សេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តប្រមាណ ១៤២ច្បាប់ត្រូវបានក្រុមប្រឹក្សាអ្នកច្បាប់ទីស្តីការគណរដ្ឋមន្ត្រីពិនិត្យ និងផ្តល់យោបល់

ក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណរដ្ឋមន្ត្រីតាមរយៈកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារ សម្រាប់អនុវត្តឆ្នាំ២០២២ របស់ក្រុមប្រឹក្សាអ្នកច្បាប់ក្រោមអធិបតីភាព ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់។

យោងតាមប្រកាសព័ត៌មានបានអោយដឹងថា រយៈពេល១ឆ្នាំ ២០២១កន្លងមកនេះ ក្រុមប្រឹក្សាអ្នកច្បាប់បានចូលរួមពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងឯកសារផ្សេងៗ សរុបចំនួន១៤២ នៅក្នុងកិច្ចប្រជុំចំនួន ៣៣៨លើក ដែលក្នុងនោះមានសេចក្ដីព្រាងច្បាប់ចំនួន២១ សេចក្ដីព្រាងព្រះរាជក្រឹត្យចំនួន៤ សេចក្ដីព្រាងអនុក្រឹត្យចំនួន៤៥ សេចក្ដីព្រាងសេចក្ដីសម្រេចចំនួន៥ និងឯកសារផ្សេងៗចំនួន៦៧។
ឯកកសារពាក់ព័ន្ឋនឹងផ្លូវច្បាប់ទំាងអស់នោះត្រូវបានក្រុមប្រឹក្សាអ្នកច្បាប់ ទីស្តីការគណៈរដ្ឋមន្ត្រីអះអាងថា បានរួមចំណែកលើវិស័យយុត្តិធម៌ក្នុងដំណើរការពង្រឹងនីតិរដ្ឋ ស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល។
ជាមួយនេះអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ ក៍បានរៀបចំសេចក្តីព្រាងព្រះរាជក្រមប្រកាសឱ្យប្រើច្បាប់ចំនួន១៩, រៀបចំបែបបទបញ្ជូនសេចក្តីព្រាងច្បាប់ទៅស្ថាប័ននីតិប្បញ្ញត្តិចំនួន២១, សម្របសម្រួលឱ្យមានតំណាង រាជរដ្ឋាភិបាលទៅការពារសេចក្តីព្រាងច្បាប់នៅ ស្ថាប័ននីតិប្បញ្ញត្តិចំនួន៥៣លើក, ប្រជុំជាមួយតំណាងក្រសួងស្ថាប័ននានាដើម្បីពិនិត្យ និងកែសម្រួលលើសេចក្ដីព្រាងសេចក្ដីថ្លែងហេតុរបស់រាជរដ្ឋាភិបាល គោរពជូនរដ្ឋសភាចំនួន២០លើក និងសម្របសម្រួលការងារសំណួរចម្លើយសភាចំនួន១០ករណីផងដែរ។
តាមរយៈសមិទ្ធផលការងារនេះបង្ហាញថា ក្រុមប្រឹក្សាអ្នកច្បាប់សម្រេចបានលទ្ធផលការងារជាច្រើនជូនរាជរដ្ឋាភិបាលលើទិដ្ឋភាពច្បាប់និងទិដ្ឋភាពពាក់ព័ន្ធផ្សេងៗទៀត។
ក្នុងគោលបំណងពង្រឹង ប្រសិទ្ធភាព កិត្យានុភាព សាមគ្គីភាព និងឯកភាពផ្ទៃក្នុងក្រុមប្រឹក្សាអ្នកច្បាប់ ឯ.ឧ កិតិ្តនីតិកោសលបណ្ឌិត បានណែនាំឱ្យក្រុមប្រឹក្សាអ្នកច្បាប់បន្តពង្រឹងសមត្ថភាពផ្ទាល់ខ្លួនបន្ថែមទៀត តាមរយៈការខិតខំស្រាវជ្រាវ និងអភិវឌ្ឍសមត្ថភាព និងចែករំលែកបទពិសោធន៍ដើម្បីបង្កើនការយល់ដឹងផ្នែកច្បាប់ឱ្យកាន់តែប្រសើរ ដើម្បីបន្តពង្រឹងគុណភាពនៃការផ្តល់យោបល់ រួមចំណែកដល់ការធានាការគោរពនិងរក្សាឱ្យបាននូវគោលការណ៍សង្គតិភាពនិងសន្តិសុខគតិយុត្ត សំដៅរក្សាបាននូវតម្លៃគតិយុត្តនិងការអនុវត្តយូរអង្វែង រួមចំណែកលើវិស័យយុត្តិធម៌ក្នុងដំណើរការពង្រឹងនីតិរដ្ឋរបស់កម្ពុជាផងដែរ៕
អត្ថបទ ហ៊ុន ឌីណូ រូបភាព ក្រុមការងារទីស្តីការគណរដ្ឋមន្ត្រី

 

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ