ផ្សាយបន្តផ្ទាល់ : ពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២២ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

នៅរសៀល ថ្ងៃពុធ ៦រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

វិស័យកសិកម្មបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ការអភិវឌ្ឍជនបទ និងបានចូលរួមកាត់បន្ថយភាពក្រីក្រ ដោយមានអង្គភាពជំនាញជាសេនាធិការដែលបាននិងកំពុងខិតខំយកអស់ស្មារតីទទួលខុសត្រូវធ្វើការលះបង់កាយ ចិត្ត គំនិត បញ្ញា ចំណេះដឹង និងបទពិសោធន៍ល្អៗ ដើម្បីរៀបចំផែនការ និងអនុវត្តសកម្មភាពសំខាន់ៗសំដៅដល់ការប្រើប្រាស់បច្ចេកវិទ្យាលើការងារផលិតកម្ម និងការកែច្នៃឲ្យអស់សក្ដានុពលដែលមានស្រាប់ ធ្វើយ៉ាងណាលើកកម្ពស់ផលិតភាព ពិពិធភាវូបនីយកម្ម និងពាណិជ្ជូបនីយកម្មកសិកម្ម ដើម្បីបង្កើតការងារ និងបង្កើនប្រាក់ចំណូល ព្រមទាំងធានាបាននូវសន្តិសុខស្បៀង ឆ្លើយតបទៅនឹងផែនទីបង្ហាញផ្លូវស្តីពី “ប្រព័ន្ធស្បៀងប្រកបដោយចីរភាពនៅកម្ពុជាឆ្នាំ២០៣០” ធ្វើឱ្យប្រសើរឡើងនូវអាហារូបត្ថម្ភ បង្កើនការនាំចេញកសិផល ដើម្បីលើកកម្ពស់ជីវភាព តាមរយ:ការធ្វើទំនើបកម្មកសិកម្ម ការធ្វើពិពិធកម្មដំណាំ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគាំទ្រក្នុងខ្សែច្រវាក់ផលិតកម្មកែច្នៃ និងនាំចេញប្រកបដោយភាពប្រកួត ប្រជែង ការពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវាកម្ម ការផ្ទេរបច្ចេកទេសកសិកម្មទំនើប ការពង្រឹងសមត្ថភាពសហគមន៍កសិកម្ម ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ផលិតផលសម្រាប់តម្រូវការទីផ្សារទាំងក្នុង និងក្រៅប្រទេស ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ដើម្បីបង្កើនសហគ្រិនភាព និងមានលក្ខណៈជាអាជីពក្នុងកសិធុរកិច្ច ក៏ដូចជាការអភិវឌ្ឍន៍បច្ចេកវិទ្យានៅលើខ្សែច្រវាក់ផលិតកម្ម ឆ្លើយតបចំពោះឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ ក៏ត្រូវបានក្រសួងកំពុងជំរុញឱ្យអនុវត្តយ៉ាងសកម្ម។
សមិទ្ធផលទាំងអស់នេះសម្រេចទៅបានដោយសារប្រទេសជាតិយើងមានសុខសន្តិភាព ស្ថិរភាពនយោបាយយ៉ាងល្អប្រសើរ ដែលជាមូលដ្ឋានគ្រឹះសម្រាប់កម្ពុជាបោះជំហានឆ្ពោះទៅមុខ ដើម្បីសម្រេចបាននូវកិច្ចអភិវឌ្ឍមួយប្រកបដោយចីរភាពក្រោមមាគ៌ាដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃបំផុតរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី។

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ