(១) ស្មឹងស្មាធិគោរពវិញ្ញាណក្ខន្ធកុមារា/រីបាត់បង់ជីវិតដោយឧបទ្ទវហេតុលិចទូកនៅស្រុកលើកដែក ខេត្តកណ្ដាល, ក្នុងក្របខណ្ឌអាស៊ាន មានឧបទ្ទវហេតុកើតផ្ទួនគ្នា ៣ ប្រទេស,
… ដូចដែលព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ សម្តេច ឯកឧត្តម លោកជំទាវ អស់លោក/ស្រី បងប្អូនជនរួមជាតិបានដឹងហើយថា យើងមានសោកនាដកម្មមួយ ដែលបានកើត(ឡើង)នៅស្រុកលើកដែក ខេត្តកណ្តាល ដែល(ជា)ឧបទ្ទេវហេតុ នៃការលិចទូក ដែលធ្វើឱ្យកុមារា/រី (ចំនួន) ១១ នាក់ រងគ្រោះ។ ដូច្នេះ ខ្ញុំព្រះករុណាខ្ញុំ សុំសម្តេច ឯកឧត្តម លោកជំទាវ អស់លោក/ស្រី បងប្អូនដែលបានចូលរួមនៅទីនេះ អញ្ជើញក្រោកឈរឡើងរួមជាមួយខ្ញុំ ដើម្បីស្មិងស្មាធិគោរពនូវវិញ្ញាណក្ខន្ធ ចំពោះកុមារា/រី ដែលបានបាត់បង់ជីវិត … នេះជាឧបទ្ទវហេតុដែលគួរឱ្យសោកស្តាយនៅក្នុងឆ្នាំនេះ សម្រាប់យើង បន្ទាប់ពីយុទ្ធជន ២ នាក់ របស់យើង ដែលសុខចិត្តពលីកម្មខ្លួនឯង ដើម្បីសង្គ្រោះដល់ជីវិតរបស់កុមារ ២ រូប។ រឿងនេះតម្រូវឱ្យយើងយកចិត្តទុកដាក់បន្ថែមទៀតទៅលើសុវត្ថិភាពរបស់ពលរដ្ឋ។
ខ្ញុំព្រះករុណាខ្ញុំ ក៏សុំយកឱកាសនេះ ថ្លែងអំណរព្រះគុណ ចំពោះព្រះមហាក្សត្រ/សម្តេចម៉ែជាទីសក្ការៈ ដែលព្រះអង្គបានយកព្រះទ័យទុកដាក់ខ្ពស់ និងជួយឧបត្ថម្ភ ចំពោះគ្រួសារសព។ អរគុណជាមួយសប្បុរសជនទាំងអស់ ដែលបានផ្តល់ទៅកាន់គ្រួសារនៃសព ដែលនេះជាការចូលរួមរំលែកនូវការលំបាក។ ថ្លែងនូវការកោតសរសើរចំពោះអាជ្ញាធរខេត្តកណ្តាល ក៏ដូចជាកម្លាំងប្រដាប់អាវុធដទៃទៀត រាប់ទាំងកងពល ៩១១ មុជទឹក ហើយនឹងស៊ីម៉ាក់។ ថ្លែងនូវការកោតសរសើរ ចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធានទី ១ នៃគណៈកម្មាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលបានចូលរួមដឹកនាំប្រតិបត្តិការផ្ទាល់ ទៅលើការស្វែងរកសាកសព។ នេះជាព្រឹត្តិការណ៍ដែលយើងស្មានមិនដល់ដោយសារតែនៅទីនោះកន្លងទៅវាមិនដែលលិច បើលិចក៏(លិច)ទាប។ ប៉ុន្តែលើកនេះវាបានកើត(នូវហេតុការណ៍នេះ)។
បើនិយាយពីក្របខណ្ឌអាស៊ានរបស់យើង (គឺ)បីប្រទេសផ្ទួនៗគ្នា ចាប់ផ្តើមពីឥណ្ឌូនេស៊ី ឧបទ្ទវហេតុរត់ជាន់គ្នា ដែលធ្វើឱ្យមនុស្សជាង ១០០ នាក់ស្លាប់ក្នុងហ្នឹងមានកុមារជិត ៤០ នាក់។ បន្ទាប់ទៅការបាញ់នៅក្នុងមជ្ឈមណ្ឌលចិញ្ចឹមថែទាំកុមារនៅឯប្រទេសថៃ ធ្វើឱ្យមនុស្សស្លាប់រហូតទៅដល់ ៣៨ នាក់។ បន្ទាប់ពីនោះមក (គឺ)មកដល់យើង ឧបទ្ទវហេតុលិចទូក។ នេះក៏ជាការដាស់តឿន(ដល់)យើង នៅពេលដែលដល់រដូវមានទឹកដូច្នេះ តម្រូវឱ្យអាជ្ញាធរគិតគូរយកចិត្តទុកដាក់អំពីសុវត្ថិភាពរបស់ប្រជាពលរដ្ឋ សូម្បីតែឥឡូវនេះក៏នៅបន្តការយកចិត្តទុកដាក់។ ទឹកឆ្នាំនេះ បើទោះបីថាវាមិនខ្ពស់ពេក ក៏ប៉ុន្តែទឹកស្រកយឺត។ ប្រសិនបើយើងចាត់តាំងពិធីបុណ្យអុំទូក មិនប្រាកដថាអុំបានទេ ដោយសារតែកម្ពស់ទឹកនៅខ្ពស់ខ្លាំងណាស់។ អញ្ចឹង ករណីបុណ្យអុំទូក យើងពិតជាបានលើកហើយ ដោយសារតែទាក់ទិនជាមួយនឹងរឿងប្រជុំអាស៊ាននោះទៅវិញទេ មិនមែនកត្តាទឹកទេ។ ប៉ុន្តែ ទឹកដែលល្អបំផុតក្នុងការអុំទូក គឺទឹកនៅក្នុងកម្រិត ៦,៥០ ម៉ែត្រ ទៅ ៧ ម៉ែត្រ។ ឥឡូវនេះ ទឹករបស់យើង គឺហាក់ដូចជាឡើងចុះៗតិចតួច។
ជាឧបទ្ទេវហេតុដែលគួរឱ្យសោកស្តាយ។ ខ្ញុំសុំយកឱកាសនេះ ថ្លែងជូនចំពោះគ្រួសារសព ក៏ដូចជា ចៅៗដែលនៅរស់ (ខ្ញុំសូម)សម្ដែងនូវការសោកស្តាយ ចំពោះឧបទ្ទវហេតុដែលបានកើតឡើង។ ពេលកើតព្រឹត្តិការណ៍នេះ ក៏បានបង្ហាញអំពីស្មារតីសាមគ្គីភាពនៅក្នុងចំណោមប្រជាពលរដ្ឋរបស់យើង ដែលឈឺឆ្អាលយកចិត្តទុកដាក់ ទៅលើសុខទុក្ខរបស់ប្រជាពលរដ្ឋ។
(២) សាកលវិទ្យាជាតិគ្រប់គ្រង នៅតែជាសាកលវិទ្យាល័យឈានមុខមួយ, យកសាកលវិទ្យាល័យជាតិគ្រប់គ្រងដកពិសោធន៍មុនគេ យកមួយផ្នែកឱ្យរៀនដោយបង់លុយ, គុណភាពអប់រំជាកត្តាសំខាន់ ក្នុងការទាក់ទាញនិស្សិតឱ្យមកសិក្សា, សិស្ស/និស្សិត និងគ្រូប្រមាណជិត ៤ លាននាក់ ដាក់ជាក្រុមអាទិភាពចាក់វ៉ាក់សាំងកូវីដ-១៩
ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំរីករាយ ដែលបានមកចូលរួមផ្តល់សញ្ញាបត្រ សម្រាប់និស្សិត នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង (ចំនួន) ៦ ៤១១ នាក់ ដែលក្នុងនោះ គឺមាន (ចំនួន) ៣ ៥៦០ នាក់ ជាស្ត្រី។ អម្បាញ់មិញ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង្ស ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានធ្វើរបាយការណ៍ពាក់ព័ន្ធជាមួយនឹងដំណើរការ នៃសាកលវិទ្យាល័យ(ជាតិគ្រប់គ្រង)នេះ។ ខ្ញុំព្រះករុណាខ្ញុំ សុំថ្លែងនូវការកោតសរសើរ ចំពោះក្រសួងអប់រំ យុវជន និងកីឡា និយាយជារួម និងនិយាយដោយឡែក ចំពោះឯកឧត្តម ហោ ប៉េង សាកលវិទ្យាធិការ ក៏ដូចជា គណៈគ្រប់គ្រង ដែលបានខិតខំជំរុញឱ្យដំណើរការសាកលវិទ្យាល័យ(ជាតិគ្រប់គ្រង) នៅតែឈានមុខគេក្នុងចំណោមសាកលវិទ្យាល័យ(រដ្ឋ) សម្រាប់ការទទួលបាននូវសិស្សដែលចូលសិក្សា។
យើងដឹងហើយថា សាកលវិទ្យាល័យ(ជាតិគ្រប់គ្រង)នេះជាផ្នែកមួយនៃសាកលវិទ្យាល័យភ្នំពេញ ពេលនោះនៅជាវិទ្យាស្ថានជាតិគ្រប់គ្រង ហើយការដកពិសោធន៍របស់ខ្ញុំព្រះករុណាខ្ញុំ កាលនោះ ឯកឧត្តម អ៊ីវ ថុង គ្រប់គ្រងនៅឡើយ យើងចាប់ផ្តើមដំណើរការបើកឱ្យមានការសិក្សាបង់ថ្លៃ។ អញ្ចឹងទេ តាមរយៈបទពិសោធន៍ នៃវិទ្យាស្ថានជាតិគ្រប់គ្រង ឥឡូវនេះគឺសាកលវិទ្យាល័យជាតិគ្រប់គ្រង យើងក៏បានដាក់ឱ្យសាកលវិទ្យាល័យទាំងអស់របស់រដ្ឋចែកផ្នែកមួយទទួលការសិក្សារបស់សិស្សដោយមានការបង់ថ្លៃ។ យើងបានឃើញថា ក្នុងដំណើរការវិវត្តន៍នៃការបណ្តុះបណ្តាលនៃសាកលវិទ្យាល័យជាតិគ្រប់គ្រងគឺជាការបណ្តុះបណ្តាល ដែលប្រកបដោយគុណភាព។ ខ្ញុំតែងតែបានទទួលនូវសំណូមពរស្នើសុំ ដើម្បីឱ្យមានការចូលរៀននៅសាកលវិទ្យាល័យជាតិគ្រប់គ្រងរបស់យើងនេះ។
ខ្ញុំព្រះករុណាខ្ញុំ ធ្លាប់បាននិយាយហើយ ការទទួលបានសិស្ស/និស្សិតចូលរៀន គឺស្ថិតនៅត្រង់គុណភាព នៃការបណ្តុះបណ្តាល មិនមែនចេះតែបើក ហើយគុណភាពគ្មាន(នោះទេ) នោះវានាំទៅដល់ការបិទសាកលវិទ្យាល័យនោះតែម្តង ព្រោះគេគ្មានគុណភាពគ្រប់គ្រាន់ ដើម្បីទទួលបានការងារធ្វើនោះឡើយ។ ដូច្នេះ ទាំងនិស្សិតអាហារូបករណ៍ ទាំងនិស្សិតដែលរៀនបង់ថ្លៃ គឺត្រូវស្វែងរកឱកាស សម្រាប់ការសិក្សានៅសាលាណាដែលល្អ មិនថាក្នុងប្រទេសរបស់យើងទេ ប្រទេសក្រៅក៏ដូចគ្នាដែរ។ និស្សិតក្នុងប្រទេសរបស់យើងដែលត្រូវទៅរៀននៅក្រៅប្រទេស ក៏មិនមែនទៅដើម្បីទៅ(នោះដែរ) ប៉ុន្តែពួកគេចេះជ្រើសរើសសាលាដែលល្បីៗ ដើម្បីចូលរៀន ទោះបីថាវាថ្លៃបន្តិច(ក៏ដោយ)។ ប៉ុន្តែអ្នកដែលមានលទ្ធភាពគេហ៊ាន(ចំណាយ) ដើម្បីបង់ថ្លៃសម្រាប់ទទួលបាននូវការបណ្តុះបណ្តាល។
កោតសរសើរជាមួយនឹងការខិតខំរបស់គណៈគ្រប់គ្រង ក៏ដូចជា សាស្ត្រាចារ្យ ព្រមទាំងនិស្សិតរបស់យើងទាំងអស់ ដែលបានចូលរួមចំណែកដ៏ធំធេងនៅក្នុងកាលៈទេសៈលំបាកបំផុតរបស់យើង នោះគឺជំងឺកូវីដ-១៩ ដែលជំងឺនេះវាតម្រូវឱ្យយើងបិទសាលារៀន ដើម្បីសង្គ្រោះជីវិតសិស្ស/និស្សិត ចាប់ពីបឋមរហូតដល់ឧត្តម ដើម្បីសង្គ្រោះជីវិតកុមារ យុវជន និស្សិត ក៏ដូចជា សាស្ត្រាចារ្យ និងគ្រូបង្រៀនរបស់យើងសិន។ មនុស្សទាំងអស់សុទ្ធតែបានចូលរួមប្រយុទ្ធ(ជាមួយជំងឺកូវីដ-១៩)។ វាមិនមែនជាជោគជ័យដាច់ដោយឡែករបស់រាជរដ្ឋាភិបាលទេ ប៉ុន្តែគ្រាន់តែរាជរដ្ឋាភិបាលគិតត្រូវ ដែលចាប់ផ្តើមពីដាក់ចេញនូវវិធានការសុខាភិបាលនានា ដើម្បីការពារប្រជាពលរដ្ឋចេញពីគ្រោះថ្នាក់ ហើយចាប់ផ្តើមចំណាយទុនដើម្បីធ្វើអន្តរាគមន៍បន្ទាន់ទៅលើបញ្ហាវ៉ាក់សាំង។ ឥឡូវនេះ ក្នុងក្របខណ្ឌវិស័យអប់រំរបស់យើង យើងបានដាក់និស្សិត/សិស្ស (និង)គ្រូបង្រៀនរបស់យើង ប្រមាណជិត ៤ លាននាក់ ទៅក្នុងក្រុមអាទិភាព ដែលនឹងទទួលបាននូវវ៉ាក់សាំង។ នោះហើយ គឺជាជោគជ័យ ដែលផ្តល់ឱកាស សម្រាប់យើងបានជួបជុំគ្នានៅថ្ងៃនេះ ដើម្បីទទួលនូវសញ្ញាបត្រ។
ពិតមែនហើយ សុំអភ័យទោសផងដែរ ទាំងសាកលវិទ្យាល័យមុនៗ ក៏ដូចជា ថ្ងៃនេះ ពេលមុនៗ គឺ(យើង)តែងតែធ្វើកម្មវិធីចែកសញ្ញាបត្រជាកិត្តិយស។ ឥឡូវ បន្ទាប់ពីខ្ញុំចាកចេញផុតទៅ គឺឯកឧត្តម ហង្ស ជួនណារ៉ុន នឹងបន្តចែកសញ្ញាបត្រ សម្រាប់និស្សិតរបស់យើង។
(៣) បញ្ញាវ័ន្តមួយចំនួនសល់ពីការកាប់សម្លាប់របប ប៉ុល ពត ត្រូវបានប្រមូលយកមកចូលរួមក្នុងវិស័យអប់រំ និងចែកជូនទៅតាមបណ្តាស្ថាប័ននានា, តួលេខនិស្សិតជាស្ត្រីមានអត្រាខ្ពស់ជាងបុរសនៅថ្នាក់បរិញ្ញាបត្រ និងធ្លាក់ចុះនៅថ្នាក់បរិញ្ញាជាន់ខ្ពស់/បណ្ឌិត, បញ្ចប់ដំណាក់កាល “អ្នកចេះច្រើន បង្រៀនអ្នកចេះតិច អ្នកចេះតិច បង្រៀនអ្នកមិនចេះ”
ក្រឡេកមើលទៅក្រោយវិញ។ សម្រាប់យើង គឺយើងពិតជាបានឆ្លងកាត់នូវការលំបាកខ្លាំងណាស់ … (សួរថា) អ្នកដែលមានចំណេះដឹងកម្រិតឧត្តមសិក្សានិងក្រោយឧត្តមសិក្សាប៉ុន្មាននាក់ទៅកាលពីឆ្នាំ ១៩៧៩ (និង/ឬ)ក្រោយរបបប៉ុល ពត? (គឺ)តិចណាស់ អ្នកដែលមានកម្រិតឧត្តមសិក្សាឬក្រោយឧត្តមសិក្សា។ ពេលនោះ យើងខិតខំប្រមូលពួកគាត់មក ដើម្បីចូលរួមនៅក្នុងវិស័យអប់រំផង និងចែកជូនទៅតាមបណ្តាស្ថាប័ននានា ទៅតាមចំណង់ចំណូលចិត្តរបស់អ្នកទាំងនោះ។ ខ្ញុំដឹកនាំក្រសួងការបរទេស ក៏បានដណ្តើមយកនូវសាស្ត្រាចារ្យមួយចំនួនពីផ្នែកអប់រំមកដែរ ដូចជាលោកជំទាវ (ទី) បូរ៉ាស៊ី គឺជាសាស្ត្រាចារ្យ។ សម្តេចវិបុលបញ្ញា សុខ អាន ក៏ជាសាស្ត្រាចារ្យ។ នៅមានសាស្ត្រាចារ្យដទៃទៀត ដូចជាបង មាស សាអែមដានី ជាសាស្ត្រាចារ្យភាសាអង់គ្លេស គឺខ្ញុំប្រមូលពីខាងនោះ។ វិស្វករមួយចំនួនក៏មកនៅក្រសួងការបរទេស ព្រោះទៅក្រសួងឧស្សាហកម្មគេមិនយក (ដូច្នេះ)ខ្ញុំយក។
ធនធានមនុស្សរបស់យើងពេលនោះ (គឺ)តិចណាស់។ ប៉ុន្តែ មកដល់ថ្ងៃនេះ យើងមានធនធានមនុស្សគួរសម។គ្រាន់តែថ្ងៃនេះ យើងបានផ្តល់សញ្ញាបត្រ សម្រាប់និស្សិតទាំងអស់ (ចំនួន) ៦ ៤១១ នាក់ ដែលក្នុងហ្នឹងចែកចេញជាបរិញ្ញាបត្រ (ចំនួន) ៥ ១៥៨ នាក់ នារី (ចំនួន) ៣ ១៣២ នាក់ ស្មើនឹង ៦០,៧២%។ ខ្ញុំតែងតែរំលឹក ដើម្បីបែងចែកមើលអំពីកម្រិតបរិញ្ញា(បត្រ) បានសេចក្តីថានារីភាគច្រើនលើសបុរស។ បរិញ្ញាបត្រជាន់ខ្ពស់ (ចំនួន) ១ ២៤៦ នាក់ ក្នុងហ្នឹងនារី (ចំនួន) ៤២៨ នាក់ គឺស្មើនឹង ៣៤,៣៥% គឺធ្លាក់ចុះភ្លាម។ ដល់ថ្នាក់បណ្ឌិត (ចំនួន) ៧ នាក់ គឺបុរសទាំងអស់។ អញ្ចឹង ចំណុចនេះ យើងវាយតម្លៃបានហើយ មិនអាចបញ្ហាយេនឌ័រលើវិស័យអប់រំ ដែលពាក់ព័ន្ធកម្រិតក្រៅឧត្តមសិក្សា គឺថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់/បណ្ឌិត អាចធ្វើឱ្យមានភាពស្មើគ្នា គឺពិបាក ដោយសារតែប្រពៃណីរបស់យើងដល់អាយុត្រូវយកប្តី តែដល់យកប្តី គឺចាប់ផ្តើមមានកូន បើមានកូន (គឺថា)មករៀនមិនបាន។ អញ្ចឹង បាននៅសល់ ៣៤% នេះ គឺវាជាចំនួនគួរសម។ ខ្ញុំនៅតែអំពាវនាវឱ្យស្ត្រីទាំងឡាយ ដែលមានស្វាមី ហើយមានកូន/ចៅ (សូម)បន្តការសិក្សាបន្តទៀត ព្រោះសាលាក៏នៅមិនឆ្ងាយប៉ុន្មានដែរ ដើម្បីបង្កើនអត្រា ត្រូវយកអត្រាឱ្យខ្ពស់ជាង(បុរស) ប៉ុន្តែ បើត្រឹមថ្នាក់បរិញ្ញា(បត្រ) គឺយើងឃើញហើយ ចាប់ពីថ្នាក់បរិញ្ញា(បត្រ) បរិញ្ញារង និងមធ្យមសិក្សា គឺ(តួលេខ)ស្ត្រីខ្ពស់ជាង(បុរស)តែម្តង។
ប៉ុន្តែចាប់ពីបរិញ្ញាជាន់ខ្ពស់ ទៅថ្នាក់បណ្ឌិត គឺ(តួលេខ)ស្ត្រីធ្លាក់ចុះ។ នេះវាទាក់ទងជាមួយនឹងបញ្ហាប្រពៃណីរបស់យើងផងដែរ វាមិនមែនជាឧបសគ្គបណ្តាលមកពីបញ្ហាអ្វីផ្សេងទេ។ ការសិក្សាក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ យើងឃើញអត្រា នៃស្ត្រីក៏ចេះតែមានការកើតឡើងផងដែរ។
ត្រឡប់មកវិញ ដំណាក់កាល “អ្នកចេះច្រើន បង្រៀនអ្នកចេះតិច អ្នកចេះតិច បង្រៀនអ្នកមិនចេះ” វាបានបញ្ចប់ទៅហើយ។ ឥឡូវ សូម្បីតែនៅក្នុងក្របខណ្ឌគ្រូ ក៏យើងមានស្តង់ដារកំណត់(ដែរ)។ តើកម្រិតណាដែលអាចយកទៅធ្វើជាគ្រូបឋម/អនុវិទ្យាល័យ/វិទ្យាល័យ។ យើងបានពង្រាយសាលាគរុកោសល្យទៅតាមខេត្ត/ភូមិភាគ នេះគឺជាការវិនិយោគដ៏ធំរបស់យើងទៅលើវិស័យអប់រំ ក្នុងហ្នឹងបើនិយាយពីការវិនិយោគទៅលើវិស័យអប់រំ គឺវាក៏ជាផ្នែកនៃការវិនិយោគលើស្ត្រីផងដែរ ដែលនៅទីនេះ វាបានចាកឆ្ងាយចេញពីប្រវត្តិដើមរបស់យើង។ កាលពីសម័យមុន ចាស់ៗមិនសូវឱ្យកូនស្រីចូលរៀនទេ ខ្លាចសរសេរសំបុត្រទាក់ទងសង្សារ។ ឥឡូវ មិនចាំបាច់សរសេរសំបុត្រទេ អនឡាញជាមួយគ្នា … (កាលពី)ខ្ញុំបញ្ជូនយុវជនចុះវាស់វែងដីធ្លីឱ្យប្រជាពលរដ្ឋ ក្រុម(មួយ)នោះរៀបការជាមួយគ្នាច្រើន(គូ)ដែរ … ពេលនោះសួរតែម្តង ទាក់ទងគ្នាតាមអី? តាមទូរស័ព្ទ ហើយជំនាន់នោះ គឺមាន SMS ឥឡូវ លេងដល់ថ្នាក់ Zoom អីជាមួយគ្នា។
(៤) ជាការសម្រេចចិត្តដ៏ត្រឹមត្រូវ (ក) អនុញ្ញាតឱ្យវិស័យឯកជនចូលរួមបណ្ដុះបណ្ដាលធនធានមនុស្ស (ខ) អនុញ្ញាតឱ្យសាកលវិទ្យាល័យរដ្ឋយកមួយផ្នែករៀនដោយបង់ថ្លៃ, ការជ្រើសរើសរដ្ឋមន្ត្រីអត់គិតថាជាកូនរបស់អ្នកណាទេ ឱ្យតែមានសមត្ថភាព/ជំនាញគ្រប់គ្រងវិស័យនោះ,
ការអភិវឌ្ឍប្រទេសជាតិមួយ តម្រូវឱ្យមានធនធានមនុស្សជាចាំបាច់ មិនអាចមើលរំលងលើបញ្ហានេះបានទេ។ យើងត្រូវធ្វើកិច្ចការងារនេះ ហើយសាកលវិទ្យាល័យជាតិគ្រប់គ្រង ក៏បានចូលរួមនៅក្នុងកិច្ចការបណ្តុះបណ្តាលធនធានមនុស្សនេះធំណាស់។ បើយើងពិនិត្យអំពីចំនួននិស្សិត ដែលបានបញ្ចប់ការសិក្សារហូតមកដល់ពេលនេះ ចំនួន ៥៦ ៣២៦ នាក់ ក្នុងហ្នឹងអ្វីដែលគួរឱ្យចាប់អារម្មណ៍ក្នុងចំណោម (ចំនួន) ៥៦ ៣២៦ នាក់នេះ គឺមាននិស្សិតអាហារូបករណ៍ត្រឹម ៧ ២៥៧ នាក់ ឯ(និស្សិត)សិក្សាបង់ថ្លៃមានរហូតទៅដល់ ៤៩ ០៦៩ នាក់។ ដោយឡែកនិស្សិតដែលកំពុងធ្វើការសិក្សានៅពេលនេះ ចំនួន ១៣ ៥២០ នាក់ ក្នុងហ្នឹងនិស្សិតអាហារូបករណ៍មានត្រឹមតែ ១ ៣៤៦ នាក់ ឯនិស្សិតដែលរៀនបង់ថ្លៃមាន(ចំនួន) ១២ ១៧៤ នាក់ បានសេចក្តីថា អាហារូបករណ៍របស់រដ្ឋគ្របដណ្តប់អត់ដល់ ១០% ទេ។ ចំណុចនេះ ចង្អុលបង្ហាញឱ្យឃើញថា សង្គមបានផ្លាស់ប្តូរឥរិយាបថ ដោយមិនពឹងពាក់តែផ្នែករដ្ឋតែប៉ុណ្ណោះទេ។ សង្គមបានផ្លាស់ប្តូរឥរិយាបថ ដោយគ្រួសារភាគច្រើនផ្តល់អាទិភាព សម្រាប់ការចេះដឹងរបស់កូនចៅ ហ៊ានបង់ប្រាក់ ដើម្បីការសិក្សានៅទីនេះ។ ខ្ញុំមិននិយាយអួតខ្លួនឯងទេ ប៉ុន្តែ ខ្ញុំត្រូវតែទទួលយកនូវអ្វីដែលជារបស់ខ្ញុំ។ ខ្ញុំអត់ដណ្តើមរបស់អ្នកណាទាំងអស់ តែសុំអ្នកដទៃកុំយករបស់ខ្ញុំទៅបានហើយ។ (នេះ)ជាការសម្រេចចិត្តរបស់ខ្ញុំដ៏ត្រឹមត្រូវ ដែលម្ខាងផ្តល់ឱ្យវិស័យឯកជនចូលរួម ដើម្បីនឹងវិនិយោគលើវិស័យអប់រំ តាមរយៈការកសាងសាកលវិទ្យាល័យ ឬក៏សាលាដទៃ ឯមួយផ្នែកទៀតផ្តល់ឱ្យក្រសួងអប់រំ យុវជន និងកីឡា អនុញ្ញាតឱ្យសាលារដ្ឋយកផ្នែកមួយ ដើម្បីរៀនបង់ថ្លៃ (ដោយ)ធានាថាសិស្សរបស់យើងបន្ទាប់ពីជាប់បាក់ឌុប្លិ៍ហើយមានកន្លែង សម្រាប់ទៅរៀន ទោះបីរៀនដោយអាហារូបករណ៍ ឬរៀនដោយការបង់ថ្លៃ។ ក្រៅពីនោះយើងនៅមានសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលគ្រប់គ្រងដោយក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ បូករួមទាំងក្រសួងអប់រំ យុវជន និងកីឡា ផ្តល់ឱកាស សម្រាប់យុវជនរបស់យើង ដែលប្រឡងមធ្យមសិក្សាទុតិយភូមិមិនជាប់ (ឱ្យ)ពួកគេបានរៀនយកបរិញ្ញាបត្ររង ដែលជាការបង្កើតឱកាស សម្រាប់ការផ្តល់ចំណេះដឹងក្នុងចំណោមយុវជន និងប្រជាជនរបស់យើង។
(នៅ)ពេលនេះ (សភាពការណ៍បាន)ឆ្លុះបង្ហាញអំពីការកើនឡើងនូវចំនួនអ្នកចេះដឹងនៅក្នុងចំណោមប្រជាពលរដ្ឋរបស់យើង ដែលមុននេះយើងពិបាកនិយាយថារយនាក់ខ្លាំងណាស់។ ខ្ញុំប៉ាន់ស្មានថា អ្នកដែលមានកម្រិតឧត្តមសិក្សា ឬក្រោមឧត្តមសិក្សាក្រោយ(រំដោះ)ឆ្នាំ ១៩៧៩ គ្រប់វិស័យ ទាំងពេទ្យ/ផ្នែកឧស្សាហកម្ម/កសិកម្ម/វិស័យអប់រំ ខ្ញុំថាឱ្យអស់ទៅចុះ ១ ពាន់នាក់ (ឬក៏)វាមិនដល់(ហ្នឹង)ផង។ បើគិតមើលទៅក្រសួងអប់រំ យុវជន និងកីឡា របស់យើង ឯកឧត្តម ចាន់ វ៉ែន គាត់ជារដ្ឋមន្ត្រីអប់រំមុន(គេ) ចាប់តាំងពីថ្ងៃ ៨ មករា (១៩៧៩) ចាត់តាំងរដ្ឋាភិបាលនៅពេលនោះ ឯកឧត្តម ចាន់ វ៉ែន គាត់ក៏អត់មានថ្នាក់ឧត្តមសិក្សាដែរ ព្រោះកាលជំនាន់មុន តែជាប់បាក់ឌុប្លិ៍ហើយ (គឺ)ចេញធ្វើសាស្រ្តាចារ្យ។ អញ្ចឹងទេ (ឯកឧត្តម ចាន់ វ៉ែន គាត់)អត់មាន(ឧត្តមសិក្សា)ទេ … ឯកឧត្តម ប៉ែន ណាវុធ គាត់មានឧត្តមសិក្សា។ គាត់ចូលមកធ្វើ(ជា)រដ្ឋមន្រ្តីអប់រំជំនួស ឯកឧត្តម ចាន់ វ៉ែន។ មិនដល់ ១ ឆ្នាំទេ យើងផ្ទេរឯកឧត្តម ប៉ែន ណាវុធ មកធ្វើជារដ្ឋមន្ត្រីអប់រំនៅពេលនោះ។
វាជាការគាប់ជួនខ្លាំងណាស់។ វាមិនមែនតពូជតពង្សទេ ក៏ប៉ុន្តែវាអញ្ចឹង។ មិនដឹងធ្វើម៉េច។ ពីដើមឪពុករបស់ ហង់ ជួនណារ៉ុន គឺជាអនុរដ្ឋមន្រ្តីក្រសួងអប់រំ (ចំណែក)ឪពុកក្មេករបស់ ហង់ ជួនណារ៉ុន នេះគឺ(ឯកឧត្តម) ប៉ែន ណាវុធ ជារដ្ឋមន្ត្រីអប់រំ នៅ(ធ្វើការ)ជាមួយគ្នា។ ដល់ក្រោយមកបង ឆេង ផុន គាត់សម្រាកទៅ (ក៏)បញ្ជូន ឯកឧត្តម ហង់ ជួន ទៅធ្វើរដ្ឋមន្ត្រីក្រសួងវប្បធម៌ … ដល់ទៅរើសរដ្ឋមន្ត្រីអប់រំ យើងមិនបានគិតថាកូនអ្នកណាជាអ្នកណា។ អ្នកណាមានសមត្ថភាពរើសទៅដែលត្រូវនឹងជំនាញគ្រប់គ្រងវិស័យអប់រំ គឺប៉ះ ហង់ ជួនណារ៉ុន។ អញ្ចឹង ហង់ ជួនណារ៉ុន ជាកូនអតីតអនុរដ្ឋមន្ត្រីអប់រំ ហើយនិងអតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងជាកូនប្រសាររបស់អតីតរដ្ឋមន្ត្រីអប់រំ។ រឿងមួយទៀត លោកជំទាវ ភឿង សក្កណា ជាកូនប្រសាររបស់លោកតា ឆេង ផុន (អតីត)មន្ត្រីក្រសួងវប្បធម៌ពីមុន។ ឥឡូវ មកដល់កូនប្រសារវាត្រូវជំនាញរបស់គាត់។ អាហ្នឹងធ្វើម៉េច?
(៥) បំណងរំលំ ហ៊ុន សែន ឆ្នាំ ២០២៣ ជាចេញដំណើរបែបហិង្សាផ្ដួលរំលំក្រៅប្រព័ន្ធប្រជាធិបតេយ្យ, ត្រកូលក្បត់ ៣ ជំនាន់, ហ៊ុន សែន ទទួលបានគ្រប់គ្រាន់ពីការសំរេចរបស់តុលាការបារាំង, នឹងទៅចុះឈ្មោះបោះឆ្នោតសាជាថ្មី នៅថ្ងៃទី ២០ តុលា ២០២២
យប់មិញ (ក្រុមប្រឆាំង)គេប្រកាស ប្រុងឱ្យកម្លាំងប្រដាប់អាវុធធ្វើ(ការបះបោរ)ទៀតហើយ(នៅ)ឆ្នាំ ២០២៣។ ជួញនឹងជាប់គុកទៀត។ អ្នកសាកមើល ខ្ញុំគ្រាន់តែដាស់តឿនទេ។ វាទើសអីយប់មិញនេះ គឺថាភ្ញាក់តាំងពីម៉ោង ៥ ជាងបន្តិច … ដោយសារតែព្រឹកឡើងវាអត់មានការងារធ្វើ គ្រាន់តែកាត់សក់តែប៉ុណ្ណឹង។ ឥឡូវខ្ញង់ដែរហ្នឹង … នៅសល់សក់កាត់។ អ្នកខ្លះគេស្រួលណាស់អត់មានសក់កាត់។ ឯខ្ញុំមានសក់កាត់។ អញ្ចឹងខ្ញុំត្រូវតែកាត់សក់។ ខ្ញុំអត់បានទេ តែសក់វែង គឺក្តៅខ្លួនហើយ … មានបងប្អូននៅក្នុងគ្រុប Telegram គេតែងតែយកព័ត៌មាននេះ/នោះ អញ្ចឹងគេរុញអាព័ត៌មានហ្នឹង(មក)។ ខ្ញុំ(ក៏)ចុចបើកមើល។ (ឃើញ)គេចេញសេចក្តីថ្លែងការណ៍ថា ឆ្នាំ ២០២៣ រំលំ ហ៊ុន សែន ឱ្យបាន រាប់ទាំងឱ្យកម្លាំងប្រដាប់អាវុធងើប(បះបោរ)។ ឆ្នាំ ២០២៣ គឺជាឆ្នាំបោះឆ្នោត តើអ្នកឯងចង់ប្រើកម្លាំងប្រដាប់អាវុធ? តើនេះ(មានន័យថា)អ្នកឯងចេញដំណើរតាមបែបហិង្សាផ្ដួលរំលំក្រៅប្រព័ន្ធប្រជាធិបតេយ្យ? (សូម)ចាំឱ្យបាន គណបក្សណាក៏ដោយដែលផ្សារភ្ជាប់ខ្លួនជាមួយទណ្ឌិតនេះនឹងទទួលបាននូវការប្តឹងផ្តល់ទៅកាន់តុលាការ។ (សូម)ចាំឱ្យច្បាស់។
លោកឯងថា ហ៊ុន សែន មិនហ៊ានលាលែងពីតំណែងទេព្រោះតុលាការបារាំងនឹងអូសក។ ខ្ញុំផ្តាំទៅលោកឯង ថ្ងៃទី ១២ ធ្នូ ២០២២ ខ្ញុំទៅដល់ Brussels អញ្ជើញតុលាការបារាំង ឬតុលាការអន្តរជាតិចាប់ ហ៊ុន សែន នៅទីនោះ(ចុះ)។ បើអ្នកឯងចិត្តសឿងអ្នកឯងធ្វើ ហ៊ុន សែន ឱ្យបាន។ ហ៊ុន សែន ទៅក្នុងឋានៈជាប្រធានអាស៊ាន និងត្រូវធ្វើជាសហប្រធានអាស៊ាន ជាមួយនឹងប្រធានសហភាពអឺរ៉ុប លោក Charles Michel ដែលជួបគ្នានៅតូក្យូថ្ងៃមុន។ គាត់ក៏មកចូលរួម(កិច្ចប្រជុំជាមួយអាស៊ាន)នៅទីនេះ។ ផ្តាំទៅលោកឯង កុំបោកប្រាស់គេខ្លាំងពេក … ខ្ញុំនឹងជួបពលរដ្ឋខ្មែរនៅ Brussels តែម្តង។ លោកឯងរៀបចំបាតុកម្មទៅ។ ហើយរៀបចំសំណុំឯកសារប្តឹងផ្តល់ទៅ។ អា ១ អឺរ៉ូអើយ ល្មមបានហើយ … រឿងដែលអ្នកឯងជោគជ័យបំផុត គឺជោគជ័យត្រង់មិនបានផ្តល់ឱ្យ ហ៊ុន សែន នូវលុយ ១ អឺរ៉ូ តែប៉ុណ្ណឹងទេ។ ក្រៅពីនោះមុខមាត់របស់អ្នកឯងត្រូវបានគេបកអាក្រាតអស់ទៅហើយ។
ខ្ញុំបានបញ្ជាក់នៅកន្លែងហ្នឹងហើយ មិនចាំបាច់បញ្ជាក់ឡើងវិញទេ គេបានប្រើពាក្យច្បាស់ណាស់ថា អ្នកឯងនិយាយហ្នឹងវាអត់មានភស្តុតាង។ អ្នកឯងនិយាយហ្នឹងវាបរិហាកេរ្តិ៍ (គេនិយាយ)នៅខាងលើ។ ទោះបីនៅខាងក្រោមគេអនុគ្រោះមិនឱ្យអ្នកឯងបង់ ១ អឺរ៉ូ ក៏ដោយចុះ។ ឈ្នះៗក្នុងចិត្តទៅ … ហ៊ុន សែន ទទួលបានគ្រប់គ្រាន់ហើយ ព្រោះតុលាការមួយដែលអ្នកឯងទទួលស្គាល់ថាជាតុលាការដែលឯករាជ្យ មិនមែនជាតុលាការតេឡេ បានបញ្ជាក់ច្បាស់ថា ការស្លាប់របស់ ហុក ឡង់ឌី មិនពាក់ព័ន្ធនឹង ហ៊ុន សែន អីទាំងអស់។ គេថែមទាំងស្តីបន្ទោសអ្នកឯងថាដាក់ភស្តុតាងអត់បានការ។ គេចាត់ទុកថាអ្នកឯងបរិហាកេរ្តិ៍។ អ្នកឯងត្រូវមើលព្រៃទាំងមូល … អ្នកឯងចង់បង្កើតរឿង។ ចង់ឱ្យអ្នក(ក្នុង)ស្រុកជាប់គុក។ អ្នកឯងកុំគិតថា នៅខាងក្នុងមិនហ៊ានធ្វើពួកអ្នកខាងក្នុង។ អ្នកឯងអាចមានសិទ្ធនិយាយនៅខាងក្រៅរៀងខ្លួន ប៉ុន្តែអ្នកនៅខាងក្នុង(ដែល)ពាក់ព័ន្ធ ងើបមួយវាយមួយ ងើបពីរវាយពីរ ព្រោះនេះទាក់ទងគេនិយាយពីរឿងបោះឆ្នោត។ បើអ្នកឯងនិយាយពីរឿងបោះឆ្នោត អូខេ។ អត់អីទេ។ ប៉ុន្តែអ្នកឯងចូលរួមនៅក្នុងព្រឹត្តិការណ៍មានលក្ខណៈផ្ដួលរំលំក្រៅប្រព័ន្ធប្រជាធិបតេយ្យ/ធម្មនុញ្ញ គឺទទួលបាននូវការផ្ដន្ទាទោស។ រឿងវាតែប៉ុណ្ណឹង។
កុំចាំបាច់បោកប្រាស់អីច្រើនពេកអាក្បត់ ៣ ជំនាន់។ និយាយអញ្ចឹងតែម្តង។ និយាយអសុរសបន្តិចទៅ(ចុះ)។ ជីតា/ឪពុកក្បត់ជាមួយ(ព្រះ)មហាក្សត្រ ឥឡូវ អាមួយនេះក្បត់ជាមួយ(ព្រះ)មហាក្សត្រទៀត។ ក្បត់ ៣ ជំនាន់។ អញ្ចឹង តើប្រជាពលរដ្ឋកម្ពុជាយើងទទួលយកបានទេពូជក្បត់ជាតិនេះ? អានេះខ្ទើយមិនខ្ទើយ ដូចយ៉ាងម៉េចទេ? (គេនិយាយធ្វើសម្លេង) ស្អី! មិនមែនមានតែកូន ហ៊ុន សែន ទេ … ខ្ញុំធ្វើវាមិនដូចអាហ្នឹង។ កៅអីនាយករដ្ឋមន្ត្រីវាមានតែមួយ ហើយឱ្យមនុស្សប៉ុន្មានលាននាក់ហ្នឹង (ទៅ)ដណ្តើមកៅអីតែមួយហ្នឹងឬយ៉ាងម៉េច? បើនិយាយក្នុងគណៈរដ្ឋមន្ត្រី យើងមាននាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ដែលកាន់ក្រសួង យើងថា ៣០ នាក់ទៅចុះ។ គណបក្សរបស់គេ គេរើសរបស់គេ។ អ្នកឯងនិយាយយ៉ាងម៉េច? ចង់កាត់សិទ្ធិកូនរបស់ខ្ញុំឬយ៉ាងម៉េច? ពីថ្ងៃនេះទៅខ្ញុំហៅពូជអាក្បត់(ជាតិ) ៣ ជំនាន់។ និយាយឱ្យខ្លាំងបន្តិចទៅចុះ។ មានអាមួយនោះ(គេ)ថា យើងប្រឆាំងជាមួយនឹងព្រះសង្ឃ។ ខ្ញុំអត់ប្រឆាំងជាមួយព្រះសង្ឃទេ ខ្ញុំព្រះករុណាខ្ញុំគោរពព្រះសង្ឃណាស់។
ម្សិលមិញនាំយកបច្ច័យ(ទៅក៏)ទូលសួរសម្តេចព្រះសង្ឃរាជ ប៊ូរ គ្រី ថាសាកលវិទ្យាល័យនេះកសាងអស់ប៉ុន្មាន? ព្រះអង្គមានបន្ទូលថា សល់តែមួយ ១ ដុល្លារទៀតគ្រប់ ២ លាន(ដុល្លារ) អត់អីទេ ខ្ញុំព្រះករុណាខ្ញុំចាប់ផ្តើមចលនា។ ម្សិលមិញនេះ គឺបានទទួល ៤០ ម៉ឺនដុល្លារ លោកកសាងបានមួយចំនួនហើយ តែយើងនៅតែចូលទៀត។
(មាន)សង្ឃអត់សីលម្នាក់ មិនគួរហៅជាសង្ឃទេ … យើងអត់ប្រើចំឈ្មោះវាទេ ប៉ុន្តែ វារើសដាក់ខ្លួន ខ្ញុំដែលហៅឈ្មោះវាពីពេលណា? តែវារើសដាក់ខ្លួន អាខ្មៅ ជាអ្នកណា? មានមនុស្សច្រើនណាស់(ឈ្មោះ) អាខ្មៅ។ ប៉ុន្តែ វាដឹងខ្លួនវា ព្រោះវាប្រព្រឹត្តិអាក្រក់ពេក។ អាខ្មៅ ឯងល្មមយកលុយ ១០ ម៉ឺនដុល្លារ ទៅឱ្យ ជេម សុខ ព្រោះ … ទាស់គ្នា។ ឥឡូវ ពីរនាក់ហ្នឹងគេត្រូវគ្នាឬនៅ? … ខ្ញុំអត់មានប្រមាថអីព្រះសង្ឃទេ។ ខឹម វាសនា គាត់ជេរអាចោរថង់យាម មិនមែនសំដៅលោកសង្ឃទាំងអស់ទេ។ ជេរត្រូវតែមួយទេ ហើយចេះតែថា ខឹម វាសនា ប្រមាថព្រះសង្ឃ។ មិនមែនទេ។ ខឹម វាសនា ជេរអាចោរថង់យាម សំដៅបុគ្គលម្នាក់ ហើយអ្នកឯងមកនិយាយថា លោក ហ៊ុន សែន ជឿអបិយជំនឿអីឯណា? ឯង(ថា)មិនព្រមទៅនៅវត្ត(ពេលស្លាប់) ថាធ្វើចេតិយនៅក្នុងវត្តមិនទៅនៅ (វាថា) “ទីចុងបំផុត ហ៊ុន សែន ខ្លាចងាប់។” អាខ្មៅ អើយ! បើ អាខ្មៅ ឯងមិនខ្លាចងាប់ទេ ឯងរស់អមតៈទៅ។ អញខ្លាចងាប់ណាស់វើយ …។
អាមួយនៅស្រុកបារាំងអ្ហែងត្រៀមទៅ … អញប្រាប់ម៉ោងអ្ហែងទៀត ចេញពីភ្នំពេញថ្ងៃទី ១២ (ធ្នូ ២០២២)។ អញទៅ Brussels។ អញជួបធុរៈកិច្ចកម្ពុជា/អឺរ៉ុប ជួបជាមួយជនជាតិខ្មែរ រួចហើយប្រជុំអាស៊ាន-អឺរ៉ុប … អ្ហែងកុំនឹកស្មានឱ្យសោះថា ពលរដ្ឋកម្ពុជាស្តាប់ពួកអ្ហែងនោះ។ បើអ្ហែងក្បត់(ជាតិក្បត់)តែឯងទៅ។ ឪអ្ហែងស្លាប់តៃហោងដោយសារតែក្បត់ព្រះមហាក្សត្រ។ អ្ហែងជេរ(ព្រះ)មហាក្សត្រកប់ៗមាត់។ ឥឡូវ អ្ហែងចង់មកទៀត? … រួចហើយវាទាស់តែជាមួយកូនក្មេង។ មួយថ្ងៃៗវាយតែត្រកូល “ហ៊ុន”។ អូខេ! វាយចុះ។ រួចហើយចេះនិយាយទៅរួច ក្នុងសាលដីការរបស់គេនិយាយគ្របដណ្តប់ទាំងអស់ ហើយគេធ្វើការសន្និដ្ឋាននៅខាងលើនោះ អាអង្គហេតុពីខាងលើនោះគេបញ្ជាក់ច្បាស់ប៉ុណ្ណឹង(ហើយ) អ្នកឯងជោគជ័យទៀត។ ធ្វើដូចប្រជាជនគេមិនយល់?
ឥឡូវ សំខាន់គឺការអំពាវនាវរបស់គេនៅក្នុងហោប៉ៅរបស់ខ្ញុំ(នេះ)ជាសេចក្តីថ្លែងការណ៍របស់គេ។ អាមួយនេះខូចនោះខូច។ ក្នុងប្រវត្តិ ៥០០ ឆ្នាំហ្នឹង អត់មានអ្នកណាខូចជាងអាហ្នឹង។ ខ្ញុំចង់និយាយថា រាប់តាំងពីដែលខ្ញុំសិក្សាច្រើនទាក់ទិនចាប់ពី ពញ្ញា យ៉ាត កសាងទីក្រុងភ្នំពេញ ៥០០ ឆ្នាំហ្នឹង អត់មានអ្នកណាខូចជាងអាហ្នឹងទេ ហើយអត់មានអ្នកណាខូចជាងពូជហ្នឹងទេ។ អ្ហែងដៀលពូជអញ ត្រកូល “ហ៊ុន” អញក៏ដៀលពូជអ្ហែង ពូជអាក្បត់ជាតិ ៣ ជំនាន់ … កុំថា មុខនិស្សិតរាប់ពាន់នាក់ ខ្ញុំក៏ត្រូវបកស្រាយឱ្យនិស្សិតស្តាប់ដែរ … អ្ហែងត្រូវចាំឱ្យច្បាស់ ហ៊ុន សែន ធ្វើយោធាតាំងពីអាយុ ១៨ ឆ្នាំ រាល់ថ្ងៃផ្កាយ ៥ នៅលើស្មានៅឡើយទេ ជាព្រះរាជទាន(របស់ព្រះមហាក្សត្រ) ហើយអ្ហែងត្រូវដឹង “ងារតេជោ” មិនមែនចេះតែទទួលបានទេ។ ព្រះមហាក្សត្រ ប្រទាន “ងារតេជោ” យើងធ្លាប់ដឹងហើយ “ងារតេជោ” មាន “តេជោមាស និង តេជោយ៉ត” …។
ឯងសង្ឃឹមទៅ។ មិនគិតរុញដំណើរការប្រជាធិបតេយ្យតាមរយៈការបោះឆ្នោត ទៅគិត(តែ)ពីប្រមូលមនុស្សទៅឱ្យផ្ដួលរំលំ ហ៊ុន សែន ឱ្យបានឆ្នាំ ២០២៣ ហើយឱ្យកម្លាំងប្រដាប់អាវុធងើបទៅទៀត។ អាហ្នឹងហើយរឿងជាប់គុក/ច្រវ៉ាក់។ ចេញមុខមកអ្នកណាចូលរួមខ្លះ។ សុំបញ្ជាក់ ងើបមួយវាយមួយ ប៉ុន្តែ បើអ្នកឯងដើរធ្វើបក្ស(នយោបាយ) សុំអញ្ជើញ ព្រោះយើង(មាន)គណបក្សច្រើនណាស់។ ឥឡូវ គណបក្សខ្លះគេរួមគ្នាដើម្បីត្រៀមបោះឆ្នោត នៅថ្ងៃទី ២៣ កក្កដា ២០២៣។
សុំនិយាយរឿងហ្នឹងឱ្យហើយដែរ (នៅ)ថ្ងៃទី ២០ តុលា ២០២២ (ខាងមុខ)នេះ … គឺចាប់ផ្តើមចុះឈ្មោះបោះឆ្នោត ខ្ញុំព្រះករុណាខ្ញុំក៏ទៅចុះឈ្មោះសាជាថ្មីដែរ។ មូលហេតុអីបានត្រូវចុះឈ្មោះ(បោះឆ្នោតថ្មី)? កាលពីមុននៅក្នុងអត្តសញ្ញាណប័ណ្ណថ្ងៃខែកំណើត (គឺនៅថ្ងៃទី) ៤ មេសា ១៩៥១ ឥឡូវ ក្នុងអត្តសញ្ញាណប័ណ្ណរបស់(ខ្ញុំបបានកែមក)ថ្ងៃទី ៥ សីហា ១៩៥២ អញ្ចឹង បើយើងមិនទៅចុះឈ្មោះបោះឆ្នោតឡើងវិញ គឺយើងបាត់សិទ្ធិបោះឆ្នោត។ អញ្ចឹងទេ អ្នកសារព័ត៌មានអាចទៅ(យករូបភាព)បាន ទៅថតពេល ហ៊ុនសែន ទៅចុះឈ្មោះ(បោះឆ្នោត)នៅសាលាវិក្រឹត្យការខេត្តកណ្តាល។ សុំប្រជាពលរដ្ឋដែលមិនទាន់បានទៅចុះឈ្មោះឆ្នោត (និង)យុវជនដែលដល់អាយុបោះឆ្នោត ត្រូវទៅចុះឈ្មោះបោះឆ្នោត(ឱ្យបានគ្រប់គ្នា)។
(៦) បាត់ដំបងនិងប៉ៃលិន ត្រូវដោះស្រាយព្រំប្រទល់រដ្ឋបាលខេត្តឱ្យបានក្នុងរយៈពេល ២ សប្តាហ៍, គោលនយោបាយកម្ចាត់ចោលមនោគមន៍(វិជ្ជា)ជ្រុលនិយមរបស់ជនក្បត់ ៣ ជំនាន់
ខ្ញុំនិយាយតាមទូរស័ព្ទជាមួយនឹងអភិបាលខេត្តបាត់ដំបង/ប៉ៃលិនថា ដោះស្រាយឱ្យចប់ គ្រាន់តែកែសម្រួលព្រំប្រទល់រដ្ឋបាលធ្វើប៉ុន្មានជំនាន់ហើយធ្វើអត់ចេញ? ម្សិលមិញខ្ញុំបានផ្ញើសារទៅ សុខ លូ ថា បើសិនជា ២អាទិត្យទៀតធ្វើមិនចេញ ខ្ញុំចុះទៅតែម្តង។ វាមិនមែនកាត់ដីឱ្យបរទេសឯណា? ភូមិហ្នឹងជាភូមិបងប្អូនធ្វើសមាហរណកម្ម ដល់ចេញមកអ្នកមួយចំនួនបោះ(ឆ្នោត)នៅប៉ៃលិន មួយចំនួន(បោះឆ្នោត)នៅឯបាត់ដំបង ហើយបាត់ដំបងដីវាធំណាស់ កាត់ឱ្យប៉ៃលិនប៉ុន្មានពាន់ហិកតាទៅដើម្បីឱ្យប្រជាជន ទី(១) អ្នកណាចុះឈ្មោះបោះឆ្នោត(នៅទីនោះរួចហើយ)ក៏អាចផ្ទេរ ឬក៏បោះឆ្នោតនៅកន្លែងដដែល ដែលហៅថាមណ្ឌល(បោះឆ្នោត)ខាងបាត់ដំបង ឬក៏ផ្ទេរឈ្មោះទៅ(បោះឆ្នោតនៅ)ខាងប៉ៃលិន។ ធ្វើប៉ុណ្ណឹងធ្វើមិនចេញ? ខ្ញុំ Voice សំឡេងទៅឱ្យ ហើយក៏បានបញ្ជូនទៅឱ្យ សម្តេចក្រឡាហោម ស ខេង ហើយក៏ប្រាប់ សម្តេចក្រឡាហោម ស ខេង នៅឯ(រដ្ឋ)សភាកាលពីថ្ងៃមុនដើម្បីធ្វើឱ្យវាចប់។ ប្រជាពលរដ្ឋគាត់បានកម្មសិទ្ធិ ខាង(បាត់ដំបង)នេះក៏មិនចេញកម្មសិទ្ធិឱ្យ ខាងនោះ(ប៉ៃលិន)ក៏មិនចេញកម្មសិទ្ធិឱ្យ។
ឯកឧត្តម សុខ លូ និងលោកជំទាវ បាន ស្រីមុំ ២ នាក់ហ្នឹង បើធ្វើមិនទាន់ទេ ខ្ញុំនឹងចុះទៅ។ ២ សប្ដាហ៍ទៀត ឱ្យពេលវេលាតែប៉ុណ្ណឹង។ បើធ្វើមិនទាន់ទេ ខ្ញុំនឹងចុះទៅ។ ចៅហ្វាយខេត្តប៉ុន្មានហើយធ្វើមិនចេញ? … តាមខ្ញុំស៊ើប មានអ្នកធំមួយចំនួនចាប់ដីដាំស្វាយនៅត្រង់នោះ។ អញ្ចឹង វាទៅរារាំងនៅរដ្ឋបាលខេត្តបាត់ដំបងកុំឱ្យកាត់ដីចូលទៅប៉ៃលិន។ ដីស្វាយលោកឯងអត់បាត់បង់ទៅណាទេ ដីនៅបាត់ដំបង/ប៉ៃលិនក៏ដីខ្មែរ លោកឯងស៊ីផល(ដំណាំ)ទៀតទៅ កុំចាំបាច់ទៅរារាំងគេអញ្ចឹង។ ខ្ញុំស៊ើបដឹងថា មូលហេតុអីបានរាប់ឆ្នាំហើយដោះវាមិនចេញ? សម្ដេចក្រឡាហោម គាត់បាននិយាយថា មិនមែនជាការកាត់ដីឱ្យជនបរទេសឯណា កាត់តម្រឹមព្រំប្រទល់រដ្ឋបាលដើម្បីឱ្យងាយគ្រប់គ្រង ព្រោះខាងប៉ៃលិនគេលូកមកវាជិត ឯយើងពីបាត់ដំបងលូកទៅវាឆ្ងាយ។ ស្ដាប់ឱ្យបាន ចៅហ្វាយខេត្ត/ស្រុកដែលពាក់ព័ន្ធ ខ្ញុំនិយាយខាងផ្នែករដ្ឋបាល ឯចំពោះឃុំគឺការបោះឆ្នោត អញ្ចឹងទេ កែសម្រួលព្រំប្រទល់រដ្ឋបាលឱ្យគាត់បានកម្មសិទ្ធិទៅ។ គាត់អាចយកទៅដាក់ធនាគារដើម្បីយកប្រាក់មកធ្វើដើមទុនស្អីៗ។ ឥឡូវ គាត់ស្អីៗក៏អត់ ហើយសមាហរណកម្មតាំងពីឆ្នាំ ១៩៩៦ ធ្លាក់មកដល់ឥឡូវជិត ៣០ ឆ្នាំ ធ្វើអត់ចេញ? …
… ប្រធាន គ.ជ.ប ក៏ដូចជា សមាជិក/ជិកា គ.ជ.ប បានធ្វើការណែនាំ(រួច)ហើយ។ ខ្ញុំក៏ជា(ប្រជា)ពលរដ្ឋម្នាក់ ដែលទៅចុះឈ្មោះបោះឆ្នោតឡើងវិញដែរ ហើយកែសម្រួលយ៉ាងម៉េចឱ្យត្រូវ(គ្នា) ដល់ពេលថ្ងៃយើងទៅបោះ(ឆ្នោត) ស្រាប់តែអត្តសញ្ញាណប័ណ្ណផ្សេង ថ្ងៃខែ(ក្នុង)គល់បញ្ជី(បោះឆ្នោត)ផ្សេង។ អញ្ចឹង យើងបាត់សិទ្ធិបោះឆ្នោតហើយ។ បាត់សិទ្ធិបោះឆ្នោតចំតួអង្គសំខាន់ទៀត គឺជាមេគណបក្សប្រជាជន ហើយជាបេក្ខជននាយករដ្ឋមន្ត្រីទៀត (គឺចប់បណ្តោយ)។ ខាងផ្នែកច្បាប់យើងត្រូវហ្មត់ចត់។ ខ្ញុំព្រះករុណាខ្ញុំ និយាយរឿងក្ដៅបន្តិច ដោយសារតែវាដាក់មកក្ដៅ ដាក់ទៅវិញក្ដៅអញ្ចឹងតែម្ដង … ហ៊ុន សែន នឹងប្ដូរផ្ដាច់កំចាត់ចោលនូវមនោគមន៍វិជ្ជា នៃពូជអាក្បត់ជាតិ ៣ ជំនាន់ … ជិតដល់ខួបលើកទី ២០ នៃការដែលអ្នកឯងដាក់ចេញ(នយោបាយ) “មានសែន អត់ស៊ី មានស៊ី អត់សែន” ព្រោះចាប់ផ្ដើមពី(ឆ្នាំ) ២០០៣ អ្នកឯងដាក់ចេញគោលនយោបាយនេះ។ ឥឡូវ ខ្ញុំក៏ទទួលអនុវត្តគោលនយោបាយហ្នឹងដូចគ្នា។ តែខ្ញុំមិនសម្លាប់អ្នកឯងទេ ដូចអ្វីដែលខ្ញុំដាក់ចេញនូវគោលដៅកម្ចាត់អង្គការចាត់តាំងនយោបាយនិងយោធា នៃរបបខ្មែរក្រហម ខ្ញុំធ្វើបានមែន។ ឥឡូវ ខ្ញុំដាក់ចេញនូវគោលនយោបាយកម្ចាត់ចោលមនោគមន៍(វិជ្ជា)ជ្រុលនិយមរបស់ជនក្បត់ ៣ ជំនាន់ លែងអ្ហែងអញ្ចឹងតគ្នា ទៅមើល កុំអ្ហែងពិបាកពេក។
… អាមួយរត់ចោលគុក គេថាគេមកទៀតហើយ។ អញ្ជើញមកឱ្យវារហ័ស(បន្តិច)។ រួច(គេ)ថាខ្ញុំហាមឃាត់យន្តហោះបរទេសមិនឱ្យដឹក(គេចូលមកស្រុកខ្មែរ) ខ្ញុំសុំបញ្ជាក់ថា ខ្ញុំមិនដែលបានហាមឃាត់ទេ អ្នកណាចង់ដឹកអី(ក៏)ដឹកមក។ សូមអញ្ចើញដឹកមក។ គេថាសុំឱ្យ លោក ហ៊ុន សែន ដកបម្រាម ខ្ញុំមានបានបញ្ជាឯណា ប៉ុន្តែ អ្វីដែលខ្ញុំបញ្ជាក់ គឺតែប៉ុណ្ណេះទេ មកដល់ស្វាគមន៍ដោយខ្នោះ។ អត់រួចខ្លួនទេអាពៅ ហើយកុំសង្ឃឹមលើ ហ៊ុន សែន ចុះហត្ថលេខាលើកលែងទោសឱ្យអ្ហែងឱ្យសោះ។ អ្នកណាចង់ដឹកក៏ដឹកមក … គ្រាន់តែបញ្ជាក់ថា ពេលមកដល់ គឺត្រូវតែជាប់ខ្នោះ (រួច)បញ្ចូល(ចូល)គុក ហើយគុកមួយណាខ្ញុំមិនប្រាប់ទេ។ បានរៀបចំត្រៀមរួចហើយ … ស្មានតែកងទ័ពគេទៅជួយការពារលោកឯង? លោកឯងគិតថាទ័ពរាល់ថ្ងៃស្រលាញ់លោកឯងប៉ុន្មានទៅ? មានប៉ុន្មានចេញមក? ខូចពេកតែម្ដង … ទៅ Live Show ទៀតទៅ អាស៊ីសេរី, ខេមបូឌាដេលី ឬ VOA យកទៅ។
ខ្ញុំចាត់(ទុក)អាក្រុមនេះ … ពូជអាក្បត់ជាតិ ៣ ជំនាន់ ដូចជាអង្គការចាត់តាំងនយោបាយ និងយោធា ប៉ុល ពត អញ្ចឹង។ ខ្ញុំនឹងប្ដូរផ្ដាច់កម្ចាត់ចោលមនោគមន៍វិជ្ជាជ្រុលនិយម នៃត្រកូលក្បត់ជាតិ ៣ ជំនាន់។ បើនិយាយពីត្រកូល “ហ៊ុន” បាន ត្រកូល “ហ៊ុន” និងត្រកូល “សម” អត់ដូចគ្នាទេ។ ត្រកូល “ហ៊ុន” មិនដែលចេះក្បត់ទេ។ ត្រកូល “ហ៊ុន” បានរួមចំណែកធ្វើឱ្យប្រទេសនេះរីកចម្រើន ត្រកូល “សម” (ទៅវិញ)ទេ ដែលក្បត់តាំងពីជីតារហូតដល់ឪពុករហូតដល់កូន ហើយងាប់តៃហោង មិនដឹងងាប់នៅឯណា។ មិនដឹងថាឆ្អឹងឪរបស់ខ្លួននៅឯណាផង … លោកឯងចេញសេចក្ដីថ្លៃងការណ៍យប់មិញ ខ្ញុំចេញ(សេចក្តីថ្លែងការណ៍)ត្រឡប់ទៅវិញ(ដូចគ្នា)។ ខ្ញុំដឹងអ្នកឯងចង់ឱ្យខ្ញុំឆ្លើយ ខ្ញុំត្រូវតែឆ្លើយ។ ខ្លាចអីអានេះមនុស្សជាប់គុកទេតើ។ បក្សនយោបាយនានាសាកហ៊ានភ្ជាប់ខ្លួនជាមួយអាហ្នឹងទៅមើល បើមិនចូលទៅក្នុងការរំលាយចោលគណបក្សហ្នឹងបន្តទៀត។ មើលច្បាប់ស្ដីពីគណបក្សនយោបាយ។ និយាយគ្នាឱ្យច្បាស់។
(៧) វិធានសុខាភិបាលក្នុងពេលវិបត្តិកូវីដ-១៩ ដើម្បីការរស់រានរបស់ពលរដ្ឋ, មិនអាចផ្ទេរចំណេះដឹងតាមរបៀបចាក់យកខួរក្បាលរបស់គ្រូបញ្ជូលទៅឱ្យសិស្សបានទេ, សន្តិភាព ស្ថិរភាពខាងនយោបាយ ម៉ាក្រូសេដ្ឋកិច្ច ផ្ដល់ឱកាសឱ្យនិស្សិត, កម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់លេខ ១០៥ ក្នុងចំណោម ២១៤ ប្រទេស ដែលប្រើប្រាស់ប្រេងឥន្ធនៈច្រើន, បក្សនយោបាយប៉ុន្មានផ្ញើសាររំរំលែកទុក្ខ ចំពោះគ្រួសារសពក្នុងសោកនាដកម្មលិចទូកស្លាប់ក្មេងនៅស្រុកលើកដែក
ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានមោទនភាពជាមួយនឹងការខិតខំទាំងអស់ សូមអរគុណចំពោះសាកលវិទ្យាធិការ ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ និងនិស្សិតទាំងអស់ ដែលបានចូលរួមចំណែកទៅក្នុងកាលទេសៈដ៏លំបាក យោគយល់ទៅដល់វិធានការទាំងឡាយ ដែលរាជរដ្ឋាភិបាលបានប្រកាន់យក សម្រាប់ការដោះស្រាយបញ្ហាកូវីដ-១៩ ដោយប្រឹងប្រែងរៀនតាមអនឡាញផង (និង)រៀនផ្ទាល់ផង។ ប៉ុន្តែ វិធានការទាំងនោះ ដើម្បីតែថ្ងៃនេះឯង។ នេះចង្អុលបង្ហាញឱ្យឃើញ បើយើងមិនហ្មត់ចត់នៅក្នុងឆ្នាំ ២០២០-២១ តើមានព្រះសង្ឃប៉ុន្មានអង្គ និស្សិតប៉ុន្មាននាក់ ដែលអវត្តមាននៅថ្ងៃនេះ? អត់បានមកទទួលសញ្ញាបត្រ ដោយសារស្លាប់ដោយ(ជំងឺ)កូវីដ-១៩ ប៉ុន្តែ វិធានការអស់ទាំងនោះជាវិធានការ ដើម្បី(ការ)រស់រានមានជីវិត(របស់ប្រជាពលរដ្ឋ)។ បើគ្មានវិធានការថ្ងៃមុនទេ ក៏អត់មានការជួបជុំថ្ងៃនេះបានដែរ។ បើកប្រទេសឡើងវិញ(បាន) ដោយសារមនុស្សម្នាក់ៗ គ្រួសារនីមួយៗ សហគមន៍នីមួយៗចូលរួម តាមរយៈ(ការអនុវត្តនូវវិធាន) “៣កុំ ៣ការពារ” (និង)តាមរយៈការទទួលវ៉ាក់សាំង។ ឥឡូវនេះ នៅបន្តប្រក្រតីភាពតាមគន្លងថ្មី។ ស្អីទៅប្រក្រតីភាពតាមគន្លងថ្មី? យើងពាក់ម៉ាស់ យើងអង្គុយឃ្លាតឆ្ងាយពីគ្នា យើងមិនប៉ះពាល់គ្នា។
ជាមួយគ្នានេះ អនុញ្ញាតឱ្យខ្ញុំព្រះករុណាខ្ញុំថ្លែងនូវការអបអរសាទរ ចំពោះនិស្សិតជ័យលាភីគ្រប់កម្រិតទាំងអស់ដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ ទាំងអស់នេះបានមកពីការខិតផ្ទាល់របស់និស្សិតគ្រប់អង្គ/រូប ដូចដែលខ្ញុំព្រះករុណាខ្ញុំធ្លាប់និយាយថា ការផ្ទេរចំណេះដឹង អត់មានផ្ទេរតាមរបៀបចាក់យកខួរក្បាលរបស់គ្រូបញ្ជូលទៅឱ្យសិស្សបានទេ (គឺ)អត់ទេ។ ត្រូវប្រឹងប្រែងរៀនសូត្រដោយខ្លួនឯង ការខិតខំទាំងអស់នោះហើយ ដែលនាំយើងមកដល់ពេលនេះ។ ខ្ញុំព្រះករុណាខ្ញុំក៏សូមយកឱកាសនេះ ដើម្បីអបអរសាទរជាមួយក្រុមគ្រួសារ មាតាបិតា អាណាព្យាបាល ភរិយា/ស្វាមី ដែលផ្ដល់ឱកាសឱ្យកូន/ចៅ ប្ដី/ប្រពន្ធមករៀនសូត្រនៅទីនេះ។ វាគឺជាមោទនភាពសម្រាប់ក្រុមគ្រួសាររបស់យើង ការចេះដឹងកាន់តែច្រើនទៅៗ សង្គមជាតិទាំងមូលទទួលផលពីការខិតខំរបស់យើងនេះឯង។
សង្គមផ្ដល់ឱកាសសម្រាប់ក្រុមគ្រួសារ/មនុស្សគ្រប់រូប ដូចជាកត្តាសន្តិភាព ស្ថិរភាពខាងនយោបាយ ម៉ាក្រូសេដ្ឋកិច្ច ផ្ដល់ឱកាសសម្រាប់ឱ្យនិស្សិតរបស់យើង(យ៉ាងដូច្នោះដែរ)។ សង្គមផ្ដល់ឱកាសសម្រាប់និស្សិតរបស់យើងច្រើនណាស់ បើប្រៀបធៀបជាមួយនឹង(យុវជន)ជំនាន់មុន។ យើងមិនប្រៀបធៀបជាមួយប្រទេសដទៃ(ទេ) ប្រៀបម៉េចនឹងបាន គេទៅដល់ណា/ណី គេអភិវឌ្ឍន៍រហូត ឯងចេញពី ១៩៧៩ បាទដៃទទេ។ មានតែពួកភ្លេចកំណើតទេ ដែលវាភ្លេច ១៩៧៩។ វាដើរអត់ស្បែកជើងដូចតែគ្នាហ្នឹង ឥឡូវ វាជិះឡានហើយវាជេរឯងទៀត វាថាដឹកនាំរាប់សិបឆ្នាំអត់មានការរីកចម្រើន។ ពួកអ្នកឯងពិនិត្យមើលផង កាលពីឆ្នាំ ១៩៧៩ ឯងមានឡាន/ម៉ូតូជិះទេ? ត្រូវជម្លៀសខ្លួនពីកន្លែងមួយទៅកន្លែងមួយ ឥឡូវ មានអីខ្លះហើយ? លំបាកវាមិនមែនមានតែកម្ពុជាឯណា ប្រទេសខ្លះលំបាកជាងកម្ពុជា(ផង)។
ខ្ញុំបានទទួលនូវវ៉ែបសាយត៍មួយ ដែលលោក (នរ៉ាណាប្ញទ្ធិ) អានន្ទដាយ៉ាត ផ្ញើមក អំពីចំនួនការប្រើប្រាស់ប្រេងឥន្ធនៈ … កម្ពុជាយើងស្ថិតនៅចំណាត់ថ្នាក់លេខ ១០៥ នៃ(ប្រទេសមាន)ការប្រើប្រាស់ប្រេងឥន្ធនៈ(ច្រើន)។ នៅលើពិភពលោកអ្នក ដែលប្រើប្រេង(ឥន្ធនៈ)ច្រើនជាងគេគឺសហរដ្ឋអាមេរិក។ មិនមែនបានសេចក្ដីថា អាមេរិកមានប្រជាជនតិចជាងចិន/ឥណ្ឌា ហើយ(អាមេរិក)ប្រើប្រេងតិចជាងចិន/ឥណ្ឌាទេ។ ក្នុងចំណោម ២១៤ ប្រទេស យើង(ស្ថិតក្នុង)ចំណាត់ថ្នាក់(លេខ) ១០៥។ ក្នុងមួយថ្ងៃអាមេរិកប្រើប្រេងឥន្ធនៈ(អស់) ១៩ លាន ៦ សែនបារ៉ែល/ថ្ងៃ។ ចិនប្រើ(ប្រេងឥន្ធនៈអស់) ១២ លានបារ៉ែល/ថ្ងៃ។ ឥណ្ឌាប្រើ(ប្រេងឥន្ធនៈអស់) ៤ លានបារ៉ែល/ថ្ងៃ។ កម្ពុជា(ជាប់)ចំណាត់ថ្នាក់លេខ ១០៥ ប្រើ(ប្រេងឥន្ធនៈអស់) ៤ ម៉ឺន ៨ ពាន់បារ៉ែល/ថ្ងៃ។ យើង(ស្ថិតក្នុងចំណាត់ថ្នាក់)លេខ ១០៥ ក្នុងចំណោមប្រទេស ២១៤ បានសេចក្ដីថា គេក៏មើលទិន្នន័យ នៃការប្រើប្រាស់នេះ យើងស្ថិតនៅ(លើ)គេជាង ១០០ ប្រទេស នៃការប្រើប្រាស់ប្រេង(ឥន្ធនៈច្រើន)។ សូម្បីតែសាំងហ្កាពួរ គាត់ប្រទេសតូចទេ ក៏ប៉ុន្តែ គាត់ប្រើប្រេងឥន្ធនៈខ្ពស់ដែរ។ សាំងហ្កាពួរស្ថិតនៅក្នុង(ចំណាត់ថ្នាក់)លេខ ១៦ គាត់ប្រើ(ប្រេងឥន្ធនៈអស់) ១ ៣៥៧ ០០០ បារ៉ែល/ថ្ងៃ អញ្ចឹង បានសេចក្ដីថា គេគិតខ្នាតការប្រើប្រាស់អស់ទាំងហ្នឹង។
បើយើងពិនិត្យមើលផ្លូវល្បឿនលឿន គ្រាន់(តែ)ឱ្យជិះដោយមិនយកលុយ (មានយានយន្ត)ចូលដល់ ២០ ម៉ឺនគ្រឿង ធ្វើដំណើរ(លើផ្លូវល្បឿនលឿន)។ ត្រូវប៉ាន់អ្នកកំពង់សោម ព្រោះ(ប្រជាពលរដ្ឋ)ទៅលេង(ទីនោះ ដោយ)ចង់ដឹងផ្លូវល្បឿនលឿន ព្រោះគេអោយជិះ ១ ខែ ដោយមិនបង់ប្រាក់ ដើម្បីជាការសាកល្បង។ គេថតពីខាងលើមកឃើញសុទ្ធតែឡាន។ (ឆ្នាំ) ១៩៧៩ មានទេធន់ហ្នឹង? (ឆ្នាំ) ១៩៧៩ បានឡាន Lada មួយ គឺថា(ស្មើ) Mercedes ឥឡូវ។ ជំនាន់នោះ Volga ស្មើ Rolls-Royce ជំនាន់នេះ។ ជំនាន់យើងមាន Lada, Volga, Moskvich។ ឥឡូវនេះ ផ្ទះភាគច្រើនមានម៉ូតូ។ ម៉ូតូ(បច្ចុប្បន្នមាន)ប៉ុន្មានលានគ្រឿង(ឯណោះ) ក្នុងពេលដែលឡានមានប្រហែលជា ១ លានគ្រឿង។ (ឆ្នាំ) ១៩៧៩ មានទេអាហ្នឹង? ចេះទទួលស្គាល់ខ្លះផង … ថាកីឡាគាត់មិនស្វាគមន៍ក៏ហីទៅចុះ ក៏ប៉ុន្តែ សោកនាដកម្ម(កើតឡើងចំពោះ)ក្មេងទាំងនេះ សួរថាបក្សនយោបាយប៉ុន្មានចេញមុខ គ្រាន់តែសារមួយសន្លឹករំលែកទុក្ខក៏អត់? វាដល់ប៉ុណ្ណឹង ហើយក្នុងចំណោមហ្នឹងអាចថាមានសាច់ញាតិ ឬក្រុមគ្រួសារខ្លះអាចបោះឆ្នោតពួកគេផង ហេតុអីបានគេមិនធ្វើ? ផ្ទុយទៅវិញគេចង់ឱ្យកើតរឿងអញ្ចឹងឱ្យបានច្រើនបំផុត តាមដែលអាចធ្វើទៅបាន។ អញ្ចឹង អាមនោគមន៍វិជ្ជាជ្រុលនិយមនេះ ត្រូវតែដាក់ចេញនូវគោលដៅកម្ចាត់វា …។
ខ្ញុំអរគុណ(សាកលវិទ្យាល័យជាតិគ្រប់គ្រង) ដែលបានផ្ដល់អាហាររូបករណ៍សម្រាប់ខ្ញុំ ថ្ងៃនេះក៏មាននិស្សិតអាហាររូបករណ៍របស់ខ្ញុំមួយចំនួន ដែលផ្ដល់ឱ្យខ្ញុំ (ក៏បានមកទទួលសញ្ញាបត្រដែរ)។ ខ្ញុំអត់យកទៅណាទេ ខ្ញុំ ចែកឱ្យមករៀននៅសាលាហ្នឹងដដែល។ ប្រវត្តិសាលានេះបានជួយបញ្ចប់ការសិក្សារបស់អតីតរដ្ឋមន្ត្រីក្រសួងទូរគមនាគមន៍ (គឺ)បង សូ ឃុន។ ជំនាន់មុនគាត់រៀនបានឆ្នាំទី ២ អញ្ចឹង ពេលដែលគាត់ធ្វើអនុរដ្ឋមន្ត្រីក្រសួងកសិកម្ម គាត់ចាប់ផ្ដើមចូលរៀន ពីពេលនោះគាត់កាន់ខាងធារាសាស្ត្រ គាត់រៀននៅវិទ្យាស្ថានជាតិគ្រប់គ្រង ដើម្បីបញ្ចប់បរិញ្ញារបស់គាត់។ មាននិស្សិតរបស់យើងមួយចំនួន ដែលមិនទាន់បញ្ចប់ការសិក្សា កាលពីមុនសម័យ ប៉ុល ពត ក៏មកបញ្ចប់ការសិក្សានៅសាលានេះ។
សូមអ័យទោសដែលខ្ញុំព្រះករុណាខ្ញុំនិយាយខ្លាំងៗព្រោះជាការឆ្លើយតបមួយ ដែលចៀសវាងមិនបាន ព្រោះវាព្រហើនពេក។ ហើយក៏សូមរំលឹកបងប្អូនខ្មែរនៅក្នុងប្រទេសឱ្យបានដឹង បើហ៊ានតែភ្ជាប់ខ្លួនជាមួយអាហ្នឹង គឺគ្រោះថ្នាក់មាននៅខ្លួនឯង។ ហើយវាមិនអាចមកជួយដោះបានទេ ហើយកុំគិតស្មានថា ហ៊ុន សែន មិនហ៊ានធ្វើ សុំបញ្ជាក់ឱ្យហើយ អ្នកឯងចង់ចាប់ ហ៊ុន សែន គឺទៅពាក់កណ្ដាលខែធ្នូ ប្រមូលគ្នាទៅ ឱ្យតុលាការទៅចាប់ ហ៊ុន សែន នៅទីនោះទៅ …។
(៨) កន្លែងណាវាយតម្លៃបានមុន ដឹកស្រូវពូជទៅចែកមុន, មន្រ្តីកសិកម្ម អាជ្ញាធរដែនដី ត្រូវនៅឱ្យជាប់ជាមួយប្រជាពលរដ្ឋ, ជំនន់ឆ្នាំ ២០២២ ដាច់ដោយដុំៗ, ក្រុមការងាររាជរដ្ឋាភិបាលជួយមូលដ្ឋាន កាកបាទក្រហមកម្ពុជា និងសប្បុរជន ជួយស្បៀងអ្នកក្រីក្រប្រមាណជា ១៨% ក្រោមបន្ទាត់ភាពក្រីក្រ ឬក៏ស្ថានភាពមានហានិភ័យ, អំពាវនាវធនាគារ/មីក្រូហិរញ្ញវត្ថុ បន្ធូរបន្ថយការប្រាក់ឬការសងសម្រាប់អ្នករងគ្រោះដោយទឹកជំនន់, មិនត្រូវទុកឱ្យប្រជាពលរដ្ឋណាម្នាក់អត់ឃ្លានដោយយើងមិនបានដឹង/ដោះស្រាយ
យើងកំពុងប្រឈមជាមួយនឹងបញ្ហាទឹកជំនន់ ហើយការខូចខាតនេះ វាបានបង្កើតឡើងនូវស្ថានភាពដ៏លំបាកសម្រាប់ប្រជាជន។ ពេលនេះប្រហែលជា ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន កំពុងធ្វើពិធីផ្ទេរតំណែងរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប៉ុន្តែអ្វីដែលខ្ញុំចង់បញ្ជាក់បន្ថែមនៅទីនេះ ហើយដែលធ្វើវិធានការរួចមកហើយ (គឺការ)វាយតម្លៃបន្ទាន់។ ការវាយតម្លៃអត់មានរង់ចាំថា វាយតម្លៃរួចផ្គត់ផ្គង់នោះទេ ដើម្បីឱ្យទាន់ពេលវេលា នៃការបង្កបង្កើនផលរបស់ប្រជាជន កន្លែងណាវាយតម្លៃរួច ដឹកស្រូវពូជ ឬក៏ពូជដំណាំដទៃទៀតទៅដល់ (ត្រូវ)ចែកឱ្យប្រជាជនតែម្ដង ដោយមិនត្រូវរង់ចាំនោះទេ។ កន្លែងណាវាយតម្លៃបានមុន គឺដឹកជញ្ជូនពូជទៅមុន ព្រោះយើងមានគ្រប់គ្រាន់ គេហៅថា ស្ដុកយុទ្ធសាស្រ្តសម្រាប់ពូជ(ដំណាំផ្សេងៗ)។ កន្លែងខ្លះអាចធ្វើស្រូវបានឡើងវិញក៏ធ្វើស្រូវ។ កន្លែងខ្លះមិនអាចធ្វើស្រូវបាន ត្រូវការពូជអី ផ្គត់ផ្គង់ពូជហ្នឹង ដើម្បីឱ្យពួកគាត់អាចមានលទ្ធភាព ដើម្បីនឹងស្ដារឡើងវិញ។
អាជ្ញាធរខេត្តដែលជាប់ពាក់ព័ន្ធ ត្រូវនៅកៀកកិតជាមួយនឹងប្រជាជន។ យន្តការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវតែធ្វើរបៀបនេះ។ (ធ្វើ)ឱ្យបានលឿន។ ជាមួយនឹងគណៈកម្មការគោលនយោបាយសេដ្ឋកិច្ច ដែលក្នុងហ្នឹងមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផងដែរ ដើម្បីធ្វើការវាយតម្លៃអំពីការខូចខាត ហើយផ្គត់ផ្គង់ពូជភ្លាម សម្រាប់ប្រជាជន។ ដូចខ្ញុំបាននិយាយអម្បាញ់មិញ កន្លែងណាធ្វើស្រូវបាន ផ្ដល់ពូជស្រូវ។ កន្លែងណាមិនអាចផ្ដល់ពូជស្រូវបាន គឺផ្ដល់ជាពូជដំណាំរួមផ្សំផ្សេងទៀត ដើម្បីឱ្យគាត់បានដាំ។ នេះជាវិធី ដើម្បីដោះស្រាយ ហើយអត់រង់ចាំថា វាយតម្លៃរួចមួយស្រុក បានរាយការណ៍។ អត់ទេ។ វាយតម្លៃបានមួយឃុំ គឺបញ្ជូនទិន្ន័យមួយឃុំ ដឹក(ពូជ)ទៅតែម្ដង យកទៅឱ្យប្រជាពលរដ្ឋ មិនត្រូវឱ្យប្រជាពលរដ្ឋរត់ដើររកស្រូវពូជទេ។ មានប្រជាពលរដ្ឋខ្លះ គាត់មានពូជបម្រុងទុកខ្លួនឯង ប៉ុន្តែ ប្រជាជនភាគច្រើន ដែលគាត់មិនបានត្រៀមបម្រុងទុក … សូមផ្ដាំទៅមន្រ្តីកសិកម្មទាំងអស់ ក៏ដូចជា អាជ្ញាធរដែនដី មិនមែនជិះសេះមើលផ្កាទេ ត្រូវនៅឱ្យជាប់ជាមួយនឹងប្រជាពលរដ្ឋ (និង)វាយតម្លៃឱ្យត្រូវ។ ជួនកាលពូជដាក់ទៅវាមិនដុះ ព្រោះពូជខ្លះវាមានទិញមុន/ក្រោយ បើវាមិនដុះត្រូវដោះស្រាយយ៉ាងម៉េចទៀត។ អញ្ចឹង បានជាកាលៈទេសៈហ្នឹង ទាមទារឱ្យផ្នែកវិស័យកសិកម្មយកចិត្តទុកដាក់ធ្វើអន្តរាគមន៍បន្ទាន់ … ប៉ុន្មានថ្ងៃនេះ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ធ្វើជារដ្ឋមន្រ្តីស្ដីទី ក៏បានផ្ញើរបាយការណ៍រៀងរាល់ល្ងាចមកឱ្យខ្ញុំ វាយតម្លៃបានប៉ុន្មាន (ដឹក)យកទៅបានប៉ុន្មាន (និង)ចែកជូនបានប៉ុន្មាន។
ខ្ញុំសូម អរគុណចំពោះសប្បុរសជននានា រួមទាំងកាកបាទក្រហមកម្ពុជាផង ដែលបានចែកជូនជាជំនួយអង្ករសម្រាប់អ្នកដែលមានផលប៉ះពាល់ បើប្រៀបធៀបឆ្នាំ ២០២០ នឹង(ឆ្នាំ) ២០២២ នេះ គឺវាមិនដូចគ្នាទេ វាដាច់ដោយដុំទេ ហើយស្ថានភាពខុសគ្នា។ ឆ្នាំ ២០២០ យើងធ្វើអន្តរាគមន៍ទូទៅតែម្ដង ព្រោះវាលិចទាំងអស់គ្នា ឥឡូវ លិចដែរ ក៏ប៉ុន្ដែ មានអ្នកដែលធ្ងន់ធ្ងរ និងអ្នកដែលមិនធ្ងន់ធ្ងរ យើងធ្វើអន្តរាគមន៍អ្នកដែលធ្ងន់ធ្ងរ។ ឥឡូវ យើងឃើញថា នៅខាងកំពង់ធំក្ដី នៅខាងព្រះវិហារក្ដី នៅខាងពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ (និង)នៅកន្លែងដទៃមានការចែកជូនស្បៀងអាហារ តាមរយៈសប្បុរជន/កាកបាទក្រហមក៏មាន ដែលជាការសម្រាលនូវការលំបាករបស់ប្រជាជនមួយផ្នែក។
… យោងទៅលើទិន្ន័យ ជនបទរបស់យើង អ្នកក្រីក្រមានប្រមាណជា ១៨% ដែលនៅក្រោមបន្ទាត់ភាពក្រីក្រ ឬក៏ស្ថានភាពមានហានិភ័យ។ អញ្ចឹង បើយើងគិតជាង ១០ ម៉ឺនគ្រួសារ។ អញ្ចឹង យើងមានប្រហែលជា ១ ម៉ឺន ៩ ពាន់គ្រួសារ ដែលរងផលប៉ះពាល់(ធ្ងន់ធ្ងរ)។ អញ្ចឹង យើងត្រូវធ្វើអន្តរាគមន៍ ដែលខ្ញុំស្នើឱ្យបន្តការយកចិត្តទុកដាក់តាមរយៈយន្តការក្រុមការងាររបស់រាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន កាកបាទក្រហមកម្ពុជា និងសប្បុរជន ជួយទៅដល់បញ្ហាស្បៀងនៅទីកន្លែងដែលមានការខូចខាតធ្ងន់ធ្ងរ និងអ្នកដែលទីទ័ល។ យើងអន្តរាគមន៍ សម្រាប់ពួកគាត់ ដើម្បីស្ដារឡើងវិញ ជាពូជស្រូវ ឬពូជដំណាំ។ យើងអន្តរាគមន៍អ្នកនៅទីនោះ ច្បាស់ជាមានអ្នកដែលកំពុងតែទទួលផលប្រយោជន៍ពីប័ណ្ណក្រីក្រ។ អ្នកដែលទទួលផលប្រយោជន៍ពីប័ណ្ណក្រីក្រនេះ ត្រូវបន្តទទួលតទៅទៀត ព្រោះយើងដាក់ក្នុងរយៈពេល ៣ ខែ។ ខ្ញុំបានប្រកាសនៅទីនេះ យើងកំពុងតែធ្វើការវាយតម្លៃសម្រាប់អ្នកដែលរងផលប៉ះពាល់ពីអតិផរណា អញ្ចឹងទេ សូមឱ្យក្រសួងផែនការ/បេឡាជាតិសន្ដិសុខសង្គម ដែលមានយន្តការវាយតម្លៃ ត្រូវចាប់ផ្ដើមចូលរួមវាយតម្លៃនៅក្នុងក្របខណ្ឌ នៃអ្នកដែល(រងគ្រោះ)ជាង ១០ ម៉ឺនគ្រួសារ ដែលទទួលផលប៉ះពាល់ ដែលអាចនឹងទទួលបានរយៈពេល ៣ ខែ នៃជំនួយ។ បើយោងទៅលើទិន្ន័យនេះ ឥឡូវមាន ១ សែន ៧ ពាន់គ្រួសារជាង គិត(ជាភាគរយវា) ១៨% វាចេញ ១៩ ៣៩៧ គួ្រសារ ហើយជាមធ្យម (សំរាប់)ការឧបត្ថម្ភ (យើងចំណាយ)ជាង ៤២ ដុល្លារ/គ្រួសារ។ ប្រើរយៈពេល ៣ ខែ។ យើងនឹងចំណាយប្រាក់(អស់) ២ លាន ៤ សែនដុល្លារ។ និយាយលេខគត់។ នេះជាការគិតគូរមួយ ដែលឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បាញ់(បញ្ជូន)មកព្រឹកមិញនេះ។
សម័យឌីជីថល … ដាក់តាមខ្លួននូវ iPad មួយតូច មានប៊ិច(Apple pen)មួយទៅ គូសវានៅក្នុងហ្នឹង … ប៊ិចមួយហ្នឹង(Apple pen)បញ្ចូលភ្លើងវាឱ្យជាប់ទៅ យើងយកមកប្រើ។ យើងគូសទៅ យើងសរសេរថែមទៅនៅក្នុង iPad ហ្នឹង ហើយបើចង់កែអី យើងកែហើយបញ្ជូនត្រឡប់ទៅវិញទៅ។ សម័យនេះត្រូវធ្វើការអញ្ចឹង។ ឥឡូវនេះ អានសន្ទុរកថាអី (គឺ)អានតាម iPad … យើងចង់អានតាម Telegram ក៏បាន ឬក៏យើងបញ្ចូលទៅក្នុង E-book ក៏វាបាន … ក្នុង(ចំណោមនិស្សិត)ហ្នឹង ប្រហែលគេចេះប្រើជាងខ្ញុំទៅទៀត ប៉ុន្តែគ្រាន់តែថា ខ្ញុំធ្វើការរបៀបហ្នឹង។ អម្បាញ់មិញឃើញថា … ខ្ញុំអង្គុយមើលតែ iPad ហ្នឹង? (គឺ)ខ្ញុំមើលទិន្ន័យដែលទើបនឹងផ្ញើមកនេះ ព្រោះមកតាមផ្លូវខ្ញុំនិយាយគ្នាតាមទូរស័ព្ទ ហើយឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ក៏បញ្ជូនអាហ្នឹងមកលឿន។ សូមឱ្យមានការសិក្សាទៅក្នុងតំបន់រងគ្រោះទាំងនោះ តើប៉ុន្មានគ្រួសារ ដែលគាត់មិនមែនជាអ្នកក្រីក្រទេ មិនកាន់ប័ណ្ណក្រីក្រទេ ក៏ប៉ុន្តែ គាត់ទទួលរងផលប៉ះពាល់ដោយសារទឹកជំនន់នេះ អញ្ចឹងទេ យើងអាចជួយឧបត្ថម្ភគាត់ក្នុងរយៈពេល ៣ ខែ ដែលចាត់ទុកថា នៅក្នុងជំពូកហានិភ័យនៃអតិផរណា ប៉ុន្តែជំពូកហានិភ័យនៃអតិផរណា គឺអាច ៣ ខែ គេបើកឱ្យម្ដង។ ប៉ុន្តែសម្រាប់អ្នកទាំងនេះ គឺអាចបើកបានលឿនជាង។ មិនមែនជាប្រភេទ ប័ណ្ណក្រីក្រទេ ព្រោះគាត់បានឆ្លងផុត(ពីភាព)ក្រីក្រ។ ប៉ុន្តែ គាត់ជួប្រទះនូវមហន្តរាយទឹកជំនន់។
មួយទៀត ខ្ញុំព្រះករុណាខ្ញុំសូមអំពាវនាវ ចំពោះផ្នែកធនាគារ និងមីក្រូហិរញ្ញវត្ថុ ផ្ដល់នូវការអនុគ្រោះ សម្រាប់អ្នកដែលទទួលផលប៉ះពាល់ពីគ្រោះទឹកជំនន់នេះ តាមរយៈនៃការពន្យារពេល សម្រាប់ការសង (និង)បន្ធូរបន្ថយការប្រាក់ ឬតាមរយៈការរៀបចំឥណទានឡើងវិញ។ សូមយោគយល់ ចំពោះការលំបាករបស់ប្រជាពលរដ្ឋ ដែល(មានការ)លិចលង់ ហើយយើងទៅរឹតអូសផ្ទះសម្បែង (និង/ឬ)ដីធ្លីរបស់គាត់ទៅតាមកិច្ចសន្យាដើម វាមិនត្រូវទេ។ ខ្ញុំសូមឱ្យធនាគារជាតិ នៃកម្ពុជា ធ្វើការប្រជុំមួយជាមួយនឹងម្ចាស់គ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីឱ្យគ្រឹះស្ថានហិរញ្ញវត្ថុផ្ដល់ការ(យោគយល់)។ ខ្ញុំក៏អំពាវនាវត្រង់ទៅកាន់គ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ ចូលរួមសម្រាលបន្ទុក ផ្ដល់ការអនុគ្រោះដល់អ្នកខ្ចីឥណទាន ដែលរងផលប៉ះពាល់ តាមរយៈការពន្យារពេលសង (និង/ឬ)បន្ធូរបន្ថយអត្រាការប្រាក់ និងការរៀបចំឥណទានឡើងវិញ។ នៅប្រទេសកម្ពុជាយើង មានការយោគយល់ទៅលើបញ្ហានេះ។ មនុស្ស ១០ ម៉ឺនគ្រួសារ មានអ្នកដែលទទួលរងផលប៉ះពាល់ដែលលំបាក យើងគិតថា ១៨% អញ្ចឹងប្រមាណជិត ២ ម៉ឺនគ្រួសារ ដែលនឹងត្រូវទទួលបាននូវការធ្វើអន្តរាគមន៍។
សូមអធ្យាស្រ័យពីបងប្អូនមួយចំនួន កាលទឹកជំនន់ឆ្នាំ ២០០០ ខ្ញុំនៅចាំបាន ពេលនោះ គឺខ្ញុំធ្វើអន្តរាគមន៍ ហៅថា យុទ្ធនាការរយៈពេល ៦០ ថ្ងៃ នៃការចែកជំនួយ។ ថ្ងៃណាក៏ចែកដែរ។ តាមរយៈការចែកជំនួយនោះហើយ ដែលយើងរកឃើញកំណែទម្រង់ឡូត៍នេសាទនៅឯសៀមរាប។ ចាប់ផ្ដើមកែទម្រង់ឡូត៍នេសាទជាមួយនឹង ទៀ បាញ់, ចម ប្រសិទ្ធ និង សៀង ណាំ។ ស្ថានភាពនេះ ទាមទារឱ្យយើងជួយដោះស្រាយជូនប្រជាជន។ បន្ដិចភ្លៀងត្រង់នេះ/នោះ តែមិនស្រួល វាថាមកពីឯងកាប់ឈើ។ ចុះនៅប្រទេសដទៃដែលកំពុងតែជំនន់ដែរហ្នឹងវាម៉េចដែរ? … រាំងស្ងួតក៏មកពីកាប់ឈើ, ទឹកជំនន់ក៏មកពីកាប់ឈើ ដល់ប្រទេសដែលវារស់នៅ វាក៏លិចទឹកដែរ វាមិនហ៊ានថាឱ្យគេទេ វាថាឱ្យតែខ្ញុំហ្នឹង។ វាមិនដែលសំដែងនូវការរំលែកទុក្ខជាមួយនឹងគ្រួសារកុមារទេ វាចេញមក ត្រូវតែចាប់ចៅហ្វាយខេត្តដាក់គុក អាហ្នឹងបានវាត្រូវ។ ចេញមកតែអញ្ចឹង។
អ្វីដែលខ្ញុំព្រះករុណាខ្ញុំចង់និយាយសំដៅ គឺចាំបាច់ណាស់ សម្រាប់ប្រជាជនប្រមាណជា ២ ម៉ឺនគ្រួសារ ដែលត្រូវទទួលបាននូវការអន្តរាគមន៍ស្បៀង/ពូជ។ ការវាយតម្លៃទាក់ទិននឹងជំនួយសង្គម ដែលត្រូវផ្ដល់ឱ្យគាត់ប៉ុន្មានខែ និងអំពាវនាវចំពោះមីក្រូហិរញ្ញវត្ថុយោគយល់ ចំពោះពួកគាត់ ពន្យារពេលសង (ឬ)បន្ថយការប្រាក់ (ឬ)រៀបចំឥណទានឡើងវិញ។ សូមឯកឧត្តម ជា ចាន់តូ ធ្វើការបន្តទៅលើរឿងនេះ។ ជាមួយនឹងការអំពាវនាវផ្ទាល់មាត់របស់ខ្ញុំព្រះករុណាខ្ញុំទៅកាន់អ្នកទាំងអស់គ្នា។ យើងគ្មានជម្រើសណាល្អជាងជម្រើសបែបនេះទេ ព្រោះវាកើតអញ្ចឹង។ នៅប្រទេសយើងចាត់ទុកថាស្រាលជាងនៅប្រទេសថៃ។ ថៃឆ្នាំនេះធ្ងន់ ហើយ(ទីក្រុង)បាំងកក ដូចជាបន្ធូរបន្ថយការគម្រាមកំហែង។ យើងមិនមានការគម្រាមកំហែងដល់ទីក្រុងភ្នំពេញទេ ជំនន់ព្រែកត្នោតក៏ប្រហែលជាមិនកើតដែរ ប៉ុន្តែ ភ្លៀងនៅបន្តធ្លាក់។
ឥឡូវហ្នឹងឃើញតែត្រីកំភ្លាវ។ ត្រីកំភ្លាវឆ្នាំហ្នឹងធំៗ ប៉ុន្តែនៅមិនទាន់ឃើញត្រីក្លាំងហាយចេញពីព្រែក។ តាមទំលាប់របស់យើង ទាល់តែត្រីក្លាំងហាយចេញពីព្រែក អាហ្នឹងបានអស់ទឹក តែកាលណាត្រីក្លាំងហាយមិនទាន់ចេញពីព្រែក គឺហាក់ដូចជាទឹកមិនទាន់អស់។ ប៉ុន្តែ ត្រីព្រួល ត្រីស្អីៗហ្នឹងអត់ទាន់ចេញ។ វាចេញមកតែត្រីកំភ្លាវ។ ប៉ុន្តែ ត្រីកំភ្លាវ វាធំៗទៅវិញ។ ចំណាំទៅស្រុកយើង ត្រីក្លាំងហាយហ្នឹងនាំមុខទឹកតែម្ដង។ តែកាលណាត្រីក្លាំងហាយចេញហើយ ទឹកចាប់អស់ ខ្យល់ចាប់ធ្លាក់ពីជើង … គ្រប់ទីកន្លែង ចុះជាប់ជួយប្រជាជន។ យកល្អវេចអង្ករទៅនៅជាមួយនឹងប្រជាពលរដ្ឋ។ មិនមែនវេចអង្ករទៅស៊ីខ្លួនឯងទេ។ វេចអង្ករទៅស៊ីខ្លួនឯងផង (និង)ជួយប្រជាពលរដ្ឋផង។ មន្រ្តីរបស់យើង (ត្រូវ)ពង្រាយចុះមូលដ្ឋាន ដើម្បីជួយប្រជាពលរដ្ឋ ព្រោះឆ្នាំនេះ វាខុសពីឆ្នាំ ២០២០។ ឆ្នាំ ២០២០ ខេត្តខាងក្រោយមួយចំនួន គឺមិនធ្ងន់ធ្ងរពេកទេ ទៅតម្រង់ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ។ តែឆ្នាំនេះរាយពេញ(ប្រទេស) ខេត្តណាក៏មាន រហូតគ្របដណ្ដប់ទៅដល់ ២០ រាជធានី-ខេត្ត ដែលយើងត្រូវតាមដានឱ្យជាប់។ គាត់ទទួលការលំបាកហើយ កុំឱ្យទទួលការលំបាកបន្ថែមទៀត។
អញ្ចឹង គម្រោងរបស់យើង ៦០ ម៉ឺនគ្រួសារបន្ថែមទៀត ជាមួយនឹង ៧០ ម៉ឺនគ្រួសារ ដែលកំពុងផលប្រយោជន៍ពីសំណាក់កូវីដ-១៩ ដែលត្រូវបើក ៣ ខែបន្ត យើងក៏ត្រូវងាកមកអន្តរាគមន៍ប្រជាពលរដ្ឋប្រមាណ ៦០ ម៉ឺនគ្រួសារ ដែលមានប្រមាណជាង ២ លាននាក់ អំពីផលប៉ះពាល់ដោយសារអតិផរណា។ ឥឡូវនេះ យើងត្រូវវាយតម្លៃភ្លាម ក្នុងចំណោម ៦០ ម៉ឺនគ្រួសារ ដែលយើងគ្រោងបញ្ចូល ២ ម៉ឺនគគ្រួសារប្លាយនេះ ទាំងនេះគេហៅថា ស្ថិតិប៉ាន់ស្មាន នៃទិន្នន័យអ្នកដែលងាយរងផលប៉ះពាល់នៅឯជនបទ គឺ(មានចំនួន) ១៨% ក្នុងពេលដែលជាង ១០ ម៉ឺនគ្រួសារ រងផលប៉ះពាល់ អញ្ចឹង បើគិត ១៨% វាស្មើជិត ២ ម៉ឺនគ្រួសារ ដែលត្រូវទទួលបានការវាយតម្លៃបន្ទាន់មុនទីកន្លែងដទៃ គឺតម្រង់ឆ្ពោះទៅទីកន្លែងនោះ។ យើងត្រូវទទួលខុសត្រូវ ចំពោះមុខប្រជាពលរដ្ឋរបស់យើង កុំទុកឱ្យប្រជាពលរដ្ឋណាម្នាក់អត់ឃ្លានដោយយើងមិនបានដឹង/ដោះស្រាយ។ ត្រូវធ្វើកិច្ចការងារនេះឱ្យបាន(ល្អ) ដែលជាការចង្អុលបង្ហាញរបស់ខ្ញុំ។
(៩) ច្បាប់អនុញ្ញាត ឱ្យនាយករដ្ឋមន្ត្រីមានសិទ្ធិដោះដូរមន្ត្រី, “ពេលណាដែលសត្រូវ ឬគូបដិបក្សជេរយើង មានន័យថា យើងកំពុងធ្វើត្រូវ …”, ច្បាប់បោះឆ្នោតថ្មី បើគណបក្សណាបដិសេធមិនយកកៅអី គេយកកៅអីនោះទៅចែកឱ្យបក្សផ្សេង, យុទ្ធសាស្ត្រកម្ចាត់ត្រកូល “ហ៊ុន” ជួបនឹងយុទ្ធសាស្ត្រកម្ចាត់មនោគមន៍វិជ្ជាជ្រុលនិយមត្រកូលក្បត់ជាតិ ៣ ជំនាន់
គោលដៅ នៃសង្កថារបស់ខ្ញុំព្រះករុណាខ្ញុំ(ថ្ងៃនេះ) មិនមែនគោលដៅកម្ចាត់ចោលមនោគមន៍វិជ្ជាជ្រុលនិយម នៃជនក្បត់(ជាតិ) ៣ ជំនាន់នោះទេ គោលដៅរបស់ខ្ញុំព្រះករុណាខ្ញុំក្រៅពីបញ្ហាទាក់ទិននិងវិស័យអប់រំ គឺបញ្ហាចង្អុលបង្ហាញ អំពីការដោះស្រាយ(បញ្ហា)ទៅលើវិស័យកសិកម្ម ដែលត្រូវស្ដារឡើងវិញ។ សូម្បីតែឯងដូររដ្ឋមន្ត្រីកសិកម្ម វាថាឯងអត់មានតម្លាភាពទេ ម៉េចក៏មិនទៅទិតៀននាយករដ្ឋមន្ត្រីអង់គ្លេស (ដែល)ទើបនឹងដេញចេញ រដ្ឋមន្ត្រីហិរញ្ញវត្ថុថ្មីៗហ្នឹង ម៉េចក៏មិនទៅថាផង? ខ្ញុំជានាយករដ្ឋមន្ត្រីត្រូវទៅរាយការណ៍សុំយោបល់លោកឯងជាប្រធានគណបក្សនយោបាយមួយឬស្អី? លោកឯងម៉េចក៏ចាំបាច់ថារដ្ឋលេខាធិការ (និង/ឬ)អនុរដ្ឋលេខាធិការគគោកម៉េចមិនតែងតាំង ទៅតែងតាំងអ្នកណាផ្សេង? អាហ្នឹងលោកឯងចាំឈ្នះឆ្នោតសិនទៅ។
ក្នុងពេលដែលវាធ្វើបទសម្ភាសន៍នៅឯណេះ នៅឯទីក្រុងឡុងដ្រ៍ នាយករដ្ឋមន្ត្រីថ្មីរបស់អង់គ្លេសបណ្ដេញរដ្ឋមន្ត្រី ហិរញ្ញវត្ថុមួយចេញបាត់ ទើបនឹងចូលកាន់អំណាចបានប្រហែល ១ ខែ ដេញរដ្ឋមន្ត្រីមួយចោលបាត់។ សួរថា ហេតុអីបានជានាយករដ្ឋមន្ត្រីនោះដករដ្ឋមន្ត្រីហិរញ្ញវត្ថុ? ច្បាស់ជារដ្ឋមន្ត្រីហិរញ្ញវត្ថុនោះ មិនអាចបំពេញនូវសំណូមពរ នៃការអនុវត្តគោលនយោបាយរបស់គាត់បាន ទើបគាត់ដក។ អញ្ចឹង បើនាយករដ្ឋមន្ត្រីអង់គ្លេសធ្វើបាន ម៉េច(ក៏) ហ៊ុន សែន ធ្វើមិនបាន? លោកឯងដាក់បញ្ហាអញ្ចឹងទៅមើល? ដោយសារតែការធ្វើមិនបាន សម្រេចជោគជ័យ យើងត្រូវតែធ្វើ(ការផ្លាស់ប្ដូរ) ប៉ុន្តែ យើងធ្វើស្អីក៏ខុសដែរ អញ្ចឹង តម្លាភាពចង់ឱ្យយើងរាយការណ៍ឱ្យលោកឯងឬយ៉ាងម៉េចលោកបណ្ឌិត? ខ្ញុំជានាយករដ្ឋមន្ត្រី ខ្ញុំមានសិទ្ធិគ្រប់គ្រាន់ ដើម្បីនឹងផ្លាស់ប្ដូរ ព្រោះច្បាប់អនុញ្ញាត សុំមើល(ច្បាប់)ទៅ នាយរដ្ឋមន្ត្រីមានសិទ្ធិ។
ការផ្លាស់ប្ដូរមន្ត្រីវាជាការធម្មតាណាស់ ឬចាំយកលោកឯងមកធ្វើរដ្ឋមន្ត្រី/នាយករដ្ឋមន្ត្រី បានលោកឯងពេញចិត្ត? ឱ្យតែគណបក្សប្រជាជនធ្វើអីក៏មិនដែលចេះត្រូវ។ ភាសាមួយម៉ាត់ ដែលសូមផ្ដាំទៅសមាជិក/ជិកាគណបក្សប្រជាជនទាំងអស់ ដែលបោះឆ្នោតគាំទ្រគណបក្សប្រជាជន ត្រូវចាំឱ្យច្បាស់ “ពេលណាដែលសត្រូវរបស់យើង ឬគូបដិបក្សរបស់យើងជេរយើង មានន័យថា យើងកំពុងធ្វើត្រូវ ពេលណាដែលសត្រូវរបស់យើង ឬគូបដិបក្សរបស់យើងសរសើរយើង (មានន័យថា) យើងកំពុងធ្វើខុស” ត្រូវចាំឱ្យច្បាស់កន្លែងហ្នឹង។ កុំឃើញថា អ្ហេ! លោករដ្ឋមន្ត្រីនេះ លោកឧបនាយករដ្ឋមន្ត្រីនេះ លោករដ្ឋលេខាធិការនេះ គាត់ធ្វើការបានល្អណាស់ (គឺថា)អញ្ចេះៗ អរដោយសារខ្មាំងសរសើរហ្នឹង គឺជិតដល់ថ្ងៃងាប់ហើយ បានសេចក្តីថា យើងកំពុងតែអនុវត្តតាមវាហើយ ប៉ុន្តែបើសិនជាវាជេរ មានន័យថា យើងកំពុងធ្វើត្រូវ។ ខ្ញុំអត់ខ្វល់ទេ ប៉ុន្តែ ខ្ញុំមានកាតព្វកិច្ចបកស្រាយ។
ឥឡូវ សេចក្តីអំពាវនាវរបស់អ្នកឯងឱ្យកម្លាំងប្រដាប់អាវុធបះបោរ ហើយផ្លាស់ប្ដូរនៅឆ្នាំ ២០២៣ ដូចដែលអ្នកឯងនិយាយនៅឆ្នាំ ២០១៣។ ឥឡូវ ឆ្នាំ ២០១៣ គឺនៅបន្ត អត់ឱ្យរួចខ្លួនទេ ប្រជាជនស្លាប់ដោយសារអ្នកណា? បោះឆ្នោតរួចហើយអ្នកឯងប្រើពាក្យអី? ជាពេលវេលាល្អបំផុត គឺការផ្លាស់ប្ដូរ។ (ក្រែង)ក្រោយការបោះឆ្នោតអ្នក ឯងនិយាយអញ្ចឹងអ្ហី? ថ្ងៃទី ២៩ ធ្នូ គឺជាថ្ងៃផ្ដាច់ព្រ័ត្រ អ្នកឯងនៅចាំទេ? យកឃ្លីបហ្នឹងមកចាក់(មើល) អ្នកណា ជាអ្នកនិយាយ? រឿងហ្នឹងហើយដែលនាំទៅដល់ការស្លាប់មនុស្សនៅផ្លូវវេងស្រេង អ្នកឯងកុំភាន់ច្រឡំ។ កុំស្មាន បងភ្លេច … មានអាជើងល្អនិយាយអញ្ចេះទៅទៀត … “មានតែដាក់ជណ្ដើរឱ្យចុះ(ចេញពីតំណែង) បើមិនព្រមចុះ(ចេញពីតំណែង) មានតែអង្រួនឱ្យចុះ(ចេញពីតំណែង) តែអង្រួនឱ្យចុះ (គឺ)ធ្លាក់ខ្ពាក”។ ទីចុងបំផុតអ្នកណា(ធ្លាក់)ខ្ពាក? អាចាញ់គេហើយមកទារធ្វើប្រធានសភា? វាមិនដែលមាន? តថ្លៃធ្វើប្រធានសភា។ ខ្ញុំសូមបញ្ជាក់ឡើងវិញ បាតុកម្មឆ្នាំ ២០១៣ គោលដៅដាក់(ចេញ) ដើម្បីឱ្យ ខ្លួនបានទៅជាប្រធានសភា។ បានខ្ញុំចង្អុលមុខ មិនដែលម៉ែអាណាបក្សសម្លេងភាគតិចធ្វើប្រធានសភាទេ? នៅលើលោក។ ចម្លែកតែក្រុមហ្នឹង។
ទៅស្បថនៅអង្គរ ឥឡូវ (បារមី)អង្គរកាច់រលាយ។ ដល់តែឱ្យ(តាមការ)ចង់បាន ចូលសភាហ្នឹងគេទៅ។ ពីមុនប្ដេជ្ញាដាច់ខាតមិនចូលសភា (ដល់ពេល)ចូលសភាគឺមិនស្មោះត្រង់ជាមួយគ្នាទៀត។ វប្បធម៌សន្ទនាដើរជាមួយគ្នាតាំងពីអង្គរវត្តធ្លាក់ទៅដល់ម៉ាឡេ(ស៊ី) ទៅដល់ភ្នំពេញស៊ីបាយជាមួយគ្នា ចេញពីហ្នឹងទៅវាថា ហ៊ុន សែន ខ្លាចងាប់ដូច (Muammar) Gaddafi ប្រៀបឯងជាមួយនឹង (Muammar) Gaddafi។ បន្តពីហ្នឹងទៅអាគេឈ្នះឆ្នោតនៅ Naypyidaw ឯណោះសោះ វាទារឱ្យឯងផ្ទេរអំណាចនៅភ្នំពេញ។ ទីចុងបំផុតបង្ហោះហ្វេសប៊ុកជេរកូនអាក្បត់ជាតិតែម្តង។ មូលហេតុវានៅកន្លែងហ្នឹង។ បាតុកម្មគោលដៅអី? គោលដៅពិតប្រាកដ គឺចង់បានធ្វើប្រធានសភា ទារឱ្យបានច្រើន ហើយទៅស្បថនៅអង្គរ (រីឯ)ព្រះមហាក្សត្រប្រជុំនៅភ្នំពេញ។
ឥឡូវ សុំទោស ច្បាប់បោះឆ្នោតថ្មី (បើអ្នកឯង)បដិសេធមិនយកកៅអី គេយកកៅអីទៅចែកឱ្យបក្សផ្សេង មានតែវិធីហ្នឹងទេ បើមិនអញ្ចឹងវានៅកែកកុកៗអត់ចូល(សភា)។ អ្ហែងមិនចូល គេយកកៅអីចែកឱ្យបក្សផ្សេង គឺវាចប់រឿងទៅហើយ។ ឆ្នាំណាក៏ឆ្នាំបាតុកម្មៗអត់ឈប់។ មិនមែនរារាំងបាតុកម្មទេ ក៏ប៉ុន្តែ អ្នកឯងយកឬមិនយកកៅអីហ្នឹង? បើថាមិនយក គឺគេយកទៅឱ្យបក្សដទៃ។ បក្សដទៃដែលគ្នាបានសម្លេងតិចតូចប្រផិតប្រផើយ ច្បាស់ជាស្វាគមន៍ទទួលយកហើយ ព្រោះយកសម្លេងអ្នកនោះមកបូកបញ្ជូលសម្លេងអ្នកនេះ (ដើម្បី)បានកៅអីចូលសភាពេញ។ ប្រដៅវាខ្លះ បើមិនប្រដៅវា (គឺ)មិនបាន។
សូមព្រះតេជព្រះគុណមេត្តាអធ្យាស្រ័យ ថ្ងៃនេះនិយាយខ្លាំងៗបន្តិចហើយ។ គោលដៅមកនិយាយហ្នឹង គឺថា Note ក្រហមនៅទីនេះ ទាក់ទិននឹងការដោះស្រាយបញ្ហាក្នុងវិស័យកសិកម្ម។ អាទិត្យនេះក៏ជាអាទិត្យអត់មានថ្ងៃសម្រាកទេ។ ស្អែកនេះមានភ្ញៀវ ហើយប្រធានាធិបតី Timor-Leste ទស្សនកិច្ច។ បន្ទាប់ទៅត្រូវហោះទៅសៀមរាបទៀត (ដើម្បី)ជួបប្រជាជន ដែលចេញពីតំបន់អង្គរមក(រស់នៅតំបន់)រុនតាឯកមួយកន្លែង និងទៅ(រស់)នៅ(តំបន់)ពាក់ស្នែងមួយកន្លែងទៀត ដើម្បីជួយដោះស្រាយនៅកន្លែងនោះបន្តទៀត។ ឥឡូវ នៅ(តំបន់)រុនតាឯកសម្រេចឱ្យធ្វើវត្តបន្ថែម។ ឥឡូវ(នេះ) នៅតំបន់រុនតាឯក ចាប់ឆ្នោតចុះឡើងនៅសល់ដីតែ ២០០ ឡូត៍ទេ។ ២០០ ឡូត៍ហ្នឹងត្រៀមទុកទៅ បន្តិចទៀតអ្នកការនៅក្នុងហ្នឹងត្រូវបែកគ្រួសារ ឱ្យមករកដី ២០០ ឡូត៍ ដែលទុកហ្នឹង។ យើងមានការងារច្រើនណាស់ ប៉ុន្តែវារំខានយើងរហូត។ អាជោគជ័យវាមិនសរសើរ អាបរាជ័យដឹងតែវាជេរ ហើយវាចាប់ពង្រីកពីប៉ុនកូនដៃឱ្យទៅប៉ុនដើមត្នោត។ អាគុណសម្បត្តិប៉ុនដើមត្នោត វាបង្រួមឱ្យនៅប៉ុនសរសៃសក់។ ពួកអានេះខូច។
អញ្ចឹងទេ មនោគមន៍វិជ្ជារបស់ត្រកូលក្បត់ជាតិ ៣ ជំនាន់នេះ គឺមិនអាចមិនដាក់គោលដៅកម្ចាត់វាបានទេ ហើយគោលដៅនោះ គឺគ្រាន់តែប្រកាសជម្រាបអ្នកគាំទ្រទាំងឡាយ បើហ៊ានភ្ជាប់ខ្លួនជាមួយអាម្នាក់ហ្នឹង គឺអ្នកនឹងទទួលផលលំបាក។ នេះជាការព្រមានទុក។ ខ្ញុំត្រូវតែអនុវត្តនូវគោលនយោបាយនេះ ហើយនេះជាការបង្ខំចិត្តត្រូវតែធ្វើ ដោយអ្នកឯងបានដាក់ចេញនូវគោលនយោបាយ “មានសែន អត់ស៊ី, មានស៊ី អត់សែន” ១៩ ឆ្នាំមកហើយ សល់តែប៉ុន្មានខែទៀត ២០ ឆ្នាំហើយ។ អ្នកឯងអត់ចោល(គំនិតអាក្រក់នេះ) បើអ្នកឯងមិនចោល ខ្ញុំត្រូវតែដាក់(ចេញនូវនយោបាយកម្ចាត់ចោលមនោគមន៍វិជ្ជាជ្រុលនិយមរបស់ត្រកូលក្បត់ជាតិ ៣ ជំនាន់)។ ខ្មែរក្រហមដាក់នយោបាយ “ច្រេះស៊ីដែក” ហ៊ុន សែន ដាក់ចេញ “នយោបាយឈ្នះឈ្នះ”។ អ្នកឯងដាក់ចេញយុទ្ធសាស្ត្រកម្ចាត់ត្រកូល “ហ៊ុន” អញ្ចឹង ខ្ញុំត្រូវដាក់ចេញយុទ្ធសាស្ត្រកម្ចាត់មនោគមន៍វិជ្ជាជ្រុលនិយមត្រកូលក្បត់ជាតិ ៣ ជំនាន់។
ប្រាប់ទៅអ្នកគាំទ្រអ្នកឯងទាំងឡាយកុំឱ្យភ្ជាប់ខ្លួនឱ្យសោះ។ បើអ្នកឯងឈានដល់ប៉ុណ្ណឹង ខ្ញុំក៏មានសិទ្ធិ ដើម្បីនឹងតបតវិញ តាមកម្លាំងមហាសាមគ្គីរបស់គណបក្សប្រជាជន ដែលមានសមាជិក ៦ លាននាក់ អ្នកឯងកុំគិតថា ហ៊ុន សែន ឯកោនៅម្នាក់ឯង។ អ្នកឯងតែងនិយាយថា ហ៊ុន សែន នៅបានដោយសារផ្ដាច់ការ ចុះ ប៉ុល ពត ផ្ដាច់ការដែរម៉េចក៏វាឆាប់ដួល? និយាយគ្នាអញ្ចេះ។ អ្នកផ្ដាច់ការដទៃទៀតនៅលើលោកម៉េចក៏វាឆាប់ដួល? ឯ ហ៊ុន សែន (ម៉េចក៏)វាមិនដួល? កុំនិយាយដល់ទៅមានរថក្រោះ/អាវុធទំនើបប៉ុណ្ណាក៏ដោយ បើគ្មានការគាំទ្រពីព្រជាជន ក៏នៅតែរលំដែរ។ កុំមកនិយាយ(ថា) ដាក់ជណ្ដើរឱ្យចុះ បើមិនចុះទេអង្រួនឱ្យធ្លាក់ ឥឡូវ អ្នកណាធ្លាក់អ្នកណានៅ? និយាយគ្នាឱ្យច្បាស់។
(ឆ្នាំ) ២០២៣ អ្នកឯងចង់ចូលបោះឆ្នោតក៏ចូល មិនបោះទេក៏ហីទៅ បក្សគគោកគេធ្វើ ប៉ុន្តែ គេបោះ (ឥឡូវ)គេកំពុងតែប្រមូលគ្នា ហើយគេបោកគ្នាទៅទៀតឥឡូវនេះ។ ឃើញ(មាន)សម្លេង(បែកធ្លាយ) គេថា បក្សណាមួយនោះគេឱ្យត្រឹមប៉ុណ្ណឹង គេអត់ឱ្យអីផ្សេងក្រៅពីហ្នឹងទៀតទេ គេចាប់បោកគ្នាពីឥឡូវទៅហើយ។ វាជាទម្លាប់ធម្មតារបស់គេ។ បានក្បាលមេក្រូឆ្លៀតធ្វើនយោបាយបន្តិចដែរ ព្រោះវាពាក់ព័ន្ធជាមួយនឹងសន្តិសុខជាតិដែររឿងហ្នឹង។ អ្នកឯងដាក់(នយោបាយ)មកអញ្ចឹង ហើយពាក្យផ្ដួលរំលំមិនមែនរឿងលេងសើចឯណា? បើថាអ្នកឯងផ្លាស់ប្ដូរតាមការបោះឆ្នោត អូខេ ខ្ញុំអត់ថាអីទេ។ ប៉ុន្តែ ក្នុងសេចក្តីអំពាវនាវរបស់អ្នកឯង គឺអ្នកឯងឱ្យកម្លាំងប្រដាប់អាវុធបះបោរទៀតផង កុំស្តាប់(តាម)ការបញ្ជារបស់(រាជ)រដ្ឋាភិបាល មានន័យថាម៉េចអាហ្នឹង? អាហ្នឹងរឿងដើមជាប់គុកអស់ប៉ុន្មាននាក់ រាប់ទាំងម្នាក់អប្សរាក្បាលត្រងោលកំពុងដេកគុកនៅព្រះវិហារ។ អាហ្នឹងដោយសារអី? ដោយសារវា។ វានៅក្រៅវាអត់ជាប់គុកឯណា។ វាជាប់គុកតែអ្នកដែលយើងចាប់បាន(នៅក្នុងស្រុក)។ អ្នកនៅក្បែរតំបន់កុំធ្វើ(ឯង)សឿងពេក។ យូរៗយកចូលក្នុងប្រទេសមួយ។ បើថាទៅៗឱ្យឆ្ងាយទៅ។ ទៅអាមេរិក/អឺរ៉ុបអីទៅ បើថាក្នុងតំបន់គេមានកិច្ចសហប្រតិបត្តិការវិស័យសន្តិសុខរបស់គេដែរ។
ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ បាននាំមក សម្រាប់និស្សិតជ័យលាភី ដែលត្រូវទទួលសញ្ញាបត្រនៅថ្ងៃនេះ ចំនួន ៦ ៤១១ អង្គ/នាក់ ក្នុងអង្គ/នាក់ ជូនថវិកា ចំនួន ៥ ម៉ឺនរៀល។ បន្ថែមជូននិស្សិតពិការ ចំនួន ២ នាក់ ក្នុងម្នាក់ៗថវិកា ចំនួន ១ លានរៀល។ និយាយរួម អ្នកពិការ និងអ្នកមិនពិការ គឺមានសិទ្ធិដូចគ្នា ក្នុងការរៀនសូត្រ/ទទួលឱ្យចូលធ្វើការ។ ឥឡូវនេះ កំពុងកម្រិតកុំឱ្យវាប៉ោងក្របខណ្ឌ ក្រែងលោប៉ោងក្របខណ្ឌ គឺដូចស្រីលង្កាអញ្ចឹង។ ស្រីលង្កា(ចំណូល)មួយខែ គឺថា (បើកប្រាក់ខែឱ្យមន្ត្រីរាជការអត់គ្រប់ទេ) ចុះប្រទេសមួយទាំងទាហាន/មន្ត្រី(រាជការ)ស៊ីវិល (ចំនួន) ១ លាន ៨ សែននាក់ ឯយើងសរុបទាំងអស់មិនដល់កន្លះលាននាក់ទេ ទាំងទាហាន/ប៉ូលីស/គ្រូ/ពេទ្យ។ អញ្ចឹង បានជាឥឡូវនេះកម្រិតក្របខណ្ឌបន្តិច ព្រោះកាលណាតែចូលក្របខណ្ឌម្នាក់ត្រូវគិតគេ(តាំង)ពីការចាប់ផ្ដើមរហូតដល់ពេលគេស្លាប់ មានន័យថាម៉េច? បញ្ជូលក្របខណ្ឌម្នាក់ អ្នកហ្នឹងទទួលបានប្រាក់បៀវត្សរ៍ ដល់ទៅពេលគេចូលនិវត្តន៍ ត្រូវផ្ដល់ប្រាក់ឱ្យគេរហូតដល់ថ្ងៃគេស្លាប់។ អញ្ចឹង ត្រូវគិតឱ្យហ្មត់ចត់ កន្លែងហ្នឹង។ អញ្ចឹង បានជាវិស័យឯកជនស្រូបយកនូវកម្លាំងការងារ ក៏ដូចជា និស្សិតដែលទទួលបានការបណ្តុះបណ្ដាល ដែលនៅទីនេះរហូតទៅដល់ ៩៦,៤០% ឯណោះ នៃចំនួនដែលមានការងារធ្វើ។ ជូនចំពោះបុគ្គលិក/សាស្ត្រាចារ្យ ចំនួន ៤៨៨ ក្នុងម្នាក់ៗទទួលបានថវិកា ចំនួន ១០ ម៉ឺនរៀល។ ជូនសាកលវិទ្យាល័យ ជាតិគ្រប់គ្រង ថវិកា ១០ លានរៀល។ ជូនក្រុមគ្រូពេទ្យប្រចាំការក្នុងអង្គពិធី ថវិកា ៣ លានរៀល។
ជាមួយនឹងការអបអរសាទរ ចំពោះសមិទ្ធផល នៃវិស័យអប់រំ (ក្នុង)ការបណ្ដុះបណ្ដាលធនធានមនុស្ស និយាយជារួមនៅក្នុងក្របខណ្ឌទូទាំងប្រទេស និងនិយាយដោយឡែក ចំពោះសាកលវិទ្យាល័យជាតិគ្រប់គ្រង និងជាមួយការអបអរសាទរ ចំពោះជ័យលាភី ដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ សូមប្រគេនពរ/ជូនពរ ចំពោះព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ សម្តេច ឯកឧត្តម លោកជំទាវ អស់លោក/ស្រី ជាពិសេស ជ័យលាភី ដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ សូមទទួលបាននូវពុទ្ធពរ និងពរទាំងប្រាំប្រការ៖ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕