ព្រះមហាក្សត្រកម្ពុជា បានយាងចាកចេញពីកម្ពុជា ដើម្បីចូលរួមពិធីបើកព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិករដូវរងារ

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែកុម្ភៈនេះ យាងចាកចេញពីរាជធានីភ្នំពេញ ដើម្បីចូលរួមពិធីបើកព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិករដូវរដូវរងារ នៅទីក្រុងប៉េកាំង ប្រទេសចិន។ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី នឹងគង់ប្រថាប់នៅទីក្រុងប៉េកាំង រហូតដល់ថ្ងៃទី០៥ ខែកុម្ភៈ ទើបយាងត្រឡប់មកកាន់កម្ពុជាវិញ។

ដូចសព្វដងដែរ ក្នុងឱកាសនៃព្រះអវត្តមានព្រះករុណាជាម្ចាស់ជីវិតតម្កល់លើត្បូងនេះ រាល់ព្រះរាជតួនាទី និងភារកិច្ចរបស់ព្រះអង្គ នឹងត្រូវប្រគល់ជូនសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានរដ្ឋព្រឹទ្ធសភា។

លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន បានលើកឡើងថា កម្ពុជាគឺជាប្រទេសជិតខាងល្អជាប្រពៃណីរបស់ចិន ហើយបានគាំទ្រយ៉ាងមុតមាំចំពោះភាគីចិន ជាម្ចាស់ផ្ទះនៃការរៀបចំកីឡាអូឡាំពិករដូវក្តៅ និងរដូវរងារនេះ។

លោក Zhao Lijian បានគូសបញ្ជាក់ដូច្នេះ «ព្រះករុណាព្រះមហាក្សត្រ គឺជាមិត្តចាស់របស់ប្រជាជនចិន។ យើងខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្ដៅចំពោះព្រះអង្គ ដែលនឹងស្ដេចយាងមកកាន់ប្រទេសចិន ដើម្បីយាងជាសក្ខីជនក្នុងឱកាសជាប្រវត្តិសាស្ត្រ ដែលរដ្ឋធានីប៉េកាំង នឹងក្លាយជាទីក្រុងលើកដំបូងក្នុងការរៀបចំកីឡាអូឡាំពិកទាំងរដូវក្តៅ និងរដូវរងារ»។

សូមបញ្ជាក់ថា មហាយក្សចិន បានទទួលធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកីឡាអូឡាំពិករដូវក្តៅ និងរដូវរងារឆ្នាំ២០២២ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២។ ការរៀបចំកម្មវិធីដ៏មហាមានន័យ ជាប្រវត្តិសាស្រ្តសម្រាប់មនុស្សជាតិ ក្នុងពេលដែលពិភពលោកទាំងមូលកំពុងប្រឈមមុខនឹងវិបត្តិនៃការរីករាតត្បាតជាសកលជំងឺ Covid-19។ ប្រទេសចិន កំពុងស្ថិតនៅក្នុងដំណាក់កាលថ្មីមួយទៀត ក្នុងការធានាទាំងសុវត្ថិភាពសន្តិសុខ ទាំងសុវត្ថិភាពសុខាភិបាលសាធារណៈ សម្រាប់គណៈប្រតិភូកីឡា និងសម្រាប់វេទិកាកីឡាអន្តរជាតិនេះ។

ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងដែលរៀបចំឡើងក្នុងបរិបទ នៃការរីករាលដាលនៃជំងឺកូវីដ១៩ នឹងក្លាយជាការប្រកួតដ៏ឱឡារិក និងជារឿងមង្គលជាសកលដ៏កម្រមាន ប្រជាជនទូទាំងពិភពលោករំពឹងទុកយ៉ាងស្មោះស្ម័គ្រចំពោះការបើកធ្វើនៃការប្រកួតកីឡាអូឡាំពិកលើកនេះ។ បណ្តាទីក្រុងនៅប្រទេសចិន បាននាំគ្នាដាក់ចេញចំណាត់ការតឹងរ៉ឹង ដើម្បីគ្រប់គ្រងការឆ្លងរាលដាលថ្មីៗនៃ COVID-19 ខណៈដែលទីក្រុងប៉េកាំងកំពុងត្រៀមខ្លួន ធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍អូឡាំពិករដូវរងា នៅដើមខែកុម្ភៈនេះ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ក្រុមហ៊ុន Fortune Rich Trade Co.,Ltd. Ju Wang Footwear Co.,Ltd., បង្ហាញចំណាប់អារ...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក ប្រធានក្រុមហ៊ុន Fortune Rich Trade Co.,Ltd. Ju Wang Footwear Co.,Ltd.,