សម្តេចតេជោ ហ៊ុន សែន អញ្ជើញព្រលែងកូនត្រី ក្នុងទិវាមច្ឆជាតិ១កក្កដា នៅអាងត្រពាំងថ្ម ខេត្តបន្ទាយមានជ័យ

នៅព្រឹក ថ្ងៃសុក្រ ៣កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាមច្ឆជាតិ ១កក្កដា ឆ្នាំ២០២២ ដែលបានប្រារព្ធឡើងនៅទីតាំងអាងទឹក ត្រពាំងថ្ម ភូមិ​ត្រពាំងថ្ម ឃុំ​ប៉ោយចារ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
តាមរបាយការណ៍របស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា កូនត្រី និងត្រីមេពូជប្រមាណ ១លានក្បាលដែលត្រូវលែងនាថ្ងៃនេះរួមមាន៖ ប្រភេទត្រីឆ្ពិន ត្រីព្រលូង ត្រីកាហែ ត្រីប្រា និងត្រីកន្ធរ រួមទាំងប្រភេទវារីសត្វជិតផុតពូជមានដូចជាត្រីគល់រាំង អណ្តើក កន្ធាយ និងកង្កែបជាដើម។ ក្រៅតែពីលែងកូនត្រី និងត្រីមេពូជហើយ កម្មវិធីនេះក៏មានការលែងកូនបង្កងទឹកសាបជាថ្មី ប្រមាណ ២០ម៉ឺនក្បាលបន្ថែមទៀតផងដែរ។
សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយ ដែលបានអញ្ជើញមកព្រលែងកូនត្រី និងអបអសាទរទិវាមច្ឆជាតិ១កក្កដានាពេលនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា វត្តមានរបស់សម្តេចនៅអាងត្រពាំងថ្មនាពេលនេះ គឺជាវត្តមានលើកទី២ហើយ ខណៈលើកទី១ សម្តេចតេជោ បានអញ្ជើញសម្ពោធដាក់ឱ្យដំណើរការអាងនេះ បន្ទាប់ពីជួសជុល និងកែលំអររួចរាល់ កាលពីអំឡុងខែមីនា ឆ្នាំ២០០៦។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការព្រលែងកូនត្រី និងត្រីមេពូជនាថ្ងៃនេះ គឺជារឿងល្អមួយសម្រាប់បង្កើនផលត្រីសម្រាប់ប្រជាពលរដ្ឋ ហើយការលែងត្រីមិនមែនធ្វើតែក្នុងទិវាមច្ឆជាតិ១កក្កដានោះទេ គឺអាចធ្វើរាល់ថ្ងៃ អោយតែមានកន្លែងព្រលែង(ទឹក) និងមានពូជត្រីសម្រាប់ព្រលែង។ ការដាំកូនឈើក៏ដូចគ្នាដែរ មិនមែនធ្វើតែនៅក្នុងរុក្ខទិវា៩កក្កដានោះទេ គឺអាចធ្វើបានរាល់ថ្ងៃ។
ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន បានបន្តក្រើនរំលឹកដល់អភិបាលខេត្តជុំវិញបឹងទន្លេសាប ទាំងអស់ត្រូវអនុវត្តន៍ឱ្យបានច្បាស់លាស់លើការកាត់ឆ្វៀលដីតំបន់អភិរក្សនៅបឹងទន្លេសាប ជូនប្រជាពលរដ្ឋដែលកាន់កាប់យូរឆ្នាំមកហើយនោះ តាមអ្វីដេលសម្តេចបានដាក់ចេញនូវបទបញ្ជាកន្លងទៅនេះ។ សម្តេចតេជោ ក៏ថ្លែងនូវការអំពាវនាវអោយប្រជាពលរដ្ឋនៅបឹងទន្លេសាប កុំឱ្យមានការកាប់ទន្ទ្រានយកដីអភិរក្សតំបន់២ និង៣បន្តទៀត។
នៅថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានប្រកាស និងចេញបទបញ្ជាឱ្យអាជ្ញាធរមីន និងវិស័យឯកជន ក្នុងការដោះមីននៅឃុំប៉ោយចារ និងតំបន់អាងត្រពាំងថ្ម នេះ ដោយត្រូវដោះឱ្យអស់នៅចុងឆ្នាំ២០២២នេះ និងត្រូវប្រែក្លាយតំបន់នេះជាតំបន់ដែលគ្មានមីនតទៅទៀត។ ជាមួយគ្នានោះ សម្តេចតេជោ ក៏បានណែនាំឱ្យអាជ្ញាធរខេត្តបន្ទាយមានជ័យរៀបចំដាក់គម្រោងជួសជុលស្ពានដែលខូចខាតកន្លងមកដោយទឹកជំនន់នៅខេត្តបន្ទាយមានជ័យ នេះ ក្នុងកញ្ចប់ថវិកាសម្រាប់ក្រសួងអភិវឌ្ឍន៍ជនបទនៅឆ្នាំ២០២៣។
នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេសដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាកន្លងទៅថ្មីៗនេះ។ សម្តេចតេជោបានមានប្រសាសន៍ថា ការបោះឆ្នោតរបស់ប្រជាពលរដ្ឋក្នុងការគាំទ្រគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតជ្រើសរើសយកសុខសន្តិភាព និងការអភិវឌ្ឍ។ សម្តេចតេជោក៏បានបង្ហាញក្តីសង្ឃឹមថា ប្រជាពលរដ្ឋនឹងបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាជាបន្តទៀត នៅឆ្នាំ២០២៣ខាងមុខនេះ។
ព័ន្ធទៅនឹងជំងឺកូវីដ-១៩ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ថ្ងៃទី៣០ ខែមិថុនា ម្សិលមិញ កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៣ករណី។ សម្តេចតេជោ បន្តអំពាវនាវអោយប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាបន្តទៀត ហើយសម្តេចតេជោបញ្ជាក់ថា ទោះចាក់ដល់ដូសទី២០ ក៏ដោយ ក៏រដ្ឋាភិបាលមិនយកលុយពីប្រជាជនខ្លួនដែរ។
ទាក់ទងនឹងអ្នកបំពុលរឿងកូវីដ-១៩ នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា មានបុគ្គលម្នាក់ត្រូវបានចាប់ខ្លួនហើយ បន្ទាប់ពីបំពុលព័ត៌មានតាម Tik Tok ពាក់ព័ន្ធនឹងការលើឡើងថាមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩នៅខេត្តកោះកុង។ សម្តេចតេជោនាយករដ្ឋមន្ត្រី ហាមដាច់ខាតមិនឱ្យយកករណីជំងឺកូវីដ-១៩ ទៅបំភ្លើស ឬលេងសើចលើបណ្តាញសង្គមនោះឡើយ បើយកទៅលេងសើច ឬបំភ្លៃការពិត គឺមិនអាចរួចខ្លួននោះឡើយ គឺត្រូវតែអនុវត្តច្បាប់។
មុននឹងបញ្ចប់ ជាមួយនឹងការអបអរសាទរទិវាមច្ឆជាតិ ១កក្កដា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន ក៏បានប្រកាស និងព្រលែងកូនត្រីប្រមាណជាង១លានក្បាលចូលទៅក្នុងអាងទឹកត្រពាំងថ្មនាថ្ងៃនេះ ក្នុងបរិយាកាសរីករាយក្រៃលែង និងអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាមច្ឆជាតិទាំងអស់គ្នាអោយបានគង់វង្ស៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ