សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាជាតិ នៃសាធារណរដ្ឋកូរ៉េ

នៅរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០២២ដដែលនេះ បន្ទាប់ពីអញ្ជើញទទួលជួបពិភាក្សាការងារជាមួយប្រធានាធិបតីកូរ៉េរួចហើយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានបន្តអញ្ជើញជួបពិភាក្សាការងារបន្តទៀតជាមួយនឹងឯកឧត្តម Park Byeong-Seung ប្រធានរដ្ឋសភាជាតិ នៃសាធារណរដ្ឋកូរ៉េ ។

ក្នុងជំនួបនោះ ឯកឧត្តមប្រធានរដ្ឋសភាកូរ៉េ បានស្វាគមន៍ចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានអញ្ជើញមកទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ នៅពេលនេះ។ ឯកឧត្តមបានមានប្រសាសន៍ថាឆ្នាំនេះគឺជាខួប២៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ។ ឯកឧត្តមបានគូសបញ្ជាក់ថា តាមរយៈទំនាក់ទំនងនេះ សម្ដេចតេជោពិតជារួមចំណែកយ៉ាងសំខាន់ ដោយសម្ដេចមានឆន្ទៈខ្ពស់ និងមានការប្ដេជ្ញាចិត្តខ្លាំង ដែលធ្វើឲ្យទំនាក់ទំនងការទូតរវាងប្រទេសយើងទាំងពីរមានភាពល្អប្រសើរនឹងគ្នា។ សម្រាប់ទំនាក់ទំនងទ្វេភាគីនេះ គឺយើងមានកិច្ចសហប្រតិបត្តិការទៅលើវិស័យជាច្រើន ក្នុងន័យនេះ ឯកឧត្តមបានគូសបញ្ជាក់ថា ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរនេះ ពិតជា មានការរីកចម្រើន។ ឯកឧត្តមប្រធានរដ្ឋសភាកូរ៉េបានបន្តទៀតថាដំណើរទស្សនកិច្ចរបស់សម្ដេចតេជោមកកាន់ប្រទេសកូរ៉េលើកនេះ នឹងធ្វើឱ្យទំនាក់ទំនងនៃប្រទេសយើងទាំងពីរកាន់តែមានភាពល្អប្រសើរជាងមុនទៀត។

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណចំពោះឯកឧត្តមប្រធានរដ្ឋសភាកូរ៉េ ដែលបានទទួលជួបសម្ដេច នាពេលនេះ។ សម្ដេចតេជោបានមានប្រសាសន៍ថា ទោះបីជាសម្ដេចធ្លាប់អញ្ជើញមកប្រទេសកូរ៉េច្រើនដងរួចមកហើយក្តី តែសម្ដេចមិនដែលអញ្ជើញមកទស្សនកិច្ចនៅរដ្ឋសភាជាតិកូរ៉េនោះទេ។ សម្ដេចតេជោក៏បានអរគុណចំពោះឯកឧត្តមប្រធានរដ្ឋសភាជាតិកូរ៉េដែលគាំទ្រប្រទេសកម្ពុជាជាពិសេសគាំទ្រកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ និងគាំទ្រកម្ពុជាធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ នេះផងដែរ។ សម្តេចតេជោក៏បានអរគុណដល់ប្រទេសកូរ៉េដែលតែងតែផ្សាភ្ជាប់នូវទំនាក់ទំនងដ៏ល្អ ទោះបីជាមានការប្រឈមនឹងបញ្ហាជំងឺ Covid 19 ក៏ដោយ ក៏ក្រុមហ៊ុនអាកាសចរណ៍កូរ៉េ នៅតែបន្តហោះមកកម្ពុជា។ ដូច្នេះ នេះ គឺជាការតភ្ជាប់នូវទំនាក់ទំនង រវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ ។
ចំពោះទំនាក់ទំនងសេដ្ឋកិច្ចនៃប្រទេសទាំងពីរវិញ សម្ដេចតេជោក៏បានមានប្រសាសន៍ថា ទំនាក់ទំនងសេដ្ឋកិច្ចនៃប្រទេសយើងក៏មានភាពល្អប្រសើរផងដែរ ។ សម្ដេចតេជោបញ្ជាក់ថា តាមរយៈការហោះហើរពីកូរ៉េ មកកម្ពុជានេះ ក៏បានក៏បានផ្ដល់ឱកាសឲ្យពលរដ្ឋដែលរស់នៅសហរដ្ឋអាមេរិក និងនៅប៉ែកអឺរ៉ុប ក៏អាចធ្វើដំណើរតាមប្រទេសកូរ៉េ មកកម្ពុជាបានដែរ ដែលជាច្រកចេញចូលដ៏សំខាន់នៃប្រទេសទាំងពីរ។ ក្នុងខួបលើកទី២៥ ឆ្នាំនៃទំនាក់ទំនងការទូតនេះ សម្ដេចតេជោក៏បានស្នើឲ្យមានការរៀបចំ សកម្មភាពប្រារព្ធខួបនៃទំនាក់ទំនងការទូតនៃប្រទេសយើងទាំងពីរ។ សម្ដេចតេជោបានមានប្រសាសន៍ថា តាមរយៈទំនាក់ទំនងការទូតដ៏ល្អនេះ រហូតមកដល់ពេលនេះប្រទេសយើងទាំងពីរបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ រួចហើយ។ ហើយសភាជាតិនៃកម្ពុជាក៏បាន ផ្ដល់សច្ចាប័នរួចហើយដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េនេះ ហើយសម្ដេចតេជោសង្ឃឹមថា ឯកឧត្តមប្រធានរដ្ឋសភាកូរ៉េ នឹងជួយជំរុញការផ្ដល់សច្ចាប័នដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ក្នុងពេលឆាប់ៗខាងមុខនេះ។ ក្នុងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរនេះ សម្តេចតេជោ ចង់ឃើញនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងសភា និងព្រឹទ្ធសភានៃប្រទេសទាំងពីរ ក្នុងការផ្លាស់ប្ដូរតំណាងរាស្ត្រជាទូទៅនិងតំណាងរាស្ត្រជាស្ត្រី និងតំណាងរាស្រ្តវ័យក្មេង ក្នុងការទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្នាទៅវិញទៅមក។
នៅក្នុងជំនួបនេះផងដែរ សម្តេចតេជោក៏បាននាំនូវកាតផ្ដាំផ្ញើសួរសុខទុក្ខ និងជូនពរ ពីសំណាក់សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា និងសម្ដេច សាយ ឈុំប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដល់ឯកឧត្តមផងដែរ។ សម្ដេចតេជោក៏បានពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការរវាងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ជាពិសេសសម្ដេចពិតជាចង់ឃើញនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េចូលជាធរមាន និងភាពជាដៃគូតំបន់សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ដែលបានចូលជាធរមាននៅខែមករាកន្លងទៅនេះ ដែលទាំងអស់នេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញទំហំពាណិជ្ជកម្ម ទំហំវិនិយោគ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចកាន់តែមានភាពល្អប្រសើរបន្ថែមទៀត។ នៅក្នុងឱកាសនេះ សម្ដេចតេជោសង្ឃឹមថា ឯកឧត្តមប្រធានរដ្ឋសភាកូរ៉េ នឹងជំរុញលើកទឹកចិត្តឲ្យអ្នកវិនិយោគិនកូរ៉េ មកវិនិយោគនៅក្នុងប្រទេសកម្ពុជាកាន់តែច្រើនបន្ថែមទៀតវាពេលខាងមុខ។ លើសពីនេះទៅទៀត សម្តេចតេជោក៏បានស្នើសុំឲ្យកូរ៉េផ្ដល់នូវជំនួយឥតសំណង និងកម្ចីសម្បទាន ជាពិសេសក្នុងការធ្វើស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងទន្លេមេគង្គនេះ ដែលសម្ដេចគិតថាស្ពាននេះ គឺជាស្ពានមួយដ៏ល្អ សម្រាប់បម្រើដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅកម្ពុជា។ ទាក់ទងទៅនឹងការវិនិយោគនៅក្នុងប្រទេសកម្ពុជា សម្ដេចតេជោក៏បានលើកឡើងអំពីរូបមន្ត១+ នេះ ស្របពេលដែលកម្ពុជាកំពុងមានការកំណែទម្រង់ច្បាប់វិនិយោគថ្មីនោះ។
ទាក់ទងទៅនឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជនវិញ សម្ដេចតេជោក៏បានអរគុណដល់សាធារណរដ្ឋកូរ៉េ ដែលកន្លងមកបានទទួលពលករកម្ពុជាជាច្រើនមកធ្វើការនៅកូរ៉េ និងបានយកចិត្តទុកដាក់អំពីសុខមាលភាព ជាពិសេសការផ្ដល់វ៉ាក់សាំងកូវីដ19 កន្លងទៅថ្មីៗនេះ។ នៅក្នុងឱកាសនោះផងដែរសម្ដេចតេជោក្នុងនាមប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភានៃប្រទេសកម្ពុជា ក៏បានអញ្ជើញឯកឧត្តមប្រធានរដ្ឋសភាកូរ៉េ មកបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជានាពេលខាងមុខផងដែរ។
ជាការឆ្លើយតប ឯកឧត្តមប្រធានសភាជាតិកូរ៉េ បានមានប្រសាសន៍ថា ទាក់ទងទៅនឹងការផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េ ថា កូរ៉េនឹងផ្ដល់ក្នុងពេលឆាប់ៗនេះ ជាពិសេសអំឡុងពាក់កណ្ដាលឆ្នាំ២០២២ នេះ ហើយឯកឧត្តមនឹងធ្វើការងារដោយផ្ទាល់ជាមួយការងារនេះ។ ពាក់ព័ន្ធទៅនឹងការកសាងស្ពានមិត្តភាពកម្ពុជា-កូរ៉េ នៅប្រទេសកម្ពុជានោះ ឯកឧត្តមនឹងខិតខំជំរុញការងារនេះ ហើយនឹងអាចធ្វើយ៉ាងណាឲ្យមានការចុះកុងត្រា ឆាប់ៗនាពេលខាងមុខនេះ ។ ទាក់ទងទៅនឹងការវិនិយោគវិញឯកឧត្តមបានមានប្រសាសន៍ថាកម្ពុជា និងកូរ៉េ គឺជាដៃគូដ៏ល្អជាពិសេសស្របពេលដែលកម្ពុជាមានការកែសម្រួលច្បាប់វិនិយោគថ្មីនេះ ដូចជាច្បាប់មិនយកពន្ធត្រួតគ្នា បូកនឹងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយនេះ វាពិតជាអាចជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យកាន់តែមានភាពល្អប្រសើរឡើង។ ឯកឧត្តមប្រធានសភាជាតិកូរ៉េបានមានប្រសាសន៍ថា នៅឆ្នាំ២០២១កន្លងទៅនេះ ទំហំសេដ្ឋកិច្ចរវាងប្រទេសយើងទាំងពីរ មានប្រមាណជា១ពាន់លានដុល្លារ ហើយឯកឧត្តមសង្ឃឹមថានាពេលខាងមុខនឹងមានការកើនឡើងបន្ថែមទៀត។
ចំពោះទំនាក់ទំនងរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរនោះ ឯកឧត្តមបានមានប្រសាសន៍ថា ពលករដែលបានមកធ្វើការនៅប្រទេសកូរ៉េនេះ គឺបានរួមចំណែកយ៉ាងសំខាន់ដល់សេដ្ឋកិច្ចកូរ៉េ ហើយទាក់ទងទៅនឹងស្ត្រីខ្មែរដែលបានរៀបការជាមួយស្វាមីកូរ៉េនោះ គឺជាការផ្ដល់តម្លៃជាគ្រួសារ ត្រូវបានផ្សារភ្ជាប់ទំនាក់ទំនងរវាងកម្ពុជា និងកូរ៉េកាន់តែជិតស្និទ្ធ ឯកឧត្តមក៏បានគាំទ្រចំពោះគ្រួសារបែបចំរុះនេះផងដែរ ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមក៏បានអរគុណចំពោះសម្ដេចប្រធានរដ្ឋសភា និងព្រឹទ្ធសភានៃកម្ពុជា ដែលបានអញ្ជើញឯកឧត្តមទៅបំពេញកិច្ចនៅកម្ពុជា ហើយឯកឧត្តមនឹងរកពេលវេលាសមស្របណាមួយទៅទស្សនកិច្ចនាពេលខាងមុខ។ ឯកឧត្តមប្រធានសភាជាតិកូរ៉េក៏បានអរគុណសម្ដេចតេជោដែលបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការកសាងសន្តិភាព នៅឧបទ្វីបកូរ៉េ តាមរយៈសម្ដេចបានធ្វើជាសហប្រធាននៅក្នុងកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ឆ្នាំ២០២២ ដែលរៀបចំឡើងដោយអង្គការ UPF នាពេលនេះ។
ទាក់ទងទៅនឹងដំណើរទស្សនកិច្ចរបស់សម្ដេចតេជោទៅកាន់ប្រទេសមីយ៉ាម៉ាកន្លងទៅថ្មីៗនេះ ឯកឧត្តមបានមានប្រសាសន៍ គាំទ្រចំពោះតួនាទីអាស៊ាន ជាពិសេសគាំទ្រប្រេសិតពិសេសនៃប្រធានអាស៊ានក្នុងការស្វែងរកដំណោះស្រាយនៅប្រទេសមីយ៉ាន់ម៉ា និងគាំទ្រចំណុចឯកច្ឆន្ទទាំង៥ ដែលថ្នាក់ដឹកនាំអាស៊ានបានដាក់ចេញកន្លងមកនោះផងដែរ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ