សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីប្រារព្ធ «វេទិកាអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦»

42

នៅព្រឹក ថ្ងៃព្រហស្បតិ៍​ ៤កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីប្រារព្ធក្នុង «វេទិកាអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦» ក្រោមប្រធានបទ ” សូមកុំយកកម្ពុជាធ្វើជាគោលដៅប្រព្រឹត្តអំពើជួញដូរមនុស្ស”។ ពិធីនេះ បានប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័ណជ្រោយចង្វារ (OCIC)។
តាមរបាយការណ៍ របស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអោយដឹងថា កម្មវិធីនេះ គឺជាការបង្ហាញនូវភាពសុខដុមរមនា នៃសាសនានៅកម្ពុជា ដែលតែងតែឯកភាព សហការ គាំទ្រគ្នាទៅវិញទៅមក ដោយភាពទន់ភ្លន់ មិនមានទំនាស់ មិនប្រទូស្តរាយគ្នា មិនបង្កឱ្យមានការបែកបាក់ និងគ្រោះមហន្តរាយក្នុងសង្គម។ភាពសុខុដុម នៃសាសនា បានដើរតួជាគន្លឹះក្នុងការកសាងនូវសន្តិភាពផ្លូវចិត្ត របស់បុគ្គល និងសន្តិសុខសង្គម ព្រមទាំងជួយពង្រឹងស្មារតី មនុស្សគ្រប់រូបឲ្យរឹងប៉ឹង រួមគ្នាតស៊ូ ជម្នះនឹងការញុះញង់ អូសទាញ ដែលជាល្បិចកលឧក្រិដ្ឋជនជួញដូរមនុស្ស។
កម្មវិធីវេទិកាអន្តរសាសនា តែងតែត្រូវបានរៀបចំជារបៀបមិទ្ទិញទ្រង់ទ្រាយធំ ដោយមានអ្នកដឹកនាំនិកាយសាសនាទាំងឡាយ ចូលរួមប្រារព្ធពិធីតាមបែបសាសនានីមួយៗ ក្នុងពេលតែមួយ ទីកន្លែងតែមួយ គោលដៅតែមួយ ដោយឯកភាពគ្នា និងដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ យ៉ាងច្រើនកុះករ។ នៅឆ្នាំ២០២០-២០២១ គឺជាពេលវេលាដ៏លំបាក ដែលថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រូពេទ្យ អាជ្ញាធរ ក៏ដូចជាប្រជាពលរដ្ឋ បាននិងកំពុងតស៊ូ ទប់ទល់នឹងបញ្ហាប្រឈម ដែលបង្កឡើងដោយការរាតត្បាត នៃជំងឺកូវីដ-១៩ និងមេរោគបំប្លែងថ្មី ដែលគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស មិនបានរៀបចំកម្មវិធីទ្រង់ទ្រាយធំឡើយ។ វេទិកាអន្តរសាសនាលើកទី៦ ឆ្នាំ២០២២ នឹងមានការចូលរួមពីថ្នាក់ដឹកនាំ ព្រះពុទ្ធសាសនា មូស្លីម កាតូលិក គ្រិស្តបរិស័ទបំណងល្អ ប្រូតេស្តង់ និងអ្នកជំនឿផ្សេងៗទៀត ព្រមទាំងតំណាងអង្គការជាតិ-អន្តរជាតិមួយចំនួន ដែលកំពុងបំពេញការងារពាក់ព័ន្ធការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា ប្រមាណ ១,៥០០អង្គ/នាក់។
សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានអញ្ជើញចូលរួមក្នុងវេទិកាជាតិអន្តរសសាសនាប្រឆាំងការជួញដូរមនុស្សលើកទី០៦ នេះ។ សម្ដេចតេជោក៏បានវាយតម្លៃខ្ពស់ និងបានកោតសរសើរចំពោះសាសនាទាំងបីដែលបានចូលរួមនៅក្នុងវេទិកាដ៏មានសារៈសំខាន់នាថ្ងៃនេះផងដែរ។
នៅថ្ងៃនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានប្រកាសយកថ្ងៃទី ២០ខែសីហា ជារៀងរាល់ឆ្នាំប្រារព្ធនៅទិវាជាតិអន្តរសសាសនាប្រឆាំងការជួញដូរមនុស្ស។ សម្ដេចតេជោបានមានប្រសាសន៍បញ្ជាក់ថា ទិវានេះមិនធ្វើតែមួយថ្ងៃ២០សីហានោះទេ គឺត្រូវធ្វើជារៀងរាល់ថ្ងៃតែម្ដង ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំង ទប់ស្កាត់ការជួញដូរមនុស្សនៅកម្ពុជា។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ទោះ​បី​បច្ចុប្បន្ន​ប្រទេសកម្ពុជា ត្រូវបានចាត់​ក្នុង​ចំណោមប្រទេស​គួរ​ព្រួយបារម្ភ​ ហើយ​បាន​ និង​កំពុង​រួម​គ្នា​ប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស ប៉ុន្តែសម្តេច​ក៏​បានលើកឡើងដែរថា​ ​ការ​ជួញ​ដូរ​មនុស្ស​ គឺ​មិន​មែន​មាន​​​តែប្រទេសកម្ពុជាទេ។សម្តេច​បានមានប្រសាសន៍ថា ឥឡូវនេះ រាជរដ្ឋាភិបាល​ក៏​ត្រូវ​ការ​ចូលរួម​ពី​គ្រប់​សាសនា​ ដើម្បី​ចូល​រួម​ប្រយុទ្ធ​ប្រឆាំងនឹ​ងការជួញដូរមនុស្ស។ ប៉ុន្តែទោះជាយ៉ាងណា សម្តេចបានវាយតម្លៃថា ប្រសិន​បើ​គ្មាន​ការបកស្រាយច្បាស់លាស់ទេ ប្រទេសរបស់​យើង​គេ​អាច​បក​ស្រាយ​អាក្រក់​បំផុត​នៅ​លើ​ពិភពលោក។
នៅថ្ងៃនេះ សម្តេចតេជោបានផ្តាំផ្ញើឱ្យគ្រប់តួអង្គទាំងអស់ធ្វើសកម្មភាពព្រមៗគ្នាទៅលើការបង្រ្កាបគ្រឿងញៀន ល្បែង​ស៊ីសងខុសច្បាស់ និងជនប្រព្រឹត្តិបទល្មើសដែលនាំទៅដល់ការជួញដូរមនុស្ស ហើយ​ត្រូវ​ស្រាវ​ជ្រាវ​យក​ជនប្រព្រឹត្តិបទល្មើស នៃការជួញដូរមនុស្សមកផ្តន្ទាទោសតាមច្បាប់ ជាពិសេស​ត្រូវ​មាន​ការ​ត្រៀមបង្ការ ទប់ស្កាត់នូវរឿងអកុសល ទាំងអស់នេះ តាមរយៈវិធានការអប់រំ វិធានការ​ច្បាប់ ជាពិសេស​កុំ​ឱ្យកូ​ន​ចៅ​របស់​យើង​ក្លាយ​ជា​អ្នក​រង​គ្រោះ​ដោយ​សារ​តែអំ​ពើ​ខុស​ច្បាប់​ទាំង​អស់​នេះ និងកុំឱ្យប្រទេសរបស់យើងក្លាយជាជំរក នៃអំពើវេរកម្ម និងធ្វើការគ្រប់គ្រងអាវុធឱ្យត្រឹមត្រូវ។
សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ថារឿងរ៉ាវការបង្ក្រាបល្បែងស៊ីសងកុំចាំបាច់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃស្រែក ឬនាយករដ្ឋមន្ត្រីស្រែកបានធ្វើនោះទេ គឺអាជ្ញាធរដូចជាថ្នាក់ក្រោមជាតិហ្នឹងត្រូវតែចុះធ្វើហើយត្រូវធ្វើដូចភ្លៀងរលឹម។
សម្តេចតេជោបានថ្លែងថា បើទោះបីកម្ពុជាមិនមែនជាគោលដៅវាយប្រហារភេរវកម្ម តែត្រូវរួមគ្នាទប់ស្កាត់កុំឱ្យកម្ពុជាទៅជាជម្រករបស់ភេរវកម្ម។
សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការជឿជាក់ថា ការបង្ក្រាបល្បែង នឹងរួមចំណែកកាត់បន្ថយការជួញដូរមនុស្ស និងបង្កើនសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម។
នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នៅតែបន្តអំពាវនាវពលរដ្ឋបន្តទៅទទួលយកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ កូវីដមិនទាន់ទៅណាឆ្ងាយពីយើងនោះទេ៕