សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានកិត្តិយស នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជ៉ំបូកសរុបលទ្ធផលការងារឆ្នាំ២០២២ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២នេះ។
ក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែង នូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការកសាង និងអភិវឌ្ឍសង្គមជាតិ។ សម្តេចតេជោ ហ៊ុន សែន បានបន្តថា បច្ចុប្បន្ន ស្ត្រីបានចូលរួមចំណែកក្នុងកិច្ចការងារជាច្រើនវិស័យ»។
ក្នុងកិច្ចប្រជ៉ំ លោកជំទាវ ជូ ប៊ុនអេង តំណាង លោកជំទាវ អ៉ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី បានថ្លែងថា «ការអភិវឌ្ឍសមត្ថភាពស្តីជាថ្នាក់ដឹកនាំនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ការអភិវឌ្ឍសមត្ថភាពដល់ស្ត្រីជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការជានារី នៅថ្នាក់ជាតិ ត្រូវបានយកចិត្តទុកដាក់ខ្ពស់ដោយថ្នាក់ដឹកនាំស្ថាប័ន ។ ពីឆ្នាំ២០២០-២០២១ ស្ត្រីចំនួន២២៣៥ នាក់ នៃចំនួនអ្នកចូលរួមសរុប៣៨៧១នាក់ បានចូលរួមសិក្ខាសាលា វគ្គបណ្តុះបណ្តាល និងជំនាញនានាទាំងក្នុងប្រទេស និងក្រៅប្រទេស»។
ក្នុងកិច្ចប្រជ៉ំ លោកជំទាវ ជូ ប៊ុនអេង បន្តថា នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រសួងកិច្ចការនារី បានរៀបចំកម្មវិធីអភិវឌ្ឍន៍សមត្ថភាពមន្ត្រីកិច្ចការនារីក្នុងការអនុវត្តការងារ ការស្វែងរកការគាំទ្រមតិ ការបញ្ជ្រាបយេនឌ័រ និងបរិយាបន្ន សីលធម៌សង្គម និងភាពជាអ្នកដឹកនាំ និងដាក់បញ្ចូលទៅក្នុងកម្មវិធីវិនិយោគ ឃុំ សង្កាត់ និងសមាហរណកម្មផែនការឃុំ សង្កាត់ ថ្នាក់ ក្រុង ស្រុក ខណ្ឌ។ ក្រសួងបានបើកវគ្គតាមប្រព័ន្ធអនឡាញ ដើម្បីពង្រឹងតួនាទីស្ត្រីក្នុងភាពជាអ្នកដឹកនាំ និងភារកិច្ចរបស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ អ្នកចូលរួម ១,១២៣ នាក់(ស្រ្តី៨៤០នាក់)»។ លោកជំទាវ ជូ ប៊ុនអេង បន្តថា «ដូចរៀងរាល់ឆ្នាំកន្លងមក ឆ្នាំ២០២២ នេះ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី បានសម្របសម្រួលរៀបចំរបាយការណ៍វឌ្ឍនភាពឆ្នាំ២០២០-២០២១ និងផែនការសកម្មភាពការងារឆ្នាំ២០២២ ដោយមានការចូលរួមផ្តល់ធាតុចូលរបាយការណ៍ពីក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងការផ្តល់យោបល់ពីក្រុមការងារបច្ចេកទេសយេនឌ័រ ព្រមទាំងការឯកភាពពីសមាជិក សមាជិកា នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ។ លោកជំទាវបញ្ជាក់ថា «របាយការណ៍លទ្ធផលការងារឆ្នាំ២០២០-២០២១ បង្ហាញពីវឌ្ឍនភាពការប្រឈមថ្មីៗ និងចំណុចសេសសល់ទាំងឡាយ ដែលយើងទាំងអស់គ្នាចាំបាច់ត្រូវខិតខំបន្តការដោះស្រាយក្នុងបរិការណ៍នៃជំងឺកូវីដ១៩ ដើម្បីស្តារ និងជំរុញការអភិវឌ្ឍគ្រប់វិស័យ តាមរយៈការបន្តអនុវត្តវិធានការផ្នែកគោលនយោបាយ កម្មវិធីនិងសកម្មភាពជាក់លាក់នានា ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី ដើម្បីការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន និងចីរភាព។
លោកជំទាវ ជូ ប៊ុនអេង បានថ្លែងនូវអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានកិត្តិយសនៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដែលបានផ្តល់អាទិភាពខ្ពស់ក្នុងការជំរុញ និងលើកកម្ពស់សមភាពយេនឌ័រ និងស្ថានភាពស្រ្តីលើគ្រប់វិស័យ និងគ្រប់កម្រិត ក្នុងការអនុវត្តច្បាប់ គោលនយោបាយ និងវិធានការនានា តាមរយៈយន្តការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាពិសេស សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលជានិច្ចកាលតែងផ្តល់នូវការគាំទ្រយ៉ាងពេញទំហឹងទាំងស្មារតី និងថវិកាដល់ដំណើរការសកម្មភាពរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ឱ្យសម្រេចបាននូវវឌ្ឍនភាពជាទីមោទនៈ ក្រោមសុខសន្តិភាពជាតិ »។
សូមជំរាបថា «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី» មានព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងមានសម្តេចតេជោ ហ៊ុន សែន ជាអនុប្រធានកិត្តិយស។ ចាប់តាំងពីឆ្នាំ២០០៦មក ថ្នាក់ដឹកនាំនៃ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្រ្តី» តែងតែបើកកិច្ចប្រជុំជាទៀងទាត់រៀងរាល់មួយឆ្នាំម្តង ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន។ កិច្ចប្រជុំធ្វើឡើងដើម្បីតាមដាន និងត្រួតពិនិត្យរាល់សកម្មភាពការងារ និងការអនុវត្តរាល់អនុសាសន៍លើការងារមួយចំនួនរបស់ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី» ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់សិទ្ធិសេរីភាពឋានៈតួនាទី ពិសេសការចូលរួមដោះស្រាយរាល់ការងារជាអាទិភាពនានារបស់ស្ត្រី៕