សម្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជុំទី១ សម្រាប់ក្រុមអាយុចាប់ពី ៦ឆ្នាំឡើង ក្នុងក្របខណ្ឌទូទាំងប្រទេស និងប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារអាយុ ៥ឆ្នាំ

CNV: 

បិទយុទ្ធនាការវ៉ាក់សាំងកូវីដ-១៩ ជុំទី ១, ចាក់វ៉ាក់សាំងកូវីដ-១៩ កុមារអាយុ ៥ ឆ្នាំ, បើកសាលារៀន

ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចូលរួមជាមួយសម្តេច ឯកឧត្តម លោកជំទាវ លោក/ស្រី​ នៅក្នុងពិធីប្រកាសបិទជាផ្លូវការ នូវយុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជុំទី ១ ជូនដល់ប្រជាជនអាយុ(ចាប់)ពី ៦ ឆ្នាំឡើង នៅក្នុងក្របខណ្ឌទូទាំងប្រទេស បន្ទាប់ពីរាជរដ្ឋាភិបាលបានប្រកាសបើកយុទ្ធនាការជាតិចាក់វ៉ាក់សាំង(កូវីដ​​-១៩) ជាផ្លូវការ កាលពីថ្ងៃទី ៤ មីនា ២០២១ សម្រាប់ប្រជាជន ដែលមានអាយុពី ១៨ ឆ្នាំឡើង ជាមួយនឹងការប្រកាសដើម្បីបិទយុទ្ធនាការចាក់វ៉ាក់សាំង (បង្ការជំងឺកូវីដ-១៩) ជុំទី ១ របស់យើង។

ថ្ងៃនេះ យើងក៏មានការចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំង(បង្ការជំងឺកូវីដ-១៩) សម្រាប់កុមារអាយុ ៥ ឆ្នាំតែម្តង។ ថ្ងៃនេះ យើងក៏បានដឹងថា សាលានៅទូទាំងប្រទេសក៏ត្រូវបានបើកទ្វារ។ ខ្ញុំក៏បានទទួលតាមរយៈហ្វេសប៊ុកផេករបស់ខ្ញុំ នូវកុមារដែលបានស្លៀកពាក់ឯកសណ្ឋាន(ជាសិស្ស)ចូលរៀន ហើយត្រូវឪពុក(ម្តាយ) បានវាយបញ្ចូលមកក្នុងខម្មិន(របស់ខ្ញុំ) ថតរូបភាពកូនរបស់ខ្លួន ដែលបានចេញទៅរៀន។ ជាមួយគ្នានេះ ថ្ងៃនេះ យើងចាប់ផ្តើមបើកប្រទេសឡើងវិញ។ យុទ្ធសាស្ត្រទាក់ទងនឹងការរៀបចំដំណើរការបើកប្រទេសនេះ … ទាក់ទិនជាមួយនឹងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់យើងនឹងដាក់(ចេញ)នៅពេលក្រោយ។

ផែនការយុទ្ធសាស្ត្រយុទ្ធនាការជាតិចាក់វ៉ាក់សាំងកូវីដ-១៩ ជាគន្លឹះបង្កើតនូវភាពស៊ាំសង្គមសេដ្ឋកិច្ច

យើងបានសាកល្បងរួចមកហើយកាលពីភ្ជុំបិណ្ឌ។ នេះជាការសាកល្បងដ៏ធំ បន្ទាប់ពីការសាកល្បងនេះ អនុញ្ញាតឲ្យយើងអាចវាយតម្លៃបានថា តើយើងទៅមុខឬទៅក្រោយ?។ នៅក្នុងបញ្ហានេះ យើងបានកំណត់តាំងពីដើមទី ពេលដែលមានវ៉ាក់សាំង។ យើងកំណត់ថា ការចាក់វ៉ាក់សាំង គឺជាគន្លឹះសំខាន់ បន្ទាប់​ពីវិធានការដែលយើងបានធ្វើក្នុងរយៈពេលកន្លងទៅ គឺការរុករក/ធ្វើតេស្ត/ចត្តាឡីស័ក និងការព្យាបាល។ ពេលនោះ យើងក៏បានកំណត់ថា ការចាក់វ៉ាក់សាំង គឺជាគន្លឹះក្នុងការប្រយុទ្ធជាមួយកូវីដ-១៩។ ក្នុងស្មារតីនេះ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានរៀបចំឡើង នូវយន្តការមួយនៅចុងខែមីនា ឆ្នាំ២០២១។

បន្ទាប់ពីនេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សំដៅបង្កើតឲ្យបាននូវភាពស៊ាំសហគមន៍សេដ្ឋកិច្ច។ នៅក្នុងខែឧសភា ឆ្នាំ២០២១ យើងបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រនេះ ហើយយើងក៏ខិតខំកៀរគរនូវធនធាន និងកម្លាំងសរុបរបស់ជាតិ ដើម្បីប្រ​មូលទិញវ៉ាក់សាំងឲ្យបានគ្រប់គ្រាន់ និងបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាជនដោយឥតគិតថ្លៃ និងឈរលើគោលការណ៍ស្ម័គ្រចិត្ត។ ជាការពិត ផែនការយុទ្ធសាស្ត្រយុទ្ធនាការជាតិចាក់វ៉ាក់សាំងកូវីដ-១៩ សំដៅបង្កើតនូវភាពស៊ាំសង្គមសេដ្ឋកិច្ច។ ក្នុងឆ្នាំ ២០២១ បានកំណត់គោលដៅចាក់វ៉ាក់សាំងឱ្យសម្រេចបាននូវភាពស៊ាំសង្គមសេដ្ឋកិច្ចនៅចុងឆ្នាំ ២០២១ ឬដើមឆ្នាំ ២០២២។

ត្រឹមថ្ងៃ ៣១ តុលា ២០២១ ប្រជាជន ១៣,៧ លាននាក់ ឬ ៨៥.៦៨% បានទទួលការចាក់វ៉ាក់សាំង

មកដល់ពេលនេះខ្ញុំពិតជាមានសេចក្តីរីករាយ និងទូលប្រគេនព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ (និង)ចំពោះជនរួមជាតិថា គិតត្រឹមថ្ងៃទី ៣១ តុលា ២០២១ ម្សិលមិញនេះ ដោយគិតចាប់ពីកុមារអាយុ ៦ ឆ្នាំឡើងទៅ បានចាក់វ៉ាក់សាំងជូនប្រជាជនយើងបាន ៨៥,៦៨% នៃប្រជាជនសរុប ១៦ លាននាក់។ មានន័យថា យើងសម្រេចបាននូវការចាក់វ៉ាក់សាំងនេះ បានលឿនមុនកាលកំណត់ក្នុងរង្វង់ ៨ ខែ បន្ទាប់ពីការបើកយុទ្ធនាការ។ ការគ្រោង(ពី)ដើមរបស់យើងគិតថាពាក់កណ្តាលឆ្នាំ ២០២២ ឯណោះ ទើបយើងចាក់ចប់ ក៏ប៉ុន្តែ ឥឡូវនេះ ភាពស៊ាំសហគមន៍របស់យើងបានរហូតទៅដល់ ៨៥,៦៨% ជាអត្រាមួយដ៏ខ្ពស់។ ចំណុចនេះ ខ្ញុំព្រះករុណាខ្ញុំ សូមបញ្ជាក់ជូនបន្តិចថា យើងយកមកគិតនៅក្នុងក្របខណ្ឌប្រជាជនត្រឹមតែ ១៦ លាននាក់ប៉ុណ្ណោះ តែយើងគិតចេញជាចំនួន ៨៥,៦៨% គឺយើងចាក់បានក្នុងរង្វង់ជាង ១៣ លាន ៧ សែននាក់។ សួរថា អស់ប្រជាពលរដ្ឋហើយឬនៅ? មិនទាន់អស់ទេ។

អរគុណប្រទេសជាមិត្ត ចាក់វ៉ាក់សាំងកូវីដ-១៩ ដល់ពលរដ្ឋកម្ពុជា

ខ្ញុំក៏សូមយកឱកាសនេះ សម្តែងនូវអំណរគុណ ចំពោះប្រទេសជាមិត្តទាំងឡាយ ដែលមានប្រជាពលរដ្ឋ កម្ពុជារស់នៅទីនោះ ដូចជា កូរ៉េខាងត្បូង ជឿថាចាក់បាន ១០០% នៃចំនួន(ប្រជា)ពលរដ្ឋរបស់យើង។ នៅជប៉ុន ចាក់បាន ១០០%។ នៅថៃ និងម៉ាឡេស៊ី ចាក់បានមួយចំនួន។ ខ្ញុំព្រះករុណាខ្ញុំ ក៏កំពុងឲ្យមន្ត្រីរបស់យើងសហការជាមួយភាគីថៃ គឺមានបំណងដើម្បីនឹងបញ្ជូនវ៉ាក់សាំងពីកម្ពុជាទៅក្នុងប្រទេសថៃ ដើម្បីស្នើសុំឲ្យអាជ្ញាធរថៃ ជួយយកវ៉ាក់សាំងរបស់យើងចាក់ជូនប្រជាជនយើងនៅទីនោះ នៅក្នុងពេលដែលប្រជាជនថៃមិនទាន់មានវ៉ាក់សាំងចាក់គ្រប់គ្រាន់។ ពិតហើយ ឥឡូវនេះ ចំនួនប្រជាជននៅក្នុងប្រទេសថៃបានចាក់វ៉ាក់សាំងច្រើនណាស់ទៅហើយ ក៏ប៉ុន្តែសម្រាប់យើង ក្នុងតួលេខជំរឿន ប្រជាពលរដ្ឋរបស់យើងមានទៅដល់ ១៦ លាន ៩ សែននាក់ ហើយបើនៅក្នុងវ៉ែបសាយត៍របស់ Worldometer គឺបានដាក់ថា យើងមានប្រជាជនរហូតទៅដល់ ១៧ លាននាក់ ឯណោះ។ សួរថា ក្រៅពី ១៦ លាននាក់នេះ ប្រជាជនប៉ុន្មានទៀតនៅឯណា? បានសេចក្តីថា យើងនៅសល់ ៩ សែន ឬ ១ លាននាក់ទៀត ដែលកំពុងនៅព្រះរាជាណាចក្រថៃ នៅកូរ៉េខាងត្បូង នៅម៉ាឡេស៊ី ឬនៅប្រទេសក្រៅមួយចំនួនផ្សេងទៀត។ កងទ័ពរបស់យើងដែលកំពុងធ្វើប្រតិបត្តិការរក្សាសន្តិភាពនៅឯក្រៅប្រទេស ក៏បានចាក់វ៉ាក់សាំងរួចរាល់ ខ្លះចាក់វ៉ាក់សាំងចេញពីក្នុងប្រទេសហើយបានបញ្ជូនចេញ ខ្លះដែលមិនទាន់ប្តូរវេន ក៏បានទទួលវ៉ាក់សាំងរួចស្រេច។

… បន្តការងារតទៅទៀត យើងចាំបាច់ត្រូវធ្វើការជាមួយភាគីថៃ។ យើងមិនអាចបញ្ជូនគ្រូពេទ្យរបស់យើង ទៅចាក់នៅក្នុងប្រទេសថៃបានទេ។ ប៉ុន្តែ តាមព័ត៌មាន មានទំនាក់ទំនងនឹងគ្នាខ្លះៗហើយ។ យើងចង់ជូនវ៉ាក់សាំងជូនទៅឲ្យភាគីថៃជួយគ្រប់គ្រង ដឹកជញ្ជូន និងជួយចាក់ជូនពលករយើងនៅក្នុងប្រទេសថៃ។ ក៏ប៉ុន្តែ ការធ្វើបែបនេះទៅបាន លុះត្រាតែមានការអនុញ្ញាតពីរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ … យើងមិនបានភ្លេចទៅដល់(ប្រជា)ពលរដ្ឋរបស់យើងដែលកំពុងធ្វើការនៅបរទេស ជាពិសេស នៅក្នុងព្រះរាជាណាចក្រថៃ ប៉ុន្តែ បានឬមិនបានយ៉ាងណានោះ ក៏សុំឲ្យបងប្អូនពលករនៅក្នុងប្រទេសថៃមានការយោគយល់។ បើនៅក្នុងដីរបស់យើង អ្នកស្ម័គ្រចិត្តចាក់ គឺត្រូវតែបានចាក់។

សូមស្ថាប័នពាក់ព័ន្ធតាមដាន/ឆ្លើយតបខម្មិនក្នុងហ្វេសប៊ុកផេច សម្តេច ហ៊ុន សែន

… បើទោះបីថាថ្ងៃនេះ យើងប្រកាសបិទយុទ្ធនាការនៃការចាក់វ៉ាក់សាំងក៏ដោយចុះ ក៏ខ្ញុំគួរតែបញ្ជាក់ថា ដោយសារតែយប់មិញនេះ មានការចូលមកខម្មិននៅក្នុងហ្វេសប៊ុករបស់ខ្ញុំ ខ្ញុំក៏បានកូពីវាបញ្ជូនទៅឲ្យបណ្ដាខេត្តនៅក្នុងគណៈកម្មការប្រយុទ្ធនឹងកូវីដ-១៩។ មានបុរសម្នាក់បានខម្មិនថា បានស្នើសុំចាក់វ៉ាក់សាំង ប៉ុន្តែត្រូវបានគេប្រាប់ថាឲ្យទៅរកបញ្ជីស្នាមឯណានោះទៀត។ ខ្ញុំក៏បានប្រាប់ (ឃួង) ស្រេង (ហើយ)ព្រឹកមិញបាន(ឃើញការ)ឆ្លើយតបរឿងនេះ។ លោកជំទាវ ឱ វណ្ណឌីន លោកជំទាវ យក់ សម្បត្តិ ក៏បានឆ្លើយតប។ ពេលដែលខ្ញុំបង្ហោះមានខម្មិនច្រើន។ ពេលខ្លះ ខ្ញុំក៏ឆ្លើយ ប៉ុន្តែមានពេលខ្លះស្ថាប័នមានសមត្ថកិច្ចគួរឆ្លើយនៅក្នុងហ្នឹងតែម្តង ជាការល្អ។ ប្រជាពលរដ្ឋគាត់ចូលមកខម្មិនក្នុងហ្នឹង។ ខ្ញុំសូមបញ្ជាក់បន្តិច នៅក្នុងនេះមានតាំងពីរឿងបុណ្យសពអីជាដើម។ ហ្នឹងទាល់តែយើងឆ្លៀត ដើម្បីមើលក្នុងហ្នឹង។ ជានាយករដ្ឋមន្ត្រី តែខម្មិនទៅវាប៉ះក្រសួងនេះ/នោះ។ ចាំមើល(នេះណា) គាត់ឈ្មោះ “New Age Fishing” … “អរគុណសម្តេច! ខ្ញុំនាំប្រពន្ធទើបឆ្លងទន្លេបាន ២ ខែ ទៅចាក់លើកទី ១ នៅមណ្ឌលមួយនៅភ្នំពេញ។ គេថាត្រូវមានលិខិតអញ្ជើញពីសង្កាត់។ ខ្ញុំក៏តេសួរទៅខាងទំនាក់ទំនងសាធារណៈរបស់ក្រសួង គាត់ថាមិនមានគោលការណ៍ហ្នឹងទេនៅពេលនេះ។ សូមសម្តេចពុកមេត្តាជួយបញ្ជាក់គោលការណ៍ក្នុងលក្ខខណ្ឌនេះឲ្យបានច្បាស់ផង”។

ខ្ញុំឆ្លើយតបត្រឡប់ទៅគាត់វិញថា “មិនតម្រូវឲ្យមានការបញ្ជាក់អ្វីទាំងអស់។ ពេលប្រជាជនទៅចាក់ដូសទី ១ ត្រូវចាក់ជូនជាដាច់ខាត លើកលែងតែពេទ្យសួរពីសុខភាពរបស់អ្នកត្រូវចាក់ ដែលពេទ្យយល់ថាមិនអាចចាក់បាន គឺពេទ្យមិនចាក់ជូនទេ។ ឯកន្លែងចាក់ទៀតសោត មិនតម្រូវឲ្យចាក់តែក្នុងភូមិ/ឃុំខ្លួននោះទេ ទៅចាក់នៅទីណាក៏បាន ឲ្យតែមានកន្លែងចាក់ ដែលតាមរាជធានី/ខេត្តរៀបចំ សម្រាប់ចាក់ជូនប្រជាជន ក្រោយបិទយុទ្ធនាការចាក់វ៉ាក់សាំង”។ យើងបិទយុទ្ធនាការចាក់វ៉ាក់សាំង ដែលប្រើប្រាស់កម្លាំងធំ តែយើងរក្សាទុកទីតាំងចាក់វ៉ាក់សាំងនៅតាមមន្ទីរពេទ្យ នៅតាមស្រុក ដើម្បីបន្តចាក់ជូនប្រជាជនដែលមិនទាន់បានចាក់។ នេះជាការឆ្លើយតបទៅកាន់ពលរដ្ឋ ដែលខ្ញុំយកឱកាសនេះបញ្ជាក់ជូនថា អ្នកណាក៏ដោយដែលមិនទាន់បានចាក់ដូសទី ១ ហើយទៅរកកន្លែងចាក់ ត្រូវតែចាក់ឲ្យគាត់ជាដាច់ខាត មិនចាំបាច់សួរថានៅភូមិណាទេ។ គាត់មិនទៅទទួលដូសទី ៤ ដូសទី ៥ ទៅធ្វើអី? អញ្ចឹងសូមបញ្ជាក់នៅក្របខណ្ឌទូទាំងប្រទេស​។ លោកជំទាវ ឱ វណ្ណឌីន ត្រូវណែនាំបញ្ហានេះឲ្យបានជាក់លាក់ ដាក់ជាគោលការណ៍ ហើយប្រកាសតែម្ដង​។ ខេត្តមួយៗ ត្រូវធ្វើការប្រកាស ដែលជាការអំពាវនាវបញ្ជាក់ជូនចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់។ ផ្នែកសុខាភិបាល គឺត្រូវមានស្តុកទុកវ៉ាក់សាំងនៅទីនោះ ព្រោះយើងត្រូវទុកសំរាប់អ្នកខ្លះដែលឆ្លងទន្លេ អ្នកខ្លះមានផ្ទៃពោះ (ដែលនៅ)មិនទាន់​បានចាក់។ យើងត្រូវបន្តការចាក់ជូនពួកគាត់។ នេះមិនទាន់គិត អម្បាញ់មិញទាក់ទិននឹងប្រជាពលរដ្ឋនៅថៃ។ ខ្ញុំបាននិយាយហើយ ក៏ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋដែលមិនទាន់បានចាក់ មាន comment នៅក្នុងហ្នឹងច្រើន បើសិនជាឯកឧត្ដម លោកជំទាវ អាចស្វែងយល់នៅក្នុងហ្វេសប៊ុករបស់ខ្ញុំនេះ គឺនឹងអាចឃើញបញ្ហា។

បញ្ចប់ការចាក់វ៉ាក់សាំងជុំទី ១, បើកសកម្មភាពសេដ្ឋកិច្ចសង្គមបណ្ដើរៗ, ត្រៀមបម្រុងករណីប្រធានសក្ដិ

ថ្ងៃនេះ ជាមួយនឹងការប្រកាសបិទបញ្ចប់ជាផ្លូវការនូវយុទ្ធនាការចាក់វ៉ាក់សាំងជុំទី ១ ក្នុងក្របខណ្ឌទូទាំងប្រទេស យើងក៏ប្រកាសបើកទំព័រថ្មីមួយទៀត គឺការរស់នៅជាមួយកូវីដ-១៩ ក្នុងក្របខណ្ឌនៃប្រក្រតីភាពថ្មី តាមរយៈការបើកឡើងវិញជាបណ្ដើរៗ នូវសកម្មភាព​សង្គម-សេដ្ឋកិច្ច និងជីវភាពប្រចាំថ្ងៃរបស់ប្រជាជនគ្រប់ផ្នែកនិងគ្រប់វិស័យ​។ ប្រសិនបើមិនមានប្រភេទវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មី ដែលអាចបង្កហានិភ័យធ្ងន់​ធ្ងរឡើងវិញដល់សុខភាពសាធារណៈនោះទេ យើងអាចវាយតម្លៃបានថា ប្រទេសជាតិយើងទាំងមូលកំពុងបានចាកចេញពីវិបត្តិនៃកូវីដ-១៩ នេះក្នុងភាពរឹងមាំ ត្រឡប់ទៅរកមាគ៌ានៃកំណើននិងការអភិវឌ្ឍ។ នេះជាចំណុចថ្មី។ ប៉ុន្តែ យើងមាន reserve មួយ គេហៅថា បម្រុងទុកមួយ …។

… នៅប្រទេសយើង(វីរុសបម្លែង) Delta ដែលគេភ័យខ្លាចខ្លាំងណាស់នោះ បែរជាមានចំនួនច្រើនជាង Alpha ទៅទៀត។ ដោយសារពីល្ងាច លោកជំទាវ យក់ សម្បត្តិ មិនទាន់បានបញ្ជូន(តួលេខ)ថ្មីទៅ ខ្ញុំក៏បានរក្សាទុក ព្រលឹមឡើងខ្ញុំព្រីន … ឥឡូវយើងពិនិត្យមើល Delta ដែលគេខ្លាចបំផុត មានទៅដល់ ១៥.៦០៥ ករណី សម្រាប់(ការឆ្លងដោយវីរុសប្រភេទ) Alpha មានតែ ៦.៨៣០ ករណី និង Beta មាន ១ ករណី។ អញ្ចឹង(វីរុសបម្លែង) Delta នេះ ចំណុចខ្លាំងរបស់វានៅត្រង់ថា វាចម្លងលឿន ប៉ុន្តែអត្រាស្លាប់វាប្រហាក់​ប្រហែលនឹង Alpha ដូចគ្នា។ អញ្ចឹងបានយើងបញ្ចប់ការធ្វើចត្តាឡីស័ក ដែលមុននេះការធ្វើចត្តាឡីស័កសម្រាប់ Delta គឺមានរហូតដល់ ២១ ថ្ងៃឯណោះ។ ឥឡូវយើងទើបនឹងមាន ៤ ប្រភេទ Alpha, Alpha+, Delta និង Beta ទេ។ បើមានត្រឹម ៤ ប្រភេទនេះ យើងមានស្ថានភាពល្អ។ ប៉ុន្តែ យើងមានការបម្រុងទុកមួយ។ ករណីប្រធានសក្ដិកើតឡើងនៅត្រង់ថា ប្រសិនបើមិនមានមេរោគបំប្លែងថ្មីកើតឡើង ពេល​នោះស្ថានភាពដែលយើងប្រកាសនេះវាអាចមានការប្រែប្រួល។

ប៉ុន្តែ ប្រសិនបើស្ថិតនៅក្នុងស្ថានភាព(ដូចបច្ចុប្បន្ន)នេះ ខ្ញុំអាចនិយាយថា យើងបាននិងកំពុងចាកចេញជាបណ្ដើរៗ ពីកូវីដ-១៩ ដោយភាពជឿជាក់និងរឹងមាំ ព្រោះយើងបានពិសោធន៍(ហើយ)។ គិតពីថ្ងៃភ្ជុំរហូតមកដល់ថ្ងៃនេះ គឺមានរយៈពេលជាង ១ ខែ ទៅហើយ។ យើងនឹងបញ្ជាក់តួលេខបន្ថែមអំពីបញ្ហានេះ … ចៀសវាងអត្តនោម័តិ ឬក៏ជំងឺខ្លាចជ្រុល ឬជំងឺហ៊ានជ្រុល។ តើនៅចាំបានទេ ដំណាក់កាលខ្លាចជ្រុល? ដែល​ខ្ញុំថា ខ្លាមិនខ្លាច ទៅខ្លាចអាចម៍ខ្លា? ទីចុងបំផុត ខ្ញុំត្រូវបង្ខំចិត្តប្រជុំកាសែត និយាយយ៉ាងច្បាស់ថា ប្រទេសរបស់យើងមិនមែនកូរ៉ូណា (កាលនោះមិនទាន់មានពាក្យ កូវីដ-១៩ ទេ នៅចាំបានទេ) ជំងឺពិតប្រាកដគឺជំងឺភ័យខ្លាច។ ពេលនោះជំងឺមិនដឹងនៅឯណាឯណីទេ នាំគ្នាពាក់ម៉ាសឲ្យឡើងព្រោងព្រាត ហើយបើសិនយើង​ជាមេទ័ព ជាអ្នកដឹកនាំប្រទេសបង្អើលថែមទៀត ហ្នឹងទៅបណ្ដោយ។

ថែមទាំងកាលនោះ មានក្រុមណាទៅ live show ចេញពីមន្ទីរពេទ្យរុស្ស៊ីនោះ បង្កើតទៅជារឿងភ័យខ្លាចទូទាំងប្រទេស។ ភ័យនោះភ័យជ្រុល។ ដល់ក្រោយមក ថាឲ្យគាត់ភ័យដើម្បីឲ្យគាត់ពាក់ម៉ាស គាត់មិនព្រមភ័យទៀត។ ហ្នឹងហៅជំងឺឆ្វេងឬស្ដាំ(ជ្រុល) ខ្លាចជ្រុលនិងឈប់ខ្លាច ដោយឃើញថាឈប់ឆ្លងទៅ ឆ្លងវាតិច ហើយឆ្លងតិចហ្នឹងក៏ជាទៅទៀត អញ្ចឹងអត់សូវខ្លាច។ ហ្នឹងគេថា ឆ្វេងជ្រុល ឬស្ដាំជ្រុល ខ្លាចជ្រុល ឬមិនខ្លាចតែម្ដង ដែលអាចក្លាយទៅជាគ្រោះថ្នាក់ទៅវិញ។

កំពុងចាកចេញពីកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី … ឈានទៅសំរេចកំណើន ២,៦%

ខ្ញុំសូមបញ្ជាក់សាជាថ្មីថា ពេលនេះម៉ោងនេះ យើងកំពុងស្ថិតនៅក្នុងស្ថានភាពនៃការជឿជាក់ និងភាពរឹងមាំថា យើងបាននិងកំពុងចាកចេញពីកូវីដ-១៩ ទៅតាមប្រក្រតីភាពថ្មី ដើម្បីបើកឡើងវិញជាបណ្ដើរៗ នូវសកម្មភាពសង្គម-សេដ្ឋកិច្ច ហើយយើងនឹងអាចរុញកំណើនរបស់យើង។ ពិតមែនតែនៅក្នុងពេលដែលយើងធ្វើច្បាប់ថវិកានេះ កំណើនសេដ្ឋកិច្ចរបស់យើងត្រូវបានវាយតម្លៃ(សំរាប់)ឆ្នាំ ២០២១ ថា(នឹងមាន) ២,៤% ដើម្បីយើងដាក់ចេញទៅសម្រាប់ឆ្នាំ ២០២២ គឺ ៤,៨% … មានក្រុមមួយបានវាយតម្លៃថា សេដ្ឋកិច្ចកម្ពុជានៅក្នុងឆ្នាំ ២០២១ នឹង(កំណើន)មាន ២,៦%។ គាប់ជួនថ្ងៃនេះចំថ្ងៃចន្ទដើមទ្រព្យ (ថ្ងៃទី ១) ដើមខែវិច្ឆិកា បើសិនជាសង្គម-សេដ្ឋកិច្ចត្រូវបានបើក ហោចណាស់គឺ(មានសកម្មភាព)ទេសចរផ្ទៃក្នុង (ដែល)យើងអាចជឿជាក់ថា (នឹងជំរុញ)កំណើនសេដ្ឋកិច្ចឈានទៅ ២,៦% ដូចអ្វីដែលគេបានវាយតម្លៃ។ ផ្ទុយទៅវិញ ប្រសិនបើមានមេរោគថ្មីណាមួយ​ដែលវាកកើត/ផ្ទុះឡើង ស្ថានភាពអាចនឹងប្រែប្រួលខុសពីនេះ។ នេះជាការបម្រុងទុករបស់ខ្ញុំ ព្រោះយើងត្រូវមានការត្រៀមបម្រុងទុក តែយើងក៏មិនធ្លាក់ទៅក្នុងស្ថានភាពដូចដែលខ្ញុំបានបញ្ជាក់ ឆ្វេងជ្រុលស្ដាំជ្រុល ខ្លាចពេកឬមិនខ្លាច ដែលនាំឲ្យមានគ្រោះថ្នាក់។

ពិភពលោក មានមនុស្ស ២៤៥ លាននាក់ឆ្លង, ជិត ៥ នាក់ស្លាប់ លើពិភពលោក

យើងគួរវាយតម្លៃពីស្ថានភាពកូវីដ-១៩ យ៉ាងម៉េច ទាំងនៅលើសកលលោក និងនៅកម្ពុជា? យើងធ្វើការបូកសរុបត្រង់នេះបន្តិច។ ថ្ងៃ ៣១ ខែធ្នូ ឆ្នាំ ២០១៩ សាធារណរដ្ឋប្រជាមានិតចិនបានជូនព័ត៌មានទៅអង្គការសុខភាពពិភពលោកអំពីការផ្ទុះឡើងនូវករណី(ជំងឺ)រលាកសួត ដែលមិនស្គាល់ប្រភពដើមនៅទីក្រុង Wuhan ខេត្ត Hebei នៃសាធារណរដ្ឋប្រជាមានិតចិន។ មួយសប្ដាហ៍ក្រោយមក គឺនៅថ្ងៃ ៧ ខែមករា ឆ្នាំ ២០២០ អាជ្ញាធរ​ចិនបានបញ្ជាក់អត្តសញ្ញាណមេរោគនេះថា ជាកូរ៉ូណាប្រភេទថ្មី ហើយនៅថ្ងៃទី ១១ ខែកុម្ភៈ ២០២០ អង្គការសុខភាពពិភពលោកបានហៅវាថាជា កូវីដ-១៩។ ឥឡូវនេះ មកដល់ពេលនេះ កូវីដ-១៩ បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរលើសេដ្ឋកិច្ច-សង្គម ធ្វើឲ្យមនុស្សជាង ២៤៥ លាននាក់បានឆ្លង និងជិត ៥ លាននាក់បានស្លាប់​។ ជំងឺកូវីដ-១៩ នៅតែបន្តបង្កនូវភាពមិនប្រាកដប្រជា និងហានិភ័យ ដោយសារការបម្លែងឥតឈប់ឈរ(នៃវីរុស)ទៅជាប្រភេទថ្មីៗ ដូចដែលយើងបានឃើញហើយថា ពីធម្មតាទៅជា Alpha ឥឡូវ Alpha+ ហើយវាទៅជា Delta វាមានទៅជាស្អីឯណា​ ហើយយើងមិនដឹងច្បាស់ថានឹងបំប្លែងទៅស្អីទៀត។

កម្ពុជា មានអ្នកឆ្លង ១១.៨៥២២ នាក់, អ្នកស្លាប់ ២.៧៨៨ នាក់

សម្រាប់យើងវិញ ថ្ងៃ ២៧ ខែមករា ឆ្នាំ ២០២០ យើងចាប់ផ្ដើមរកឃើញ ១ ករណី នៅខេត្តព្រះសីហនុ ទៅលើជនជាតិចិនម្នាក់ដែលបានធ្វើដំណើរមកដល់ខេត្តព្រះសីហនុ ហើយយើងក៏បានព្យាបាលជា។ ការវិវត្តជាបន្តបន្ទាប់ដែលខ្ញុំនឹងលើកបញ្ជាក់នៅពេលក្រោយ គិតត្រឹមពីម្សិលមិញនេះ យើងមានអ្នកឆ្លងចំនួន ១១៨.២២២ នាក់ ហើយមានអ្នកស្លាប់ចំនួន ២.៨៨៨ នាក់។ ដើម្បីចៀសវាងការអត្តនោម័តិណាមួយ ខ្ញុំសូមយកឱកាសនេះ ដើម្បីបញ្ជាក់ទៅតាមរបៀបសិក្សាប្រៀបធៀប។ ពេលខ្លះយើងបែរជានិយាយថា យើងស្លាប់ប៉ុណ្ណឹង ឆ្លងប៉ុណ្ណឹងវាតិចតួចណាស់ បើប្រៀបធៀបនឹងប្រទេសដទៃ ឬក៏និយាយថា យើងស្លាប់ប៉ុណ្ណឹង ឆ្លងប៉ុណ្ណឹង វាច្រើនណាស់បើប្រៀបធៀបជាមួយប្រទេសដទៃ។ ដើម្បីចៀសវាងការភាន់ច្រឡំណាមួយ ខ្ញុំសូមបញ្ជាក់អំពីការយកប្រទេសមួយចំនួនយកមកធ្វើការប្រៀបធៀប។ ឧទាហរណ៍ បងប្អូនមួយចំនួនថា វៀតណាមស្លាប់ច្រើនណាស់ ថៃស្លាប់ច្រើនណាស់។ វៀតណាមឆ្លងនិងស្លាប់ច្រើន តែប្រជាជនគាត់ច្រើន។ ថៃឆ្លងច្រើន និងស្លាប់ច្រើនជាងយើង តែប្រជាជនគាត់ច្រើន។

អញ្ចឹងដើម្បីបញ្ជាក់អំពីបញ្ហានេះឲ្យកាន់តែច្បាស់ យើងគិតអំពីកម្ពុជា។ យប់មិញ ខ្ញុំត្រូវប្រើមនុស្ស ៤ នាក់ ដើម្បីឲ្យជួយមើលជើងលេខ។ ដំបូងឲ្យលោកជំទាវ យក់ សម្បត្តិ ធ្វើ។ បន្ទាប់ទៅ​មិនអស់ចិត្តឲ្យ វង្សី វិស្សុត នេះដំបូងច្រឡំដែរ ភ្លេចគុណនឹង ១០០ បានវាចេញ ០ ក្បៀសប៉ុន្មាន។ ដល់មិនអស់ចិត្ត រុញទៅឲ្យកូនប្រ​សារធ្វើ​មួយ រុញទៅឲ្យ មុន្នីរ័ត្ន ធ្វើមួយទៀត ហើយបញ្ជាក់មកថាត្រឹមត្រូវហើយ។ ឥឡូវយើងគិតចំនួនប្រជាពលរដ្ឋតែ ១៦ លាននាក់ទេ បើគិត ១៧ លាននាក់ ឬ ១៦,៩ លាននាក់ គឺអត្រាយើងវាទាបទេ។ ឥឡូវយើងគិតនឹង ១៦ លាននាក់។ យើងមិនបានផាត់ចោលប្រជាពលរដ្ឋដែលកំពុងរស់នៅក្រៅប្រទេស​ទេ … ក៏ប៉ុន្តែដើម្បីមានសង្គតិភាពទាំងការចាក់វ៉ាក់សាំង និងទៅលើស្អីៗ យើងយក ១៦ លាននាក់យកមកគិត។ បើយើងគិតអំពីចំនួនឆ្លង ១១៨.៥២២ នាក់ ជាមួយនឹងប្រជាជន ១៦ លាននាក់ អត្រាឆ្លងរបស់យើងមាន ០,៧៤១ បានសេចក្ដីថា ០,៧៤% និយាយកាត់លេខកន្ទុយទៅចុះ … ឥឡូវចំនួនមរណភាពដោយសារកូវីដ-១៩ មាន ២.៧៧៨ នាក់ ប្រៀបធៀបទៅនឹងចំនួនប្រជាជន ១៦ លាននាក់ គិតចេញជាភាគរយស្មើ ០,០១៧%។ អញ្ចឹងវាចំនួនតិច។ ប៉ុន្តែ បើសិនជាយើងក្រឡេកមកមើល(តួលេខ)នេះ ទើបជំរុញការខិតខំរបស់យើងថែមទៀត គិតពីចំនួនអ្នកឆ្លង ១១៨.៥២២ នាក់ ទៅនឹងចំនួនស្លាប់ ២.៧៨៨ នាក់ គិតជាភាគរយនៃអ្នកស្លាប់ក្នុងចំនួនអ្នកឆ្លងគឺស្មើនឹង ២,៣៥% ជាចំនួនដែលត្រូវយកចិត្តទុកដាក់។

ចំនួនអ្នកឆ្លងច្រើនឬតិច ជាភាគរយ ធៀបទៅនឹងចំនួនប្រជាជនសរុប

ដើម្បីចៀសវាងថាកម្ពុជានេះឆ្លងច្រើនជាងគេ ឬមានគេឆ្លងច្រើនជាង យើងស្លាប់ច្រើនជាង ខ្ញុំយកតារាងប្រៀបធៀបមួយទាំងប្រទេសធំ ទាំងប្រទេសដែលមានប្រជាជនច្រើន ប្រទេសដែលមានប្រជាជនតិច(មកពិនិត្យ)។ ខ្ញុំចាប់ផ្តើមពីប្រទេស ម៉ាល់ឌីវ មកវិញ។ ម៉ាល់ឌីវ ប្រៀបធៀបជាមួយករណីវិជ្ជមានកូវីដ-១៩ ប្រ​ជា​ជនប្រទេសម៉ាល់ឌីវ មានតែ ៥៣៥.១៦៨ នាក់ តែគាត់ឆ្លងដល់ទៅ ៨៧.៦៣៨ នាក់ គិតជាភាគរយស្មើនឹង ១៥,៨៤% … អញ្ចឹងចំនួនឆ្លងប្រជាជនម៉ាល់ឌីវ មានរហូតទៅដល់ ១៥,៨៤%។ ឯយើង (ចំនួនឆ្លងមាន) ១១ ម៉ឺននាក់។ ម៉ាល់ឌីវ តែ ៨ ម៉ឺននាក់ទេ។ ប៉ុន្តែគិតជាភាគរយ (ចំនួនឆ្លងរបស់)យើងអត់ដល់ ១%ទេ ប៉ុន្តែសម្រាប់ប្រជាជនម៉ាល់ឌីវ មានដល់ទៅជិត ១៦%។ ហ្នឹងសម្រាប់ប្រទេសដែលមានប្រជាជនតិច។ យើងមើលទៅសហរដ្ឋអាមេរិកវិញ។ អាមេរិកមានប្រជាជន ៣៣៣.៥៨០.១៣០ នាក់។ គាត់វិជ្ជមាន ៤៦.៨០០.៦៣១ នាក់ មិនទាន់គិត(ចំនួន)ព្រឹកមិញទេ។ យើងគិតជាអត្រាភាគរយ ១៤,០៣% … ឆ្លងច្រើនជាងប្រជាជនយើងប៉ុន្មានដងឯណោះ ប៉ុន្តែដល់គិតជាភាគរយគឺស្មើនឹង ១៤,០៣% តិចជាងម៉ាល់ឌីវទៅទៀត។ ម៉ាល់ឌីវតែ ៨ ម៉ឺននាក់ទេ ប៉ុន្តែមានអត្រាដល់ទៅជាង ១៥% ឯអាមេរិកឆ្លងដល់ ៤៦ លាន​ជាង ប៉ុន្តែអត្រាមានតែ ១៤% ព្រោះប្រជាជនគាត់ច្រើន។

… អង់គ្លេស(មានប្រជាជន) ៦៨.៣៥៩.៥៨៦ នាក់ (មានចំនួន)ឆ្លងទៅដល់ ៩.០១៩.៩៦២ នាក់ គិតជាអត្រានៃការឆ្លង ​១៣,១៩%។ យើងកាត់លេខកន្ទុយៗចោល។ គិតទៅបារាំងវិញ បារាំងមានប្រជាជន ៦៥.៤៦៥.៣៧៨ នាក់ ឆ្លង ៧.១៦០.៥៤៨នាក់ គិតជាភាគរយគឺចេញ ១០,៩៣%។ យើងងាកមកម៉ាឡេស៊ីក្នុងតំបន់ គាត់មានប្រជាជន ៣២.៩១៦.២១៨ នាក់ គាត់ឆ្លង ២.៤៦៦.៦៦៣ នាក់ គិតជាភាគរយស្មើនឹង ៧,៤៩%។ ងាកទៅរុស្ស៊ីដែលមានប្រជាជន ១៤៦.០១៧.៦០០នាក់ ឆ្លង ៨.៥១៣.៧៩០នាក់ គិតជាភាគរយគឺ ៥,៨៣%។ ដោយសារប្រជាជនគាត់ច្រើន អញ្ចឹងឆ្លង ៨ លាននាក់ គិតជាភាគរយតែ ៥% (នៃចំនួនប្រជាជនសរុបប៉ុណ្ណោះ)។ យើងត្រូវមើលឃើញអំពីចំណុចហ្នឹង។ ងាកទៅសាំងហ្គាពួរ មានប្រជាជន ៥.៩១១.៤២៧ នាក់ គាត់ឆ្លង ១៩៥.២១១ នាក់ គឺគិតជាភាគរយស្មើនឹង ៣,៣០%។ ងាកទៅប៊្រុយណេប្រ​ជា​ជនមាន ៤៤៣.០៣៩ នាក់ ឆ្លងចំនួន ១៣.១៣០ នាក់ គិតជាភាគរយគឺមានចំនួន ២,៩៦%។ ថៃចំនួន ៧០.០៣២.៦៣៥ នាក់ ការឆ្លងរបស់គាត់គឺ ១.៩១២.០២៤ នាក់ គិតជាភាគរយគឺមាន ២,៧៣%។ ងាកទៅនេប៉ាល់ គាត់មានប្រជាជន ២៩.៨៣១.៦៤៦ នាក់ ឆ្លង ៨១២.៥៧០ នាក់ គិតជាភាគរយស្មើនឹង ២,៧២%។ ឥណ្ឌាមានប្រជាជន ១.៣៩៨.០១៣.១៣៤ នាក់ ឆ្លង ៣៤.២៨៥.៥៥១ នាក់ គិតជាភាគរយ ២,៥២%។ បើយើងគិតចំនួន ៣៤ លាននាក់ វាច្រើនណាស់ស្មើនឹងយើងជិត ២ ដង ព្រោះយើងបើយើងគិត ១៧ លាននាក់ … ចំនួនឆ្លងរបស់គាត់ច្រើនជាងប្រជាជនរបស់យើង ប៉ុន្តែអត្រារបស់គាត់មានត្រឹមតែ ២,៥២%។ ដល់វៀតណាមអ្នកជិតខាងយើង គាត់មានប្រជាជន ៩៨.៥០១.១៨៧ នាក់ ឆ្លង ៩២១.១២២នាក់ គិតជាភាគរយគឺ ០,៩៣%។ អញ្ចឹងបានសេចក្តីថាគាត់ឆ្លងរហូតទៅដល់ជិត ១ លាននាក់ សល់តែប៉ុន្មានទៀតចូលដល់ ១ លាននាក់ ជាង ៩ សែននាក់ ប៉ុន្តែគិតជាភាគរយគឺអត់ដល់ ១% ទេ ដោយសារប្រជាជនគាត់ច្រើន។

កម្ពុជាយើងតែ ១១ ម៉ឺននាក់ ប៉ុន្តែយើងមានអត្រាកៀកទៅនឹងវៀតណាម គឺ ០,៧៤% ឯវៀតណាម ០,៩៣%។ កូរ៉េខាងត្បូងប្រជាជន ៥១.៣២៧.៨០៤ នាក់ ឆ្លង ៣៦៤.៧០០ នាក់ គិតជាអត្រាភាគរយ ០,៧១%។ អញ្ចឹងទេ ចំនួនរបស់គាត់នេះគិតជាភាគរយតិចជាងយើងទៅទៀត។ ហ្នឹងដែលយើងត្រូវគិត។ កុំថា ឃើញគេឆ្លងច្រើនថាច្រើន ក្នុងពេលដែលយើងឆ្លងវាតិចជាងគេ ក៏ប៉ុន្តែប្រជាជនតិចជាងគេ។ ហ្នឹងដែលយើងត្រូវគិត។ ចំពោះចិន ចិនមានប្រជាជន ១.៤៣៩.៣២៣.៧៧៦ នាក់ គាត់ឆ្លង ៩៧.១៥១ នាក់ គិតជាភាគរយ ០,០០៧% ព្រោះប្រជាជន(សរុប)គាត់ច្រើន (ឆ្លង)ត្រឹមតែ ៩ ម៉ឺននាក់ ជិត ១០ ម៉ឺននាក់ … ហ្នឹងគឺទាក់ទងនឹងការឆ្លង។

ចំនួនស្លាប់ច្រើនឬតិច ជាភាគរយ ធៀបទៅចំនួនប្រជាជនសរុប

ឥឡូវយើងគិតអំពីចំនួនអ្នកស្លាប់វិញ តើអត្រាវាយ៉ាងម៉េច? អ្នកស្លាប់ធៀបជាមួយប្រជាជន(សរុប) ដោយខ្ញុំមិនអានឡើងវិញធៀបនឹងចំនួនប្រជាជនទេ … នៅអាមេរិកគឺមានចំនួន ៧៦៦.១១៧ នាក់ បើគិតជាភាគរយ អាមេរិកស្លាប់ក្នុងចំណោមប្រជាជនជាង ៣០០ លាននាក់ ស្មើនឹង ០,២៣% តែប៉ុណ្ណោះ។ ដោយ​សារប្រជាជនគេច្រើន។ បើចំនួនស្លាប់គឺមើលទៅវាឃើញចំនួនធំណាស់ ប៉ុន្តែចាំមើលទៅដល់យើងវិញស្លាប់តិចក៏ប៉ុន្តែភាគរយខ្ពស់។ ហ្នឹងជាបញ្ហាដែលត្រូវប្រុងប្រយ័ត្ន រកឱ្យឃើញវិធីព្យាបាល។ អង់គ្លេសស្លាប់ ១៤០.៥៥៨ នាក់ គិតជាភាគរយគឺ ០,២០%។ បារាំងស្លាប់ ១១៧.៦៧១ នាក់ គិតជាភាគរយ ០,១៨%។ រុស្សីស្លាប់ ២៣៨.៥៣៨ នាក់ គិតជាភាគរយ ០,១៦%។ ម៉ាឡេស៊ីស្លាប់ ២៨.៨៧៦ នាក់ គិតជាភាគរយគឺស្មើនឹង ០,០៨៨%។ ម៉ាល់ឌីវស្លាប់ ២៤៣ នាក់ ស្មើនឹង ០,០៤៤%។ នេប៉ាល់ស្លាប់ ១១.៤០៧ នាក់ គិតជាភាគរយ ០,០៣៨%។ ឥណ្ឌាស្លាប់ ៤៥៨.៤៧០ នាក់ គិតជាភាគរយស្មើនឹង ០,០៣៣%។ ថៃស្លាប់​ ១៩.២០៥ នាក់ គិតជាភាគរយ ០,០២៧%។ វៀតណាមស្លាប់​ ២២.០៨៣ នាក់ គិតជាភាគរយ ០,០២២%។ ប៊្រុយណេស្លាប់ ៨៨ នាក់ គិតជាភាគរយ ០,០២០%។ ចំណុចពីរនេះឱ្យយើងដឹងអំពីតួលេខជាភាគរយ។ ប្រ៊ុយណេដែលស្លាប់ ៨៨ នាក់ ប៉ុន្តែ(មានអត្រាជាភាគរយ)កៀកនឹងតួលេខរបស់វៀតណាមដែលស្លាប់ជាង ២ ម៉ឺននាក់។ កម្ពុជាយើងគឺស្លាប់ ២.៧៨៨ នាក់ គិតជាភាគរយគឺ ០,០១៧%។ សាំងហ្គាពួរស្លាប់ ៣៩៤ នាក់គិតជាភាគរយស្មើនឹង ០,០០៧%។ កូរ៉េខាងត្បូងស្លាប់ ២.៨៤៩ នាក់ គិតជាភាគរយគឺស្មើនឹង ០,០០៦%។ ចិនស្លាប់ ៤.៦៣៦ នាក់​ គិតរកភាគរយអត់ឃើញនៅ ០% ដដែល។

… ឥឡូវយើងគិតអញ្ចេះទៅវិញ។ ចិនមានអ្នកឆ្លង ៩៧.១៥១ នាក់ ស្លាប់ ៤.៦៣៦ នាក់ គិតជាភាគរយស្មើនឹង ៤,៧៧%។ ពេលនោះចិនអត់ទាន់មានវ៉ាក់សាំង អត់ទាន់រកថ្នាំឃើញ ព្រោះជាការផ្ទុះដំបូង ធ្វើឱ្យចិនរងគ្រោះរហូតមានរហូតទៅដល់ ៤,៧៧% ឯណោះ គិតក្នុងចំនួនអ្នកឆ្លងហើយបានស្លាប់។ យើងមិនគិតជាមួយនឹងចំនួនប្រជាជន(សរុប)ដែលបានរៀបរាប់ខាងលើ។ (បើគិតនឹងចំនួនឆ្លង) រុស្ស៊ីស្លាប់ ២៣៨.៥៣៨ នាក់ គិតជាភាគរយស្មើនឹង ២,៨០% វៀតណាមស្លាប់ ២២.០៨៣ នាក់ គិតជាភាគរយ ២,៤០% កម្ពុជាស្លាប់​ ២.៧៨៨ នាក់ គិតជាភាគរយ ២,៣៥%។ យើងស្លាប់តែ ២.៧៨៨ នាក់ ប៉ុន្តែយើងមានអត្រារហូតទៅដល់ ២,៣៥% ឯវៀតណាមស្លាប់ជាង ២ ម៉ឺននាក់ គឺមានអត្រាលើសយើងតែបន្តិចតែប៉ុណ្ណោះ។ អញ្ចឹងបានកុំឃើញថា វៀតណាម ថៃ ស្លាប់ច្រើនជាងយើង រឿងអីដែលយើងត្រូវខ្វល់។ អត់អញ្ចឹងទេ។ យើងត្រូវពង្រឹងសមត្ថភាពក្នុងការព្យាបាល។

យើងពិនិត្យអាមេរិកទៅវិញ។ គាត់ស្លាប់រហូតទៅដល់ ៧៦៦.១១៧ នាក់ ប៉ុន្តែគិតជាភាគរយមានត្រឹមតែ ១,៦៤%។ អញ្ចឹងបានសេចក្តីថាសមត្ថភាពព្យាបាលរបស់គេខ្ពស់។ យើងមើលបន្តទៀត បារាំងស្លាប់ ១១៧.៦៧១ នាក់ ស្មើនឹងអត្រា ១,៦៤%។ អញ្ចឹង ទោះបីគេស្លាប់ដល់ទៅជាង ១០ ម៉ឺននាក់ បៀបធៀបជាមួយយើង តែ ២.៧៨៨ នាក់ ប៉ុន្តែអត្រារបស់យើងដល់ទៅ ២,៣៨% ក្នុងពេលដែលបារាំងជាង ១១ ម៉ឺននាក់ អត្រាត្រឹមតែ ១,៦៤%។ អង់គ្លេសស្លាប់ ១៤០.៥៥៨ នាក់ ក្នុងអត្រាត្រឹមតែ ១,៥៦% ទេ។ នេប៉ាល់ស្លាប់ ១១.៤០៧ នាក់ អត្រា ១,៤០%។ ឥណ្ឌាស្លាប់ ៤.៤៥៨.៤៧០ នាក់ អត្រា ១,៤%។ មុននេះយើងថា ឥណ្ឌាស្លាប់គរជើង ប៉ុន្តែប្រជាជនឥណ្ឌាច្រើន សមត្ថភាពព្យាបាលក៏ខ្លាំង ដែលយើងឃើញថាត្រឹមតែអត្រា ១,៣៤% នៃចំនួនអ្នកឆ្លង ៣៤ លាននាក់។ ម៉ាឡេស៊ីស្លាប់​ ២៨.៧៧៦ នាក់ ស្មើនឹងអត្រា ១,១៧% ថៃស្លាប់ ១៩.២០៥ នាក់ អត្រាគឺមានតែ ១% ទេ។ អញ្ចឹងសមត្ថភាពព្យាបាលរបស់ថៃគឺល្អប្រសើរ។ កូរ៉េខាងត្បូងស្លាប់ ២.៨៤៩ នាក់ អត្រាស្លាប់គឺ ០,៧៨% អត់ដល់ ១% ទេ។ ប៊្រុយណេស្លាប់ ៨៨ នាក់ អត្រាស្លាប់ ០,៦៧% ម៉ាល់ឌីវស្លាប់ ២៤៣ នាក់ អត្រាស្លាប់ ០,២៨% សាំងហ្គាពួរស្លាប់ ៣៩៤នាក់ អត្រាស្លាប់ ០,២០%។ ប៉ុន្តែយើងទៅមើលឃើញអត្រាឆ្លងនៅសាំងហ្គាពួរ ៩៥.២១១ នាក់ ប៉ុន្តែគេកម្រិត(ចំនួន)មនុស្សស្លាប់។ គេថាខិតខំព្យាបាល(ធ្វើឲ្យចំនួន)ស្លាប់(មាន)ត្រឹមតែ ៣៩៤ នាក់។ ព្រឹកមិញដូចជាស្លាប់ថែមទៀត។ ថ្ងៃនេះគឺសាំងហ្គាពួរឡើងជាង ៤០០ នាក់ ប៉ុន្តែយ៉ាងណាក៏ដោយចំនួននេះគឺត្រឹមតែ ០,២៨%។

អត្រាស្លាប់នៅកម្ពុជាពីកូវីដ១៩ ខ្ពស់ជាងប្រទេសមួយចំនួន … ត្រូវពង្រឹងសមត្ថភាពព្យាបាល

… យើងឃើញថាអត្រាស្លាប់របស់យើងគឺមានខ្ពស់ជាងអាមេរិក ខ្ពស់ជាងបារាំង ខ្ពស់ជាងអង់គ្លេស ខ្ពស់ជាងនេប៉ាល់ ខ្ពស់ជាងឥណ្ឌា ខ្ពស់ជាងម៉ាឡេស៊ី ខ្ពស់ជាងថៃ។ នេះគឺជាចំណុចដែលយើងត្រូវពង្រឹងសមត្ថភាពលើការព្យាបាល។ ទាំងនេះជាតួលេខដើម្បីយកមកបញ្ជាក់ជូនចៀសវាងដែលយើងថា ប្រទេសនេះឆ្លងច្រើន យើងឆ្លងប៉ុណ្ណឹងទៅខ្វល់អីពេក ឬថាស្លាប់ច្រើនជាងគេ។ យើងតោងរកភាគរយ ហើយភាគរយដែលគួរតែត្រូវខិតខំដើម្បីប៉ះប៉ូវ។ ភាគរយឆ្លងមិនមែនជាភាគរយដែលគួរឱ្យបារម្ភពេកទេ តែភាគរយស្លាប់គឺជាភាគរយដែលត្រូវបារម្ភ ដែលត្រូវពង្រឹងសមត្ថភាពទៅលើការព្យាបាល។ នេះគ្រាន់តែបញ្ជាក់ដើម្បីយើងទាំងអស់គ្នាអាចយល់ដើម្បីចៀសវាង លំអៀងឆ្វេង ឬលំអៀងស្តាំ។ បន្តទៅទៀត ខ្ញុំចង់ជម្រាបជូនថា បន្ទាប់ពីការបាត់បង់ជីវិតនៃប្រជាជនយើង គិតត្រឹមពីម្សិលម៉្ងៃ យើងឆ្លង ១១៨.៥២២ ជាងនាក់ទៅហើយ ហើយស្លាប់ ២.៧៨៨ នាក់។ ប៉ុន្តែ យើងត្រូវឃើញថា ភាគរយអ្នកស្លាប់ដល់ទៅ ២,៣៥% ជាចំ​ណុចត្រូវតែគិតគូរ ដើម្បីពង្រឹងសមត្ថភាពបន្ថែម។

ឆ្លងកាត់ ៤ ដំណាក់កាល៖ ទប់ស្កាត់, គ្រប់គ្រងការឆ្លង, បង្កើតភាពស៊ាំ, ដំណើរការឡើងវិញតាមគន្លងថ្មី

ឥឡូវខ្ញុំគួរតែធ្វើការបូកសរុបអំពីអ្វីដែលយើងបានខិតខំនៅក្នុងដំណាក់កាលមួយៗ ឆ្លងកាត់ដំណាក់កាលពីការចាប់ផ្តើមកូវីដ-១៩ រហូតមកដល់ពេលនេះ។ យើងបាននិងកំពុងឆ្លងកាត់ដំណាក់កាល ៤។

ដំណាក់កាលទី១៖ គឺដំណាក់កាលប្រយុទ្ធនឹងទប់ស្តាត់ការឆ្លងជំងឺចូលក្នុងសហគមន៍ ចាប់ពីខែមីនា ឆ្នាំ ២០២០ រហូតដល់ខែតុលា ឆ្នាំ ២០២០។

ដំណាក់កាលទី២៖ ការគ្រប់គ្រងការឆ្លងរាលដាលនៃកូវីដ-១៩ ចូលក្នុងសហគមន៍គឺ ចាប់ពីខែវិច្ឆិកា ឆ្នាំ ២០២០ ដល់ថ្ងៃទី ២០ កុម្ភៈ ឆ្នាំ ២០២១។

ដំណាក់កាលទី៣៖ ការបង្កើតភាពស៊ាំក្នុងសហគមន៍កូវីដ-១៩ តាមរយៈការអនុវត្តយុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គួបផ្សំនឹងការបន្តគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ចាប់ពីថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២១ រហូតមកដល់ពេលបច្ចុប្បន្ននេះ ឬថា ដំណាច់ខែតុលា។

ដំណាក់កាលទី៤៖ គឺចាប់ពីពេលនេះ ការបើកដំណើរការប្រទេសពេញលេញឡើងវិញលើគ្រប់វិស័យ និងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងថ្មីគឺចាប់ពីថ្ងៃនេះ។

អញ្ចឹងយើងនឹងសាកល្បងមើល។ យើងបានសាកល្បងហើយ។ បើមនុស្សចូលហាងពេញតែហាងទៅហើយ មនុស្សស្ទះផ្លូវវិញអស់ទៅហើយ។ ចាំមើល គួរបើក ខារ៉ាអូខេ​ ឬក៏អត់? និយាយដល់រឿងបើកខារ៉ាអូខេហ្នឹង ប្រហែលជាស្រីៗជេរខ្ញុំទៀតហើយ។ កាលដែលយើងបិទខារ៉ាអូខេ ស្រីៗដៀមដាមថា ឥឡូវប្តីចេះបាយនៅផ្ទះ។ ឥឡូវ ខ្ញុំសូមជម្រាបជូនអំពីដំណាក់កាលមួយៗ ថាយើងធ្វើយ៉ាងម៉េច។ ពីខែមីនា ឆ្នាំ ២០២០ និយាយរួមថា ចាប់ផ្តើមពីខែមករាមកចុះ ព្រោះខ្ញុំចាប់ផ្តើមប្រជុំកាសែត … យើងក៏ចាប់ផ្តើមធ្វើសកម្មភាពដើម្បីទប់ស្កាត់ការភ័យខ្លាចហួសហេតុ ដែលអ្នកខ្លះគេដៀមដាមឱ្យខ្ញុំដល់ថ្ងៃនេះ ដែលខ្ញុំនិយាយថា កុំឱ្យពាក់ម៉ាស់ចូល។ ចុះបើវាមិនទាន់មានស្អីផង ហើយនាំគ្នាទៅពាក់ម៉ាស់ធ្វើខ្មោចអី។ ដល់ ពេលឱ្យត្រូវពាក់ម៉ាស់មែនទែន មិនចង់ពាក់ម៉ាស់។ វាទៅជាអញ្ចេះ។​ ពេលនោះមិនមែនជាជំងឺកូរ៉ូណានៅកម្ពុជាឯណា ជំងឺភ័យខ្លាចតើ។ ខ្លាចរហូតទៅដល់និស្សិតយើងនៅប្រទេសចិនខ្លះរត់ចេញ។ ខ្លះទាមទារឱ្យចេញ ដល់អញ្ចឹងពិបាកពេក ខ្ញុំប្រុចទៅចិនតែម្តង ជួបជាមួយប្រធានាធិបតី ស៊ី ជីងពីង និងឯកឧត្តម លី ខឺឈាង។ ទៅឱ្យដល់កន្លែងហ្នឹងតែម្តង ព្រោះខ្ញុំមិនយល់ព្រមក្នុងការជម្លៀសនិស្សិតខ្មែរចេញពីប្រទេសចិន។ ខ្ញុំមិនយល់ព្រមក្នុងការបិទជើងហោះហើរ វាស្មើនឹងការបិទច្រមុះខ្លួនឯង និងជម្រុញឯកោចិន។ ខ្ញុំមិនធ្វើអញ្ចឹងទេ។

ដំបូងខ្ញុំទារទៅដល់ វូហាន ឯណោះ … បានក្លាយទៅ(ជាអ្វីដែលគេ)ហៅថា “បុរសសង្ហារដើរបញ្ច្រាសទិស” មានឈ្មោះអញ្ចឹង។ បន្ទាប់ទៅនាវា Westerdam នេះ មានអ្នកណាគេហ៊ានឱ្យចូល។ ខ្ញុំគិតថាបើទោះបីជាអ្នកណាប្រឹងបំភ្លេចក៏ដោយចុះ តែអ្នកនៅលើនាវាជាង ២.០០០ នាក់ និងបូកនឹងនាវិកស្អីៗ ជិត ៤.០០០នាក់ និងក្រុមគ្រួសារគេ មិនអាចបំភ្លេចបាននូវអ្វីដែលជាគុណធម៌របស់កម្ពុជាទេ … ដំណាក់កាលទី ១ នេះ ពេលនោះយើងអត់ដឹងថាជំងឺនោះស្អីផង។ ប៉ុន្តែ បើទោះបីមិនទាន់ដឹងស្អីក៏ដោយ យើងបានចាប់ផ្តើម​មានវិធានការហើយ។ ឯកឧត្តម ម៉ម ប៊ុនហេង ដើរទៅដាក់(ឧបករណ៍ចាប់កំដៅ)តាមព្រលានយន្តហោះ តាមស្អីៗ ដើម្បីការពារទប់ស្កាត់ រួចហើយយើងរៀបចំតាំងពីការបង្ការ ម៉ាស រៀបចំការបម្រុងទុកនូវប្រភេទអាល់កុលស្អីៗហ្នឹង។ សង្គ្រាមដណ្តើមម៉ាសកើតនៅពេលហ្នឹង នៅចាំបានទេ? យើងនោះក៏មានបញ្ហា ប៉ុន្តែ​ប្រទេសខាងក្រៅមានបញ្ហាលើសយើងទៅទៀត។ យើងចាប់ផ្តើមចេះចលនាឲ្យប្រជាជនចេះដេរម៉ាស ធ្វើម៉ាសក្រណាត់ស្អីៗ។ យើងមានម៉ាសរបស់យើង ក្នុងពេលដែលប្រទេសមួយចំនួនគឺដណ្តើមម៉ាសគ្នា។

ពេលនោះយើងចាប់ផ្តើមដាក់ចេញនូវវិធានការ ៣ សំខាន់។ វិធានការទី ១ រឹតបណ្តឹងច្រកចេញចូល។ បានសេចក្តីថាទប់ស្កាត់ការនាំចូល កូវីដ-១៩​ មកក្នុងប្រទេស។ ហ្នឹងជាវិធានការទី ១ ដែលយើងបានដាក់ចេញនៅពេលនោះ។ យើងមានការបិទផ្លូវហោះហើរមួយចំនួន បិទច្រកព្រំដែននៅពេលខ្លះ ដើម្បីទប់ស្កាត់នៅក្នុងភាពមួយដែលមិនទាន់ច្បាស់លាស់។ ទី ២ ទប់ស្កាត់មិនឲ្យឆ្លងចូលក្នុងសហគមន៍ ផ្ទៃក្នុងប្រទេស តាមរយៈការរុករក ការធ្វើតេស្ត ការធ្វើចត្តាឡីស័ក សម្រាប់អ្នកពាក់ព័ន្ធផ្ទាល់ និងពាក់ព័ន្ធប្រយោល​ និងបិទទីតាំង​មួយចំនួន។ ឯទី ៣ គឺខិតខំព្យាបាលអ្នកដែលឆ្លងហើយឲ្យជា។ ពេលនោះខ្ញុំនៅចាំបានថា អ្នកដែលឆ្លងពិតប្រាកដខ្មែរយើងមានតិចណាស់ បរទេសច្រើនជាង។ យើងព្យាបាល មិនឲ្យជនបរទេស ចេញលុយទេ។ យើងចេញឲ្យទាំងអស់។ បើយើងពិនិត្យមើល ឥឡូវថៃបើកទេសចរណ៍ថ្ងៃហ្នឹង ប៉ុន្តែបើចង់ទៅធ្វើទេសចរណ៍នៅប្រទេសថៃត្រូវមានប្រាក់កក់ ៥ ម៉ឺនដុល្លារ … ទាល់តែអ្នកមានបានចូលទៅបាន។ បើអត់មាន អ្នកក្រធ្វើម៉េចមាន ៥ ម៉ឺនដុល្លារយកទៅតំកល់នៅក្នុងប្រទេសថៃ។ ប្រហែលជាយើងត្រូវគិតគូរអាហ្នឹង បើថាទាមទារឲ្យកក់លុយច្រើនពេកគេមិនមកទេ។ ដល់ពេលយើងចាប់ធ្វើទេសចរណ៍សុវត្ថិភាព ទេស​ចរណ៍វ៉ាក់សាំងត្រូវគិតកត្តាហ្នឹងផង។ អញ្ចឹងពេលនោះ វិធានការ ៣ ខ្ញុំចាំបានថានៅពេលប្រជុំកាសែត ខ្ញុំបញ្ជាក់ពីវិធានការ ទី ១ ទប់ស្កាត់ការនាំចូល ទី ២ ទប់ស្កាត់ការឆ្លងក្នុងសហគមន៍ ទី ៣ ខិតខំព្យាបាលឲ្យជា សម្រាប់អ្នកដែលឆ្លងហើយ។ អញ្ចឹងមានខ្មែរខ្លះ បរទេសខ្លះ ហើយខ្មែរមានស្ត្រីម្នាក់ឃើញបង ម៉ម ប៊ុនហេង យកផ្កាទៅឲ្យនៅពេទ្យសូវៀត រាងយូរជាងគេបន្តិចដូចជាមកពីបន្ទាយមានជ័យ។ អញ្ចឹងយើងដាក់ចេញនូវវិធានការវាស្របជាមួយនឹងដំណាក់កាលនោះ។

ជាលទ្ធផលយើងទប់ស្កាត់ ជារួមដំណាក់កាលនោះជាដំណាក់កាលដែលយើងប្រឹងប្រែង ហើយតាមរុករក ហើយវិធីតាមរុករកនោះទៀតទាញរុញថយក្រោយ ១៤ ថ្ងៃ ហើយ ១៤ ថ្ងៃហ្នឹងគឺថាចំណុចណាសង្ស័យ ចំណុចណា យកតាំងពីប្រព័ន្ធទូរស័ព្ទ ដើម្បីមើលទៅខាងក្រោយ អ្នកហ្នឹងឆ្លងកាត់ពីតំបន់ណាទៅតំបន់ណា។ ខ្ញុំនៅចាំថា ២ ដង លើកទី ១ កប៉ាល់មកពីវៀតណាមដឹកទេសចរណ៍ជនជាតិអង់​គ្លេស​ផង អាមេរិកផង ស្អីៗផង ចូលមកភ្នំពេញឡើងទៅកំពង់ចាមសុទ្ធតែភាគច្រើន កូវីដ-១៩។ លើកទី ២ ទេសចរណ៍បារាំងឆ្លងម្តង មួយថ្ងៃគឺឆ្លង ៣៧ នាក់ ហើយចេញពីសៀមរាប មកបាត់ដំបង ចេញពីបាត់ដំបងចូលទៅកំពង់សោម។ អញ្ចឹងយើងត្រូវបកក្រោយ … ទៅរកឃើញអ្នកដែលស៊ីផឹកជាមួយហ្នឹង។ ហ្នឹងសុទ្ធតែជាការតាមរក បានយើងទប់ស្កាត់បានប៉ុណ្ណឹង។

ដំណាក់កាលទី ១; វិធានការសេដ្ឋកិច្ច ៣៖ លើកលែងពន្ធ, វិធានការជំនួយហិរញ្ញវត្ថុ, វិធានការជំនួយសង្គម

នៅក្នុងពេលហ្នឹងដែរ ដំណាក់កាលទី ១ នោះ យើងចាប់ផ្តើមមានវិធានការសេដ្ឋកិច្ចទៅជាមួយហើយ ក្នុងហ្នឹងវិធានការ ៣​ ដែលយើងបានប្រកាន់យកនៅក្នុងពេលនោះ។ ១ ការលើកលែងមិនយកពន្ធគ្រប់ប្រភេទសម្រាប់អាជីវកម្មទេសចរណ៍នៅក្នុងខេត្តសៀមរាប ខេត្តព្រះសីហនុ កែប កំពត ព្រមទាំងនៅក្រុងបាវិត ក្រុងប៉ោយប៉ែត រាជធានីភ្នំពេញ។ ទី ២ ​វិធានការជំនួយផ្នែកហិរញ្ញវត្ថុ ដូចជាការបង្កើតគម្រោងសហហិរញ្ញប្បទាន និងចែករំលែកហានិភ័យ តាមរយៈធនាគារសហគ្រាសធុនតូច និងមធ្យម។ ការរៀបចំមូលនិធិធានាឥណទាន ការបង្កើតកម្មវិធីហិរញ្ញប្បទានពិសេស តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងការត្រៀមឧបករណ៍ផ្តល់ហិរញ្ញប្បទានបន្ថែម ព្រមទាំងការបន្ធូរបន្ថយពន្ធកាត់ទុកលើការប្រាក់សម្រាប់អ្នកផ្តល់កម្ចីក្នុងស្រុក និងក្រៅស្រុក។

ទី ៣ វិធានការជំនួយផ្នែកសង្គម ដូចជាឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ។ កម្មវិធីសាច់ប្រាក់ពលកម្ម ការផ្តល់ប្រាក់ឧបត្ថម្ភជូនកម្មករ និយោជិត ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ និងការរៀបចំផ្តល់ការបណ្តុះបណ្តាលដល់កម្មករ និយោជិតដែលបាត់បង់ការងារ។ នេះជាវិធានការដែលយើងបានដាក់ចេញពេលហ្នឹង។ ឥឡូវចាប់ពីពេលហ្នឹងដល់ឥឡូវ ដល់ជុំទី ១០ ហើយ។ គ្រាន់តែចាយលុយសម្រាប់សង្គ្រោះប្រជាពលរដ្ឋក្រីក្រអស់ ៤០០ លាន។ យើងចាប់ឧបត្ថម្ភដូចជាពីខែ ៦ មក ប៉ុន្តែគ្រួសារប្រមាណជា ជិត ​៧០ ម៉ឺនគ្រួសារនេះ មុន កូវីដ-១៩ ជីវភាពពិបាក ដល់ក្នុងដំណាក់កាល កូវីដ-១៩ ជីវភាពគាត់ប្រសើរ។ ដោយសារអី? ដោយសារការងារគាត់រក នៅតែរកបាន ថែមដោយថវិការដ្ឋជូនឲ្យគាត់​។ អញ្ចឹងមនុស្សជិត ៣ លាននាក់ ដែលទទួលជីវភាពប្រសើរជាងមុន កូវីដ-១៩។

តែរដ្ឋត្រូវតែធានាទទួលខុសត្រូវលើបញ្ហាហ្នឹង បន្ថែមទៅដោយកម្មករបាត់បង់ការងារធ្វើ ត្រូវផ្តល់ឲ្យពួកគាត់ ៤០ ដុល្លារក្នុងម្នាក់ បូកនឹងថៅកែទៀតបាន ៧០ ដុល្លារ ហើយគាត់ទៅជួយធ្វើស្រែ ធ្វើចំការឲ្យឪពុកម្តាយ ឯផ្នែកសណ្ឋាគារយើងជួយ ៤០ ដុល្លារក្នុងមួយខែ។ ជារាជដ្ឋាភិបាលដែលមានការទទួលខុសត្រូវមួយចំពោះជីវភាពប្រជាពលរដ្ឋ យើងមិនទាន់គិតដល់ការចំណាយនានាបន្ថែមទាក់ទងនឹងវ៉ាក់សាំង ថ្នាំព្យាបាល ការព្យាបាលស្អីៗហ្នឹង មិនមែនរឿងតូចតាចទេ។ អាហ្នឹងដំណាក់កាលទី ១ ដែលយើងនិយាយត្រួសៗ។

ដំណាក់កាលទី ២ ការគ្រប់គ្រងការឆ្លងរាលដាល កូវីដ-១៩ ចូលក្នុងសហគមន៍។

ចាប់ពីខែវិច្ឆិកា ឆ្នាំ ២០២០រហូតដល់ថ្ងៃទី ២០ កុម្ភៈ ឆ្នាំ ២០២១ នៅចាំបានទេ ការចូលក្នុងសហគមន៍ដំបូង គឺនៅថ្ងៃទី ៣ ខែវិច្ឆិកា។ សូម្បីតែខ្ញុំក៏ត្រូវចាប់បង្ខំធ្វើចត្តាឡីស័កដែរ។ ខ្ញុំប្រសិទ្ធិនាមថា ៣ វិច្ឆិកា (ត្បិត)ខ្ញុំមិនចង់និយាយទៅដល់គណៈប្រតិភូរដ្ឋមន្ត្រីការបរទេស ហុង គ្រី។ ពេលនោះ យើងតម្រូវឲ្យធ្វើចត្តាឡីស័ក ទាំងអ្នកពាក់ព័ន្ធផ្ទាល់និងប្រយោល នៅទីក្រុងភ្នំពេញ ទៅដល់ខេត្តព្រះសីហនុ និងទៅដល់ខេត្តមួយចំនួនថែមទៀតផង​។ បន្ទាប់ទៅមកដល់ព្រឹត្តិការណ៍ ២៨ វិច្ឆិកា។ ពេលហ្នឹងខ្ញុំកំពុងនៅសៀមរាប។ ២៨ វិច្ឆិកាកើតឡើង ពេលហ្នឹងយើងកំពុងតែបើក(ការដ្ឋាន)ផ្លូវ។ ដល់សង្កថាបើកផ្លូវមាននិយាយពីផ្លូវណា និយាយពី កូវីដ-១៩។ ពេលនោះវាប៉ះទង្គិចធំលើទីក្រុងភ្នំពេញនិងខេត្តសៀមរាប។ ទីចុងបំផុតយើងបានបិទវា បានបញ្ចប់។ កាលហ្នឹងគេហៅ 3Ts (បានន័យថា Testing, Tracking, Treatment) គឺថាធ្វើតេស្ត មួយតាមរក មួយទៀតព្យាបាល។ អញ្ចឹងដល់ពេលគេប្រើអក្សរកាត់អង់គ្លេស ថា 3Ts។

រលកទី ១ នេះ យើងមានអ្នកជំងឺឆ្លងត្រឹមតែ ៤០ នាក់ទេ ពេលនោះ។ ករណី ២៨ វិច្ឆិកា គឺករណី ឆែម សាវុធ រួចហើយមានអ្នក comment ចូល ថាគួរតែដក ឆែម សាវុធ ចេញ … គ្នាកើតរោគនោះមានរឿងមួយហើយ តែរឿងធំទៅជាចង់ឲ្យបង្ក ឲ្យយើងដកចេញពីតំណែងទៅទៀត រឿងអញ្ចេះ។ ប៉ុន្តែ ឥឡូវសុំផ្តាំផ្ញើ កុំមើលស្រាលអ្នកកើត កូវីដ-១៩។ កើត កូវីដ-១៩ បានសេចក្តីថាគេបានកើតរួចហើយ គេមានអង់ទីគ័រការពារខ្លួនគ្រប់គ្រាន់។ យើងអត់ទាន់កើត គឺនៅរងគ្រោះ។ អ្នកកើតរួចហើយគឺអ្នកស្បែកក្រាស់។ ជាពិសេសនៅក្រុងហូជីមិញ គេអំពាវនាវអ្នកដែលកើត កូវីដ-១៩ ហើយមកចូលរួមប្រយុទ្ធជាមួយ កូវីដ-១៩។ អញ្ចឹងអ្នកណាដែលមានការរើសអើងអ្នកកើត កូវីដ-១៩ គឺជាកំហុសមួយធ្ងន់ណាស់។ ថ្ងៃក្រោយអ្នកនេះគឺជាអ្នកដែលជួយយើងទៅវិញ។ អញ្ចឹងសុំកុំប្រកាន់។ អ្នកខ្លះឃើញគ្នាកើត កូវីដ-១៩ គឺចាប់ផ្ដើមរើសអើង តែអត់គិតខ្លួនឯងអត់ទាន់កើតងាយរងគ្រោះ។ ឥឡូវសូម្បីតែចាក់វ៉ាក់សាំង យើងអត់ទាន់ឲ្យចាក់ទេ ក្រោយ កូវីដ-១៩ ភ្លាម។ ៤ ខែក្រោយទើបឲ្យចាក់។ មើលក្នុង comment ក្នុងហ្នឹងមានអ្នកខ្លះថាអ្នកហ្នឹងបានកើត កូវីដ-១៩ រួចហើយ អត់ទាន់បានចាក់។ ប្រហែលជាខាងគណៈកម្មការចំពោះកិច្ច គេចូលទៅ comment នៅក្នុងហ្នឹង។ ខ្ញុំឆ្លើយតបទៅលើបញ្ហាថាយកម្តាយទៅចាក់ តែពេទ្យមិនឲ្យចាក់ តើធ្វើយ៉ាងម៉េច? ខ្ញុំថាឲ្យសួរពេទ្យទៅ។

ដល់រលកទី ២ គឺព្រឹត្តិការណ៍ ២០ កុម្ភៈ ដែលអូសបន្លាយមកដល់ពេលនេះ គឺយើងកំពុងស្ថិតនៅក្នុងដំណាក់កាលនៃ ២០ កុម្ភៈ នេះឯង។ ចំនួនឆ្លងនិងចំនួនស្លាប់ កើនគំហុក ពី ០ នាក់ឡើងដល់ ២.៧៨៨ នាក់។ យើងគិតត្រឹមតែ ៨ ខែទេ យើងបាត់បង់អាយុជីវិតរបស់ប្រជាពលរដ្ឋរបស់យើងរហូតដល់ ២.៧៨៨ នាក់ ហើយឆ្លងរហូតដល់ ១១៨​.៥២២ នាក់។ ថ្ងៃនេះមាន ៩១ នាក់ទៀតដែលយើងនឹងប្រកាស ប៉ុន្តែអ្នកស្លាប់មិនទាន់បានបូកសរុបនៅឡើយទេ។ ឥឡូវនេះនៅមានអ្នកជំងឺនៅក្នុង ICU ប៉ុន្មានជាង ១ ពាន់នាក់ដែលគួរឲ្យបារម្ភ។ មានរាប់ពាន់នាក់ដែលកំពុងនៅក្នុងមន្ទីរពេទ្យ ប៉ុន្តែមានធ្ងន់មានស្រាល។ ក្នុងហ្នឹងអ្វីដែលគួរឲ្យយកចិត្តទុកដាក់នៅក្នុង ICU មាន ១.១០០ នាក់ជាង។ នេះជាចំណុចដែលសុំដាស់តឿនគ្រប់ទីកន្លែង គ្រប់មន្ទីរពេទ្យ ដើម្បីសង្គ្រោះអាយុជីវិត ហើយដើម្បីបញ្ចៀសបញ្ហានេះជម្រើសដែលល្អជាងគេអ្នកដែលមិនទាន់បានចាក់វ៉ាក់សាំងត្រូវតែមកចាក់វ៉ាក់សាំង ព្រោះយើងបានឃើញអ្នកស្លាប់គឺច្រើនតែអត់ចាក់វ៉ាក់សាំង។ នឹងមានការបកស្រាយនៅខាងក្រោមទៀត។ ចាប់តាំងពី ២០ កុម្ភៈមក យើងធ្វើកិច្ចការច្រើនណាស់ ទម្រាំសង្គ្រោះប្រទេស និងសង្គ្រោះអាយុជីវិតប្រជាជនបានប៉ុណ្ណេះ។

យើងសោកស្តាយណាស់អ្នកដែលបានបាត់បង់អាយុជីវិត ហើយក៏សុំបញ្ជាក់ដែរ មានអ្នកចូលមក comment ក្នុងហ្នឹងសួរបញ្ជាក់ថាតើសម្តេចបញ្ជាក់មើល ទទួលបានការឧបត្ថម្ភទេសម្រាប់សាកសព? ខ្ញុំសុំបញ្ជាក់នៅទីនេះ ជូនចំពោះប្រជាពលរដ្ឋឲ្យបានជ្រាប រាជរដ្ឋាភិបាលដាក់ចេញជាគោលការណ៍សាកសពមួយ ទទួលបានជំនួយឧបត្ថម្ភ ២ លានរៀលចំពោះគ្រួសារសព។ ពីមុននេះយើងធ្វើដាច់ដោយឡែកសម្រាប់ទីក្រុងភ្នំពេញនេះ ៥ លាន តែជាគោលការណ៍របស់រាជរដ្ឋាភិបាលដាក់ចេញ ២ លានរៀល​។ ជូនផ្ទាល់ចំពោះគ្រួសារសព សពមួយគឺ ២ លានរៀល។ សម្រាប់ការបូជាគឺសពមួយចំនួន ១ លានរៀល​។ ប៉ុន្តែប្រាក់នេះមិនបានបញ្ជូនទៅឲ្យគ្រួសារសពទេ គឺបញ្ជូនទៅឲ្យអាជ្ញាធរ ដែលជាអ្នកទទួលបន្ទុកក្នុងការបូជាសពឬបញ្ចុះសព។ អញ្ចឹងប្រាក់នេះបានផ្ទេរទៅហើយ។ បើប្រាក់សម្រាប់បូជាឬក៏បញ្ចុះសពបានបុរេប្រ​ទានទៅគ្រប់ខេត្តទាំងអស់ រហូតទៅដល់ខែធ្នូ។ ទោះបីមនុស្សមិនទាន់ស្លាប់ តែយើងបានត្រៀ​ម​។ ឯចំពោះអ្នកដែលបានស្លាប់ទៅហើយ ថវិកាបានបញ្ចូលរួចរាល់ទៅតាមខេត្តហើយ។ អញ្ចឹងសុំរំលឹកបណ្ដាខេត្ត … ប៉ុន្តែមិនមែនបានសេចក្តីថាស្លាប់ដោយស្អី ក៏ កូវីដ-១៩ ទាំងអស់ទេ។ លើកមុនមានរឿងអញ្ចេះកើតឡើង។ អនុគណៈកម្មការរៀបចំបុណ្យសពសម្រាប់អ្នកដែល កូវីដ-១៩ ធ្វើអត្តឃាត ធ្វើតេស្តទៅឃើញ កូវីដ-១៩ ដាក់តួលេខចូលទៅក្នុង កូវីដ-១៩។ ប៉ុន្តែ មូលហេតុដែលស្លាប់មិនមែន កូវីដ-១៩ ឯណា គឺគាត់ធ្វើអត្តឃាត។ គ្រោះថ្នាក់ចរាចរណ៍ដាក់ចូលក្នុង កូវីដ-១៩ ដែរ ព្រោះយើងឲ្យធ្វើតេស្តលើសព​។ អញ្ចឹង កូវីដ-១៩ ទាំងអស់ … ប៉ុន្តែ យ៉ាងណាក៏ដោយ នៅពេលដែលតួលេខមាន ២.៧៨៨ នាក់ គឺជាអ្នកដែលទទួលបាននូវជំនួយឧបត្ថម្ភ ហើយក្នុងហ្នឹងមានអ្នកខ្លះបានទទួលជំនួយឧបត្ថម្ភ ៥ លាន ឬក៏ ១០ លាននោះ ឬច្រើនជាងហ្នឹងទៅទៀត ដោយសារមានអាជ្ញាធរជួយថែម ដូចនៅក្រុងភ្នំពេញ។ កាលដំបូងៗ ខាងផ្នែកក្រសួងសុខាភិបាលក៏ផ្តល់ផង សាលាក្រុងក៏ផ្តល់ផង។ ប៉ុន្តែក្រោយមកយើងកំណត់ជាគោលការណ៍ ២ លានរៀល បញ្ជូនទៅឲ្យគ្រួសារសពដោយផ្ទាល់ ហើយ ១ លានរៀលសម្រាប់បូជា។ រឿងបញ្ចុះសពបញ្ជូនទៅឲ្យខេត្តកុំឲ្យខេត្តពិបាក ព្រោះនៅពេលប្រជុំតាមអនឡាញរវាងខ្ញុំជាមួយនឹងខេត្ត និងគណៈកម្មការ ខេត្តខ្លះយើងអត់បានផ្តល់ឥណទានឲ្យគាត់ គាត់ត្រូវទៅសុំគេសុំអី រហូតដល់ខេត្តកំពង់ឆ្នាំង មានករណីអាចារ្យភ្លុកទៅទារលុយពីគ្រួសារសព។ ត្រូវប្រមូលលុយទៅឲ្យគ្រួសារសពវិញ បន្ទាប់ពីយើងទទួលបាននូវព័ត៌មាន។ ព័ត៌​មានដែលខ្ញុំទទួលបានច្រើនតែតាមហ្វេសប៊ុកខ្ញុំ។ តែបង្ហោះភ្លាមគឺគាត់រុញមកតែម្តង។ រុញមកយើងត្រូវស្រាវជ្រាវភ្លាមបន្ទាន់លើរឿង។

ការងារដែលយើងបានធ្វើសម្រាប់ព្រឹត្តិការណ៍នេះពិតជាមិនធម្មតា ព្រោះស្ថានភាពពេលនោះធ្ងន់ធ្ងរណាស់ ដែលខ្ញុំនៅចាំបានថាយើងកំពុងស្ថិតនៅក្នុងមាត់ជ្រោះមរណៈ ដែលយើងត្រូវចាប់ផ្តើមរឹតបន្តឹងនូវវិធានការមួយចំនួន រាប់ទាំងការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ បិទខ្ទប់ខេត្តព្រះសីហនុ។ ខ្ញុំសុំជម្រាបជូន បិទខ្ទប់ខេត្តព្រះសីហនុ យើងត្រូវដឹកជូនទៅខេត្តព្រះសីហនុសម្រាប់ចំនួន ៣៨.០០០ គ្រួសារ។ បិទខ្ទប់នៅទីក្រុងភ្នំពេញ យើងផ្គត់ផ្គង់ទាំងសាលាក្រុង ទាំងផ្នែកនានា ៤៤០.០០០ គ្រួសារ។ លំបាកណាស់រឿងបិទខ្ទប់ ប៉ុន្តែបើមិនបិទខ្ទប់ពេលហ្នឹងគឺថាទៅហើយ មិនដឹងទៅត្រង់ណាអីត្រង់ណា ព្រោះជំងឺនេះផ្ទុះក្នុងរាជធានីភ្នំពេញ រហូតដល់អ្នកមូលដ្ឋានរើសអើងអ្នកភ្នំពេញ។ យើងបិទខ្ទប់នៅទីក្រុងភ្នំពេញ រហូតដល់ ២១ ថ្ងៃ។ បន្ទាប់ពីការបិទខ្ទប់ហើយ យើងនៅកំណត់តំបន់ គេហៅថាបិទតាមគោលដៅ កំណត់ជាតំបន់ក្រហម តំបន់លឿងទុំ តំបន់លឿង ទៅតាមកម្រិតហានិភ័យ។ រសជាតិនៃការបិទខ្ទប់ យើងបានឃើញ មិនមែនជារឿងងាយទេ ការផ្គត់ផ្គង់ម្ហូបអាហារ បន្ទាប់ទៅយើងត្រូវដោះស្រាយជួយសម្រាប់បងប្អូនក្រីក្ររបស់យើង ថ្លៃទឹក ថ្លៃភ្លើង សម្រាប់ក្រុមគ្រួសារមួយចំនួនដែលគ្មានលទ្ធភាព។

លំបាកវាលំបាក ប៉ុន្តែយើងគ្មានជម្រើសណាក្រៅតែពីធ្វើ ដើម្បីសង្គ្រោះជីវិតប្រជាជនរបស់យើង។ ខ្ញុំពិតជាមានការអរគុណចំពោះប្រជាពលរដ្ឋដែលមានការយោគយល់និងអត់ធ្មត់ បើទោះបីជាវិធានការនោះវាអត់ស្របជាមួយនឹងការចង់បានរបស់ប្រជាជនទេ ក៏ប៉ុន្តែបើយើងតាមគាត់គឺច្បាស់ជាមានបញ្ហាធំ ដែលខ្ញុំក្រៅតែពីចេញសារាចរណ៍ ចេញលិខិតណែនាំ ត្រូវនិយាយសម្លេងខ្លួនឯង។ ពេលនោះធម្មតាល្ងាចហាត់ប្រាណ ដល់ហាត់ប្រាណសម្លេងរាងស្អកបន្តិចហើយ។ អញ្ចឹងនិយាយទាំងស្អក។ ពេលខ្លះធាក់កង់ផង និយាយផង ដង្ហើម(ញាប់) អញ្ចឹងបានគេថា អាហ្នឹងជិតងាប់ហើយ។ ចាំតែងាប់តើ ធាក់កង់ម្តង ៨០ នាទីយ៉ាងហោច ក្នុងល្បឿន ៧៥ ជុំ ក្នុងមួយនាទី ហើយជម្រាល ៤ អង្សារ ក្នុង ៨០ នាទី គឺជិះបានជាង ៥០ គីឡូម៉ែត្រ។ ថ្ងៃមុនខ្ញុំបង្ហោះមួយក្នុងហ្វេសប៊ុក ខ្ញុំថាបើគិតចំងាយចូលដីកំពង់ស្ពឺ ចូលដីតាកែវបាត់ ប៉ុន្តែធាក់កង់រួចនៅផ្ទះឯងតាខ្មៅដដែល។ មិនបាច់ចាំលាក់ទេ អ្នកខ្លះគេថាខ្ញុំនៅផ្ទះវិមានឯករាជ្យនោះ ប៉ុន្តែរឿងនៅណាស្រេចតែខ្ញុំ។

ដំណាក់កាលទី ៣៖ បង្កើតភាពសាំសហគមន៍ប្រឆាំងជំងឺ កូវីដ-១៩ … គ្រប់គ្រងការឆ្លងរាលដាល

ដំណាក់កាលទី ៣ គឺដំណាក់កាលការបង្កើតភាពសាំក្នុងសហគមន៍ប្រឆាំងនឹងជំងឺ កូវីដ-១៩ … គួបផ្សំជា​មួយ​នឹងការបន្តការគ្រប់គ្រងការឆ្លងរាលដាល កូវីដ-១៩ ចូលសហគមន៍ចាប់ពីថ្ងៃទី ២០ ខែកុម្ភៈ ២០២១ រហូតមកដល់ថ្ងៃហ្នឹង។ យើងត្រូវពិនិត្យអំពីកាលបរិច្ឆេទនេះ …​ (យើងបានចាប់ផ្តើមចាក់វ៉ាក់សាំង)បង្ការជំងឺ កូវីដ-១៩ ប្រភេទជា Sinopharm ដំបូង ចំនួន ៦០ ម៉ឺនដូសដែលជាជំនួយរបស់រដ្ឋាភិបាលចិន ជាពិសេសក្រសួងការពារចិន តាមរយៈក្រសួងការពារជាតិ។ អញ្ចឹងបានខ្ញុំនិយាយ បើសិនជាជឿលើសម្តេចពិជ័យសេនា ទៀ បាញ់ យើងអាចដើរលឿនជាងហ្នឹងមួយខែ។ ប៉ុន្តែពេលហ្នឹងខ្ញុំបានប្រកាសថាខ្ញុំទទួលយកតែវ៉ាក់សាំងណា ដែលមានការទទួលស្គាល់ដោយអង្គការសុខភាពពិភពលោកតែប៉ុណ្ណោះ។ ប៉ុន្តែដល់ក្រឡេកមើលទៅគេ អត់ទាន់មានទទួលស្គាល់ គេចាក់ពេញទឹកពេញដីអស់ហើយ អត់ទេ (សូមសម្តេចពិជ័យសេនា ទៀ) បាញ់ ធ្វើសំបុត្រទៅរដ្ឋមន្ត្រីការពារជាតិចិន ហើយខ្ញុំក៏ធ្វើសំបុត្រទៅនាយករដ្ឋមន្រ្តីចិន។ អញ្ចឹងជំហានទី ១ នោះ គាត់ឲ្យមកបាន ៦០ ម៉ឺនដូស។ ៦០ ម៉ឺនដូសនេះទៀតសោត ប្រុងតែទៅចាក់ ស្រាប់តែគេថា Sinopharm អត់មានប្រសិទ្ធិភាពមនុស្សលើសអាយុ ៦០ ទេ។ អញ្ចឹងខានចាក់ទៀត។ ថ្ងៃទី ១០ ខែកុម្ភៈ ២០២១ រាជរដ្ឋាភិបាលបានសម្រេចបើកយុទ្ធនាការចាក់វ៉ាក់សាំងជំហានទី ១ ជូនដល់អ្នកសេវាជួរមុខ ហើយកូនប្រុសរបស់ខ្ញុំតំណាងឲ្យខ្ញុំ ដោយសារខ្ញុំមិនអាចចាក់បាន។ អញ្ចឹងឲ្យកូនខ្លួនឯងទៅចាក់ បានមានអ្នកខ្លះវាធ្វើអត្ថាធិប្បាយ ចាក់វីតាមីន …

ក្រុមប្រឆាំងមិនឲ្យ(គេទៅ)ចាក់វ៉ាក់សាំង ប៉ុន្តែក្រុមនេះបើសិនជាបោះឆ្នោតឬធ្វើប្រជាមតិ ចាញ់ផ្កាប់មុខ … (ចំនួនមនុស្សទទួលវ៉ាក់សាំង) ១៣.៧០០.០០០ នាក់មិនតូចទេ ទៅសឹងទាំងអស់ រវាងម្ខាងថាចាក់ទៅវាងាប់ កុំចាក់ និងម្ខាងទៀតថាចាក់ រហូតដល់យើងប្រជាពលរដ្ឋនៅប្រទេសដទៃតាមចាក់ដល់ផ្ទះ តែនៅកម្ពុជាបែរជាមានរឿងល្អកើតឡើងស្មានមិនដល់។ កន្លែងខ្លះថ្ងៃទី ១ ថ្ងៃទី ២​ ជួបការលំបាក ដោយប្រជាជនមកច្រើនពេក។ គាត់ស្រេកឃ្លានវ៉ាក់សាំង គាត់ជឿទុកចិត្តរាជរដ្ឋាភិបាល ខ្ញុំអរគុណណាស់ អរគុណប្រជាពលរដ្ឋរបស់យើង។ គាត់ខ្លាចមិនបានទទួលវ៉ាក់សាំង។ ពេលយើងបើកយុទ្ធនាការនៅទីក្រុងភ្នំពេញ ប្រៀបធៀបដូសទី ៣ នឹងដូសទី ១ ទី ២ ខុសគ្នាស្រឡះ។ ឥឡូវនេះ ក្នុងផែនការចាក់ជាង ១ លាននាក់ ឥឡូវកងទ័ពចាក់បានដូចជា ៦០ ម៉ឺន ៧០ ម៉ឺន។ អស់មនុស្សចាក់រលីងហើយ។ ដោយសារអី? ដោយសារតែយើងបើកយុទ្ធនាការចាក់នៅភ្នំពេញ អ្នកខេត្តកណ្តាលក៏មក តាកែវក៏មក អ្នកកំពង់ស្ពឺក៏មក កំពង់ចាមក៏មកចាក់នៅហ្នឹងដែរ។ ដល់ឥឡូវគាត់បានដូសទី ១ ដូសទី ២ ហើយ គាត់រង់ចាំដូសទី ៣ យកទៅឲ្យគាត់។ គាត់អត់ដើររកដូសទី ៣ ជាន់កគ្នានៅភ្នំពេញណា។ ប្រជាពលរដ្ឋរបស់យើង ខុសពីប្រជាពលរដ្ឋប្រទេសខ្លះមិនព្រមចាក់វ៉ាក់សាំង គេដាក់ច្បាប់ផាកពិន័យ។ ខ្ញុំនៅតែមានមោទនភាពពីវ៉ាក់សាំងកាតព្វកិច្ច ភាសាដែលខ្ញុំប្រើមុនគេនៅលើពិភពលោក។ ឥឡូវត្រូវប្រទេសនានាយកទៅប្រើ។ ហ្នឹងមិនមែនរបស់ផ្តាច់មុខរបស់ខ្ញុំទេ គ្រាន់តែខ្ញុំនិយាយមុន កម្មសិទ្ធិបញ្ញារបស់ខ្ញុំដែរ។ ពេលហ្នឹងចេញអនុក្រឹត្យទៀត អង្គការក្រៅរដ្ឋាភិបាលមួយចំនួនថា​ឲ្យដកអនុក្រឹត្យហ្នឹងចេញ។​ អត់ទេ។

ក្រសួងបន្តធ្វើកាតវ៉ាក់សាំងឲ្យដល់អ្នកដែលបានចាក់វ៉ាក់សាំងឲ្យបានគ្រប់

ឥឡូវសូមបញ្ជាក់ កាតចាក់វ៉ាក់សាំងបច្ចុប្បន្នត្រូវជម្រុញធ្វើ។ ក្រសួងការពារជាតិដូចជានៅជំពាក់គេ ១០ ម៉ឺន ត្រូវធ្វើ។ ក្រសួងសុខាភិបាលក៏ត្រូវធ្វើ។​ កាតវ៉ាក់សាំងបន្តិចទៀត មានតម្លៃជាងអត្តសញ្ញាណបណ្ណ ដោយសារអី? ចូលហាង គេសុំមើល តើចាក់វ៉ាក់សាំងហើយឬនៅ? បើមិនទាន់ចាក់វ៉ាក់សាំង គេមិនឲ្យចូល។ ជិះតាក់ស៊ី គេសួរមានកាតវ៉ាក់សាំងឬអត់? បើអត់មានកាត អត់ដឹក ព្រោះគេខ្លាចឆ្លង។ បណ្ដាក្រុមហ៊ុននានា គេមិនឲ្យអ្នកឯងធ្វើការទេ។ ឥឡូវកំពុងតែអនុវត្តនៅអាមេរិក នៅប្រទេសលោកសេរី អញ្ចឹងអាហ្នឹងមានន័យថាម៉េច? ក្រុមហ៊ុនឯកជនគេមិនឲ្យធ្វើ បើនៅអាមេរិក សម្រាប់កងទ័ពជើងទឹក បើមិនចាក់វ៉ាក់សាំង គេនឹងបណ្ដេញចេញពីកងទ័ព។ ប៉ុន្តែប្រយ័ត្នដល់តែអ្នកនោះមិនចង់ធ្វើកងទ័ពស្រាប់ផង វាមិនខ្ចីចាក់វ៉ាក់សាំង អញ្ចឹងឲ្យចេញ អញទៅផ្ទះ។

យកចិនជាបង្អែកប្រភពវ៉ាក់សាំង ក្រៅពីនោះប្រភពគាំទ្រ

… ដំបូងយើងបើកយុទ្ធនាការ ១០ កុម្ភៈ សម្រាប់មន្រ្តីជួរមុខ។ អញ្ចឹង ៦០ ម៉ឺនដូស វាបានតែ ៣០ ម៉ឺននាក់ទេ។ ក្រោយមកយើងបានទទួលពី COVAX ៣២ ម៉ឺន ៥ ពាន់។ ហ្នឹងហើយបានចាក់សម្រាប់មនុស្សចាស់ ហើយនិងមន្រ្តីការទូតអីមួយចំនួន គឺបានចាក់អាហ្នឹង AstraZeneca។ ជាបន្តមកទៀត ចាប់ផ្ដើមបាន AstraZeneca ហ្នឹងហើយ យើងក៏បានចាប់ផ្ដើមបើកយុទ្ធនាការចាក់វ៉ាក់សាំង ព្រោះវ៉ាក់សាំងបានមកជាបន្តបន្ទាប់។ សូមបញ្ជាក់ មានលុយហើយទិញមិនបាន។ ប្រទេសដែលមានលុយហើយ ទិញមិនបាន។​ អញ្ចឹងបានខ្ញុំឲ្យច្បិចយកគោលដៅណាជាក់លាក់។ ស្អីក៏ដោយវាតែងមានឫសគល់របស់វា។ ទោះបីទាហានក៏គេមានមុខព្រួញសំខាន់ មុខព្រួញបន្ទាប់បន្សំ និងមុខព្រួញគាំទ្រជាដើម។ អញ្ចឹង យកចិនជាបង្អែកបណ្ដោយ ឯក្រៅពីនោះគឺជាប្រភពគាំទ្រ។ ឥឡូវប្រសិនជាយើងរង់ចាំការសន្យារបស់ COVAX ចំនួន ៧ លានដូស មកដល់ពេលនេះ COVAX ទើបនឹងប្រគល់ឲ្យយើងបានតែ ៣២ ម៉ឺន ៥ ពាន់ បូកនឹង ១២ ម៉ឺនថ្ងៃមុននេះទេ។ អញ្ចឹងវាប្រហាក់ប្រហែលនឹងចំនួនវ៉ាក់សាំង ដែលកម្ពុជាផ្ដល់ជូនទៅឡាវ ទៅវៀតណាម ៤០ ម៉ឺនដូសតើ។ បើយើងផ្អែកទៅលើការសន្យារបស់ COVAX ១ លានដូស ផ្អែកទៅលើការសន្យារបស់អូស្រ្តាលីថា ៣ លានដូស ប៉ុន្តែពីអូស្រ្តាលីមិនទាន់បានមួយសេនផង។

ទិញផ្ទាល់ ២៨​ លានដូស ក្នុងចំនួនវ៉ាក់សាំងសន្យា ៣៨.៧២៩.៩០០ ដូស

ជាភ័ព្វសំណាងរបស់យើង សហរដ្ឋអាមេរិក ជប៉ុន និងអង់គ្លេស បានផ្ដល់ឲ្យយើងបន្ថែម (បូកនឹង)ចិនឲ្យសរុប ផ្ដល់ជាជំនួយគឺ ៣៧.៧២៩.៩០០ ដូស (ហើយ)នឹងមកដល់នៅខែវិច្ឆិកានេះ មិនទាន់កំណត់ថ្ងៃទេ ១ លានដូស​ទៀត ដែលជាជំនួយរបស់ចិន គឺយើងនឹងបាន ៣៨.៧២៩.៩០០ ដូស ក្នុងពេលដែលការសន្យានានា មានដល់ទៅ ៤៧.២១៥.០០០ ដូស … ​នេះជាការសន្យា។ ប៉ុន្តែការសន្យានេះត្រូវប្រុងប្រយ័ត្ន។ ខ្ញុំបញ្ជាក់ហើយបញ្ជាក់ទៀតជាមួយនឹងសហការីថាឲ្យប្រុងប្រយ័ត្ន។ សម្រាប់យើងទិញផ្ទាល់ យើងទិញចំនួន ២៨ លានដូស អញ្ចឹងក្នុង ៣៨ លានដូស យើងទិញ ២៨ លានដូស និយាយលេខគត់ ដោយថវិការបស់យើង។ ជាភ័ព្វសំណាងដែលយើងសន្សំសាច់ប្រាក់។ អ្នកដែលផ្គត់ផ្គង់ឲ្យយើង ចុះហត្ថលេខាភ្លាម បង់លុយឲ្យហើយទាំងលុយទិញវ៉ាក់សាំង ទាំងលុយដឹកជញ្ជូន បានគេដឹកមក។ អញ្ចឹងបានយើងជាទៀងទាត់ ខ្ទង់ម៉ោង ៩ ឬ ១០ ព្រឹក វ៉ាក់សាំងមកដល់ៗ។ វ៉ាក់សាំងមិនទាន់ចុះដល់ដី ខ្ញុំមិនរាប់ចូលបញ្ជីទេ។ ហ្នឹងរបៀបរបស់ ហ៊ុន សែន។ មិនមែនរបៀបសន្យាដោយភាពមិនច្បាស់លាស់ណាមួយទេ …។

វ៉ាក់សាំង តាម ”អភិក្រមផ្ការីក”

ក្នុងពេលដែលយើងដំណើរការវ៉ាក់សាំងនេះទៀតសោត យើងប្រហែលជាអនុវត្តខុសគេខុសឯង ឬអាចនឹងប្រទេសខ្លះអនុវត្តដូចយើងដែរ។ នៅត្រង់ថា យើងចាប់ផ្ដើមអនុវត្តតាមអភិក្រមផ្ការីក គឺវាយពីក្នុងចេញក្រៅតែម្ដង។ ខ្ញុំធ្លាប់បាននិយាយហើយថា បណ្ដាខេត្តធ្វើលិខិតសុំ ឬវាយតាម WhatsApp​ មកខ្ញុំ សុំវ៉ាក់សាំងទៅចាក់ប៉ុណ្ណេះៗ ថាអត់ទេ បន្ទាប់ voice សម្លេងទៅតែម្ដងថា សូមកុំសុំ។ បើសិនជាទៅបន្តិចៗ អាភាពស៊ាំសហគមន៍វាអត់កើតមាន កន្លែងណាក៏វាអត់។ អញ្ចឹងបានភ្នំពេញរាល់ថ្ងៃនេះ អត្រាឆ្លងនៅភ្នំពេញតិចតួចណាស់ ព្រោះភ្នំពេញវាស៊ាំទៅហើយៗ បើសិនជាឆ្លងក៏វាមិនធ្ងន់ដែរ។ ឥឡូវអ្នកឆ្លងខ្លះអត់ដឹងថាខ្លួនឆ្លងផង ទាល់តែធ្វើតេស្ដ ហើយតេស្ដហ្នឹងគេធ្វើ rapid test ទៅទៀត។ rapid test ហ្នឹង​ ស្អីក៏វាកើតដែរ ជួនកាល។ មិនមែនថាវាមិនសំខាន់សោះនោះទេ។ តាមដឹងខាងបាយ័ន អ្នកដែលធ្លាប់ដើរថតជាមួយខ្ញុំ​ មកធ្វើ rapid test នៅហ្នឹងឃើញមួយទៀតបាត់ទៅហើយ … ព្រោះឥឡូវដោយសារបានវ៉ាក់សាំងហ្នឹងយោង កុំអីយើងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ អរគុណវ៉ាក់សាំងទៅ។

អរគុណប្រទេសដែលផ្ដល់ មានចិន មានអាមេរិក មានជប៉ុន មានអង់គ្លេស មាន COVAX ហើយអរគុណទៅជាមួយនឹងការខិតខំរបស់បណ្ដាស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលយើងមានលុយបម្រុង​ទុកធានាទិញវ៉ាក់សាំង ដោយមិនចាំបាច់ទៅរកខ្ចីលុយគេទិញវ៉ាក់សាំង។ យើងក៏អរគុណចំពោះព្រះមហាក្សត្រ និងហ្លួងម៉ែ ក៏ដូចជាសប្បុរសជននានា ដែលបានចូលរួមវិភាគទានសម្រាប់ការទិញវ៉ាក់សាំង ដែលពេលនោះមានដល់ទៅ ៥៧ លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ការទិញវ៉ាក់សាំង។ រាជរដ្ឋាភិបាលក៏ដូចជាប្រជាពល​រដ្ឋរបស់យើងបានចូលរួមជាមួយព្រះមហាក្សត្ររបស់យើង អ្នកឧកញ៉ា សប្បុរសជននានា តិចក្ដី ច្រើនក្ដី ចូលរួមជួយសម្រាប់ការទិញវ៉ាក់សាំង ដែលធ្វើឲ្យយើងមានជោគជ័យ មិនអាចកាត់ផ្ដាច់បានទេ។ ហើយកាន់តែមិនអាចកាត់ផ្ដាច់បានជាមួយនឹងការចូលរួមរបស់ប្រជាពលរដ្ឋមកទទួលវ៉ាក់សាំង។ មានវ៉ាក់សាំងហើយ អត់ប្រជាពលរដ្ឋទៅចាក់ ធ្វើម៉េច?

យើងបានទទួលអត្រាវ៉ាក់សាំងខ្ពស់យ៉ាងនេះ ជាង ៨៥% អត្រាគ្របដណ្ដប់ មិនមែនរឿងលេងសើចទេសម្រាប់ប្រទេសក្រីក្រមួយ។ ប្រទេសមួយចំនួន យើងមិនមែនត្រឹមតែប្រៀបធៀបជាមួយប្រទេសកំពុងអភិវឌ្ឍន៍ដូចគ្នាទេ ប្រទេសដែលមានការជឿនលឿន​ក៏យើងអាចទៅប្រៀបធៀបជាមួយគេបានដែរ។ ក្នុងតំបន់អាស៊ានរបស់យើង គឺយើងបានដើរមុខគេទៅហើយ។ បានសេចក្ដីថា មិនមែនជាការគ្រប់គ្រងប្រទេសតាមរបៀបថា កញ្ជើធ្លុះ ហើយយកជីវិតប្រជាជនលេងសើចទេ។ អភិក្រមផ្ការីករបស់យើង ស្រោចតែម្ដង និយាយរួម មិនមែនថាចាក់វ៉ាក់សាំងទេ ចូលដល់ស្រោច ឬក៏មុជវ៉ាក់សាំងបណ្ដោយ។

បន្ទាប់ពីហឹ្នងទៅបានរុញចេញទៅខេត្តព្រះសីហនុ កោះកុង ហើយខេត្តនានា បើចេញទៅមិនមែនចេញទៅទូទាំងខេត្តទេ ដាក់ប៉ុន្មានស្រុក ព្រោះវ៉ាក់សាំងយើងមកបន្តិចម្ដងៗ។ បើយើងមិនធ្វើបែបនេះទេ ឥឡូវបានផលប្រយោជន៍អី? ឧបមាខេត្តមួយមានប្រជាជន ៥០ ម៉ឺននាក់ ត្រូវចាក់វ៉ាក់សាំង យើងឲ្យវ៉ាក់សាំងទៅសម្រាប់ ៥ ម៉ឺននាក់ តើបានផលទេអាហ្នឹង? នៅក្នុងសាលប្រជុំមួយ អ្នកចាក់វ៉ាក់សាំងមាន ២ នាក់ អ្នកអត់បានចាក់មានដល់ ៨​ វាមិនបានផលទេ។ អញ្ចឹងការចាត់ចែង គ្រប់គ្រង បញ្ជា នៅទីនេះគឺបើខ្ញុំមិនយកអំណាចជាអគ្គបញ្ជាការដឹកនាំការប្រយុទ្ធទេ ការបែងចែកវ៉ាក់សាំងរបស់យើងនឹងជួបការលំបាក សូម្បីតែប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង បើគាត់មិនឲ្យគេៗទៅទិតៀនគាត់។ បើអញ្ចឹងមានតែ ហ៊ុន សែន និយាយផ្ទាល់តែម្ដង ​ប្រាប់ទៅខេត្ត។ ប្រាប់មួយម្ដងពិបាកពេក ផ្ញើជា voice សម្លេងយកតែម្ដង​។ ដល់អញ្ចឹងទៅ គោរពតាមបទដ្ឋានហ្នឹងទៅ យើងជោគជ័យទាំងអស់គ្នា ទូទាំងប្រទេស។ វាបង្កើតឲ្យមានជំនឿទុកចិត្ត។ ឥឡូវយើងចាប់ផ្ដើមដូសទី ៣ ក៏ចាប់ផ្ដើមពីក្រុងភ្នំពេញដែរ ព្រោះអីវាដល់ពេលវេលាមុន។ ឯខេត្តខ្លះទៀត ត្រូវចាំ ៤ ទៅ ៦ ខែទៀត ចាំចាក់ ព្រោះឥឡូវដូសទី ២ មិនទាន់ចប់ផង ព្រោះអាហ្នឹងវាមានពេលវេលារបស់វា។

យុទ្ធសាស្រ្ត ៦ ក្នុងពេលសម្រុកចាក់វ៉ាក់សាំង

យើងធ្វើកិច្ចការច្រើនណាស់។ ក្នុងពេលដែលយើងកំពុងសម្រុកវ៉ាក់សាំង យើងក៏ដាក់ចេញយុទ្ធសាស្រ្ត ៦ ចំណុច អានេះគឺជាការរំលឹក។ យុទ្ធសាស្រ្តទី ១ បន្តទប់ស្កាត់ការនាំចូលមេរោគកូវីដបំប្លែងថ្មី ពេលនោះហើយ ដែលនាំទៅដល់ការបិទខេត្តមួយចំនួនតាមព្រំដែនកម្ពុជា-ថៃ ហើយរៀបចំតំបន់ធ្វើចត្តាឡីស័កនៅកន្លែងនោះ។

យុទ្ធសាស្រ្តទី ២ កាត់បន្ថយទំហំតំបន់ឆ្លង និងចំនួនឆ្លងឲ្យនៅកម្រិតទាប។ ពីដើមថាវាឆ្លងពេញមួយក្រុងភ្នំពេញ ឥឡូវបំព្រួញវាឲ្យកាន់តែទៅតូចៗ។ អាតំបន់ក្រហមពីដើមឃើញតែក្រហមទាំងអស់ ត្រូវបំព្រួញវាឲ្យវាតូច។

យុទ្ធសាស្រ្តទី ៣ ខិតខំព្យាបាលអ្នកឆ្លងឲ្យជាសះស្បើយ និងកាត់បន្ថយអត្រាស្លាប់ដោយសារកូវីដ និងឈានទៅរកការចូលអត្រាសូន្យ ប៉ុន្តែអត្រាសូន្យនេះទៅមិនទាន់រួចទេ។ យោងទៅលើអត្រានៃការខិតខំរបស់យើង ២,៣៥% ចំនួននេះបើយើងគិតចំនួនអ្នកនៅក្នុង ICU ១.១០០ នាក់ជាង គិតត្រឹមល្ងាចមិញ​ ដែលលោកជំទាវ យក់ សម្បត្តិ វាយឲ្យខ្ញុំនោះ បើសិនជាចំនួននេះកើតមាន អញ្ចឹងយើងនៅសេសសល់សម្រាប់អ្នកដែលនឹងមានគ្រោះថ្នាក់ដល់ជីវិត ជាង ២០០ នាក់ថែមទៀត។ ត្រូវគិតគូរឲ្យដិតដល់កន្លែងហ្នឹង។ អញ្ចឹងបានជាខ្ញុំឲ្យត្រៀមធ្វើប៉ាឆា ត្រៀមរកដីកប់ ធ្វើក្ដារមឈូស បែរជាគេថាខ្ញុំប្រមាថជីវិតមនុស្ស។ តើយើងបណ្ដោយឲ្យស្ថានភាពស្លាប់ហើយរកក្ដារមឈូសមិនបាន ស្លាប់ហើយរកប៉ាឆាដុតមិនបាន ស្លាប់ហើយរកដីកប់មិនបានទេ? សូម្បីទ័ពមុនចេញទៅប្រយុទ្ធ យើងបានត្រៀមតាំងពីអ្នកសែងអ្នករបួស សែងខ្មោច។ គេត្រូវត្រៀមសព្វគ្រប់ ព្រោះតែទៅ បើទ័ពធំវាយលុក អាហ្នឹងគឺត្រូវតែសែងមកច្រើនតែម្ដង។ ប៉ុន្តែ រឿងទ័ពរឿងមួយ បើថាស្លាប់បាត់ទាហានតែម្នាក់ទេ គឺបាត់តែអ្នកស្លាប់ទេ ប៉ុន្តែបើរបួសត្រូវបាត់ទាហាន ៣ នាក់។ ដោយសារអី? តម្រូវឲ្យយកអ្នករបួសថយក្រោយ អញ្ចឹងត្រូវបាត់អស់មនុស្ស ២ នាក់ ដើម្បីសែងអ្នករបួសទៅក្រោយ។ ប៉ុន្តែបើសិនស្លាប់បាត់ទាហានតែម្នាក់ទេ។ អាហ្នឹងបើនិយាយពីទម្រង់កងទ័ព។

យុទ្ធសាស្រ្តទី ៤ រុករក និងគ្រប់គ្រងករណីពាក់ព័ន្ធនឹងកូវីដ-១៩។ យុទ្ធសាស្រ្តទី ៥ រៀបចំបូជា និងបញ្ចុះសពអ្នកជំងឺឲ្យបានប្រសើរ និងទី ៦ ដែលជាយុទ្ធសាស្រ្តគន្លឹះ គឺយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩។ ពេលនោះ យើងប្រើគ្រប់មធ្យោបាយ (រាប់ទាំង)តេស្ដរហ័សស្អីៗហ្នឹង យកបញ្ចេញដើម្បីគ្រប់គ្រងសភាពការណ៍នៅពេលនោះ។

ក្រៅពីយើងចាប់ផ្ដើមចាក់អ្នកដែលគម្រោងដើមរបស់យើង ១០ លាននាក់ ដែលម្សិលមិញនេះ វាជាភ័ព្វសំណាងមួយ គិតស្មានថា រៀបចំតួលេខដំបូងនេះ​​ ៩៩ ក្បៀសប៉ុន្មាននោះ ដល់ម្សិលម៉ោងប្រមាណជាជិត ៩ យប់ហើយ លោកជំទាវ ឱ វណ្ណឌីន វាយមកថា លោកអ៊ំស្រី សុខ ផាត់ នៅសៀមរាប​(ជាអ្នកចាក់លេខរៀងទី ១០ លាន) អញ្ចឹងទេត្រូវវាយភ្លាមៗ ហើយមានអ្នកចូលមកក្នុង WhatsApp របស់ខ្ញុំ មិនដឹងថាអ្នកណាផងទេថា សម្ដេចមានខុសអក្ខរាវិរុទ្ធ។ រវល់តែគិតអក្ខរាវិរុទ្ធឯណា បានប្រាប់ admin ថា តែបង្ហោះគ្រិប ចូលមើលភ្លាមទៅ ក្រែងលោមានខុសអក្ខរាវិរុទ្ធប៉ុន្មាន … ព្រោះបានអាហ្នឹងភ្លាម វាយ(បង្ហោះ)ភ្លាមៗហ្នឹង ថាយើងចាក់បានប៉ុណ្ណេះ ចូល ១០ លាន ៨៨ នាក់ អញ្ចឹងវាស្មើនឹង ១០០%។ ប៉ុន្តែ មើលក្នុងនោះ កិច្ចការយើងអត់ទាន់ចប់ទេ នៅបន្តចាក់អ្នកចាក់ដូសទី ២ និងបន្តចាក់អ្នកដែលមិនទាន់បានចាក់ដូសទី ១។

អញ្ចឹងបានយកឱកាសហ្នឹងផ្ដាំផ្ញើទុកឲ្យហើយទៅ ក្រែងលោកមិនបានផ្ដាំផ្ញើក្រោយ អ្នកខ្លះប្រុងយកកូន មិនទាន់ហ៊ានទៅចាក់វ៉ាក់សាំងទេ។ អញ្ចឹងឥឡូវផ្ដាំផ្ញើអញ្ចេះ ក្មួយៗដែលចង់បានកូន ចៅៗដែលចង់បានកូន ទៅចាក់វ៉ាក់សាំងសិនទៅ ចាំយកកូនក្រោយ។ មែនតើ! ចាក់វ៉ាក់សាំងសិនទៅ ចាំយកកូនក្រោយ វាបានអង់ទីគ័រការពារទាំងខ្លួនយើង ទាំងកូនយើង។ ចេះទ្រាំបានពីណាពីណីមក ឥឡូវទ្រាំសិនទៅ ហើយបើមុនការចាក់វ៉ាក់សាំងទៀតអាហ្នឹងកាន់តែល្អ។

ហាមការប្រមូលផ្ដុំមនុស្សកកកុញ តែមិនបានហាមមិនឲ្យរៀបការទេ

យើងគ្រាន់តែហាមឃាត់កុំឲ្យវាកកកុញតែប៉ុណ្ណឹងទេ តែយើងមិនបានហាមឃាត់មិនឲ្យរៀបការឯណា? អ្នកខ្លះភាន់ច្រឡំថាយើងមិនឲ្យរៀបការ។ គេឲ្យរៀបការ តែសូមឲ្យពិធីនេះកុំឲ្យវាកកកុញដោយមនុស្ស តែប៉ុណ្ណឹងតើ។ ចុះមានទៅអី ខ្ញុំការ ១៣ គូផង អត់មានម៉ែឪបានគ្នាដល់ថ្ងៃនេះ ចៅឡើងដល់ ២២ នោះ​។ អាហ្នឹងវាស៊ីសងនៅជាមួយគ្នាបានឬមិនបានទេ វាមិនសំខាន់រឿងនេះទេ។ យើងក៏ចង់បានពិធីធំដែរ តែស្ថានភាពហ្នឹងពន្យារតទៅទៀតវាមិនកើត។ ត្រូវតែការ។ តែការយ៉ាងម៉េច ធានាថាការរួចហើយកុំឲ្យស្លាប់ដោយ​សារកូវីដ។ រឿងវាអញ្ចេះ នៅកន្លែងហ្នឹងទេ គិតគូរគ្នាឲ្យច្បាស់ទៅនៅពេលយើងបើកសង្គមសេដ្ឋកិច្ចនោះ។ ឥឡូវជិតធ្លាក់ខ្យល់ពីជើង ចេញវស្សាគេការហើយ នាំគ្នាការទៅ គ្រាន់តែថា ពីដើមត្រូវអញ្ជើញភ្ញៀវ ៥០០ នាក់ ឥឡូវអញ្ជើញតែ ៥០ ឬ ១០០ នាក់ តែប៉ុណ្ណឹងទៅ។ ឥឡូវ ការខ្លះហ្នឹង ខាងស្រីក៏ពាក់ម៉ាស ខាងប្រុសក៏ពាក់ម៉ាស។ អ្នកច្រៀងកាត់សក់ក៏ពាក់ម៉ាស … ហ្នឹងហើយគន្លងថ្មីនោះ។

ផ្ដាំផ្ញើទៅអ្នកដែលចង់បានកូន សូមចាក់វ៉ាក់សាំងឲ្យហើយសិនចាំយកកូន។ ឥឡូវរវាងដូសទី ១ និងដូសទី ២ ដូចជា ២១ ថ្ងៃទេ។ អញ្ចឹងទេទ្រាំទៅមួយខែទេ។ ចាក់ដូសទី ១ ទៅ ហើយបន្តចាក់ដូសទី ២ ចាក់ដូសទី ២ រួចហើយយកកូនទៅ ព្រោះឥឡូវគេមានប្រក្រតិទិនយកកូនទៀត។ យើងជំនាន់ដើមអត់បានគិតច្រើនទេ ១៣ ខែមួយៗ អាហ្នឹងមិនដឹងធ្វើម៉េចបើវាអញ្ចឹង។ ហ្នឹងធ្វើរដ្ឋមន្រ្តីការបរទេសផង កូនប៉ុណ្ណឹង។ ឲ្យតែមកពីក្រៅប្រទេស មិនទាន់ដោះក្រវាត់ក ម៉ែវាមានផ្ទៃពោះបាត់ហើយ។ បើសិនកុំមានវិធានការទប់ទល់ ទុកមកដល់ពេលនេះ យ៉ាងហោច ១៥ កូន។

ពង្រឹងសមត្ថភាពព្យាបាលតាមខេត្ត និងភូមិភាគ

ក្នុងពេលវេលាដែលយើងបានធ្វើកិច្ចការកន្លងទៅ អ្វីដែលគួរកត់សម្គាល់ យើងបានពង្រឹងសមត្ថភាពព្យាបាលកូវីដ ដើម្បីកាត់បន្ថយចំនួនអ្នកស្លាប់ គឺពង្រឹងសមត្ថភាពមន្ទីរពេទ្យខេត្ត និងមន្ទីរពេទ្យតាមភូមិភាគ។ យើងបញ្ចេញកម្លាំងទាំងក្រសួងសុខាភិបាល ទាំងបង្កើតឡើងនូវអនុគណៈកម្មការ ដើម្បីជួយសាងសង់ រៀបចំ អញ្ចឹងបានឥឡូវយើងមានកន្លែងផលិតអុកស៊ី(សែន)នៅតាមខេត្ត។ មិនមែនរឿងអីត្រូវតែដឹកពីភ្នំពេញទៅទេ។ យើងមានកន្លែងផលិតអុកស៊ី(សែន)នៅហ្នឹង បានជាឥឡូវនេះ យើងមានជំនឿទុកចិត្តថា យើងអាចដោះស្រាយបានបញ្ហា។ ប៉ុន្តែ កុំផ្អែកទៅលើថា ដោយសារកន្លែងពេទ្យមានច្រើន បែរជានាំគ្នាខ្វះការប្រយ័ត្ន ធ្វេសប្រហែស អា ៣ កុំ ៣ ការពារ ព្រលែងចោល។

ថ្ងៃមុន ខ្ញុំឃើញនៅមុខវាំងមនុស្សពេញ ក្នុងនោះមានខ្លះពាក់ម៉ាស ខ្លះអត់ពាក់ម៉ាស។ ហ្នឹងក៏ត្រូវណែនាំ ដើរលេងឲ្យដើរ(តែក៏ត្រូវការពារ)។ ឥឡូវខ្ញុំលើកទឹកចិត្តឲ្យមនុស្សដើរលេងតែម្ដង។ ថាម៉េចបានជាលោក ហ៊ុន សែន ឯងធ្វើអញ្ចឹង? ​ដើរលេងក៏ប៉ុន្តែដើរដោយមានវិធានការសុខាភិបាលទៅជាមួយ។ គេបានប្រាប់ហើយតើ ពាក់ម៉ាស លាងដៃ រក្សាគម្លាត។ កុំទៅកកកុញគ្នាច្រើន ដើរឲ្យវាឆ្ងាយគ្នាបន្តិចទៅ។ ឥឡូវបើថា ទៅមួយក្រុមគ្រួសារ អាហ្នឹងគាត់អាចដើរមួយជួរកៀកគ្នាបាន បីកូន ដឹកដៃគ្នា កៀកកគ្នា អាហ្នឹងក្រុមគ្រួសារគាត់។ ប៉ុន្តែ រវាងក្រុមគ្រួសារមួយនេះ ជាមួយក្រុមគ្រួសារមួយទៀត ឲ្យវាឆ្ងាយពីគ្នា។ បើយើងដាក់ថា ឲ្យប្ដីនិងប្រពន្ធត្រូវតែដើរ ១ ម៉ែត្រកន្លះពីគ្នាដែរ អាហ្នឹងវាចប់ហើយ ប្ដីប្រពន្ធគេដេកជាមួយគ្នា ដល់ទៅដើរចេញក្រៅដើរមួយម៉ែត្រកន្លះពីគ្នា អាហ្នឹងវាមិនត្រូវរឿង។

អត្រាក្មេងចាក់វ៉ាក់សាំងលឿនជាងមនុស្សធំ

យើងចាក់វ៉ាក់សាំងក្នុងយុទ្ធនាការរបស់យើង ដែលបិទបញ្ចប់នៅក្នុងថ្ងៃនេះ គឺបាន ៨៥,៦៨% ដោយគិតទាំងកុមារដែលមានអាយុ ពី ១២ ឆ្នាំ ទៅ ១៨ ឆ្នាំ និង ៦ ឆ្នាំ ទៅ ១២ ឆ្នាំ។ ឥឡូវពិនិត្យមើលនៅក្នុងជើងលេខនេះ ​អ្នកចាក់អាយុ ១៨ ឆ្នាំឡើង បាន ១០.០០០.០៨៨ នាក់ ស្មើនឹង ១០០%។ ១២ ដល់ ១៨ ឆ្នាំ បាន ១.៧៨៨.៨០២ នាក់ ស្មើនឹង ៩៧,៨៩%។ កុមារអាយុ ៦ ឆ្នាំ ដល់ ១២ ឆ្នាំ ១.៩២០.៥៩៩ ស្មើនឹង ១០១,២២% … អ្វីដែលយើងព្រួយបារម្ភថាក្មេងៗវាខ្លាចម្ជុល វាអត់ខ្លាចម្ជុល វាទៅជាចង់ចាក់ ដល់ទៅសម្ភាសន៍ចេញមកតែរឿង ២ ទេ ហេតុអីបានមកចាក់វ៉ាក់សាំង? ទី ១ ខ្លាចកូវីដ ទី ២ ចង់ចូលរៀន។ នេះជាបញ្ហាសំខាន់។

សម្រេចឲ្យចាក់ក្មេងអាយុ ៥ ឆ្នាំ ព្រោះត្រូវចូលបឋមសិក្សា

អញ្ចឹងបានជាឯកឧត្ដម អូន ព័ន្ធមុន្នីរ័ត្ន គណៈប្រចាំការរាយការណ៍ឲ្យខ្ញុំ អំពីការសិក្សាអាយុ ៣ ទៅ ៥ ឆ្នាំ មិនទាន់សិក្សាចប់។ អញ្ចឹងខ្ញុំចារត្រឡប់ទៅវិញ តើគួរចាក់ឲ្យអាយុ ៥ ឆ្នាំ ឬអត់? អញ្ចឹងខ្ញុំគួរតែពន្យល់ថាម៉េចបានជាខ្ញុំខំជម្រុញកុមារ(អាយុ) ៥ ឆ្នាំ? ដោយសារ (កុមារអាយុ) ៥ ឆ្នាំ តែប៉ុន្មានខែទៀត ៦ ឆ្នាំបាត់ហើយ វាត្រូវចូលបឋមសិក្សា។ អញ្ចឹងចាក់ឲ្យហើយតែម្ដងទៅ។ រួចហើយយើងដាក់បារ៉ាស់នៅត្រឹមហ្នឹង។ ដូចជាអ្នកត្រូវចុះបញ្ជីបោះឆ្នោតអញ្ចឹង ឲ្យតែដល់ពេលអ្នកឯងឈានដល់អាយុ ៤ ឆ្នាំ ចូល ៥ ឆ្នាំ ចាក់ឲ្យ។ ដូច្នេះយើងត្រូវមានវ៉ាក់សាំងបន្ត ព្រោះក្មេងធំរាល់ថ្ងៃ។ គិតអាយុមួយថ្ងៃឡើងមួយថ្ងៃៗ ខ្លះនៅសល់តែ ២ ខែចូល ៦ ឆ្នាំ​ អញ្ចឹងទេចាក់ឲ្យហើយទៅអ្នក ៥ ឆ្នាំ។

អញ្ចឹងយើងគិតសរុបប្រជាជនទៅទូទាំងប្រទេស យើងចាក់បាន ១៣.៧០៩.៤៨៧ នាក់ ស្មើនឹង ៨៥,៦៨% ក្នុងចំនួនប្រជាជន ១៦ លាននាក់ ដែលយើងយកធ្វើជាមូលដ្ឋាន។ មូលដ្ឋាននៃចំនួននេះគឺយើងប្រមូលបូកពីខាងក្រៅមកទៀត ព្រោះប្រជាពលរដ្ឋរបស់យើង ដែលមិនមែនជាអ្នកមានសញ្ជាតិ ២ ដែលរស់នៅប្រទេសគេ ហើយគ្រាន់តែទៅធ្វើការ ទៅរៀនសូត្រ ដូចជានៅថៃ នៅម៉ាឡេស៊ី នៅជប៉ុន នៅកូរ៉េ អ្នកហ្នឹងត្រូវត្រឡប់មកប្រទេស។ ប្រសិនបើនៅក្នុងប្រទេសទាំងនោះបានចាក់ ក៏យើងត្រូវយកមកគិតនៅក្នុងចំនួនប្រជាជនរបស់យើងនៅពេលក្រោយ។ ដោយឡែកនៅក្នុងព្រះរាជាណាចក្រថៃ ក្នុងករណីអាចសម្របសម្រួលបានដើម្បីពន្លឿនការចាក់ក្នុងចំណោមប្រជាពលរដ្ឋយើងដែលកំពុងធ្វើការនៅប្រទេសថៃ យើងត្រៀមបញ្ជូនវ៉ាក់សាំងទៅ ដោយសុំស្នើឲ្យខាងរាជរដ្ឋាភិបាល គ្រូពេទ្យថៃ ជាអ្នកចាក់ ដើម្បីពេលត្រឡប់មកវិញ គាត់មានភាពស៊ាំចូលពីនោះមក។ ឥឡូវ យើងតម្រូវឲ្យធ្វើចត្តាឡីស័កនៅតាមទល់ដែន បញ្ចុះពី ១៤​ ថ្ងៃ មកនៅ ៧ ថ្ងៃ សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំង ២ ដូសហើយ។ ប៉ុន្តែ យើងនៅបន្តឲ្យធ្វើចត្តាឡីស័ក ១៤ ថ្ងៃ សម្រាប់អ្នកដែលមិនទាន់បានចាក់វ៉ាក់សាំង។ ចំនួននេះយើងនឹងតាមដានពិនិត្យមើលតទៅទៀត អ្វីដែលខ្ញុំចង់អាចនឹងចុះក្រោមហ្នឹងទៀត។

អ្នកធ្វើធុរកិច្ច ការទូត និងគណៈប្រតិភូចេញពីកម្ពុជាទៅបរទេស ត្រឡប់មកវិញធ្វើចត្តាឡីស័ក ៣ ថ្ងៃ

ដូចជាយើងចង់បើកទេសចរណ៍វ៉ាក់សាំង ឬទេសចរណ៍សុវត្ថិភាព ឲ្យអ្នកឯងធ្វើចត្តាឡីស័ក ៧ ថ្ងៃ ឧទាហរណ៍ ក្នុង ៧ ថ្ងៃ មិនមែនឲ្យអ្នកឯងនៅក្នុងបន្ទប់ទេ។ បើថាអ្នកឯងមកខេត្តព្រះសីហនុ អ្នកឯងអាចដើរលេងពេញមួយខេត្ត ទៅកោះនេះ/នោះ។ ៧ ថ្ងៃក្រោយ អ្នកឯងអាចធ្វើតេស្ដ។ ធ្វើរួចហើយ បើអ្នកឯងឃើញថាអវិជ្ជមាន អ្នកឯងអាចដើរបានពេញមួយប្រទេស ឬយើងអាចកាត់បន្ថយទៀតថាមកនៅត្រឹម ៣ ថ្ងៃ។ ជាក់ស្តែងយើងកំពុងអនុញ្ញាតឲ្យ ៣ ថ្ងៃសម្រាប់ អ្នកធ្វើធុរកិច្ច អ្នកការទូត និងគណៈប្រតិភូចេញពីកម្ពុជាទៅបរទេសត្រឡប់មកវិញធ្វើ(ចត្តាឡីស័ក) ៣ ថ្ងៃ។ យើងនឹងឈានទៅដល់ដំណាក់កាល(នោះ)។ គណៈប្រតិភូបរទេសដែលមក សុំចាំតែប៉ុន្មានម៉ោងទេ។ ធ្វើតេស្តហើយបើឃើញអវិជ្ជមានអនុញ្ញាតឲ្យចេញធ្វើការ មកជួបនាយករដ្ឋមន្រ្តីបាន។ យើងធ្វើបែបនេះ ទើបយើងទាក់ទាញជាមួយនឹងពលរដ្ឋយើងទៅក្រៅប្រទេសក៏មិនពិបាក។ យកល្អមិនចាំបាច់សុំដល់ខ្ញុំទេ។ លោកជំទាវ យក់ សម្បត្តិ ថ្ងៃមុនសុំថា ឧកញ៉ា ឃុន សៀ ត្រឡប់មកវិញសុំធ្វើចត្តាឡីស័កនៅផ្ទះ។ ឥឡូវហ្នឹងគាត់ទៅធ្វើចត្តាឡីស័កនៅ Hotel វានាំលំបាកទេ។ អ្នកណាដែលមានលទ្ធភាពទៅធ្វើចត្តាឡីស័កនៅផ្ទះ ឲ្យទៅ ដោយមិនចាំបាច់សុំច្បាប់ដល់ខ្ញុំទេ។ ឲ្យទៅធ្វើចត្តាឡីស័កនៅផ្ទះទៅ។ ជាគោលការណ៍តែ ៧ ថ្ងៃទេ។ គាត់នៅផ្ទះហ្នឹងទៅ។ ថ្ងៃក្រោយយើងពិនិត្យមើលអាចកាត់បន្ថយ ដូចអ្នក business ខ្មែរយើង ធ្វើតែ ៣ ថ្ងៃបានហើយ។ ត្រូវគិតអ្នក business មកពីក្រៅ និងនៅក្នុងស្រុក។ បើមិនអញ្ចឹងគាត់រកស៊ីម៉េចហ្នឹងបាន។ ក្រុមយើងដែលធ្វើធុរកិច្ចហើយមកពីបរទេសត្រឡប់មកវិញគួរកំណត់ឲ្យទៅធ្វើចត្តាឡីស័កនៅផ្ទះតែម្តងទៅ។ ខ្មែរយើងយកល្អគួរធ្វើចត្តាឡីស័កនៅផ្ទះ។ គាត់ដឹងហើយ។ គាត់ចេះការពារក្រុមគ្រួសាររបស់គាត់ហើយ។ គាត់មានបន្ទប់សម្រាកជាជាងយកគាត់ទៅទុកនៅបន្ទប់សណ្ឋាគារ។

នឹងមានវ៉ាក់សាំង ១០ លានដូសក្នុងដៃ ក្នុងខែវិច្ឆិកា

… ប្រកាសយកគោលការណ៍ថ្ងៃហ្នឹងទៅ។ ឥឡូវនេះ យើងបន្តថ្ងៃនេះចាក់វ៉ាក់សាំងដែលយើងសល់ក្នុងដៃ។ នៅពេលនេះមានវ៉ាក់សាំង ៩ លាន (គិតពីថ្ងៃ ៣០) គេយកចុះហត្ថលេខាត្រឹមថ្ងៃ ៣១ (តុលា)។ យើងនៅសល់វ៉ាក់សាំងក្នុងឃ្លាំង ទាំងឃ្លាំងនៅបណ្តាខេត្ត និងទាំងនៅទីក្រុងភ្នំពេញចំនួន ៩.៣២៤.៨២៥ ដូស ក្នុងហ្នឹងនៅតាមបណ្តាខេត្ត ២.៩១៤.៦១១ ដូស នៅក្នុងឃ្លាំងកណ្តាលនេះ ឱសថកណ្តាល ៦.៤១០.២១៤ ដូស។ ខែ(វិច្ឆិកា)នេះនឹងទទួលបាន ១ លានដូសទៀត។ អញ្ចឹងយើងនឹងមាន ១០ លានដូសក្នុងដៃក្នុងខែហ្នឹង។ ឥឡូវយ៉ាងហោចណាស់យើងមាន ៩ លានដូសក្នុងដៃ។ ហើយ ៩ លានដូសក្នុងដៃនេះ តម្រូវការចាក់សម្រាប់ដូសទី ២ នៅសល់មួយចំនួនណានោះទេ។ ចំនួនអ្នកដែលបានចាក់រួចហើយនេះ ចាក់ដូសទី ២ បាន ៩.៦៣៨.៨៩២ នាក់ ស្មើនឹង ៩៦,៣៦ ភាគរយ ហើយអញ្ចឹងនៅសល់តែប៉ុន្មានពាន់អ្នកទៀតគ្រប់ហើយ។ អស់តែប៉ុន្មានពាន់ដូសទេ។ ឯក្មេងអាយុពី ១២ ដល់ ១៨ ឆ្នាំ គឺបាន ១.៩៩៩.២៦៧ ស្មើនឹង ៩២,៨៨ ភាគរយ អញ្ចឹងថាអស់ប៉ុន្មានម៉ឺនដូសទៀតទៅចុះ។ ឯក្មេងអាយុពី ៦ ឆ្នាំទៅ ១២ ឆ្នាំ ចាក់បានដូសទី ២ ១,៧២៩,៦៦៥ បាន ៩១,១៦ ភាគរយ អញ្ចឹងតែប៉ុន្មានម៉ឺនដូសទៀតទេ។ ដល់ទៅក្មេងអាយុ ៥ ឆ្នាំ តែ ៣១ ម៉ឺននាក់អីទេ អស់តែ ៧០ ម៉ឺនជាងដូសទៀតចប់។

អញ្ចឹង វាអត់មានអីត្រូវខ្វះវ៉ាក់សាំងទេ (បន្ថែមទៅការជាក់ស្តែងថា)ប្រសិនបើអូស្រ្តាលី នឹងត្រៀមបញ្ជូនមកនូវ Pfizer ២ លាន ៣ សែនដូស ជាមួយនឹងប្រព័ន្ធម៉ាស៊ីនត្រជាក់។ បញ្ហាហ្នឹងគួរត្រូវបានបញ្ជាក់មកឬមិនមក ឬនៅត្រឹមការសន្យា។ បើមិនអញ្ចឹងទេ សុំឯកឧត្តម វង្សី វិស្សុត ទាក់ទងជាមួយនឹង Sinovac ដាក់ ៣ លានដូសបន្ថែមទៀត ព្រោះខ្ញុំអត់សូវលេងទេជាមួយសន្យានេះ។ COVAX ទៅមិនរួចទេ។ យើងដឹងថា COVAX ទៅមិនរួចហើយ។ ថ្ងៃនេះខ្ញុំយកបទបញ្ជាថា ប្រសិនបើការមិនច្បាស់លាស់ណាមួយកើតឡើង យក ៣ លានដូសពី Sinovac។ ទិញថែមយកមក ព្រោះអានេះទុកមិនផ្អូមទេ។ បើសិនជា Astrazeneca ដឺឡេរបស់វាត្រឹម ៦ ខែទេ។ ឮថាចង់ហួសដឺឡេ ២៥០ លានដូស … Sinovac ដឺឡេរបស់វា ២ ឆ្នាំ។ ក្រែងលោយើងត្រូវការផ្គត់ផ្គង់ទៅថៃ ឬក៏ពលរដ្ឋដែលមកពីថៃត្រូវចាក់ អ្នកដែលមិនទាន់ចាក់អាចឈានទៅដូសទី ៤ យើងមិនទាន់គិត។ មានរបស់ក្នុងដៃប្រសើរជាងអត់។ ដោយជំនឿទុកចិត្តរបស់យើងនូវអ្វីដែលយើងប្រឹងធ្វើនៅពេលខាងមុខ កុំឲ្យប្រជាជនទៅដល់ស្រែកអត់មានវ៉ាក់សាំងចាក់។ រឿងហ្នឹងមិនត្រូវកើតនៅប្រទេសកម្ពុជាទេ។ យើងធ្វើបានប៉ុណ្ណេះគឺវាសមរម្យហើយ។ យើងក៏មិនទាន់ខ្វះលុយទិញដែរ។ អញ្ចឹង ១០ លានដូសបូកថែមទាំង(ការបញ្ជាទិញថ្មី)ហ្នឹង ៣ លានដូសទៀត ខ្ញុំថាយល់ល្អ។ (រំពឹង)ថារបស់អូស្រ្តាលី ២ លាន ៣ សែន ជាមួយនឹងប្រព័ន្ធត្រជាក់ហ្នឹង មិន(ទាន់)ច្បាស់ទេ។ ដាក់របស់យើងចូលបាន(ច្បាស់) ព្រោះខ្ញុំត្រូវការច្បាស់។ ការសន្យាវាយូរហើយ។

និយាយអញ្ចឹង សូមអភ័យទោសពីសំណាក់ឯកឧត្តម Morrison ថ្ងៃមុនយើងប្រជុំជួបគ្នារវាងអាស៊ាន អូស្រ្តាលី និងអាស៊ីបូព៌ា។ ឆ្នាំក្រោយនាយករដ្ឋមន្រ្តីអូស្រ្តាលីត្រូវមកកម្ពុជា។ យើងអាចប្រជុំផ្ទាល់តែម្តង។ យោងទៅលើការសិក្សា យើងក៏ត្រូវចាក់(វ៉ាក់សាំងបន្ថែម)។ អញ្ចឹងប្រហែលជាយើងត្រូវប្រើ តាមការស្មានរបស់ខ្ញុំ។ នេះយើងអត់ទាន់គិតទាក់ទងនឹង(ក្មេងអាយុ) ៣ ទៅ ៤ ឆ្នាំផង។ អញ្ចឹងយើងទិញមក។ រឿងសល់មិនសល់ទេ។ Sinovac នេះគេបញ្ជាក់ហើយ អាចចាក់ពីអាយុ ៣ ឆ្នាំឡើងលើ។ លើការជាក់ស្តែង ក្មេងអាយុ ៦ ឆ្នាំគេចាក់ហើយ។ ៥ ឆ្នាំចាប់ផ្តើមចាក់ថ្ងៃហ្នឹងហើយ …។

ដំណាក់កាលទី ៤​៖ ដំណើរការឡើងវិញលើគ្រប់វិស័យ/ផ្នែក រស់ជាមួយកូវីដ ១៩ តាមគន្លងប្រក្រតីភាពថ្មី

ដំណាក់កាលទី ៤​ គឺជាដំណាក់កាលអី? ដំណើរការប្រទេសពេញលេញឡើងវិញលើគ្រប់វិស័យ និងការរស់នៅជាមួយកូវីដ ១៩ តាមគន្លងប្រក្រតីភាពថ្មីចាប់ពីថ្ងៃទី ១ ខែវិច្ឆិកា ២០២១ នេះតទៅ។ ថ្ងៃហ្នឹងយើងចាប់បើកអ្វីដែលវាមិនទាន់ពេញលេញគឺត្រង់បញ្ហាទេសចរបរទេសមិនទាន់មាន តែទេសចរផ្ទៃក្នុងឲ្យបើកនាំគ្នាដើរលេងទៅ។ នៅលើសកលលោកគេក៏ចាប់ផ្តើមធ្វើដែរ។ បើតាមគេអ្នកដែលទៅស្រុកបារាំង ទៅអង់គ្លេស គេថាទៅអត់ទាំងធ្វើចត្តាឡីស័កអីផង ចូលហាងចូលបានមួយសេរី។ ហើយយើងអីក៏ខ្លាចមាំម្ល៉េះ? ថាទេត្រូវតែខ្លាច កុំហ៊ានជ្រុល។ ឥឡូវយើងគិតមើលអញ្ចេះ (មាន)អ្វីដែលយើងបាត់បង់នៅក្នុងរយៈ ២ ឆ្នាំ? ឧស្សាហកម្មយើងដំណើរការធម្មតា មិនត្រឹមតែធម្មតាលើរោងចក្រចាស់ អារោងចក្រថ្មីចូលមកថែម បង្កើតការងារបានមិនតិចទេ។ វិស័យកសិកម្មដំណើរការធម្មតា ធ្វើការលើសផែនការកំណត់។

យើងអត់ខ្វះស្រូវ/អង្ករស៊ីទេ ប៉ុន្តែអ្វីដែលបាត់គឺបញ្ហាសេវា។ ការលក់ដុំ ការលក់រាយ ដែលបាត់បង់ធំជាងគេគឺទេសចរ។ អត់ទេសចរ ការលក់ដុំ ការលក់រាយ ក៏វាទៅតាមអញ្ចឹងដែរ។ ឮថាហាងនៅភ្នំពេញចាប់ផ្ដើមមនុស្សចូលស៊ីពេញៗហើយ។ ឥឡូវបបួលគ្នាមើល Disco ឲ្យបើកឬអត់? KTV ឲ្យបើកឬអត់ បៀហ្គាដឹន បើបានបើកហើយបើកទៅ។ ប៉ុន្តែអ្វីដែលត្រូវពិនិត្យឲ្យម្ចាស់ហាងទាំងអស់សួររកកាតវ៉ាក់សាំង។ ក្នុងរយៈពេលនេះ ដោយសារកាតវ៉ាក់សាំងធ្វើអត់ទាន់ អញ្ចឹងក៏ត្រូវមានការយោគយល់ដែរ … ដល់ប៉ុន្មានខែក្រោយយើងកំណត់តែម្តង អត់មានកាតវ៉ាក់សំាងគឺអត់ឲ្យចូល។ អ្នកមិនបានចាក់វ៉ាក់សាំង បានសេចក្តីថាអ្នកសូម្បីតែចូលស៊ី គេមិនឲ្យស៊ីផង។ អញ្ចឹងទៅណា ត្រូវដាក់កាតវ៉ាក់សាំងទៅជាមួយ។ កាតវ៉ាក់សាំងរបស់យើងមានតម្លៃទាំងក្នុងប្រទេស និងក្រៅប្រទេសធ្វើទាំងអក្សរខ្មែរផង ធ្វើទាំងភាសាអង់គ្លេសផង។

ហើយ(ការ)ស្តារសេដ្ឋកិច្ចតាមគន្លងថ្មីដែលយប់មិញនេះគឺឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ថាដាក់មក ២ សប្តាហ៍​ទៀត។ ឯកសារនេះ យើងនឹងដាក់ឲ្យប្រើប្រាស់មុនកាលបរិច្ឆេទនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីបសំពះព្រះខែ អកអំបុក។ បុណ្យអុំទូក បណ្តែប្រទីប សំពះព្រះខែ អកអំបុក អនុញ្ញាតឲ្យដើរលេង ឈប់ធម្មតា។ កន្លងទៅពេលភ្ជុំ យើងបារម្ភផ្ទុះចេញពីវត្ត អញ្ចឹងបានយើងរកវិធីធ្វើម៉េចឲ្យដើរលេង ក៏ប៉ុន្តែទោះយកចង្ហាន់ទៅប្រគេនលោកបានធម្មតា គ្រាន់ទៅពីចំងាយ ហើយយើងទៅកកកុញពេញវត្ត ផ្ទុះពេញតែវត្តធ្វើឲ្យមានការលំបាក។

កត្តា ៤ ជួយឲ្យអាចបើកដំណើរការសកម្មភាពសេដ្ឋកិច្ចសង្គមបានគ្រប់វិស័យ/ផ្នែក

មានកត្តា ៤ ដែលយើងអាចបើក(ដំណើរការសកម្មភាពសេដ្ឋកិច្ចសង្គមគ្រប់វិស័យ/ផ្នែក)បាន។ កត្តាទី ១ កម្ពុជាសម្រេចបានជោគជ័យលើការចាក់វ៉ាក់សាំងទាំងដូសមូលដ្ឋាន និងដូសជម្រុញ។ ដូសជម្រុញយើងចាក់បានជិត ២ លាននាក់រួចស្រេចទៅហើយ គឺ ១ លាន ៨ សែន ៦ ម៉ឺន។ ប្រទេសមួយចំនួនមិនទាន់បានចាក់ដូសទី ១ ទេ។ យើងចាក់ដល់ដូសទី ៣ ហើយ។ អញ្ចឹង កត្តាទី ១ របស់យើងគឺអត្រាចាក់វ៉ាក់សាំងរបស់យើងគឺមានភាពស៊ាំក្នុងសហគមន៍ ដែលយើងកាត់បន្ថយបាននូវអត្រាមរណភាព និងកាត់បន្ថយបាននូវការវិវឌ្ឍឈានទៅធ្ងន់ធ្ងរឬការឆ្លង? ឬឆ្លងហើយតែវាអត់ធ្ងន់ធ្ងរ។ ខ្ញុំពិតជាមានការតក់ស្លុតណាស់ បើសិនយើងមិនបានចាក់ (និងបើត្រូវគេប្រើ)ភាសា ដែលខ្មែរយើងគេហៅថា “ខ្មែរងាប់គរជើង”។

កត្តាទី ២ រាជរដ្ឋាភិបាលបានពង្រឹងនិងពង្រីកសមត្ថភាពព្យាបាល កូវីដ-១៩ ដើម្បីត្រៀមលក្ខណៈម្ចាស់ការក្នុងករណីដែលការរាលដាលទ្រង់ទ្រាយធំ កូវីដ-១៩ កើតជាយថាហេតុ។ ទន្ទឹមនេះ ឱសថដែលមានប្រសិទ្ធភាពសម្រាប់ព្យាបាល កូវីដ-១៩ ក៏ត្រូវបានរកឃើញជាបន្តបន្ទាប់ ហើយត្រូវបានបើកទូលាយសម្រាប់ផ្គត់ផ្គង់ជូនសេវាសុខាភិបាលទាំងសេវាសាធារណៈទាំងឯកជន និងសម្រាប់ជូនប្រជាពលរដ្ឋឲ្យអាចរកបានដោយងាយស្រួលនៅតាមឱសថស្ថាននានា។

ចំណុចនេះ ក៏សូមបញ្ជាក់ជូនផងដែរ ក្រៅពីឱសថដែលយើងបាននិងកំពុងព្យាបាល យើងកំពុងទិញថ្នាំសម្រាប់ការព្យាបាលចំនួន ៥ ម៉ឺននាក់ គឺថ្នាំអាមេរិកាំងដែលគេថាព្យាបាលល្អ ក្នុងម្នាក់តម្លៃ ៥០ ដុល្លារ។ កាលពីមុន ៧០០ ដុល្លារ ក្នុងម្នាក់ ក្រោយមកចុះមកនៅ ៥០ ដុល្លារ។ ឥឡូវមកនៅ ៤៦ ដុល្លារ ទាំងថ្លៃដឹកជញ្ជូន។ អាហ្នឹង យើងគិតទាំងថ្លៃដឹកជញ្ជូនព្រោះលុយយើងចេញដែរ។ ឥឡូវគុណមើល ៥០ ដុល្លារក្នុងម្នាក់ គុណនឹង ៥ ម៉ឺននាក់ ចេញប៉ុន្មាន? ការពិតមនុស្សយើងកំពុងនៅឈឺតែប៉ុន្មានពាន់នាក់ទេ ប៉ុន្តែយើងទិញត្រៀមទុកសម្រាប់ព្យាបាលមនុស្ស ៥ ម៉ឺននាក់។​ គុណមើលឃើញ ២ លានកន្លះ។ អញ្ចឹងអត់មានរឿងត្រូវសូញសាញច្រើនទេ។ បញ្ជាទិញ។ ប៉ុន្តែសុំប្រជាពលរដ្ឋយើងកុំផ្អែកថាថ្នាំនេះល្អ បាត់ការប្រុងប្រយ័ត្ន។ ពីមុនយើងប្រើថ្នាំនេះថ្នាំនោះ មានថ្នាំចិន។ ឥឡូវមានថ្នាំអាមេរិកាំងថាល្អ។ យកថ្នាំអាមេរិកាំង កុំថាខ្មែររើសអើងរបស់អាមេរិកមិនប្រើ។ របស់អ្នកណាក៏ដោយឲ្យតែមានប្រសិទ្ធភាពជួយជីវិតប្រជាជនខ្មែរបានគឺយើងទិញ។ ឥឡូវមូលដ្ឋានការពារព្យាបាលរបស់យើងមាន ឱសថរបស់យើងមាន សម្រាប់ការព្យាបាល។ ហ្នឹងកត្តាទី ២ ដែលយើងហ៊ានបើកប្រទេស។

កត្តាទី ៣ តាមរយៈបទពិសោធន៍នៃការប្រយុទ្ធទប់ស្កាត់គ្រប់គ្រងការរាលដាលកូវីដ-១៩ កន្លងមក អាជ្ញាធរមានសមត្ថកិច្ចមានការយល់កាន់តែច្បាស់អំពីជំងឺនេះ និងអំពីរបៀបគ្រប់គ្រងនិងទប់ស្កាត់ការរីករាលដាលនៃជំងឺនេះក្នុងទ្រង់ទ្រាយធំ។

ជារួម ខ្ញុំមានមោទនភាពជាមួយនឹងមន្រ្តីថ្នាក់ក្រោមជាតិទាំងអស់នៅទូទាំងប្រទេសដែលសម្បូរទៅដោយបទពិសោធន៍ និងទ្រាំទ្រនូវការលំបាកនូវការបម្រើប្រជាជនគ្រប់ផ្នែកទាំងអស់ ចូលរួមធ្វើកិច្ចការងារនេះ។ ខ្ញុំគិតថាមន្រ្តីរបស់យើងច្បាស់ជាឈឺអស់ហើយ ប៉ុន្តែពួកគេទ្រាំ។ នគរបាលរបស់យើងនៅពេល lockdown កន្លែងនេះកន្លែងនោះ ត្រូវធ្វើការ។ គ្រូពេទ្យរបស់យើងចង់ងាប់ចង់រស់ហើយ។ មន្រ្តីរបស់យើងអភិបាលខេត្តនាំមុខទៅលើកិច្ចការងារនេះ ព្រោះអាហ្នឹងនាយករដ្ឋមន្រ្តីនាំមុខ ដូច្នេះប្រធានអនុកម្មការត្រូវតែជាអភិបាលខេត្ត បណ្តាស្ថាប័ននានាគឺចេះដឹងអំពីការទទួលខុសត្រូវលើរឿងនេះ។

កត្តាទី ៤ បច្ចុប្បន្នប្រជាពលរដ្ឋភាគច្រើនបានយល់ដឹងកាន់តែច្រើនអំពីកូវីដ-១៩ ក៏ដូចជាអំពីរបៀបការពារខ្លួន ការរស់នៅជាមួយនឹងកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ព្រមទាំងអំពីរបៀបនៃការព្យាបាលកូវីដ-១៩ កម្រិតស្រាលនៅផ្ទះដោយខ្លួនឯង។

ប្រជាពលរដ្ឋនេះគឺជាកត្តាធំបំផុត។ បើយើងដឹកនាំប្រជាពលរដ្ឋអត់ស្តាប់ ធ្វើម៉េចយើងមានវ៉ាក់សាំង។ ប៉ុន្តែប្រជាជនអត់មកចាក់ ធ្វើម៉េច? ប៉ុន្តែយើងត្រូវតែអរគុណចំពោះប្រជាពលរដ្ឋដែលគាត់ចេះការពារខ្លួន ចេះពាក់ម៉ាស ចេះលាងដៃ ហើយជាពិសេសចេះមកយកវ៉ាក់សាំង ហើយមានអាការៈមិនស្រួលគាត់ចេះមករកយើងធ្វើតេស្ត។ ពីមុនយើងទៅចាប់គាត់ធ្វើតេស្ត។ ឥឡូវអត់ទេ ទុកភារកិច្ចចំណែកនេះឲ្យពួកគាត់ទទួលខុសត្រូវ និងឲ្យសហគមន៍ទទួលខុសត្រូវ។ មនុស្សម្នាក់ៗ គ្រួសារនីមួយៗ សហគមន៍នីមួយៗទទួលខុសត្រូវ។

មុននេះកើតមនុស្ស ៣ នាក់ក្នុងភូមិ បិទភូមិទាំងមូលហើយចាប់ផ្តើមធ្វើតេស្ត។ ឥឡូវអត់ទេ។ ប្រជាជនម្នាក់ៗ ត្រូវតែមានការយល់ដឹង។ អញមានអាការៈមិនស្រួល អញ្ចឹងទៅកន្លែងគេយកសំណាក។ តេស្តរហ័ស ឬសំណាកសម្រាប់ម៉ាស៊ីន PCR ពេលដែលដឹងថាមានហើយ ទាំងពេទ្យទាំងគាត់ត្រូវពិគ្រោះគ្នា តើគួរទៅពេទ្យ ឬគួរទៅព្យាបាលនៅផ្ទះ? បើទៅព្យាបាលនៅផ្ទះ គាត់អាចទិញថ្នាំ ឬយើងអាចឲ្យថ្នាំព្យាបាលនៅផ្ទះទៅ។ គាត់ចេះព្យាបាលនៅផ្ទះហើយ។ ព្យាបាលនៅផ្ទះ គាត់ខ្វេះច្រមុះខ្លួនឯង ធ្វើតេស្តខ្លួនឯង។ និយាយពីរឿងនេះបន្តិចចុះ។ ខ្ញុំមានអនាគតចៅប្រសារទៅហើយ។ ឥឡូវនេះតែមិនដឹងអ្នកណាទេ។ ខ្ញុំមានអនាគតចៅប្រសារ ហើយចៅប្រសារហ្នឹងមិនមែនចៅប្រសារប្រុសទេ គឺចៅប្រសារស្រីទៀត។ ធ្វើតេស្តខ្លួនឯង។ អញ្ចឹងដឹងថាកូវីដ។ ដល់ឥឡូវធ្វើតេស្តខ្លួនឯងទៀតដឹងថាជាពី កូវីដ-១៩។ មើលមុខអាចៅខ្លួនឯងអត់ស្រស់តែម្តង។ ទៅដេកជាមួយជីតា ២ យប់ ចៅខ្លួនឯងមុខមិនស្រស់។ មិនដឹងធ្វើម៉េចក្មេង បើទៅបំបែកបំបាក់វាអត់កើត។ និយាយដើមចៅបន្តិចទៅចុះ។ ឥឡូវឲ្យធ្វើម៉េច គេរៀនថ្នាក់ជាមួយគ្នាអីអញ្ចឹងទៅ។ វាមិនដឹងធ្វើម៉េច បើយប់ៗ វាគិតតែពីប្រាប់។ ពិបាកពេកហៅមកជួបជីដូនជីតាបាយជាមួយគ្នាអញ្ចឹងទៅ។ ម្តាយមួយនោះថាចង់ផ្ញើមួយឲ្យទៅកើតកូវីដ-១៩ឲ្យហើយ។ ឥឡូវអ្នកដែលធ្វើតេស្តដឹងថាខ្លួនឯងកូវីដ-១៩ ហ្នឹង ធ្វើតេស្តក៏ខ្លួនឯង ព្យាបាលក៏ខ្លួនឯង ធ្វើតេស្តថាអស់ក៏ខ្លួនឯង។ ប៉ុន្តែយ៉ាងណាក៏ដោយត្រូវតែពិនិត្យ PCR ចុងក្រោយ។

រាជរដ្ឋាភិបាល៖ យុទ្ធសាស្រ្តជាតិស្តីពីការរស់នៅតាមគន្លងថ្មីក្នុងបរិបទកូវីដ-១៩ ស្របតាមអភិក្រម ៣

ក្នុងគោលបំណងដើម្បីធានានូវការបើកដំណើរការសកម្មភាពសង្គមសេដ្ឋកិច្ចពេញលេញឡើងវិញដោយក្លាហានតែឈរលើស្មារតីប្រុងប្រយ័ត្នខ្ពស់ និងមិនធ្វេសប្រហែស ដោយធានាឲ្យបាននូវតុល្យភាពជាមួយនឹងតម្រូវការចាំបាច់ក្នុងការការពារសុខភាព អាយុ ជីវិត និងសុវត្ថិភាពនៃការរស់នៅរបស់ប្រជាជន រាជរដ្ឋាភិបាលកំពុងរៀបចំបញ្ចប់និងដាក់ចេញក្នុងពេលឆាប់ៗខាងមុខ នូវយុទ្ធសាស្រ្តជាតិ ស្តីពីការរស់នៅតាមគន្លងថ្មីក្នុងបរិបទកូវីដ-១៩ ស្របតាមអភិក្រម (១) ការបើកឡើងវិញតាមសភាពការណ៍ជាក់លាក់ (២) ការបើកឡើងវិញដោយប្រយ័ត្នប្រយែង ដោយផ្អែកលើវិសេសភាពនៃតំបន់ឬវិស័យឬអនុវិស័យនៃប្រភេទសកម្ម​ភាពសង្គមសេដ្ឋកិច្ច ផ្សារភ្ជាប់ជាមួយវិធាន និងស្តង់ដារប្រតិបត្តិនៃសុវត្ថិភាពពីជំងឺកូវីដ-១៩ និង (៣) ការរក្សាភាពបត់បែនតាមរយៈការអនុវត្តយុទ្ធសាស្រ្តបើកបិទ ស្របតាមសភាពការណ៍តម្រូវ។

ចំណុចបើកបិទនេះ ខ្ញុំគួរនិយាយបន្តិច ដើម្បីការជឿទុកចិត្តជាមួយគ្នា។ ក្នុងករណីដែលគ្មានហានិភ័យនៃជំងឺចម្លងប្រភេទថ្មីណាមួយកើតឡើង។ ខ្ញុំសូមបញ្ជាក់នៅទីនេះថា លទ្ធភាពតិចណាស់ដែលបិទ ព្រោះបទពិសោធន៍ឈឺចាប់ យើងបានទទួលមេរៀនរួចហើយ។ ពិតមែនហើយបិទកន្លងទៅ យើងបិទបញ្ចៀសនូវគ្រោះថ្នាក់។ យើងមិនធ្លាក់ជ្រោះមរណៈទេ ប៉ុន្តែយើងលំបាកណាស់ក្នុងការគ្រប់គ្រងសេដ្ឋកិច្ចដោះស្រាយជីវភាពប្រជាពលរដ្ឋនៅក្នុងតំបន់បិទខ្ទប់។ អញ្ចឹង របៀបដែលខ្ញុំសូមផ្តល់ការណែនាំទុកឲ្យហើយ ហើយប្រហែលជាអ្នកកាសែតមើលទៅអស់អីសួរ … ពីមុនបើផ្សារហ្នឹងឆ្លង យើងបិទផ្សារហ្នឹងទាំងមូលតែម្តង។ ឥឡូវហ្នឹងអត់ទេ។ ផ្សារហ្នឹងឆ្លង យកអ្នកឆ្លងហ្នឹងទៅព្យាបាល។ ថាម្តាយហ្នឹងឆ្លង បាញ់ថ្នាំសម្លាប់មេរោគឲ្យកូនមកលក់បន្តទៀត កុំបិទផ្សារទាំងមូល។

នៅចាំបានទេ? ជំនាន់ព្រឹត្តិការណ៍ ២៨ វិច្ឆិកា … គ្រាន់តែយើងឃើញមានអ្នក(កើត)ដើរកាត់ អ៊ីអន យើងទៅបិទអ៊ីអនប៉ុន្មានថ្ងៃ រហូតដល់ទូត​ជប៉ុន​សូមស្នើឲ្យបើកឡើងវិញ។ ពេលហ្នឹងយើងនៅខ្លាចពេក ហើយយើងអត់មានបទពិសោធន៍។​ អញ្ចឹង គ្រាន់តែមនុស្សដើរឆ្លងកាត់ចូលហាង អ៊ីអន យើងទៅបិទផ្សារទាំង​មូល។ យើងបញ្ឈប់សកម្ម​ភាពនៃផ្សារទាំងមូល។ អ្នកទិញលែងបាន​ទៅទិញ អ្នកលក់ក៏លែងបានលក់។ ​ ចាប់ពី​នេះតទៅសូមផ្ដាំទុក ផ្សារមួយ បើមានឆ្លងម្នាក់ យកម្នាក់ហ្នឹងទៅព្យាបាល កុំបិទផ្សារទាំងមូល ហើយ​ក៏មិនចាំបាច់ធ្វើតេស្ដមនុស្សទាំងអស់ដែរ។ យើងមានកន្លែងធ្វើតេស្ដ។ អ្នកណាមិនស្រួល​ខ្លួន​ទៅធ្វើតេស្ដ (បើ)ធ្វើតេស្ដឃើញជំងឺមិនបាច់​មកលក់ទៀតទេ។ អញ្ចឹង​អាចឲ្យកូនមកលក់ជំនួស។ បើគ្មានកូនឬអ្នកជំនួស បិទតែមួយតូបហ្នឹងបានហើយ កុំបិទផ្សារទាំងមូល នេះជាករណីផ្សារ។

សម្រាប់ករណី រោងចក្រ បើកម្មករម្នាក់គាត់ឈឺ យកកម្មករហ្នឹងទៅ ហើយប៉ុន្មាននាក់ត្រូវធ្វើចត្ដា​ឡីស័ក កុំបិទរោងចក្រទាំងមូល។ សាលារៀនដែលបើថ្ងៃនេះ បើមានក្មេង ឬគ្រូឆ្លង យកតែក្មេង និងគ្រូ ហ្នឹងទៅបានហើយ បាញ់ថ្នាំ​​សម្លាប់មេរោគ ហើយបន្ដការរៀនតទៅទៀត។ បើមិនអញ្ចឹងទេ យើងស្លាប់ដោយសារសេដ្ឋ​កិច្ចគឺ​វេទនា​​ជាងស្លាប់ដោយសារកូវីដ-១៩ ទៅទៀត។ ពេលដែលយើង​បិទ អាឆ្លងក៏នៅតែមាន ស្លាប់​ក៏នៅតែមាន។ ពេលបើក ឲ្យវាមានដំណើរការសេដ្ឋកិច្ចសង្គម ហើយមនុស្សដល់តែនៅផ្ទះអែអុកពេក អាមិនកូវីដ ក៏ទៅជាកូវីដដែរ។

នៅចាំទេ ពេលផ្ទុះអាព្រឹត្តិការណ៍ហ្នឹង នាំគ្នាយកអ្នកជំងឺទៅដាក់នៅព្រែកព្នៅ។ ដល់ពិនិត្យមើលទៅ​ ឲ្យ​ជួសជុលភ្លាម សណ្ឋាគារ អ៊ិនធើខនទីណង់តាល់ ហើយសូមបញ្ជាក់ជូនបងប្អូននៅក្រៅ​ប្រទេស​មួយចំនួនមិនបានដឹងទេថានៅស្រុកខ្មែរ មជ្ឈមណ្ឌលកោះពេជ្រ និងព្រីមៀរ របស់ ហុង ពីវ មួយដែរ​ និយាយរួមស្រុកខ្មែរអត់ចំាបាច់ជួលទេអញ្ចឹងៗ។ អ្នករកស៊ីស្រុកខ្មែរគេអត់កំណាញ់ទេ គេជួយ​រដ្ឋាភិបាល ប្រជាពលរដ្ឋ ចំណុចនេះហើយដែលខ្ញុំមោទនភាពធំណាស់។ យើងមិនចំណាយមួយ​សេនទៅលើ​ការបង់ថ្លៃកន្លែង កន្លែងធ្វើចត្ដាឡីស័ករបស់គ្រូពេទ្យស្អីៗ គឺអត់ចំណាយមួយសេនទេ។​ ហ្នឹងដែលយើង​មាន​មោទនភាពអំពីការចូលរួម។

អញ្ចឹងទេពាក្យថា បើក/បិទ បើសភាពការណ៍ដូចសព្វថ្ងៃ ឃើញថាអ្នកណាឆ្លង អ្នកនឹងទៅ​ព្យាបាល​ទៅ ហើយក៏មិនចាំបាច់​បិទភូមិទៅយកសំណាក ឬបិទផ្សារទៅយកសំណាកទេ អ្នកណាមិនស្រួល​ខ្លួនឲ្យគាត់ម្ចាស់ការ​ខ្លួនឯង … បក​ក្រោយបន្ដិច ឲ្យប្រជាពលរដ្ឋយល់ដឹង។ ឥឡូវប្រគល់ភារកិច្ចឲ្យគាត់ម្ចាស់ការខ្លួនឯង។ យើងម្នាក់ៗ​ត្រូវម្ចាស់ការ។ ខ្លួនមិនស្រួល​ខ្លួន (កុំ)ចាំបាច់គេទៅយក។ ខ្លួនម្ចាស់ការមកៗ ហើយបើឃើញ(ជំងឺ)​យើង​ពិភាក្សាជាមួយ​ក្រុមគ្រូពេទ្យព្យាបាលនៅផ្ទះ ឬនៅកន្លែងមណ្ឌល។ ក្រុមគ្រួសារនីមួយៗត្រូវមានការ​ទទួលខុសត្រូវ។ ក្នុងភូមិត្រូវសាមគ្គីគ្នាមិនត្រូវត្រឹមតែមិនរើសអើងទេ ប៉ុន្ដែថែមទាំងត្រូវជួយគ្នា។ តាម​កន្លែងខ្លះ​នៅជនបទមានរួចស្រេចហើយ។ កាលពីមុននៅចាំទេ មានកូនៗមកពីថៃ គាត់​ចេះ​សហការគ្នាសរសេរ​នៅ(មុខផ្ទះ) “សុំទោស! កូនខ្ញុំមកពីថៃ មិនបានទទួលភ្ញៀវទេ”។

​​ឥឡូវករណីក្នុងភូមិ​កើតនៅក្នុងគ្រួសារហ្នឹងមិនរកស៊ីអីបានទេ។ អ្នកភូមិបើសិនជាអាច អង្ករមួយកំប៉ុង ពីរកំប៉ុងជួយគ្នា។ បានត្រីកន្លះគីឡូអញ្ចឹងទៅ។ គាត់នៅក្នុងផ្ទះជាប់ចត្ដាឡីស័ក ព្រោះមានអ្នកជំងឺនៅក្នុងហ្នឹងព្យាបាលនៅក្នុងផ្ទះ។ ក្រុមគ្រួសារហ្នឹងក៏មិនអាចទៅណាបានដែរ។ បើយើង​ធ្វើដូចនេះបាន គឺថាឥតខ្ចោះ មិនត្រឹមតែមិនរើសអើង ថែមទាំងជួយទៀត ហើយការជួយនឹង​ថ្ងៃក្រោយអ្នកដែលកើតកូវីដ-១៩ នឹងជួយយើងវិញ ដោយសារគាត់មានអង្គបដិបក្ខការពារខ្លួន។

ប៉ុន្ដែនិយាយដល់បញ្ហានេះ ខ្ញុំគួរតែនិយាយបន្ដិច ខ្ញុំឃើញឃ្លីបវីដេអូមួយ វេជ្ជបណ្ឌិតម្នាក់គាត់​និយាយ​ គាត់ថាមុនចាក់ដូសជម្រុញ ប្រហែលមិននាំគ្នារកអង់ទីគ័រនេះ ហើយទៅទទួលដូស​ទី ៣ បានជាវាញាក់ញ័រ ព្រោះថាវាលើស។ ខ្ញុំថាងាប់ ខ្ញុំមិនមែនជាពេទ្យទេ ក៏ប៉ុន្ដែឥឡូវយើងគិតមើល ១៣ លាន នាក់ តម្រូវឲ្យធ្វើតេស្ដរកអង់ទីគ័រ មិនងាប់មនុស្សអស់ហើយ។ ខ្ញុំថាធ្វើគ្រូពេទ្យដល់​ទៅកម្រិត​ប៉ុណ្ណឹងពេក ​​…។

លោក ជេម សុខ នៅអាមេរិកយកទៅ live show ហើយខ្ញុំមើលមួយភ្លែតទៅ ក៏ចោលទៅ។ បើថាមនុស្សទាំងអស់គ្នាត្រូវតែតម្រូវឲ្យទៅធ្វើតេស្ដដើម្បីរកអង្គបដិបក្ខ អញ្ចឹង ១៣ ទៅ ១៤ លាន នាក់ ស្អែកខានស្អែក ចាក់ទាំងក្មេងទៀតបាន ១៤ លាន បាត់ហើយ។ អញ្ចឹងចាក់ដូសទី ៣ ត្រូវ​ទៅធ្វើអាហ្នឹងទៀត តើត្រូវចំណាយពេល និងលុយប៉ុន្មានទៅដើម្បីធ្វើរឿងហ្នឹង? ហើយឧបករណ៍​ណា​យកមកធ្វើ? ហើយនាំគ្នាទិញឧបករណ៍អីណាតាមផ្សារយកទៅធ្វើមានឬអត់? ខ្ញុំយកឈាមទៅមើល​ដើម្បីបានដឹងថា​អង់ទីគ័រខ្ញុំមានឬមិនមាន ហើយបន្ដិចទៀតត្រូវយកឈាម​ទៅ​មើល បន្ទាប់ពីដូសទី ៣ ហើយបានប៉ុន្មាន? អញ្ចឹងគួរតែបញ្ជាក់ផងដែរ ចាក់ដូសទី ៣ ចាក់ទៅ​ជាដូសជម្រុញ។

អម្បាញ់មិញខ្ញុំបានបញ្ជាក់ហើយ ហាងនានា បើមានអ្នកជំងឺចេញពីកន្លែងហ្នឹង យើងមិនចាំបាច់ទៅបិទហាងហ្នឹងទេ យើងសុំឲ្យហាងហ្នឹងកុំទាន់ឲ្យភ្ញៀវចូល ហើយបាញ់ថ្នាំសម្លាប់មេរោគ​ទៅ រួចហើយឲ្យមនុស្សចូលហូបដដែលទៅ ប៉ុន្ដែត្រូវមើលចុងភៅ ប្រយ័ត្នចុងភៅកូវីដ–១៩ ត្រូវមើលឲ្យជាប់ ប៉ុន្ដែត្រូវឲ្យច្បាស់ត្រូវទារ​វ៉ាក់សាំង ព្រោះថាបើមិនបានចាក់វ៉ាក់សាំងគឺនាំ​មេរោគចូល​​ទៅឆ្លង​គេនៅក្នុងហ្នឹង ហើយត្រូវរក្សាគម្លាតឲ្យបានហ្មត់ចត់ អញ្ចឹងយើងរកស៊ីបាន។

បញ្ជាក់ឡើងវិញ ខាង KTV បើកវិញនៅ អត់ទាន់បើកទេ ? អញ្ចឹងបើកស្អីគេ? (បៀរហ្គាឌិន) បៀរហ្គាឌិន បើកបានព្រោះអាហ្នឹងវាស្រឡះ ប៉ុន្ដែអាឌីស្កូ អាហ្នឹងយ៉ាប់ រាំជាន់គ្នា។ ព្រោះអញ្ចេះ ត្រង់ហ្នឹងមួយខ្ញុំវាល្ងង់ ខារ៉ាអូខេ មួយជីវិតនេះមិនដែលស្គាល់ខារ៉ាអូខេម៉េច ឌីស្កូក៏មិនដែល​ស្គាល់ និយាយទៅកន្លែងមិនដែលស្គាល់មួយជីវិតនេះ ខារ៉ាអូខេ ឌីស្កូ បៀរហ្គាឌិន កាស៊ីណូ ផុតត្រឹម​អត់ស្គាល់ KTV។ ទៅវាយកូនហ្គោល​សួរ (អ្នកធ្វើការនៅកន្លែងវាយកូនហ្គោល) … ម្ដាយមើលកូនឲ្យគេម្ដាយមើលតែពេលយប់​ទេ ពេលថ្ងៃគេមកយកកូនគេទៅវិញ។ ម៉េចចឹង? ជាធម្មតា(គួរ)តែមើលថ្ងៃ ហើយយប់គេយកកូនរបស់​គេទៅ។ នេះយប់យកកូនមកឲ្យយើងមើល ព្រោះគាត់ធ្វើការនៅ KTV។ ដល់អញ្ចឹងទៅសួរ​ ប៉ែន ស៊ីម៉ន KTV របស់អ្នកណា? ព្រោះ(ស្គាល់តែ) BTV CNC ហង្សមាស PNN ដល់អញ្ចឹង KTV របស់អ្នកណា? ប៉ែន ស៊ីម៉ន ថា KTV ខារ៉ាអូខេ បង។ អាហ្នឹងមិនស្គាល់ …។

ឥឡូវនេះ អ្វីដែលសំខាន់រាជរដ្ឋាភិបាលកំពុងខិតខំជម្រុញធ្វើកំណែទម្រង់ ដើម្បីប្រែក្លាយ វិបត្ដិទៅជា​កាលានុវត្ដភាព ដែលនៅពេលខាងមុខយុទ្ធសាស្ដ្រនឹងជម្រុញកំណើនសេដ្ឋកិច្ច​ក្នុង​ការ​រស់នៅជាមួយ​កូវីដ–១៩ តាមគន្លងថ្មី នឹងដាក់ឲ្យដំណើរការ ដោយប្រើពាក្យ សេចក្ដីព្រៀងផែន​ការ​យុទ្ធ​សាស្ដ្រ​ជាតិស្ដីពីការរស់នៅតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺកូវីដ–១៩ ដែលនឹងដាក់ឲ្យ​ដំណើរការនៅពេលខាងមុខ។ ឥឡូវ ខ្ញុំឃើញខាង​ក្រសួងវប្បធម៌ ដាក់ឲ្យដំណើរការមើលកុន ពីមុនកៅអីដាក់បាន ៥០ នាក់ ឥឡូវ ដាក់ ២៥ នាក់ ឬ ២០ នាក់ ទៅ។ ប៉ុន្ដែថ្លៃសំបុត្រ​ច្បាស់ជាថ្លៃជាងមុនបន្ដិចហើយ។ ដូចយន្ដហោះចឹង កាលពីមុនធ្លាប់តែជិះកៀក​គ្នា​ អញ្ចឹងតម្លៃសំបុត្រ​របស់វាថោកជាង។ ដល់ឥឡូវយន្ដហោះមួយពីមុនជិះ ១០០ នាក់ ឥឡូវ ជិះ ៥០ នាក់ អញ្ចឹងតម្លៃសំបុត្រត្រូវថ្លៃជាងបន្ដិចដើម្បីគ្នាបានរួចថ្លៃសាំង។ ឡានក្រុងក៏ដូចគ្នាដែរ ត្រូវតម្លៃ​សំ​បុត្រខ្ពស់​ជាងមុន។ ប៉ុន្ដែ បញ្ហាឡានក្រុងរបស់យើង គួរដំណើរការឬមិនគួរ? គួរដំណើរការឡើងវិញ តែកម្រិតចំនួន​មនុស្សជិះ។ យើងគួរដាក់ច្រើនខ្សែ ព្រោះជួយដឹកកម្មករ ជនពិការ។

ខ្ញុំសូមបញ្ជាក់ ថ្ងៃ ៨ (វិច្ឆិកា) ខ្ញុំទៅសម្ពោធក្រសួងរៀបចំដែនដី នគរូបនីយកម្ម ដើម្បីឲ្យឃើញ​ថាសកម្មភាពទាំងអស់ត្រូវចាប់ផ្ដើមឡើងវិញ គ្រាន់តែរក្សាគម្លាតតែប៉ុណ្ណឹង តាមរបៀបថ្មី។ កម្មវិធីខ្ញុំមួយចំនួនត្រូវរៀបចំឡើងវិញ ដូចជា សម្ពោធផ្លូវនៅកំពង់សោមនោះត្រូវតែសម្ពោធ ព្រោះវា​ធំណាស់ អស់ប៉ុន្មានរយលានដុល្លានោះ សម្ពោធស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ត្រូវ​តែ​សម្ពោធ ដាក់កម្មវិធីឡើងវិញ​។ ខ្ញុំមិននៅក្នុងរូងក្ដាមតទៅទៀតទេ។

៤ ចំណុច ត្រូវយកចិត្តទុកដាក់ នៅពេលដំណើរការសកម្មភាពសេដ្ឋកិច្ចសង្គមឡើងវិញ

ដើម្បីឈានទៅការគ្រប់គ្រងសកម្មភាពទាំងឡាយដែលយើងបើកពេញលេញ មានចំណុច ៤ ដែលត្រូវបន្ដយកចិត្តទុកដាក់៖

ទី ១៖ យន្ដការដែលមានការពាក់ព័ន្ធត្រូវបន្ដតាមដាននិងវាយតម្លៃសភាពការណ៍ឲ្យបានជាប់ជាប្រ​ចាំ ជាពិសេស​អត្រាអ្នកឆ្លងកូវីដ–១៩ ដែលវិវដ្ដទៅរកសភាពធ្ងន់ធ្ងរ អត្រាអ្នកស្លាប់ដោយកូវីដ–១៩ ក៏ដូចជាកត្ដាហានិភ័យនានាដែលអាចកើតមានដោយមេរោគកូវីដ–១៩ ប្រភេទថ្មីផ្សេងទៀត ដើម្បី​​រាជរដ្ឋាភិបាលមានមូលដ្ឋានគ្រប់គ្រាន់ដាក់ចេញនូវវិធានការចាំបាច់នានាទាន់ពេលវេលា​ និងប្រកបដោយប្រសិទ្ធភាពខ្ពស់។

ទី ២៖ យន្ដការដែលមានការពាក់ព័ន្ធត្រូវបន្ដការតាមដាននិងវាយតម្លៃប្រសិទ្ធភាពនៃវ៉ាក់សាំងកូវីដ–១៩ ដូសមូលដ្ឋាន ក៏ដូចជាប្រសិទ្ធភាពនៃដូសជម្រុញ ដើម្បីរាជរដ្ឋាភិបាលចាត់វិធានការបន្ដបន្ទាប់​ទៀត សំដៅធានាបាននូវភាពស៊ាំសហគមន៍ដ៏រឹងមាំជាប់មិនដាច់។

ខ្ញុំសូមប្រកាសថា បើទោះបីតម្រូវឲ្យចាក់ដូសទី ៤ ក៏យើងត្រូវតែចាក់ ព្រោះបើយើងមិនចាក់ វាបាត់បង់​ប្រ​សិទ្ធភាពរបស់វា។ វានឹងធ្វើឲ្យអ្វីដែលយើងខិតខំចំណាយ និងប្រឹងប្រែង ដូសទី ១ ទី ២ និងទី ៣ វាអត់មានតម្លៃ។ អញ្ចឹងទេ យើងត្រូវត្រៀមបំរុងទុនមួយចំនួនដើម្បីត្រៀមដូសទី ៤។ សិក្សាមើល​បន្ទាប់ពីដូសទី ៣ ហើយ តើការវិវត្តយ៉ាងម៉េច។ ប៉ុន្ដែកុំឲ្យលេងដល់ថ្នាក់ថា ត្រូវធ្វើតេស្ដ​ទាំងអស់គ្នា មុននឹងទៅទទួលដូស​ទី ៣។ ខ្ញុំមិនមែនពេទ្យ តែឃើញអញ្ចឹងពេកដូចយ៉ាប់។ ​លឺថាដូចជាប្រធានសមាគមគ្រូពេទ្យអីផង។ ប៉ុន្ដែមិនមែនប្រធានសមាគមគ្រូពេទ្យរបស់ក្រសួង​សុខា​ភិបាលទេ។ ខ្ញុំមិនជំទាស់នឹងការបញ្ចេញមតិបែបនោះ​ ប៉ុន្ដែជឿឬមិនជឿ វាស្ថិតនៅលើ​ការ​វិនិច្ឆ័យ​​ផ្នែកវេជ្ជសាស្ដ្រតែប៉ុណ្ណឹងទេ។ សម្រាប់ខ្ញុំដែលមិនមែនជាពេទ្យ ហើយជាមេដឹកនាំ ខ្ញុំគិតថាបើតម្រូវឲ្យមនុស្ស ១៣ លាន នាក់ ដែលចាក់ដូសទី ១ ទី ២ ហើយទៅធ្វើតេស្ដ អញ្ចឹងបានសេចក្ដីថាកម្លាំងមនុស្សទាំងអស់ត្រូវធ្វើតេស្ត។

ទី៣៖ យន្តការពាក់ព័ន្ធត្រូវមានការគាំទ្រ​ និងបើកទូលាយដល់សេវាសុខាភិបាលឯកជន អនុញ្ញាតឱ្យពួកគេអាចចូលរួមយ៉ាងសកម្មនិងឱ្យបានពេញលេញ ទាំងលើការព្យបាលកូវីដ–១៩ ទាំងលើការការផ្គត់ផ្គង់ឱសថ និងទាំងលើការ​ចាក់វ៉ាក់សាំងការពារ កូវីដ–១៩ក្នុងថ្លៃសមរម្យ។ យើងជម្រុញធ្វើម៉េច​ឱ្យផ្នែកឯកជនអាចចូលរួម ព្រោះជំងឺនេះបន្តិចទៀតគេនឹងហៅផ្ដាសាយ កូវីដ។ ខ្ញុំរស់តាំងពីតូចរហូតដល់ពេលនេះបានឆ្លងកាត់ ៦៩ ​ឆ្នាំ ឥឡូវឆ្នាំ ២០២១ មែនទេ ​អញ្ចឹងខ្ញុំកើតឆ្នាំ​ ១៩៥២ មិនទាន់ដល់ ៧០ ឆ្នាំឯណា ឥឡូវយើងថា ៧០ ឆ្នាំទៅចុះ។ ផ្ដាសាយធំម្ដងៗ ពិបាកជាងស្អីទៀត។ ប្រៀបធៀបក្មេងឥឡូវដែលកើត កូវីដ-១៩ អត់ទាំងដឹងខ្លួនផង។ បន្តិចទៀតអាហ្នឹងវានៅក្នុងខ្លួនយើងហ្នឹងអត់បាត់ទៅណាទេ កូវីដ-១៩ វានៅរហូត ប៉ុន្តែវាវិលត្រឡប់ទៅដូចជារបៀបផ្ដាសាយធំអញ្ចឹង។ អញ្ចឹងបានគេរកឃើញថ្នាំព្យាបាលផ្ដាសាយធំ ថាត្រូវផឹកថ្នាំអី វីតាមីន C ស្អីៗ​។ តែប៉ុន្មានឆ្នាំចុងក្រោយនេះ ខ្ញុំអត់មានផ្ដាសាយធំទេ ហើយអាផ្ដាសាយធំនេះគ្រោះថ្នាក់ទៀត កូវីដ-១៩ អត់ទាន់ឆ្លងតាមខ្យល់ទេ ទាល់តែប៉ះគ្នាបានឆ្លង។ តែផ្ដាសាយធំតែកើតម្នាក់ក្នុងផ្ទះ មិនប៉ះគ្នាក៏ឆ្លងដែរ ឆ្លងវិលជុំ​តែម្ដង។ និយាយអញ្ចឹងមិនមែនបានសេចក្ដីថាឈប់ឱ្យប្រជាជនយើងឈប់ភ័យខ្លាចរឿង កូវីដ-១៩ ទេ។ ភ័យខ្លាចតែកុំភ័យហួសតែក៏មិនត្រូវធ្វេសប្រហែសដែរ។ វិធានការសុខាភិបាលដែលយើងដាក់ចេញទាំងប៉ុន្មានត្រូវតែអនុវត្ត។ អញ្ចឹងវិធានការអប់រំ វិធានការរដ្ឋបាលនិងវិធានការច្បាប់ទៅលើបញ្ហាហ្នឹងក៏ត្រូវអនុវត្ត។

ចំណុចទី ៤៖ សាធារណៈជនគ្រប់មជ្ឃដ្ឋាននិងគ្រប់រូបត្រូវចូលរួមប្រកបដោយស្មារតីទទួលខុសត្រូវក្នុងការអនុវត្តវិធានការបង្កានិងការពារខ្លួនពីកូវីដ–១៩ ពិសេស ៣កុំ ៣ការពារ ដែលនៅតែជាវិធានការគន្លឹះដ៏សំខាន់កាត់បន្ថយក្នុងការឆ្លងរាលដាលនៃកូវីដ–១៩។​ ខ្ញុំក៏សូមបញ្ជាក់ដែរ នេះជាចំណុចសំខាន់ដែលឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានតាមដានហើយយប់មិញនេះបានបញ្ជូនឱ្យខ្ញុំដូចជាយប់ហើយ។ ខ្ញុំចារហើយ ខ្ញុំឱ្យថតឱ្យខ្ញុំ។ ខ្ញុំចារបានឃើញនិងឯកភាពចំណុចតាមដាននៅកន្លែងនេះ អំពីការវិវត្តរបស់យើងដើម្បីយើងវាយតម្លៃ អំពីស្ថានភាពនៃជំងឺឆ្លងរាលដាលនៃជំងឺឆ្លងរាលដាល កូវីដ-១៩ ជារួម អំពីទិន្នន័យនៃអ្នកជំងឺ កូវីដ-១៩ ចូលថ្មី ដែលបានចុះបញ្ជីរាយការណ៍ដោយអាជ្ញាធរមានសមត្ថកិច្ច សរុបមានកើនឡើងជាមធ្យម ៧៧% ក្នុងអំឡុងពេលប្រមាណ ១២ ថ្ងៃ ក្រោយពីភ្ជុំបិណ្ឌ។

ប៉ុន្តែ ការកើនឡើងនេះបានថយចុះមកនៅត្រឹមជាមធ្យម ២៥% នៅក្នុងអំឡុងពេល ៥ ថ្ងៃចុងក្រោយ ដែលក្នុងនោះមួយចំនួនអ្នកចូលថ្មី ដែលសម្រាកព្យាបាលនៅផ្ទះ បានកើនឡើងពី ១៤% ដល់ ២៣%។ អញ្ចឹងបានសេចក្ដីថាចំនួនវាឆ្លង ក៏ប៉ុន្តែចូលព្យាបាល​(នៅពេទ្យតិច) ក៏ប៉ុន្តែអ្នកព្យាបាលនៅតាមផ្ទះច្រើន។ ២៖ ចំ​នួនអ្នកចូលថ្មីដែលសម្រាកព្យាបាលនៅតាមមណ្ឌលព្យាបាលបានថយចុះពី ៥៩% មកនៅ ៥២%។ ៣៖ អ្នកជំងឺថ្មីដែលចូលសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ បានថយចុះពី ២៧% មក ២៥% នៃចំនួនអ្នកជំងឺអ្នកចូលថ្មី សរុបនៅទូទាំងប្រទេស។ អញ្ចឹងបានសេចក្ដីថា អត្រាអ្នកព្យាបាលនៅតាមផ្ទះកើន អ្នកចូលមន្ទីរពេទ្យថយ បូកអ្នកអត់ឈឺ អំពីស្ថានភាពនៃអ្នកជំងឺ កូវីដ-១៩ ​កម្រិតធ្ងន់ក្នុងចំណោមអ្នកជំងឺ កូវីដ-១៩ ដែលបានចុះបញ្ជីនៅទៅទូទាំងប្រទេស មានអ្នកជំងឺដែលស្ថិតក្នុងកម្រិតធ្ងន់ធ្ងរចំនួន ៤,៥% អ្នកជំងឺដែលកំពុងប្រើប្រាស់អុកស៊ីសែនប្រមាណ ៣,៩% និងអ្នកជំងឺដែលកំពុងប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើមប្រមាណ ០,៦%។

ទន្ទឹមនេះក្នុងចំណោមអ្នកជំងឹ កូវីដ-១៩ កម្រិតធ្ងន់ដែលកំពុងសម្រាកព្យាបាលសរុបមានអ្នកជំងឺប្រមាណ ៨៤% កំពុងប្រើប្រាស់អុកស៊ីសែន និង ១៦% កំពុងប្រើម៉ាស៊ីនជំនួយដង្ហើម ចំនួនគ្រែសង្គ្រោះបន្ទាន់ ICU ​ដែលនៅទំនេរប្រចាំថ្ងៃនៅសល់មធ្យម ៤០% គឺស្មើនឹងជាង ៧០០ គ្រែ នៃគ្រែសរុបដែលយើងមានជាង ១.៦០០ គ្រែ។ យើងត្រូវតាមដានទិន្នន័យនេះ។ ចំនួនឡើងចំនួនចុះ ចំនួនអត្រាធ្ងន់ និងអត្រាស្រាល ចំនួនអ្នកចូលពេទ្យថ្មី ត្រូវតាមដានឱ្យជាប់។ បើធ្វើ​ការអត់មានទិន្នន័យទេ ស្មើនឹងដើរធ្មេចភ្នែក។ អញ្ចឹងបានជាយើងមាន​​​ការវិភាគល្អិតល្អន់ទៅលើបញ្ហាហ្នឹង។ កន្លែងខ្លះ ខាងក្រោមក៏បានផ្ដល់មតិ ឥឡូវឃើញថាបានប្ដូរពីរបៀបពីមុនខ្ញុំធ្វើជាសេនាធិការឱ្យក្រសួងសុខាភិបាល ៩៥% ឯក្រសួងសុខាភិបាលបានធ្វើសេនាធិការឱ្យខ្ញុំបាន ៥%។ ឥឡូវបញ្ច្រាសទៅវិញ ទាំងក្រសួងទាំងគណៈកម្មការប្រចាំការ បានធ្វើសេ​នា​ធិការឱ្យខ្ញុំ ៩៥% ឯខ្ញុំធ្វើសេនាធិការឱ្យវិញតែ ៥% ទេ។ សុំកោតសរសើរដែលយើងរៀបចំពង្រឹងយន្តការឆ្លើយតប។ ឱ្យតែមានការគឺចាប់ទូរស័ព្ទលេងតែម្ដង។ បើសិននៅមានអីទៀតគឺថាអត់ទេ សម្លេងរហ័សបំ​ផុតគឺមិនចាំបាច់កញ្ចក់ទូរទស្សន៍អីទេ។ Voice សម្លេងតាមទូរស័ព្ទរុញឱ្យទូរទស្សន៍គេដាក់តែរូបខ្ញុំមួយគេចាក់ផ្សាយទូទាំងប្រទេស។ លឿនជាងអីទៀត។ គេធ្វើការតាមអនឡាញ។ ជួនកាលម៉ោង ១១ យប់ហើយគឺនៅធ្វើដែរ។ បើមានសភាពការណ៍បន្ទាន់ហើយ។ នាំគ្នាបង្ហោះតាមហ្វេសប៊ុក តាមអីៗទៅ …។

រក្សាទុកទីតាំងចាក់វ៉ាក់សាំងសម្រាប់អ្នកចាក់ដូសទី ២ និងដូសទី ១ រួមទាំងកុមារអាយុ ៥ ឆ្នាំ

ខ្ញុំសុំយកឱកាសនេះបញ្ជាក់សាជាថ្មី បើទោះបីជាងយើងបិទបញ្ចប់នៅថ្ងៃនេះក៏ដោយ ក៏យើងនៅតែរក្សាទុកនូវទីតាំងចាក់វ៉ាក់សាំងសម្រាប់អ្នកដែលមិនទាន់ចាក់ដូសទី ២ បូកជាមួយអ្នកដែលមិនទាន់ចាក់ដូសទី ១ រួមទាំងកុមារអាយុ ៥ ឆ្នាំថ្ងៃនេះ កុំឱ្យឆកល្វែងឱ្យសោះ។ សុំបញ្ជាក់សាជាថ្មីម្ដងទៀតអ្នកដែលមិនទាន់បានចាក់ ត្រូវតែទៅចាក់ ហើយចាក់នៅទីណាក៏បាន ព្រោះកម្ពុជាអត់មានបែងចែកតំបន់ទេ។ អញ្ចឹងបានជាឃើញតួលេខអ្នកចាក់នៅក្រចេះ ចាក់នៅស្ទឹងត្រែង ចាក់នៅរតនគិរីអត្រាលើស ១០០% ដែលនៅភ្នំ​ពេញក៏អញ្ចឹង ដោយសារតែយើងបានកំណត់ប្រទេសមួយគឺតំបន់តែមួយទេ។ អញ្ចឹងគឺថានៅត្រង់ណាក៏ដោយឱ្យតែមកដល់ចាក់ជូន។ ប៉ុន្តែគឺធ្វើលិខិតអីឱ្យគាត់ដើម្បីគាត់ត្រឡប់មកចាក់ដូសទី ២។ ប៉ុន្មានថ្ងៃក្រោយទើបគាត់មក។ យកល្អដើម្បីងាយស្រួលសម្រាប់ប្រជាពលរដ្ឋរបស់យើង ចាក់ដូសទី ១ នៅកន្លែងណាគប្បីចាក់ដូសទី ២ នៅកន្លែងនោះ។ ឯដូសទី ៣ អាចនៅកន្លែងផ្សេង។ បើចាក់ដូសទី ១ នៅកន្លែងណាដូសទី ២ នៅកន្លែងនោះ ព្រោះត្រូវការពេលតែ ៣ សប្ដាហ៍ទេ។ កន្លែងដែលត្រូវចាក់ត្រូវតែធ្វើឱ្យបានហ្មត់ចត់។ សុំផ្ដាំផ្ញើម្ដងទៀតទៅអ្នកដែលចង់បានកូនចាក់វ៉ាក់សាំងឱ្យហើយ ចាំយកកូន អាហ្នឹងធានាសុវត្ថិភាព កុំដល់យកកូនហើយទៅចាក់វ៉ាក់សាំង។ ហ្នឹងត្រូវពន្យារពេលចាំដល់ឆ្លងទន្លេហើយ។

មានម្នាក់ចូលមកខម្មិនប្រពន្ធឆ្លងទន្លេបានពីរខែទៅចាក់វ៉ាក់សាំង។ ទៅដល់គេថា ចាំឱ្យអាជ្ញាធររៀបចំគឺថាត្រូវផ្លាស់ប្ដូរអាហ្នឹង។ ជូនទៅគ្រប់ខេត្តទាំងអស់ឱ្យបានជ្រាបហើយក៏ត្រូវមើលដែរនៅតាមមូលដ្ឋាន មានបងប្អូនខ្លះពិការមកចាក់អត់បាន មានចាស់ៗ ខ្លះមានជំងឺគាត់មកចាក់អត់បាន។ អញ្ចឹងបើគាត់មកចាក់មិនបាន យើងស្ពាយកាបូបទៅចាក់ឱ្យគាត់ដល់ផ្ទះតែម្ដងទៅ។ យើងបម្រើប្រជាជន រៀបចំម៉ូតូជិះទៅចាក់ឱ្យគាត់ដើម្បីឱ្យគាត់ទទួលបានវ៉ាក់សាំង ព្រោះអត្រាស្លាប់ដោយសារអត់បានចាក់វ៉ាក់សាំងគឺមានកម្រិតខ្ពស់ណាស់។ ក្នុងនេះបានបញ្ជាក់គិតត្រឹមថ្ងៃ ២៥ ខែតុលា ក្នុងចំណោមអ្នកស្លាប់ដោយសារ កូវីដ-១៩ ដែលមិនបានចាក់វ៉ាក់សាំងមាន ៥៩% អ្នកដែលបានចាក់វ៉ាក់សាំងចំនួនដូសទី ១ គឺមាន ៨% អ្នកដែលបានចាក់វ៉ាក់សាំងដូសទី ២ មាន ៣១% អ្នកដែលបានចាក់វ៉ាក់សាំងដូសទី ៣ មាន ២%។ លើសពីនេះ ក្នុងចំណោមអ្នកស្លាប់ដោយ កូវីដ-១៩ ទាំងអស់ រួមមានអ្នកស្លាប់ដោយសារមានប្រវត្តិជំងឺរួមផ្សំដទៃទៀត ៨១% មិនមែនដោយមូលហេតុ កូវីដ-១៩ ទេ។ បានសេចក្ដីថា ប្រភពនៃអ្នកស្លាប់ដែលជំងឺរ៉ាំរ៉ៃគឺគ្របដណ្ដប់ ៨១%។

អញ្ចឹងអត្រាស្លាប់ដោយសារ កូវីដ-១៩ ពិតប្រាកដគឺមាន ១៩% អ្នកខ្លះអាយុ ៨០ ឆ្នាំ ៩០ ឆ្នាំហើយជំងឺរ៉ាំរ៉ៃដេកកន្ទេលរាប់ឆ្នាំទៅហើយ ជំងឺបេះដូង ជំងឺថ្លើម ជំងឺក្រលៀន ស្អីសព្វគ្រប់។ នេះជាការសិក្សាមួយរបស់យើង។ យើងក៏មិនទាន់បានដឹងថាអ្នកដែលកំពុងនៅក្នុង ICU ជាងមួយពាន់នាក់នេះ អ្នកដែលមានប្រវត្តិជំងឺរ៉ាំរ៉ៃ បើទោះបីជា កូវីដ-១៩ មិនមក ក៏គង់តែគាត់ដល់ពេលវេលារបស់គាត់ …។

ថ្ងៃនេះ ជាមួយនឹងមោទនភាពចំពោះលទ្ធផលល្អប្រសើរដែលរាជរដ្ឋាភិបាលសម្រេចបានក្នុងការចាក់វ៉ាក់សាំងជូនប្រជាជន ខ្ញុំសូមប្រកាសបិទជាផ្លូវការនូវយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី ១ ដល់ប្រជាជនចាប់ពីអាយុ ៦ ឆ្នាំឡើង ក្នុងក្របខណ្ឌទូទាំងប្រទេស និងបើកយុទ្ធនាការបើកចាក់វ៉ាក់សាំងសម្រាប់កុមារអាយុ ៥ ឆ្នាំចាប់ពីថ្ងៃនេះ ហើយក៏ចាប់ប្រកាសបើកប្រទេសឡើងវិញចាប់ពីថ្ងៃនេះតទៅ។ ខ្ញុំនិយាយនេះប្រហែលជាអាចនៅសេសសល់ខ្លះទុកឱ្យអ្នកសារព័ត៌មានដើម្បីសួរ ខ្ញុំនឹងខិតខំតាមដែលអាច​ឆ្លើយបាន …។

BTV: ជាបឋមសូមគោរពវត្ដមានដ៏ខ្ពស់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី … ដែលបានអនុញ្ញាត​ឲ្យអ្នកសារព័ត៌មានបានសួរសំណួរ … នាងខ្ញុំមាន​សំណួរមួយចំនួន …​​​ ខ្ញុំចាប់អារម្មណ៍​ទៅ​លើ​ប្រសាសន៍សម្ដេចដែលបានលើកឡើងពាក់ព័ន្ធការសិក្សាទៅលើកុមារដែលមានអាយុ ៣ និង ៤ ឆ្នាំ … ក្រសួងអប់រំ យុវជន និងកីឡា ដែល​បញ្ជាក់ថា ថ្ងៃនេះ យើងបើក(សាលា) គ្រប់កម្រិត … ​ក្នុងនោះក៏មាន​មត្តេយ្យ​សិក្សា​ដែរ … (ដែល)ភាគច្រើនគឺកុមារអាយុពី ៣ ឆ្នាំ ឡើង។ ឥឡូវនេះយើងទើបចាក់ ៥ ឆ្នាំឡើង។ អញ្ចឹងសម្រាប់មត្តេយ្យសិក្សា​យើងអាចផ្អាកសិន ឬយ៉ាងម៉េច? រាជរដ្ឋាភិបាល​​អាចថានឹងដំណើរការចាក់ជូនកុមារអាយុ ៣ ឆ្នាំ ឡើងទៅក្នុងពេលឆាប់ៗទេ? ស្របពេលដែល​ប្រទេសចិន … ចាក់ពីអាយុ ៣ ឆ្នាំទៅ ហើយគុយបាគេចាក់ពី ២ ឆ្នាំ ឡើងទៅទៀតផង … នាងខ្ញុំចាប់អារម្មណ៍ប្រសាសន៍​សម្ដេចដែលបានលើកឡើងថា បើទោះ​មានដូសទី ៤ ទៀត យើងមានការចាក់បន្ដទៀត ហើយរដ្ឋាភិបាល​នឹង​មានការត្រៀមបញ្ជាទិញវ៉ាក់សាំងបន្ថែមទៀត។ តើរដ្ឋាភិបាលនឹងនៅតែបញ្ចេញថវិកា​ក្នុង​ការ​ទិញវ៉ាក់​សាំងរហូត ឬយ៉ាងណា ខណៈដែលសម្ដេចក៏ធ្លាប់បានបញ្ជាក់ជូនដែរថាយើងមានថវិកាសន្សំ ប៉ុន្ដែ … បើយើងចាយធំ យើងក៏មានការបារម្ភដែរ។ តើរាជរដ្ឋាភិបាលកម្ពុជា​មាន​​​​ការបារម្ភដែរទេ?

… សម្ដេចបានប្រកាសពាក់ព័ន្ធនឹងការបើកប្រទេសឡើងវិញពេញលេញនៅតាម​ផ្នែកនិងគ្រប់​វិស័យ … ជុំវិញការស្ដារសេដ្ឋកិច្ចកម្ពុជាឡើងវិញនេះ វិស័យសំខាន់ៗអ្វីខ្លះ ដែលរាជរដ្ឋាភិបាល​រំពឹងថា នឹងអាចធ្វើឲ្យសេដ្ឋកិច្ចរបស់កម្ពុជាយើងនឹងអាចប្រសើរឡើងវិញនៅ ក្នុងបរិបទគន្លងប្រក្រតី​ភាពថ្មី … យើងមិនចង់ឲ្យមានករណីណា​មួយកើតឡើងទេ ប៉ុន្ដែ ប្រ​សិនបើមានការផ្ទុះឡើងខ្លាំង​នៅ​ពេលដែលយើងបើកប្រទេសពេញលេញ​នេះ តើរាជរដ្ឋាភិបាលកម្ពុជាមានការគិតមុនដែរឬទេ អំពីវិធានការទប់ស្កាត់ ឬការដាក់ចេញ ដើម្បីការពារមេរោគកូវីដ១៩ ? សម្ដេចអាចបញ្ជាក់លំអិត​ជូនជនរួមជាតិបានទេ។

អរគុណសម្រាប់សំណួរនេះ។ ដំបូងពាក់ព័ន្ធចៅៗ អាយុ ៣, ៤ ឆ្នាំ នៅតាមមត្ដេយ្យ។ យើងកំពុង​សិក្សាបន្ដ។ ប៉ុន្ដែដោយសារមិនចង់រង់ចាំការសិក្សាប្រើពេលយូរ ខ្ញុំក៏សូមឲ្យបំបែកកុមារអាយុ ៥ ឆ្នាំ ចេញដំណើរមុន ​ដើម្បីផ្សាភ្ជាប់តកន្ទុយសម្រាប់កាលចូលទៅបឋមសិក្សានៅពេលដែលគេអាយុ ៦ ឆ្នាំ។ យើងនៅ​តែមិនបោះបង់ចោលការគិតគូរទៅលើកុមារដែលមានវ័យ ៣ និង ៤ ឆ្នាំ ដែលចាំបាច់​ត្រូវចាក់នោះទេ។ យើងនៅបន្ដការគិតទៅលើរឿងនេះតទៅ។ ជួនកាលយើងចាក់កុមារអាយុ ៣ ឆ្នាំ មិនបាន យើងចាក់កុមារដែលមានអាយុ ៤ ឆ្នាំ ក៏ជាលទ្ធភាពមួយដែរ ឬអាចថាមានលទ្ធភាព​ដល់ទៅ ៣ ដែលអាចកើតឡើងនៅទីនេះ។ លទ្ធភាពទី ១ គឺ លទ្ធភាពចាក់ គឺមានច្រើន ដោយសារ​ប្រទេស(ខ្លះ)គេ​ចាក់ដល់ទៅ(កុមារចាប់ពីអាយុ) ២ ឆ្នាំ ហើយវ៉ាក់សាំងផ្ដល់លទ្ធភាពឲ្យ​យើងចាក់ដល់កុមារអាយុ ៣ ឆ្នាំ។ យើងចាក់កុមារអាយុ ៣ ឆ្នាំនេះជាលទ្ធភាពទី ១។ លទ្ធភាព​ទី ២ គឺមិនចាក់(កុមារអាយុ) ៣ ឆ្នាំ តែចាក់ ចាប់ពីអាយុ ៤ ឆ្នាំ ព្រោះ(អាយុ) ៥ ឆ្នាំ ចាក់បាន ម៉េច អាយុ ៤ ឆ្នាំ ចាក់មិនបាន។ បន្ដទៅអាចរំកិលទៅអាយុ ៣ ឆ្នាំទៀត ប៉ុន្ដែលទ្ធ​ភាព ២ ដំណាក់ … ឯលទ្ធភាពទី ៣ គឺអត់ចាក់ តែជាជម្រើសមិនល្អ ព្រោះ​ចៅៗទាំងនេះត្រូវចូលមត្តេយ្យ ចៅៗទាំងនេះអាចក្លាយជាភ្នាក់ងារចម្លង ដោយសារពួកគេ​ដើរ​លេងក្បែរផ្ទះ … បន្ទាប់ទៅ គេនាំមេរោគចូលផ្ទះ។ ដូច្នេះលទ្ធភាពមិនចាក់មានតិច។ លទ្ធភាពទី ១ អាចជាលទ្ធភាព ប្រាកដជាង។ ប៉ុន្ដែដើម្បីកុំឲ្យវាយូរ យើងត្រូវ​បំបែកឲ្យ(ចាក់ក្មេងអាយុ) ៥ ឆ្នាំ ទៅមុន បន្ទាប់យើងទៅ ៣ និង ៤ ជាមួយគ្នា ឬឯទី(លទ្ធភាព) ២ បំ​បែ​ក​អាយុ ៤ ឆ្នាំ ទៅមុន អាយុ ៣ ឆ្នាំទុកក្រោយ។ ទី ៣ លទ្ធភាពអត់ចាក់ តែលទ្ធភាពនេះមានតិច។

ចំពោះបញ្ហាដូសទី ៤ យើងដឹងហើយថា យើងមានទម្ងន់ថវិកា។ យើងលំបាក ក៏ប៉ុន្ដែរាជរដ្ឋាភិបាល អាចនឹងកាត់បន្ថយការចំណាយផ្នែកដទៃ ដើម្បីយកលុយមកទិញវ៉ាក់សាំង។ យើងអាចធ្វើបាន។ ហៅថារាជរដ្ឋាភិបាលក្ស័យធន គឺនឹងមិនមានទេ។ យ៉ាងហោចណាស់ក្នុងមួយខែយើងនៅ​រកបានជាមធ្យម ៤០០ លានដុល្លារដែរ ទោះបី ២ ខែចុងក្រោយវាមិនគ្រប់ ៤០០ លានដុល្លារ ក៏វាកៀកទៅនឹង ៤០០ លានដុល្លារក្នុងមួយខែ។ ដូចនេះ រាជរដ្ឋាភិបាលមិនអាចក្លាយជា​រដ្ឋាភិបាលក្ស័យធនទេ។ ប៉ុន្ដែវាធ្វើឲ្យយើងខើចអំពីការ​វិនិយោគ ឬការចំណាយចរន្ដទៅលើផ្នែក​ដទៃ​ទៀត​ ដែលយើងត្រូវកាត់បន្ថយជាមួយការចំណាយទាំងនោះ។ ឥឡូវនេះ យើងកាត់​បន្ថយខ្លាំងណាស់​ជាមួយនឹងការជ្រើសរើសបុគ្គលិកថ្មីនៅតាមស្ថាប័ននានា ព្រោះបន្ទុកបុគ្គលិក គប្បីត្រូវរក្សាត្រឹមប៉ុណ្ណឹង ដើម្បីកុំឲ្យបន្ទុកបុគ្គលិកវាធ្ងន់។

រាជរដ្ឋាភិបាលនឹងខិតខំប្រឹងប្រែង ហើយ​ក៏មាន​ការគាំទ្រ​ពីដៃគូអភិវឌ្ឍន៍ រាប់ទាំងធនាគារអភិវឌ្ឍន៍អាស៊ី ធនាគារអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី ក៏មាន​ការគាំទ្រសម្រាប់ដំណើរការវ៉ាក់សាំងហ្នឹងដែរ។ យើងមិនទាន់បានចាយលុយ​អ្នកទាំងហ្នឹងទេ យើងមានលទ្ធភាពទៅចាយលុយនោះ។ (អាចនឹង)ចង់ចេញជាសំណួរថា តើនឹង​ចាក់​យកលុយទេ? ខ្ញុំថានៅពេលនោះ យើងសុំឲ្យបណ្ដាក្រុមហ៊ុន ដែលមានបុគ្គលិកទទួលខុសត្រូវ ខ្លួនឯងលើបញ្ហា​ចាក់វ៉ាក់សាំង សម្រាប់បុគ្គលិក កម្មកររបស់ខ្លួន អ្នកដែលមានលទ្ធភាពគេ​ចាក់​តាមការជ្រើសរើសរបស់​ខ្លួនទៅចុះ ព្រោះពេលហ្នឹងវិស័យឯកជនចាប់ផ្ដើមមានវ៉ាក់សាំងនាំចូល​ហើយខ្លះចង់បាន P’fizer, Moderna, Astrazeneca ខ្លះចង់បាននេះ ចង់បាននោះ ទុកលទ្ធភាព​ឲ្យគេចុះ។ ហោចណាស់ក្នុង​ចំណោមបណ្ដាក្រុមហ៊ុនអាចថាមនុស្សរាប់ម៉ឺននាក់ដែលនឹង​ទទួល​បានវ៉ាក់សាំង អាចនឹងទទួលខុសត្រូវ​លើ​​​វ៉ាក់សាំង​ចាក់ខ្លួនឯង សម្រាប់បុគ្គលិក កម្មករ គ្រួសារខ្លួនឯង ប៉ុន្ដែសម្រាប់ប្រជាជនក្រីក្រទូទៅ​យើងចាក់ដោយមិនបង់ថ្លៃទេ។

ពេលនេះ ជាពេលវេលា ដែលយើងត្រូវជួយប្រជាជន។ យើងធ្លាប់បានជួយមិនត្រឹមតែចាក់វ៉ាក់សាំង រកថ្នាំព្យាបាល​ពួកគាត់ សព្វថ្ងៃយើងចេញមួយខែ ៤០ លានដុល្លារ ដើម្បីចិញ្ចឹមពួកគាត់។ ​តើមានរឿងអី យើងខ្លាចអី​ត្រឹមប៉ុណ្ណឹង។ ប៉ុន្ដែ ក្រុមហ៊ុនឯកជនគិតថាពួកគាត់​អាចមានលទ្ធភាព ដើម្បីធ្វើការងារនេះ។ នៅពេលដូសទី ៤ បង្ខំឲ្យធ្វើ ខ្ញុំគិតថាពេលនោះដំណើរ​ការសេដ្ឋកិច្ចរបស់​យើង ប្រាក់ចំណូលរបស់យើងនឹងកើនឡើងវិញ។ ពេលហ្នឹងទូទាត់គា្នបានហើយ។ ពីដើមយើងរក​ពី​ ៥០០ ទៅ ៧០០ លានដុល្លារ ក្នុងមួយខែ ពេលមុនកូវីដ ១៩។ ឆ្នាំទៅយើងនៅរកបាន ៤០០ ទៅ ៥០០ លានដុល្លារ។ ឥឡូវយើងនៅរកបានជុំវិញ ៤០០ លានដុល្លារក្នុងមួយខែ។ ប៉ុន្ដែនៅពេលដែលយើងបើកសេដ្ឋកិច្ចឡើងវិញ វាធ្វើឲ្យប្រាក់ចំណូលរបស់យើងវាឡើងវិញដែរ។​ ហ្នឹងដូចថា រកស៊ី(បាន)ត្រឹមតែទិញថ្នាំ។ ខ្ញុំសូមជម្រាបក្មួយៗ និងបងប្អូនប្រជាពលរដ្ឋឲ្យបានដឹង ដែល​សន្សំប្រាក់បាន (សម្រាប់)យើងប្រើប្រាស់កន្លងទៅ ប៉ុន្មានជាង ៣៥០០ លាន នេះ អ្វីដែល ហ៊ុន សែន ចង់ធ្វើគឺផ្ទុះដូចគ្រាប់មីនអញ្ចឹង។ បានន័យថា តែក្នុងរង្វង់ប៉ុន្មានឆ្នាំ ស្ពានឆ្លងកាត់ទន្លេមេគង្គ​ ទន្លេសាប ទន្លេបាសាក់ គឺមានដាក់ពេញតែម្ដង ដោយមិនចាំបាច់ពឹងពាក់លុយបរទេស​។

ឃើញទេ យើងបោះលុយ ៤០០ លាន ដុល្លារ ទៅកំពង់សោម បោះលុយ ៤០០ លាន ដុល្លារ ទៅអគ្គិសនី យកភ្លើង ៤០០ មេហ្កាវ៉ាត់ មកដាក់ជិតទីក្រុង ព្រោះពិសោធន៍កាលពី ២០១៨ ផ្ដល់មេរៀនឲ្យយើងបានគ្រប់គ្រាន់។​​ យើងដាក់ ៤០០ មេហ្កាវ៉ាត់ ក្បែរភ្នំពេញ។ យើងបោះ​ជិត ២០០ លានទៅ សៀមរាប។ អញ្ចឹងគ្រាន់តែ ៣ កន្លែងនេះ យើងបោះ ១ ០០០ លានដុល្លារ។ អញ្ចឹង​ ស្ពានឆ្លងកាត់ទន្លេមេគង្គ យើងថាយើងធ្វើ ៥ ទៀត យ៉ាងច្រើនយើងថាឲ្យអស់ ៥០០ លានចុះ។ ស្ពានឆ្លងកាត់ទន្លេបាសាក់ ថាមួយ ៣០ ឬ ៤០ លានដុល្លារ ទន្លេសាប ៣០ ឬ ៤០ លាន។ លេង​ស្ពានបេតុង ហេដ្ឋារចនាសម្ព័ន្ធ រុញផ្លូវ ប្រឡាយទឹក ដាក់ផ្ទុះដូចមីន។ ប៉ុន្ដែ ជាអកុសលត្រូវបកយកលុយហ្នឹងមកចាយលើកូវីដ-១៩។ រឿងអញ្ចឹងបានប្រឹងសន្សំសាច់ប្រាក់ មិនមែនសន្សំយកទៅធ្វើអី។ ភ័ព្វ​សំណាងហើយដែលមានប្រាក់សន្សំហ្នឹង។ ដោយប្រាក់សន្សំម្ខាង ហើយម្ខាងទៀតយើងមានប្រភព​ផ្គត់ផ្គង់ ដែលយើងអាចទិញបាន។ ប៉ុន្ដែ បើយើងគ្មានលុយទេក៏ទិញមិនបានដែរ។ ហ្នឹងជាភ័ព្វ​សំណាង។ មិនមែនជាស្រីកញ្ជីធ្លុះក្នុងការគ្រប់គ្រងសេដ្ឋកិច្ចនោះទេ។ អ្នកខ្លះគេធ្វើឡាយសូ ថា រដ្ឋាភិបាល​ហ៊ុន សែន ជិតក្ស័យធន។ សូមឯងរង់ចាំទៅ។ បើរដ្ឋាភិបាល ហ៊ុន សែន មិនទាន់ក្ស័យ​ធនទេ ពួកឯងនៅតែឯង អញនៅតែអញអញ្ចឹង … ធ្វើនយោបាយចាំបន់ឲ្យគេក្ស័យធន ដើម្បីងាយស្រួលមកដណ្ដើម​អំណាច។

… ចំពោះដំណើរការសេដ្ឋកិច្ចខ្ញុំបាន​បញ្ជាក់ហើយថា ឧស្សាហកម្មរបស់យើងកំពុងដំណើរការធម្មតា មិនត្រឹមតែធម្មតាទេ វិនិយោគ​បន្ថែមក្នុងក្នុងឧស្សាហកម្ម ជាពិសេស​ឧស្សាហកម្មកាត់ដេរ ការនាំចេញសម្លៀកបំពាក់ ស្បែកជើង របស់យើងមានកំណើន ជាមួយនឹងការវិនិយោគថ្មី។ កសិកម្មរបស់យើងកំពុងដំណើរការពេញ​បន្ទុក។ អ្វីដែលជាចំណែកផលប៉ះពាល់ធំ គឺវិស័យសេវា ហើយក្នុងវិស័យសេវានេះទៀតសោត ផលប៉ះពាល់ក្នុងវិស័យទេសចរណ៍ ដែលធ្វើឲ្យបាត់បង់ការធ្វើ (នាំឲ្យ)បាត់បង់ប្រាក់ចំណូល​ប្រជា​ពលរដ្ឋ​ បាត់បង់ប្រាក់ចំណូលរបស់រដ្ឋផងដែរ។ អញ្ចឹង​ យើងផ្ដើមពីដំណើរការផ្នែកសេវា សេវាមួយចំនួននៅតែដំណើរការធម្មតា រាប់ទាំងគេមានផលចំណេញក្នុងដំណើរការនេះផង។ ដូចជា​ដំណើរការក្នុងបច្ចេកវិទ្យាព័ត៌មាន គេរកលុយបានកាន់តែច្រើនទៅទៀតក្នុងពេលហ្នឹង ព្រោះស្អីក៏​ត្រូវ​ប្រើតាមហ្នឹង។ សេវាធនាគារក៏មិនមានស្អីរអាក់រអួល ព្រោះឥឡូវគេចាត់ទុកទូរស័ព្ទជាកាបូបលុយ​។

ប៉ុន្ដែ សេវាកម្មផ្នែកទេសចរណ៍ ភោជនីយដ្ឋានស្អីៗមានផលប៉ះពាល់ធ្ងន់ ដែលកន្លងទៅយើងយកចិត្តទុកដាក់ជម្រុញឲ្យមានទេសចរណ៍ផ្ទៃក្នុង គឺជាផ្នែកមួយដ៏សំខាន់។ បើសិនជាទេសចរណ៍ផ្ទៃក្នុងនេះវាងើបឡើងដូចមុន កូវីដ–១៩ គឺសេដ្ឋកិច្ចរបស់យើងនឹងរាយពីទីក្រុងដល់ជនបទ។ ឥឡូវនេះដោយសារទេសចរណ៍ចេញទៅក្រៅប្រទេសអត់បាន អញ្ចឹងឱកាសល្អណាស់ ដែលប្រជាពលរដ្ឋរបស់យើងធ្វើដំណើរស្គាល់ស្រុកទេសខ្លួនឯង ដែលធ្វើឲ្យសហគម​ន៍របស់យើង ដែលមានតំបន់ទេសចរណ៍ទទួលបាននូវផលប្រយោជន៍ ប្រាក់ចំណូល ប្រជាជនយើងក៏ស្គាល់ស្រុកទេសខ្លួនឯងជាជាងទៅក្រៅប្រទេស។ ទៅក្រៅប្រទេស ដូចជាទៅត្រឹមថៃ គេឲ្យកក់លុយ ៥ ម៉ឺនដុល្លារ។ ដូច្នេះមានទេសចរណាទៅរួច។ អ្នកដែលគ្នាគ្មាន ៥ ម៉ឺនដុល្លារ មានឡានដឹកកូនដឹកចៅទៅលេង យើងបើកអាហ្នឹង។ ទេសចរណ៍ផ្ទៃក្នុង មួយឆ្នាំៗអាចមាន ៥ ឬ ៦ លាននាក់។ ច្បាស់ជាថ្ងៃហ្នឹង ថោង ខុន រាយការណ៍ហើយ ថ្ងៃសៅរ៍ ថ្ងៃអាទិត្យនេះមានចំនួនប៉ុន្មានទៅដើរលេង។ កុំមើលស្រាលវិស័យទេសចរណ៍ គេហៅឧស្សាហកម្មអត់ផ្សែង ហើយកុំមើលស្រាលទេសចរខ្មែរឲ្យសោះ។ ទេសចរខ្មែរចាយធំជាងទេសចរមកពីបរទេស ហើយហ៊ានដេកសណ្ឋាគារផ្កាយប្រាំទៀត តិចថាខ្មែរអន់។ អ្នកមកពីកំពង់សោមអត់ផ្ទះសំណាក់ ចូលដេកសណ្ឋាគារផ្កាយប្រាំ។ មើលចុះទៅក្រៅប្រទេស ទៅកន្លែងណាក៏ដោយ បើថាពេលដែលទទួលទានហើយដណ្តើមគ្នាចេញលុយ អ្នកហ្នឹងខ្មែរហើយ … ដូច្នេះពេលហ្នឹងប្រាក់ចំណូលរបស់ពួកគាត់នឹងមានកំណើន ការងារគឺមានឡើងវិញ បណ្តារោងចក្រដំណើរការធម្មតា ប្រជាពលរដ្ឋគាត់ទៅលក់ដូរក្បែររោងចក្រ និងកម្មករនៅតែបន្តមានការងារធ្វើ សេវាទ្រទ្រង់ជាអ្នកលក់ដូរ ជាផ្ទះសំណាក់ស្អីៗ នៅតែបន្តមាន។ ចំណូលរបស់យើងវានឹងកើនឡើងវិញ។

ចំណុចបន្តយើងនឹង ឈានទៅរកការបើកទេសចរណ៍សុវត្ថិភាព ឬទេសចរណ៍វ៉ាក់សាំង ដែលទាញទេសចរណ៍ពីក្រៅប្រទេសចូលមក ដែលយើងកំពុងរៀបចំផែនការលំអិតបន្តទៀត តែយើងបានរៀបចំអនុញ្ញាតឲ្យមាននៅកំពង់សោមហើយ។ ខេត្តព្រះសីហនុមុនគេ។ ដកពិសោធន៍ពីទីក្រុងព្រះសីហនុហើយ យើងឈានទៅបើកសៀមរាប ហើយអាចបើកនៅទីក្រុងភ្នំពេញ ដោយសារតែមានកន្លែងហោះហើរផ្ទាល់។ យើងនឹងអាចឈានទៅកែសម្រួល ព្រោះយើងឲ្យធ្វើចត្តាឡីស័ក ៥ ថ្ងៃ។ ប៉ុន្តែចត្តាឡីស័ករបស់គាត់មិនបាននៅក្នុងបន្ទប់ឯណា ចត្តាឡីស័កដើរលេង។ បើថា ៥ ថ្ងៃគាត់អាចទៅលេងសៀមរាប ពេលហ្នឹងគ្រប់គ្រាន់ដើម្បីឲ្យគាត់ដើរមើលប្រាសាទនានា បន្ទាប់ពីហ្នឹងគាត់ធ្វើដំណើរមកទីក្រុងភ្នំពេញ ឬទៅសំបូរព្រៃគុក។ បើគាត់ទៅក្រុងព្រះសីហនុ ៥ ថ្ងៃក្រោយគាត់ទៅកោះនេះកោះនោះ គាត់ងូតទឹកសមុទ្រ ៥ ថ្ងៃក្រោយ គាត់អាចធ្វើដំណើរមកក្រុងភ្នំពេញ ហើយឡើងយន្តហោះពីភ្នំពេញទៅប្រទេសគាត់វិញ។ អញ្ចឹងវិស័យសណ្ឋាគារក៏ដំណើរការ វិស័យអាកាសចរណ៍ស៊ីវិលក៏ដំណើរការ។ នោះហើយគឺជាការផ្តើមសេដ្ឋកិច្ចរបស់យើង។ ចំណុចដែលយើងប៉ះទង្គិចធំ មិនមែនឧស្សាហកម្ម និងកសិកម្មឯណា ហើយក៏មិនមែនបាត់បង់ EBA ២០% ដែរ … កុំអ្នកខ្លះអីក៏ EBA ខ្ញុំសុំនិយាយមិន​ស្លាប់ដោយសារ EBA ២០% នោះទេ ឥឡូវផ្ទុយទៅវិញសង្វាក់ផ្គត់ផ្គង់ ប្រេស៊ីលក៏ផ្គត់ផ្គង់មិនបាន បង់ក្លាដេសក៏ផ្គត់ផ្គង់មិនបាន វៀតណាមក៏ប៉ះពាល់ មីយ៉ាន់ម៉ាក៏ប៉ះពាល់ បែរជាវិលមកទិញនៅស្រុកខ្មែរ។ បានខ្មែរតែប៉ុន្មានខែនេះដាក់រោងចក្រប៉ុន្មានទៅ។ នេះជាតម្រូវការទីផ្សារ មិនមែនជាតម្រូវការនយោបាយដែលអ្នកឯងដាក់ទណ្ឌកម្ម EBA ដកប៉ុណ្ណេះប៉ុណ្ណោះ។ អ្នកឯងតំឡើងពន្ធពីខ្ញុំ ប្រជាជនអ្នកឯងក៏រងគ្រោះដែរ ធ្លាប់តែទិញ ១០០ ដុល្លារ ដល់ឥឡូវថែម ២០ ដុល្លារទៀត ឡើង ១២០ ដុល្លារ។ អញ្ចឹងប្រជាជនអ្នកឯងអ្នករងគ្រោះតើ។ កុំមកនិយាយរឿងការគៀបសង្កត់អីមកលើរដ្ឋាភិបាល ហ៊ុន សែន។

ម្យ៉ាងទៀត យើងចុះហត្ថលេខាជាមួយចិន យើងចុះហត្ថលេខាជាមួយកូរ៉េខាងត្បូង ដែលខែមករាខាងមុខនេះ ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ត្រូវចូលជាធរមាន បន្ទាប់ពីសត្យាប័ននៃបណ្តាប្រទេសអាស៊ាន និងដៃគូ។ ទីផ្សាររបស់យើងកាន់តែបើកទូលាយ។ យើងខិតខំផលិត ដើម្បីនាំចូលទៅកាន់ទីផ្សារទាំងនោះ កែច្នៃធ្វើម៉េចឲ្យផលិតផលរបស់យើងប្រកួតប្រជែងបានលើទីផ្សារអន្តរជាតិ។ អ្នកណាគេចង់ថាម៉េចថាទៅ។ ក៏ប៉ុន្តែកម្ពុជាគឺបែបហ្នឹងឯង។ ​និយាយម្តងហើយម្តងទៀត មិនអាចយកអធិបតេយ្យជាតិទៅដោះដូរជាមួយជំនួយ ឬក៏អីទាំងអស់ រឿង​នេះដាច់ខាត។

យើងត្រូវរៀនរស់ជាមួយនឹង កូវីដ-១៩។ ដំណើរការសេដ្ឋកិច្ចរបស់យើងឡើងវិញ។ បានបញ្ជាក់ហើយ វិស័យធំៗ គឺមានវិស័យកសិកម្ម ឧស្សាហកម្ម និងសេវា ប៉ុន្តែក្នុងហ្នឹងក៏មានវិស័យសំណង់ដែរ។ សំណង់ខ្ញុំបានសួរទៅបណ្តាក្រុមហ៊ុនសំណង់ គេនៅតែសាងសង់ ផ្ទះក៏នៅតែលក់ដាច់។ ឥឡូវល្អត្រង់អញ្ចេះទៀត … ពីមុនខ្មែរមានលុយ ខ្មែរយកទៅដាក់នៅក្រៅប្រទេស មិនអញ្ចឹង។ ឥឡូវនេះយកទៅដាក់នៅធនាគារក្រៅប្រ​ទេសអត់បានទេ តាមព័ត៌មានពីសមាគមធនាគារ សាច់ប្រាក់ដែលធនាគារកំពុងមានសព្វថ្ងៃ ៣៧ ពាន់លាន ខ្វះអ្នកខ្ចីទៀត។ អញ្ចឹងអ្នកមានលុយបច្ចុប្បន្នអត់មានយកទៅវិនិយោគនៅស្រុកក្រៅដូចជំនាន់មុនទេ យកលុយទៅទុកក្រៅ គេអត់យកលុយចូលស្រុក។ អញ្ចឹងលុយហ្នឹងវាទៅណា គេដាក់នៅក្នុងធនាគារ ចរន្តចរាចរណ៍ក្នុងស្រុក។ មនុស្សខ្លះទៀតទិញផ្ទះទុក។ អញ្ចឹងបានជាគម្រោងមួយនៃអ្នកទិញផ្ទះ ព្រោះគេទិញផ្ទះទុក ខ្លះគេទិញទុក ដើម្បីគេតំឡើងថ្លៃគេលក់។ គេទិញមួយឆ្នាំទៅ មួយឆ្នាំក្រោយគេលក់។ គេបានចំណេញ។ ប៉ុន្តែខ្លះទៀត គេសំឡឹងថា គេមានកូន ៥ គេទិញឲ្យហើយ ដើម្បីចែកឲ្យកូនគេ។ អញ្ចឹងវាល្អសេដ្ឋកិច្ច សំណង់នៅតែបន្ត។ ការពិតនៅក្នុងរយៈពេលនៃដំណើរការសេដ្ឋកិច្ចក្នុង កូវីដ-១៩ ក្រុមហ៊ុន ជីប ម៉ុង, ប៉េង ហ៊ួត, ពិភពថ្មី និងបណ្តាសំណង់ដទៃទៀត គឺកំពុងសាងសង់បន្តអត់មានថ្ងៃឈប់ ខ្វះទាំងកម្មករទៀត …។

ឥឡូវនិយាយពីបញ្ហាទាក់ទិនថាបើមានហេតុការណ៍កើតឡើង ខ្ញុំគិតថារឿងករណីនេះត្រូវតែចងចាំ បន្ទាប់ពី កូវីដ-១៩ មិនដឹងថាមានអីណាផ្សេងទៀតទេ។ យើងប៉ាន់ស្មានអត់ត្រូវទេ។ ជួនកាល កូវីដ-១៩ វាថមថយទៅ ទៅជាផ្តាសាយ កូវីដ-១៩ … ស្រាប់តែវាចេញអីមួយណាមកទៀត។ ពេលហ្នឹងយើងនឹងពិនិត្យ ដើម្បីប្រ​កាន់យកឥរិយាបថឆ្លើយតបរបៀបណា។ អញ្ចឹងបានជានៅទីនេះ អម្បាញ់មិញនិយាយតែរឿងបញ្ហាថាក្នុងករណីតែវាបែបហ្នឹង យើងផ្តល់ជាអនុសាសន៍ហើយ ឧទាហរណ៍ថាផ្សារមួយឆ្លងម្នាក់ ២នាក់ ឬ ៤ ឬ ៥ នាក់ កុំចាំបាច់បិទផ្សារទាំងមូល បើសិនជាក្នុងស្ថានភាព។ ប៉ុន្តែឧទាហរណ៍ថាស្រាប់តែកើតរោគមួយកើតឡើង ឲ្យតែប៉ះគ្នាភ្លាមប្រកាច់ៗដួលភ្លាម អាហ្នឹងចាំបាច់ត្រូវ lockdown កុំឲ្យមនុស្សដើរចេញហ្មង ព្រោះដើម្បីការពារជីវិតប្រជាជន ប៉ុន្តែជំងឺអស់នេះប្រហែលមិនទាន់កើតទេ។ នេះខ្ញុំបញ្ជាក់ប៉ុណ្ណឹងទៅចុះ។

Fresh News៖ … ជាបឋមខ្ញុំបាទសុំគោរពថ្លែងអំណរគុណសម្តេច និងមានមោទនភាពក្រៃលែងចំពោះការដឹកនាំរបស់សម្តេច ធ្វើឲ្យកម្ពុជាអាចគ្រប់គ្រងស្ថានភាព កូវីដ-១៩ ល្អប្រសើរដូចពេលបច្ចុប្បន្ននេះ … សុំសម្តេចជួយចែករំលែកថា តើក្នុងនាមជាមេដឹកនាំមួយរូប ការសម្រេចចិត្តសំខាន់កម្រិតណា ហើយមានមូលដ្ឋានអីខ្លះ ដើម្បីធ្វើឲ្យការសម្រេចចិត្តឈានទៅរកភាពជោគជ័យលើការគ្រប់គ្រងស្ថានការណ៍ទាំងឡាយ ជាក់ស្តែងដូចជាការគ្រប់គ្រងស្ថានភាព កូវីដ-១៩ នេះ?

… សំណួរមួយទៀត ​… (សូម)សម្តេចជួយបញ្ជាក់បន្តិចថា មកដល់ពេលនេះ តើរាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិកាសរុបប្រហែលជាប៉ុន្មានហើយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ-១៩ ទាំងការចំណាយលើចរន្តផ្សេងៗ ក៏ដូចជាការឧបត្ថម្ភទៅដល់ជនងាយរងគ្រោះ ក៏ដូចជាកម្មករ កម្មការិនីអីជាដើមសម្តេច។

ចុងក្រោយ … សិស្សដែលត្រូវប្រឡងថ្នាក់ទី ១២ ធ្វើសំណូមពរសុំសម្តេច … ថាការរៀនរបស់ពួកគាត់ហាក់ជួបបញ្ហាច្រើនក្នុងអំឡុងនៃការរាតត្បាតនៃជំងឺ កូវីដ-១៩ … គាត់ចង់សំណូមពរសម្តេច តើអាចមានការអនុគ្រោះឲ្យគាត់ជាប់ដោយស្វ័យប្រវត្តិដូចឆ្នាំទៅទៀតដែរឬទេ?សម្តេចបាទ។ សុំគោរពអរគុណសម្តេច។

ចម្លើយ៖ អរគុណសម្រាប់សួរថាតើផ្អែកលើមូលដ្ឋានអ្វីខ្លះ។ ចង់និយាយបែបនេះ។ ដើម្បីធ្វើការសម្រេចចិត្តអ្វីមួយ ជារឿងសំខាន់ណាស់សម្រាប់ធ្វើមេដឹកនាំគេ។ មិនថាធ្វើមេដឹកនាំសម្រាប់ប្រទេសមួយទេ សូម្បីតែក្នុងគ្រួសារមួយ ក៏ត្រូវតែយកចិត្តទុកដាក់ ព្រោះការសម្រេចចិត្តវានាំមកនូវផលល្អ ផលអាក្រក់ សម្រាប់ក្រុមគ្រួសារ​មួយ។ ការគ្រប់គ្រងក្នុងកម្រិតណាមួយ វាអាចនាំមកនូវផលវិបាក ឬផលចំណេញសម្រាប់ទីកន្លែងនោះ។ បើមេដឹកនាំប្រទេសវាកាន់តែសំខាន់ជាងទៀត ដើម្បីធ្វើការសម្រេចចិត្តឲ្យត្រឹមត្រូវ។ ផ្តើមចេញត្រូវយល់ឲ្យអស់នូវកត្តាសភាពការណ៍ទាំងអត្តនោម័តិ និងសត្យានុម័ត នេះជាបញ្ហាធំសំខាន់។ ក្នុងមួយជីវិតរបស់ខ្ញុំនេះ អាចថាខ្ញុំបានសម្រេចចិត្តលើបញ្ហាធំៗជាច្រើន ដែលទាក់ទងនឹងជីវិតខ្ញុំផង និងទាក់ទងនឹងជីវិតរបស់ជាតិផង។

បើទោះបីពេល(មួយ)នោះ ខ្ញុំទើបមានវ័យ ២៥ ឆ្នាំ (ការសំរេចចិត្តថា)តើខ្ញុំគួរធ្វើម៉េចដើម្បីរំដោះប្រទេសនេះ ប្រជាជននេះចេញពីរបបប៉ុលពតបាន? ផ្តើមចេញពីអី? ត្រូវវាយតម្លៃសភាពការណ៍ ហើយជំហានត្រូវបោះរបៀបម៉េច? ខ្ញុំបានធ្លាប់និយាយហើយថាខ្ញុំមានជម្រើស ឬមួយកម្លាំងនៅក្នុងដៃវាយតែម្តង នេះជាជម្រើសទី ១។ ជម្រើសទី ២ គឺការចាកចេញ ដឹកនាំការតស៊ូសាជាថ្មី ជម្រើសទី ៣ គឺទុកឲ្យពួកខ្មែរក្រហមចាប់យកទៅសម្លាប់ ដោយមិនបាច់ធ្វើអី។ ឯជម្រើសទី ៤ គឺធ្វើអត្តឃាតខ្លួនឯង។ ទីចុងបំផុតខ្ញុំយកជម្រើសទី ២ រៀបចំការតស៊ូ ដែលនាំទៅដល់ការរំដោះប្រទេស។ ទាំងអស់នេះវាផ្តើមចេញពីការវាយតម្លៃសភាពការណ៍ ថាពួក ប៉ុល ពត វាកែឬមិនកែ។ វាមិនកែ។ យើងតស៊ូរបៀបណាទើបអាចទៅរួច។ កម្លាំងមាននៅក្នុងដៃរាប់ពាន់នាក់។ វាយបាន។ ក៏ប៉ុន្តែវាយហើយឈ្នះឬចាញ់ វាមិនអាចទៅរួច។

កូវីដ-១៩ ក៏អញ្ចឹង។ ទាមទារនូវការវាយតម្លៃច្បាស់។ ខ្ញុំមានមោទនភាពដោយសារយន្តការរបស់រាជរដ្ឋាភិបាល ដែលមានក្រសួងសុខាភិបាលជាសេនាធិការ និងផ្នែកពាក់ព័ន្ធផ្សេងទៀតចូលរួម វាយតម្លៃបានត្រឹមត្រូវនូវសភាពការណ៍នោះ។ យើងមិនមែនធ្វើការដោយម្នាក់ឯងនោះទេ។ យើងត្រូវមានធាតុចូលគ្រប់គ្រាន់។ ចំណុចនេះសំខាន់ណាស់។ បើយើងធ្វើការដោយគ្មានការសិក្សា គ្មានទិន្នន័យក្នុងដៃ គ្មានស្អីក្នុងដៃ អ្នកខ្លះគិតថាកម្ពុជា ឬនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹកឃើញអីធ្វើហ្នឹង។ ហ្នឹងរឿងរបស់អ្នកឯង តែរឿងរបស់ខ្ញុំ សហការីរបស់ខ្ញុំគេមានការងាររបស់គេ ដែលត្រូវផ្តល់។ ខ្លះគ្នាអត់បានដេក អត់បានពួនទេ ដើម្បីវាយតម្លៃឲ្យត្រូវ។ អញ្ចឹងក្នុងស្ថានភាពហ្នឹងវាយតម្លៃខាងក្នុងយ៉ាងម៉េច ទិសដៅយ៉ាងម៉េច ការវិវត្តយ៉ាងម៉េច​។ សូម្បីតែវ៉ាក់សាំងហ្នឹង ប្រទេសប៉ុន្មានហើយដែលចាប់យករបៀបខុស ដែលមកដល់ម៉ោងនេះមានលុយហើយទិញមិនបាន ក្នុងពេលដែលកម្ពុជាជាប្រទេសមួយដ៏ក្រីក្រ ប្រព័ន្ធសុខាភិបាលទន់ខ្សោយ បែរជាអត្រាគ្របដណ្តប់ឡើងលើស ៨៥%។

នេះដោយសារយើងសិក្សាថា បើយើងទៅពឹងប្រទេសនេះច្បាស់ជាទៅមិនរួច យើងពឹងប្រទេសនោះបាន​។​ អញ្ចឹងយើងកំណត់យកគោលដៅឧទាហរណ៍ យកចិនធ្វើជាបង្អែកយុទ្ធសាស្រ្តក្នុងការផ្គត់ផ្គង់វ៉ាក់សាំង ឯប្រភពដទៃទៀតជាប្រភពគាំទ្រ។ ផ្តើមចេញពីអី? ផ្តើមចេញពីយើងសិក្សាមើលតួអង្គផ្សេងៗដែលជាដៃគូរបស់យើងជួយស្ថាបនា។ សូម្បីតែអម្បាញ់មិញ ដែលខ្ញុំគិតថាគប្បីយកពី Sinovac ៣ លានដូសទៀត ផ្តើមចេញពីហេតុផលនៃការសន្យាដែលមិនអាចដឹងថាបានមកដល់ពេលណា? បើមិនអញ្ចឹងធ្វើឲ្យកម្ពុជាខ្វះវ៉ាក់សាំង។ មិនអាចទៅ(តាមជំរើស)ហ្នឹងបានទេ។ ទ័ពក៏ដោយនៅពេលដែលខ្ញុំបញ្ជាប្រយុទ្ធ ខ្ញុំមិនអាចឲ្យទាហានអត់បាយ ឲ្យកងទ័ពខ្វះគ្រាប់នោះទេ។ នេះវាដូចគ្នា។ ឲ្យពេទ្យស្លៀកខោអាវពេទ្យ អត់មានវ៉ាក់សាំង ធ្វើពេទ្យធ្វើអ្វី? ហើយទៅបន្ទោសក្រសួងសុខាភិបាល បន្ទោសខ្លួនឯងទើបត្រូវ។ នេះជាការចែករំលែកបទពិសោធន៍។ អ្វីក៏ដោយកើតចេញពីការវាយតម្លៃសភាពការណ៍ត្រូវ ទើបដាក់ចេញនូវវិធានការត្រូវ …។

ចំណុចទី ២ នៃការចំណាយរួចមកហើយ យើងចំណាយទាល់តែសួររដ្ឋមន្រ្តីហិរញ្ញវត្ថុឆ្នាំទៅចំណាយ ៨២១ លានដុល្លារ ឥឡូវចាយអស់ ៩២០ លានដុល្លារ ទម្រាំដល់ឆ្នាំថាចាយអស់ ១.៥០០ លានដុល្លារ។ បើអញ្ចឹងយើងចំណាយក្នុងប្រមាណជាង ២.០០០ លានដុល្លារ ដែលយើងចាយដើម្បីគ្រប់គ្រងសភាពការណ៍។ ឥឡូវគិតមើល ខ្ញុំមិនអាចឲ្យប្រជាជនទៅសម្រាកនៅមន្ទីរពេទ្យ ស៊ីអត់ ស៊ីឃ្លាននោះទេ បាយ ៣ ពេលពេញ។ បងប្អូនខ្លះគាត់មានមូលហេតុគាត់ដែរ គាត់ព្យាបាលនៅផ្ទះ។ គាត់ទៅកន្លែងហើយ គាត់បានទទួលទានឆ្ងាញ់ ហើយបំប៉នគាត់បានខ្លាំង គាត់ឆាប់ជា គាត់ប្រញាប់ទៅផ្ទះវិញ វាចំណេញច្រើនណាស់។ ហោចណាស់នៅភ្នំពេញ ថ្លៃជាងនៅតាមខេត្ត។ តាមខេត្តដូចមួយថ្ងៃ ៣ ម៉ឺន … ខ្ញុំមិនអាចឲ្យប្រជាជនរបស់ខ្ញុំដែលខ្ញុំមានការទទួលខុសត្រូវ ទៅដល់មន្ទីរពេទ្យហើយរកតែបាយទទួលទានមិនបាន(នោះទេ)។ ភរិយាខ្ញុំគាត់ធ្វើដល់កម្រិតប៉ុណ្ណេះ ដូងមានប៉ុន្មាន គាត់កាប់ដូងហើយ គាត់បកអី ផ្ញើមកតាមមន្ទីរពេទ្យ ឲ្យពេទ្យហ្នឹងមានកម្លាំងធ្វើការ។ ក្រុមពេទ្យស្ម័គ្រចិត្ត TYDA នេះ ក្រុមពេទ្យ(នៅមន្ទីរពេទ្យ)រុស្ស៊ីនេះ បើយើងដឹងថាពេទ្យគ្នាពិបាក យើងត្រូវបង្កើនឲ្យពេទ្យ។

បើនិយាយដល់កន្លែងហ្នឹងយើងឃើញថាខ្ញុំសប្បាយចិត្តណាស់សូម្បីតែព្រះករុណា សូម្បីតែហ្លួងម៉ែព្រះអង្គតែងតែពិនិត្យមើល ហើយព្រះអង្គតែងតែជួយ ហើយរឿងអីដែលរាជរដ្ឋាភិបាលធ្វើមិនជោគជ័យ បើនាយករដ្ឋមន្រ្តីដែលព្រះអង្គតែងតាំង ហើយបើព្រះអង្គមិនគាំទ្រនាយករដ្ឋមន្រ្តី ធ្វើម៉េចយើងធ្វើកើត? ប៉ុន្តែដោយសារមានការលើកទឹកចិត្តពីព្រះមហាក្សត្រ គាំទ្រពីព្រះមហាក្សត្រ ការលើកទឹកចិត្តពីហ្លួងម៉ែ។ នាយករដ្ឋមន្រ្តីធ្វើការងារជាមួយសហការីរបស់ខ្លួនសាច់មួយឈាមមួយអត់មានដើរខ្ទាស់គ្នាទេ។ ពិតមែនហើយនៅពេលដែលខ្ញុំនិយាយថាដំណាក់កាលមួយគឺខ្ញុំធ្វើសេនាធិការ ៩៥ ភាគរយ ឯក្រសួងធ្វើសេនាធិការ ៥ ភាគរយ តែអាហ្នឹងវាទៅវិញទៅមក។ ដំណាក់កាលហ្នឹងយើងរៀនធ្វើការជាមួយគ្នា។

ឥឡូវហ្នឹងយើងបានត្រៀម។ អម្បាញ់មិញហ្នឹងគឺខាង BTV កញ្ញា រក្សា បានលើក តើបានត្រៀមអ្វីខ្លះ? ខ្ញុំបានលើកឡើងហើយខាងលើ ឥឡូវហ្នឹងខ្ញុំចង់បញ្ជាក់បន្ថែមមន្ទីរពេទ្យត្រូវបានពង្រឹងតាមខេត្តហើយមានមន្ទីរពេទ្យតាមភូមិភាគ ដើម្បីចៀសវាងការដឹកជំងឺឆ្ងាយដូចជាយើងរៀបចំនៅបាត់ដំបង និងសៀមរាប។ បើសិនជាយើងរុញអ្នកជំងឺពីបាត់ដំបងទម្រាំមកដល់ភ្នំពេញ ដាច់ខ្យល់ងាប់បាត់ហើយ។ សៀមរាបក៏អញ្ចឹង។ កន្លែងផលិតអុកស៊ីត្រូវមាននៅតាមខេត្ត។ ឥឡូវនេះយើងត្រៀមសម្រាប់ការព្យាបាលមនុស្សទិញថ្នាំដែលគេថាប្រសិទ្ធភាពរបស់អាមេរិកសម្រាប់ ៥ ម៉ឺននាក់។ ៥ ម៉ឺននាក់គ្រាន់តែជំហានទី ១ ទេ។ អញ្ចឹងការចំ​ណាយរបស់យើងដែលបានចាយទៅហើយ តួលេខនេះគឺល្មម។ ឆ្នាំនេះអាចចេញដល់ទៅ ១.៥០០ លាន ឆ្នាំទៅអស់ ៨០០ លាន។ ឥឡូវយើងគិតលេខគត់ចុះ វា ២.៣០០ លានដុល្លារហើយ។ ហ្នឹងថារដ្ឋាភិបាល ហ៊ុន សែន ជិតក្ស័យធន ថាទៅ ប៉ុន្តែប្រាក់ចំណូលយើងនៅតែមាន ប្រាក់ខែគ្រាន់ថាសុំអង្វរកមន្រ្តីរាជការ​ កងកម្លាំងប្រដាប់អាវុធ ប្រាក់ខែឆ្នាំ ២០២០ ឡើង ២០២១ មិនបានឡើង ២០២២ អត់បានឡើង។ ហ្នឹងមួយទៅ។ មួយទៀតមន្រ្តីរាជការកុំអាលរើស។ តែចូលមកគឺមកទទួលទានប្រាក់នេះហើយ សន្សំប្រាក់ដើម្បីដោះស្រាយកូវីដ-១៩ សិន។

យើងក៏ត្រូវបំប៉នគ្រូពេទ្យរបស់យើងក្នុងការប្រយយុទ្ធជាមួយនឹងកូវីដ-១៩ ទាំងអ្នកយកសំណាកស្អីៗ ក៏ដេកពួនមិនបានប៉ុន្មាន មើលទៅគ្រូពេទ្យ បើទោះបីជាគ្រូពេទ្យហ្នឹងការហើយក៏គ្មានកូនដែរ ព្រោះវាអត់ជួបគ្នា។ អនុញ្ញាតឲ្យជ្រើសរើសថែមគ្រូពេទ្យ ៤.២០០ នាក់ ព្រោះវាចំជំនាញដែលយើងត្រូវការបង្កើនកម្លាំងគ្រូពេទ្យ ហើយពេលហ្នឹងហើយដែលគ្រូពេទ្យយើងចាប់មានពិសោធន៍ក្នុងការប្រយុទ្ធជាមួយនឹងកូវីដ-១៩ ហើយទ្រាំទ្រ។ ពីមុនគេតែងតែជេរពេទ្យ តែតែងចម្រៀងសរសើរពេទ្យ គេហៅកងទ័ពអាវស កាលពីមុនគេជេរពេទ្យ ប៉ុន្តែពេលទឹកដល់ច្រមុះនេះ គេនាំគ្នាសរសើរពេទ្យ ពលីកម្មរបស់គ្រូពេទ្យ។ រឿងហ្នឹងជារឿងពិត។ ខ្ញុំធា្លប់និយាយថា បើយកប្រពន្ធកុំយកពេទ្យ ហើយបើថាយកប្តីកុំយកប្តីពេទ្យ ព្រោះខ្ញុំមានពិសោធន៍។ ប្រ​ពន្ធខ្ញុំជាពេទ្យឆ្មប យូរៗបានជួបប្រពន្ធម្តង។ ក្មេងវាកើតម៉ោង ៣ ភ្លឺ។ វាមិនដែលចាំស្អី។ ដល់និយាយអញ្ចឹង​ពេទ្យគេចង់បានគ្រូពេទ្យក្រមុំ ឬក៏កូនស្រីខ្លះគេទុកឲ្យគ្រូពេទ្យទៅទៀត។

និយាយពីរឿងប្រឡង។ ខ្ញុំដឹងចូលមកខម្មិននៅក្នុងហ្វេសប៊ុករបស់ខ្ញុំ ប៉ុន្តែខ្ញុំមិនឆ្លើយ។ សូមសម្តេចតា សូមសម្តេចពុកធ្វើម៉េចឲ្យជាប់ជាស្វ័យប្រវត្តិ ហើយខ្ញុំសុខចិត្តប្រឡងចូលមហាវិទ្យាល័យតាមមុខវិជ្ជា។ ឱចៅៗអើយ! បើគិតតែពីឡើងថ្នាក់ហើយអត់ចេះ តើយើងទៅធ្វើអ្វី? អញ្ចឹងអត់ទេ សូមរៀបចំឲ្យមានការប្រ​ឡង។ ឆ្នាំទៅមានហេតុមានផលដោយសារយើងបានរៀនច្រើន ហើយយើងអាក់ខានក្នុងតែមួយរយៈទេ។ ពេលហ្នឹងយើងចាត់តាំងប្រឡងវាអត់កើត។ ប៉ុន្តែ កូនសិស្សគេបានរៀន តែយើងចាត់តាំងប្រឡងអត់កើត ព្រោះវាផ្ទុះអាព្រឹត្តិការណ៍សហគមន៍ អញ្ចឹងបានជាយើងផ្អាកការប្រឡង។ យើងក៏ចាប់ផ្តើមអនុញ្ញាតឲ្យជាប់ទាំងអស់គ្នា តែគ្មាននិទ្ទេស។ ឥឡូវសុំរឿងហ្នឹងដែលខ្លួនបានរៀនតិចតួចវាត្រូវប្រឡង។ បើមិនចេះត្រូវប្រឹងរៀនដើម្បីបានទៅប្រឡង។ បើប្រឡងមិនជាប់ឆ្នាំហ្នឹងទេ ឆ្នាំក្រោយរៀនប្រឡងទៀតទៅ។ បើគិតតែមកស្នើសុំសម្តេចតា សម្តេចពុកជួយឲ្យជាប់ដោយស្វ័យប្រវត្តិទៅ វិស័យអប់រំទៅធ្វើម៉េច?

ឥឡូវប្រឹងបើកសាលា ហើយបើអាចពន្យារបាន ឧបមាថាពន្យារពេលបន្តិចមុននឹងប្រឡងអាហ្នឹងអាស្រ័យលើរដ្ឋមន្រ្តីក្រសួងអប់រំទេ។ ប៉ុន្តែយោបល់ខ្ញុំគួរតែត្រូវបានថាពន្លឿនការរៀនដោយផ្ទាល់នេះឲ្យបានច្រើន ដើម្បីឈានទៅរកការប្រឡង។ មិនអាចឆ្នាំណាក៏ជាឆ្នាំទារជាប់ ក្លាយជាទម្លាប់មួយ។ ឆ្នាំទៅគឺករណីកូនសិស្សបានរៀនស្ទើរតែពេញកម្មវិធី តែចាត់តាំងប្រឡងវាមិនបាន។ យើងពិភាក្សាគ្នាថាជាប់ទាំងអស់គ្នាទៅតែគ្មាននិទ្ទេស។ ឆ្នាំនេះសិស្សរៀនបានតិចណាស់។ ឥឡូវឧទាហរណ៍ បើឲ្យជាប់ ប្រឡងមហាវិទ្យាល័យ​ម៉េច បើមុខវិជ្ជាថ្នាក់ទី ១២ ដែលជាថ្នាក់ចុងក្រោយអត់ទាំងចេះផង។ ទៅប្រឡងចូលមហាវិទ្យាល័យយ៉ាងម៉េច? វាអត់ជន្ទល់ អាហ្នឹងធ្វើផ្ទះបាក់សសរ។

អញ្ចឹងទេ ក៏សុំផ្តាំផ្ញើក្មួយៗចៅៗទៅចុះ សុំការយោគយល់ នេះដើម្បីជីវិតរបស់យើងទេ មិនមែនអ្នកណាផ្សេងទេ ព្រោះមិនមែនតាអ្នកទៅប្រឡងឯណា តាវាដល់រសៀលហើយមិនទាន់ដល់ថ្ងៃលិចទេ វាទើបនឹងរសៀលទេវាជ្រេបន្តិច។ អ្នកដទៃកុំនឹកស្មានថា ហ៊ុន សែន ងាប់ក្នុងរង្វង់មួយឆ្នាំទៅ ២ ឆ្នាំអីទៀតនោះគិតតែខ្លួនឯងទៅ។ ប្រយ័ត្ន ហ៊ុន សែន ជួយធ្វើបុណ្យឲ្យវើយ អ្នកប្រមាថ ហ៊ុន សែន នោះ។ ជាអនាគតចៅៗ ទេ ចំណេះចៅៗទេ។ បើចៅៗអត់ចេះ គ្រាន់តែយកសញ្ញាបត្រអ្នកណាគេយកធ្វើអី? អញ្ចឹង មេត្តាសុំកុំចូលមកខម្មិនថាសុំជាប់។ ឆ្លើយអីក៏មិនឆ្លើយ ថ្ងៃហ្នឹងមានសំណួរហ្នឹង។ ប្រុងតែនិយាយដែរ ប៉ុន្តែវាភ្លេចទៅ អម្បាញ់មិញ។ បាន(លោក វ៉ាន់) សារាយ ដាក់សំណួរមក បានអំពាវនាវ។ នាំគ្នារៀន។ ឥឡូវបើកចាប់ពីហ្នឹងទៅ សាលាអត់មានត្រូវបិទទេ។ បើមានកូវីដ-១៩ ១ នាក់ ឬ ២ នាក់ ឬច្រើនជាងហ្នឹង យកអ្នកហ្នឹងទៅព្យាបាលសាលានៅតែបន្តបើកតទៀត។ រៀនគួររៀនអីរៀនបន្តទៀតទៅ។ អនឡាញបានក៏អនឡាញទៅ។ អនឡាញវាមិនដូចអ្វីដែលរៀនផ្ទាល់ទេ។ ប៉ុន្តែ យើងវាគ្មានជម្រើស។ អញ្ចឹងទេ តាមអនឡាញ ចៅរបស់ខ្ញុំរៀនតាមអនឡាញបាយជាមួយគ្នា។ ដល់យើងនិយាយ គ្នាយក iPad ចេញទៅក្រៅដើម្បីតជាមួយគ្រូ។ ដល់ថ្ងៃក្រោយមកដឹងពិសោធន៍ ឯណាបាយផង ឯណារៀនតាមអនឡាញផង។ តាមអនឡាញអាធុនហ្នឹងតើចៅ។ គេទៅតែផ្ទះខ្ញុំ មាន iPad មួយម្នាក់ៗ គេចូលតាមបន្ទប់រៀងៗខ្លួន។ គេរៀន ប៉ុន្តែពេលខ្លះរៀនចំម៉ោងបាយ មកបាយជាមួយយើង ដល់យើងនិយាយខ្លាំងក្រែងលោឮដល់គ្រូ យក iPad ចេញទៅក្រៅ។

អញ្ចឹងជាថ្មីម្តងទៀតអំពាវនាវមាតា បិតា អាណាព្យាបាល ក៏ដូចជាសិស្សានុសិស្សដែលជាចៅៗសុំខិតខំរៀនសូត្រ ហើយសុំកុំឲ្យមានការសុំជាប់ដោយស្វ័យប្រវត្តិ ត្រូវតែខិតខំរៀនសូត្រ ហើយសុំឲ្យត្រូវតែចាត់តាំងមានការប្រឡងដោយត្រឹមត្រូវ អញ្ចឹងខ្ញុំគិតថាប៉ុណ្ណឹងបានហើយ យើងវាច្រើនម៉ោង។

ឥឡូវអ្នកណាថា ហ៊ុន សែន ជិតងាប់? ៤ ម៉ោង ៣០ នាទី ហើយរឿងអី ហ៊ុន សែន ងាប់ … ក្រែងលោអ្នកថា ហ៊ុន សែន ជិតងាប់ វានិយាយមិនបាន ២ ម៉ោងផង … អាអត់សាសនាវាងាប់ ចាំ ហ៊ុន សែន ដកខ្លួន បើវាមិនទាន់ងាប់ទេ ហ៊ុន សែន មិនដកខ្លួនទេ … ស្អែកព្រឹទ្ធសភាប្រជុំ។ ត្រូវតើ ដើម្បីអនាគតវែងឆ្ងាយរបស់ប្រទេស។ ធ្វើហ្នឹងមិនមែនដើម្បីជំនាន់ហ្នឹង ទេដាក់ក្នុងរដ្ឋធម្មនុញ្ញទុកឱ្យហើយ មិនមែនធ្វើដើម្បីថ្ងៃហ្នឹង មិនមែនសម្រាប់ ៥ ឆ្នាំ ១០ ឆ្នាំ គឺ ១០០ ឆ្នាំទៀត ដើម្បីជៀសវាងការជះឥទ្ធិពលណាមួយតាមរយៈតួនាទីនាយករដ្ឋមន្ត្រី តាមរយៈតួនាទីប្រធានរដ្ឋសភា តាមរយៈតួនាទីប្រធានព្រឹទ្ធសភា តាមរយៈតួនាទីរបស់ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ។ តើអនាគតប្រទេសយើងវាយ៉ាងម៉េច។ ខ្ញុំអត់មានសំដៅទៅលើអ្នកណាមួយទេ គោលដៅធំបំផុតគឺការពារជាតិនេះឱ្យបាន បញ្ជៀសការជ្រៀតជ្រែកពីបរទេសហើយអ្នកឯងត្រូវបង្ហាញការស្មោះត្រង់ចំពោះជាតិ កុំអីឡើងប្រុចៗ ចោលប្រជាជន។ ទុកលិខិតឆ្លងដែនមួយវាអត់កន្លែងរត់បាននៅជាប់ជាមួយប្រជាជនអាហ្នឹងឱ្យច្បាស់។

ខ្ញុំមានចៅមួយដែរតែឥឡូវមិនដឹងយ៉ាងម៉េចហើយទេ សញ្ជាតិអាមេរិកព្រោះកើតនៅអាមេរិកបានសញ្ជាតិអាមេរិក តែមិនដឹងយ៉ាងម៉េចហើយទេ តែឥឡូវគេទៅរៀននៅក្រៅបរទេសបាត់ទៅហើយ។ មានចៅចូលមហាវិទ្យាល័យដល់ទៅ ២ នាក់ហើយ មួយត្រូវចប់មហាវិទ្យាល័យឆ្នាំនេះ។ ឥឡូវមានចៅចូលមហាវិទ្យាល័យបន្តបន្ទាប់ ប៉ុន្តែបើទោះបីថាចៅខ្ញុំ ឧបមាថាសញ្ជាតិអាមេរិកមិនអាចលាបាន ចៅហ្នឹងមួយអត់មានលទ្ធភាពដើម្បីទៅប្រណាំងប្រជែងតំណែងទាំង ៤ ហ្នឹងទេ។ ធ្វើសម្រាប់ពេលនោះ ហើយអ្នកណាចង់រើសដាក់ខ្លួនធ្វើទៅ … ទោះបីអ្នកឯងមានសញ្ជាតិប៉ុន្មានក៏អ្នកឯងមកមិនរួចដែរឥឡូវនេះ ព្រោះ ហ៊ុន សែន សញ្ជាតិមួយកំពុងនៅអង្គុយកៅអីនេះ។

តារាងនេះ កន្លែងថ្ងៃប្រជុំអាស៊ីអឺរ៉ុប ប្រធានអាស៊ីអឺរ៉ុបនិងប្រធានអាស៊ាន ប្រធានអង្គប្រជុំអាស៊ីអឺរ៉ុបដែលនឹងប្រជុំប៉ុន្មានថ្ងៃខាងមុខនេះ គេដាក់អេក្រង់ ខាងក្រោយនេះតិចទៀតគេដាក់អីផ្សេង ហើយគេមានទង់​ជ័យ ៥២ ប្រទេស ប្រជុំតាមអនឡានក្នុងឋានៈជាប្រធានរបស់អាស៊ីអឺរ៉ុប។ ថ្ងៃមុនគ្រាន់តែ Joe Biden ​ចូលមកប្រជុំគេធ្វើ Live show Joe Biden “គាបសង្កត់ឱ្យ…”។ អាត្មាត្រូវធ្វើប្រធានអាស៊ានឆ្នាំក្រោយសោះ ពេលហ្នឹងអត់ទាន់មានអ្នកណាចូលមកទេ។ ឯខ្ញុំចូលទៅមុន ស្រាប់តែបន្តិចឃើញ Joe Biden ចូលមកដល់ ខ្ញុំលើកដៃស៊ីញ៉ូដាក់គ្នា។ មានទាស់ខុសអី។ គាត់ប្រធានាធិបតីអាមេរិកតើ គាត់មិនមែនប្រធានាធិបតីខ្មែរឯណា។ ខ្មែរនាយករដ្ឋមន្ត្រីខ្មែរតំណាងឱ្យខ្មែរ។ ប្រជុំ ២ ដងជាមួយគ្នា អាស៊ាន-អាមេរិក រួចហើយអាស៊ីបូព៌ា។ រឿងអីប្រជុំអាស៊ាន ប្រជុំអាស៊ីបូព៌ាបែរជាមកដាក់គំនាបលើកម្ពុជា។ គេមានសីលធម៌នយោបាយរបស់មេដឹកនាំ។ ខ្ញុំមិនយល់។ ឱហេតុតែគ្នាវាមិនដែលធ្វើនាយករដ្ឋមន្ត្រីនិយាយអញ្ចឹងទៅចុះ មិនមែនឌឺទេក៏ប៉ុន្តែការពិតវាអញ្ចឹង។ ហេតុតែគ្នាមិនដែលធ្វើនាយករដ្ឋមន្ត្រីឬហេតុតែគ្នាវាមិនដែលធ្វើរដ្ឋមន្ត្រីទើបវាមិនដឹងថា តើទំនាក់ទំនងរវាងប្រធានាធិបតី​និងប្រធានាធិបតី នាយករដ្ឋមន្ត្រីនិង​នាយករដ្ឋមន្ត្រីគេទំនាក់គ្នាដោយសីលធម៌បែបណា។

ស្ដាយណាស់ជាមួយជាមួយអ្នកវិភាគមួយចំនួនថ្នាក់បណ្ឌិត ថ្នាក់ស្អីឯណា បើខ្លួនធ្លាប់បានធ្វើជានាយករដ្ឋមន្ត្រីត្រឹមតែមួយខែពីរខែ អាចមានការពិសោធន៍ខ្លះថាទំនាក់ទំនងជាមួយខាងក្រៅយ៉ាងម៉េច ទំនាក់ទំនងជាមួយខាងក្នុងយ៉ាងម៉េច ជាមួយរដ្ឋមន្ត្រីយ៉ាងម៉េច។ ប៉ុន្តែអត់មានពិសោធន៍អីសោះរួចហើយមកលើកជាវិភាគទានគួរធ្វើអញ្ចេះ ឥរិយាបទយ៉ាងម៉េច​។ នេះបង្រៀនត្រីឱ្យចេះហែលទឹកសុទ្ធតែម្ដង។ ផ្ដាំផ្ញើបន្តិចទៅចុះខ្ញុំមិនមែនមើលស្រាលអ្នកវិភាគអីទេ ប៉ុន្តែពេលខ្លះយើងមានទស្សនវិទូ សេដ្ឋវិទូ ក៏ប៉ុន្តែវាមានអាល្ងង់ទូដែរ។ ខ្ញុំមិនចង់ឱ្យខ្មែរយើងក្លាយទៅជាអាល្ងង់ទូទេ ខ្ញុំចង់ឱ្យខ្មែរយើងមានការចេះដឹងវិភាគឡើង បើចង់វិភាគឱ្យបានត្រឹមត្រូវ ត្រូវឈរលើចំណុចកណ្ដាល ​បើអ្នកឯងទៅឆ្វេងហើយគឺអ្នកឯងរកចន្លោះអត់ឃើញទេ អ្នកឯងនៅតែវិលវល់គេហៅថា ដូចលោកពូ ម៉ក់ ហឺន គាត់ថាដូចអាចម៍នៅក្នុងឈ្នាងលើកឡើង។ អ្នកទាំងអស់គ្នាកើតក្នុងសម័យនេះអត់ទាន់ឈ្នាងយ៉ាងម៉េចទេ ឈ្នាងគេយកទៅជញ្ជាត់ ​​បើជញ្ជាត់ទឹកងាប់វាអត់អីទេ ប៉ុន្តែបើជញ្ជាត់ក្នុងពេលដែលទឹកហូរអាហ្នឹងហើយគេហៅថាដូចអាចម៍ក្នុងឈ្នាងនោះ វិលវល់ក្នុងឈ្នាង។ ខ្ញុំកំពុងតែសង្កេតឃើញថាមនុស្សមួយចំនួនធ្វើឥរិយាបទដូចអាចម៍ក្នុងឈ្នាង ដូចតា ម៉ក់ ហឺន គាត់ថាអញ្ចឹង។ ​​មួយថ្ងៃៗគឺថាមានពេលទំនេរបើកស្ដាប់លោកពូ ម៉ក់ ហឺន បន្តិចទៅ បើកស្ដាប់ ចិត្រាបន្តិចទៅ គ្រឹស្នាបន្តិចទៅ ជេម សុខ បន្តិចទៅ អ្នកនេះបន្តិចអ្នកនោះបន្តិច។ គេថាលោក ហ៊ុន សែន ឯងមានពេលនិយាយ។ គ្មានពេលយ៉ាងម៉េច ចុះអាពេលដេកហ្នឹងយើងស្ដាប់ទៅ។

មើលទៅថ្ងៃមុនបើកឡើងឃើញលោក ចិត្រា ពឹងទៅសម្ដេចពូហើយ ព្រោះឥឡូវមានទំនាស់នៅខេត្ត តុលា​ការ ៣ ថ្នាក់ គេឱ្យគាត់ចាញ់ឥឡូវគេឱ្យរើ មានលុយសងហើយ។ ឱ្យទីប្រឹក្សាម្នាក់ចុះទៅដោះស្រាយជាមួយអភិបាលខេត្ត ហើយក៏ដឹងថាមានទំនាស់ជាមួយឧត្តមសេនីយ៍ឯកម្នាក់ក៏ទាក់ទងគ្នាទៅ។ ម្សិលមិញដោះស្រាយរួចបាត់ក្រៅប្រព័ន្ធតុលាការ។ តុលាការចេញដីកាចេញទៅ តុលាការចេញដីការើរុះផ្ទះហ្នឹងប្រគល់ឱ្យអ្នកឈ្នះក្ដី។ ដល់យើងដឹងដំណើរដើមទងតាមរយៈ Live show ពីខាងក្រៅមកវិញ ជិះឡានផងនិយាយផងពីរឿងហ្នឹងថាវាផ្ដើមចេញពីការជំពាក់លុយ ហើយមានលុយសងហើយមិនព្រម(ទទួល) ដល់យើងស្វែងយល់ទៅផ្ទះហ្នឹងវា ២ ល្វែង។ អញ្ចឹងទេបានជួបភាគីនេះ ភាគីនោះដឹងទៅឥឡូវថាយកដំណោះស្រាយឈ្នះឈ្នះ ចែកគ្នាពាក់កណ្ដាលម្នាក់ខាងនេះត្រៀមលុយ ៧ ម៉ឺន បន្ទាប់ទៅ ១០ ម៉ឺនដើម្បីសងទៅម្ចាស់អ្នកឈ្នះក្ដីហើយយកផ្ទះហ្នឹង ហើយម្ចាស់អ្នកឈ្នះក្ដីនោះគ្នាវាអត់ផ្ទះនៅដែរទៅជួលផ្ទះគេ។ អញ្ជឹងទេវិធីតែមួយផ្ទះហ្នឹង ២ ល្វែងតែអ្នកដែលកំពុងនៅគាត់វាយបញ្ចូលគ្នា។ អញ្ចឹងវិធីដោះស្រាយថាអ្នកនេះមិនបាច់ចេញ ៧ ម៉ឺនឬ ១០ ម៉ឺន សងអ្នកនេះទេ គឺផ្ទះហ្នឹងខណ្ឌកណ្ដាលទៅជា ២ ល្វែងដដែល។ អញ្ចឹងគាត់យល់ព្រមចុះហត្ថលេខា ចៅហ្វាយខេត្តកំពង់ស្ពឺជួយចេញលុយដើម្បីធ្វើរបងខណ្ឌ​ឱ្យទៀត។ ទាំងសងខាងធ្លាប់ទាស់គ្នាប៉ុន្មានឆ្នាំហើយ ទៅជាឱបរឹតគ្នាទៅ។ វាមិនឈ្នះឈ្នះ។ អាហ្នឹងវិធីរកដំណោះស្រាយឈ្នះឈ្នះក្រៅប្រព័ន្ធតុលាការ។ ចូលតុលាការដឹងតែមួយចាញ់មួយឈ្នះ។ អ្នកឈ្នះអរ អ្នកចាញ់ថាអយុត្តិធម៌។ វាមានតែប៉ុណ្ណឹង។ ដល់ទៅយើងទៅរកវិធីដោះស្រាយ។

អញ្ចឹងបានថា កាត់បន្ថយជម្លោះរកវិធីដោះស្រាយក្រៅប្រព័ន្ធតុលាការនេះជាក្របខណ្ឌគោលនយោបាយដែល ហ៊ុន សែន បានដាក់ចេញនៅរាជរដ្ឋាភិបាលយើងដោះស្រាយបែបនេះ អាហ្នឹងគឺល្អទាំងអស់គ្នា។ អរគុណក្មួយ ចិត្រា ដែលក្មួយឲ្យដឹងរឿងហ្នឹង ហើយក៏បានដោះស្រាយបញ្ហាហ្នឹងចប់ហើយ ទាំងសងខាងគឺសប្បាយទាំងអស់គ្នា។ ដីផ្ទះមួយល្វែងម្នាក់ ហើយដីទៅខាងក្រោយក៏ចែកគ្នាពាក់កណ្ដាលម្នាក់។ ដូច្នេះអាចរស់នៅជាមួយគ្នាតទៅទៀត។ អ្នកនេះក៏មិនបាច់រើផ្ទះ អ្នកនោះក៏មិនបាច់ចេញលុយ ១០ ម៉ឺនដុល្លារយកមកដើម្បីសងអ្នកម្នាក់ៗ ទៀត។ ហ្នឹងគឺវិធីឈ្នះឈ្នះប៉ុណ្ណឹងទៅចុះ។ ចុងបញ្ចប់សូមប្រគេនពរចំពោះព្រះតេជគុណព្រះសង្ឃគ្រប់ព្រះអង្គ ជូនពរជនរួមជាតិសូមប្រកបដោយសេចក្ដីសុខ សេចក្ដីចម្រើនជៀសវាងឱ្យឆ្ងាយជៀសផុតពីជំងឺ កូវីដ-១៩ ជួបប្រទះតែនឹងពុទ្ធពរ ៤ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។សូមអរគុណ៕