ផ្សាយបន្តផ្ទាល់ពិសេស៖ ពិធីសម្ពោធជាផ្លូវការ អគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

55

ពិធីសម្ពោធជាផ្លូវការ អគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ថ្ងៃចន្ទ ៤កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១

អគារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលជាសមិទ្ធផលថ្មីដ៏ពិសិដ្ឋនៃស្ថាបត្យកម្មរបស់ជាតិកម្ពុជា តម្លៃជាង២៨លានដុល្លារអាមេរិក បើកសម្ពោធជាផ្លូវការនៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។ ពិធីប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
អគារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាសមិទ្ធផលមួយដែលបង្ហាញពីគុណតម្លៃនៃការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកម្ពស់តម្លៃស្ថាបត្យកម្ម ដែលជាស្នាដៃផ្ទាល់របស់កូនខ្មែរ ហើយក៏បានបង្ហាញនូវសមត្ថភាពរបស់រាជរដ្ឋាភិបាលលើការគ្រប់គ្រង និងប្រើប្រាស់ថវិកាជាតិ ដើម្បីបង្កើតនូវសមិទ្ធផលជាទីមោទនភាពសម្រាប់ជាតិផងដែរ។
អគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានទីតាំងស្ថិតនៅ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាប៉ែកខាងជើងឆៀងខាងលិច រាជធានីភ្នំពេញ ត្រូវបានប្រារព្ធពិធីបើការដ្ឋានសាងសង់នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០។ អគារនេះត្រូវបានបញ្ចប់ការសាងសង់ទាំងស្រុងនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ដោយចំណាយពេលសាងសង់ ១ឆ្នាំ ១ខែ និង២០ថ្ងៃ។
អគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ សាងសង់នៅលើផ្ទៃដីទំហំ ៤.៥ហិកតា មានទំហំតួអគារបណ្ដោយប្រវែង ១៣២.៧ ម៉ែត្រ និងទទឹងប្រវែង ៩៤.៧ម៉ែត្រ មានចំនួន៨ជាន់ កម្ពស់សរុបពីទ្រនាប់ខ្សាច់ ដល់ចុងកំពូលបុស្បុក ៨៨.៥ម៉ែត្រ។ ក្នុងនោះមានកម្ពស់បុស្បុក ៣៣.២៨ម៉ែត្រ។ មានចំណតរថយន្តប្រមាណ ៤៥០គ្រឿង និងចំណតទោចក្រយានយន្តជាច្រើនគ្រឿងទៀត។
ការរៀបចំការិយាល័យធ្វើការផ្អែកទៅតាមមុខងារ និងតួនាទីប្រើប្រាស់។ ក្នុងនោះនៅជាន់ផ្ទាល់ដី មានសាលបដិសណ្ឋារកិច្ច អាហារដ្ឋាន ឃ្លាំង បណ្ណាល័យ មជ្ឈមណ្ឌលបណ្ឌុះបណ្តាល ការិយាល័យច្រកចេញចូលតែមួយ និងសួនផ្ការំដួលជាដើម។
ជាន់ទី១ មានសាលានុសាល ពោលគឺសាលប្រជុំខ្នាតតូច និងមធ្យមចំណុះ ៣៨៦នាក់ ឃ្លាំង និងបណ្តុំនៃនាយកដ្ឋានទាំងឡាយរបស់ក្រសួង។ ជាន់ទី២ មានសាលប្រជុំខ្នាតធំចំណុះ ២,០២១កៅអី បណ្តុំនៃអគ្គនាយកដ្ឋាន គណៈស្ថាបត្យករ ឃ្លាំងជាដើម។ នៅជាន់ទី៣ មានបណ្តុំនៃអគ្គនាយកដ្ឋាន និងនាយកដ្ឋាន ឃ្លាំងជាដើម។ ជាន់ទី៤ មានការិយាល័យរដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ សាលសវនាការអន្តរជាតិ សាលចុះពិធីសារ បន្ទប់ប្រជុំ បន្ទប់ពិធីការ ការិយាល័យខុទ្ទកាល័យ អគាធិការដ្ឋានជាដើម។
ជាន់ទី៥ មានសាលប្រជុំអន្តរក្រសួង និង ចំណែកជាន់ទី៥ ស្លាបស្តាំ និងឆ្វេង ជាន់ទី៦ និងជាន់ទី៧ ជាការិយាល័យសម្រាប់ជួលដល់វិស័យឯកជន។
អគារទីស្តីការក្រសួងដែន គឺជាអគារដែលបាននាំមកនូវមោទនភាព និងការចាប់អារម្មណ៍យ៉ាងខ្លាំងលើក្បូក្បាច់រចនាបថរបស់ជាតិ រួមផ្សំជាមួយរចនាបែបសម័យទំនើប និងរបស់បរទេសផង ហើយត្រូវបានរំលេចឡើងយ៉ាងត្រដែតត្រដឹមទាំងផ្ទៃខាងក្រៅ និងខាងក្នុងអគារ។ អគារនេះរចនាឡើងតាមបែបស្ថាបត្យកម្មរួមសម័យ គឺសម័យអង្គរ សម័យកណ្តាល ក្លាសសិកសាកល បែបរ៉ូម៉ាំង និងបែបបុរាណខ្មែរ បូកនឹងសម័យទំនើប មានរចនាបថស្ថាបត្យកកម្មអគារមុខដាច់ ឬហៅថាអគារមុខធំ មានដំបូលកិងត្រួតស្លាបពីរជាន់ លម្អដោយជហ្វាក្បាលនាគ និងគ្រឿងលម្អស្ថាបត្យកម្មបុរាណប្រពៃណីខ្មែរនិយមបែបលក្ខណៈអត្តសញ្ញាណជាតិ។
ឯគ្រឿងប្រកបផ្នែកដំបូល ប្រតិស្ឋាននូវព្រះមណ្ឌបបុស្បុកកម្ពស់ ៣៣.២៨ម៉ែត្រ តំណាងឲ្យភ្នំព្រះសុមេរុ ដែលមានរួត ៧ជាន់ តំណាងឲ្យភ្នំសត្តបរិភណ្ឌ គឺភ្នំទាំង៧សង្កាត់ នៅជុំវិញភ្នំព្រះសុមេរុ គឺភ្នំយុគន្ធរ ភ្នំឥសិន្ធរ ភ្នំករវិក ភ្នំសុទស្ស នៈ ភ្នំនេមិន្ធរ ភ្នំវិនតកៈ និងភ្នំអស្សកណ្ណៈ។
រួតបុស្បុកទាំង៧ជាន់នេះ រៀបដេញរៀងតាមលំដាប់ទំហំប៉ែតតារាងពីធំឡើងទៅតូច ដែលជាន់រួតនីមួយៗ ប្រកបលម្អដោយបាំងខ្លែងធំតូច និងមាននាគរួត ឬនាគសំបកទំពាំង លម្អតាមជ្រុងសារពើសូត្រតាមជាន់តាមថ្នាក់។ ចាប់ពីរួតបុស្បុកថ្នាក់ទី៧ មានតួកណ្តឹងលម្អដោយក្បាច់សំបកទំពាំង និងតទៅផ្នែកខាងលើរៀងទៅមានបល្លង្កសារពើសូត្រទ្រកន្សោមតាឱ ដោយមានឈូកមូល ឬឈូករួតប្រាំជាន់ភ្ជាប់ដោយកំពូលមណ្ឌបបុស្បុក ឆ្ពោះទៅចុងកំពូលបុស្បុក ពិពិធរចនា លម្អដោយ ក្បាច់ក្រពុំបិណ្ឌនៅកំពូលជាទីបំផុតនៃបុស្បុក។
ចំណែកហោជាងធំផ្នែកកណ្ដាល ប្រតិស្ឋានទេវរូបព្រះវិស្សកម្មទេវបុត្រធ្វើពីស្ពាន់ មានព្រះហស្ដ៨ ជាទេពអ្នកមានចំណេះជំនាញកំពូលផ្នែកខាងវិជ្ជាជាង និងសិល្បៈ និងជាព្រះបរមគ្រូលើជាង និងសិល្បៈទាំងឡាយ គង់លើបល្ល័ង្កមានព្រះហស្តនីមួយៗកាន់ដោយសម្ភារៈប្រដាប់ជាង រំលេចដោយចង្វាយក្បាច់វង់ហៀនភ្ញីអង្គរទាំងមេដំបូលនិងហោជាងច្រៀក រួមនឹងអង្គប្រកបផ្សេងៗដទៃទៀតដូចជា ជាអាទិ ជហ្វា ដងក្ដារ ប៉ៃរកា នាគសន្លឹក ឬនាគដងក្ដារ កញ្ចាំង សារាយ សសរគូ និងគ្រឿងទម្រទែនទយជាដើម។
ចំណែកហោជាងផ្នែកខាងឆ្វេង និងខាងស្តាំ រចនាលម្អដោយសហស្សនេត្ត ឬព្រះឥន្ទគង់ដំរីអៃរាវ័ណលើឋានជើងសិង្ហដែលជាចតុលោកបាលមួយប្រចាំទិសខាងកើត តុបតែងរំលេចពិពិធលម្អដោយក្បាច់វង់ហៀនចង្វាយប្រទាក់ភ្ញីទេសដែលមានទេពប្រណម្យ មុខនាគ មុខខាបជាលម្អផងដែរ តំណាងឲ្យភាពសុខដុមនីយកម្មរវាងជំនឿ មនុស្ស និងធម្មជាតិ ដែលបង្កើតបាននូវសេចក្តីសុខ និងភាពចម្រើនរុងរឿង។
តួអគារមានរាងជាចតុកោណកែង មានទម្រង់ស្មើនឹង ១ ភាគ២ នៃតួបាកាណប្រាសាទអង្គរវត្ត ដែលផ្នែកខាងមុខ និងខាងក្រោយចែកចេញជា ៣សង្កាត់ ចំណែកផ្នែកខាងឆ្វេង និងខាងស្តាំចែកជា ២សង្កាត់ និងមាន ទម្រង់ ដំបូលមានរាងជាអក្សរអ៊ុយ «U» លាតសន្ធឹងត្រួតស៊ីគ្នាលើតួអគារទាំង ៣ទិស។
តួអគារលម្អដោយច្រកចេញចូលទាំង ៤ទិស ចំណែកច្រកចូលធំ ឬខ្លោងទ្វារអគារលម្អដោយក្បាច់ផ្តែររចនាបថព្រៃក្មេង វិចិត្ររចនាដោយនិមិត្តសញ្ញាក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឈ្មោះទីស្តីការក្រសួងនៅលើឋានផ្តែរ ថ្មម៉ាបកំពង់ស្ពឺពណ៌មរកត ទ្រដោយសសរម៉ាបកំពង់ស្ពឺពណ៌ក្រហមទុំចំនួន ៦ដើម ជាទម្រ តំណាងឲ្យនាយកធម៌ ទាំង៦យ៉ាងគឺ ធម៌របស់នាយក ឬធម៌សម្រាប់ថ្នាក់ដឹកនាំទាំងគ្រហស្ថ និងបព្វជិត គប្បីមានធម៌ ៦ យ៉ាងជាប្រចាំនៅក្នុងសន្តានជានិច្ចគឺ (១) ខមា សេចក្តីអត់ធន់ (២) ជាគរិយៈ សេចក្តីភ្ញាក់រឭករឿយៗ (៣) ឧដ្ឋានៈ សេចក្តីឧស្សាហ៍ខ្នះខ្នែង (៤) សំវិភាគៈ ការបែងចែករំលែក ឬការចែករំលែកឲ្យនូវវត្ថុផ្សេងៗ (៥) ទយា សេចក្តីអាណិតអាសូរ ត្រាប្រណីគេ (៦) ឥក្ខណា ការរំពៃរមើលការខុសត្រូវ។ ធម៌ទាំង៦នេះ រមែងលើកស្ទួយនាយក ឬអ្នកដឹកនាំឲ្យមានតម្លៃជានិច្ច។
នៅផ្នែកខាងឆ្វេងដៃនៃខ្លោងទ្វារអគារ មានចម្លាក់លោតអសុរទ្វារបាល និងនៅខាងស្តាំដៃមានរូបទេពទ្វារបាល រចនាបថព្រះគោ។ សភាវៈទាំងពីរនេះតំណាងឲ្យសភាវៈល្អ និងសភាវៈអាក្រក់ (យក្ស=ជារូបភាពកម្លា, ទេវតា=រូបភាពស្វាគមន៍)។ ជាទូទៅមនុស្សតែងមានអ្នកល្អ អ្នកអាក្រក់ មានធាតុជាកុសល និងអកុសល បុណ្យ និងបាប ជាធាតុទ្រទ្រង់។ ដូច្នោះដូនតាលោកឆ្លាក់ក្នុងហេតុផលយ៉ាងនេះ ឬយ៉ាងណាមួយនៃគំនិតទស្សនៈខាងលើ តែសុទ្ធសឹងតែមានអត្ថន័យច្បាស់លាស់ និងបង្ហាញពីលក្ខណៈច្បាស់លាស់នៃភាពជាគូនឹងគ្នាក្នុងធម្មជាតិលោកធាតុវិទ្យា។
នៅជាន់ផ្ទាល់ដីមានច្រកទ្វារធំដែលលម្អដោយផ្តែរប្រតិស្ឋានរូបព្រះពិស្ណុការ ឬវិស្សកម្មទេវបុត្រ ទ្រង់កាន់កូនប្រយោល តាក់តែងដោយ ក្បាច់កញ្ចាំងភ្ញីទេស មានសសរពេជ្រជាទម្រ រំលេចដោយសន្លឹកទ្វារធំក្បាច់ភ្ញីទេសវិចិត្ររចនាជាមួយនឹងគ្រឿងប្រដាប់ជាងផ្សេងៗ ចំណែកនៅខាងខ្នងទ្វារលម្អដោយក្បាច់គោមទេពប្រណម្យ ប្រថាប់ដោយទឹបមាស នៅលើជញ្ជាំងសាលបដិសណ្ឋារកិច្ចតាំងលម្អដោយចម្លាក់ទងប្រាសាទអង្គរវត្តធ្វើពីស្ពាន់ទំហំ ៥ម៉ែត្រ គុណនឹង៩ម៉ែត្រ។
អគារត្រូវបានស្ថាបនាសិលាចារឹកកំណត់កាលបរិច្ឆេទ នៃការសម្ពោធឆ្លងឡើងអគារជាផ្លូវការ នាថ្ងៃទី៨ ខែវិច្ឆកា ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា។
អគាររបស់ជាតិកម្ពុជាមួយនេះ ទទួលបានការស្ញប់ស្ញែង និងការពេញចិត្តជាខ្លាំងរបស់ប្រជាពលរដ្ឋខ្មែរ។ មោទនភាពជាពិសេសនោះ គឺស្ថាបត្យកម្មដ៏ល្អវិចិត្រនេះតែម្តង៕

អត្ថបទ៖ Fresh News