សុន្ទរកថាស្វាគមន៍ ដោយ ឯកឧត្តម សុខ ស៊ីឡូ អគ្គលេខាធិការនៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ

សុន្ទរកថាស្វាគមន៍ ដោយ ឯកឧត្តម សុខ ស៊ីឡូ អគ្គលេខាធិការនៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ថ្លែងក្នុងឱកាសអបអរសាទរ ទិវាជាតិអាហារូបត្ថម្ភ លើកទី៨ ក្រោមប្រធានបទ «ការពង្រឹងប្រព័ន្ធស្បៀងដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព»
រាជធានីភ្នំពេញ ទីស្តីការគណៈរដ្ធមន្ត្រី ថ្ងៃទី ៨ ខែ វិច្ឆិកា ឆ្នាំ ២០២១
********


សូមគោរព
– ឯកឧត្តមឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ ក.ក.ជ
– ឯកឧត្តម មាស ពិសិទ្ខិ តំណាងឯកឧត្តម វេង សាខុន រដ្ធមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ និងជាអនុប្រធាន ក.ក.ជ
– លោកជំទាវតាន់ វួចឆេង តំណាងឯកឧត្តម ម៉ម ប៊ុនហេង រដ្ធមន្ត្រីក្រសួងសុខាភិបាលនិងជាអនុប្រធាន ក.ក.ជ
– ឯកឧត្តម ចាន់ សុខទី តំណាងឯកឧត្តម ប៉ាន់ សូស័ក្តិ រដ្ធមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាអនុប្រធាន គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ
– ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការក្រសួងពាក់ព័ន្ឋ
– លោកស្រី Claire Conan តំណាងនិងជានាយិការកម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជា និងជាតំណាងបណ្តាញអង្គការសហប្រជាជាតិដើម្បីអាហារូបត្ថម្ភនៅកម្ពុជា
– លោកស្រី Forroogh Foyouzat តំណាងនិងជានាយិការអង្គការ UNICEF នៅកម្ពុជា
– លោក Antonio Schiavone តំណាង និងជានាយកស្តីទីអង្គការស្បៀង និងកសិកម្ម សហប្រជាជាតិប្រចាំកម្ពុជា
– លោកស្រី Gwyneth Cotes នាយិការអង្គការ ហេលែន ខែល័រ អន្តរជាតិ និងជាតំណាងបណ្តាញសម្ព័ន្ធអង្គការសង្គមស៊ីវិលដើម្បីអាហារូបត្ថម្ភនៅកម្ពុជា
– ឯកឧត្តម លោកជំទាវ អភិបាលរងនៃគណៈអភិបាលខេត្តកំពត កំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង ឧត្តុរមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ព្រះវិហារ ស្ទឹងត្រែង ក្រចេះ មណ្ឌលគីរី និងរតនៈគិរី
– ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល វិស័យឯកជន ប្អូនៗយុវជន និងសមាជិក សមាជិកានៃអង្គពិធីទាំងមូលជាទីមេត្រី ‌‌!

១. ថ្ងៃនេះ គឺជាឱកាសដ៏មហានក្ខត្តឬក្ស និងជាទិវាប្រកបដោយសេចក្តីរំភើបរីករាយយ៉ាងក្រៃលែង ដែលក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ បានសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល វិស័យឯកជន ប្អូនៗយុវជនរៀបចំប្រារពទិវាជាតិអាហារូបត្ថម្ភលើកទី៨ (៦វិច្ឆិកា២០១៤ ៦វិច្ឆិកា២០២១)ក្រោមប្រធានបទ «ការពង្រឹងប្រព័ន្ធស្បៀងដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព»ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ។ ខ្ញុំសូមជម្រាបជូនអង្គពិធីទាំងមូលមេត្តាជ្រាបថា៖ ការប្រារពទិវាជាតិអាហារូបត្ថម្ភលើកទី៨នេះ បានរៀបចំឡើងដោយផ្ទាល់នៅទីស្តីការគណៈរដ្ឋមន្ត្រីផង និងតាមប្រព័ន្ឋ onlineផង ដើម្បីផ្តល់ឱកាសជូនអ្នកនៅតាមបណ្តាលខេត្តនានា បានចូលរួមពីចំងាយ តាមរយៈប្រព័ន្ឋ MS-Team, Facebook និង Youtube ផង។
២. ក្នុងនាមអ្នកសម្របសម្រួលរៀបចំកម្មវិធី ខ្ញុំមានកិត្តិយស សូមស្វាគមន៏ដ៏កក់ក្តៅបំផុត និងសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះវត្តមានរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ គណៈអធិបតី ព្រមទាំងវត្តមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវជាតិ-អន្តរជាតិ ដែលបានចំណាយពេលវេលាដ៏មានតម្លៃនិងមមាញឹក អញ្ជើញចូលរួម ប្រារពទិវាជាតិអាហារូបត្ថម្ភលើកទី៨ ក្រោមប្រធានបទ «ការពង្រឹងប្រព័ន្ធស្បៀងដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព» ដ៏មានសារៈសំខាន់នាពេលនេះ។ ខ្ញុំសូមថ្លែងអំណរគុណដល់អង្គការ GIZ, FAO, UNICEF, WFP, WHO, HKI, Plan International សហគមន៍អ៊ឺរ៉ុប និងស្ថានទូតសហព័ន្ឋសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា ដែលបានផ្តល់នូវការគាំទ្រជួយរៀបចំប្រារពទិវាជាតិអាហារូបត្ថម្ភ ដ៏មានសារៈសំខាន់នេះឡើង។
៣.ខ្ញុំសូមជម្រាបជូនអង្គពិធីទាំងមូលមេត្តាជ្រាបថា៖ យោងតាមសេចក្តីជូនដំណឹង លេខៈ១៣១៧ស.ជ.ណ. ចុះថ្ងៃទី១២ខែកញ្ញាឆ្នាំ២០១៤របស់ទីស្តីការគណៈរដ្ឋមន្រ្តី រាជរដ្ឋាភិបាលបានប្រគល់ភារកិច្ចជូនក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្មនិងជនបទ សហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ រៀបចំទិវាជាតិអាហារូបត្ថម្ភ ដែលនឹងត្រូវប្រារព្វធ្វើជារៀងរាល់ឆ្នាំ នៅថ្ងៃទី៦ខែវិច្ឆិកា ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈ ឲ្យបានកាន់តែទូលំទូលាយនៅទូទាំងប្រទេស អំពីសារៈសំខាន់នៃអាហារូបត្ថម្ភ ក្នុងការចូលរួមចំណែកបង្កើតមូលធនមនុស្ស បង្កើនផលិតភាពការងារ និងជំរុញកំណើនសេដ្ឋកិច្ច និងធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសន្តិសុខស្បៀងនិងអាហារូបត្ថម្ភសម្រាប់ជនកម្ពុជាគ្រប់រូប និងលើកទឹកចិត្តដល់បងប្អូនជនរួមជាតិ ឲ្យចូលរួមអនុវត្តគោលនយោបាយ និងយុទ្ធសាស្រ្តនានារបស់រាជរដ្ឋាភិបាល ដែលពាក់ពន្ឋ័នឹងវិស័យសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ។
៤.ដោយវិស័យសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ ជាបញ្ហាអន្តរវិស័យ តម្រូវឲ្យមានកិច្ចសហការល្អ ការសម្របសម្រួល ការចូលរួម និងផ្តោតការយកចិត្តទុកដាក់ទៅលើការអន្តរាគមន៍និងការវិនិយោគនៅក្នុងវិស័យកសិកម្ម សុខាភិបាល អប់រំ ការងារ អភិវឌ្ឍន៍ជនបទ ការគ្រប់គ្រងធនធានទឹក យ៉េនឌ័រ ទឹកស្អាតនិងអនាម័យ គាំពារសង្គមនិងវិស័យពាក់ព័ន្ធផ្សេងៗទៀត។ ឈរលើស្មារតីនេះ ជារៀងរាល់ឆ្នាំ ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏ វិស័យកសិកម្ម និងជនបទ តែងតែជ្រើសរើសយកប្រធានបទសម្រាប់ ទិវាជាតិអាហារូបត្ថម្ភ ទៅតាមវិស័យនិមួយៗ ស្របតាមស្ថានភាពជាក់ស្តែង និងភាពចាំបាច់របស់ប្រទេសជាតិ ដើម្បីបំផុសស្មារតីយកចិត្តទុកដាក់ក្នុងការសហការអនុវត្ត ។ រហូតមកដល់ឆ្នាំ២០២១នេះ ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ បានរៀបចំទិវាជាតិអាហារូបត្ថម្ភ បានចំនួន៧លើករួចមកហើយ ដូចខាងក្រោម៖
– ទិវាជាតិអាហារូបត្ថម្ភលើកទី១ បានប្រារព្វនៅថ្ងៃទី៦ខែវិច្ឆិកាឆ្នាំ២០១៤ក្រោមប្រធានបទ “អាហារូបត្ថម្ភល្អ ដើម្បីជីវិតរស់នៅកាន់តែប្រសើរ”។ ទិវាជាតិអាហារូបត្ថម្ភលើកទី១នេះ មិនមានរៀបចំពិធីជួបជុំទេ គ្រាន់តែមានសារលិខិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងទិវាជាតិអាហារូបត្ថម្ភ និងមានរៀបចំវេទិកាពិភាក្សាតុមូលនៅទូរទស្សន៍ជាតិកម្ពុជា។
– ទិវាជាតិអាហារូបត្ថម្ភលើកទី២ បានប្រារព្វឡើងនៅសួនការីទ្បាមុខវត្តបទុមវត្តី នៅថ្ងៃទី០៦ ខែវិចិ្ឆកា ឆ្នាំ២០១៥ ក្រោមប្រធានបទ“ការបំបៅកូនដោយទឹកដោះម្តាយ គឺជាការវិនិយោគដ៏ប្រសើរបំផុតសម្រាប់ជីវិតកូនអ្នក។ ទិវាជាតិអាហារូបត្ថម្ភលើកទី២នេះ មានរៀបចំវីដេអូខ្លីៗ ចាក់ផ្សាយតាមទូរទស្សន៍នានា។
– ទិវាជាតិអាហារូបត្ថម្ភលើកទី៣ បានប្រារព្វឡើងនៅសាលមហោស្របចតុមុខ នៅថ្ងៃទី៤ខែវិច្ឆិកាឆ្នាំ២០១៦ ក្រោមប្រធានបទ“អនាម័យនិងអាហារូបត្ថម្ភល្អ ជួយឲ្យកុមារលូតលាស់ល្អ” ។ ទិវាជាតិអាហារូបត្ថម្ភលើកទី៣នេះ មានរៀបចំវេទិកាពិភាក្សាតុមូលនៅទូរទស្សន៍ជាតិកម្ពុជា។
– ទិវាជាតិអាហារូបត្ថម្ភលើកទី៤ បានប្រារព្វឡើងនៅសាលមហោស្របចតុមុខ នៅថ្ងៃទី១ខែវិច្ឆិកាឆ្នាំ២០១៧ក្រោមប្រធានបទ“ផលិតនិងបរិភោគអាហារចម្រុះសម្បូរជីវជា ដើម្បីសុខភាពល្អមាំមួន”។ ទិវាជាតិអាហារូបត្ថម្ភលើកទី៤នេះ មានរៀបចំវេទិកាពិភាក្សាតុមូលនៅទូរទស្សន៍ជាតិកម្ពុជា។
– ទិវាជាតិអាហារូបត្ថម្ភលើកទី៥ បានប្រារព្វឡើងនៅសាលប្រជុំ C ទីស្តីការគណៈរដ្ឋមន្រ្តីនៅថ្ងៃទី៧ខែវិច្ឆិកាឆ្នាំ២០១៨ ក្រោមប្រធានបទ“ផ្តល់អាហារូបត្ថម្ភល្អដល់កូនអ្នក គឺជាការវិនិយោគដ៏ប្រសើរបំផុត”។ ទិវាជាតិអាហារូបត្ថម្ភលើកទី៥នេះ មានរៀបចំវេទិកាពិភាក្សាតុមូលនៅទូរទស្សន៍ជាតិកម្ពុជា។
– ទិវាជាតិអាហារូបត្ថម្ភលើកទី៦ បានប្រារព្វឡើងនៅវិមានសន្តិភាព នៅថ្ងៃទី២៧ខែវិច្ឆិកាឆ្នាំ២០១៩ ក្រោមប្រធានបទ“ការបំបៅកូនដោយទឹកដោះម្តាយគឺជាជម្រើសដ៍ប្រសើរសម្រាប់អភិវឌ្ឍន៏មូលធនមនុស្សនិងសេដ្ឋកិច្ចជាតិ”។
– ទិវាជាតិអាហារូបត្ថម្ភលើកទី៧ បានប្រារព្វឡើងនៅសាលាខេត្តកំពង់ចាម នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមប្រធានបទ “ ការពង្រឹងប្រព័ន្ធស្បៀងដើម្បីរបបអាហារសុខភាព ”។
ថ្ងៃនេះ យើងជួបជុំនៅទីស្តីការគណៈរដ្ឋមន្ត្រីនិងតាមរយៈប្រព័ន្ឋ MS-Team, ដើម្បីប្រារពទិវាជាតិអាហារូបត្ថម្ភលើកទី៨ ក្រោមប្រធានបទ “ការពង្រឹងប្រព័ន្ធស្បៀងដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព”។

គណៈអធិបតី និងអង្គពិធីទាំងមូលជាទីមេត្រី !
៥. ក្នុងបរិបទនៃការរាតត្បាតជាសកលនៃជំងឺកូវីដ១៩ ការប្រារពទិវាជាតិអាហារូបត្ថម្ភលើកទី ៨ ក្នុងពេលនេះ បានរៀបចំឡើងតាមការជួបជុំដោយផ្ទាល់នៅក្នុងបន្ទប់នេះផង និងនៅតាម online ផង ដើម្បីផ្តល់ឱកាសជូនដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលមិនបានចូលរួមដោយផ្ទាល់នៅទីនេះ បានចូលរួមពីចំងាយតាមរយៈការផ្សាយផ្ទាល់ក្នុង Website របស់ក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ ពិសេសឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំនៃក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀងនិងអាហារូបត្ថម្ភខេត្ត កំពត កំពង់ធំ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង សៀមរាប ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង រតនៈគិរី និងក្រចេះ និងខេត្តពីរទៀតគឺកំពង់ចាមនិងមណ្ឌលគីរីដែលគ្រោង។
៦. ជាទីបញ្ចប់ ខ្ញុំសូមគោរពជូនពរឯកឧត្តមឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ និងក្រុមគ្រួសារ គណៈអធិបតី ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា សមាជិក សមាជិកានៃអង្គពិធីទាំងមូល សូមចៀសផុតពីជំងឺកូវីដ១៩ និងសូមទទួលបាននូវពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ។ សូមអរគុណ !

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...