនិយាយគ្រប់ហើយ។ ខ្ញុំគ្រាន់តែប៉ះប៉ូវបំពេញបន្ថែមទៅលើក្របខណ្ឌគោលនយោបាយ ដូចជាកម្មសិទ្ធិ ត្រូវផ្ដល់តែម្ដងទៅ កុំរង់ចាំ ៥ឆ្នាំទៀត យូរណាស់។ សូមបញ្ជាក់ ត្រូវមកនៅសិន កុំលេងបោកគ្នា។ ទីមួយ បោកយកប័ណ្ណក្រីក្រ ទីពីរបោកយកកម្មសិទិ្ធដីធ្លី អត់លេងទេអាហ្នឹង។ អ្នកដែលបោកធុនហ្នឹង មានតែម្នាក់ទេនៅស្រុកខ្មែរ ហើយ ៥០០ ឆ្នាំមានតែម្នាក់ទេ។ អាហ្នឹងខូចណាស់។ កាលនៅសៀមរាប គេបាញ់ខ្ញុំសោះ វាទៅធ្វើសម្ភាសន៍ថា គេបាញ់វា។ អានេះខូច ហើយវាមកស្បថនៅមុខអង្គរហ្នឹងថាមិនចូលសភាទេ។ ដល់ទៅបានត្រូវចិត្តចូ​លសភាវឹង។ អញ្ចឹងបណ្ដាសាអង្គររលាយខ្ទេច។ ឥឡូវជាប់ឈ្មោះជាជនក្បត់ជាតិបណ្ដោយ។ ខ្ញុំមិនមែនប្រៀបធៀបបងប្អូនយើងទៅអញ្ចុះទេ គ្រាន់ត យើងត្រូវទទួលបានការបញ្ជាក់ថា មកទីនេះគឺទទួលបានកម្មសិទ្ធិជូន នៅពេលដែលគាត់មកតាំងទីលំនៅនៅទីនេះ។ កម្មសិទ្ធិនោះហើយដែលគាត់អាចយកទៅពឹងពាក់ជាមួយនឹងមីក្រូហិរញ្ញវត្ថុដើម្បីធ្វើជាទ្រព្យបញ្ចាំ។ ធម្មតាតែអត់មានទ្រព្យបញ្ចាំគេមិនឲ្យខ្ចីលុយទេ។ យ៉ាងហោចណាស់ យើងមានដី មានទីតាំងនៅទីនេះមួយផ្នែកដើម្បីដោះស្រាយ។

ប័ណ្ណក្រីក្រនេះវាបានជួយរួមចំណែកក្នុងការដោះស្រាយបញ្ហា ហើយក៏មិនចាំបាច់ព្រួយថា កូនចៅត្រូវរៀននៅឯណា? នេះសាលានេះ អានេះបឋម ខាងនោះវិទ្យាល័យ … អីត្រង់ហ្នឹង។ និយាយពីថ្ងៃក្រោយ មកលេងសៀម​រាប ក្រៅពីលេងអង្គរ មកលេងនៅរុនតាឯកនេះ។ គេរាំវង់ហុយដីតែម្ដង។ សប្បាយ ព្រោះជាតំបន់មួយដែលបាន​អភិវឌ្ឍ។ ថ្ងៃនេះ យើងអាចធ្វើពីផ្ទះដែលប្រក់ស័ង្កសី តែថ្ងៃក្រោយយើងមានទៅចេះតែធ្វើបន្ថែមទៅជាផ្ទះថ្មអីទៅ។ អ្នកមានលុយច្រើនក៏នាំគ្នាធ្វើទៅ ហើយប្រឹងប្រែង។ អរគុណអ្នកឧកញ៉ា គិត ម៉េង ជួយ ២០ម៉ឺនដុល្លារថែមទៀត … បូកទៅបាន ១លាន ៥សែន ៦ម៉ឺនដុល្លារ តើខ្ញុំនិយាយត្រូវទេ? ខួរក្បាលខ្ញុំ ម្ដាយខ្ញុំអ្នកផ្ដល់ឲ្យ។ ម្ដាយខ្ញុំគិតលេខលឿនជាងចិនវាយក្បាច់។ លឿនជាងកាស្យូផង។ គាត់រឿងគិតលេខគឺពូកែ។ គាត់ទម្លាក់អាហ្នឹងមកឲ្យខ្ញុំ។ យើងបាន ១លាន ៣សែន ៦ម៉ឺន អញ្ចឹងថែមបាន ២០ម៉ឺនទៀត មិនចេញជា ១លាន ៥សែន ៦ម៉ឺន? … ម្សិលមិញនេះ ក្មួយម្នាក់បញ្ជូនពីអាមេរិកមក តែក្មួយនោះមកចុះឈ្មោះបោះឆ្នោត។ ស្រាប់តែឃើញ(វីដេអូ)ឪពុកខ្ញុំ។ ខ្ញុំក៏បង្ហោះតាមហ្វេសប៊ុក។ ក្មួយហ្នឹងការកាលពីឆ្នាំ១៩៩៣។ ពេលនោះ(ឪពុកខ្ញុំ)គាត់អាយុ៧០ឆ្នាំគត់។ ៧០ឆ្នាំគត់របស់គាត់ហ្នឹងគឺថាឡូយតែម្ដង។ ចុះពីឡានមកសង្ហា។ តាហ្នឹងសង្ហា។ អញ្ចឹងគាត់ដាក់ចូលទៅក្នុងគ្រូបថតភាពយន្ត។ ប្រពន្ធខ្ញុំក៏ធ្លាប់ដែរទៅទទួលទាននំបញ្ចុកនៅព្រះដាក់ តែពួកនេះដូចមិនដែលបបួលឯងទៅសោះវើយ។ ថ្ងៃក្រោយរកទៅហូបដែរ …។

(៤) ជួបកងកម្លាំងនិងក្រុមប្រឹក្សាឃុំ/សង្កាត់នៃគណបក្សប្រជាជន, បើមិនព្រមប្រកាសបោះបង់នយោបាយ”​ មានឯងអត់អញ”  បញ្ឈប់នយោបាយផ្ដួលរំលំរដ្ឋាភិបាល ត្រូវតែកម្ចាត់, មិនមានបំណងប្រាថ្នាអ្វីក្រៅពីសេចក្តីសុខនិងជីវិតរស់រានរបស់ប្រជាជន, ពិនិត្យស្នើសុំលើកលែងទោស អ្នកបែកចេញពីជនក្បត់ជាតិបីជំនាន់

អម្បាញ់មិញចុះម៉ោង ៧។ ដោយសារអញ្ចេះ ខ្ញុំភ្ញាក់តាំងពីមុនម៉ោង ៥ រៀបចំខ្លួនហើយអស់ហើយ នៅដំអក់ចាំបន្តិច ថានៅចាំ សម្ដេចពិជ័យសេនា ទៀ បាញ់ និងឯកឧត្តម ជា សុផារ៉ា មកដល់។ អង្គរក្សមកប្រាប់ថា មកដល់ហើយ ក៏ចុះមកដល់ឧទ្ធម្ភាគចក្រមុនម៉ោង៦។ ម៉ោង ៦ គត់ ឧទ្ធម្ភាគចក្រ(ហើប)ផុតជើងពីដី។ អញ្ចឹងហោះមកអម្បាញ់មិញនេះ គឺចុះម៉ោង ៧ លើសបន្តិច។ ល្ងាចនេះ សុំថា ឯកឧត្ដម ទៀ សីហា យើងចាប់ផ្ដើមម៉ោង ៣ កន្លះទៅ តែកុំឲ្យបងប្អូនឃើញកម្មវិធីខ្លះចូលម៉ោង ១ តែរឿងធ្វើតេស្ដអី អាហ្នឹងគួរធ្វើ។ តែសម្រាប់ការចូលទៅក្នុងសាល ចូលមុនខ្ញុំទៅបន្តិចទៅបានហើយ។ ដូចជាហៅតាំងពីកងពលធំលេខ២ កងពលធំលេខ៣ យោធភូមិភាគទី៤ សម្រាប់ការជួបជុំល្ងាចនេះ ហើយបូ​​កទាំងក្រុមប្រឹក្សាឃុំ/សង្កាត់។

សូមទោស និយាយគ្នាតែក្នុងគណបក្សប្រជាជនទេ និយាយឲ្យច្បាស់តែម្ដងទៅ បក្សដទៃ​អត់ឲ្យចូលទេ ព្រោះចូលមករញ៉េរញ៉ៃ។ ហ្នឹងចាំខ្ញុំទៅជួបនៅសាលាឃុំ ចាំជួបទាំងអស់គ្នាតែម្ដង។ នៅពេលដែលមកជួបនៅកន្លែងខ្ញុំៗ ត្រូវហៅទាំងមេទ័ពទាំងស្អីៗ មកជួប ហើយមានមន្រ្តីគណបក្សប្រជាជនភាគច្រើន។ អញ្ចឹងទេ គឺសុំអភ័យទោសពីសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់នៃគណបក្សដទៃ ដែលមិនបានចូលរួម … ព្រោះអាស្អីក៏ប្រឆាំងៗ យើងក៏ពិបាកនិយាយគ្នាដែរ។ សូម្បីតែប្រជាជនស្លាប់ កុមារស្លាប់ គ្រាន់តែសម្ដែងមរណទុក្ខមួយម៉ាត់ក៏មិនមានផង តើឲ្យយើងធ្វើម៉េច? កុមារនៅខេត្តកណ្ដាលលង់ទឹកស្លាប់ ១១នាក់។ យើងចាំមើលតើបក្សហ្នឹងសម្ដែងមរណទុក្ខឬអត់? អញ្ចឹងវាពិបាកដែរ។ តែខ្ញុំមិនរើងអើងអីទេ គ្រាន់តែអង្គប្រជុំរបស់ខ្ញុំគឺសុំថាមិនអនុញ្ញាតឲ្យចូលតែប៉ុណ្ណឹង។ ខ្ញុំក៏មិនទាមទារចូលក្នុងអង្គប្រជុំរបស់គេដែរ។

ឥឡូវនេះ ខ្ញុំបានប្រកាសរួចហើយសម្រាប់បងប្អូន ១ ៨៩៥ គ្រួសារ អំពីអំណោយឧបត្ថម្ភអម្បាញ់មិញនេះ។ បន្ទាប់ទៅក៏មានក្រុមអនុវត្តផ្ទាល់ដែលមានចំនួន ១ ១៨៥ នាក់ ក៏សូមជូនម្នាក់ៗចំនួន ៥ម៉ឺនរៀល។ ជូនកងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប ថវិកា ២០លានរៀល។ ជូនសិស្សានុសិស្ស ១០២ នាក់ ក្នុងម្នាក់ៗសៀវភៅ២ក្បាល ប៊ិចមួយដើម ថវិកា ១ម៉ឺនរៀល។ ជូនលោក/អ្នកគ្រូ ៦នាក់ ម្នាក់ៗថវិកា ៥ម៉ឺនរៀល។ ជូនសាលាបឋមសិក្សា ហ៊ុន សែន រុនតាឯក … ចេញ ហ៊ុន សែន រុនតាឯកទៅហើយ។ កុំចេះតែដើរដាក់ឈ្មោះ ពីមុនសាលាបឋមសិក្សារុនតាឯក ឥឡូវចេញ ហ៊ុន សែន រុនតាឯក បាត់។ ហ្នឹងអស់លោកឯងទទួលខុសត្រូវ ព្រោះគេជេរតែខ្ញុំ។ ប៉ុន្តែបើខ្ញុំអ្នកធ្វើមែន ធ្វើម៉េច? ចំនួន ១លានរៀល។ គ្រូពេទ្យប្រចាំការក្នុងកម្មវិធីចំនួន៣លានរៀល។ សាលាស្រុកបន្ទាយស្រីថវិកា ២លានរៀល សាលាស្រុកបាគងថវិកា ២លានរៀល។

ជួបជុំក្នុងបរិយាកាសរីករាយ ហើយត្រឡប់ទៅវិញមានឡានមានអីដឹកជញ្ជូន។ ពេលមកក៏ដឹក ពេលត្រឡប់ទៅវិញក៏ដឹក។ ភូមិភាគ៤ កងពលអ្នកដឹក? មានទាំងកម្លាំងជួយលើក ព្រោះអង្ករ ដូចលោកតាពិការផងទៅលើកម៉េចរួច? ហ្នឹងត្រូវដឹកគាត់ម៉េចអីម៉េច។ ១២០នាក់(ខាងលើកដាក់ និងដឹកជញ្ជូន) ហើយមានដាក់ចូលក្នុងលុយនេះដែរទេ? ឥឡូវ ១២០នាក់ របស់ភូមិភាគទី៤ យើងដូចមិនទាន់ដែលឲ្យទៅភូមិភាគផងទេ? ឥឡូវឲ្យទៅភូមិភាគ៤ ចំនួន ២០លានរៀល កងពលធំទី២ ចំនួន ២០លានរៀល ហើយយកទៅចែកគ្នាទៅ។ ឥឡូវខ្ញុំសូមជម្រាបណា អ្នកមកជួយលើកឬសែងអង្ករយកទៅជូនបងប្អូនជួបគ្រោះទឹកជំនន់ មិនប្រាកដថាគ្រួសារខ្លួននោះមានស៊ីចុកគ្រប់គ្រាន់ទេ។ នេះជាការលះបង់របស់កម្លាំងប្រដាប់អាវុធរបស់យើង។ ដូចជា ១២០នាក់ ដែលមកជួយលើកដាក់ឥវ៉ាន់ និងដឹកជញ្ជូននេះ គ្រួសារកងទ័ពនេះមិនប្រាកដថាជាគ្រួសារធូរធារទេ លើកអង្ករឲ្យអ្នកដទៃក្នុងពេលដែលខ្លួនឯងអត់អង្ករទេ។

នេះហើយជាការលះបង់របស់កងកម្លាំងប្រដាប់អាវុធ​។ យើងកំពុងតែសប្បាយរីករាយ នគរបាលរបស់យើងកំពុងឈរនៅតាមផ្លូវ តាមទីកន្លែងនានាដើម្បីការពារ។ នោះហើយជាការលះបង់។ ពេលចូលឆ្នាំ កម្លាំងប្រដាប់អាវុធរបស់យើងខ្លះនៅតាមទល់ដែន ខ្លះនៅតាមបន្ទាយ តែជាពិសេសនគរបាលចរាចរណ៍ សន្តិសុខ សណ្ដាប់ធ្នាប់ ទាំងនគរបាល ទាំងអាវុធហត្ថ ត្រូវយាមយើងដើម្បីការសប្បាយរបស់យើង។ ប៉ុណ្ណឹងហើយ គេជេរប្រទេចរាល់ថ្ងៃ ប៉ុន្តែមិនមែនប្រជាជនអ្នកជេរប្រទេចនោះទេ អាជេរប្រទេចហ្នឹងគឺមកពីក្រៅ។ អញ្ចឹងបានថា ប្រភេទចង្រៃហ្នឹងគឺថាអត់ទេត្រូវតែប្ដូរផ្ដាច់កម្ចាត់ចោលនូវមនោគមន៍វិជ្ជាជ្រុលនិយមនៃជនក្បត់ជាតិ៣ជំនាន់។

តែម្នាក់ទេ។ ដរាបណាអ្នកឯងមិនព្រមប្រកាសរំសាយចោលនូវនយោបាយមានឯងអត់អញ ហើយធ្វើការសុំទោសថ្លែងជូនប្រជាពលរដ្ឋថាចាប់ពីពេលនេះតទៅ ខ្ញុំបញ្ឈប់នូវនយោបាយផ្ដួលរំលំរដ្ឋាភិបាល គឺដរាបនោះយើងត្រូវតែកម្ចាត់។ ហើយវិធីកម្ចាត់គឺវាងាយទេ គឺបានសេចក្ដីថាផ្ដាច់ខ្លួនចេញពីអាហ្នឹងមក រាប់ទាំងអាអ្នកទៅជាមួយមេៗហ្នឹង។ ដូចជាកន្លងទៅកាលពីសម័យខ្មែរក្រហម គឺក្រុមទាំងឡាយផ្ដាច់ខ្លួនចេញពីខ្មែរក្រហម ចេញមកៗ អាមេនៅតែលតោលៗ ទីចុងបំផុតទៅស៊ីបាយនៅផ្ទះ ហ៊ុន សែន។ ស៊ីបាយនៅពេលហ្នឹង ហើយបើទៅភ្ជាប់ទៀត ភ្ជាប់ទៅ។ នាំគ្នាងាប់ក្រៅស្រុកនោះទៅ។ អ្នកខាងក្នុងហ៊ានតែភ្ជាប់ បើបក្សនយោបាយហ៊ានតែភ្ជាប់ខ្លួន ប្ដឹងទៅតុលាការរំលាយចោលតែម្ដង។

សូមបញ្ជាក់ អ្នកឯងប្រជុំតាម Zoom ខ្ញុំមានក្នុងដៃរបស់ខ្ញុំ ហើយខ្ញុំដឹងថាអ្នកឯងមានរួចហើយ ព្រោះខ្ញុំដឹងថាមានភ្នាក់ងារម្នាក់បានបញ្ជូនខ្សែអាត់ថតសម្លេងដែលអ្នកឯងប្រជុំ zoom ទៅអ្នកឯងវិញ។ ពេលហ្នឹងអ្នកឯងដាក់ចេញសេណារីយោ ៣ បានប៉ុណ្ណេះកៅអី ត្រូវធ្វើម៉េច? បានប៉ុណ្ណេះកៅអី ត្រូវធ្វើម៉េច? … ហើយមានទាំងអ្នកឯងទាក់ទងគ្នា។ អ្នកដែលទាក់ទងគឺជាសាក្សីនៅឯអាមេរិក ប៉ុន្តែបញ្ជាមករៀបចំបេក្ខជននៅឯរតនៈគីរី។ អ្នកឯងចាំទេ? មានក្នុងដៃ តែគេមិនទាន់ដល់កំណត់ដែលគេត្រូវធ្វើទេ។ កុំនឹកស្មានថាគេមិនដឹង។ សព្វថ្ងៃ អ្នកឯងធ្វើម៉េច របៀបទំនាក់ទំនងគ្នាយ៉ាងម៉េច សុំឲ្យមានការប្រុងប្រយ័ត្ន។ ច្បាប់មាន … ខ្ញុំសុំនិយាយចុះ តែហ៊ានងើបមួយវាយមួយ ងើបពីរវាយពីរ។ ដើម្បីអី? ដើម្បីសេចក្តីសុខរបស់យើងទាំងអស់គ្នា។ តើទុកឲ្យមនុស្សម្នាក់បំផ្លាញសន្តិភាពដែលយើងរកបានទាំងលំបាកទេ? ទម្រាំមានសន្តិភាព តើយើងរស់នៅរបៀបម៉េចកាលពីពេលមុន?

ផ្លូវក្រវ៉ាត់ក្រុងពីដើមជាផ្លូវការពារកុំឲ្យខ្មែរក្រហមវាយចូលក្រុងសៀមរាបទេតើ។ ខែ ៣ ឆ្នាំ ១៩៩៣ ខ្មែរក្រហមវាយចូលក្រុងសៀមរាប។ ប្រធានអ៊ុនតាក់ អាកាស៊ី ស្នើមកខ្ញុំសុំឲ្យបញ្ចេញកម្លាំង ដើម្បីទប់ខ្មែរក្រហម។ ខ្ញុំថា អត់ទេ ដរាបណាអ្នកឯងមិនអាចគ្រប់គ្រងអ្នកនាំពាក្យអ៊ុនតាក់ Eric Falt បាន ខ្ញុំមិនបញ្ចេញកម្លាំង។ ខ្មែរក្រហមមកវាយយើងសោះ Eric Falt និយាយថា ខ្មែរក្រហមនិងរដ្ឋកម្ពុជា រំលោភលើកិច្ចព្រមព្រៀងឈប់បាញ់។ អាគេមកបាញ់ឯងសោះ វាទម្លាក់អោយកំហុសទាំងពីរ។ ខ្ញុំទុកឲ្យឯងវាយអ៊ុនតាក់បណ្តោយ។ ងោចៗ បានយើងឲ្យកម្លាំងភូមិភាគទី ៤ វាយកាត់តាមព្រលានយន្តហោះ។ កាលពេលហ្នឹងដូចជានៅ ឡុង សុភាព នៅឡើយទេ។ យើងរកពិបាកណាស់ ហើយបើនិយាយពីទឹកដីខេត្តសៀមរាបនេះ កាលពីមុនមិនទាន់បំបែកទៅឧត្តរមានជ័យ គឺជាទឹកដីចុងក្រោយនៃការបញ្ចប់សង្គ្រាម ព្រោះពីដើម អន្លង់វែង គឺជាទឹកដីនៅក្នុងខេត្តសៀមរាបទេតើ។

យើងពិបាកណាស់ ទម្រាំនឹងមានសន្តិភាព … ហើយទុកឲ្យមនុស្សធុនហ្នឹងមកបំផ្លាញគឺវរហើយ។ គោលដៅរបស់ខ្ញុំ អត់មានបំណងប្រាថ្នាអ្វីក្រៅពីសេចក្តីសុខ និងជីវិតរបស់ប្រជាជនទេ។ ខ្ញុំប្រឹងមួយជីវិតរបស់ខ្ញុំហើយ ជាងពាក់កណ្តាលជីវិត ឥឡូវបើមិនគិតពីអាយុ ១៨ ឆ្នាំ គិតពីអាយុ ២៥ ឆ្នាំ ឥឡូវអាយុ ៧០ បានសេចក្តីថា ប្រើពេល ៤៥ ឆ្នាំ ដើម្បីតែការរស់រានមានជីវិត និងសេចក្តីសុខរបស់ប្រជាជន។ ប្រជាជនយើងបាត់បង់ច្រើនពេកហើយ។ កុំឲ្យរបូតពីដៃនូវអ្វីដែលហៅថា សន្តិភាពដែលយើងរកបានដោយលំបាក … ដល់ថ្នាក់គេកំពុងតែដំណើរការប្រជាធិបតេយ្យចុះឈ្មោះបោះឆ្នោត ស្អីនេះដើម្បីឈានទៅបោះឆ្នោតឆ្នាំក្រោយ គេមកអំពាវនាវផ្តួលរំលំរដ្ឋាភិបាល តាមរយៈនៃការប្រើប្រាស់កម្លាំងទៅវិញ

បើយើងមិនកំចាត់អាមួយហ្នឹង ទើបវាចម្លែក។ ខ្ញុំកំចាត់តែអាមួយហ្នឹងទេ អត់កំចាត់អ្នកណាផ្សេង។ អញ្ចឹងអ្នកដទៃបំបែកខ្លួនចេញមក។ ខ្ញុំអាចនឹងពិនិត្យលើកលែងទោសឲ្យអ្នកឯង។ តែឲ្យបែកចេញពីអាមួយនោះ(សិន) សឹមពិនិត្យ។ ខ្ញុំមានអំណាចដើម្បីនឹងចុះហត្ថលេខាស្នើសុំព្រះមហាក្សត្រលើកលែងទោស ក៏ប៉ុន្តែក្នុងលក្ខ​ខណ្ឌដែលអ្នកឯងបំបែកខ្លួនចេញពីអាមួយហ្នឹង។ ខ្ញុំប្រកាសគោលនយោបាយរបស់ខ្ញុំ។ គណបក្សនយោបាយណាក៏ដោយ ដែលចូលពាក់ព័ន្ធជាមួយអាមួយហ្នឹង គឺយើងប្តូរផ្តាច់ប្តឹងទៅតុលាការ ដើម្បីរំលាយចោល អាហ្នឹងគេហាមឃាត់។ ម៉ែអាណាទៅចុះហត្ថលេខាកាត់ទឹកដី រួចហើយថាអាហ្នឹងផ្តល់សិទ្ធិឲ្យជនជាតិដើមភាគតិច។ ជនជាតិដើមភាគតិចរបស់យើងដែលមានទង់ជាតិនៅខាងក្រោយខ្នងឲ្យច្រងាង។

ទង់ជាតិក្រុម Degar ហ្នឹង។ ក្រុមហ្នឹងជាក្រុមរបស់ គេហៅថាជនជាតិម៉ុងតាញ៉ា ក្នុងប្រទេសវៀតណាម។ ជនជាតិភាគតិចវាបង្កើតរដ្ឋមួយ។ អញ្ចឹងគោលដៅនេះ គោលដៅស្អី មកយកដីខ្មែរ ៤ ខេត្តកាត់ទៅឲ្យក្រុមនេះ ហើយចាត់ទុកថា ជាការផ្តល់សិទ្ធិឲ្យជនជាតិដើមភាគតិច។ ជនជាតិដើមភាគតិចរបស់យើងនៅរតនៈគីរី មណ្ឌលគីរី ស្ទឹងត្រែង ក្រចេះ អត់មានទង់ជាតិទេ។ ចំណុចតែប៉ុណ្ណឹងគេអាចយល់បានហើយ។ អញ្ចឹងប្រទេសរបស់យើងមិនគួរអភ័ព្វតទៅទៀតទេ។ ខ្ញុំប្រកាស អ្នកដែលចូលពាក់ព័ន្ធជាមួយអាហ្នឹង ប្រកាសផ្តាច់ខ្លួនចេញពីអាហ្នឹង ប៉ុន្តែអត់មានប្រកាសលំៗទេ មកបោកទេ អត់មានបោកគ្នាទេ ហើយទុកឲ្យវាដេកនៅស្រុកបារាំងហ្នឹងទៅ ហើយបើអ្នកឯងមិនប្រកាសផ្តាច់ទេ អ្នកឯងនៅក្រៅហ្នឹងទៅ នៅជាមួយគ្នាហ្នឹងទៅ យើងចាំបាច់ទៅឈឺក្បាលវិលមុខអី ឲ្យវានៅហ្នឹងទៅ។ យើងក៏ដឹងដែរ អ្នកណាធ្វើប្រធានក្រុមនៅសៀមរាបនេះ។ សុំគណបក្សមួយត្រូវប្រយ័ត្នខ្លួនមែនទែន។ សូម្បីតែនៅក្នុងទូរស័ព្ទខ្ញុំនេះ សម្លេងពួកហ្នឹងនៅក្នុងហ្នឹង។ ខ្ញុំដឹងថាមានភ្នាក់​ងារមួយបញ្ជូនទៅឲ្យក្រុមហ្នឹងស្តាប់ខ្លួនឯង។ ពួកគេដឹងច្បាស់ថា ខាងរាជរដ្ឋាភិបាលមានភស្តុតាងហើយ។ ប៉ុន្តែខ្ញុំមិនទាន់ឲ្យធ្វើសកម្មភាព។ មើលអ្នកឯងថែមបន្តិចទៀត។

សេចក្តីសុខរបស់ប្រជាពលរដ្ឋវាសំខាន់ណាស់។ ខ្ញុំបានរួមចំណែកជាមួយថ្នាក់ដឹកនាំដទៃទៀតនិងប្រជាជនកម្ពុជាទាំងមូល ធ្វើសកម្មភាពតាំងពីប្រជាជនយើងតែ ៥ លាននាក់ ឥឡូវឡើងដល់ ១៧ លាននាក់។ ៤៣ ឆ្នាំ កើន ១២ លាន។ ឡាវកាលពីឆ្នាំ ១៩៧៩ ប្រជាជនតែ ៥ លាននាក់ដូចយើង។ ឥឡូវឡាវឡើងបានតែ ៧ លាននាក់ទេ ឡើងតែ ២ លាននាក់ទេ។ យើងឡើង ១២ លាននាក់។ និយាយពីកូនៗអស់ទាស់។ ប៉ុន្តែខ្ញុំក៏អត់បន្ទោសអ្នកណាដែរ ព្រោះខ្ញុំកូនច្រើនដែរ កូនញឹក។ មួយឆ្នាំមួយ។ ១៣ ខែមួយ។ និយាយចឹងទៅ ឥឡូវមានចៅដល់ ២២ នាក់។ អាចចាត់ទុកថា ជាអ្នកដែលមានចៅច្រើនជាងគេ ក្នុងចំណោមអ្នកដែលមានចៅច្រើន តែក្នុងករណីដែលមានប្រពន្ធតែមួយដូចគ្នា។ ខ្ញុំមិនហ៊ានលេងជាមួយអ្នកដែលមានប្រពន្ធច្រើន ហើយមានចៅច្រើនទេ។ ខ្ញុំអត់ហ៊ានប្រឡងទេ ព្រោះអ្នកខ្លះមាន។ បើសាសនាមូស្លីម គេឲ្យមានប្រពន្ធដល់ទៅ ៤ នោះ ប្រពន្ធ ១ មានកូនតែ ៣, ៤ ឡើង ១២ រួចហើយកាត់បានជាចៅមិនច្រើនជាងយើង។ អញ្ចឹងយើងទៅប្រឡងជាមួយគេម៉េចបាន។ ប៉ុន្តែបើប្រពន្ធ ១ ដូចគ្នា ច្បាស់ជាខ្ញុំមានចៅច្រើន។ ប៉ុន្តែស្តាយ ២ នាក់នោះយកកូនតែ ៣ នាក់ តែប៉ុន្មាននាក់ទៀតបាន ៥ៗ នាក់ ដែរ។ មាន ១ នោះច្រើនជាងគេ ៦ នាក់។ ចង់បានចៅច្រើនបន្តិច ប៉ុន្តែមើលទៅ សង្ឃឹមថាប្រហែលចប់ត្រឹមទី ២២ ហើយ ប៉ុណ្ណឹងក៏បាន។

អរគុណណាស់ ហើយសុំអធ្យាស្រ័យទៅលើបញ្ហាទាំងឡាយ បើសិនខ្ញុំមានយោបល់ខុសឆ្គងយ៉ាងណានោះ។ ខ្ញុំសុំអរគុណចំពោះសប្បុរសជនទាំងឡាយ ដែលបានចូលរួមវិភាគទានសម្រាប់ការកសាងវត្តនេះ ដែលចុងក្រោយនេះ អ្នកឧកញ៉ា គិត ម៉េង បានផ្តល់ ២០ ម៉ឺនដុល្លារទៀត។ អញ្ចឹងវត្តនេះទៅជាវត្តមួយដ៏រុងរឿង សំបូរ​បែប កសាងកុដិឲ្យច្រើនបន្តិច ព្រោះមិនមែនត្រូវការលោក ១ អង្គ ២ អង្គឯណា ត្រូវការលោកច្រើន។ យើងមានតែកុដិចៅអធិការទេ។ ឥឡូវទំលាយកុដិដទៃទៀតឲ្យរៀបរយ ហើយត្រូវមានកន្លែងយាយជី អាចារ្យ ឲ្យគាត់បានមកសំណាក់ធម៌អីនៅហ្នឹង ហើយរៀបចំឲ្យមួយស្អាត។

អ្នកទាំងហ្នឹងមករស់នៅកន្លែងហ្នឹង មានកន្លែងធ្វើបុណ្យតែម្តង ហើយកន្លែងទីធ្លាជួនកាលទៅលេងរាំវង់នៅក្នុងវត្តតែម្តង។ បើមិននៅក្នុងវត្តទេ នៅសាលា ហើយសាលានេះថ្ងៃក្រោយយើងដាក់អំពូលពន្លឺព្រះអាទិត្យឲ្យវាភ្លឺអញ្ចឹងទៅ ហើយមកជុំគ្នាអានសៀវភៅ រាំលេងនៅក្នុងហ្នឹងទៅ។ កំសាន្ត។ សម័យនេះទៅហើយ។ ទទួលបាននូវសេចក្តីសុខ សេចក្តីសប្បាយប៉ុណ្ណឹងហើយ មិនទៅណាទៀត ម្ង៉ៃៗនៅតែជេរៗ ពីឆ្នាំ ១៩៧៩ វាដើរអត់ស្បែកជើងសោះ ឥឡូវវាមានឡានជិះ វាជេរឯងទៀត ហើយវាថាអត់ជឿនលឿនទៅណា ក្តៅត្រង់ហ្នឹងតែម្តង។ ពួកហ្អែងហ៊ានស្បថទេថា (កាលពី)ឆ្នាំ ១៩៧៩ ហ្អែងមានអី ឥឡូវហ្អែងមានអី? ហ្អែងហ៊ានស្បថទេ? រួចនិយាយថាមិនជឿនលឿន។ ក្រយើងនៅទទួលស្គាល់ថាវាក្រហើយ យើងមិនមែនប្រទេសអ្នកមានឯណា (យើង)ចាប់ផ្តើមពីសូន្យ។ បងប្អូនចាស់ៗ ធ្លាប់(ដឹងហើយថាមានអ្វី)ទទួលទាននៅឆ្នាំ ១៩៧៩។

ចុងបញ្ចប់ ជូនពរសម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងបងប្អូនជនរួមជាតិទាំងអស់ សុំប្រកបដោយសេចក្តីសុខ សេចក្តីចម្រើន និងពរទាំង ៥ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភានៈ កុំបីឃ្លៀងឃ្លាតឡើយ។ សុំអរគុណ!

 

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ