សកម្មភាពសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅរដ្ឋធានីហាវ៉ាណា សាធារណរដ្ឋគុយបា

 

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅរដ្ឋធានីហាវ៉ាណា សាធារណរដ្ឋគុយបាហើយ កាលពីព្រឹកថ្ងៃទី២៤កញ្ញា ឆ្នាំ២០២២ ម៉ោងនៅ រដ្ឋធានីហាវ៉ាណា សាធារណរដ្ឋគុយបា ត្រូវនិងថ្ងៃទី២៥កញ្ញា ឆ្នាំ២០២២ ម៉ោងនៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធវីរបុរសគុយបា ឯកឧត្តម Jose Marti នៅវិមាន Jose Marti Memorial ក្នុងរដ្ឋធានីហាវ៉ាណា។ ជាមួយនឹងកម្រងផ្កាដែលចារឹកអក្សរ នៃការគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម Jose Marti សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានលំឱនកាយវាចាចិត្តគោរពដឹងគុណចំពោះវិញ្ញាណក្ខន្ធ ឯកឧត្តម Jose Marti វីរបុរសគុយបា ដែលបានធ្វើពលីកម្មសាច់ស្រស់ឈាមស្រស់ ក្នុងបុព្វហេតុរំដោះជាតិមាតុភូមិ ពីការគាបសង្កត់នៃសត្រូវឈ្លានពាន រហូតគូបាទទួលបាននូវឯករាជ្យភាព ស្ថេរភាព និងការកសាងប្រទេសរហូតមកដល់បច្ចុប្បន្ន។

សូមបញ្ជាក់ថា គណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ដែលអញ្ជើញអមដំណើរសម្តេចតេជោ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងហាវ៉ាណា សាធារណរដ្ឋគុយបា នៅពេលនេះរួមមាន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកជំទាវ ឯកឧត្តមបណ្ឌិតសុភាចារ្យ ហង់ ជួនណារ៉ុង រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តម សុខ ចិន្តាសោភារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ស្រ៊ី ថាមរុង្គ ឯកឧត្តម កៅ គឹមហួន ឯកឧត្តម អ៊ុច បុររិទ្ធ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ព្រមទាំងឯកឧត្តម លោកជំទាវជាឥស្សរជនជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូបទៀត៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ